Wednesday, June 01, 2022

អ្នកវិភាគចៅចាក់ស្មុក៖ ធាតុពិតបានបង្ហាញកាន់តែច្បាស់ថា ក្រុមសម រង្ស៊ី និយមជាអ្នកប៉ុនប៉ងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា


 

​តើជំងឺចាស់របស់ក្រុមប្រឆាំងជ្រុលនិយមក្បត់ជាតិចង់រើឡើងវិញឬយ៉ាងណា? ខណៈផែនការជាបន្តបន្ទាប់ ដែលត្រូវបានបែកធ្លាយ សុទ្ធតែជាផែនការដែលបានផ្សារភ្ជាប់នឹងការបោះឆ្នោត ក្នុងនោះមនុស្សជំនិតៗរបស់ទណ្ឌិត សម រង្ស៊ី ជាច្រើនរូបបានចូលមកក្នុងប្រទេសកម្ពុជា នារយៈពេលចុងក្រោយនេះ និងបានសហការធ្វើសកម្មភាពជាមួយក្រុមថ្នាក់ដឹកនាំនៃគណបក្សភ្លើងទៀនយ៉ាងសកម្មក្នុងនោះរួមមានឈ្មោះ ប៊ុត ធារី មកពីប្រទេសបារាំងក្រោយមកបានរត់គេចខ្លួនទៅប្រទេសបារាំងវិញបន្ទាប់ពីបែកធ្លាយព័ត៌មាននិងអៀ ចាន់ណា សកម្មជនអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពីបទរួមគំនិតក្បត់។ នៅ ថ្ងៃទី១ ខែមិថុនានេះ អ្នកស្និទ្ធនឹងក្រុមប្រឆាំងបានទម្លាយផែនការដ៏ក្តៅគគុកមួយរបស់ក្រុមប្រឆាំងដែលពួក គេគ្រោងនឹងកៀរគរមនុស្សឱ្យបានជាង ៣ ម៉ឺននាក់ មកពីបណ្តាខេត្តនានាមកកាន់រាជធានីភ្នំពេញនាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ដើម្បីរួមនឹងកម្លាំងមានស្រាប់នៅរាជធានីភ្នំពេញ។ ផែនការដែលត្រូវបានគេបង្ហើបឱ្យដឹងថា សម រង្ស៊ី បានឱ្យជា មុន្នី និង វន ពៅ រៀបចំកម្លាំងម៉ូតូតុកៗជាង១០០០ គ្រឿង ​និងកម្លាំងកម្មករកម្មការិនីឱ្យបានច្រើន ដើម្បីរៀបចំផែនការអុកឡុកបំផ្លាញការបោះឆ្នោតនៅកម្ពុជា ឬរៀបចំចាំទទួលមេដឹកនាំរបស់ពួកគេនៅក្រៅប្រទេសមកកាន់ភ្នំពេញ មុនពេលបោះឆ្នោត។

 

​ហេតុអ្វីបានជាក្រុមប្រឆាំងជ្រុលនិយម ដែលដឹកនាំដោយជនក្បត់ជាតិ សម រង្ស៊ី ព្យាយាមបំផ្លាញ សុខសន្តិភាព និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋខ្មែរ និងបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជាឥតឈប់ឈរយ៉ាងដូច្នេះ? ទណ្ឌិត សម រង្ស៊ី និងគូកនបានធ្វើនយោបាយបំផ្លាញសេចក្តីសុខប្រជាពលរដ្ឋ និងបំផ្លាញសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាមាន និងបានដើរឃោសនាបំភ័ន្តមតិជាតិ និងអន្តរជាតិថារាជរដ្ឋាភិបាលបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ប៉ុន្តែតាមពិតគឺពួកក្រុមប្រឆាំងជ្រុលនិយមនេះហើយដែល បានដើរតួនាទីយ៉ាងសំខាន់ប៉ុនប៉ងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការរៀបចំនូវផែនការអុកឡុកការបោះឆ្នោត ឬអំពាវនាវកុំឱ្យពលរដ្ឋទៅបោះឆ្នោតតាមរយៈយុទ្ធសាស្ត្រ «ដេកផ្ទះ ឈ្នះឯង»។  ពួកគេមិនខ្វល់ឡើយថា តើសុខសន្តិភាពដែលកម្ពុជាមាននៅពេលនេះរកបានដោយលំបាកយ៉ាងណានោះទេ និងមិនដឹងថា តើអ្វីដែលជាបំណងដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋខ្មែរគឺរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍ និងមិនយល់ថាតើការកសាងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាត្រូវឆ្លងកាត់ការលំបាកយ៉ាងណានោះទេ។ ចុះហេតុអ្វីបានជាពួកគេធ្វើអ្វីៗប្រឆាំងនឹងបំណងប្រាថ្នារបស់ប្រជាជន? សម រង្ស៊ី និងបក្ខពួកបានរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ងតាមរយៈបដិវត្តន៍ពណ៌ធ្វើតាំងពីឆ្នាំ២០១៣ មកម៉្លេះ និងមានផែនការបន្តបន្ទាប់ដូចជាយុទ្ធនាការម្រាមដៃស្អាតបំផ្លាញការបោះឆ្នោតឆ្នាំ២០១៨ បំផ្លាញលទ្ធិប្រជា ធិបតេយ្យនៅកម្ពុជា ផែនការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ តាម

រយៈផែនការវិលត្រឡប់មកកម្ពុជាវិញ និងកៀរគរកម្លាំងប្រជាពលរដ្ឋដើម្បីធ្វើសកម្មភាពប្រឆាំងនឹងអាជ្ញាធរ។ តាមរយៈរូបភាពលើហ្វេសប៊ុក ឈ្មោះ ប៊ុត ធារី ដែលបានរត់គេចខ្លួនទៅប្រទេសបារាំងវិញ ឃើញថាក្នុងកំឡុង បុគ្គលដែលមានដីកាចាប់ ខ្លួននេះនៅកម្ពុជាបានជួបជុំជាមួយថ្នាក់ដឹកនាំគណបក្សភ្លើងទៀនដូចជា សេង ម៉ារឌី និង ជា មុនី ជាដើម ហើយ អៀ ចាន់ណា បានដើរធ្វើសកម្មភាពនៅតាមបណ្តាខេត្តនានាជាពិសេសក្នុងទឹកដីខេត្តតាកែវ។

 

ឥឡូវនេះ ខណៈការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ នឹងចូលមកដល់ប៉ុន្មានថ្ងៃទៀតនេះ កុ្រមទណ្ឌិត សម រង្ស៊ី បានអនុវត្តនូវទ្រឹស្តីនៃការធ្វើបដិវត្តន៍ពណ៌ តាមសៀវភៅរបស់ជីន សាប ប្រើប្រាស់ឱកាសនៃការបោះឆ្នោតដើម្បីបញ្ឆេះកំហឹងប្រជាពលរដ្ឋ បំផ្ទុះបដិវត្តន៍ពណ៌។ ពួកគេព្យាយាមប៉ុនប៉ងម្តងហើយម្តងទៀតបំផ្លាញដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បំផ្លាញការបោះឆ្នោត ព្រោះពួកគេបានដឹងយ៉ាងច្បាស់ថា ពួកគេនឹងទទួលបានការគាំទ្រពីប្រជាពលរដ្ឋភាគច្រើននោះ ឡើយ និងមិនអាចឈ្នះការបោះឆ្នោត មិនអាចប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាឡើយ។ ដូច្នេះបានជាពួកគេខិតខំប្រឹងប្រែងបំផ្លាញដំណើរការបោះឆ្នោត ឬបង្កើតជាបញ្ហាផ្សេងៗដើម្បីបំភ្លៃថាការ បោះឆ្នោតមិនត្រឹមត្រូវ សេរី និងយុត្តិធម៌ អាចទទួលយកបាន។ មេរៀនទាំងនេះរួមនឹងមេរៀនបដិវត្តន៍ពណ៌ផង ពួកគេធ្លាប់បានអនុវត្តជាច្រើនដងរួចមកហើយ តែត្រូវបានអាជ្ញាធរមានសមត្ថកិច្ចជំនាញ បានបង្ក្រាបទាន់ពេលវេលា និងថែរក្សាសន្តិសុខ និងស្ថិរភាពជូន ប្រជាពលរដ្ឋខ្មែរ រស់នៅក្នុងភាពសុខសាន្តតរៀងមក។ ទណ្ឌិត សម រង្ស៊ី និងបក្ខពួកក្បត់ជាតិរបស់ខ្លួន ត្រូវបានគេដឹងថា នៅតែបន្តដឹកនាំនិងបញ្ជានៅពីក្រោយខ្នង បើទោះបីជាថ្នាក់ដឹកនាំបក្សនេះបានចេញសេចក្តីប្រកាសព័ត៌មានថា បក្សភ្លើងទៀន មិនមានការជាប់ពាក់ព័ន្ធនឹង អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដែលជាប់បំរាមធ្វើនយោបាយក៏ដោយ។ ប៉ុន្តែសកម្មភាព សារជាសំឡេង និងសំណេរ ព្រមទាំងរូបភាពភស្តុតាងដែលមានបង្ហាញយ៉ាងច្បាស់ថា ទោះពួកគេខិតខំលាក់បាំង និងខិតខំបដិសេធធ្វើជាមិនស្គាល់គ្នា តែការពិតនៅតែជាការពិត គឺទណ្ឌិត សម រង្ស៊ី នៅតែជាម្ចាស់និងជាមេដឹកនាំបក្សភ្លើងទៀន និងធ្វើសកម្មភាពដើម្បីបក្សភ្លើងទៀន។

 

