Tuesday, July 04, 2017

លោក កែវ ពៅ និងសហការីបាននាំយកទៀនវស្សា និងបច្ច័យសំភារៈបរិក្ខាទេយ្យទាន​ទៅប្រគេន​ព្រះសង្ឃគង់ចាំ​ព្រះវស្សា​នៅវត្តថ្មី​ ក្នុងស្រុក​កំពង់លែង​ ខេត្តកំពង់ឆ្នាំង​

កំពង់ឆ្នាំង៖ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ លោក កែវ ពៅ ប្រធានមន្ទីរសាធារណៈការខេត្តកំពង់ឆ្នាំង និងសហការីបាននាំយកទៀនព្រះវស្សា១គូ អង្ករ៥០kg និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ព្រមទាំងថវិកា ៥០១.០០០រៀល សម្រាប់មកសាងសមិទ្ធផលនានាក្នុងវត្ត និងបានប្រគេនព្រះសង្ឃ ៣៦អង្គសរុបបច្ច័យ
៧៨០.០០០រៀល ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅវត្តថ្មី ស្ថិតក្នុងឃុំកំពង់បឹង ឃុំកំពង់ហៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

គណៈកម្មការវត្តបានឲ្យដឹងថា ក្នុងពេលចូលវស្សារយៈពេល ៣ខែនេះ ព្រះសង្ឃគ្រប់វត្តមិនអាចនិមន្តបិណ្ឌបាតបានឡើយ។ ក្នុងពេលចូលវស្សានេះតែងតែយកចង្ហាន់មកប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខ័ន្ធញាតិការទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះលោក កែវ ពៅ ក៏បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្វែងរកសន្តិភាពពេញលេញ និងបានកសាងប្រទេសឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រដល់បច្ចុប្បន្ននេះ។

ប្រធានមន្ទីរសាធារណការខេត្តកំពង់ឆ្នាំង ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋឲ្យចូលរួមថែរក្សាសន្តិភាពឲ្យបានគង់វង្ស ទោះស្ថិតក្នុងតម្លៃណាក៏ដោយ និងថែរក្សាឲ្យបាននូវទំនៀមទំលាប់ប្រពៃណីខ្មែរឲ្យបានគង់វង្ស ដើម្បីទុកឲ្យកូនខ្មែរជំនាន់ក្រោយបន្តវេនយូរអង្វែងទៅអនាគត។

ជាចុងបញ្ចប់ លោក កែវ ពៅ និងសហការីបានជូនថវិកាដល់ប្រជាពលរដ្ឋ ២១៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១ម៉ឺនរៀល និងបានចុះពិនិត្យការសាងសង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រមួយខ្នង ៤គុណ៧ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ដែលជាអំណោយរបស់លោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍បានរួចជាស្ថាពរ៕




វាសនាប្រទេសជាតិនាថ្ងៃអនាគត ​ត្រូ​វពឹងលើប្អូនៗ​ជាទំពាំង​ស្នងឬស្សី​ ត្រូវខិតខំ​ប្រឹងប្រែង​ព្យាយាម​រៀនសូត្រ​​ក្រេបយក​ចំណេះដឹង​ដើម្បីខ្លួន​ និងជាតិយើង​ទាំងមូល

នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ នេះ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបំប៉នសិស្សានុសិស្សថ្នាក់ទី ១២  ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅសាលប្រជុំវិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ។ ពិធីបើកវគ្គបំប៉ននោះ រៀចំដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សហការជាមួយមន្ទីរអប់រំ យុវជននិងកីឡាខេត្តព្រះវិហារ ដែលមានការអញ្ជើញចូលរួមពីលោកប្រធាន អនុប្រធានមន្ទីរ ប្រធានការិយាល័យនៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត គណៈកម្មាធិការសហភាពសហព័ន្ធយុវជនខេត្ត ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុង ស្រុក លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សប្រមាណ ១៥០ នាក់។

លោកអភិបាលខេត្តព្រះវិហារ បានថ្លែងទៅកាន់ប្អូនៗសិស្សានុសិស្សថា វាសនាប្រទេសជាតិនាថ្ងៃអនាគត ត្រូវពឹងលើប្អូនៗទាំងអស់គ្នាជាទំពាំងស្នងឬស្សីហើយ  ដូច្នេះចូរប្អូនៗសិស្សា​នុសិស្ស ខិតខំប្រឹងប្រែងព្យាយាមរៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹង ពីលោកគ្រូ អ្នកគ្រូដើ​ម្បីខ្លួន និងជាតិយើងទាំងមូល។ លោកអភិបាល ក៏បានបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានលោក ហ៊ុន ម៉ានី ជាប្រធាន បានយកចិត្តទុកដាក់ចំពោះយុវជន ដែលជាកម្លាំងបន្តវេនចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ហេតុនេះហើយយុវជនត្រូវតែជាយុវជនដែលមានសមត្ថភាព និងសីលធម៌ល្អ ដូចនេះត្រូវខិតខំរៀនសូត្រ ត្រូវមានចិត្តក្លាហាន និងជូនពរប្អូនៗទទួលលទ្ធផលល្អក្នុងពេលប្រឡងមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ។

នៅក្នុងពិធីនោះដែរ លោកអភិបាលខេត្តព្រះវិហារ ក៏បានផ្តល់ជូនប្អូនៗឆ្នាំសិក្សា ២០១៥-២០​១៦ កន្លងមកដែលជាប់ និទ្ទេស B ៨ នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១ លានរៀលគត់ និងទូរស័ព្ទ Samsung ១ គ្រឿងពី លោក សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារផងដែរ ចំណែកសិស្សនិទ្ទេស C ចំនួន ៤៧ នាក់ ទទួលបានម្នាក់ៗថវិកា ១០ម៉ឺនរៀល ព្រមទាំងលោកគ្រូ អ្នកគ្រូ ចំនួន ២៧ នាក់ ទទួលបានថវិកាម្នាក់ៗ ៣ ម៉ឺនរៀល និងបានឧបត្ថម្ភបាល់ចំនួន ៣៤ បាល់ ដល់វិទ្យាល័យទាំង ១១ ក្នុងខេត្តព្រះវិហារផងដែរ៕







កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្តីពីការ​ផ្តល់​ហិរញ្ញប្បទាន​ឥតសំណង​ ដែលមាន​ទឹកប្រាក់​សរុបចំនួន​ ៦៤៩​ លានយ៉េនជប៉ុន​

នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០១៧នេះ  លោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា (Horinouchi Hidehisa) ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ៦៤៩ លានយ៉េនជប៉ុន (ប្រហែល ៥, ៧៧ លានដុល្លារ)។

លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៏ថា ការចុះហត្ថលេខា លើលិខិតប្ដូរសារស្ដីពីហិ​រ​ញ្ញ​ប្ប​ទា​​ន​ឥ​ត​សំ​ណ​ង​នេះ នឹងត្រូវ​អនុវត្តក្នុងរយៈពេល២ឆ្នាំ ជាប់គ្នាដូចខាងក្រោម​៖

-​ ២៨៦ លានយ៉េន (ប្រមាណ ២.៥ លាន​​ដុល្លារអាមេរិក) សម្រាប់ឆ្នាំសារពើពន្ធ ២០១៧ និង

– ៣៦៣ លា​នយ៉េន (ប្រមាណ ៣.២៧ លាន​​ដុល្លា អាមេរិក) សម្រាប់ឆ្នាំសារពើ ពន្ធ ២០១៨។

លោកទេសរដ្ឋមន្ត្រី ក៏បានមានប្រសាសន៏ទៀតថា ការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ស​ម្រា​ប់​អ​ភិ​វ​ឌ្ឍ​ធ​ន​ធា​ន​មនុស្សនៅកម្ពុជា ​មានរយៈពេល១៧ឆ្នាំ មកហើយ។ គិតត្រឹមឆ្នាំ២០១៦ ជប៉ុនបានផ្តល់ជំនួយនេះ​ស​រុ​ប​​ចំ​នួ​ន​៥.២០៨ លានយ៉េន សម្រាប់និស្សិតកម្ពុជាចំនួន ៣៦៨នាក់ ទៅបន្តការសិក្សានៅប្រទេសជប៉ុន។

លោកទេសរដ្ឋមន្ត្រី បានឲ្យដឹងទៀតថា ក្នុ​ង​ចំណោមនិស្សិតទាំងនេះមានចំនួន ២៧៥នាក់ ដែលបា​នបញ្ចប់ការសិក្សា និងវិលត្រលប់មកមាតុប្រទេសវិញ ហើយបាន​នឹងកំពុងចូ​ល​រួ​ម​ចំ​​ណែ​​​ក​យ៉ា​ង​ស​ក​ម្ម​ក្នុ​​ង​កា​រ​អភិ​វឌ្ឍកម្ពុជាលើវិស័យជាច្រើន។

លោកទេសរដ្ឋមន្ត្រី បានបន្តថា ការអភិវឌ្ឍធនធានមនុស្ស គឺជាអាទិភាពចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រោះ​ជោ​គ​​ជ័យ​នៃ​គោលនយោបាយ និងយុទ្ធសាស្ត្រ អភិវឌ្ឍប្រទេសជាតិយើង ត្រូវពឹងផ្អែកទៅ លើចំណេះដឹង ជំនាញ និង​ទេព​​​កោ​ស​​ល្យ​ក្នុងការអនុវត្ត។

កម្ពុជាបានប្រែខ្លួនពីប្រទេសដែលមានចំណូលទាប​ ទៅ​ជា​ប្រ​ទេ​ស​មា​ន​ចំណូ​ល​មធ្យម​កម្រិតទាប គឺដោយ សាររាជរដ្ឋាភិបាលយើងបានជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ត្រឹមត្រូវ និង​ដោយមាន​​​​​​ការឧបត្ថម្ភ​​គាំទ្រ​ដ៏​ថ្លៃថ្លាពីជប៉ុន និងពីប្រទេសដៃគូអភិវឌ្ឍន៍ដទៃទៀតផងដែរ។

លោកទេសរដ្ឋមន្ត្រី តាងនាមរាជរដ្ឋាភិបាលកម្ពុជា សូមសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋា​ភិបាល​ជប៉ុន ដែលបាន​សម្រេចចិត្តបន្តផ្ដល់ជំនួយសម្រាប់អភិវឌ្ឍធនធានមនុស្សនៅកម្ពុជា រយៈពេល ៣ឆ្នាំទៅមុខទៀត គឺពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២១។ ជំនួយតាម រយៈលិខិតប្ដូរសារ ដែលបានចុះហត្ថ​លេខា​នៅ​ថ្ងៃ​នេះ ​គឺជាការជួយឧបត្ថម្ភបន្ថែម ទៅលើកញ្ចប់ជំនួយអភិវឌ្ឍន៍ផ្លូវការជាច្រើន ដទៃទៀត ​ដែលត្រូវបាន​ផ្ដល់ដោយរដ្ឋា​ភិ​បាល​ជប៉ុននាពេលកន្លងមក​។

លោក ប្រាក់ សុខុន បានបន្ថែមទៀតថា ជំនួយនេះនឹងចូល​រួ​ម​ចំ​​ណែ​កថែមទៀត​​ដ​ល់​កិ​ច្ច​ខិ​ត​ខំ​ប្រឹ​ង​ប្រែ​ង​រ​ប​​ស់​ក​ម្ពុ​ជា​ ក្នុ​ង​កា​រ​កា​ត់បន្ថយគម្លាត​ការ​អភិវឌ្ឍ​​របស់​​ខ្លួន ទាំងនៅ​​ក្នុងប្រទេស និ​ងនៅក្នុង​តំ​បន់ផងដែរ៕


