Tuesday, January 29, 2019

វគ្គបណ្តុះបណ្តាលសី្តពី «តួនាទី និងភារកិច្ចរបស់គណៈកម្មការរដ្ឋបាលក្នុងការចុះបញ្ជីដីធី្លមានលក្ខណៈជាប្រព័ន្ធ»

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅសាលប្រជុំមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «តួនាទី និងភារកិច្ចរបស់គណៈកម្មការរដ្ឋបាលក្នុងការចុះបញ្ជីដីធី្លមានលក្ខណៈជាប្រព័ន្ធ» សម្រាប់ ឃុំតាំងក្រសាំង ស្រុកទឹកផុស ក្រោមអធិបតីភាពលោក អៀង វុធ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការរដ្ឋបាល។
វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីលោក លី សុភា ប្រធានមន្ទីរ និងជានាយកចាត់ការកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តកំពង់ឆ្នាំង លោក រ៉ែម ដេត អភិបាលស្រុកទឹកផុស លោកអនុប្រធានមន្ទីរ លោកប្រធានការិយាល័យសុរិយោដី និងភូមិសាស្ត្រ លោកប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកទឹកផុស ប្រធាន អនុប្រធាន និងមន្ត្រីចុះបញ្ជីដីធ្លី (ក្រុម១) លោកមេឃុំ លោកមេភូមិ ចាស់ព្រឹទ្ធាចារ្យ ដែលជាសមាជិកគណៈកម្មការរដ្ឋបាល សរុបចំនួន ៥១ នាក់ ស្រី ១០ នាក់៕




អភិបាលខេត្តត្បូងឃ្មុំ ក្រើនរំលឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវសិក្សាដោះស្រាយរាល់គ្រប់បញ្ហាជូនប្រជាពលរដ្ឋ

ត្បូងឃ្មុំ៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានណែនាំអោយ លោកអភិបាលស្រុកមេមត់ សហការជាមួយមន្ទីរជំនាញ ត្រូវក្តាប់អោយបាននូវរាល់បញ្ហានានា ក្នុងមូលដ្ឋានរបស់ខ្លួនមានដូចជាបញ្ហាទំនាស់ដីធ្លី បញ្ហាផ្លូវ បញ្ហាតម្លៃកសិផល បញ្ហាទំនិញចេញចូលទៅប្រទេសជិតខាង បញ្ហាសន្តិសុខតាមបន្ទាត់ព្រំដែន និងបញ្ហាអនាម័យបរិស្ថានជាដើម ដើម្បីត្រួតពិនិត្យ ពិភាក្សា និងជួយសម្រួល ក្នុងការដោះស្រាយភ្លាមៗ ពិសេសបញ្ហាសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយភូមិឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញ។
ការក្រើនរំលឹកខាងលើនេះ បានធ្វើឡើង នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នៅសាលាស្រុកមេមត់ ក្នុងឱកាសកម្មវិធី លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ជួបសំណេះ សំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ ក្រុមប្រឹក្សាឃុំមេភូមិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ចំណុះអោយរដ្ឋបាលស្រុកមេមត់ សរុបចំនួនជាង ៣០០នាក់ ដើម្បីស្តាប់បញ្ហាប្រឈម សំណូមពរ និងដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋតាមមូលដ្ឋាន។
ក្នុងឱកាសនោះ អាជ្ញាធរឃុំមួយចំនួនក្នុងស្រុកមេមត់ បានលើកឡើងនូវបញ្ហាប្រឈម សំណូមពរមួយចំនួនដល់អាជ្ញាធរខេត្ត ពិនិត្យលទ្ធភាពជួយ ពិសេសការជួសជុលផ្លូវ ក្នុងមូលដ្ឋានរបស់ពួកគាត់ ដែលកំពុងរងការខូចខាតពិបាកធ្វើដំណើរ ប្រកបរបររកស៊ីចិញ្ចឹមជីវិត និងពេលមានប្រជាពលរដ្ឋណា ម្នាក់ឈឺស្កាត់ត្រូវយកមកព្យាបាលនៅស្រុក ឬខេត្តម្តងៗ។ ចំពោះបញ្ហាផ្លូវនេះ ត្រូវបានមន្ទីរជំនាញឡើងឆ្លើយតបវិញភ្លាមៗផងដែរ។
ជាការឆ្លើយតបលោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា គ្រប់មន្ទីរជំនាញត្រូវចុះសិក្សា ពិនិត្យរាល់បញ្ហា និងតម្រូវ ការរបស់ប្រជាពលរដ្ឋ ពិសេសមន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរសាធារណៈការ និងដឹកជញ្ជូន មន្ទីរអប់រំយុវជន និងកីឡា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាដើម ដោយសហការជាមួយអាជ្ញាធរស្រុក ខណៈបញ្ហា ណាដោះស្រាយបាន គឺត្រូវដោះស្រាយជូនភ្លាម ហើយបញ្ហាណា ដែលលើសសមត្ថកិច្ចត្រូវធ្វើរបាយការណ៍មកខេត្ត ដើម្បីពិនិត្យលទ្ធភាពដោះស្រាយជាបន្ត។
លោក គូសបញ្ជាក់ថា រាល់សំនូមពររបស់លោកមេឃុំ ទាំង១៤ និងការលើកឡើងមេភូមិមួយចំនួនក្នុងចំណោមមេភូមិទាំង១៨០ ត្រូវបានដោះស្រាយតាមអទិភាព។
ជាមួយគ្នានោះ លោកក៏បានសំណូមពរឲ្យ ប្រជាពលរដ្ឋត្រូវ ផ្តល់ព័ត៌មានដល់អាជ្ញាធររាល់បញ្ហាទាំងអស់ ក្នុងនោះចំពោះការដាំដុះដំណាំកសិកម្ម ត្រូវរៀបចំចងក្រងជាសហគមន៍ ដើម្បីបង្កភាពងាយស្រួលទាំងការថែទាំ និងទីផ្សារសម្រាប់លក់កសិផល។
ដោយឡែក លោកមេភូមិ និងមេឃុំ ត្រូវក្តាប់អោយជាប់នូវរាល់បញ្ហា និងសំណូមពរ ពិសេសពលរដ្ឋណាដែលមានជីវភាពខ្វះខាត ទីទាល់ក្រពិតប្រាកដ ហើយរាយការណ៍មកថ្នាក់ស្រុក និងបន្តមកថ្នាក់ខេត្ត ដើម្បីដោះស្រាយជូនភ្លាមៗ ។
ជាចុងក្រោយ ចំនុចដែលសំខាន់បំផុតនោះ គឺត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីបន្តការអភិវឌ្ឍន៍ប្រទេសជាតិយើងឲ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យថែមទៀត ។
បើតាមលោក ចេង ប៊ុនណារ៉ា អភិបាលស្រុកមេមត់ បានឲ្យដឹងថា អាជ្ញាធរបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការលើកស្ទួយជីវភាព របស់នៅរបស់ប្រជាពលរដ្ឋ ក្នុងនោះបានកសាងហេដ្ឋារចនាសម្ព័ន្ធមានដូចជា ផ្លូវថ្នល់ តបណ្តាញអគ្គិសនី សាលារៀន មណ្ឌលសុខភាព ស្រះទឹក ប្រព័ន្ធប្រឡាយជាដើម តែយ៉ាងណានៅមិនទាន់បំពេញគ្រប់តម្រូវការរបស់ប្រជាពលរដ្ឋ បានមួយរយភាគរយនោះទេ ដោយយើងត្រូវបន្តធ្វើជាជំហានៗ៕



