Tuesday, July 04, 2017

រដ្ឋាភិបាល​បាន​ជំរុញ​ឲ្យកាត់​​​បន្ថយ​វិបត្តិ​លើ​ជន​ចំណាក​ស្រុក

ការ​ព្រមាន​អំពី​ការ​ខ្វះ​ខាត​ពល​កម្ម​នៅពេល​ជន​ចំណាក​ស្រុក​រាប់​លាន​នាក់​​បាន​រត់​គេច​ខ្លួន​​ទៅ​កាន់​ប្រទេស​កំណើត​របស់​គេ។
ក្រុម​ការពារសិទ្ធិ​មនុស្ស​ខាង​ផ្នែក​ពល​កម្ម​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​​អនុម័ត​វិធានការ​បន្ថែម​ដើម្បីជួយ​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​កម្មករ​ចំណាក​ស្រុក​ប្រមាណ ២ លាន​នាក់​នៅ​ថៃ​ដោយ​សារតែ​​មាន​ច្បាប់​ពល​ករ​បរទេស​ថ្មី។​
លោក Sompong Srakaew នាយក​​របស់​បណ្តាញ​លើក​កម្ពស់​សិទ្ធិ​ពលករ​បាន​និយាយ​ថា កម្មករចំណាក​ស្រុក​មាន​​​លិខិត​ឆ្លង​ដែន​​សុពល​ភាព​ ប៉ុន្តែ​ការងារ​របស់គេ​​មិន​បាន​ឆ្លើយ​តបទៅ​នឹង​​​លិខិត​ឆ្លង​ដែន​ដែល​បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​អនុញ្ញាត​ការងា​រ​របស់​គេ ឬ​គេ​បាន​ប្តូរ​ទៅ​​កាន់​និយោ​ជក​ថ្មី​ ហើយ​គេ​មិន​គួរ​ស្ថិត​ក្នុង​អ្នក​ដែល​អនុវត្ត​តាម​ច្បាប់​ថ្មី​នោះទេ។ ប្រទេស​ថៃ​មាន​ពល​ករ​ចំណាក​ស្រុក​សរុប​ប្រហែល​ ៥ លាន​នាក់​ ប៉ុន្តែ​​មាន​ត្រឹម​តែ​ ១,៣ លាន​នាក់​ប៉ុណ្ណោះ​ដែល​មាន​ឯកសារ​​សម​ស្រប​​និង​មិន​បំពេញ​តាម​សេចក្តី​ត្រូវ​ការ​ផ្លូវ​ច្បាប់​ថ្មី​ពេញ​លេញ។ អ្នក​ផ្សេង​ទៀត​រាប់​បញ្ចូល​ទាំង​អ្នក​ដែល​មាន​លិខិត​ឆ្លង​ដែន​សុពល​ភាព​ ប៉ុន្តែ​បាន​ផ្លាស់​ប្តូរ​ការ​ងារ​ ឬ​និយោជក​ ព្រម​ទាំង​អ្នក​ដែល​មិន​មាន​ឯកសារ​ណា​មួយ​ ក្រៅ​ពី​ធ្វើ​ការ​ខុស​ច្បាប់​នៅ​ប្រទេស​ថៃ។​
លោក Sompong បាន​និយាយថា គាត់​នឹង​ពិភាក្សា​​អំពី​បញ្ហា​ជា​មួយ​ក្រសួង​ការងារ​​នៅ​ថ្ងៃ​ពុធ​ និង​ជំរុញ​​ឲ្យ​រដ្ឋាភិបាល​​ដាក់​វិធានការ​ថ្មី​ៗ ​ដើម្បី​ជួយ​អ្នក​ដែល​មាន​ខ្លះ​រួច​ហើយ​ដើម្បី​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ។​
