Tuesday, January 29, 2019

អភិបាលខេត្តត្បូងឃ្មុំ ក្រើនរំលឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវសិក្សាដោះស្រាយរាល់គ្រប់បញ្ហាជូនប្រជាពលរដ្ឋ

ត្បូងឃ្មុំ៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានណែនាំអោយ លោកអភិបាលស្រុកមេមត់ សហការជាមួយមន្ទីរជំនាញ ត្រូវក្តាប់អោយបាននូវរាល់បញ្ហានានា ក្នុងមូលដ្ឋានរបស់ខ្លួនមានដូចជាបញ្ហាទំនាស់ដីធ្លី បញ្ហាផ្លូវ បញ្ហាតម្លៃកសិផល បញ្ហាទំនិញចេញចូលទៅប្រទេសជិតខាង បញ្ហាសន្តិសុខតាមបន្ទាត់ព្រំដែន និងបញ្ហាអនាម័យបរិស្ថានជាដើម ដើម្បីត្រួតពិនិត្យ ពិភាក្សា និងជួយសម្រួល ក្នុងការដោះស្រាយភ្លាមៗ ពិសេសបញ្ហាសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយភូមិឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញ។
ការក្រើនរំលឹកខាងលើនេះ បានធ្វើឡើង នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នៅសាលាស្រុកមេមត់ ក្នុងឱកាសកម្មវិធី លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ជួបសំណេះ សំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ ក្រុមប្រឹក្សាឃុំមេភូមិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ចំណុះអោយរដ្ឋបាលស្រុកមេមត់ សរុបចំនួនជាង ៣០០នាក់ ដើម្បីស្តាប់បញ្ហាប្រឈម សំណូមពរ និងដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋតាមមូលដ្ឋាន។
ក្នុងឱកាសនោះ អាជ្ញាធរឃុំមួយចំនួនក្នុងស្រុកមេមត់ បានលើកឡើងនូវបញ្ហាប្រឈម សំណូមពរមួយចំនួនដល់អាជ្ញាធរខេត្ត ពិនិត្យលទ្ធភាពជួយ ពិសេសការជួសជុលផ្លូវ ក្នុងមូលដ្ឋានរបស់ពួកគាត់ ដែលកំពុងរងការខូចខាតពិបាកធ្វើដំណើរ ប្រកបរបររកស៊ីចិញ្ចឹមជីវិត និងពេលមានប្រជាពលរដ្ឋណា ម្នាក់ឈឺស្កាត់ត្រូវយកមកព្យាបាលនៅស្រុក ឬខេត្តម្តងៗ។ ចំពោះបញ្ហាផ្លូវនេះ ត្រូវបានមន្ទីរជំនាញឡើងឆ្លើយតបវិញភ្លាមៗផងដែរ។
ជាការឆ្លើយតបលោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា គ្រប់មន្ទីរជំនាញត្រូវចុះសិក្សា ពិនិត្យរាល់បញ្ហា និងតម្រូវ ការរបស់ប្រជាពលរដ្ឋ ពិសេសមន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរសាធារណៈការ និងដឹកជញ្ជូន មន្ទីរអប់រំយុវជន និងកីឡា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាដើម ដោយសហការជាមួយអាជ្ញាធរស្រុក ខណៈបញ្ហា ណាដោះស្រាយបាន គឺត្រូវដោះស្រាយជូនភ្លាម ហើយបញ្ហាណា ដែលលើសសមត្ថកិច្ចត្រូវធ្វើរបាយការណ៍មកខេត្ត ដើម្បីពិនិត្យលទ្ធភាពដោះស្រាយជាបន្ត។
លោក គូសបញ្ជាក់ថា រាល់សំនូមពររបស់លោកមេឃុំ ទាំង១៤ និងការលើកឡើងមេភូមិមួយចំនួនក្នុងចំណោមមេភូមិទាំង១៨០ ត្រូវបានដោះស្រាយតាមអទិភាព។
ជាមួយគ្នានោះ លោកក៏បានសំណូមពរឲ្យ ប្រជាពលរដ្ឋត្រូវ ផ្តល់ព័ត៌មានដល់អាជ្ញាធររាល់បញ្ហាទាំងអស់ ក្នុងនោះចំពោះការដាំដុះដំណាំកសិកម្ម ត្រូវរៀបចំចងក្រងជាសហគមន៍ ដើម្បីបង្កភាពងាយស្រួលទាំងការថែទាំ និងទីផ្សារសម្រាប់លក់កសិផល។
ដោយឡែក លោកមេភូមិ និងមេឃុំ ត្រូវក្តាប់អោយជាប់នូវរាល់បញ្ហា និងសំណូមពរ ពិសេសពលរដ្ឋណាដែលមានជីវភាពខ្វះខាត ទីទាល់ក្រពិតប្រាកដ ហើយរាយការណ៍មកថ្នាក់ស្រុក និងបន្តមកថ្នាក់ខេត្ត ដើម្បីដោះស្រាយជូនភ្លាមៗ ។
ជាចុងក្រោយ ចំនុចដែលសំខាន់បំផុតនោះ គឺត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីបន្តការអភិវឌ្ឍន៍ប្រទេសជាតិយើងឲ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យថែមទៀត ។
បើតាមលោក ចេង ប៊ុនណារ៉ា អភិបាលស្រុកមេមត់ បានឲ្យដឹងថា អាជ្ញាធរបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការលើកស្ទួយជីវភាព របស់នៅរបស់ប្រជាពលរដ្ឋ ក្នុងនោះបានកសាងហេដ្ឋារចនាសម្ព័ន្ធមានដូចជា ផ្លូវថ្នល់ តបណ្តាញអគ្គិសនី សាលារៀន មណ្ឌលសុខភាព ស្រះទឹក ប្រព័ន្ធប្រឡាយជាដើម តែយ៉ាងណានៅមិនទាន់បំពេញគ្រប់តម្រូវការរបស់ប្រជាពលរដ្ឋ បានមួយរយភាគរយនោះទេ ដោយយើងត្រូវបន្តធ្វើជាជំហានៗ៕



No comments:

Post a Comment