អភិបាលខេត្តកំពង់ចាមថ្មី ប្រកាសចូលកាន់តំណែងដល់សមាជិកក្រុមប្រឹក្សាសង្កាត់

កំពង់ចាម៖ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧នេះ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ដែលទើបចូលកាន់តំណែង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសុពលភាព សមាជិកក្រុមប្រឹក្សាសង្កាត់ និងប្រកាសឈ្មោះប្រធានក្រុមប្រឹក្សា ចៅសង្កាត់ ចៅសង្កាត់រងទី១ ចៅសង្កាត់រងទី២ នៃរដ្ឋបាលសង្កាត់កំពង់ចាម ក្នុងអាណត្តិទី៤។

សូមបញ្ជាក់ថា យោងតាមលទ្ធផលផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលប្រកាសកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅនេះ បានឱ្យដឹងថា សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នៅទូទាំងប្រទេសមានចំនួន ១,៦៤៦ឃុំ/សង្កាត់ មានចំនួន១១,៥៧២នាក់ ក្នុងនោះមានស្រ្តី១,៩៣៩នាក់។

លទ្ធផលក៏បានឱ្យដឹងដែរថា គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទូទាំងប្រទេសសរុប ៦,៥០៣អាសនៈ ស្រ្តី ១,៣៨៦នាក់ ក្នុងនោះមានមេឃុំ ចៅសង្កាត់ចំនួន ១១៥៦អាសនៈ ជំទប់ទី១ ចំនួន ១១៣៩ អាសនៈ ជំទប់ទី២ ចំនួន ៥១០អាសនៈ។

គណបក្សសង្រ្គោះជាតិ ទទួលបានអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ សរុប ៥០០៧អាសនៈ ស្រ្តី៥៥៣អាសនៈ ក្នុងនោះមានមេឃុំ ចៅសង្កាត់ ៤៨៩អាសនៈ ជំទប់ទី១ ចំនួន ៥០៣អាសនៈ ជំទប់ទី២ ចំនួន ១០៨៧អាសនៈ។

គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានអាសនៈសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់សរុប ២៨អាសនៈ ក្នុងនោះជំទប់ទី១ ចំនួន១អាសនៈ ជំទប់ទី២ ចំនួន ២៦អាសនៈ។

គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យទទួលបានអាសនៈសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់សរុបចំនួន ៤អាសនៈ ដែលសុទ្ធតែជាជំទប់ទី២។

គណបក្សខ្មែររួបរួមជាតិ ទទួលបានអាសនៈសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់សរុប ២៤អាសនៈ ក្នុងនោះមេឃុំចំនួន ១អាសនៈ ជំទប់ទី១ ចំនួន ២អាសនៈ និងជំទប់ទី២ចំនួន១៦អាសនៈ។

គណបក្សសំបុកឃ្មុំ ទទួលបានអាសនៈសាមជិកក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន ១អាសនៈ ជាជំទប់ទី២។

ចំណែក គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទទួលបានអាសនៈសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន ៥អាសនៈ ក្នុងនោះជំទប់ទី១ មាន១អាសនៈ និងជំទប់ទី២ មាន២អាសនៈ៕


ព្រះមហាក្សត្រ យាងសំណេះសំណាលសាកសួរ​សុខទុក្ខ​ និងប្រោស​ព្រះរាជទាន​ព្រះរាជអំណោយ​ ជូនប្រជារាស្ត្រ​ជិត៥០០​គ្រួសារ​

(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងសំណេះសំណាលសាកសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយ ជូនប្រជារាស្ត្រ៤៩០គ្រួសារ នៅភូមិព្រៃក្រសាំង ឃុំព្រៃក្រសាំង ស្រុកឧដុង្គ។
ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលដង្ហែព្រះរាជដំណើរដោយសម្តេចចៅហ្វា វាំង វរវៀងជ័យអធិបតីស្រឹង្គារ៍ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រមទាំងនាហ្ម៊ឺនសព្វមុខ មន្ត្រី នៃក្រសួងព្រះបរមរាជវាំង និងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងអាជ្ញាធរដែនដីគ្រប់ ជាន់ថ្នាក់នៃខេត្តព្រៃវែងផងដែរ។
ព្រះមហាក្សត្រ បានសម្តែងនូវព្រះរាជហឫទ័យសប្បាយរីករាយ ដោយបានជួបលោកតា លោកយាយ និងប្រជារាស្ត្រជាកូន ជាចៅរបស់ ព្រះអង្គ ជាពិសេសព្រះអង្គបានទត និងជួបផ្ទាល់ជាមួយប្រជារាស្ត្រជាកសិករ ដោយមានព្រះរាជបន្ទូលពីព្រះរាជបណ្តាំ សាកសួរសុខទុក្ខពីសំណាក់សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ សម្តេចយាយ សមេ្តច យាយទួតជូនប្រជារាស្ត្រជាកូន ជាចៅ ចៅទួត ចៅលួតរបស់ព្រះអង្គ ដែលព្រះអង្គតែងតែយកព្រះរាជហឫទ័យទុកដាក់ពីសុខទុក្ខ និង ការលំបាកក៏ដូចជា ជីវភាពរស់នៅរបស់ប្រជារាស្ត្ររបស់ព្រះអង្គគ្រប់ពេលវេលា។
លោក វ៉ី សំណាង បានឲ្យដឹងដែរថា ប្រជាពលរដ្ឋជិត៥០០គ្រួសារ បានទទួលព្រះរាជអំណោយពីព្រះមហាក្សត្រ ប្រកបដោយទឹកមុខសប្បាយរីករាយជាទីបំផុត៕






លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើង ៤ សំណួរដែលបញ្ជាក់ថាគណបក្សប្រជានកម្ពុជា រឹងមាំ និងបន្តឈ្នះឆ្នោតនៅឆ្នាំ២០១៨!

នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧នេះ នៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះផ្សាយនូវអត្ថបទមួយក្រោមចំណងជើងថា «៤ សំណួរ ដែលបញ្ជាក់ថា គណបក្សប្រជានកម្ពុជារឹងមាំ និងបន្តឈ្នះឆ្នោតនៅឆ្នាំ២០១៨!»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា សំណួរទាំងបួននោះរួមមាន៖ «១-តើគណបក្សណាមួយដែលហ៊ានលះបង់គ្រប់យ៉ាងរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ប៉ុលពត និងផ្តល់កំណើតទី២ដល់ប្រជាពលរដ្ឋខ្មែរ?
-គឺ គណបក្សប្រជាជនកម្ពុជា!
២-តើគណបក្សណាមួយដែលបាននាំមកនូវសន្តិភាពពេញលេញដល់កម្ពុជា?
-គឺ គណបក្សប្រជាជនកម្ពុជា!
៣-តើគណបក្សណាមួយ ដែលបានកសាងប្រទេសពីគំនរផេះផង់រហូតដល់កម្ពុជាបានរីកចម្រើនមកទល់សព្វថ្ងៃនេះ?
-គឺ គណបក្សប្រជាជនកម្ពុជា!
៤-តើមេដឹកនាំគណបក្សណាមួយ ដែលហ៊ានលះបង់សូមបីអាយុជីវិតខ្លួនមិនស្តាយ មិនរត់ចោលប្រជាពលរដ្ឋ ទៅសំងំយកស្រួលម្នាក់ឯងនៅក្រៅប្រទេស ហើយនៅតែតស៊ូរួមសុខរួមទុក្ខជាមួយពលរដ្ឋតាំងពីប្រទេសធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្រ្គាម រហូតមកទល់សព្វថ្ងៃនេះ?
-គឺ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន»។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា ប្រជាពលរដ្ឋសព្វថ្ងៃនេះ គឺបានដឹង និងបានឃើញច្បាស់នូវការខិតខំប្រឹងប្រែងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រមុខដឹកនាំគណបក្សប្រជាជន និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការថែរក្សាសន្តិភាព ដើម្បីយើងមានឱកាសកសាងប្រទេសជាតិអោយកាន់តែរីកចម្រើន។ ហេតុដូច្នេះហើយ បានជាក្នុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កន្លងទៅនេះ គឺ គណបក្សប្រជាជន បានឈ្នះដាច់ជាមួយនឹងសម្លេងគាំទ្រច្រើនលើសលុប ដែលបញ្ជាក់កាន់តែច្បាស់ថា គណបក្សប្រជាជនកម្ពុជា គឺនឹងបន្តឈ្នះឆ្នោតទៀតនៅឆ្នាំ២០១៨ ខាងមុខនេះ៕







អភិបាល​ខេត្តកណ្តាល ផ្តាំ​ផ្ញើដល់ក្រុម​ប្រឹក្សាសង្កាត់​ថ្មី ត្រូវបន្ត​និងរក្សាឱ្យបាន​នូវសាមគ្គី​ភាព ដោយមិនបែងចែកនិន្នាការនយោបាយ

នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ លោក ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមជាអធិបតីក្នុង ពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សា និងប្រកាសឈ្មោះប្រធានក្រុមប្រឹក្សា ចៅសង្កាត់ ចៅសង្កាត់ទី១ និងចៅសង្កាត់រងទី២ នៃរដ្ឋបាលសង្កាត់តាខ្មៅ ក្នុងក្រុងតាខ្មៅ ជាមួយនឹងវត្តមានរបស់អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋសរុបចំនួន ៣០០នាក់។
នៅក្នុងពិធីនោះ លោក ម៉ៅ ភិរុណ បានផ្តាំផ្ញើដល់ក្រុមប្រឹក្សាថ្មី ត្រូវប្រញាប់រៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាសង្កាត់ បន្តអនុវត្តលិខិតបទដ្ឋានគតិយុត្តនានា ដែលនៅជាធរមាន និងបន្តការងារដែលនៅសេសសល់ពីអាណត្តិមុន។ ម្យ៉ាងទៀត ក្រុមប្រឹក្សាសង្កាត់ថ្មីត្រូវបន្ត និងរក្សាឱ្យបាននូវវប្បធម៌សាមគ្គីភាព សម្របសម្រួល កុំបែងចែកនិន្នាការនយោបាយ ស្ថានភាពសង្គម ខិតខំលើកកម្ពស់ការចូលរួមបំពេញការងារជាក្រុមរបស់ក្រុមប្រឹក្សាទាំងអស់ ដោយត្រូវរៀនសូត្រពីគ្នា តាមរយៈការសួរនាំ ការឆ្លុះបញ្ចាំង និងការដកពិសោធន៍ទៅវិញទៅមក ទាំងសមាជិកថ្មីនិងចាស់ ដោយឈរលើទស្សនមតិភាគច្រើនស្តាប់យោបល់របស់មតិភាគតិច ហើយមតិភាគតិចត្រូវគោរពតាមការសម្រេចរបស់មតិភាគច្រើន ហើយប្រធាន និងសមាជិកក្រុមប្រឹក្សាទាំងអស់ ត្រូវរួមរួបរួមគ្នាបម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ បន្ថែមពីលើនេះ ក្រុមប្រឹក្សាសង្កាត់ត្រូវខិតខំស្វែងយល់ និងដោះស្រាយពីតម្រូវការរបស់ប្រជាពលរដ្ឋ រួមមាន ហេដ្ឋារចនាសម្ព័ន្ធ (ស្ពាន ផ្លូវ លូ) សមភាពយែនឌ័រ ការអប់រំកុមារតូច បញ្ហាបរិស្ថានអនាម័យក្នុងសង្កាត់ ជាពិសេសតាមផ្សារ និងទីប្រជុំជនផ្សេងៗ ខិតខំលុបបំបាត់ល្បែងស៊ីសង និងបទល្មើសនានាដែលកើតមានក្នុងមូលដ្ឋានរបស់ខ្លួន៕





នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលនាយទាហានកងរាជអាវុធហត្ថ ថ្នាក់អនុសេនីយ៍ វរសេនីយ៍ ឆ្នាំ២០១៧

