Tuesday, January 29, 2019

អភិបាលរងខេត្តកំពង់ឆ្នាំង ជំរុញអោយម្ចាស់ភោជនីយដ្ឋានក្នុងខេត្តបង្កើន ការយកចិត្តទុកដាក់អនាម័យសុវត្ថិភាពចំណីអាហារ

កំពង់ឆ្នាំង៖ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានជំរុញ ម្ចាស់អាហារដ្ឋានភោជនីយ៍ដ្ឋាន​ដែលអ្នកប្រកបរបលក់ម្ហូបអាហារត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះការងារអនាម័យសុវត្ថិភាពចំណីអាហាររបស់ខ្លួន ដើម្បីត្រៀមបម្រើសេវាជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលនឹងមក លេងនៅខេត្តកំពង់ឆ្នាំង នាឱកាសបុណ្យទន្លេនាពេលដ៍ខ្លីខាងមុខនេះ ។
លោកបានជំរុញបែបនេះក្នុងឱកាសដែល លោកបានអញ្ជើញជួបជាមួយ គ្រូពេទ្យ និងម្ចាស់អាហារដ្ឋាន ភោជនីយដ្ឋានចំនួន១០០នាក់ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ។
លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍បន្តថា ក្នុងអំឡុងខែមិនា ឆ្នាំ២០១៩ខាងមុខ ខេត្តកំពង់ឆ្នាំង នឹងធ្វើជាម្ចាស់ផ្ទះបុណ្យទន្លេ លើកទី៥ ហើយនិងមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើនមកលេងកំសាន្ត តម្រូវការច្រើន ពិសេសការបរិភោគ ម្ហូបអាហារ នៅតាមអាហារដ្ឋាន ភោជនីយដ្ឋាន នានាក្នុងខេត្ត ដូចនេះដើម្បី ធានាបាននូវការទាក់ទាញម្ចាស់ ហាងទាំងអស់ត្រូវតែ បង្កើនគុណភាព អនាម័យ បរិស្ថានរបស់ហាង ធ្វើយ៉ាងណាអោយមានទំនុកចិត្ត ១០០ភាគរយពីអតិថិជន ។
លោក អម សុភា បានមានប្រសាសន៍បន្តទៀតថា ម្ចាស់អាហារដ្ឋាន និងភោជនីយដ្ឋានទាំងអស់ ត្រូវធ្វើអោយបាននូវ អនាម័យចំណីអាហារ និងគោលការណ៍អនុវត្ដន៍ល្អ ឲ្យបានគ្រប់ៗគ្នា ដើម្បីបន្ដពង្រឹងសមត្ថភាព លើគុណភាព អនាម័យ និងបំពេញកាតព្វកិច្ចជាអាជីវករមួយដ៏ត្រឹមត្រូវ ដើម្បីក្លាយជាភោជនីយដ្ឋានស្ដង់ដារមួយ ដែលផ្ដល់ទំនុកចិត្ដ និងទទួលបានកិត្ដិយស ពីអតិថិជនជាភ្ញៀវជាតិ និងអន្ដរជាតិ ។
លោក ម៉ម ម៉ាល័យ អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ដើម្បីបញ្ចៀសគ្រោះថ្នាក់​ព្រោះតែការ​បរិភោគចំណីអាហារខ្វះអនាម័យ មន្រ្តីនៃមន្ទីរសុខភិបាលបានចុះធ្វើការណែនាំ ផ្សព្វផ្សាយនូវ ចំណុចមួយចំនួន ដើម្បីបង្ការបញ្ហានេះ ។
ចំណុចទាំងអស់នោះរួមមាន ប្រើប្រាស់ទឹកស្អាត និងម្ហូបអាហារដែល ស្អាតជានិច្ច បន្ថែមពីនេះ ចុងភៅត្រូវ​លាង​បន្លែ ផ្លែឈើឲ្យបានស្អាតមុន ពេលដាក់ឲ្យបរិភោគ ។ ត្រូវសម្អាតសម្ភារប្រើប្រាស់សម្រាប់ចម្អិនម្ហូប អាហារឲ្យបានត្រឹមត្រូវ ចម្អិនអាហារឲ្យបានឆ្អិនល្អ ជាពិសេសសាច់ សត្វស្លាប ស៊ុត និងអាហារសមុទ្រ លើសពីនេះ ត្រូវទុកអាហារឆ្អិន និងអហារឆៅដាច់ដោយឡែកពីគ្នា។


No comments:

Post a Comment