សេង ធារី និងមៀច សុវណ្ណារ៉ា អាចធ្វើជាសាក្សីបានចំពោះការបង្គាប់ បញ្ជារបស់សម រង្ស៊ីមកលើ គណបក្សភ្លើងទៀន។ ទាំងក្នុងបទសម្ភាសរវាងវិទ្យុឌឺខេមបូឌា ដេលី និងការផ្សាយលើហ្វេសប៊ុកកាលពីខែមីនា ឆ្នាំ២០២២ សេង ធារី ដែលជាប្អូនស្រីរបស់ សេង ម៉ារឌី អតីតសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី បច្ចុប្បន្នជាអគ្គលេខាធិការគណបក្សភ្លើងទៀនបានបញ្ជាក់ថា សម រង្ស៊ី នៅតែជាមេដឹកនាំបក្សភ្លើងទៀនដែលសម រង្ស៊ី បានសង្គ្រោះតាមតេឡេពីក្រោយខ្នង។ សេង ធារី បានលើកឡើងថាដើម្បីសង្គ្រោះបក្សភ្លើងទៀន សម រង្ស៊ី បានប្រើប្រាស់មនុស្សជាច្រើននាក់រួមទាំង រ៉ុង ឈុន ស៊ិន ចាន់ពៅរ៉ូហ្សិត និងអ្នកផ្សេងទៀតក្នុងនោះមានគង់ រ៉ៃយ៉ាផងដែរ ហើយចុងក្រោយបានចាប់ឱ្យកូនប្រុសអេង ឆៃអ៊ាង រៀបការភ្លាមៗជាមួយស៊ិន ចាន់ពៅរ៉ូហ្សិត។ សេង ធារី បានលើកឡើងថាផ្ទៃក្នុងគណបក្សភ្លើងទៀនមានភាពរញ៉េរញ៉ៃខ្លាំង។ ការបញ្ជាក់របស់សេង ធារី ថាសម រង្ស៊ីនៅ ពីក្រោយខ្នងនេះក៏បានធ្វើឡើងក្នុងកិច្ចសម្ភាសជាមួយវិទ្យុឌឹខេមបូឌា ដេលីផងដែរហើយ មៀច សុវណ្ណារ៉ា ដែលមានវត្តមានក្នុងកិច្ចសម្ភាសនោះដែរក៏បានបញ្ជាក់ថាមានការឈ្លោះទាស់ទែងគ្នាលើថវិកាដែលប្រមូលបាននៅក្រៅប្រទេស ដែលក្រុម សម រង្ស៊ី ទាមទារឱ្យដកយកមកគាំទ្រគណបក្សភ្លើងទៀនតាមបណ្តាខេត្តនានានៃកម្ពុជាដោយឃោសនាថា «ភ្លើងទៀនជាដួងព្រលឹងគណបក្សសង្គ្រោះជាតិ»។  

 

ជាមួយគ្នានេះដែរ ក្រុមសម រង្ស៊ី និយមដែលបានសុំសិទ្ធិធ្វើនយោបាយ បានចេញមកដឹកនាំគណបក្សភ្លើងទៀន ក៏បានឃោសនាបោកប្រាស់ពលរដ្ឋថា «គណបក្សភ្លើងទៀននិងគណបក្សសង្គ្រោះជាតិ គឺតែមួយ» ។ ការឃោសនាដែលត្រូវបានក្រុម កឹម​ សុខា និយមតាមរយៈសំឡេងរបស់ មុត ចន្ថាមនុស្សជំនិតរបស់ កឹម សុខា ចេញមកបដិសេធដោយបានលើកឡើងថាជាអំពើបោកប្រាស់ និងបំភ័ន្តមតិ និងបានស្នើកុំឱ្យក្រុមគណបក្សភ្លើងទៀនធ្វើនយោបាយទុច្ចរិត។ ទង្វើរបស់ក្រុមទណ្ឌិត សម រង្ស៊ី និងថ្នាក់ដឹកនាំនិងសកម្មជនគណបក្សភ្លើងទៀន មួយចំនួនដែលធ្វើការឃោសនាបោកប្រាស់ និងកាលដែលអតីតថ្នាក់ដឹកនាំ  

គណបក្សសង្គ្រោះជាតិមួយចំនួនដែលជាប់បំរាមនយោបាយ និងជាអ្នកមានទោសជាប់ខ្លួនដូចជា មូរ សុខហួរ អេង ឆៃអ៊ាង ជាដើមយករូបភាពឃោសនារកសំឡេងឆ្នោតរបស់គណបក្សភ្លើងទៀនទៅផ្សព្វផ្សាយនិងជួយឃោសនា ហើយទណ្ឌិត សម រង្ស៊ី ក៏បាននិងកំពុងប្រើប្រាស់វេទិកាជួបជុំរៃអង្គាសលុយពីប្រជាពល រដ្ឋផ្សេងៗដោយប្រើប្រាស់សារនិងរូបភាពភ្លើងទៀននិងខ្មោចគណបក្សសង្គ្រោះជាតិ។

​អ្វីដែលក្រុមប្រឆាំងជ្រុលនិយមបានរៀបចំផែនការជាបន្តបន្ទាប់ គឺជាការប៉ុនប៉ងឡើងកាន់អំណាចតាមបដិវត្តន៍ពណ៌ មធ្យោបាយមិនប្រជាធិបតេយ្យ បំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា។ ពួកគេព្យាយាមបង្កហេតុ បង្កើតបញ្ហាសព្វបែបយ៉ាង រួមនឹងការញុះញង់ និងប្រើប្រាស់វោហាសាស្ត្រស្អប់ខ្ពើម រើសអើងប្រកាន់ជាតិសាសន៍ និងបញ្ឆេះកំហឹងប្រជាពលរដ្ឋ និងបង្កើតជាឈ្នួនបំផ្ទុះបដិវត្តន៍ពណ៌ដែលពួក គេបានរៀបចំផែនការតាំងពីយូរណាស់មកហើយ និងឆ្លៀតឱកាសនៃដំណើរការបោះឆ្នោតដើម្បីបង្កើតបញ្ហា និងទាញយកមកធ្វើជាឈ្នួនផ្ទុះ។ ពួកគេតែងតែចោទប្រកាន់ថារដ្ឋាភិបាលរាជរដ្ឋាភិបាលសម្លាប់លទ្ធិប្រជាធិបតេយ្យ តែតាមពិតគឺពួកប្រឆាំងជ្រុលនិយមផ្ទាល់តែម្តងដែលប៉ុនប៉ងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ហេតុដូច្នេះ បានជាពួកគេព្យាយាមក្នុងការធ្វើជាជនរងគ្រោះតូបនីយកម្ម និងទាញបញ្ហាទាំងឡាយឱ្យចូលជាបញ្ហានយោបាយដើម្បីបញ្ឆេះកំហឹងប្រជាពលរដ្ឋ នេះមិនរាប់បញ្ចូលនឹងការប្រើប្រាស់ការឃោសនាបោកប្រាស់ទឹកចិត្តពលរដ្ឋផង។ សូមក្រុមប្រឆាំងជ្រុលនិយមចងចាំថា ការ ជ្រោងទង់ប្រជាធិបតេយ្យ និងការឡើងកាន់អំណាចនៅកម្ពុជាគឺធ្វើឡើងតាមរយៈការបោះឆ្នោត​ មិនមែន ប្រើប្រាស់កម្លាំងប្រជាពលរដ្ឋ និងមធ្យោបាយមិនប្រជាធិបតេយ្យដើម្បីឡើងកាន់អំណាំចដូចដអ្វីដែលចៅ ហ្វាយនាយរបស់ខ្លួនបង្ហាត់បង្រៀនឡើយ។ រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ទោះក្នុងតម្លៃណាក៏ដោយ ត្រូវតែការពារសុខសន្តិភាព ការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យជូនជាតិ និងប្រជាជនកម្ពុជាឱ្យបានជាដាច់ខាត៕

 

ដោយចៅចាក់ស្មុក 

រាជធានីភ្នំពេញ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២








ព្រះមហាក្សត្រ និងសម្តេចម៉ែ រាជានុញ្ញាតដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដឹកនាំគណៈប្រតិភូចូលក្រាបថ្វាយបង្គំគាល់ និងទូលថ្វាយរបាយការណ៍ស្តីពីសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២នេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា បានប្រោសព្រះរាជានុញ្ញាតដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូចូលក្រាបថ្វាយបង្គំគាល់ក្នុងពេលតែមួយ និងទូលថ្វាយរបាយការណ៍ស្តីពីសកម្មភាពមនុស្សធម៌រយៈពេលកន្លងមក និងទិសដៅការងារបន្តរបស់កាកបាទក្រហមកម្ពុជា ដែលប្រព្រឹត្តទៅនៅព្រះមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង។


គណៈប្រតិភូអញ្ជើញអមដំណើរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមមាន សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា, លោកស្រី អាន្នី សុខអាន អនុប្រធាន, លោកស្រី ជឹង សុភាព ឡាវម៉េងឃីន អនុប្រធាន, លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក, លោក ពិត ចំណាន អនុប្រធានអចិន្ត្រៃយ៍ក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា, លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ, លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និង លោក ឌួង អេលីត នាយកពិធីការ។


ក្នុងឱកាសចូលក្រាបថ្វាយបង្គំគាល់នោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្ដែងថ្វាយនូវអំណរព្រះរាជគុណដ៏ជ្រាលជ្រៅជាទីបំផុតថ្វាយ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេបានប្រោសព្រះរាជទានដល់គណៈប្រតិភូ ចូលក្រាបបង្គំគាល់ ដើម្បីថ្វាយព្រះរាជអំណរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នៅថ្ងៃទី ១៨ ខែមិថុនា ខាងមុខនេះ។


ជាមួយគ្នានោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទូលថ្វាយនូវព្រះមហាករុណាទិគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះព្រះរាជបូជនីយកិច្ចដ៏ឧត្ដុង្គឧត្ដមថ្លៃថ្លារបស់ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ និង ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះប្រជានុរាស្ត្រ ទូទាំងប្រទេស និងបានប្រោសព្រះរាជទានព្រះរាជទ្រព្យ យ៉ាងច្រើនសន្ធឹកសន្ធាប់ ព្រះរាជូបត្ថម្ភដល់ការគ្រប់គ្រងបានជោគជ័យជំងឺកូវីដ-១៩ ដល់មន្ទីរពេទ្យ មណ្ឌលសុខភាព និងតែងតែប្រោសព្រះរាជទានជួយគ្រួសាររងគ្រោះដោយគ្រោះធម្មជាតិ និងគ្រួសាររងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។ ជាមួយគ្នានេះ ព្រះអង្គទាំងទ្វេ នៅបានប្រោសព្រះរាជូបត្ថម្ភ ដល់កាកបាទក្រហមកម្ពុជា ប្រចាំខែ ប្រចាំត្រីមាស ក្នុងទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា និងក្នុងឱកាសផ្សេងៗទៀត។ ជាក់ស្ដែងក្នុងឱកាសទិវា ៨ ឧសភា ឆ្នាំនេះ ព្រះអង្គទាំងទ្វេ បានប្រោសព្រះរាជូបត្ថម្ភ ព្រះរាជទ្រព្យចំនួន ១០ម៉ឺនដុល្លារអាមេរិក។


សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទូលថ្វាយនូវរបាយការណ៍ថ្វាយ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយបានគូសបញ្ជាក់ថា ៖ «អស់រយៈពេល ៣ឆ្នាំហើយ ដែល កាកបាទក្រហមកម្ពុជា ពុំអាចប្រារព្ធមិទ្ទីងអបអរទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភាបាន ដោយសារតែស្ថានភាពជំងឺកូវីដ-១៩។ តែកាកបាទក្រហមកម្ពុជា បានយកឱកាសនៃទិវានេះ អំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋានឱ្យឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា ហើយនៅឆ្នាំ២០២២នេះ ថ្នាក់កណ្តាល ទទួលបានថវិកាសារុបរួម គិតជាដុល្លារអាមេរិក ចំនួនជាង ១៦លានដុល្លារ និងរថយន្តចំណុះ ១២កៅអី ចំនួន ២គ្រឿង រួមជាមួយ អង្ករ ភេសជ្ជៈ សម្ភារប្រើប្រាស់មួយចំនួនទៀតផង។ ចំណែកសាខាទាំង ២៥រាជធានី-ខេត្ត ក៏បានអំពាវនាវស្វែងរកការជួយឧបត្ថម្ភ នៅតាមខេត្តនីមួយៗ និងកំពុងតែទទួលថវិកាជាបន្តបន្ទាប់ពីសប្បុរសជន»។


ក្នុងរបាយការណ៍ទូលថ្វាយ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក៏បានលើកឡើងពីសមិទ្ធផលសំខាន់ៗរបស់កាកបាទក្រហមកម្ពុជា ក្នុងឆ្នាំ២០២១កន្លងទៅ និង ៥ខែដើមឆ្នាំ២០២២នេះ ដែលរួមមាន ៖


១៖ ការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩៖ កាកបាទក្រហមកម្ពុជា បានទម្លាក់ថវិកាបន្ទាន់ និងផ្តល់ជូនសាខានីមួយៗនូវ ថវិកា អង្ករ ម៉ាស់ ជែល អាល់កុល ដើម្បីមន្ត្រី-បុគ្គលិក យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហម ចុះអប់រំផ្សព្វផ្សាយដោយផ្ទាល់ ដល់ខ្នងផ្ទះប្រជានុរាស្ត្រ បានជិត ៣លាននាក់ និងផ្សព្វផ្សាយចល័តតាមមេក្រូ ព្រមទាំងធ្វើសកម្មភាពមិត្ត-អប់រំមិត្ត និងបំផុសចលនាឱ្យប្រជានុរាស្ត្រចូលរួមក្នុងការចាក់វ៉ាក់សាំង។ លើសពីនេះទៅទៀត កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយដល់ អ្នកនៅក្នុងតំបន់បិទខ្ទប់បានជាង ១១ម៉ឺនគ្រួសារ និងបានផ្តល់ថវិកាដល់ប្រតិបត្តិការសហព័ន្ធអន្តរជាតិ នៅប្រទេសនេប៉ាល់ ៥ម៉ឺនដុល្លារ បានឧបត្ថម្ភទៅកាកបាទក្រហមវៀតណាម ១០ម៉ឺនដុល្លារ និង ១០ម៉ឺនដុល្លារទៀត ជូនទៅកាកបាទក្រហមមីយ៉ាន់ម៉ា។


២៖ សមិទ្ធផលសម្រេចបាន តាមវិស័យអាទិភាពទាំង៤៖ កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយជូនគ្រួសាររងគ្រោះដោយធម្មជាតិ និងចាស់ឥតទីពឹង កុមារកំព្រា អ្នកពិការ ស្ត្រីមេម៉ាយ ជនជាតិភាគតិច នៅជនបទដាច់ស្រយាលបានជិត ១៤ ម៉ឺនគ្រួសារ, បានចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍, បានអប់រំផ្សព្វផ្សាយយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន សំណល់ជាតិផ្ទុះពីសង្រ្គាម។ ក្នុងវិស័យសុខភាពវិញ កាកបាទក្រហមកម្ពុជា បាននិងកំពុងបណ្តុះបណ្តាលភ្នាក់ងារសង្គ្រោះបឋមជិត ១ម៉ឺននាក់ រៀងរាល់ឆ្នាំ, បាននិងកំពុងផ្តោតលើសុខភាពស្ត្រី កុមារ និងអ្នកផ្ទុកមេរោគអេដស៍ ដែលក្នុងនោះបានឧបត្ថម្ភថវិកា ១លានដុល្លារ ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា, បានផ្តល់ថវិកា ៥ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យកុមារអង្គរ, បានសួរសុខទុក្ខស្រ្តីមានផ្ទៃពោះ និងឆ្លងទន្លេរួច រាប់ពាន់គ្រួសារ និងផ្សព្វផ្សាយជាប្រចាំតាមប្រព័ន្ធព័ត៌មានក្នុងកិច្ចខិតខំបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥ និងកាត់បន្ថយមរណភាពមាតា និងទារកក្នុងពេលសម្រាល។ ក្នុងកិច្ចការមួយនេះ កាកបាទក្រហមកម្ពុជា បានចងក្រងរបាយការណ៍ប្រចាំឆ្នាំដោយឡែកមួយ ផ្ញើជូនទៅអង្គការសហប្រជាជាតិ និងអង្គការសុខភាពពិភពលោក។ ក្នុងផ្នែកសុខុមាលភាពសង្គមវិញ កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភដល់អង្គការចំនួន ១០ ដែលមានអ្នកទទួលផល សារុបប្រមាណ ១ម៉ឺននាក់។ រីឯការដោះស្រាយផ្ទះវិញ សម្រេចបានចំនួន ៧៩២ខ្នង ក្នុងនោះ ៦២៨ខ្នង បានកសាងជូន អតីតយុទ្ធជនកម្ពុជាក្រីក្រនៅភូមិ ប៊ុន រ៉ានី សែនជ័យ ដំណាក់ត្រយឹង ខេត្តពោធិ៍សាត់ ដែលមួយគ្រួសារៗ ត្រូវចំណាយជាង ៦ពាន់ដុល្លារ គិតទាំងថ្លៃផ្ទះ បង្គន់ អណ្តូង ដាំដើមឈើ និងសម្ភារៈសង្កត់ផ្ទះ ៣៣មុខ, បានខួងអណ្តូងស្នប់នៅជនបទ ចំនួន ២៥៨, បានសាងសង់បង្គន់អនាម័យ ជាង ១ពាន់បន្ទប់, កន្លែងលាងដៃចំនួន ៦៥ និងផ្តល់ប្រាក់កម្ចីឥតការប្រាក់ បានចំនួន ៥៧២ គ្រួសារ នៅតំបន់ប្រឈមនឹងគ្រោះថ្នាក់មីន។


៣៖ ទិសដៅអនុវត្តបន្ត៖ កាកបាទក្រហមកម្ពុជា បន្តយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និងអនុវត្តផែនការអភិវឌ្ឍឆ្នាំទី២ នៃយុទ្ធសាស្ត្រ ២០២១-២០៣០ តាមរយៈ ការបន្តពង្រឹងសមត្ថភាពសាខាទាំង២៥រាជធានី-ខេត្ត អនុសាខា១៩៧ តាមក្រុង-ស្រុក អ្នកស្ម័គ្រចិត្តជាង ២ម៉ឺននាក់ យុវជនកាកបាទក្រហមកម្ពុជាជាង ២ម៉ឺននាក់ តាមទិសវិមជ្ឈការ-វិសហមជ្ឈការ ក្នុងប្រតិបត្តិការតាមវិស័យអាទិភាព៖ (១). ការគ្រប់គ្រងគ្រោះមហន្ដរាយ និងការប្រែប្រួលអាកាសធាតុ (២). សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ (៣). ការលើកកម្ពស់អំពីគុណតម្លៃរបស់ចលនា សេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ វប្បធម៌អហិង្សានិងសន្តិភាព (៤). ការអភិវឌ្ឍស្ថាប័ន។ ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា កំពុងត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី២០ ថ្នាក់ដឹកនាំសមាគមជាតិអាស៊ី-អាគ្នេយ៍នៅឆ្នាំ២០២៣ ខាងមុខនេះ។


បន្ទាប់ពីទ្រង់ព្រះសណ្តាប់របាយការណ៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួចមក ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានថ្លែងអំណរគុណចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគណៈប្រតិភូដែលបានចូលក្រាបថ្វាយបង្គំគាល់ជាទៀងទាត់ជារៀងរាល់ឆ្នាំ និងទូលថ្វាយនូវរបាយការណ៍យ៉ាងក្បោះក្បាយស្តីពីសមិទ្ធផល និងវឌ្ឍនភាពរបស់កាកបាទក្រហមកម្ពុជា។


សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បានមានព្រះសុវណ្ណីកោតសរសើរចំពោះសកម្មភាពរបស់កាកបាទក្រហមកម្ពុជា ក៏ដូចជាសកម្មភាពចូលរួមដាំដើមឈើនៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដែលសកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់របស់កាកបាទក្រហមកម្ពុជា មិន ត្រឹមតែក្នុងការងារជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងចូលរួមលើកកម្ពស់វប្បធម៌ព្រះពុទ្ធសាសនានៅកម្ពុជាទៀតផង។


សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក៏បានកោតសរសើរអំពីជោគជ័យរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ និងថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមក្នុងការកែប្រែ មន្ទីរពេទ្យហ្លួងម៉ែ ឱ្យទៅជាកន្លែងសម្រាប់ការព្យាបាលជំងឺមហារីក និងដោះស្រាយសេចក្តីត្រូវការចំពោះមុខខាងផ្នែកសុខភាពរបស់ប្រជានុរាស្ត្រទូទាំងប្រទេស។