នាយឧត្តមសេនីយ៍ សៅ សុខា នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនាយទាហានកងរាជអាវុធហត្ថ ថ្នាក់អនុសេនីយ៍ វរសេនីយ៍ ឆ្នាំ២០១៧ នៅសាលាយោធាកំបូល។

ក្នុងនោះក៏មានការចូលរួមពី លោក ឧត្តមសេនីយ៍ឯក មេបញ្ជាការរង ជានាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកឧត្តមសេនីយ៍ ស្នងការ ស្នងការរង នាយកសាលា នាយករងសាលា លោកវរសេនីយ៍ នាយការិយាល័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងសិក្ខាកាមចំនួនប្រមាណ ១៥០នាក់ផងដែរ។

នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាក់ថាវគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងតាមផែនការរបស់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លេខ២៣/២០១៧ ផ.កចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការបើក​វគ្គបណ្តុះបណ្តាលនាយទាហានកងរាជអាវុធហត្ថ ថ្នាក់អនុសេនីយ៍ វរសេនីយ៍ ឆ្នាំ២០១៧ សាលាកំបូល​បានទំនាក់ទំនងជាបណ្តាជំនាញផ្សេងៗ រៀបចំការរៀនសូត្រឱ្យបានតាមផែនការនេះ។

ជាមួយគ្នានោះ លោក អឿ សាវ៉ន បានឱ្យដឹងថា កម្មវិធីហ្វឹកហ្វឺនសម្រាប់វគ្គនេះ មានរយៈពេលសរុប ៣ខែ ស្មើនឹង៩៤ថ្ងៃ ស្មើនឹង ៥៦៤ម៉ោង ដោយចាប់ផ្តើមពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧។ រីឯខ្លឹមសារមេរៀនមាន មុខវិជ្ជាយោធា មុខវិជ្ជាកងរាជអាវុធហត្ត ច្បាប់ វិទ្យាសាស្ត្រសង្គម អប់រំចិត្តសាស្ត្រ និងមានទស្សនកិច្ចសិក្សាផងដែរ ៕






កាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ទី២២​ ជូនដល់​ក្រុមគ្រួសារ​ប្អូនប្រុសឈ្មោះ​ លៃ ខ្ជៀយ​ ក្នុងស្រុក​ស្វាយលើ​ ខេត្តសៀមរាប​

លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានសាខាកាកបាទក្រហមខេត្តសៀមរាប និងលោកស្រី ស៊ិន ណម សមាជិក្រុមប្រឹក្សាខេត្ត ព្រមទាំងសហការី បានធ្វើការប្រគល់ផ្ទះមនុស្សធម៌ទី២២ ដែលមានទំហំ ៤ម៉ែត្រ គុណ ៥ម៉ែត្រ សង់ពីឈើ តម្កល់លើជើងតាង កម្ពស់ពីដី១,៧០ម៉ែត្រ ប្រក់ស័ង្កសី ក្រាលក្តារ ជញ្ជាំងក្ដារ ជូនដល់ក្រុមគ្រួសារប្អូនប្រុសឈ្មោះ លៃ ខ្ជៀយ អាយុ ៣៨ឆ្នាំ មានប្រពន្ធឈ្មោះ មេ ចាន អាយុ ៤៣ឆ្នាំ មានកូន ០៧នាក់ នៅភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។

មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែព្រួយបារម្ភ និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

អនុប្រធានសាខាកាកបាទក្រហមខេត្តសៀមរាប ក៏បានបន្តថា ដោយមើលឃើញពីទុក្ខលំបាករបស់ក្រុមគ្រួសារប្អូនប្រុស ទើបសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានសម្រេចសាងសង់ផ្ទះមួយខ្នងជូនក្រុមគ្រួសារប្អូនប្រុសនាពេលនេះ ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន និងលោកបណ្ឌិតប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត។ នេះជាការបង្ហាញ នូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីថ្នាក់ដឹកនាំ សំខាន់គឺកាកបាទក្រហមកម្ពុជា ដែលបានលើកឡើងថា កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។

លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង បានបន្តទៀតថា «សូមប្អូនប្រុសប្អូនស្រី កុំអស់សង្ឃឹមចំពោះវាសនារបស់ខ្លួន ទោះបីមានភាពក្រីក្រក៏ពិតមែន ក៏សង្គមជាតិមិនបោះបង់ចោលក្រុមគ្រួសារប្អូនទាំងពីរឡើយ ដោយយើងមានអាជ្ញាធរមូលដ្ឋានជាអ្នកគ្រប់គ្រងនៅជិតខ្លួន» ។

នាឱកាសនោះដែរ លោកស្រីក៏បាននាំយកនូវអំណោយសង្កត់ផ្ទះរួមមាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ៥យួរ សម្ភារៈផ្ទះបាយ និងថវិកា២០ម៉ឺនរៀល។ ដោយឡែកសម្រាប់លោកតា លោកយាយ ដែលអញ្ជើញចូលរួមចំនួន ២០នាក់ ក៏ទទួលបានថវិកាមួយចំនួនផងដែរ៕







ហ្វេសប៊ុក​ចៅចាក់​ស្មុក៖ ​ពលរដ្ឋ​កំពុង​ធ្វើទំនើបកម្ម​ខ្លួនឯង​ តើមន្ត្រី​បម្រើរាស្ត្រគួរ​ធ្វើ​ទំនើបកម្ម​ដែរឬទេ?

នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុកចៅចាក់ស្មុក បានបង្ហោះផ្សាយនូវអត្ថបទ មួយក្រោមចំណងជើងថា «ពលរដ្ឋកំពុងធ្វើទំនើបកម្មខ្លួនឯង តើមន្ត្រីបម្រើរាស្ត្រគួរធ្វើទំនើបកម្មដែរឬទេ?» ដែលមានខ្លឹមសារដូចខាងក្រោម៖

ខណៈប្រព័ន្ធព័ត៌មាន និងបច្ចេកវិទ្យា មានការរីកចម្រើនខ្លាំងនៅលើពិភពលោកបច្ចុប្បន្ន ប្រជាជនកម្ពុជា ក៏ស្ថិតនៅលើវិថីនៃការអភិវឌ្ឍនេះដែរដោយបានផ្សាភ្ជាប់ខ្លួនយ៉ាងសកម្មក្នុងការវិវឌ្ឍថ្មីៗនៃបច្ចេកវិទ្យា។ នៅពេលដែលប្រទេសកម្ពុជាកំពុងតែទទួលបានផលផ្លែផ្កាពីសុខសន្តិភាព និងការអភិវឌ្ឍក្នុងរយៈពេលជាង២០ ឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋកម្ពុជាកំពុងតែធ្វើទំនើបកម្មទាំងផ្នែកសម្បទាដោយបានខិតខំក្នុងការថែទាំសុខភាព ហាត់ប្រាណតមចំណីអាហារធ្វើយ៉ាងណា ដើម្បីបានអាយុយឺនយូររស់នៅយូរអង្វែងនៅលើផែនដីនេះ។

ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋក៏បានធ្វើទំនើបកម្មផ្នែកផ្នត់គំនិតរបស់ខ្លួនដោយសិក្សា និង​ទទួលយកនូវរបកគំហើញថ្មីៗដែលអ្នកវិទ្យាសាស្ត្របានរកឃើញក្នុងនោះមានទាំងព័ត៌​មានវិទ្យាជាដើម។ យោងតាមស្ថិតិរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបានកើនឡើងច្រើនពី ៧០ម៉ឺននាក់នៅឆ្នាំ ២០១៣ ដល់ជាង ៤លាននាក់នៅឆ្នាំ ២០១៦ គឺស្មើប្រមាណ ២៥% នៃចំនួនប្រជាជនសរុបរបស់កម្ពុជាប្រមាណជាង ១៥ លាននាក់។ ពួកគេភាគច្រើនប្រើប្រាស់ហ្វេសប៊ុកដើម្បីផ្លាស់ប្តូរព័ត៌មាន និងទទួលបានព័ត៌មានពីប្រភពផ្សេងៗ។

លើសពីនេះ ពលរដ្ឋបានដកស្រង់នូវបទពិសោធន៍ថ្មីៗនៃទម្រង់នៃការរស់នៅ និងការដឹកនាំ រស់នៅក្នុងសេរីភាពប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស និងការរស់នៅជាមួយនឹងព័ត៌មាន ដែលមានប្រភពមកពីគ្រប់ទិសទី ខណៈពួកគាត់ កាលពីជាង៣០ឆ្នាំមុន បានរស់នៅក្នុងឈាម និងទឹកភ្នែក សោកនាដកម្ម ការកាប់សម្លាប់ និងក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិលបំផ្លិចបំផ្លាញ។ ប៉ុន្តែបច្ចុប្បន្ននេះ ពួកគេគាត់បានឃើញពិភពលោកនេះយ៉ាងច្បាស់ និងបានឃើញពីភាពពិត នៅក្នុងសង្គមរស់នៅរបស់គាត់សព្វថ្ងៃទាំងចំណុចវិជ្ជមាននិងចំណុចអវិជ្ជមាន។ ការធ្វើទំនើបកម្មខ្លួនឯងនេះបានជួយឱ្យប្រជាពលរដ្ឋរឹងមាំខ្លួនឯង ស្គាល់ច្បាស់ពីខ្លួនឯង និងចូលរួមក្នុងការកសាងអនាគតខ្លួន។

អ្នកនយោបាយមួយចំនួនដែលកំពុងតែធ្វើនយោបាយបោកប្រាស់រាស្ត្រតាមរយៈការបំភ្លៃ បំផ្លើស បំប៉ោង និងបំភ័ន្ត ក៏បានទទួលបរាជ័យដែរដោយសារតែប្រជារាស្ត្របានទទួលព័ត៌​មានគ្រប់ជ្រុងជ្រោយ និងបានធ្វើការសម្រេចចិត្តត្រឹមត្រូវដោយឈរលើមូលដ្ឋានសន្តិភាព និងការអភិវឌ្ឍ។ ចុះបើប្រជាពលរដ្ឋបានធ្វើទំនើបកម្មខ្លួនឯងទៅហើយ តើមន្ត្រីរាជការសាធារណៈទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិគួរតែធ្វើទំនើបកម្មខ្លួនឯងដែរឬទេ?

ពិតណាស់ គឺត្រូវតែធ្វើទំនើបកម្មដោយចៀសមិនរួច! សម្តេចតេជោ ហ៊ុន សែន បានក្រើនរំឭកជារឿយៗដល់មន្ត្រីរាជការមិនថាមានវ័យចំណាស់ ឬក៏វ័យក្មេងត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឯងបន្ថែមទៀតដើម្បីដើរឱ្យទាន់ការវិវឌ្ឍនៃសភាពការណ៍ជាតិ និងអន្តរជាតិជាពិសេសការវិវឌ្ឍថ្មីៗនៃបច្ចេកវិទ្យា និងប្រព័ន្ធព័ត៌មានវិទ្យា ហើយរហូតដល់សម្តេចបានប្រកាសដាក់ឈ្មោះ រាជរដ្ឋាភិបាលកម្ពុជាថា ជារាជរដ្ឋាភិបាលអេឡិចត្រូនិក (E-government) ថែមទៀតផង។ វា​ជាការដល់ពេលវេលាសម្រាប់មន្ត្រីមួយចំនួនដែលមិនទាន់បានធ្វើទំនើបកម្មខ្លួនឯងស្របតាមការវិវឌ្ឍថ្មីៗនៃបច្ចេកវិទ្យា និងការពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីឆ្លើយតបនឹងតម្រូវការបច្ចុ​ប្បន្ន និងការវិវឌ្ឍនៃបច្ចេកវិទ្យា បំណងមួយដើម្បីដើរឱ្យទាន់ប្រជាពលរដ្ឋ ព្រោះមន្ត្រីរាជការជាអ្នកបម្រើសេវាជូនដល់ប្រជាពលរដ្ឋ។ ទាំងមន្ត្រីថ្នាក់ជាតិ និង មន្ត្រីថ្នាក់មូលដ្ឋានគួរពង្រឹង និងធ្វើទំនើបកម្មខ្លួនដើម្បីប្រសិទ្ធភាពការងារ។ មន្ត្រីមួយចំនួនដែលយល់ថាអ្វីដែលខ្លួន បានសិក្សា និងមានបទពិសោធន៍ការងាររាប់ឆ្នាំនៅក្នុងការងារហើយមិនចាំបាច់ធ្វើទំនើបកម្មខ្លួនគឺពិតជាការយល់ខុស និងធ្វើឱ្យការឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋមិនបានដល់កម្រិតដែលពលរដ្ឋចង់បានហើយចុងក្រោយប្រឈមនឹងការបាត់បង់នូវទំនុកចិត្ត។

