Tuesday, July 04, 2017

អភិបាល​ខេត្តកណ្តាល ផ្តាំ​ផ្ញើដល់ក្រុម​ប្រឹក្សាសង្កាត់​ថ្មី ត្រូវបន្ត​និងរក្សាឱ្យបាន​នូវសាមគ្គី​ភាព ដោយមិនបែងចែកនិន្នាការនយោបាយ

នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧ លោក ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមជាអធិបតីក្នុង ពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សា និងប្រកាសឈ្មោះប្រធានក្រុមប្រឹក្សា ចៅសង្កាត់ ចៅសង្កាត់ទី១ និងចៅសង្កាត់រងទី២ នៃរដ្ឋបាលសង្កាត់តាខ្មៅ ក្នុងក្រុងតាខ្មៅ ជាមួយនឹងវត្តមានរបស់អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋសរុបចំនួន ៣០០នាក់។
នៅក្នុងពិធីនោះ លោក ម៉ៅ ភិរុណ បានផ្តាំផ្ញើដល់ក្រុមប្រឹក្សាថ្មី ត្រូវប្រញាប់រៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាសង្កាត់ បន្តអនុវត្តលិខិតបទដ្ឋានគតិយុត្តនានា ដែលនៅជាធរមាន និងបន្តការងារដែលនៅសេសសល់ពីអាណត្តិមុន។ ម្យ៉ាងទៀត ក្រុមប្រឹក្សាសង្កាត់ថ្មីត្រូវបន្ត និងរក្សាឱ្យបាននូវវប្បធម៌សាមគ្គីភាព សម្របសម្រួល កុំបែងចែកនិន្នាការនយោបាយ ស្ថានភាពសង្គម ខិតខំលើកកម្ពស់ការចូលរួមបំពេញការងារជាក្រុមរបស់ក្រុមប្រឹក្សាទាំងអស់ ដោយត្រូវរៀនសូត្រពីគ្នា តាមរយៈការសួរនាំ ការឆ្លុះបញ្ចាំង និងការដកពិសោធន៍ទៅវិញទៅមក ទាំងសមាជិកថ្មីនិងចាស់ ដោយឈរលើទស្សនមតិភាគច្រើនស្តាប់យោបល់របស់មតិភាគតិច ហើយមតិភាគតិចត្រូវគោរពតាមការសម្រេចរបស់មតិភាគច្រើន ហើយប្រធាន និងសមាជិកក្រុមប្រឹក្សាទាំងអស់ ត្រូវរួមរួបរួមគ្នាបម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ បន្ថែមពីលើនេះ ក្រុមប្រឹក្សាសង្កាត់ត្រូវខិតខំស្វែងយល់ និងដោះស្រាយពីតម្រូវការរបស់ប្រជាពលរដ្ឋ រួមមាន ហេដ្ឋារចនាសម្ព័ន្ធ (ស្ពាន ផ្លូវ លូ) សមភាពយែនឌ័រ ការអប់រំកុមារតូច បញ្ហាបរិស្ថានអនាម័យក្នុងសង្កាត់ ជាពិសេសតាមផ្សារ និងទីប្រជុំជនផ្សេងៗ ខិតខំលុបបំបាត់ល្បែងស៊ីសង និងបទល្មើសនានាដែលកើតមានក្នុងមូលដ្ឋានរបស់ខ្លួន៕





No comments:

Post a Comment