(សូមទស្សនាវីដេអូ)៖ ទាល់តែយូរហ៎ស បាន សម រង្ស៊ី ហ៊ានចូលស្រុកខ្មែរវិញ

គ.ជ.ប ទទួលអនុសាសន៍ពីស្ថាប័នចំនួន៨ ពាក់ព័ន្ធសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣

បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជូនសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុងក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ (ប.ន.ក) អាណត្តិទី៣ ទៅកាន់ភាគីពាក់ព័ន្ធ ចំនួន៣៣ស្ថាប័នដើម្បីពិនិត្យ និងផ្តល់យោបល់រួចមក គ.ជ.ប បានទទួលអនុសាសន៍ ត្រលប់មកវិញពីស្ថាប័នចំនួន៨។
បើតាមសេចក្ដីប្រកាសព័ត៌មានដែលទទួលបាននៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ គ.ជ.ប បញ្ជាក់ថា ស្ថាប័នទាំង៨នោះ រួមមាន៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា, ក្រសួងមហាផ្ទៃ, ក្រសួងព័ត៌មាន, គណបក្សប្រជាជនកម្ពុជា, គណបក្សយុវជនកម្ពុជា, គណបក្សមាតុភូមិយើង, សហគមន៍គ្រួសារអភិវឌ្ឍន៍កសិកម្ម និងសមាគមជ័យលាភីបញ្ញាជនកម្ពុជា។
គ.ជ.ប បន្ថែមថា រាល់អនុសាសន៍ទាំងអស់របស់ស្ថាប័នទាំងនេះ នឹងបង្ហោះនៅលើគេហទំព័រ គ.ជ.ប www.necelect.org.kh បន្ទាប់ពីអគ្គលេខាធិការដ្ឋាន បានរៀបចំដាក់តាមជំពូកនីមួយៗ រួចរាល់ ដើម្បីយកទៅពិភាក្សាក្នុងកិច្ចប្រជុំ គ.ជ.ប នៅពេលខាងមុខ មុននឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាជាតិរៀបចំ ការបោះឆ្នោត៖

អភិបាលរងខេត្តកំពង់ឆ្នាំង ជំរុញអោយម្ចាស់ភោជនីយដ្ឋានក្នុងខេត្តបង្កើន ការយកចិត្តទុកដាក់អនាម័យសុវត្ថិភាពចំណីអាហារ

កំពង់ឆ្នាំង៖ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានជំរុញ ម្ចាស់អាហារដ្ឋានភោជនីយ៍ដ្ឋាន​ដែលអ្នកប្រកបរបលក់ម្ហូបអាហារត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះការងារអនាម័យសុវត្ថិភាពចំណីអាហាររបស់ខ្លួន ដើម្បីត្រៀមបម្រើសេវាជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលនឹងមក លេងនៅខេត្តកំពង់ឆ្នាំង នាឱកាសបុណ្យទន្លេនាពេលដ៍ខ្លីខាងមុខនេះ ។
លោកបានជំរុញបែបនេះក្នុងឱកាសដែល លោកបានអញ្ជើញជួបជាមួយ គ្រូពេទ្យ និងម្ចាស់អាហារដ្ឋាន ភោជនីយដ្ឋានចំនួន១០០នាក់ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ។
លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍បន្តថា ក្នុងអំឡុងខែមិនា ឆ្នាំ២០១៩ខាងមុខ ខេត្តកំពង់ឆ្នាំង នឹងធ្វើជាម្ចាស់ផ្ទះបុណ្យទន្លេ លើកទី៥ ហើយនិងមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើនមកលេងកំសាន្ត តម្រូវការច្រើន ពិសេសការបរិភោគ ម្ហូបអាហារ នៅតាមអាហារដ្ឋាន ភោជនីយដ្ឋាន នានាក្នុងខេត្ត ដូចនេះដើម្បី ធានាបាននូវការទាក់ទាញម្ចាស់ ហាងទាំងអស់ត្រូវតែ បង្កើនគុណភាព អនាម័យ បរិស្ថានរបស់ហាង ធ្វើយ៉ាងណាអោយមានទំនុកចិត្ត ១០០ភាគរយពីអតិថិជន ។
លោក អម សុភា បានមានប្រសាសន៍បន្តទៀតថា ម្ចាស់អាហារដ្ឋាន និងភោជនីយដ្ឋានទាំងអស់ ត្រូវធ្វើអោយបាននូវ អនាម័យចំណីអាហារ និងគោលការណ៍អនុវត្ដន៍ល្អ ឲ្យបានគ្រប់ៗគ្នា ដើម្បីបន្ដពង្រឹងសមត្ថភាព លើគុណភាព អនាម័យ និងបំពេញកាតព្វកិច្ចជាអាជីវករមួយដ៏ត្រឹមត្រូវ ដើម្បីក្លាយជាភោជនីយដ្ឋានស្ដង់ដារមួយ ដែលផ្ដល់ទំនុកចិត្ដ និងទទួលបានកិត្ដិយស ពីអតិថិជនជាភ្ញៀវជាតិ និងអន្ដរជាតិ ។
លោក ម៉ម ម៉ាល័យ អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដើម្បីបញ្ចៀសគ្រោះថ្នាក់​ព្រោះតែការ​បរិភោគចំណីអាហារខ្វះអនាម័យ មន្រ្តីនៃមន្ទីរសុខភិបាលបានចុះធ្វើការណែនាំ ផ្សព្វផ្សាយនូវ ចំណុចមួយចំនួន ដើម្បីបង្ការបញ្ហានេះ ។
ចំណុចទាំងអស់នោះរួមមាន ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារដែល ស្អាតជានិច្ច បន្ថែមពីនេះ ចុងភៅត្រូវ​លាង​បន្លែ ផ្លែឈើឲ្យបានស្អាតមុន ពេលដាក់ឲ្យបរិភោគ ។ ត្រូវសម្អាតសម្ភារប្រើប្រាស់សម្រាប់ចម្អិនម្ហូប អាហារឲ្យបានត្រឹមត្រូវ ចម្អិនអាហារឲ្យបានឆ្អិនល្អ ជាពិសេសសាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ លើសពីនេះ ត្រូវទុកអាហារឆ្អិន និងអហារឆៅដាច់ដោយឡែកពីគ្នា។