ទន្ទឹមនឹងនោះ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង បានមានព្រះបន្ទូលកោតសរសើរចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមគ្គុទ្ទេសក៍ដ៏ឆ្នើមក្នុងសកម្មភាពមនុស្សធម៌ ធ្វើឱ្យមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា គ្រប់លំដាប់ថ្នាក់មានសកម្មភាពដូចភ្លៀងរលឹមជារៀងរាល់ថ្ងៃ។


ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឱ្យមានជោគជ័យក្នុងការបន្តដឹកនាំបេសកកម្មមនុស្សធម៌ដ៏ឧត្តុង្គឧត្តមរបស់កាកបាទក្រហមកម្ពុជា ដើម្បីប្រជានុរាស្ត្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។


នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គទាំងទ្វេ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្វាយអំណរព្រះរាជគុណចំពោះព្រះរាជសកម្មភាព និងព្រះរាជសមិទ្ធផលរបស់ ព្រះករុណា ព្រះមហាក្សត្រជាអម្ចាស់ជីវិតលើត្បូង នៅតាមរាជធានី-ខេត្តនានាទូទាំងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្តេជ្ញាដង្ហែតាមលំអានព្រះរាជវីរៈគំរូ និងព្រះរាជតម្រិះដ៏ប្រពៃថ្លៃថ្លានៃព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និង ហ្លួងម៉ែ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជារៀងដរាបតទៅ។


ក្នុងឱកាសនោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏សូមព្រះបរមរាជានុញ្ញាតថ្វាយ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង នូវថវិកាចំនួន ៥០ម៉ឺនដុល្លារ និងថ្វាយ ហ្លួងម៉ែ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នូវថវិកា ៥០ម៉ឺនដុល្លារ ដើម្បីរួមវិភាគទានដល់ព្រះរាជសកម្មភាពមនុស្សធម៌ដ៏ប្រពៃថ្លៃថ្លានៃព្រះអង្គទាំងទ្វេផងដែរ។


បន្ទាប់ពីពិធីសវនការនោះ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យប្រោសប្រទានដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគណៈប្រតិភូ ថតរូបអនុស្សាវរីយ៍ផងដែរ៕



























Facebook ឈ្មោះថា Jasmine Angkor បានដាស់តឿនសមត្ថកិច្ចឱ្យមានការប្រុងប្រយ័ត្នចំពោះការកៀរគរគ្នារបស់បក្សភ្លើងទៀន

នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២នេះ Facebook ដែលមានឈ្មោះថា Jasmine Angkor បានបង្ហោះយ៉ាងដូច្នេះថា «ថ្ងៃមុនបន្ទាប់ពីខ្ញុំបញ្ចេញព័ត៌មានអំពីផែនការទុច្ចរិត ឥឡូវឈ្មោះ ប៊ុត ធារី បានរត់គេចខ្លួនទៅប្រទេសបារាំងវិញដោយសុវត្ថិភាពហើយ នៅឡើយតែបក្សពួកខ្លួនគឺ អៀរ ចាន់ណា ដែលត្រូវបានគណបក្សកាន់អំណាចដឹងពីផែនការហើយត្រូវបានឃាត់ខ្លួនកាលពីពេលថ្មីៗនេះ។ តាមព័ត៌មានផ្ទៃក្នុងរបស់បក្សភ្លើងទៀន គឺបានទទួលផែនការពីលោកសម រង្សី ប្រមូលកំលាំងពីខេត្តឡើងភ្នំពេញអោយបានយ៉ាងតិចម៉ឺននាក់ ដោយអោយ ជា មុន្នី ប្រមូលកម្មករ និង វន ពៅ ប្រមូល PassApp អោយបានជាងមួយពាន់គ្រឿង។


បើតាមការយល់ឃើញរបស់ខ្ញុំបក្សភ្លើងទៀនគឺមានផែនការអុកឡុកបំផ្លាញការបោះឆ្នោតនៅកម្ពុជា ឬរៀបចំចាំទទួលមេរបស់ពួកគេនៅក្រៅប្រទេសមកភ្នំពេញមុនពេលបោះឆ្នោត។ ខ្ញុំគិតថាសមត្ថកិច្ចនៅមិនទាន់ដឹងរឿងនេះទេ គួរតែមានការប្រុងប្រយ័ត្ន និងទប់ស្កាត់អោយបាន។








វីដេអូ៖ «កម្ពុជាទទួល ជោគជ័យលើ នយោបាយវ៉ាក់សាំងប្រឆាំងកូវីដ ១៩»

 

លិខិតមិត្តអ្នកអាន៖ «សមត្ថភាពពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ស្តែងឡើងក្នុងបរិបទកូវីដ-១៩!»

 (ភ្នំពេញ)៖ ជាម្តងហើយម្តងទៀត សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញពីសមត្ថភាពពិសេសៗ របស់ខ្លួន ក្នុងការគ្រប់គ្រង ចាត់ចែង និងដឹកនាំប្រទេសក្នុងកាលៈទេសៈដ៏លំបាកណាមួយ ដែលបានកើតឡើង។ ជាក់ស្តែង ក្នុងដំណាក់កាលកូវីដ-១៩ នេះ មេដឹកនាំរបស់កម្ពុជា ដ៏មានបទពិសោធន៍រូប នេះ បានបញ្ចេញទេពកោសល្យដ៏ប៉ិនប្រសប់ជាបន្តបន្ទាប់។

ក្រៅពីបញ្ចៀសការឆ្លងរីករាលដាលនៃកូវីដ-១៩ ក្នុងសហគមន៍ និងបញ្ចៀសមិនឲ្យមានណាម្នាក់ស្លាប់ដោយសារកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញទេពកោសល្យពិសេសរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចជាតិ និងប្រជាជន ដើម្បីកុំឲ្យរងផលប៉ះពាល់ខ្លាំងពីវិបត្តិសាកលមួយនេះថែមទៀត។

ទោះបីជាកម្ពុជាទទួលរងផលប៉ះពាល់ពីវិស័យទេសចរណ៍, វិស័យឧស្សាហ៍កម្ម និងវិស័យពាណិជ្ជកម្មមួយចំនួនដោយសារតែកូវីដ-១៩ ប៉ុន្តែ មេដឹកនាំកម្ពុជារូបនេះ កំពុងបង្វែរទិសដៅទៅរកវិស័យកសិកម្មដែលជាជីពចរដ៏សំខាន់សម្រាប់ចិញ្ចឹមសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារខ្មែរ ក្នុងពេលមានវិបត្តិ។
ចាប់តាំងពីការផ្ទុះកូវីដដំបូងមកម៉្លេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្លឹងឃើញរួចជាស្រេចនូវការខូចខាតសេដ្ឋកិច្ចរបស់ពិភពលោក ដោយសារមេរោគដ៏កាចសាហាវនេះ។ ដូច្នេះហើយបានជាមេដឹកនាំកម្ពុជា បានបង្ហាញទស្សនៈវិស័យតាំងពីដំបូងទីថា «វិស័យកសិកម្មគឺជាប្រភពរស់មិនចេះរីងស្ងួតរបស់ប្រជាពលរដ្ឋខ្មែរ» ដោយបានតម្រង់ទិសរួចជាស្រេចឲ្យប្រជាពលរដ្ឋ ជាពិសេសអ្នក វិលត្រឡប់ពីចំណាកស្រុក និងអ្នកដែលរងផលប៉ះពាល់ពីវិស័យផ្សេងៗឲ្យផ្តោតលើវិស័យកសិកម្មវិញ។

ក្រោយពីការបង្ហាញផ្លូវ ចង្អុលទិសពីសំណាក់មេកម្ពុជាដឹកនាំ ប្រជាពលរដ្ឋខ្មែរជាច្រើន ក៏បានងាកទៅរកវិស័យចិញ្ចឹមសត្វ វារីវប្បកម្ម និងដំណាំបន្លែគ្រប់ប្រភេទ។ ដោយយល់ឃើញថា ពលរដ្ឋកំពុងមានការចាប់អារម្មណ៍ខ្លាំងឡើងៗ សម្តេចនាយករដ្ឋមន្ត្រី ក៏បានចុះជំរុញវិស័យកសិកម្មដោយផ្ទាល់ជា​មួយកសិករដោយផ្តើម​ពីការជំរុញវិស័យវារីវប្បកម្មក្នុងខេត្តព្រៃវែងកាលពីព្រឹកថ្ងៃទី១៤ កក្កដានេះ។

ដើម្បីជំរុញវិស័យនេះ សម្តេចតេជោ ហ៊ុន សែន បានចុះទៅជួបជាមួយកសិករអ្នកចិញ្ចឹមត្រី និងចិញ្ចឹមកង្កែបដោយផ្ទាល់ ដើម្បីស្វែងយល់ពីបញ្ហារបស់ពួកគេ មុននឹង​ដាក់ចេញជាដំណោះ ស្រាយឲ្យចំគោលដៅ។ នេះគឺជាភាពឆ្លាតវៃរបស់មេដឹកនាំដែលមិនរង់ចាំស្តាប់តែរបាយការណ៍ឡើយ ប៉ុន្តែត្រូវចុះជួបផ្ទាល់ជាមួយ​ពលរដ្ឋដើម្បីយល់​ឲ្យបានច្បាស់ពីបញ្ហារបស់ពួកគេទើបការដាក់ចេញដំណោះស្រាយមានប្រសិទ្ធភាពដូចដែលសម្តេចធ្លាប់បានធ្វើជា យូរមកហើយ។

ថ្ងៃទី២១ កក្កដា ខាងមុខនេះ សម្តេចនាយករដ្ឋមន្ត្រីក៏គ្រោងនឹងចុះទៅស្រុកព្រៃកប្បាស នៃខេត្តតាកែវដើម្បីច្រូតស្រូវស្រាលផង និងជាពិសេសបន្តជំរុញការដាំដុះស្រូវ និងដំណាំកសិកម្មផ្សេងទៀត។ វត្តមានរបស់មេដឹកនាំកំពូលជាមួយកសិករនាពេលនេះ ពិតជាបានបង្ហាញថា យុទ្ធនាការជំរុញវិស័យកសិកម្មក្នុងបរិបទកូវីដ១៩ បានចាប់ផ្តើមហើយ។ យុទ្ធនាការនេះនឹងក្លាយជាចលករដ៏មានថាមពលក្នុងការដោះស្រាយបញ្ហាចំពោះមុខផង និងបញ្ហាយូរអង្វែងផងសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងមូល។

