Tuesday, July 04, 2017

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន៖ ​ពលរដ្ឋ​អស់​ជំនឿ​លើក្រុម​បុគ្គលដែលជំនាញនិយាយ​អាក្រក់​ពីប្រទេសជាតិ​ខ្លួនឯង

លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​លើក​ឡើងថា​ កំណើន​នៃការគាំទ្រ​មកលើគណបក្ស​ប្រ​ជាជនកម្ពុជាទាំងក្នុង និង​ក្រៅប្រទេស​ បាននិងកំពុងកើនឡើង​យ៉ាងខ្លាំង​ ដោយសារពួកគេបាន​មើលឃើញច្បាស់ថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ។

នៅក្នុងទំព័រហ្វេសប៊ុកផ្លូវការនាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងបន្តទៀតថា ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសគាំទ្ររាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយសារពួកគេអស់ជំនឿទៅលើក្រុមបុគ្គលមួយចំនួន ដែលនិយាយបំផ្លើសការពិត និងមានជំនាញនិយាយអាក្រក់ពីប្រទេសជាតិខ្លួនឯង។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការ៖ សូមអរគុណ និងអបអរសាទរដល់សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា នៅក្រៅប្រទេសទាំងអស់ រួមទាំងនៅសហរដ្ឋអាមេរិក និងកាណាដា ដែលបានប្រារព្ឋខួបអនុស្សាវរីយ៍លើកទី៦៦ ថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា កន្លងទៅថ្មីៗនេះ។

កំណើននៃកម្លាំងគាំទ្រមកលើ គណបក្សប្រជាជនកម្ពុជា ទាំងក្នុងនិងក្រៅប្រទេស គឺបាននិងកំពុងកើនឡើងយ៉ាងខ្លាំង បន្ទប់ពីបងប្អូនបានឃើញនិងដឹងច្បាស់ថា មានតែ គណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលជាទីទុកចិត្តបស់ប្រជាពលរដ្ឋ។ ការឃោសនារបស់ក្រុមបុគ្គលមួយចំនួនដែលបំភ្លើសការពិត ជំនាញនិយាយអាក្រក់ពីប្រទេសជាតិរបស់ខ្លួនឯង គឺប្រជាពលរដ្ឋអស់ជំនឿលែងគាំទ្រហើយ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងជូនពរដល់បងប្អូន សមាជិកសមាជិកាគណបក្ស និងអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ទាំងនៅក្នុងនិងក្រៅប្រទេសទាំងអស់ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕











No comments:

Post a Comment