Monday, September 30, 2019

អាជ្ញាធរខេត្តស្វាយរៀងរៀបចំកិច្ចប្រជុំ ត្រៀមសម្រាប់ពិធីសម្ពោធសមិទ្ធផលផ្លូវបេតុងមួយខ្សែ ឆ្ពោះទៅរមណីដ្ឋានព្រៃបាសាក់ ស្ថិតក្នុងភូមិបាសាក់

ស្វាយរៀង៖ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំនន្ទីអាគារ “ខ” សាលាខេត្តស្វាយរៀង លោក រស់ ផារិទ្ធ អភិបាលរង នៃគណៈភិបាលខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបែងចែកតួនាទីភារកិច្ច ក្នុងការរៀបចំពិធី សម្ពោធសមិទ្ធផលផ្លូវបេតុងមួយខ្សែប្រវែងជិត៤០០០ម៉ែត្រ ឆ្ពោះទៅរមណីដ្ឋានព្រៃបាសាក់ ស្ថិតក្នុងភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ពិធីសម្ពោធសមិទ្ធផលផ្លូវបេតុងនេះនឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោកស្រីឧបនាយករដ្ឋមន្រី្ត ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលនឹងប្រារព្ធឡើងនាពេលឆាប់ៗខាងមុខនេះ។
កិច្ចប្រជុំខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត លោកស្នងការរងនគរបាលខេត្ត លោកនាយកទីចាត់ការនានាចំណុះសាលាខេត្ត លោកប្រធានមន្ទីរព័ត៌មាន លោកអនុប្រធានមន្ទីរអប់រំ តំណាងមន្ទីរសុខាភិបាល និងលោកអភិបាលស្រុកស្វាយជ្រំផងដែរ៕



នៅរសៀលថ្ងៃស្អែក គណៈប្រតិភូក្រុមប្រឹក្សាអ្នកដឹកនាំនយោបាយវ័យក្មេងមកពីសហរដ្ឋអាមេរិកចំនួន៧រូបនឹងចូលជួបសវនាការដើម្បីស្វែងយល់ពីតួនាទីរបស់គ.ជ.ប

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីជូនដំណឹងស្តីពីការទទួលជួបសវនាការជាមួយគណៈប្រតិភូក្រុមប្រឹក្សាអ្នកដឹកនាំនយោបាយវ័យក្មេងមកពីសហរដ្ឋអាមេរិកចំនួន៧រូបដឹកនាំដោយលោក បិន ស្រ្តាមែន អ្នកជំនាញជាន់ខ្ពស់ផ្នែកអភិវឌ្ឍសេដ្ឋកិច្ច កិច្ចការប្រតិបត្តិធនធានធម្មជាតិ ការដឹកជញ្ជូន និងការអប់រំ ដែលនឹងត្រូ​វចូលជួបសវនាការដើម្បីស្វែងយល់ពីតួនាទីរបស់គ.ជ.ប នីតិវិធី និងដំណើរការបោះឆ្នោតនៅកម្ពុជានាថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩វេលាម៉ោង ១និង៣០នាទីរសៀលនៅសាលប្រជុំគ.ជ.ប ជាន់ទី១១។
សូមអានសេចក្តីជូនដំណឹងខាងក្រោម៖

ក្រសួងធនធានទឹក អំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី០៥ ខែតុលា

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩។ ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក បានបញ្ជាក់ថា កម្ពុជាបាននិងបន្តស្ថិតក្នុងតំបន់ជ្រលងសម្ពាធទាបនៅឡើយ រួមទាំងឥទ្ធិពលខ្យល់ពីសមុទ្រចិនខាងត្បូងផងនោះ ធ្វើឲ្យ៖
១៖ តំបន់វាលទំនាប នៅបន្តមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ ទន្ទឹមនោះ រាជធានីភ្នំពេញ-ខេត្តមួយចំនួនមាន ៖ កំពត កំពង់ស្ពឺ តាកែវ កណ្តាល ព្រៃវែង ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន។
២៖ តំបន់ខ្ពស់រាបនឹងអាចមានភ្លៀង ពីតិចទៅមធ្យម។
៣៖ តំបន់មាត់សមុទ្រនឹងអាចមានភ្លៀង ពីតិចទៅបង្គួរ។
ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់បងប្អូនសូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕

លោក ហ៊ុន សែន៖ ការបបួលភ្នាល់របស់លោក ហ៊ុន ម៉ាណែត ជាមួយទណ្ឌិត សម រង្ស៉ី ពាក់ព័ន្ធសញ្ញាបត្រ West Point ជាការចេញបង្ក្រាបចោរក្បត់ជាតិ

បន្ទាប់ពីលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសបបួលភ្នាល់ជាមួយលោក សម រង្ស៉ី ពាក់ព័ន្ធការចោទប្រកាន់ថា សញ្ញាបត្រពីសាលា West Point របស់លោក ហ៊ុន ម៉ាណែត ក្លែងក្លាយ។ ភ្លាមៗនៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចាត់ទុកថា ការបបួលភ្នាល់របស់លោក ហ៊ុន ម៉ាណែត ជាមួយទណ្ឌិត សម រង្ស៉ី នេះជាការចេញបង្រ្កាបចោរក្បត់ជាតិ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅលើ Facebook ផ្លូវការរបស់លោកយ៉ាងដូច្នេះថា «សូមស្តាប់កូនប្រុសខ្ញុំនិយាយទាក់ទងជាមួយការមួលបង្កាច់របស់ ជនក្បត់ជាតិ។ ដល់វេនកូនចេញវាយបង្រ្កាបចោរក្បត់ជាតិ នេះហើយព្រោះគេជាអ្នកចេញវាយកូនមុន»។
ខាងក្រោមជាខ្លឹមសារទាំងស្រុងរបស់លោក ហ៊ុន ម៉ាណែត រៀបរាប់នៅលើ Facebook ផ្លូវការរបស់លោកនាពេលថ្ងៃត្រង់ទី៣០ ខែកញ្ញា ឆ្នាំ២០១៩៖
តើលោក សម រង្ស៊ី ហ៊ានភ្នាល់គ្នាជាមួយខ្ញុំដើម្បីការពារសម្តីរបស់លោកទេ?
ការភ្នាល់គ្នាជាសាធារណៈជារឿងមួយដែលខ្ញុំមិនសូវដែលចង់ធ្វើទេ ប៉ុន្តែពេលខ្លះគ្មានជម្រើសផ្សេងក្នុងការការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយ គ្មានហេតុផលពីសំណាក់បុគ្គលមួយចំនួន។ កន្លងនៅពេលជួបជជែកគ្នាជាមួយកូនរបស់លោក សម រង្ស៊ី ខ្ញុំធ្លាប់បានប្រាប់គាត់ថា ឪពុករបស់ខ្ញុំ ក្នុងនាមជាអ្នកនយោបាយចាស់ទុំ លោកមិនដែលធ្វើការវាយប្រហារទៅលើគ្រួសាររបស់គូបដិបក្ខទេ ជាពិសេសគឺទៅលើកូនចៅ ដែលមិនពាក់ព័ន្ធនឹងនយោបាយ។ ហើយខ្ញុំក៏បានប្រាប់ទៅកូនរបស់គាត់ឲ្យជួយប្រាប់ទៅឪពុករបស់គាត់ផងថា ក្នុងនាមជាអ្នកនយោបាយចាស់ទុំមិនគួរធ្វើការ វាយប្រហារទៅលើក្រុមគ្រួសារ របស់គូបដិបក្ខរបស់ខ្លួនទេ។ គួរមានព្រំដែនសីលធម៌ គុណធម៌មួយ ក្នុងការធ្វើនយោបាយ។ ប៉ុន្តែជាច្រើនលើកច្រើនសារហើយដែលលោក សម រង្ស៊ី បើកការវាយប្រហារ មួលបង្កាច់មកលើក្រុមគ្រួស្រារបស់ខ្ញុំ ដោយរួមទាំងរូបខ្ញុំ និងប្អូនៗរបស់ខ្ញុំ។