អ្វីជាការកត់សម្គាល់មុនឈានដល់យុទ្ធនាការនេះ សម្តេចនាយករដ្ឋមន្ត្រីក៏បានចង្អុលទិស ប្រាប់មុនរួចជាស្រេច ដើម្បីឲ្យពលរដ្ឋចាប់អារម្មណ៍លើវិស័យកសិកម្ម ក៏ដូចជា​ការផ្ញើសារដល់មន្ត្រីថ្នាក់ក្រោមឲ្យត្រៀម លក្ខណៈជាស្រេចដើម្បីដោះស្រាយបញ្ហាចំពោះមុខ ដោយផ្តោតលើវិស័យកសិកម្ម។ ការដឹកនាំដែលតែងតែគ្រោង​ទុកជាមុន និងមានផែនការ យុទ្ធសាស្ត្រត្រឹមត្រូវចំទិសដៅ និងទាន់សភាពការណ៍នេះហើយគឺជាចំណុចខ្លាំងរបស់ សម្តេចតេជោ ហ៊ុន សែន ជាពិសេសគឺការ ប្រែក្លាយបញ្ហា​ឲ្យទៅជាឱកាស។

ក្នុងគោលដៅនេះ វិបត្តិកូវីដ-១៩ បានក្លាយជាឱកាសដែលកម្ពុជា កំពុងបង្កើនការនាំផលិតផលកសិកម្មទៅលក់នៅក្រៅប្រទេសយ៉ាងច្រើនទៀតផង។ នេះគឺជាទស្សនៈ​វិស័យរបស់ សម្តេចតេជោ ហ៊ុន សែន ដែលស័ក្តិសមនឹងទទួលរហ័សនាមថាជា«បុរសខ្លាំងរបស់កម្ពុជា»។

ជាការពិត ចាប់តាំងពីវិបត្តិកូវីដ១៩ផ្ទុះឡើងភ្លាម សម្តេចនាយករដ្ឋមន្ត្រីរូបនេះ ហាក់ក្តាប់បានសភាពការណ៍យ៉ាងណែនក្នុងដៃ ហើយដោះស្រាយតាមដំណាក់​កាលនីមួយៗ​ដោយ មិនតក់ស្លុត មិនតក់ក្រហល់ ស្របតាមការវិវត្តន៍របស់កូវីដ ១៩ ដោយរលូន។ ភាពឈ្លាសវៃនេះហើយ ដែលរហូតមកដល់ពេលនេះ កម្ពុជាអាចបញ្ចៀសបានទាំងការឆ្លងរាលដាល ទាំងការស្លាប់បាត់បង់ជីវិតមនុស្ស និងទាំងការរងគ្រោះធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ច។

តើមានមេដឹកនាំពិភពលោក ប៉ុន្មាននាក់ដែលអាចទប់ទល់បានបែបនេះ? ចម្លើយតបនឹងសំណួរនេះ គឺជាទឡ្ហីករណ៍ដែលបញ្ជាក់បានពី «ទេពកោសល្យ និងសមត្ថភាពពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន»

ដោយ៖ អ្នកនយោបាយតុកាហ្វេ







ទស្សនៈមិត្តអ្នកអាន៖ ការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩បាន របស់ប្រទេសកម្ពុជាមិនមែនជារឿងចៃដន្យឡើយ

 នៅទីបំផុតទៅ ប្រទេសកម្ពុជា អាចគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ បានទាំងស្រុង គឺបន្ទាប់ពីអ្នកជំងឺចុងក្រោយបង្អស់របស់ប្រទេសកម្ពុជា ត្រូវបានក្រសួងសុខាភិបាល ប្រកាសថា បានជាសះស្បើយឡើងវិញពីជំងឺកូវីដ-១៩។ ការគ្រប់គ្រងបានស្ថានភាពជំងឺកូវីដ-១៩ នាពេលនេះ មិនមែនជារឿងចៃដន្យ ឬកើតឡើងដោយឯកឯងនោះឡើយ ប៉ុន្តែវាជាការខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្ត ស្មារតី ថវិកា របស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី។

នៅពេលដែលប្រទេសចិន បានប្រកាសពីការរកឃើញករណីជំងឺកូវីដ-១៩ នៅចុងឆ្នាំ២០១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មិនបានព្រងើយកន្តើយឡើយ គឺបានចាត់វិធានការជាជំហានៗឆ្លើយតបទៅនឹងការគំរាមកំហែ ងនៃមេរោគដ៏កាចសាហាវនេះ។ វិធានការទាំងនោះមានដូចជា៖ ការបិទទីតាំងដែលមានការប្រមូលផ្តុំមនុស្សច្រើន ដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដូចជា សាលារៀន ទីកន្លែងកម្សាន្ត ក្លឹប ខារ៉ាអូខេ សារមន្ទីរ រោងភាពយន្ត ការប្រគុំតន្ត្រីតាមទីសាធារណៈនានាជាដើម។ កម្ពុជា បានបិទជើងហោះហើរជាមួយនឹងប្រទេសដែលមានហានិភ័យខ្ពស់ក្នុងការចម្លងជំងឺកូវីដ-១៩ មកក្នុងព្រះរាជាណាចក្រកម្ពុជា។ ការធ្វើចត្តាឡីស័ក្តរបស់ប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសដែលមានហានិភ័យជំងឺកូវីដ-១៩ ដោយដាក់ឲ្យនៅដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃ ដើម្បីធានាថា ពួកគេគ្មានជំងឺកូវីដ-១៩ និងម្យ៉ាងទៀតក្នុងករណីសង្ស័យថា បើពួកគាត់មានជំងឺនេះ គឺអាចបញ្ជូនទៅកាន់មន្ទីរពេទ្យបានភ្លាមៗដើម្បីព្យាបាល។ ការបិទខេត្តក្នុងរយៈពេលខ្លីទប់ស្កាត់ការបម្លាស់ទីរបស់កម្មករ កម្មការិនី រោងចក្រកាត់ដេរ នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងការធ្វើចត្តាឡីស័ក្តបងប្អូនកម្មករ កម្មការិនីមួយចំនួន ដែលវិលត្រឡប់ចូលមកបម្រើការងារវិញក្រោយចូលឆ្នាំខ្មែរ ជាពិសេសការធ្វើចត្តាឡីស័ក្តបងប្អូនពលករខ្មែរមកពីក្រៅប្រទេសដែលអាជ្ញាធរខេត្តនីមួយៗជាអ្នកទទួលខុសត្រូវរៀងខ្លួន។ ការធ្វើចត្តាឡីស័ក្តនេះ មានសារៈសំខាន់បំផុត ដើម្បីការពារការចម្លងជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍។ តាំងពីដើមរៀងទីមក នៅកម្ពុជា គ្មានការចម្លងនៅក្នុងសហគមន៍ឡើយ។

ការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា គេអាចនិយាយបានថា ជាករណីកម្របំផុតមួយ ដែលកម្ពុជាខ្លួនឯងផ្ទាល់អាចគ្រប់គ្រងបានយ៉ាងល្អ ហើយមានប្រសិទ្ធភាពខ្ពស់បំផុត បើធៀបទៅនឹងបណ្តាប្រទេសជឿនលឿនតូច-ធំក្នុងពិភពលោក ដែលមានប្រព័ន្ធសុខាភិបាលទំនើប តែមានអ្នកស្លាប់ និងឆ្លង ច្រើនលើសលុបបំផុត។ ជោគជ័យរបស់ប្រទេសកម្ពុជារួមមាន៖ ទី១- អ្នកឆ្លងមានចំនួនតែ ១២២ នាក់ ទី២- អ្នកឆ្លងជំងឺទាំងនោះមានចម្រុះជាតិសាសន៍ចាស់ក្មេង មានជំងឺប្រចាំកាយផ្សេងៗ ដែលមានហានិភ័យខ្ពស់បំផុតក្នុងការស្លាប់បាត់បង់ជីវិត ក៏ត្រូវបានក្រុមគ្រូពេទ្យខ្មែរព្យាបាលឲ្យជាសះស្បើយទាំងអស់គ្នា ដោយគ្មានអ្នកជំងឺកូវីដ-១៩ ណាម្នាក់ស្លាប់បាត់បង់ជីវិតឡើយ។ ចំណុចនេះដែលអន្តរជាតិ បានកោតសរសើរស្ញប់ស្ញែង ពីសមត្ថភាពរបស់កម្ពុជា ពិសេសគឺក្រុមគ្រូពេទ្យកម្ពុជាតែម្តង។ ទី៣- ការបង្ការទប់ស្កាត់បានការចម្លងជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍។

