Wednesday, September 28, 2016

ឯកឧត្តម ស្វាយ ស៊ីថា នាំយក​អាហាររូបករណ៍​​របស់សម្តេចតេជោ និងឯក​ឧត្តម​ឧបនាយក​រដ្ឋមន្ត្រី សុខ អាន ៦០កន្លែង ផ្តល់​ជូន​ដល់សិស្ស​ដែលទើប​ប្រឡង​បាក់ឌុប

រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បើកកិច្ចប្រជុំដើម្បីត្រួតពិនិត្យការអនុវត្តអនុក្រឹត្យលេខ១៥៨

ក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរាសម្រាប់អនុវត្តអនុក្រឹត្យលេខ១៥៨ ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលស្តីពីការប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ ដែលបានកាន់កាប់ ប្រើប្រាស់ និងដាំដុះជាក់ស្តែងនៅក្នុងដីបុរីសណ្ឋាគារអង្គរសៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប បានបើកកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យរបាយការណ៍សកម្មភាពការងារ ដែលបានអនុវត្តកន្លងមក។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ នៅសាលាខេត្តសៀមរាបក្រោមអធិតីភាព ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដែលជាសហប្រធានក្រុមការងារចម្រុះ ព្រមទាំងមានការចូលរួមពីសំណាក់សមាជិកសមាជិកានៃក្រុមការងារផ្សេងៗទៀត។

ខ្លឹមសារនៃកិច្ចប្រជុំនេះ គឺដើម្បីត្រួតពិនិត្យនូវរបាយការណ៍ពីក្រុមជំនាញ និងក្រុមការងារដែលមានតួនាទីចុះអនុវត្តខ្លឹមសារអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដើម្បីឲ្យការអនុវត្តនេះកាន់តែមានប្រសិទ្ធភាព និងជំរុញការដោះស្រាយចំពោះគ្រប់បញ្ហាទាំងអស់ឲ្យបានចប់សព្វគ្រប់តាមផែនការដែលរាជរដ្ឋាភិបាលបានដាក់ជូន។

ដើម្បីអនុវត្តខ្លឹមសារអនុក្រឹត្យលេខ១៥៨ឲ្យបានជោគជ័យ រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរាបានឯកភាពគ្នាបង្កើតក្រុមការងារជំនាញចំនួន៣។ ទី១ ក្រុមការងារបច្ចេកទេស ដែលមានតួនាទីចុះវាស់វែង ផ្ទៀងផ្ទាត់កំណត់និយាមការក្បាលដីឲ្យបានច្បាស់លាស់។ ទី២ ក្រុមការងារទទួលពាក្យបណ្តឹង និងដោះស្រាយ ដែលមានភារកិច្ច ទទួលពាក្យបណ្តឹងតវ៉ា និងប្រមូលឯកសារពាក់ព័ន្ធនឹងដីធ្លីប្រជាពលរដ្ឋ ដែលមានវិវាទ។ ទី៣ គឺក្រុមការងារអន្តរាគមន៍ ដែលមានភារកិច្ចទប់ស្កាត់ការរំលោភបំពានគ្រប់រូបភាពក្នុងភូមិសាស្ត្រនៃបុរីសណ្ឋាគារ។

សូមបញ្ជាក់ថា ដីបុរីសណ្ឋាគារ និងទេសចរណ៍អង្គរ ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា តាំងពីឆ្នាំ១៩៩៥មក ដែលមានទំហំផ្ទៃដីសរុប១០០៧ហិកតា។ នៅឆ្នាំ២០១៥ តាមរយៈអនុក្រឹត្យលេខ៥១ អនក្រ.បក និងអនុក្រឹត្យលេខ៥២ អនក្រ.បក រាជរដ្ឋាភិបាលកម្ពុជាសម្រេចកាត់ដីទំហំ២២៦,៩ហិកតា ដើម្បីធ្វើប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ ដែលបានកាន់កាប់ ប្រើប្រាស់ និងដាំដុះជាក់ស្តែង។ ថ្មីៗនេះ តាមរយៈអនុក្រឹត្យលេខ១៥៨ អនក្របក ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ដីទាំងឡាយណាដែលមិនទាន់បានដោះស្រាយគោលនយោបាយរួចជូនទៅប្រជាពលរដ្ឋកាន់កាប់ជាក់ស្តែង។ ដោយឡែក ដីដែលបានដោះស្រាយគោលនយោបាយរួចរាល់ហើយ ត្រូវស្ថិតនៅក្រោមសមត្ថកិច្ចរបស់អាជ្ញាធរជាតិអប្សរាដដែល៕