Tuesday, January 29, 2019

កងរាជអាវុធហត្ថជាកម្លាំងស្នូលក្នុងការការពារបូរណភាពទឹកដី ថែរក្សាសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ

សៀមរាប៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា កងរាជអាវុធ ហត្ថចាំបាច់នូវការអនុវត្តម៉ឺងម៉ាត់រាល់ផែនការ សារាចរ បទបញ្ជា សេចក្ដីណែនាំផ្សេងៗ តាមឋានានុក្រម មេបញ្ជាការគ្រប់ជាន់ថ្នាក់ គ្រប់កង ឯកភាព ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ កត្តាសំខាន់របស់កងរាជអាវុធហត្ថខេត្ត ជាកម្លាំងស្នូល ទាំងក្នុងការការពារបូរណភាពទឹកដី និង ថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដើម្បីសេចក្ដីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ និង ជាកងកម្លាំងអន្តរាគមន៍ ពិសេសការជួយសង្គ្រោះ និងចុះជួយប្រជាពលរដ្ឋជួបការលំបាក និង រងគ្រោះ ងាយរងគ្រោះ។ លោកបានថ្លែងដូចនេះនៅក្នុងកិច្ចប្រជុំបូកសរុបការងារកងរាជអាវុធហត្ថឆ្នាំ២០១៨ និងផ្សព្វផ្សាយទិសដៅផែនការការងារឆ្នាំ២០១៩នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩។
លោកអភិបាលខេត្ត បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់លើលទ្ធផលដែលកងរាជអាវុធហត្ថខេត្ត អនុវត្តបានក្នុងឆ្នាំ២០១៨ សំខាន់នូវគ្រប់រាល់សកម្មភាពដែលកើតមានឡើងនៅក្នុងខេត្តសៀមរាប ចំពោះវិស័យសន្ដិសុខ ការពារជាតិ សំដៅរក្សាស្ថិរភាពសង្គម ប្រកបដោយចីរភាព និងជំរុញកំណើនល្បឿន ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការកាត់បន្ថយយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ស្របទៅតាមផែនការយុទ្ធសាស្រ្ត ចតុកោណដំណាក់ទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ។
ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោកអភិបាលខេត្ត ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់កិច្ចប្រជុំពិនិត្យ ពិចារណា និងយកទៅអនុវត្តបន្តឆ្នាំ២០១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់។ ក្នុងនោះ លោកសង្កត់ធ្ងន់ថា ចំពោះកងកម្លាំងទាំងអស់ មិនយកនូវឧត្តមគតិរបស់ខ្លួនទៅបម្រើបុគ្គលណាមួយឡើយ គឺកងកម្លាំងមានភារកិច្ចការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ ។
កងកម្លាំងត្រូវ គោរពនិងអនុវត្តន៍ម៉ឺងម៉ាត់ដាច់ខាតនូវបទបញ្ជាទប់ទល់ជាមួយសកម្មភាពទាំងឡាយណាដែលប៉ុនប៉ងធ្វើបដិវត្តន៍ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងរក្សាសន្តិភាពស្ថេរភាពនយោបាយ ប្រឆាំងភេរវកម្ម និង ត្រូវអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលឱ្យបានម៉ឺងមាត់ ដើម្បីបង្កា ទប់ស្កាត់ បង្រ្កាបបទល្មើសនានា ជាអាទិ៍ បទល្មើស ព្រហ្មទណ្ឌ បទល្មើសនេសាទ បទល្មើសព្រៃឈើ ការជួញដូរមនុស្ស ការផលិត ចរាចរ ប្រើប្រាស់រក្សាទុកគ្រឿងញឿនគ្រប់ប្រភេទ និងល្បែងស៊ីសង និង ទប់ស្កាត់ក្នុងការកាប់ទន្រ្ទានព្រៃខុសច្បាប់ ព្រមទាំងខិតខំលុបបំបាត់នូវ កុងត្រូលជជុះខុសច្បាប់ ក្នុងខេត្តសៀមរាប ។
លោកអភិបាលខេត្ត ក៏បានបន្តថា ត្រូវបន្តលើកកម្ពស់ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅទូទាំងខេត្ត ដោយជំរុញការផ្សព្វផ្សាយនូវលក្ខណៈសម្បត្តិទាំង៩ នៃគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព តាមរយៈការចលនាមន្រ្តីរាជការគ្រប់ៗរូប ផ្នែកឯកជន អង្គការសង្គមស៊ីវិល និង សាធារណៈជនឱ្យចូលរួមអនុវត្តគោលនយោបាយនេះ បានសស្រាក់សស្រាំទូទាំងខេត្ត ចូលរួមគាំទ្រដល់ការប្រមូលថវិកាជាតិ ថ្នាក់ក្រោមជាតិ និងទប់ស្កាត់ការរកស៊ីគេចពន្ធ កុំការពារអ្នករកស៊ីខុសច្បាប់គឺពង្រឹងវប្បធម៌បង់ពន្ធដារចូលថវិកាជាតិ លើក កម្ពស់ស្មារតីប្រុងប្រយ័ត្នខ្ពស់ ការទទួលខុសត្រូវ និងកិច្ចសហការល្អ ជាមួយអាជ្ញាធរដែនដី ស្ថាប័នជំនាញពាក់ព័ន្ធក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋាន កត្តាសំខាន់ គឺ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកទស្សនាកម្សាន្តខេត្តសៀមរាប និងត្រូវបន្តផ្តល់សេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ឱ្យបានរហ័ស តម្លាភាព ប្រសិទ្ធភាពចៀសវាងមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕







No comments:

Post a Comment