អ្វីដែលជាការរៀបរាប់លើនេះ គ្រាន់តែជាចំណុចខ្លះៗប៉ុណ្ណោះនៃវិធានការស្ថិតក្នុងសេណារីយ៉ោជាដំណាក់ៗ របស់រាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះ ក្នុងការបង្ការ ការពារ ទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសទប់ស្កាត់ការចម្លងជំងឺដ៏កាចសាហាវនេះចូលទៅក្នុងសហគមន៍។ ក៏ប៉ុន្តែមិនមែនបានន័យថា កម្ពុជា បានលុបបំបាត់ជំងឺកូវីដ-១៩ មិនឲ្យឆ្លងចូលមកក្នុងប្រទេសជាថ្មីម្តងទៀតឡើយ ហេតុដូច្នេះតោងមានការប្រុងប្រយ័ត្នទាំងអស់គ្នាឲ្យបានជាប់ជានិច្ចដោយត្រូវចេះកែប្រែទម្លាប់ និងឥរិយាបថនៃការរស់នៅរបស់ខ្លួនឲ្យស្របទៅតាមសភាពធម្មតា តាមបែបគន្លងថ្មីក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាចាំបាច់ ដូចជា ការប្រកាន់យកនូវការអនុវត្តអនាម័យដៃស្អាត ពាក់ម៉ាស់ (ក្នុងករណីចាំបាច់) ប្រើក្រមា កន្សែង ឬក្រដាសជូតមាត់ ខ្ទប់មាត់ពេលមានក្អក ឬកណ្តាស់ បន្តអនុវត្តគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល មិនត្រូវមានការជួបជុំ ឬរៀបចំពិធីណាមួយដែលមានគ្នាច្រើនកុះករពេក ដូចជា ការជួបជុំស៊ីផឹកដែលមានគ្នាច្រើន ឬការជួបជុំតាមបែបសាសនាជាដើម។
សរុបមកវិញ ទោះប្រទេសកម្ពុជាតូច ធនធានមនុស្សតិចក្តី តែប្រទេសកម្ពុជា ត្រូវបានពិភពលោកចាត់ទុកថា មានប្រព័ន្ធការពារប្រឆាំងនឹងមេរោគឆ្លងនានាបានយ៉ាងជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ទៀតផង។ ឧទាហរណ៍ជាក់ស្តែងការទប់ស្កាត់ជំងឺឆ្លងរាតត្បាតសកលកូវីដ-១៩ មិនឲ្យមានការចម្លងក្នុងសហគមន៍ ដែលទទួលស្គាល់ពីអង្គការសុខភាពពិភព។ កម្ពុជា ជាប្រទេសតូច តែមានមេដឹកនាំមានទឹកចិត្តធំទូលាយ ជម្នះឧបសគ្គគ្រប់បែបយ៉ាង ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនឲ្យរួចផុតពីការលំបាកទាំងឡាយ ទោះស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មេដឹកនាំកម្ពុជា ដែលបានយកជីវិតធ្វើដើមទុន ដើម្បីសង្គ្រោះជាតិ និងប្រជាជនកម្ពុជា តែងមានវត្តមានជានិច្ចដោះស្រាយបញ្ហារបស់ប្រទេសកម្ពុជា និងប្រជាជន។ លោកនាយករដ្ឋមន្ត្រី ត្រូវបានជនបរទេសដាក់រហ័សនាមថា ជាបុរសខ្លាំងរបស់កម្ពុជា។ ចំណុចខ្លាំងរបស់លោក គឺស្ថិតនៅត្រង់ថា គាត់មិនត្រឹមតែជាស្ថាបនិកសន្តិភាព និងការអភិវឌ្ឈប៉ុណ្ណោះទេ ប៉ុន្តែគាត់អាចឈរយ៉ាងរឹងមាំដើម្បីការពារសន្តិភាព ការពារការអភិវឌ្ឍ និងការពារសេចក្តីសុខសាន្តរបស់ពលរដ្ឋខ្មែរ មិនឲ្យមានអ្នកណាអាចមកបំផ្លាញបានឡើយ។

ពីព្រឹត្តិការណ៍មួយទៅព្រឹត្តិការណ៍មួយ វត្តមានរបស់ សម្តេចតេជោ ហ៊ុន សែន បានផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំងដល់ពលរដ្ឋខ្មែរគ្រប់ទិសទី ជាពិសេសជនរងគ្រោះដោយហេតុការណ៍ណាមួយ។ បុរសរូបនេះហើយ ដែលជាវីរៈបុរសរបស់ពលរដ្ឋខ្មែរយ៉ាងពិតប្រាកដ នោះគឺតេជោសែន ដ៏ជាទីកក់ក្តៅរបស់ពលរដ្ឋនិងជាពិសេសយុវជនខ្មែរ៕

ដោយ៖ សុខ សុវណ្ណ



វីដេអូ៖ «កម្ពុជាមិននៅក្រោមការត្រួតត្រារបស់បរទេសហើយក៏មិនផ្តល់ ឱកាសឱ្យបរទេសមកជ្រៀតជ្រែកផ្ទៃក្នុងនោះឡើយ»

 

វីដេអូ៖ «កម្ពុជាពិត ខុសពីកម្ពុជា ប្រឌិត»

 

វីដេអូ៖ សម រង្ស៊ី ក្បត់ជាតិខ្មែរហើយ!

 

លិខិតមិត្តអ្នកអាន៖ «មរតកតេជោ» ចាប់ផ្តើមពីជ័យជម្នះ ៧ មករា

 ស្មារតី ៧មករា បានស្ថិតនៅក្នុងដួងចិត្ត និងការចងចាំជាប្រវត្តិសាស្រ្តនៃរបបប្រល័យពូជសាសន៍ និងចាប់ផ្តើមរស់ឡើងវិញនៃជាតិសាសន៍ខ្មែរ គឺរស់ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរជាមនុស្ស និងកេរ្តិ៍ឈ្មោះរបស់ខ្មែរបានល្បីរន្ទឺលើឆាកអន្តរជាតិ ក្នុងកិត្យានុភាពជាតិ ប្រជាជនកម្ពុជាទាំងមូលមានមោទនភាពបំផុត និងមានជោគវាសនាបានរស់ក្នុងសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ការរីកចម្រើនស្ទើរគ្រប់វិស័យ ជីវភាពប្រជាជនខ្មែរម្នាក់ៗបានកាន់តែល្អប្រសើរឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខ អស់រយៈពេល៤២ឆ្នាំមកហើយ បន្ទាប់ពីប្រជាជនកម្ពុជា និងជាតិមាតុភូមិទាំងមូល ត្រូវបានរំដោះរួចផុតពីរបបប្រល័យពូជសាសន៍ នៅថ្ងៃ ៧ មករា ឆ្នាំ១៩៧៩។

មាតុភូមិអង្គរជាទីស្នេហានៃយើងបានផ្លាស់ប្តូរមុខមាត់ថ្មីយ៉ាងស្រស់បំព្រង ក្នុងស្មារតីមហាសាមគ្គីជាកម្លាំងរបស់ប្រជាជន និងការជឿទុកចិត្ត បន្តគាំទ្រការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ស្មារតី ៧ មករា ពិតជាបានធ្វើឲ្យប្រជាជនកម្ពុជាគ្រប់រូប ជាពិសេសប្រជាជនវ័យក្មេង កាន់តែយល់ជ្រួតជ្រាបច្បាស់អំពីប្រវត្តិ និងអត្ថន័យជាប្រវត្តិសាស្ត្រនៃទិវាជ័យជម្នះ ៧ មករា ព្រមទាំងសមិទ្ធផលធំៗ ដែលប្រជាជនកម្ពុជា សម្រេចបានក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេល៤២ ឆ្នាំ មកនេះ។

ស្មារតី ៧មករា បានធ្វើឲ្យប្រជាជនយល់ដឹងពីតម្លៃដែលពុំអាចកាត់ថ្លៃបាននៃសុខសន្តិភាព ដែលបានមកពីការបូជាសាច់ស្រស់ ឈាមស្រស់របស់ថ្នាក់ដឹកនាំ យុទ្ធជន យុទ្ធនារី និងប្រជាជនយើងច្រើនឥតគណនា ប្រកបដោយវីរភាពក្នុងការតស៊ូសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ និងថែរក្សាការពារការរស់ឡើងវិញរបស់ប្រជាជាតិ។ ស្មារតី ៧ មករា បានធ្វើឱ្យអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហមត្រូវបានរំលាយទាំងស្រុង ហើយបានប្រែក្លាយប្រទេសកម្ពុជាទាំងមូលមានសុខសន្តិភាព ឯកភាពទឹកដីទាំងស្រុង ដែលពុំធ្លាប់កើតមានក្នុងប្រវត្តិសាស្រ្តខ្មែររយៈពេលជាងប្រាំរយឆ្នាំ។

ប្រជាជនកម្ពុជាយើងពិតជាមានមោទនភាពយ៉ាងក្រៃលែងចំពោះសមិទ្ធផលដ៏ច្រើនឥតគណនា ដែលបានកើតឡើងពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាក្នុងការស្តារ និងកសាងប្រទេសជាតិមួយដែលត្រូវបំផ្លាញខ្ទេចខ្ទីអស់នៅសល់តែគំនរផេះផង់ឲ្យក្លាយទៅជាទឹកដីដែលមានការរីកចម្រើនរស់រវើក ស្រស់បំព្រងដូចសព្វថ្ងៃ និងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ ឆ្ពោះទៅកាន់អនាគតដ៏រុងរឿង។ សមិទ្ធផលធំៗជាប្រវត្តិសាស្ត្រដែលត្រូវបានគេប្រសិទ្ធនាមថាជា «មរតកតេជោ» ទាំងនោះរួមមានដូចជា៖