អាជ្ញាធរជាតិអប្សរាកំពុងមមាញឹកក្នុងការជួសជុលផ្លូវសំខាន់ៗក្នុងតំបន់រមណីយដ្ឋានអង្គរ

តាមប្រសាសន៍របស់លោកស្រី​ ភឿង សកុណា រដ្ឋមន្រ្តី​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា ក្នុង​ឆ្នាំ​២០១៩​នេះ អាជ្ញា​ធរ​ជាតិ​អប្សរា​កំពុង​តែ​មមា​ញឹក​ក្នុង​ការ​ជួស​ជុល និង​កែលម្អ​ផ្លូវ​សំខាន់​ៗ​មួយ​ចំនួន​ក្នុង​តំបន់​អង្គរ​ ឱ្យ​​មាន​ភាព​ល្អ​ប្រសើរ ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ និង​បម្រើ​ផល​ប្រយោជន៍​ទូ​ទៅ​ផ្សេង​ទៀត ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ក្នុង​ខេត្ត​សៀមរាប។
ជាក់ស្តែង កំណាត់ផ្លូវ​កូម៉ៃ ចាប់​ពីចំណុច​ផ្លូវកែង​សួន​គ្រឿងទេស​របស់អាជ្ញាធរ​ជាតិអប្សរា ឆ្ពោះ​ទៅប្រាសាទអង្គរ ត្រូវបានជួសជុល និងកែលម្អឡើងវិញ ហើយ​ដោយ​អ៊ុតកៅស៊ូ​បេទីម ដែល​មានគុណ​ភាពខ្ពស់ និងប្រើប្រាស់​ជាប់បានយូរ។ រហូតមកដល់ថ្ងៃ​២៩ ខែ​មករា ឆ្នាំ​២០១៩​នេះ​ ការដ្ឋាន​ជួសជុលបាន​សម្រេច​ ១០០%​ ហើយ លើ​ប្រវែង ១២០០​ម៉ែត្រ។
រីឯកំណាត់​ផ្លូវមិត្តភាពកម្ពុជា-កូរ៉េ ពី​ចំណុចស្វាយ​ធំឆ្ពោះទៅភូមិ​ព្រះ​ដាក់ ដែល​រង​ការ​ខូច​ខាត​ខ្លាំង និង​បាន​ជួស​ជុល​ផ្នែក​ខ្លះ ក៏​កំពុង​ទទួល​បាន​ការ​ជួស​ជុល និង​កែ​លម្អ​បន្ថែម​ទៀត​រហូត​ដល់​ត្រង់​ចំណុច​រង្វង់​មូល​ដំរី​ ស្ថិត​ក្នុង​ភូមិ​តាកុះ ឃុំព្រះដាក់ ស្រុក​បន្ទាយស្រី ហើយ​ការ​ជួស​ជុល​នេះ​នឹង​បញ្ចប់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។
ដោយឡែក កាលពីចុងឆ្នាំ២០១៨ អាជ្ញា​ធរ​ជាតិ​អប្សរា ​បាន​ជួស​ជុល​រួច​រាល់​ផ្លូវ​សម្តេច​វិបុល​បញ្ញា​ សុខ អាន ដោយ​​បាន​​ពង្រីក​ទទឹង​ផ្លូវ​រហូត​ដល់ ១០ម៉ែត្រ ចាប់ពីចំណុចស្ពាន​នាគ​រហូត​ដល់​រង្វង់​មូល​អប្សរា​។
នេះជាសមិទ្ធិផល​ថ្មី​បន្ថែមទៀត ដែលអាជ្ញាធរជាតិអប្សរា បាន​និង​កំពុង​រំលេច​ឡើង​ដើម្បី​បម្រើ​ផល​ប្រយោជន៍​សាធារណ​ជន ក៏​ដូច​ជា​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត​ក្នុង​រមណីយ​ដ្ឋាន​អង្គរ​ផង​ដែរ៕







មន្ទីររៀបចំដែនដីខេត្តក្រចេះ​ រៀបចំសន្និបាត​បូកសរុបលទ្ធផល​ ការងារឆ្នាំ២០១៨​ និងទិសដៅ​អនុវត្តបន្ត​

ក្រចេះ ៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ បានរៀបចំសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក ប៉ែន លីណាត អភិបាលរងខេត្ត តំណាងលោក វ៉ា ថន អភិបាលខេត្ត និងលោក អឹម ចំរ៉ុង អនុរដ្ឋលេខាធិការ តំណាងលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងមានការចូលរួមពីមន្ទីរ អង្គភាព ក្រុង ស្រុក ឃុំសង្កាត់ គរុសិស្ស និងមន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ប្រហែលជា២៥០នាក់។
ក្នុងឱកាសនោះ លោក កៅ ម៉ាឌីឡែន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឡើងរាយការណ៍ពីការងារមន្ទីរសម្រេច បាននូវសមិទ្ធផលធំៗជាអាទិ៍រួមមាន៖ ១.ការងាររៀបចំដែនដី និងនគរូបនីយកម្ម ២.ការងារគ្រប់គ្រងសំណង់ ៣.ការងារសុរិយោដី
ក្នុងគោលបំណងគ្រប់គ្រង និងប្រើប្រាស់ដីធ្លីឲ្យបានត្រឹមត្រូវ និងផ្តល់ប្រយោជន៍ជាអតិបរិមាដល់សង្គមជាតិ ហើយស្របតាមគោល ការណ៍ច្បាប់ កន្លងមកបានរៀបចំយុទ្ធសាស្រ្តគ្រប់គ្រងដីធ្លីដោយផ្តោត សំខាន់លើវិធានការពង្រឹងប្រព័ន្ធគ្រប់គ្រងការលុបបំបាត់ភាព អនាធិបតេយ្យក្នុងការកាន់កាប់ដីរបស់រដ្ឋ។
នៅក្នុងពិធីសន្និបាតនេះដែរ លោក ប៉ែន លីណាត អភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណចំពោះមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានរាយការណ៍អំពីសមិទ្ធផលសម្រេចបាន និងបញ្ហាប្រឈមរបស់មន្ទីរ ហើយក៏សូមថ្លែងអំណរគុណចំពោះលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងថា្នក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់ក្រសួង ដែលតែងតែយកចិត្តទុកដាក់ និងជួយជម្រុញការដោះស្រាយទំនាស់ និងការបញ្ជូនគ្រូឧទ្ទេសដើម្បីបណ្តុះបណ្តាលដល់មន្ត្រីរបស់យើងដើម្បីបង្កើនសមត្ថភាព និងពង្រឹងប្រសិទ្ធភាពការងារបន្ថែមទៀត។
ឆ្លៀតក្នុងឱកាសនោះ លោក អឹម ចំរ៉ុង អនុរដ្ឋលេខាធិការ តំណាងលោក ជា សុផារ៉ា បានផ្ដល់អនុសាសន៍ និងមតិផ្ដាំផ្ញើមួយចំនួន និងជាទិសដៅសម្រាប់ការងារឆ្នាំ២០១៩ ដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះរួមមាន៖
១.ការងារសុរិយោដី៖ សុំពន្លឿនការងារចុះបញ្ជីដីធ្លី ចុះបញ្ជីដីរដ្ឋ ដីសមូហភាពរបស់បងប្អូនជនជាតិដើមភាគតិច ដោយធ្វើការសម្របសម្រួលជាមួយអាជ្ញាធរភូមិឃុំស្រុកនៃតំបន់វិនិច្ឆ័យ ដើម្បីជៀសវាងការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ព្រមទាំងខិតខំដោះស្រាយវិវាទជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។
២.ការងារលំនៅដ្ឋាន៖ អភិបាលរងខេត្ត សុំបន្តតាមដាន ត្រួតពិនិត្យ និងធ្វើស្ថិតិប្រជាពលរដ្ឋដែលបានមករស់នៅ ធ្វើការកាន់កាប់ដីសម្បទានសង្គមកិច្ចស្ថិតនៅក្នុងស្រុកកូនមុំ ព្រមទាំងបន្តការសិក្សាស្រាវជ្រាវប្រជាពលរដ្ឋដែលខ្វះដី គ្មានដី និងមានតម្រូវការដីពិតប្រាកដដើម្បីសាងសង់លំនៅឋាន និងធ្វើកសិកម្មជាលក្ខណៈគ្រួសារ។
៣.ការងាររៀបចំដែនដី នគរូបនីយកម្ម និងសំណង់៖ ស្នើសុំឲ្យមន្ទីរបន្តខិតខំយកចិត្តទុកដាក់លើការងារត្រួតពិនិត្យសំណង់ និងលក្ខណៈបច្ចេកទេសសំណង់ ព្រមទាំងសោភណ្ឌភាព សណ្តាប់ធ្នាប់នៃសំណង់ និងបន្តត្រួតពិនិត្យសំណង់ខុសច្បាប់ ដោយផ្សារភ្ជាប់ជាមួយការងារផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តជាធរមាន៕



