Tuesday, July 04, 2017

លោក កែវ ពៅ និងសហការីបាននាំយកទៀនវស្សា និងបច្ច័យសំភារៈបរិក្ខាទេយ្យទាន​ទៅប្រគេន​ព្រះសង្ឃគង់ចាំ​ព្រះវស្សា​នៅវត្តថ្មី​ ក្នុងស្រុក​កំពង់លែង​ ខេត្តកំពង់ឆ្នាំង​

កំពង់ឆ្នាំង៖ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ លោក កែវ ពៅ ប្រធានមន្ទីរសាធារណៈការខេត្តកំពង់ឆ្នាំង និងសហការីបាននាំយកទៀនព្រះវស្សា១គូ អង្ករ៥០kg និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ព្រមទាំងថវិកា ៥០១.០០០រៀល សម្រាប់មកសាងសមិទ្ធផលនានាក្នុងវត្ត និងបានប្រគេនព្រះសង្ឃ ៣៦អង្គសរុបបច្ច័យ
៧៨០.០០០រៀល ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅវត្តថ្មី ស្ថិតក្នុងឃុំកំពង់បឹង ឃុំកំពង់ហៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

គណៈកម្មការវត្តបានឲ្យដឹងថា ក្នុងពេលចូលវស្សារយៈពេល ៣ខែនេះ ព្រះសង្ឃគ្រប់វត្តមិនអាចនិមន្តបិណ្ឌបាតបានឡើយ។ ក្នុងពេលចូលវស្សានេះតែងតែយកចង្ហាន់មកប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខ័ន្ធញាតិការទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះលោក កែវ ពៅ ក៏បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្វែងរកសន្តិភាពពេញលេញ និងបានកសាងប្រទេសឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រដល់បច្ចុប្បន្ននេះ។

ប្រធានមន្ទីរសាធារណការខេត្តកំពង់ឆ្នាំង ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋឲ្យចូលរួមថែរក្សាសន្តិភាពឲ្យបានគង់វង្ស ទោះស្ថិតក្នុងតម្លៃណាក៏ដោយ និងថែរក្សាឲ្យបាននូវទំនៀមទំលាប់ប្រពៃណីខ្មែរឲ្យបានគង់វង្ស ដើម្បីទុកឲ្យកូនខ្មែរជំនាន់ក្រោយបន្តវេនយូរអង្វែងទៅអនាគត។

ជាចុងបញ្ចប់ លោក កែវ ពៅ និងសហការីបានជូនថវិកាដល់ប្រជាពលរដ្ឋ ២១៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១ម៉ឺនរៀល និងបានចុះពិនិត្យការសាងសង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រមួយខ្នង ៤គុណ៧ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ដែលជាអំណោយរបស់លោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍បានរួចជាស្ថាពរ៕




No comments:

Post a Comment