  • ទី១- ការរំដោះអាយុជីវិតប្រជាជនចេញពីរបបប្រល័យពូជសាសន៍ និងការទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍អាចវិលត្រឡប់មកវិញ ហើយដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព កិត្តិយស សេចក្តីថ្លៃថ្នូរ និងលទ្ធិប្រជាធិបតេយ្យ ដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបបប្រល័យពូជសាសន៍។
  • ទី២- ការទទួលបានមកវិញនូវសិទ្ធិ សេរីភាពគ្រប់យ៉ាង ជាពិសេសសិទ្ធិមានជីវិតរស់នៅ និងបានក្លាយជាអ្នកធ្វើជាម្ចាស់លើជោគវាសនារបស់ជាតិខ្លួនពិតប្រាកដ ហើយបានចូលរួមយ៉ាងសកម្មក្នុងការការពារ និងការស្តារ និងកសាងជាតិលើគ្រប់វិស័យ ដោយចាប់ផ្តើមកសាងជាតិឡើងវិញចេញពីបាតដៃទទេ។
  • ទី៣- សន្តិភាព និងការបង្រួបបង្រួមជាតិ ដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជាដែលបានឆ្លងកាត់គ្រោះមហន្តរាយដោយសារសង្គ្រាមដ៏រ៉ាំរ៉ៃ និងរបបប្រល័យពូជសាសន៍។ តាំងពីក្រោយថ្ងៃរំដោះ ៧ មករា មក រដ្ឋអំណាចនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា បានពុះពារជំរុញការអនុវត្តមាគ៌ាមហាសាមគ្គីជាតិដើម្បីផ្សះផ្សារជម្លោះផ្ទៃក្នុងបង្រួបបង្រួមខ្មែរពីគ្រប់និន្នាការនយោបាយរួមគ្នាបង្កើតសន្តិភាពឡើងវិញតាមរយៈគោលនយោបាយប្រកបដោយមនុស្សធម៌ ហើយបានដាក់ចេញគោលនយោបាយបង្រួបបង្រួមជាតិនៅឆ្នាំ១៩៨៧ ជាមួយនឹងសម្តេចព្រះនរោតត្តម សីហនុ នៅ Fère-en-Tardenois ប្រទេសបារាំង។ ឈរលើមូលដ្ឋាននៃជំនួបចរចាដើម្បីស្វែងរកសន្តិភាព រវាងសម្តេចព្រះនរោត្តម សីហនុ និងលោក ហ៊ុន សែន បានចាប់ផ្តើមនៅថ្ងៃ ២ ធ្នូ ឆ្នាំ១៩៨៧ ហើយបានបន្តនូវដំណើរការចរចាច្រើនលើកច្រើនសារឆ្លងកាត់ការលំបាកស្មុគស្មាញយ៉ាងច្រើន រហូតសម្រេចបានកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១។
  • ទី៤- ការបោះឆ្នោតជាតិលើកទី១ តាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក្រោមការចាត់ចែង និងត្រួតពិនិត្យរបស់អាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិនៅកម្ពុជា (UNTAC) បានប្រព្រឹត្តទៅនៅថ្ងៃទី២៣-២៨ ខែឧសភា ឆ្នាំ១៩៩៣ ដែលបង្កើតបាននូវសភាធម្មនុញ្ញ ហើយសភាធម្មនុញ្ញបានអនុម័តរដ្ឋធម្មនុញ្ញថ្មី ដែលបានកំណត់ថា ប្រទេសកម្ពុជាប្រកាន់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរី ពហុបក្ស។ ក្រោយពេលសភាធម្មនុញ្ញបានអនុម័តរដ្ឋធម្មនុញ្ញថ្មីហើយ សភាធម្មនុញ្ញបានប្រែក្លាយជាស្វ័យប្រវត្តិទៅជារដ្ឋសភានីតិកាលទី១។ បន្ទាប់ពីរដ្ឋសភា និងរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី១ ត្រូវបានបង្កើតឡើង កម្ពុជាបានឈានចូលដំណាក់ថ្មីមួយទៀត គឺសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ សហប្រតិបត្តិការ និងការអភិវឌ្ឍ។
  • ទី៥- នយោបាយឈ្នះ-ឈ្នះ ដែលបាននាំមកនូវសន្តិភាពពេញលេញ និងឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុងចាប់ពីចុងឆ្នាំ១៩៩៨ តាមរយៈជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ របស់លោក ហ៊ុន សែន ដែលមានខ្លឹមសារស្នួល ៣៖ គឺ «ជីវិត កម្មសិទ្ធិ និងអាជីព» ដោយធានាសុវត្ថិភាពទាំងផ្លូវកាយ និងអាយុជីវិត ធានាអាជីព និងមុខរបរ និងធានាកម្មសិទ្ធិ ទ្រព្យសម្បត្តិ ដែលបានធ្វើឲ្យអង្គការចាត់តាំងទាំងខាងនយោបាយ និងយោធារបស់ពួកឧទ្ទាមខ្មែរក្រហមត្រូវរលំរលាយជាស្ថាពរ បង្កើតបានសន្តិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុងចាប់ពីចុងឆ្នាំ១៩៩៨មក។ សន្តិភាព និងស្ថិរភាពនយោបាយ បានផ្តល់ឱកាសដ៏មានតម្លៃបំផុតដែលពុំធ្លាប់មានដល់ប្រជាជនកម្ពុជាក្នុងការអភិវឌ្ឍសង្គមជាតិ។
  • ទី៦- ហេដ្ឋារចនាសម្ព័ន្ធសង្គម និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដែលបម្រើដល់ផលប្រយោជន៍រួមរប ស់ជាតិនិងប្រជាជនកកម្ពុជារូមមានដូចជា ស្ពាន ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ វារីអគ្គីសនី សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ។ល។ បានរីកដេរដាសពាសពេញទឹកដីអង្គរនៃយើង។

សរុបមកវិញ ដូចចំណុចដែលបានរៀបរាប់សង្ខេបត្រួសៗទាំងនេះហើយ ដែលអាចគូសបញ្ជាក់ពីការដឹកនាំត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនជាប្រមុខ បានពុះពារជម្នះរាល់ឧបសគ្គទាំងពួងទម្រាំ ទទួលបាននូវអ្វីៗដូចសព្វថ្ងៃនេះ។ ដូចនេះ ខ្មែរគ្រប់រូប ទាំងយុវជន យុវនារីកម្ពុជាជំនាន់ក្រោយត្រូវចេះសាមគ្គីគ្នាស្រឡាញ់សន្តិភាព និងការអភិវឌ្ឍដែលកំពុងកើតមាននៅលើទឹកដីរបស់ខ្លួន និងចូលរួមថែរក្សាការពារមរតកទាំងអស់នេះសម្រាប់កូនចៅយើងជំនាន់ក្រោយៗទៀត៕

ដោយ៖ តាំង ករុណា



វិភាគអន្តរជាតិ៖ អ្វីទៅជា «ហ្គេមបញ្ចប់» របស់សហរដ្ឋអាមេរិក សម្រាប់សង្រ្គាមនៅអ៊ុយក្រែន?



(វ៉ាស៊ីនតោន)៖ ភ្លាមៗនៅក្រោយពេលលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន បញ្ជាឱ្យកងទ័ពរបស់លោកវាយសម្រុកចូលអ៊ុយក្រែន នាយសេនាធិការកងទ័ព ចម្រុះអាមេរិក លោកឧត្ដមសេនីយ៍ ម៉ាក មីលលី (Mark Milley) បានបង្ហាញគំនិតទុដ្ឋិនិយមដោយនិយាយថារដ្ឋធានីកៀវ នឹងធ្លាក់ចូលក្នុងកណ្ដាប់ដៃទាហាន រុស្ស៉ីក្នុងរយៈពេល ៧២ម៉ោងតែប៉ុណ្ណោះ។ ប៉ុន្តែ ៣ខែក្រោយមក លោក ម៉ាក មីលលី បានលេបសម្ដីនេះទៅវិញជាមួយការសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិកនឹងបន្ត គាំទ្រអ៊ុយក្រែន ដើម្បីបង្ហាញថា «ប្រទេសធំមួយមិនមែនចេះតែអាចបំផ្លាញ និងឈ្លានពានចូលប្រទេសតូចតាចតាមតែអំពើចិត្តនោះទេ»។ នៅពេលត្រូវបាន សាកសួរថាតើសង្រ្គាមអ៊ុយក្រែននឹងបញ្ចប់ទៅដោយរបៀបណា? មេទ័ពកំពូលអាមេរិករូបនេះបានឆ្លើយថា វាគឺអាស្រ័យទៅលើការសម្រេចចិត្តរបស់អ៊ុយក្រែន ហើយសង្រ្គាមគួរតែបិទបញ្ចប់ នៅត្រឹមព្រំដែនអ៊ុយក្រែន។


សង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន បានឈានចូលដល់ខែទី៤ហើយ តែគេមិនទាន់ដឹងថាតើសង្រ្គាមនេះនឹងបញ្ចប់នៅពេលណានោះដែរ? ខណៈសង្រ្គាមមិនទាន់ បញ្ចប់ «វោហាសាស្ត្រប្រកបដោយទំនុកចិត្ត» ថាអ៊ុយក្រែនអាចនឹងឈ្នះសង្រ្គាម បាន និងកំពុងបន្លឺសំឡេងឡើងទាំងនៅក្នុងទីក្រុងវ៉ាស៊ីនតោន និងនៅតាមបណ្ដា ប្រទេសលោកខាងលិច។ សហរដ្ឋអាមេរិក គឺជាអ្នកផ្ដល់ជំនួយដ៏ធំបំផុតសម្រាប់អ៊ុយក្រែន ហើយបើគ្មានការគាំទ្រ និងជំនួយពីទីក្រុងវ៉ាស៊ីនតោនទេ ម្ល៉េះអ៊ុយក្រែន ប្រហែលជាមិនអាចទប់ទល់ជាមួយកងទ័ពរបស់លោក ពូទីន មកទល់នឹងថ្ងៃនេះទេ។ ក៏ប៉ុន្តែ នៅក្នុងបរិបទដែលនៃការព្រួយបារម្ភថាតើសង្រ្គាមអាចនឹងអូសបន្លាយ រយៈពេលយូរ មានរឿងដ៏សំខាន់មួយដែលបានក្លាយជាប្រធានបទក្ដៅ នោះគឺថាតើអ្វីទៅជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ដើម្បីធ្វើឱ្យរុស្ស៉ីបរាជ័យនៅក្នុងសង្រ្គាម ហើយអាមេរិកខ្លួនឯងចង់ឱ្យសង្រ្គាមសព្វថ្ងៃ បញ្ចប់ទៅដោយរបៀបណា?


* វោហាសាស្ត្រទំនុកចិត្ត បិទបាំងការពិត

ពាក្យថា «អ៊ុយក្រែនអាចនឹងទទួលបានជ័យជម្នះនៅក្នុងសមរភូមិសង្រ្គាម» បានក្លាយជាប្រធានបទជជែកដេញដោលមួយយ៉ាងផុលផុស នៅក្នុងទីក្រុងវ៉ាស៊ីនតោន នារយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។ ផ្ទុយពីមុនពេលសង្រ្គាមផ្ទុះឡើង អ្នកនយោបាយ និងក្រុមមន្ត្រីលោកខាងលិចមួយចំនួនមើលឃើញពីឱកាសផ្ដល់ មេរៀនមួយដែលរុស្ស៉ីមិនអាចបំភ្លេចបាន។ តួយ៉ាង ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) បានលើកឡើងនៅក្រោយ លោកស្រីបំពេញទស្សនកិច្ចក្នុងទីក្រុងកៀវ និងបន្ទាប់ពីបានជួបជាមួយលោក ហ្សេលេនស្គីថាសហរដ្ឋអាមេរិកនឹងឈរជាមួយអ៊ុយក្រែនរហូតទាល់តែ ទទួលបានជ័យជម្នះ។


ចំណែកឯរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន បាននិយាយដោយឥតលាក់លៀមថាសហរដ្ឋអាមេរិកចង់ឃើញរុស្ស៉ីចុះទន់ខ្សោយរហូតដល់កម្រិត មួយដែលលែងអាចដើរឈ្លានពានគេឯងបានតទៅទៀត។ តើទាំងនេះគឺជាវត្ថុបំណងរបស់សហរដ្ឋអាមេរិកឬ? ជាការពិតណាស់ ក្រៅតែពីវោហាសាស្ត្រ អាមេរិកក៏ ធ្វើសកម្មភាពជាក់ស្ដែងផងដែរ តាមរយៈការផ្ដល់ជំនួយដ៏មហិមាដល់អ៊ុយក្រែនជាង ៥៤ពាន់លានដុល្លារ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង ហើយក្នុងជំនួយទាំងនេះ ក្នុងនោះមានទំាងជំនួយ ៤០ពាន់លានដុល្លារដែលលោក ចូ បៃដិន ទើបតែចុះហត្ថលេខាកាលពីពេលថ្មីៗនេះដែលក្នុងនោះមាន ២០ពាន់លានដុល្លារ ជាជំនួយ យោធា។