កម្ពុជា នឹងយកឱកាសបង្ហាញពីវប្បធម៌ដ៏ប្រពៃវិសេសរបស់ខ្មែរ ទៅកាន់ ពិភពលោក តាមរយៈការសម្តែងសិល្បមាន៥ទម្រង់ នៅក្នុងក្បួន ដង្ហែឈីងហ្គេ

លំនៅដ្ឋាន និងសំណង់ស្រាលតូចតាចរបស់​ប្រជាពលរដ្ឋរស់នៅ​ ក្នុងតំបន់​រមណីយដ្ឋានអង្គរ​ ត្រូវកែលម្អ​ និងជួសជុលទ្បើងវិញ​

យោងតាមរបាយការណ៍នៅក្នុងឆ្នាំ២០១៨ ក្រុមការងារលេខាធិការដ្ឋាន សហគមន៍ទាំង៥ក្រុម នៃអាជ្ញាធរជាតិអប្សរា បានបន្តការងារចុះពិនិត្យ អនុញ្ញាតឱ្យមានការជួសជុលកែលម្អលំនៅដ្ឋាន និងសាងសង់សំណង់ ស្រាលតូចតាចបានចំនួន២១៥៩គ្រួសារ ក្នុងតំបន់រមណីយដ្ឋាន បេតិកភណ្ឌពិភពលោកអង្គរ។
ប្រភេទនៃការជួសជុលកែលម្អលំនៅដ្ឋាន និងសាង់សង់សំណង់ស្រាល តូចតាចដែលទទួលបានការអនុញ្ញាតរួមមាន៖ ជួសជុលឬប្តូរដំបូល ជួសជុលជញ្ជាំង ប្តូរសសរ ប្តូរជណ្តើរ តសំយ៉ាប កឥដ្ឋក្រោមផ្ទះ សាងសង់បង្គន់អនាម័យ ទ្រុងមាន់ ចាក់ដី ក្រោលគោ ទ្រុងជ្រូក ។ល។ និងតម្រូវការផ្សេងៗទៀតដែលចាំបាច់ក្នុងការរស់នៅប្រចាំថ្ងៃ។
ក្នុងចំណោមអ្នកស្រុក២១៥៩គ្រួសារ ដែលទទួលបានការអនុញ្ញាតមាន ស្រុកប្រាសាទបាគង ទទួលបានការអនុញ្ញាតចំនួន៣៧៧គ្រួសារ ស្រុកអង្គរធំ ទទួលបានការអនុញ្ញាតចំនួន២៨៨គ្រួសារ ស្រុកពួក ទទួលបានការអនុញ្ញាតចំនួន៤២៧ករណី ក្រុងសៀមរាប ទទួលបានកាតអនុញ្ញាតចំនួន៩០៦គ្រួសារ និងស្រុកបន្ទាយស្រី ទទួលបានការអនុញ្ញាតបានចំនួន១៦១គ្រួសារ។
ការអនុញ្ញាតនេះ ធ្វើឡើងបន្ទាប់ពីក្រុមការងារសហគមន៍ បានចុះពិនិត្យទៅ ដល់ខ្នងផ្ទះជាក់ស្តែង និងឯកសារចាំបាច់ពាក់ព័ន្ធមួយចំនួនទៀត ដើម្បីជា មូលដ្ឋានបច្ចេកទេសក្នុងការវាយតម្លៃថា ពួកគាត់គឺជាប្រជាពលដ្ឋរស់នៅ ក្នុងតំបន់អង្គរពិតប្រាកដតាំងពីយូរយារ មានការបញ្ជាក់យ៉ាងច្បាស់លាស់ ពីអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ-សង្កាត់ និងមានតម្រូវការជាក់ស្តែងក្នុងការ កែលម្អការរស់នៅឱ្យបានល្អប្រសើរ។
គួរបញ្ជាក់ដែរថា អាជ្ញាធរជាតិអប្សរា បានបង្កើតក្រុមការងារសហគមន៍ នេះឡើង គឺដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់អង្គរ ដែលគ្របដណ្តប់លើផ្ទៃដី៤០១គីឡូម៉ែត្រការ៉េ ស្ថិតនៅក្នុងក្រុង/ស្រុកចំនួន៥ ឃុំចំនួន២១ និងភូមិចំនួន១១២ លើការជួសជុលផ្ទះចាស់ និងសាងសង់សំណង់ស្រាលតូចតាច ការដោះស្រាយបញ្ហាប្រឈមនានា ការជួយសង្គ្រោះពេលប្រជាជនមានទុក្ខលំបាក រួមទាំងផ្សព្វផ្សាយ ការយល់ដឹងអំពីបេតិកភណ្ឌ ដល់ប្រជាជនគ្រប់ៗគ្នា។
ពិសេសជាងនេះទៀតនោះ សកម្មភាពទាំងនេះគឺជាចូលរួមចំណែករបស់ អាជ្ញាធរជាតិអប្សរាក្នុងការបង្ខិតសេវាសាធារណៈរបស់រដ្ឋឲ្យចូលទៅជិតបងប្អូនប្រជាពលរដ្ឋ និងកាត់បន្ថយរាល់ការចំណាយទាំងពេលវេលា និងការធ្វើដំណើរទៅមកផងដែរ៕


ប្រជាពលរដ្ឋ​ក្រុងកំពង់ឆ្នាំង​ សាទរចំពោះសមិទ្ធផលថ្មី​ដែលសម្រេច​បានការ​ សាងសង់១០០%​

កំពង់ឆ្នាំង៖ លោក កែវ ពៅ ប្រធានមន្ទីសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បានឲ្យដឹងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នេះថា ការសាងសង់ផ្លូវលេខ២៩ ក្រាលកៅស៊ូAC ១ ខ្សែ ក្នុងភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ប្រវែង៣៥០ម៉ែត្រ ក្រាលកៅស៊ូ AC០,០៥ម៉ែត្រ,ទទឹង៨ម៉ែត្រ និង ក្រាលកៅស៊ូAC៦ម៉ែត្រ ដើម្បីអោយ ប្រជាពលរដ្ឋធ្វើដំណើរដោយសុវត្ថិភាព កែលំអរសោភ័ណភាព និងបញ្ជៀសបញ្ហាគ្រោះថ្នាក់ចរាចរណ៍។
ប្រធានមន្ទីសាធារណការបានឲ្យដឹងទៀតថា គំរោងនេះជាលើកទី៣ហើយ ដែលក្រសួងផ្តល់ថវិកាអោយខេត្តកំពង់ឆ្នាំង អនុវត្តគំរោងដោយមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ត្រូវបានការសហការ និងអបអរសាទរពីប្រជាពលរដ្ឋដោយអនុវត្តការសាងសង់ទៅបានដោយរលូនបើគិតមកត្រឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ គឺសម្រេចបានប្រមាណ
១០០ភាគរយហើយ។
ក្នុងឱកាសនោះដែរ តំណាងប្រជាពលរដ្ឋ ក៏បានថ្លែងអំណរគុណដល់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល លោក ឈួរ ច័នឌឿន និងលោក កែវ ពៅ ដែលបានគិតគូរនិងដោះស្រាយបញ្ហា ប្រឈម និងសំណូមពរចាំបាច់របស់ពួកគាត់បានទាន់ពេលវេលា ជាមួយសមិទ្ធផលថ្មីៗថែមទៀត៕