កម្មករ​ចំណាក​ស្រុក​ខ្លះ​មាន​ការ​ព្រួយ​បារម្ភ​ថា ពួក​គេ​នឹ​ង​ត្រូវ​ចាប់​ខ្លួន​ ទោះបីជា​​ពួក​គេ​មាន​ឯកសារ​ក៏​ដោយ។ នៅ​ក្នុងករណី​ជា​ច្រើន ភ្នាក់ងារ​ជ្រើ​ស​រើស​ពល​ករ​ ឬ​និយោជក​​បាន​ដក​យក​ឯកសារ​​របស់​កម្មករ​ ដូច្នេះ​គេ​មិន​អាច​ផ្ទៀង​ផ្ទាត់​​អត្ត​សញ្ញាណ​​​របស់​អ្នកដែល​​មាន​លិខិត​អនុញ្ញាត​​ធ្វើ​ការងារ​​នៅ​កន្លែង​​ការ​ងារ​ថ្មី​​របស់​គេ។ ជា​ងនេះទៅទៀត រោង​ចក្រ​ជា​ច្រើន​​មិន​ចង់​ជួល​​កម្មករ​ចំណាក​ស្រុក​ដោយ​ផ្ទាល់​ ដូច្នេះ​​ពួក​គេ​បាន​ងាក​ទៅ​រក​ជ្រើ​សរើស​កម្មករ​បន្ត​ដែល​មិន​មាន​តម្លា​ភាព​ក្នុងការ​បំ​ពេញ​តាម​តម្រូវ​ការ​របស់ច្បាប់។
លោក Sompong បាន​និយាយថា “​ប្រសិន​បើ​រដ្ឋាភិបាល​មិន​ចាត់​វិធានការ​​បង្ការ​នោះទេ ប្រទេស​ថៃ​នឹង​ប្រឈម​មុខ​វិបត្តិ​ការងារ​ម្តងទៀត ស្រដៀង​គ្នា​នឹង​អ្វី​បាន​កើត​ឡើង​កាល​ពី​ឆ្នាំ ២០១៤ នោះដែរ​។ កម្មករចំណាក​ស្រុក​ជា​ច្រើនដែល​​​មាន​លិខិតឆ្លងដែន ឬ​ប័ណ្ណ​​ពណ៌​ផ្កា​ឈូក​​មាន​ចំនួន​ប្រ​មាណ ២,៦ លាន​នាក់។ អ្នក​ផ្សេង​ទៀត​ត្រូវ​បាន​ចាត់​ទុក​ថា ជា​កម្មករចំណាក​ស្រុក​លួច​លាក់ ហើយ​ចំនួន​ពិតប្រាកដ​​របស់​គេ​មិន​ត្រូវ​បាន​គេ​ដឹង​នោះទេ។ វិបត្តិថ្មី​មួយ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​វិស័យ​ទាំង​អស់​របស់​សេដ្ឋកិច្ចថៃ។ ឧទាហរណ៍ គម្រោង​សំណង់​ធំៗ​នឹង​ត្រូវ​ផ្អាក​ ដោយ​សារតែ​កម្មករ​ភាគ​ច្រើន​គឺជា​ជន​ចំណាក​ស្រុក​ដែល​ជួល​តាម​រយៈ​អ្នក​ជ្រើស​រើសកម្មករ​បន្ត”។
ទោះបីជា​​ការ​អនុវត្ត​ច្បាប់​ពល​ករ​បរទេស​ថ្មី​នោះ​​ត្រូវ​បាន​គេ​ព្យួរ​​រយៈ​ពេល ១២០ ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី ២៣ ខែ​មិថុនា​មក​ក៏​ដោយ ក៏​កម្មករចំណាក​ស្រុក​រាប់​​សិបពាន់​នាក់​​ពី​កម្ពុជា ​និង​មីយ៉ាន់ម៉ា​​បាន​ចាក​ចេញពី​ប្រទេស​ថៃ ដោយ​សារតែ​​ការ​ដាក់​ទណ្ឌ​កម្ម​ធ្ងន់​ធ្ងរ​ដែល​ចែង​នៅ​ក្នុង​ច្បាប់​នោះ។ នៅ​ក្នុង​ខេត្ត Tak មាន​ព្រំដែន​ជាប់​ប្រទេស​មីយ៉ាន់ម៉ា​ កម្មករចំណាក​ស្រុក​ជាង ៣០.០០០ នាក់​បាន​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​​របស់គេ​រួច​ហើយ​ក្នុង​រយៈ​ពេល ៣ ថ្ងៃនេះ ក្នុង​ខណៈ​ដែល​កម្មករ​កម្ពុជា​រាប់​សិប​ពាន់​នាក់​​ក៏​បាន​ចាក​ចេញ​ផង​ដែរ។
