Monday, September 30, 2019

ពលរដ្ឋទីទាល់ក្រ ចំនួន ៩៩គ្រួសារ ទទួលអំណោយមនុស្សធម៌ពីអាជ្ញាខេត្តប៉ៃលិន និងសប្បុរសជន

ប៉ៃលិន៖ ក្នុងឱកាសបណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ លោក ផាន់ ចាន់ធុល អភិ បាលខេត្តប៉ៃលិន ឧកញ៉ា ហេង ហាក់ម៉ុង និង ឧកញ៉ា ឆាង ស៊ីវណ្ណ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសប្បុរសជន បានអញ្ជើញសួរសុខទុក្ខ និងចែកអំណោយ ដល់ប្រជាពលរដ្ឋទីទាល់ក្រ ចំនួន ៩៩គ្រួសារ នៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដោយជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាប្រចាំ និងនាំយកអំណោយជួយឧបត្ថម្ភ ដល់ប្រជាពលរដ្ឋណា ដែលក្រីក្រ មានជីវភាពខ្វះខាត ជាបន្តបន្ទាប់ និងមិនត្រូវបណ្តោយអោយពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយដែលយើងមិនបានដឹងនិងមិនបានដោះស្រាយនោះឡើយ។
លោកអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា ជាក់ស្តែងនៅពេលនេះ អាជ្ញាធរខេត្ត បានសហការជាមួយសប្បុរសជន នាំយកអំណោយមកចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ហើយបើទោះបីជាអំណោយទាំងនេះ វាមិនអាចដោះស្រាយក្នុងជីវភាពបានយូរក្តី តែក៏អាចជួយដោះស្រាយបានមួយរយៈដែរដើម្បីផ្តល់ឱកាសបងប្អូន មានពេលវេលា បង្ករបង្កើនផល និងប្រកបមុខរបរចិញ្ចឹមជីវិតបន្តទៀត។ លោក ក៏បានផ្តាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយរដូវនេះមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ ផ្គររន្ទះ និងជំនន់ទឹកភ្លៀង ដែលងាយបង្កគ្រោះថ្នាក់ ហើយបើបងប្អូនមានកើតបញ្ហាអ្វីកើតឡើងក្នុងគ្រួសារ ត្រូវរាយការណ៍ ទៅ មេឃុំ/ចៅសង្កាត់ ដែលនៅជិតកៀកជាមួយបងប្អូនផ្ទាល់ ដើម្បីអោយក្រុមការងារចុះជួយដល់បងប្អូនបានឆាប់ រហ័ស និងទាន់ពេលវេលា ព្រមជាមួយនេះអាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវចូលរួមសហការ និងជួយសង្រ្គោះ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានគ្រប់ស្ថានភាពគ្រប់ហេតុការណ៍ ដោយយើងនៅជាមួយប្រជាជន រួមរស់ជាមួយ ប្រជាជន គ្រប់កាលៈទេសៈ។
សូមបញ្ជាក់ថា អំណោយដែលចែកជូនបងប្អួនប្រជាពលរដ្ឋទីទាល់ក្រ ទាំង ៩៩គ្រួសារ នាឱកាសនោះ ដោយក្នុងមួយ គ្រួសារៗ ទទួលបាន៖ អង្ករ ៥០គឺឡូក្រាម មី ១កេះ សារ៉ុង ១ និងថវិកាចំនួន ២ម៉ឺនរៀលផងដែរ៕




No comments:

Post a Comment