ស្រូវប្រាំងខ្វះទឹកប្រមាណ ៥៣១ ហិចតា ស្មើនឹង ៦៨៩គ្រួសារ ត្រូវបានអន្តរាគមន៍បូមទឹកសង្គ្រោះបន្ទាន់

ស្វាយរៀង៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ ២០១៩ មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានសហការជាមួយអាជ្ញាធរដែនដី ភូមិ ឃុំ បានចុះជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងខ្វះទឹកប្រមាណ ៥៣១ ហិចតា ស្មើនឹង ៦៨៩គ្រួសារ ដែលស្ថិតនៅក្នុងភូមិស្វាយយា ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ក្រុមការងារអន្តរាគមន៍នេះ គឺបានចាប់ផ្តើមតាំងពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកធុនមធ្យម ចំនួន ០១ គ្រឿង និងយកប្រភពទឹកពីអាងទឹកដូនសរ៕





ក្រសួង ស្ថាប័ននានា ចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងប្រឆាំងដាច់ខាតចំពោះការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី ឱ្យកងទ័ពងើបឈរប្រឆាំង រាជរដ្ឋាភិបាលស្របច្បាប់

បន្ទាប់ពីទណ្ឌិត សម រង្ស៊ី បានចេញមកញុះញង់ជាថ្មីដល់កងកម្លាំង ប្រដាប់អាវុធរបស់កម្ពុជា កុំឱ្យស្តាប់បង្គាប់រាជរដ្ឋាភិបាលដែលដឹកនាំដោយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងថែមទាំងបានអំពាវនាវឱ្យកងទ័ព ប្រឆាំងរាជរដ្ឋាភិបាលនោះ មានក្រសួង ស្ថាប័ន ថ្នាក់ជាតិ បញ្ជាការដ្ឋានកង ទ័ពទាំងបី (កងទ័ពជើងគោក ជើងទឹក ជើងអាកាស) បញ្ជាការដ្ឋានយោធ ភូមិភាគនានា និងថ្នាក់ក្រោមជាតិជាច្រើនបានចេញសេចក្តីថ្លែងការណ៍ និងញត្តិប្រឆាំងដាច់ខាតចំពោះការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី និងចាត់ទុកថា ជាអំពើល្មើសច្បាប់។
ក្រសួងការពារជាតិ បានប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាតចំពោះ ការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី មេចលនាសង្រ្គោះជាតិឱ្យកងទ័ព ងើបប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ និងបានអំពាវនាវដល់ជនរួមជាតិ ទាំងអស់ កុំជឿតាមការញុះញង់របស់ទណ្ឌិត សម រង្ស៊ី ហើយប្រកាសថា រាល់សកម្មភាពណាដែលគាំទ្រទៅនឹងការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី គឺជាអំពើខុសច្បាប់ ដែលកងទ័ពត្រូវបង្រ្កាបដាច់ខាត ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសន្តិភាពជូនជាតិមាតុភូមិ។
កងយោធពលខេមរភូមិន្ទ សូមអំពាវនាវដល់ជនរួមជាតិទាំងអស់ កុំជឿតាម ការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី។ យើងចាត់ទុកថា រាល់សកម្មភាពណា ដែលគាំទ្រទៅនឹងការអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី គឺជាអំពើខុសច្បាប់។ យើងទាំងអស់គ្នាប្តេជ្ញាចិត្តបង្រ្កាបដាច់ខាត ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ ធ្នាប់សង្គម និងសន្តិភាពជូនជាតិមាតុភូមិ។
នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជានាយទាហានជាន់ខ្ពស់មួយរូបរបស់កម្ពុជា និងបានចូលសមរភូមិ រាប់ភ្លេច នាពេលសម័យសង្គ្រាម បានបញ្ជាក់ច្បាស់ៗថា កងរាជអាវុធហត្ថ ដែលជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទមានតួនាទីភារកិច្ចដូចខាងក្រោម៖ ទី១- ការពារខឿនឯករាជ្យជាតិ និងបូរណភាពអធិបតេយ្យ ទី២- ការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ទី៣-ពង្រឹងការអនុវត្តន៍ច្បាប់ សុំថ្កោលទោសដាច់អហង្ការ ការអំពាវនាវរបស់ទណ្ឌិត សម រង្សី និងប្តេជ្ញាអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ដីកាតុលាការក្នុងការចាប់ខ្លួនទណ្ឌិត ដើម្បីពង្រឹងការអនុវត្តន៍ច្បាប់ និងកសាងព្រះរាជាណាចក្រកម្ពុជាជា ប្រទេសនីតិរដ្ឋ។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានបញ្ជាក់ខ្លាំងៗទៀតថា កម្លាំងអាវុធហត្ថទូទាំងប្រទេស សូមប្រកាស ការពារដាច់ខាតរាជរដ្ឋាភិបាល ដែលបង្កើតឡើងតាមរយៈការបោះឆ្នោត ដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជានាយឧត្តមសេនីយ៍ ផុតលេខផ្កាយមាស៥។
គួររំលឹកផងដែរថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ក្នុងឱកាសប្រារព្ធខួប ២០ឆ្នាំនៃការបង្កើតបញ្ជាការ ដ្ឋានកងទ័ពជើងគោកបានចេញបទបញ្ជាដើម្បីវាយកម្ទេចជនក្បត់ជាតិ ដែលប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌ បំផ្លិចបំផ្លាញសុខសន្តិភាព របស់ប្រជាជន កម្ពុជា។ លោកក៏បានបន្ថែមថា ចំពោះទណ្ឌិតដែលមានទោស មានសាល ដីកាស្ថាពរ មិនចាំបាច់រង់ចាំបទបញ្ជាឡើយត្រូវអនុវត្តភ្លាម៕






កិច្ចប្រជុំវគ្គផ្សព្វផ្សាយរបបសន្តិសុខសង្គមសម្រាប់ជាប្រយោជន៍ដល់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន

សៀមរាប៖ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅបន្ទប់ប្រជុំធំ សាលាខេត្ត មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ក្រោមអធិបតីភាពលោក ទៀ សីហា អភិបាលនៃគណៈ អភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និង តំណាង ប.ស.ស ថ្នាក់ជាតិ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរអង្គភាព ក្រុមប្រឹក្សា អភិបាល នាយករដ្ឋបាលក្រុង ស្រុក មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យារបស់រដ្ឋបាលខេត្ត និង បសស ថ្នាក់ខេត្តផងដែរ។
បសស ត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្កើតរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ដើម្បីលើកកម្ពស់សុខមាលភាពសង្គម។ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយនេះ គឺជាការយកចិត្តទុកដាក់ចំពោះមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជនទទួលបានអត្ថប្រយោជន៍ក្នុងហានិភ័យការងារ និងការថែទាំសុខភាព។ ក្រៅពីនេះ បសស ក៏បានផ្តល់អត្ថប្រយោជន៍នេះនៅក្នុងវិស័យ ឯកជនផងដែរ។
របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ សំដៅធានារ៉ាប់រងចំពោះគ្រោះថ្នាក់ការងារ (គ្រោះថ្នាក់ពេលធ្វើដំណើរ ឬធ្វើការ ឬកំពុងធ្វើការ) និងជម្ងឺវិជ្ជាជីវៈ (ជម្ងឺដែលកើត ដោយមូលហេតុពីការងារ ឬពាក់ព័ន្ធនឹងការងារ)។ ដោយឡែក របបសន្តិសុខ សង្គមផ្នែកថែទាំសុខភាព សំដៅដល់ការធានារ៉ាប់រង សុខភាពសង្គម ដែលត្រូវផ្តល់ ការគាំពារគ្រោះថ្នាក់ ឬជំងឺ ឬបញ្ហាសុខភាព ដែលមិនពាក់ព័ន្ធនឹងហានិភ័យការងារ។
លោកអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ប្រតិភូ រាជរដ្ឋាភិបាលទទួលបន្ទុក ប.ស.ស និងសហការី ដែលបានសហការរៀប ចំវគ្គផ្សព្វផ្សាយរបបសន្តិសុខសង្គមនេះឡើងសម្រាប់ជាប្រយោជន៍ដល់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជនផងដែរ៕




លោក ងិន ហ៊ុន ចុះសួរសុខទុក្ខប្រធានកសិកម្មស្រុករលាប្អៀរ ដែលកំពុងសំរាកព្យាបាលជម្ងឺ

កំពង់ឆ្នាំង៖ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ព្រមសហការី បានអញ្ជើញសាកសួរសុខទុក្ខកញ្ញា កើត សាវ៉ាង ប្រធានការិយាល័យកសិកម្ម ស្រុករលាប្អៀរ កំពុងសម្រាក ព្យាបាលជម្ងឺនៅផ្ទះស្ថិត ក្នុងភូមិថ្មី ឃុំជ្រៃបាក់ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះលោក ងិន ហ៊ុន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី លោករដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដែលកន្លងមកលោកតែងតែគិតគូរពីសុខទុក្ខមន្រ្តី ក្រោមឱវាទគ្រប់រូបមិនដែលបោះបង់ចោលម្តងណាឡើយ។
លោក ងិន ហ៊ុន ក៏បានផ្តាំផ្ញើដល់កញ្ញាកើត សាវ៉ាងខិតខំថែទាំសុខភាព សូមទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យ ដើម្បីបន្តការព្យាបាលជំងឺអោយឆាប់បានជា សះស្បើយឡើងវិញ។ លោក ងិន ហ៊ុនប្រធានមន្ទីរ និងសហការីក៏បាននាំយកថវិកា ២.៧៥០.០០០ រៀលជូន កញ្ញា កើត សាវ៉ាង សំរាប់ទិញថ្នាំព្យាបាលជំងឺផងដែរ ៕




