Tuesday, January 29, 2019

មន្ទីររៀបចំដែនដីខេត្តក្រចេះ​ រៀបចំសន្និបាត​បូកសរុបលទ្ធផល​ ការងារឆ្នាំ២០១៨​ និងទិសដៅ​អនុវត្តបន្ត​

ក្រចេះ ៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ បានរៀបចំសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក ប៉ែន លីណាត អភិបាលរងខេត្ត តំណាងលោក វ៉ា ថន អភិបាលខេត្ត និងលោក អឹម ចំរ៉ុង អនុរដ្ឋលេខាធិការ តំណាងលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងមានការចូលរួមពីមន្ទីរ អង្គភាព ក្រុង ស្រុក ឃុំសង្កាត់ គរុសិស្ស និងមន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ប្រហែលជា២៥០នាក់។
ក្នុងឱកាសនោះ លោក កៅ ម៉ាឌីឡែន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឡើងរាយការណ៍ពីការងារមន្ទីរសម្រេច បាននូវសមិទ្ធផលធំៗជាអាទិ៍រួមមាន៖ ១.ការងាររៀបចំដែនដី និងនគរូបនីយកម្ម ២.ការងារគ្រប់គ្រងសំណង់ ៣.ការងារសុរិយោដី
ក្នុងគោលបំណងគ្រប់គ្រង និងប្រើប្រាស់ដីធ្លីឲ្យបានត្រឹមត្រូវ និងផ្តល់ប្រយោជន៍ជាអតិបរិមាដល់សង្គមជាតិ ហើយស្របតាមគោល ការណ៍ច្បាប់ កន្លងមកបានរៀបចំយុទ្ធសាស្រ្តគ្រប់គ្រងដីធ្លីដោយផ្តោត សំខាន់លើវិធានការពង្រឹងប្រព័ន្ធគ្រប់គ្រងការលុបបំបាត់ភាព អនាធិបតេយ្យក្នុងការកាន់កាប់ដីរបស់រដ្ឋ។
នៅក្នុងពិធីសន្និបាតនេះដែរ លោក ប៉ែន លីណាត អភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណចំពោះមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានរាយការណ៍អំពីសមិទ្ធផលសម្រេចបាន និងបញ្ហាប្រឈមរបស់មន្ទីរ ហើយក៏សូមថ្លែងអំណរគុណចំពោះលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងថា្នក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់ក្រសួង ដែលតែងតែយកចិត្តទុកដាក់ និងជួយជម្រុញការដោះស្រាយទំនាស់ និងការបញ្ជូនគ្រូឧទ្ទេសដើម្បីបណ្តុះបណ្តាលដល់មន្ត្រីរបស់យើងដើម្បីបង្កើនសមត្ថភាព និងពង្រឹងប្រសិទ្ធភាពការងារបន្ថែមទៀត។
ឆ្លៀតក្នុងឱកាសនោះ លោក អឹម ចំរ៉ុង អនុរដ្ឋលេខាធិការ តំណាងលោក ជា សុផារ៉ា បានផ្ដល់អនុសាសន៍ និងមតិផ្ដាំផ្ញើមួយចំនួន និងជាទិសដៅសម្រាប់ការងារឆ្នាំ២០១៩ ដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តក្រចេះរួមមាន៖
១.ការងារសុរិយោដី៖ សុំពន្លឿនការងារចុះបញ្ជីដីធ្លី ចុះបញ្ជីដីរដ្ឋ ដីសមូហភាពរបស់បងប្អូនជនជាតិដើមភាគតិច ដោយធ្វើការសម្របសម្រួលជាមួយអាជ្ញាធរភូមិឃុំស្រុកនៃតំបន់វិនិច្ឆ័យ ដើម្បីជៀសវាងការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ព្រមទាំងខិតខំដោះស្រាយវិវាទជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។
២.ការងារលំនៅដ្ឋាន៖ អភិបាលរងខេត្ត សុំបន្តតាមដាន ត្រួតពិនិត្យ និងធ្វើស្ថិតិប្រជាពលរដ្ឋដែលបានមករស់នៅ ធ្វើការកាន់កាប់ដីសម្បទានសង្គមកិច្ចស្ថិតនៅក្នុងស្រុកកូនមុំ ព្រមទាំងបន្តការសិក្សាស្រាវជ្រាវប្រជាពលរដ្ឋដែលខ្វះដី គ្មានដី និងមានតម្រូវការដីពិតប្រាកដដើម្បីសាងសង់លំនៅឋាន និងធ្វើកសិកម្មជាលក្ខណៈគ្រួសារ។
៣.ការងាររៀបចំដែនដី នគរូបនីយកម្ម និងសំណង់៖ ស្នើសុំឲ្យមន្ទីរបន្តខិតខំយកចិត្តទុកដាក់លើការងារត្រួតពិនិត្យសំណង់ និងលក្ខណៈបច្ចេកទេសសំណង់ ព្រមទាំងសោភណ្ឌភាព សណ្តាប់ធ្នាប់នៃសំណង់ និងបន្តត្រួតពិនិត្យសំណង់ខុសច្បាប់ ដោយផ្សារភ្ជាប់ជាមួយការងារផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តជាធរមាន៕



No comments:

Post a Comment