ជាក់ស្តែងថ្ងៃនេះខ្ញុំក៏មានការភ្ញាក់ផ្អើលមួយនៅពេលដែលបានឃើញវីដេអូដែលលោក សម រង្ស៊ី និយាយជាសាធារណៈទៅកាន់អ្នកគាំទ្រគាត់នៅសហរដ្ឋអាមេរិក (កាលពីថ្ងៃទី ២៨ កញ្ញា ២០១៩) ដែលក្រៅពីលើកតម្កើងប្រព័ន្ធអប់រំស្រុកបារាំង និងខ្លួនគាត់ដែលបានសិក្សានៅទីនោះ គាត់ក៏បានវាយប្រហារមើលងាយប្រព័ន្ធអប់រំនៅប្រទេសកម្ពុជា និងសម្តេចតេជោផងដែរ។ អ្វីដែលជាការចាប់អារម្មណ៍សម្រាប់ខ្ញុំ គឺគាត់ក៏បានចោទជាសាធារណៈថា សញ្ញាបត្រដែលខ្ញុំបានទទួលពីសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point ជាសញ្ញាបត្រក្លែងក្លាយ ជាសញ្ញាបត្រការទូតសម្រាប់ផ្តល់ឲ្យនិស្សិតយោធាបរទេសដើម្បីជាការលើកទឹកចិត្តតែប៉ុណ្ណោះ ហើយនិស្សិតបរទេសមិនបាច់ខំរៀនក៏បានចូលនិងបានជាប់ដោយងាយដែរ។ ចំពោះលោក សម រង្សី ដែលគាត់បានតាំងខ្លួនជាអ្នកចេះដឹងខ្ពស់ និងមានសញ្ញាបត្រពីស្រុកបារាំងនោះ ខ្ញុំគិតថាការដែលគាត់ហ៊ានលើកយកមកនិយាយជាសាធារណៈថាសញ្ញាបត្រ West Point របស់ខ្ញុំជាសញ្ញាបត្រក្លែងក្លាយ ឬជាសញ្ញាបត្រការទូតនោះ គឺគាត់ប្រាកដជាបានធ្វើការស្រាវជ្រាវច្បាស់លាស់ ហើយមានភស្តុតាងរឹងមាំដើម្បីការពារអំណះអំណាងរបស់គាត់ហើយ ហើយនឹងមិនខ្លាចនឹងការពារសម្តីរបស់គាត់នោះទេ។
ហេតុដូច្នេះក្នុងនាមជាក្មេងជំនាន់ក្រោយម្នាក់ដែលបានរងការវាយប្រហារជាសាធារណៈពីសំណាក់លោក សម រង្ស៊ី បែបនេះ ប៉ុន្តែត្រូវការការពារកិត្តិយសនិង សេចក្តីថ្លៃថ្នូររបស់ខ្លួនខ្ញុំផ្ទាល់ (ក៏ដូចជារបស់និស្សិតបរទេសផ្សេងទៀតដែលបានបញ្ចប់ការសិក្សានៅសាលា West Point ដែលរួមមានអតីតប្រធានាធិបតី ប្រទេសហ្វីលីពីន Fidel Ramos, អតីតប្រធានាធិបតីប្រទេសនីការ៉ាហ្គ័ Anastasia Debayle, អតីតប្រធានាធិបតីប្រទេសកូស្តារីកា Jose Maria Figures …។ល។ និងដើម្បីការពារតម្លៃរបស់សាលា West Point ដែលជាស្ថាប័នអប់រំជាន់ខ្ពស់មួយរបស់សហរដ្ឋអាមេរិក ដែលមានស្តង់ដារអប់រំតឹងរឹង ម៉ត់ចត់និងស្មើភាព គ្មានការយោគយល់ចំពោះនិស្សិតយោធាបរទេសឬអាមេរិកាំងនោះទេ) ខ្ញុំសូមអញ្ជើញលោក សម រង្សី ភ្នាល់គ្នាបន្តិចដើម្បីឲ្យខ្ញុំនិងលោក សម រង្ស៊ី មានឱកាសការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររៀងៗខ្លួន តាមរយៈការការពារនូវពាក្យសម្តីឬអំណះអំណាងដែលលោក សម រង្ស៊ី បានលើកមកនិយាយជាសាធារណៈនៅសហរដ្ឋអាមេរិក៖