លិខិតមិត្តអ្នកអាន៖ មនុស្សចង្រៃជាតិ

ខណៈរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរបាននិងកំពុងពួតដៃគ្នាក្នុង«ការធ្វើកំណែទម្រង់ផ្ទៃក្នុងដើម្បីឆ្លើយតបទៅនឹងគោលបំណងដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋខ្មែរ និងពង្រីកមិត្តភាពខាងក្រៅក្នុងស្មារតីឯករាជ្យ មិនចំណុះ និងមិនឱនក្បាលចំពោះបរទេសណាមួយ ហើយក៏មិនយកអធិបតេយ្យភាពជាតិទៅប្តូរនឹងជំនួយបរទេស ជនក្បត់ជាតិតពីកូនដល់ឪ សម រង្ស៊ី កំពុងបន្តផែនការបំផ្លាញកម្ពុជាទាំងការចំណាយលុយរាប់សែនដុល្លារជួលបរទេសបំផ្លាញសេដ្ឋកិច្ចកម្ពុជា និងទៅលុតជង្គង់អង្វរបរទេសដាក់សម្ពាធនយោបាយ និងសេដ្ឋកិច្ចប្រឆាំងនឹងកម្ពុជា។
សម រង្ស៊ី បានប្រកាសដោយមោទនភាពថា ការដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ពីកម្ពុជាដោយចាប់ផ្តើមពីការដាក់ពន្ធលើផលិតផលអង្កររបស់កម្ពុជាគឺជាវិធានការត្រឹមត្រូវនិងអាចទទួលយកបាន ហើយបានអំពាវនាវឱ្យសហភាពអឺរ៉ុបជាពិសេសអ្នកនយោបាយមួយចំនួនរបស់ស​ហភាពអឺរ៉ុបដែលមាននិន្នាការប្រឆាំងដូចខ្លួន និងពោរពេញដោយរបៀបវារៈនយោបាយទុច្ចរឹតនៅពីក្រោយខ្នង បន្តដកប្រព័ន្ធអនុគ្រោះពន្ធលើផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលរបស់កម្ពុជានាំចូលទៅសហភាពអឺរ៉ុបបន្ថែមទៀត។ នេះគឺជាចរិតក្បត់ជាតិ ក្បត់ប្រ​ជាជននិងបំផ្លាញសេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាពលរដ្ឋខ្មែររបស់ទណ្ឌិត សម រង្ស៊ី ដែលគេមើលឃើញថាសម រង្ស៊ី កំពុងរងគ្រោះដោយការប្រតិកម្មនយោបាយ ព្រោះតែក្តីអស់សង្ឃឹមនិងការឈានដល់ទីបញ្ចប់នៃជីវិតនយោបាយរបស់ខ្លូន។ ភាពអស់សង្ឃឹមដែលមិនអាចស្រោ​ចស្រង់កេរ្តិ៍ឈ្មោះខ្លួនពីជនក្បត់ជាតិបានមុននឹងស្លាប់ ហើយដោយសារតែជំងឺបាក់ទឹកចិត្តធ្ងន់​ធ្ងរព្រោះបរាជ័យចាស់វស្សាក្នុងការប្រកួតនយោបាយ ហើយមិនដែលឈ្នះលើយុទ្ធសាស្ត្រនិងវិធីសាស្ត្រ នយោបាយលើសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាឡើយ មានតែឡាំប៉ា និងធ្វើថៅកែបាតុកម្ម ប្រមូលស្រោមសំបុត្រដាក់ហោប៉ៅខ្លួន។
តាមការស្តាប់សម្តី និងសកម្មភាព សម រង្ស៊ី គួរតែត្រូវបញ្ជូនទៅមន្ទីរពេទ្យរោគចិត្តហើយដើម្បីព្យាបាលកុំឱ្យអ្នកមានជំងឺផ្លូវចិត្តរូបនេះដែលពោរពេញទៅដោយគំនុំសងសឹក បង្កផលប៉ះពាល់​ដល់កិត្តិយសជាតិ បំផ្លាញផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាបន្តទៅទៀត ខណៈសម រង្ស៊ី កំពុងឆ្កួតវង្វេងនឹងជ័យជម្នះក្នុងក្អមបែកនៃខ្មោចបក្សសង្គ្រោះជាតិ។ អំនួតបានធ្វើប្រធានស្តីទីខ្មោចគណបក្សសង្គ្រោះជាតិកើតចេញពីបក្សប្រហារដណ្តើមអំណាច និងការគ្រប់គ្រងខ្មោចបក្សពី កឹម សុខា ដែលជាប់ចោទពីបទក្បត់ជាតិ ឃុបឃិតជាមួយបរទេសបំផ្លាញកម្ពុជា ឆ្កួតវង្វេង និងកាន់តែសាហាវឃោរឃៅលើផ្លូវនយោបាយក្នុងការសម្លាប់ជាតិខ្លួនឯង បំផ្លាញសេដ្ឋកិច្ចជាតិ និងបំផ្លាញជីវភាពគ្រួសារ និងមុខរបរពលរដ្ឋខ្មែរ យកអធិប​តេយ្យភាពជាតិខ្មែរដាក់ក្រោមបាតជើងបរទេស បម្រើផលប្រយោជន៍បរទេសដោយឥតអៀនខ្មាស់។ ចាប់តាំងពីឈានជើងចូលនយោបាយកម្ពុជាក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ សម រង្ស៊ី បានធ្វើនយោបាយបែបប្រជោបាយនិយមដោយបំផ្លាញជាតិ និងញុះ​ញង់ឱ្យប្រជាជនងើបបះបោរប្រឆាំងនឹងរដ្ឋអំណាច រើសអើងប្រកាន់ពូជសាសន៍ ប្រកាន់វណ្ណៈ និងមានកំហឹងវណ្ណៈរវាងអ្នកមាននិងអ្នកក្ររហូតដល់ត្រូវអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅកម្ពុជាព្រមាន សម រង្ស៊ី កុំឱ្យមានការរើសអើងប្រកាន់ជាតិសាសន៍វៀតណាមជាដើម។ សម រង្ស៊ី ប្រើនយោបាយបំផ្លាញសន្តិភាពនិងការអភិវឌ្ឍដើម្បីរំសាយគំនុំសងសឹកគ្រួសារក្បត់ជាតិខ្លួន។
តើសម រង្ស៊ី គ្មានយុទ្ធសាស្ត្រ ឬផ្លូវនយោបាយផ្សេងក្រៅពីធ្វើសត្រូវប្រជាជន សត្រូវសន្តិភាព សត្រូវការអភិវឌ្ឍដើម្បីបំពេញការយល់សប្តិធ្វើនាយករដ្ឋមន្ត្រីរបស់ខ្លួនដើម្បីបំពេញមហិច្ឆតាអំណាចរបស់ខ្លួនទេឬ បានជាគិតតែពីធ្វើនយោបាយបំផ្លាញជាតិ និងប្រជាជន ធ្វើប្រជោបាយនិយម ញុះញង់ ធ្វើឱ្យជាតិនិងប្រជាជនក្តី ក្រហល់ក្រហាយនឹងទង្វើខ្វះគុណធម៌របស់ខ្លួនដូច្នេះ? រហូត មកទល់ពេលនេះ គ្មានអ្វីចម្លែកឡើយ ផ្លូវដែល សម រង្ស៊ី មើលឃើញថាអាចជួយរុញច្រានខ្លួនឆ្ពោះទៅរកអំណាចបាន គឺមានតែតាមផ្លូវមិនប្រជាធិបតេយ្យតែប៉ុណ្ណោះ ពោលគឺមិនតាមផ្លូវបោះឆ្នោតដោយប្រជាពលរដ្ឋឡើយ គឺព្យាយាមប្រើការញុះញង់ បង្កចលា​ចល បំផ្ទុះបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ក្រោមការគាំទ្ររបស់ចៅហ្វាយនាយបរទេសរបស់ខ្លួនដែលសំឡឹងឃើញផលប្រយោជន៍ភូមិសាស្ត្រនយោបាយនៅអាស៊ីប៉ាស៊ីហ្វិក។ ការជ្រើសរើសយកវិធីឡើងកាន់អំណាចមិនតាមប្រជាធិបតេយ្យរបស់ សម រង្ស៊ី នេះព្រោះអ្នកនយោបាយអង្ករកំប៉ុងរូបនេះបានបរាជ័យរហូតក្នុងការប្រកួតប្រជែងដណ្តើមអំណាចតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរី ត្រឹមត្រូវ និងយុត្តិធម៌ តម្លាភាពនាពេលកន្លងទៅ។
ជាសត្យានុម័ត សម រង្ស៊ី មិនអាចឈ្នះការបោះឆ្នោតបានឡើយ ហើយជាពិសេសមិនអាចឈ្នះការប្រកួតជាមួយនឹងគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន បានឡើយព្រោះសម រង្ស៊ី ជាតួអង្គបំផ្លាញជាតិ ក្បត់ជាតិ និងជាសត្រូវប្រជាជន មិនអាចឈ្នះតួអង្គសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនដែលជាតួអង្គសង្គ្រោះជាតិ សង្គ្រោះប្រជាជនពីក្រញាំដៃរបបវាលពិឃាតខ្មែរក្រហម ពន្លត់ភ្លើងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃនៅកម្ពុជា នាំយកសន្តិភាព ការបង្រួបបង្រួមជាតិ ឯកភាពជាតិ ឯកភាពទឹកដី។ បាតដៃ សម រង្ស៊ី ប្រលាក់ទៅដោយឈាមសកម្មជនរបស់ខ្លួន ដែលសម រង្ស៊ី បានប្រើជីវិតរបស់ពួកគាត់ និងពលរដ្ឋស្លូតត្រង់ផ្សេងទៀតដើម្បីបង្កបញ្ហា រុញឱ្យពួកគេប្រឈមមុខជាមួយសមត្ថកិច្ចបង្កការថ្នាំងថ្នាក់ក្នុងចំ​ណោមពលរដ្ឋ ដុតកំហឹងក្នុងចំណោមពលរដ្ឋខ្មែរឱ្យខឹងសម្បារនឹងសមត្ថកិច្ច ស្អប់និងចងកំហឹងនឹងរាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងនឹងគណបក្សប្រជាជនកម្ពុជាដើម្បីធ្វើជាស្ពានអំណាចរបស់ខ្លួន។ បាតដៃ សម រង្ស៊ី ពោរពេញទៅដោយការបំផ្លាញជាតិ និងក្បត់ជាតិព្រោះមួយជីវិតនយោបាយរបស់ ទណ្ឌិតក្បត់ជាតិរូបនេះបានធ្វើនយោបាយដោយអំពាវនាវកុំឱ្យបរទេសមកវិនិយោគទុននៅកម្ពុជា កុំទិញទំនិញពីកម្ពុជា និងកុំផ្តល់ជំនួយដល់កម្ពុជា ដែលជាការធ្វើន​យោបាយសម្លាប់ជាតិនិងប្រជាជន។
នេះជាការដើរបញ្ច្រាស់ទិសពីបំណងដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋខ្មែរដែលចង់បានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ ការប៉ុនប៉ងចង់ផ្តួលរំលំតាមផ្លូវមិនប្រជាធិបតេយ្យគឺជាការប្រ​ឆាំងនឹងឆន្ទៈប្រជាពលរដ្ឋម្ចាស់ឆ្នោតស្ទើរមួយប្រទេស ដែលបានបង្ហាញឆន្ទៈជ្រើសរើសមេដឹកនាំខ្លួនតាមរយៈសន្លឹកឆ្នោត និងការបោះឆ្នោត ហើយពលរដ្ឋ ៨៣,០២% ដែលទៅបោះឆ្នោត ហើយពលរដ្ឋខ្មែរជិត ៥ លាននាក់ក្នុងចំណោមអ្នកទៅបោះឆ្នោតបានគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យបន្តទៀត។ ចំណែក សម រង្ស៊ី និងគូកនបាននិង កំពុងដើរផ្ទុយពីគោលការណ៍ ប្រជាធិបតេយ្យដែលខ្លួនតែងតែច្រៀងគ្រប់ពេលនោះ។
ដូច្នេះអ្វីដែល សម រង្ស៊ី និងគូកនបាននិងកំពុងធ្វើ គឺជាការបំផ្លាញជាតិ និងប្រជាជនកម្ពុជា បំ​ផ្លាញសុខសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍដែលកម្ពុជារកបានមកដោយលំបាក និងឆ្លងកាត់ការលះបង់បូជាអាយុជីវិតរបស់មនុស្សរាប់លាននាក់ក្នុងសង្គ្រាមជិតបីទសវត្សរ៍។ កាលដែល សម រង្ស៊ី និយាយថាខ្លួនសុខចិត្តលះបង់ជីវិតដើម្បីសង្គ្រោះជាតិ នៅពេលដែលកម្ពុជាមានសន្តិភាព និងការអភិវឌ្ឍ ហើយប្រជាពលរដ្ឋបាននិងកំពុងរីករាយសោមនស្សនឹងផ្លែផ្កាសុខសន្តិភាពនិងការអភិវឌ្ឍនេះ គឺគ្រាន់តែជាអ្នកក្លាហានគង់ហ៊ាន ចេះច្រៀងចម្រៀងថា «ក្របីៗ ស៊ីស្រូវ បងមិនសូវៗហ៊ានដេញ ក្របីៗដើរចេញ បងដេញៗឱ្យស្រីមើល»។ ពេលនេះគឺមនុស្សចង្រៃជាតិដូច សម រង្ស៊ី នេះគ្មានតម្លៃសម្រាប់ជាតិ និងប្រជាជនកម្ពុជាឡើយ ប៉ុន្តែមានតម្លៃសម្រាប់ការអនុវត្តច្បាប់ចំពោះបទល្មើសដែលទណ្ឌិតរូបនេះបានប្រព្រឹត្ត ហើយខ្នោះនិងគុក កម្លាំងសមត្ថកិច្ចក៏បានត្រៀមរួចជាស្រេចដែរដើម្បីស្វាគមន៍អ្នកក្លាហានគង់ហ៊ាន សម រង្ស៊ី ម​កចូលគុក ប្រសិនបើក្លាហានពិតប្រាកដមែននោះ។ ប៉ុន្តែទាល់តែយូរហស់បាន សម រង្ស៊ី វិលត្រឡប់ចូលស្រុកវិញ កុំនិយាយដល់ការលះបង់ជីវិត បើត្រឹមតែគុក សម រង្ស៊ី មិនទាំងហ៊ានជាប់ផងហ្នឹង! (Sic!)
ដោយ៖ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៩

