Tuesday, July 04, 2017

ហ្វេសប៊ុក​ចៅចាក់​ស្មុក៖ ​ពលរដ្ឋ​កំពុង​ធ្វើទំនើបកម្ម​ខ្លួនឯង​ តើមន្ត្រី​បម្រើរាស្ត្រគួរ​ធ្វើ​ទំនើបកម្ម​ដែរឬទេ?

នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុកចៅចាក់ស្មុក បានបង្ហោះផ្សាយនូវអត្ថបទ មួយក្រោមចំណងជើងថា «ពលរដ្ឋកំពុងធ្វើទំនើបកម្មខ្លួនឯង តើមន្ត្រីបម្រើរាស្ត្រគួរធ្វើទំនើបកម្មដែរឬទេ?» ដែលមានខ្លឹមសារដូចខាងក្រោម៖

ខណៈប្រព័ន្ធព័ត៌មាន និងបច្ចេកវិទ្យា មានការរីកចម្រើនខ្លាំងនៅលើពិភពលោកបច្ចុប្បន្ន ប្រជាជនកម្ពុជា ក៏ស្ថិតនៅលើវិថីនៃការអភិវឌ្ឍនេះដែរដោយបានផ្សាភ្ជាប់ខ្លួនយ៉ាងសកម្មក្នុងការវិវឌ្ឍថ្មីៗនៃបច្ចេកវិទ្យា។ នៅពេលដែលប្រទេសកម្ពុជាកំពុងតែទទួលបានផលផ្លែផ្កាពីសុខសន្តិភាព និងការអភិវឌ្ឍក្នុងរយៈពេលជាង២០ ឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋកម្ពុជាកំពុងតែធ្វើទំនើបកម្មទាំងផ្នែកសម្បទាដោយបានខិតខំក្នុងការថែទាំសុខភាព ហាត់ប្រាណតមចំណីអាហារធ្វើយ៉ាងណា ដើម្បីបានអាយុយឺនយូររស់នៅយូរអង្វែងនៅលើផែនដីនេះ។

ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋក៏បានធ្វើទំនើបកម្មផ្នែកផ្នត់គំនិតរបស់ខ្លួនដោយសិក្សា និង​ទទួលយកនូវរបកគំហើញថ្មីៗដែលអ្នកវិទ្យាសាស្ត្របានរកឃើញក្នុងនោះមានទាំងព័ត៌​មានវិទ្យាជាដើម។ យោងតាមស្ថិតិរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបានកើនឡើងច្រើនពី ៧០ម៉ឺននាក់នៅឆ្នាំ ២០១៣ ដល់ជាង ៤លាននាក់នៅឆ្នាំ ២០១៦ គឺស្មើប្រមាណ ២៥% នៃចំនួនប្រជាជនសរុបរបស់កម្ពុជាប្រមាណជាង ១៥ លាននាក់។ ពួកគេភាគច្រើនប្រើប្រាស់ហ្វេសប៊ុកដើម្បីផ្លាស់ប្តូរព័ត៌មាន និងទទួលបានព័ត៌មានពីប្រភពផ្សេងៗ។

លើសពីនេះ ពលរដ្ឋបានដកស្រង់នូវបទពិសោធន៍ថ្មីៗនៃទម្រង់នៃការរស់នៅ និងការដឹកនាំ រស់នៅក្នុងសេរីភាពប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស និងការរស់នៅជាមួយនឹងព័ត៌មាន ដែលមានប្រភពមកពីគ្រប់ទិសទី ខណៈពួកគាត់ កាលពីជាង៣០ឆ្នាំមុន បានរស់នៅក្នុងឈាម និងទឹកភ្នែក សោកនាដកម្ម ការកាប់សម្លាប់ និងក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិលបំផ្លិចបំផ្លាញ។ ប៉ុន្តែបច្ចុប្បន្ននេះ ពួកគេគាត់បានឃើញពិភពលោកនេះយ៉ាងច្បាស់ និងបានឃើញពីភាពពិត នៅក្នុងសង្គមរស់នៅរបស់គាត់សព្វថ្ងៃទាំងចំណុចវិជ្ជមាននិងចំណុចអវិជ្ជមាន។ ការធ្វើទំនើបកម្មខ្លួនឯងនេះបានជួយឱ្យប្រជាពលរដ្ឋរឹងមាំខ្លួនឯង ស្គាល់ច្បាស់ពីខ្លួនឯង និងចូលរួមក្នុងការកសាងអនាគតខ្លួន។

អ្នកនយោបាយមួយចំនួនដែលកំពុងតែធ្វើនយោបាយបោកប្រាស់រាស្ត្រតាមរយៈការបំភ្លៃ បំផ្លើស បំប៉ោង និងបំភ័ន្ត ក៏បានទទួលបរាជ័យដែរដោយសារតែប្រជារាស្ត្របានទទួលព័ត៌​មានគ្រប់ជ្រុងជ្រោយ និងបានធ្វើការសម្រេចចិត្តត្រឹមត្រូវដោយឈរលើមូលដ្ឋានសន្តិភាព និងការអភិវឌ្ឍ។ ចុះបើប្រជាពលរដ្ឋបានធ្វើទំនើបកម្មខ្លួនឯងទៅហើយ តើមន្ត្រីរាជការសាធារណៈទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិគួរតែធ្វើទំនើបកម្មខ្លួនឯងដែរឬទេ?