១៖ បើសិនជាសាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point មានការផ្ដល់សញ្ញាបត្រពីរប្រភេទដូចលោក សម រង្ស៊ី បានលើកនោះ ជាពិសេសគឺសញ្ញាបត្រ ប្រភេទ២ ដែលជាសញ្ញាបត្រក្លែងក្លាយ ឬការទូតដែលសាលា West Point ផ្តល់អោយនិស្សិតយោធាបរទេសនោះ ហើយបើការបណ្ដុះបណ្ដាលនៅសាលា West Point ពតិជាមានការបែងចែកស្តង់ដារខុសគ្នារវាងនិស្សិតយោធាបរទេស និងអាមេរិកមែននោះ៖ ខ្ញុំនឹងលាលែងតួនាទីទាំងអស់របស់ខ្ញុំ ក្នុងកងកម្លាំងប្រដាប់អាវុធហើយធ្វើជាប្រជាជនស៊ីវិលជារៀងរហូត។
២៖ ប៉ុន្តែបើលោក សម រង្ស៊ី មិនអាចបង្ហាញថា សាលា West Point មានសញ្ញាបត្រពីរប្រភេទដែលមានតម្លៃខុសគ្នា ដោយមួយប្រភេទមានតម្លៃពិតប្រាកដ សម្រាប់ផ្ដល់ដល់និស្សិតយោធាអាមេរិក និងមួយប្រភេទទៀតដែលជាសញ្ញាបត្រក្លែងក្លាយ ឬសញ្ញាបត្រការទូតសម្រាប់ផ្តល់ដល់និស្សិតនាយទាហានបរទេស ហើយការអប់រំបណ្ដុះបណ្ដាលនិស្សិតយោធាបរទេសនិងនិស្សិតយោធាអាមេរិកមានស្តង់ដារខុសគ្នានៅ West Point នោះ៖ ខ្ញុំសូមឲ្យលោក សម រង្ស៊ី លាឈប់ពីនយោបាយជារៀងរហូត។
ក្នុងនាមជាក្មេងជំនាន់ក្រោយម្នាក់ ខ្ញុំគិតថា លោក សម រង្ស៊ី ដែលបានតាំងខ្លួនជាអ្នកនយោបាយជើងចាស់ និងជាអ្នកចេះដឹងខ្ពស់មានសញ្ញាបត្រពីប្រទេសបារាំង ប្រាកដមិនខ្លាចនឹងការភ្នាល់គ្នាទេដើម្បីការពារនូវអ្វីដែលគាត់ហ៊ាននិយាយជាសាធារណៈព្រោះលោក សម រង្ស៊ី ពិតជាចង់រក្សាតម្លៃរបស់គាត់ដើម្បីជាគំរូដល់អ្នកអ្នកគាំទ្រគាត់ ជាពិសេសយុវជនជំនាន់ក្រោយ។ ប៉ុ ន្តែបើសិនជាលោក សម រង្ស៊ី មិនហ៊ានភ្នាល់ ឬមិនអាចបង្ហាញនូវភស្តុតាងដើម្បីការពារនូវអ្វីដែលគាត់បាននិយាយនោះទេ គាត់នឹងបង្ហាញថា គាត់ជាអ្នកនយោបាយម្នាក់ដែលចាស់តែអាយុចំណេះដឹងខ្ពស់តែនៅលើក្រដាសសញ្ញាបត្រ និងគ្មានការទទួលខុសត្រូវ និងគ្មានភាពជាគំរូដល់យុវជនជំនាន់ក្រោយឡើយ។
ខ្ញុំហ៊ាននិយាយ ខ្ញុំហ៊ានធ្វើ និងហ៊ានទទួលខុសត្រូជាមួយនឹងសម្តីរបស់ខ្ញុំដែលបាននិយាយខាងលើតើលោក សម រង្ស៊ី ហ៊ានទេ? តើគាត់ហ៊ានការពារនូវអ្វីបានគាត់បាននិយាយជាសាធារណៈនោះទេ? ផ្ញើជូនលោក សមរង្ស៊ី ពីសំណាក់ក្មេងជំនាន់ក្រោយម្នាក់…ហើយក្មេងម្នាក់នេះ កំពុងរង់ចាំការឆ្លើយតបជាវិជ្ជមានពីសំណាក់អ្នកចាស់ទុំម្នាក់នោះ៕