គណៈកម្មាធិការ​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ឆ្នាំង​​ ចុះពិនិត្យការ​សាងសង់​ផ្ទះឱ្យស្ត្រី​មេម៉ាយទីទ័លក្រជួបការលំបាក

កំពង់ឆ្នាំង៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ លោក សៀត គឹមលៀង អនុប្រធានគណៈកម្មា ធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង រួមដំណើរដោយ លោក ប្រាក់ សោភ័ណ្ឌ នាយកសាខា បានធ្វើដំណើរទៅស្រុកបរិបូណ៌ ដើម្បីធ្វើការត្រួតពិនិត្យមើលការងារសាងសង់ និងគុណភាពផ្ទះប្អូនស្រី ជា រ៉េន អាយុ ៣៥ឆ្នាំ ជាស្ត្រីមេម៉ាយទីទ័លក្រជួបការលំបាក មានកូនតូច ៤នាក់ ក្នុងបន្ទុក រស់នៅក្នុងភូមិកែវឡាត ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង និងផ្ទះប្អូនស្រី អ៊ុល ធីតា អាយុ ៣២ឆ្នាំ រស់នៅក្នុងភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
អំណោយផ្ទះដែលផ្តល់ជូនស្ត្រីមេម៉ាយទីទ័លជួបការលំបាកខាងលើ ជាអំណោយរបស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយលំនៅដ្ឋានពីរខ្នងខាងលើនេះ ដំណើរការសាងសង់បានប្រមាណ៦០% ហើយ ៕



កម្ពុជាត្រូវតែមានសន្តិភាពជានិច្ច!

នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោករួមជាមួយនឹងរូបថតមួយចំនួនដែលក្នុងនោះ លោកបានប​ង្ហាញនូវរូប១សន្លឹកសខ្មៅដែលបានបង្ហាញពីទិដ្ឋភាពមួយផ្នែក នៃទីក្រុងភ្នំពេញដែលត្រូវបានបំ​ផ្លាញ និងបោះបង់ចោលដោយសារសង្រ្គាម​ និងរបបប្រល័យពូជសាសន៍ប៉ុលពត​ កាលពីឆ្នាំ​ ១៩​៧៥​-១៩៧៩​។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ក្រោយពីកម្ពុជាមានសន្តិភាពពេញលេ​ញជាង២០ឆ្នាំមកនេះ ទីក្រុងភ្នំពេញត្រូវបានអភិវឌ្ឍឱ្យរីកលូតលាស់ទៅមុខឥតឈប់ឈរ។ បន្ថែមពីនេះ លោកក៏បានរំលឹកជាថ្មីម្តងទៀតថា យើងត្រូវរួមគ្នាថែរក្សា ការពារសន្តិភាពឱ្យខានតែបាន ដើម្បីកុំឱ្យប្រទេសជាតិវិលធ្លាក់ទៅក្នុងភ្នក់ភ្លើងនៃសង្រ្គាម និងការបំភ្លិចបំផ្លាញសារជាថ្មីម្តងទៀតដូចពីអតីតកាលផងដែរ។
សូមរំលឹកផងដែរថា ប្រទេសកម្ពុជាយើងធ្លាប់បានឆ្លងកាត់សង្រ្គាមស៊ីវិលរ៉ាំរ៉ៃ ហើយប្រជាពលរដ្ឋខ្មែរបានឆ្អែតឆ្អន់រួចហើយពីសង្រ្គាមនិងការបែកបាក់ព្រាត់ប្រាស់គ្រួសារ។ នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត ប្រជាជនខ្មែរត្រូវបានគេកាប់សម្លាប់ជាងបីលាននាក់។ ប្រជាជនខ្មែរបានបាត់បង់អស់នូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាងរួមទាំងសិទ្ធិរស់រានមានជីវិតផងដែរ។ បន្ទាប់ពីថ្ងៃរំដោះ៧មករា ១៩៧៩ ប្រទេសកម្ពុជាយើងក៏មិនទាន់ទទួលបាននូវសន្តិភាពពេញលេញដែរព្រោះនៅមានកម្លាំងប្រដាប់អាវុធរបស់ខ្មែរក្រហមជាច្រើនធ្វើការវាយប្រហារបំផ្លាញសេចក្តីសុខរបស់ប្រជាជនខ្មែរ។ ក្រោមនយោបាយឈ្នះ-ឈ្នះ ចាប់ពីនៅចុងឆ្នាំ១៩៩៨ ទេ ទើបប្រទេសកម្ពុជាយើងទទួលបាននូវសុខសន្តិភាពពេញលេញ ដែលយើងមានលទ្ធភាពក្នុងការកសាងអភិវឌ្ឍប្រទេសជាតិរហូតមកដល់សព្វថ្ងៃនេះ៕