តែទោះជាបែបនេះក្ដី នៅពីក្រោយ «វោហាស្ត្រប្រកបដោយទំនុកចិត្ត» និងជំនួយដ៏មហិមា សហរដ្ឋអាមេរិកមិនបានបង្ហាញពីបំណងពិតប្រាកដរបស់ខ្លួននៅក្នុង សង្រ្គាមអ៊ុយក្រែននោះទេ ឬក៏ជឿថាតើរឿងអ្វីដែលអាច ឬក៏គួរតែកើតឡើងនៅអ៊ុយក្រែននោះដែរ។ មិនតែប៉ុណ្ណោះ វាមានព័ត៌មានលម្អិតតួចតួចបំផុតថាតើអ្វីទៅជា «យុទ្ធសាស្ត្រធ្វើឱ្យរុស្ស៉ីបរាជ័យ» ឬក៏ថាតើការសម្រុះសម្រួលបែបណាដែលសហរដ្ឋអាមេរិកនឹងជំរុញឱ្យអ៊ុយក្រែនទទួលយក?


បើតាមសេចក្ដីព្រាងប្រធានបទមួយដែលត្រូវពិភាក្សា របស់ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក ដែលកាសែត The Financial Times បានឃើញ ទីក្រុងវ៉ាស៊ីនតោន ចង់ឱ្យអ៊ុយក្រែនមានឯករាជ្យភាព ប្រជាធិបតេយ្យ និងអធិបតេយ្យភាព ហើយចង់ឱ្យប្រាកដថាការព្យាយាមរបស់រុស្ស៉ីក្នុងការគ្រប់គ្រងអ៊ុយក្រែន នឹងបញ្ចប់ក្នុង «យុទ្ធសាស្ត្របរាជ័យមួយ»។ នៅត្រង់ចំណុចនេះដែរ, ក្រុមអ្នកវិភាគខ្លះដូចជា លោក ស្ទេវិន ភីហ្វឺ (Steven Pifer) ជាអតីតអគ្គរដ្ឋទូតអាមេរិកប្រចាំអ៊ុយក្រែន និងលោក វីលៀម ភែររី (William Perry) មកពីសាកលវិទ្យាល័យ Stanford University យល់ថារដ្ឋបាលលោក ចូ បៃដិន មានចេតនាបន្តរក្សាគោលដៅក្នុង សង្រ្គាមអ៊ុយក្រែនឱ្យស្ថិតនៅក្នុង «ភាពមិនច្បាស់លាស់»។ «គោលដៅ នោះគឺធានាឱ្យបានថារុស្ស៉ីនឹងបរាជ័យនៅក្នុងការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន...ប៉ុន្តែ តើអ្វីដែលមិនមានការបញ្ជាក់ច្បាស់លាស់ គឺថាតើអ្នកឱ្យនិយមន័យ «ពាក្យបរាជ័យ» នេះយ៉ាងដូចម្ដេច»? នេះការគូសបញ្ជាក់របស់លោក Steven Pifer ដោយបន្ថែមថាដើម្បីអាចរក្សា «ភាពបត់បែន» សហរដ្ឋអាមេរិកនឹងមិនផ្ដល់ព័ត៌មានលម្អិតគោលបំណងរបស់ខ្លួននោះទេ។


* ធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន

រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន ត្រូវបានគេមើលឃើញថាកំពុងធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន ដោយដៃម្ខាងបញ្ជូនអាវុធឱ្យអ៊ុយក្រែន រីឯម្ខាងទៀត ប្រឹងបញ្ចៀសកុំឱ្យផ្ទុះជម្លោះដោយផ្ទាល់ជាមួយរុស្ស៉ី និងបញ្ចៀសផងដែរនូវការជំរុញជាយថាហេតុណាមួយពាក់ព័ន្ធនឹងការសម្រុះសម្រួលទឹកដី ដែលបង្កឱ្យមាន វិបត្តិនយោបាយធ្ងន់ធ្ងរនៅអ៊ុយក្រែន។ ប៉ុន្តែ ព្រមពេលជាមួយ អាមេរិកក៏កំពុងព្យាយាមប្រមូលផ្ដុំកម្លាំងចម្រុះអន្តរជាតិ ដើម្បីបន្តការគាំទ្រដល់អ៊ុយក្រែន ជាពិសេស គឺនៅក្នុងចំណោមសម្ព័ន្ធមិត្តអឺរ៉ុបដែលកំពុងបារម្ភពីផលប៉ះពាល់ទាំងសេដ្ឋកិច្ច និងសង្គមនៃការអូសបន្លាយសង្រ្គាម។


កាលពីពេលថ្មីៗនេះ មេដឹកនាំបារាំង អាល្លឺម៉ង់ និងអ៉ីតាលីបានចេញសេចក្ដីថ្លែងការណ៍ផ្សេងៗគ្នា ដោយអំពាវនាវឱ្យមានបទឈប់បាញ់ និងកិច្ចចរចាផ្សះផ្សា ហើយ ខណៈពួកគេយល់ស្របដូចគ្នាថាការសម្រេចចិត្តចុងក្រោយលើសង្រ្គាមសព្វថ្ងៃ គឺអាស្រ័យលើអ៊ុយក្រែនខ្លួនឯងក៏ពិតមែន តែពួកគេក៏សុទ្ធតែដឹងដែរថាសមត្ថភាព តស៊ូប្រយុទ្ធរបស់ទីក្រុងកៀវ គឺអាស្រ័យស្ទើរតែទាំងស្រុងលើអាវុធ និងជំនួយហិរញ្ញវត្ថុដែលអ៊ុយក្រែនទទួលបាន ជាក់ស្ដែងពីសហរដ្ឋអាមេរិកតែម្ដង។


ក្នុងន័យនេះ អតីតអគ្គរដ្ឋទូតអ៉ីតាលីប្រចាំអង្គការណាតូ លោក ស្ទេហ្វានណូ ស្ទេហ្វានីនី (Stefano Stefanini) បានគូសបញ្ជាក់ដូច្នេះថា «អឺរ៉ុបចង់ដឹងបំផុតថាតើ អ្វីទៅជាផែនការ «ហ្គេមបញ្ចប់» របស់សហរដ្ឋអាមេរិក? ពីព្រោះគំនិតដែលចង់ឱ្យរុស្សចាញ់ ឬបរាជ័យមិនត្រូវបានកំណត់ឱ្យច្បាស់នោះទេ»។ ជាការពិតណាស់ ការផ្ដល់ជំនួយថ្មីៗនេះបានបង្ហាញពីការប្ដេជ្ញាចិត្តគាំទ្ររយៈពេលវែងរបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែន។ ប៉ុន្តែ អាមេរិកក៏កំពុងគណនា និងអនុវត្តដោយការ ប្រុងប្រយ័ត្នផងដែរ។


គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានផ្ដល់អាវុធជាច្រើនក្នុងនោះរួមមានទាំងកាំភ្លើងធំ howitzers ឱ្យអ៊ុយក្រែន តែអ្វីដែលទាហានអ៊ុយក្រែនកំពុងត្រូវការ និងបាន ស្នើសុំជារឿយៗ នោះគឺប្រព័ន្ធបាញ់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ដូចជាប្រព័ន្ធមីស៊ីល HIMARS ដែលសហរដ្ឋអាមេរិកនៅតែស្ទាក់ស្ទើរ និងមិនអាចឱ្យបានឡើយ។ មិនអាចឱ្យបាន គឺដោយសារតែរដ្ឋបាលលោក បៃដិន មិនចង់ឃើញជំនួយយោធារបស់សហរដ្ឋអាមេរិក ត្រូវបានអ៊ុយក្រែនយកទៅប្រើក្នុងការវាយប្រហារចូលទឹកដី របស់រុស្ស៉ី ដែលអូសឱ្យអាមេរិកប្រឡូកក្នុងសង្រ្គាមដោយផ្ទាល់ជាមួយរុស្ស៉ីនោះទេ។ សូម្បីតែលោក ចូ បៃដិន កាលពីថ្ងៃទី៣០ ខែឧសភានេះក៏បានចេញមុខបញ្ជាក់ ដោយផ្ទាល់ដែរថាសហរដ្ឋអាមេរិកនឹងមិនបញ្ជូនប្រព័ន្ធមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយដែលអាចបាញ់ចូលក្នុងដីរុស្ស៉ី ទៅឱ្យអ៊ុយក្រែននោះទេ។


ការបដិសេធជួយ ឱ្យអ៊ុយក្រែនពេញទំហឹងនេះហើយ បាននិងកំពុងក្លាយជាផ្នែកមួយនៃការជជែកដេញដោលក្នុងទីក្រុងវ៉ាស៊ីនតោន ថាតើ «យុទ្ធសាស្ត្រធ្វើឱ្យរុស្ស៉ី បរាជ័យ» មានន័យដូចម្ដេចឱ្យពិប្រាកដ? នៅក្នុងទេសៈកាលៈមួយដែលក្រុមមន្ត្រីអាមេរិកតែងតែលើកឡើងថារុស្ស៉ីនឹងចុះទន់ខ្សោយនៅក្រោយសង្រ្គាម ជាពិសេសគឺដោយសារតែទណ្ឌកម្មសេដ្ឋកិច្ច។ តែទោះជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីអាមេរិកជឿថារុស្ស៉ីនៅតែមានលទ្ធភាពធ្វើឱ្យអ៊ុយក្រែនចុះខ្សោយតាមរយៈ ការអូសបន្លាយសង្រ្គាម ក្នុងចេតនាបន្តរក្សាអ៊ុយក្រែននៅក្នុងវិបត្តិសេដ្ឋកិច្ច៕


ប្រភព៖ Financial Times (ថ្ងៃអង្គារ ទី៣១ ខែឧសភា ឆ្នាំ២០២២)

ដោយៈ Fresh News