បច្ចុប្បន្ននេះ គណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំរំដោះប្រទេស និងប្រជាជនកម្ពុជាចេញ​ពីរបបខ្មែរក្រហមប្រល័យពូជសាសន៍បានកំពុងធ្វើទំនើបកម្មមន្ត្រី និងសមាជិករបស់ខ្លួន ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែង និងការវិវឌ្ឍថ្មីៗនេះបច្ចេកវិទ្យា។ គណបក្សប្រជាជនកម្ពុជា ត្រូវបានគេមើលឃើញថាជាបក្សដែលបានធ្វើទំនើបកម្ម និងកំណែទម្រង់ស៊ីជម្រៅទាំងការដឹកនាំនៅក្នុងបក្ស និងការដឹកនាំក្នុងរាជរដ្ឋាភិបាល ហើយគណបក្សនឹងមិនអាចឱបក្រសោបឈើពុកបានឡើយ និងបានផ្តល់តម្លៃ និងឱកាសដល់អ្នកមានសមត្ថភាពដើម្បីចូលរួមក្នុងការដឹកនាំ និងសម្រេចជោគវាសនាប្រទេសជាតិជាមួយប្រជាពលរដ្ឋ។ ហេតុដូច្នេះហើយមន្ត្រីរាជការមួយចំនួន ដែលមិនទាន់បានធ្វើទំនើបកម្ម គួរខិតខំធ្វើទំនើបកម្មទាំងឥរិយាបថដែលត្រូវធ្វើជាខ្ញុំបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រនោះទេ និងគួរកុំធ្វើជាមន្ត្រីដែលមានជំងឺតួឯក កុំប្រមាថ កុំធ្លោយ កុំបណ្តោយ កុំបំពាន កុំបាត់ម្ចាស់ការ ហើយត្រូវប្រកាន់ខ្ជាប់នូវលក្ខណៈសម្បត្តិ ៤ យ៉ាង គឺវប្បធម៌សេវាសាធារណៈ ឆន្ទៈម្ចាស់ការ ភក្តីភាព និងមនសិការវិជ្ជាជីវៈ។ លើសពីនេះទន្ទឹមនឹងធ្វើទំនើបកម្មខ្លួនឯង មន្ត្រីរាជការគួរ «កុំចាំការងាររត់មករកយើង គឺយើងត្រូវរត់រកការងារ» នោះ ទើបរាស្ត្រស្រឡាញ់ និងផ្តល់ការគាំទ្រ៕

ដោយ៖ ហនុមាន


ក្រសួងសុខាភិបាល ប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម ក្រោមប្រធានបទ «រួមគ្នាប្រយុទ្ធនឹងជំងឺគ្រុនឈាម»

ក្រសួងសុខាភិបាល ប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម ក្រោមប្រធានបទ «រួមគ្នាប្រយុទ្ធនឹងជំងឺគ្រុនឈាម» នៅថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០១៧ ។ កម្មវិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រី ក្រសួងពត៌មាន ក្រសួងអប់រំ អភិបាលរាជធានីភ្នំពេញ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងកងកំលាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋ អង្គការដៃគូរួមមាន WHO MC និងRemos សរុបជិត២០០០នាក់។
នាឱកាសនោះផងដែរ លោក ម៉ម ប៊ុនហេង បានថ្លែងថា ការចូលរួមទាំងអស់គ្នាក្នុងកិច្ចការពារជំងឺគ្រុនឈាម គឺដើម្បីជួយលើកកម្ពស់សុខភាពប្រជាជន និងកាត់បន្ថយការចំណាយឲ្យបានច្រើនក្នុងក្រុមគ្រួសារ។ លោកបានកើតសរសើរនិងវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យកន្លងមក ក្នុងការកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារជំងឺគ្រុនឈាម ហើយលោកបានលើកទឹកចិត្ត និងអំពាវនាវអោយគ្រប់ផ្នែកពាក់ព័ន្ធបន្តការចូលរួមសហការបន្ថែមទៀត ដើម្បីឈានទៅរកការទប់ស្កាត់ជំងឺគ្រុនឈាម ។ លោកបានសំណូមពរដល់ប្រជាពលរដ្ឋ មាតាបិតា អាណាព្យាបាល កុមារា កុមារីត្រូវយកចិត្តទុកដាក់សំអាតលំនៅស្ថាន កុំអោយមានទឹកដក់ ដែលអាចជាប្រភពជម្រករបស់ដង្កូវទឹក និងមូសខ្លា។ ជាងនេះទៅទៀត សំណូមពរដល់មាតាបិតា អាណាព្យាបាលបញ្ជូនកូនចៅដែលសង្ស័យមានជំងឺគ្រុនឈាមទៅមន្ទីរពេទ្យរដ្ឋ និងមណ្ឌលសុខភាពជាបន្ទាន់។
សូមបញ្ជាក់ថា ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមត្រូវបានប្រារព្ធឡើងក្នុងគោលបំណងរំលឹកទិវាពិភពលោក និងទិវាជាតិដែលបានប្រារព្ធជារៀងរាល់ឆ្នាំដើម្បីប្រកាសជាសាធារណៈអំពីការតាំងចិត្តខ្ពស់របស់ភាគីពាក់ព័ន្ធក្នុងការរួមគ្នាប្រយុទ្ធនឹងជំងឺគ្រុនឈាម និងឈានទៅរកកាត់បន្ថយអត្រាឈឺ និងស្លាប់ សំរាប់ប្រទេសកម្ពុជា។
បើតាមរបាយការណ៍បានឲ្យដឹងថា ក្នុងឆ្នាំ២០១៧នេះ អំឡុង២៤សប្ដាហ៍ ជំងឺគ្រុនឈាមមានចំនួន១១៣៣ករណី និងស្លាប់១នាក់ (អត្រាស្លាប់០.១%)។ ជំងឺគ្រុនឈាមមានការថយចុះជាង៥០% និងករណីស្លាប់ ថយចុះជាង៨០% បើធ្រៀបនឹងទៅរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៦ ដែលមានចំនួន ២៤៤៧ករណី និងស្លាប់៥នាក់ (អត្រាស្លាប់០.២%)៕