យោងតាម​ក្រុម​តស៊ូ​មតិ​លើ​សិទ្ធិ​​ពល​ករ​បាន​ឲ្យ​ដឹងថា គួរ​តែ​មាន​វិធានការ​បន្ថែម​ដើម្បី​​បំពេញ​បន្ថែម​ទៅ​នឹង​ច្បាប់​ថ្មី​នោះ។ វិធានការទី​មួយ​​នឹង​តម្រូវ​ឲ្យ​កម្មករ​ចំណាក​ស្រុក​ទាំង​អស់​រក្សា​លិខិត​ឆ្លងដែន​​និង​លិខិត​អនុញ្ញាត​ធ្វើការ​របស់​គេ​ដោយ​ខ្លួន​ឯង។ ទីពីរ ពួក​គេ​គួរ​តែ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្តូរ​​ការ​ងារ​ ឬ​និយោជក​​ដោយ​ស្រប​ច្បាប់។ ទីបី រដ្ឋាភិបាល​គួរ​តែ​ជួល​​ក្រុម​ហ៊ុន​ឯក​ជន​​ដើម្បី​ធ្វើការងារ​ចុះ​បញ្ជី​សម្រាប់​សេវា​ឆាប់​រហ័ស ជាជាង​​ការ​ប្រើ​ប្រាស់​ថវិការ​របស់ខ្លួន​លើ​ការ​អនុវត្ត​ច្បាប់។ ទីបួន ការ​ចំណាយ​សម្រាប់​ឯកសារ​សមស្រប​ និង​ការ​ចុះ​បញ្ជី​គួរ​តែបន្ទាប​ពី​តម្លៃបច្ចុប្បន្ន​ចំនួន ៣០.០០០ ទៅ​ចំនួន ២០.០០០ បាត ក្នុង​ម្នាក់។
ទន្ទឹម​គ្នា​នោះដែរ រដ្ឋ​មន្ត្រីការបរទេស​មីយ៉ាន់ម៉ា​​លោក​ស្រី អ៊ុង​ សាន​ស៊ូជី បាន​ប្រាប់​អ្នក​គាំ​ទ្រថា គាត់​នឹង​ចរចា​ជា​មួយ​រដ្ឋាភិបាល​ថៃ ​ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​​ដែល​ចេញ​ពី​ច្បាប់​ពល​កម្ម​ថ្មី​របស់​ថៃ​នោះ ដោយ​សារតែ​ពល​ករ​ចំណាក​ស្រុក​មីយ៉ាន់ម៉ា​រាប់​​ពាន់​នាក់​បាន​បាត់​បង់​ការងារ​។​
អាជ្ញាធរ​​អន្តោរ​ប្រវេសន៍​នៅ​ក្បែព្រំដែន​ កម្ពុជា​-ថៃ​​ បាន​បង្កើន​ការ​ត្រួត​ពិនិត្យ​​របស់​គេ​លើ​​ប្រជា​ជន​កម្ពុជា​ដែល​ចង់​ចូល​​ប្រទេសថៃ ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជួញ​ដូរ​មនុស្ស​ដែល​កម្មករ​ចំណាក​ស្រុក​គ្មាន​ឯកសារ​​ត្រូវ​បាន​រំលោភ​បំពាន​ដោយ​បណ្តាញ​ឧក្រឹដ្ឋ​ជន។ ប៉ុន្តែ លោក Surawud Wongsamran នាយក​របស់​សភាពាណិជ្ជកម្ម​​ខេត្ត​ស្រះ​កែវ​បាន​និយាយថា ច្បាប់​ពលករ​បរទេស​ថ្មី​នោះ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ធុរកិច្ច​របស់​ថៃ​ ជាពិសេស​​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម ​និង​កសិកម្ម៕

ប្រភព៖ The Nation ចុះថ្ងៃ០៣ ខែកក្កដា​ ​ឆ្នាំ២០១៧

No comments:

Post a Comment