ពិតណាស់ គឺត្រូវតែធ្វើទំនើបកម្មដោយចៀសមិនរួច! សម្តេចតេជោ ហ៊ុន សែន បានក្រើនរំឭកជារឿយៗដល់មន្ត្រីរាជការមិនថាមានវ័យចំណាស់ ឬក៏វ័យក្មេងត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនឯងបន្ថែមទៀតដើម្បីដើរឱ្យទាន់ការវិវឌ្ឍនៃសភាពការណ៍ជាតិ និងអន្តរជាតិជាពិសេសការវិវឌ្ឍថ្មីៗនៃបច្ចេកវិទ្យា និងប្រព័ន្ធព័ត៌មានវិទ្យា ហើយរហូតដល់សម្តេចបានប្រកាសដាក់ឈ្មោះ រាជរដ្ឋាភិបាលកម្ពុជាថា ជារាជរដ្ឋាភិបាលអេឡិចត្រូនិក (E-government) ថែមទៀតផង។ វា​ជាការដល់ពេលវេលាសម្រាប់មន្ត្រីមួយចំនួនដែលមិនទាន់បានធ្វើទំនើបកម្មខ្លួនឯងស្របតាមការវិវឌ្ឍថ្មីៗនៃបច្ចេកវិទ្យា និងការពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីឆ្លើយតបនឹងតម្រូវការបច្ចុ​ប្បន្ន និងការវិវឌ្ឍនៃបច្ចេកវិទ្យា បំណងមួយដើម្បីដើរឱ្យទាន់ប្រជាពលរដ្ឋ ព្រោះមន្ត្រីរាជការជាអ្នកបម្រើសេវាជូនដល់ប្រជាពលរដ្ឋ។ ទាំងមន្ត្រីថ្នាក់ជាតិ និង មន្ត្រីថ្នាក់មូលដ្ឋានគួរពង្រឹង និងធ្វើទំនើបកម្មខ្លួនដើម្បីប្រសិទ្ធភាពការងារ។ មន្ត្រីមួយចំនួនដែលយល់ថាអ្វីដែលខ្លួន បានសិក្សា និងមានបទពិសោធន៍ការងាររាប់ឆ្នាំនៅក្នុងការងារហើយមិនចាំបាច់ធ្វើទំនើបកម្មខ្លួនគឺពិតជាការយល់ខុស និងធ្វើឱ្យការឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋមិនបានដល់កម្រិតដែលពលរដ្ឋចង់បានហើយចុងក្រោយប្រឈមនឹងការបាត់បង់នូវទំនុកចិត្ត។

បច្ចុប្បន្ននេះ គណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំរំដោះប្រទេស និងប្រជាជនកម្ពុជាចេញ​ពីរបបខ្មែរក្រហមប្រល័យពូជសាសន៍បានកំពុងធ្វើទំនើបកម្មមន្ត្រី និងសមាជិករបស់ខ្លួន ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែង និងការវិវឌ្ឍថ្មីៗនេះបច្ចេកវិទ្យា។ គណបក្សប្រជាជនកម្ពុជា ត្រូវបានគេមើលឃើញថាជាបក្សដែលបានធ្វើទំនើបកម្ម និងកំណែទម្រង់ស៊ីជម្រៅទាំងការដឹកនាំនៅក្នុងបក្ស និងការដឹកនាំក្នុងរាជរដ្ឋាភិបាល ហើយគណបក្សនឹងមិនអាចឱបក្រសោបឈើពុកបានឡើយ និងបានផ្តល់តម្លៃ និងឱកាសដល់អ្នកមានសមត្ថភាពដើម្បីចូលរួមក្នុងការដឹកនាំ និងសម្រេចជោគវាសនាប្រទេសជាតិជាមួយប្រជាពលរដ្ឋ។ ហេតុដូច្នេះហើយមន្ត្រីរាជការមួយចំនួន ដែលមិនទាន់បានធ្វើទំនើបកម្ម គួរខិតខំធ្វើទំនើបកម្មទាំងឥរិយាបថដែលត្រូវធ្វើជាខ្ញុំបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រនោះទេ និងគួរកុំធ្វើជាមន្ត្រីដែលមានជំងឺតួឯក កុំប្រមាថ កុំធ្លោយ កុំបណ្តោយ កុំបំពាន កុំបាត់ម្ចាស់ការ ហើយត្រូវប្រកាន់ខ្ជាប់នូវលក្ខណៈសម្បត្តិ ៤ យ៉ាង គឺវប្បធម៌សេវាសាធារណៈ ឆន្ទៈម្ចាស់ការ ភក្តីភាព និងមនសិការវិជ្ជាជីវៈ។ លើសពីនេះទន្ទឹមនឹងធ្វើទំនើបកម្មខ្លួនឯង មន្ត្រីរាជការគួរ «កុំចាំការងាររត់មករកយើង គឺយើងត្រូវរត់រកការងារ» នោះ ទើបរាស្ត្រស្រឡាញ់ និងផ្តល់ការគាំទ្រ៕

ដោយ៖ ហនុមាន


No comments:

Post a Comment