ក្រសួងការបរទេស ចេញសេចក្តីប្រកាសអំពីលទ្ធផលកិច្ចប្រជុំ លើកទី៣​ របស់គណៈកម្មាធិការ​អចិន្ត្រៃយ៍​ មជ្ឈមណ្ឌល​តំបន់អាស៊ាន​ សម្រាប់​សកម្មភាពមីន​

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញសេចក្តីប្រកាសអំពីលទ្ធផលកិច្ចប្រជុំ លើកទី៣ របស់គណៈកម្មាធិការអចិន្ត្រៃយ៍ មជ្ឈមណ្ឌលតំបន់អាស៊ាន សម្រាប់សកម្មភាពមីន(ARMAC) ដែលកិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

សូមអានសេចក្តីប្រកាសរបស់ក្រសួងការបរទេស ខាងក្រោម៖



កម្លាំងនគរបាលខេត្តតាកែវចុះបង្ក្រាបកញ្ឆា ១២,០០០ដើម នៅ ៤៧ទីតាំងផ្សេងគ្នា

តាកែវ៖ កម្លាំងនគរបាលខេត្តតាកែវ ក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុក សំណាង ស្នងការនគរបាលខេត្ត បានបង្ក្រាបទីតាំងដាំបញ្ឆាជាង ១២,០០០ដើម ក្នុង ៤៧ទីតាំងផ្សេងគ្នា នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ នៅអាងស្តុបទឹកប្រស់ចំនួន ៥៤អាង ចំណុចដាបែកថ្លាង និងចំណុចដាក្រឡាញ់ ស្ថិតក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់។

ថ្លែងនៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧នេះ លោក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ ដែលបានដឹកនាំប្រតិបត្តិការនេះ បានឱ្យដឹងថា កម្លាំងនៃអធិការស្រុកសហការជាមួយប៉ុស្តិ៍ទាំង១២ បានចុះបង្រ្កាប និងដុតបំផ្លាញដំណាំកញ្ឆាខុសច្បាប់មានចំនួន ៤៧ទីតាំង ស្មើនឹង ១២,៨១៣ដើម។
លោកអធិការបញ្ជាក់ថា ទីតាំងខាងលើនេះ កម្លាំងនគរបាលរបស់លោកបង្ក្រាបចំនួន ៣លើករួចហើយ ប៉ុន្ដែម្ចាស់ទីតាំងមិនបញ្ឈប់សកម្មភាពនេះឡើយ។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញ កំពុងធ្វើការស្រាវជ្រាវដើម្បីចាត់វិធានការបន្ដ ៕




ខ្យល់កន្រ្ទាក់បំផ្លាញផ្ទះពលរដ្ឋ ៤ខ្នង និងផលដំណាំជាច្រើននៅស្រុកសំបូរ ខេត្តក្រចេះ

ក្រចេះ៖ បាតុភូតខ្យល់កន្រ្ទាក់ បានបំផ្លាញផ្ទះពលរដ្ឋ ៤ខ្នង និងផលដំណាំជាច្រើនទៀត កាលពីល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិខ្លីទទឹង ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ។

សមត្ថកិច្ចស្រុកសំបូរបានឱ្យដឹងថា ហេតុការណ៍ខាងលើនេះបណ្ដាលឱ្យដួលផ្ទះ ៤ខ្នង ខូចខាតទាំងស្រុងចំនួន ៣ខ្នង និងផលដំណាំជាច្រើនទៀត។

សមត្ថកិច្ចបានបន្តថា ម្ចាស់ផ្ទះចំនួន ៤ខ្នង ដែលរងការខូតខាតរួមមាន ទី១៖ ឈ្មោះ គីម ប៉ាតូ មានផ្ទះប្រវែង ៩ម៉ែត្រ គុណ ១២ម៉ែត្រ ទី២៖ ឈ្មោះ តោ គឹមច្រុង មានផ្ទះប្រវែង៤ម៉ែត្រ គុណ៦ម៉ែត្រ ទី៣៖ ឈ្មោះ ចាន់ ដារ៉ា មានផ្ទះប្រវែង៥ម៉ែត្រ គុណ១២ម៉ែត្រ និងម្ចាស់ផ្ទះទី៤៖ ឈ្មោះ ចែ យូហេង ផ្ទះប្រវែង៨ម៉ែត្រ គុណ១២ម៉ែត្រ ហើយចំនួន៣ខ្នង ដួលខ្ទិចខ្ទីអស់ និង១ខ្នងទៀត របើកដំបូលខូចខាតតិចតួច ផលដំណាំ ដើមឈើ និងទ្រព្យសម្បត្តិផ្សេងៗទៀត។

សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះធម្មជាតិ ដោយខ្យល់កន្ទ្រាក់នេះ មិនបណ្ដាលឱ្យមានអ្នករងរបួសនោះទេ គ្រាន់តែខូចខាតទ្រព្យសម្បត្តិតែប៉ុណ្ណោះ៕