Tuesday, July 04, 2017

រដ្ឋជាសមាជិក១៩៣ប្រទេសរបស់កិច្ចប្រជុំគណៈ កម្មាធិការបេតិកភណ្ឌពិភពលោកក្តុកក្តួលរំជួលចិត្តចំពោះវិញ្ញាណក្ខន្ធលោកឧបនាយករដ្ឋមន្ត្រី សុខ អាន!

នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ ក្នុងពិធីបើកកិច្ចប្រជុំលើកទី៤១នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលប្រារព្ធនៅទីក្រុង Krakow ប្រទេសប៉ូឡូញ ប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក អគ្គនាយិកាអង្គការយូណេស្កូ និងរដ្ឋជាសមាជិកចំនួន១៩៣ប្រទេស បានគោរពដួងវិញ្ញាណក័្ខន្ធលោកឧបនាយករដ្ឋមន្ត្រី សុខ អាន ជាថ្នាក់ដឹកនាំជាន់ខ្ពស់១រូបរបស់កម្ពុជា ដែលជាបុគ្គលដ៏ឆ្នើមលើកិច្ចការងារដើម្បីបេតិកភណ្ឌជាតិ និងពិភពលោក។ នេះបើតាមការបង្ហោះផ្សាយក្នុងគណនីហ្វេសប៊ុករបស់លោក សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ដែលបានអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំនោះ។
ការគោរពចំពោះវិញ្ញាណក្ខន្ធលោកឧបនាយករដ្ឋមន្ត្រី សុខ អាន ដោយសមាជិកកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤១ នេះ ពិតជាបានរំលឹកទៅដល់គុណបំណាច់កាត់ថ្លៃមិនបាននៃការប្រឹងប្រែងក្នុងមួយជីវិតរបស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន ដើម្បីបុព្វហេតុការពារ និងអភិរក្សសម្បត្តិវប្បធម៌ ដែលជាដួងព្រលឹងរបស់ជាតិខ្មែរ។ ពិតមែនតែលោកឧបនាយករដ្ឋមន្ត្រី សុខ អាន បានទទួលមរណភាពទៅក៏ពិតមែន ប៉ុន្តែ ការធ្វើពលីកម្មរបស់លោកឧបនាយករដ្ឋមន្ត្រីរបស់កម្ពុជារូបនេះ បានធ្វើឲ្យកិច្ចប្រជុំលើកទី៤១ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅក្នុងប្រទេសប៉ូឡូញ សង្វេគ ក្តុកក្តួលក្នុងចិត្តជាខ្លាំង ដែលអ្នកចូលរួមខ្លះស្ទើរទប់ទឹកភ្នែកពុំបាន នៅពេលឃើញកាយវិការដ៏រស់រវើករបស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន ត្រូវបានបញ្ចាំងនៅចំពោះមុខអ្នកគ្រប់គ្នា។

ចំពោះយើងជាពលរដ្ឋកម្ពុជា បានឃើញទិដ្ឋភាពនេះ ពិតជារំជួលចិត្តណាស់ និងសូមថ្លែងអំណរគុណចំពោះគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលបានថ្លែងពាក្យពេជន៍ដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅអំពីស្នាដៃរបស់លោកក្នុងវិស័យបេ​តិកភណ្ឌ ដែលជាប្រធានដ៏ឈ្លាសវៃក្នុងកិច្ចប្រជុំគណៈ​កម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៣៧ នាឆ្នាំ​២០១៣កន្លង៕



No comments:

Post a Comment