ពិធីសម្ពោធអគារប្រជុំអប់រំចិត្តសាស្ត្រនៅបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១

នាព្រឹកថ្ងៃសុក្រទី២៧ ខែកញ្ញា ឆ្នាំ២០១៩ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួងស្រេង ក្រុមប្រឹក្សារាជធានីភ្នំពេញ មន្ទីរអង្គភាពជំនាញ រដ្ឋបាលខណ្ឌទាំង១៤ បានអញ្ជើញចូលរួមពិធីសម្ពោធអគារប្រជុំអប់រំចិត្តសាស្ត្រ នៅបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ស្ថិតនៅក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង (អូរពងមាន់) ខេត្តស្ទឹងត្រែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន និងបានសំណេះសំណាលសួរសុខទុក្ខ អ្នកជម្ងឺសំរាកព្យាបាលនៅគិលានដ្ឋានកងពលតូចអន្តរាគមន៍លេខ១២៨ ព្រមទាំងនាំយកអំណោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែនផងដែរ៕







ពលរដ្ឋទីទាល់ក្រ ចំនួន ៩៩គ្រួសារ ទទួលអំណោយមនុស្សធម៌ពីអាជ្ញាខេត្តប៉ៃលិន និងសប្បុរសជន

ប៉ៃលិន៖ ក្នុងឱកាសបណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ លោក ផាន់ ចាន់ធុល អភិ បាលខេត្តប៉ៃលិន ឧកញ៉ា ហេង ហាក់ម៉ុង និង ឧកញ៉ា ឆាង ស៊ីវណ្ណ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសប្បុរសជន បានអញ្ជើញសួរសុខទុក្ខ និងចែកអំណោយ ដល់ប្រជាពលរដ្ឋទីទាល់ក្រ ចំនួន ៩៩គ្រួសារ នៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដោយជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាប្រចាំ និងនាំយកអំណោយជួយឧបត្ថម្ភ ដល់ប្រជាពលរដ្ឋណា ដែលក្រីក្រ មានជីវភាពខ្វះខាត ជាបន្តបន្ទាប់ និងមិនត្រូវបណ្តោយអោយពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយដែលយើងមិនបានដឹងនិងមិនបានដោះស្រាយនោះឡើយ។
លោកអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា ជាក់ស្តែងនៅពេលនេះ អាជ្ញាធរខេត្ត បានសហការជាមួយសប្បុរសជន នាំយកអំណោយមកចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ហើយបើទោះបីជាអំណោយទាំងនេះ វាមិនអាចដោះស្រាយក្នុងជីវភាពបានយូរក្តី តែក៏អាចជួយដោះស្រាយបានមួយរយៈដែរដើម្បីផ្តល់ឱកាសបងប្អូន មានពេលវេលា បង្ករបង្កើនផល និងប្រកបមុខរបរចិញ្ចឹមជីវិតបន្តទៀត។ លោក ក៏បានផ្តាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយរដូវនេះមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ ផ្គររន្ទះ និងជំនន់ទឹកភ្លៀង ដែលងាយបង្កគ្រោះថ្នាក់ ហើយបើបងប្អូនមានកើតបញ្ហាអ្វីកើតឡើងក្នុងគ្រួសារ ត្រូវរាយការណ៍ ទៅ មេឃុំ/ចៅសង្កាត់ ដែលនៅជិតកៀកជាមួយបងប្អូនផ្ទាល់ ដើម្បីអោយក្រុមការងារចុះជួយដល់បងប្អូនបានឆាប់ រហ័ស និងទាន់ពេលវេលា ព្រមជាមួយនេះអាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវចូលរួមសហការ និងជួយសង្រ្គោះ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានគ្រប់ស្ថានភាពគ្រប់ហេតុការណ៍ ដោយយើងនៅជាមួយប្រជាជន រួមរស់ជាមួយ ប្រជាជន គ្រប់កាលៈទេសៈ។
សូមបញ្ជាក់ថា អំណោយដែលចែកជូនបងប្អួនប្រជាពលរដ្ឋទីទាល់ក្រ ទាំង ៩៩គ្រួសារ នាឱកាសនោះ ដោយក្នុងមួយ គ្រួសារៗ ទទួលបាន៖ អង្ករ ៥០គឺឡូក្រាម មី ១កេះ សារ៉ុង ១ និងថវិកាចំនួន ២ម៉ឺនរៀលផងដែរ៕