Tuesday, July 04, 2017

វាសនាប្រទេសជាតិនាថ្ងៃអនាគត ​ត្រូ​វពឹងលើប្អូនៗ​ជាទំពាំង​ស្នងឬស្សី​ ត្រូវខិតខំ​ប្រឹងប្រែង​ព្យាយាម​រៀនសូត្រ​​ក្រេបយក​ចំណេះដឹង​ដើម្បីខ្លួន​ និងជាតិយើង​ទាំងមូល

នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ នេះ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបំប៉នសិស្សានុសិស្សថ្នាក់ទី ១២  ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅសាលប្រជុំវិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ។ ពិធីបើកវគ្គបំប៉ននោះ រៀចំដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សហការជាមួយមន្ទីរអប់រំ យុវជននិងកីឡាខេត្តព្រះវិហារ ដែលមានការអញ្ជើញចូលរួមពីលោកប្រធាន អនុប្រធានមន្ទីរ ប្រធានការិយាល័យនៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត គណៈកម្មាធិការសហភាពសហព័ន្ធយុវជនខេត្ត ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុង ស្រុក លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សប្រមាណ ១៥០ នាក់។

លោកអភិបាលខេត្តព្រះវិហារ បានថ្លែងទៅកាន់ប្អូនៗសិស្សានុសិស្សថា វាសនាប្រទេសជាតិនាថ្ងៃអនាគត ត្រូវពឹងលើប្អូនៗទាំងអស់គ្នាជាទំពាំងស្នងឬស្សីហើយ  ដូច្នេះចូរប្អូនៗសិស្សា​នុសិស្ស ខិតខំប្រឹងប្រែងព្យាយាមរៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹង ពីលោកគ្រូ អ្នកគ្រូដើ​ម្បីខ្លួន និងជាតិយើងទាំងមូល។ លោកអភិបាល ក៏បានបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានលោក ហ៊ុន ម៉ានី ជាប្រធាន បានយកចិត្តទុកដាក់ចំពោះយុវជន ដែលជាកម្លាំងបន្តវេនចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ហេតុនេះហើយយុវជនត្រូវតែជាយុវជនដែលមានសមត្ថភាព និងសីលធម៌ល្អ ដូចនេះត្រូវខិតខំរៀនសូត្រ ត្រូវមានចិត្តក្លាហាន និងជូនពរប្អូនៗទទួលលទ្ធផលល្អក្នុងពេលប្រឡងមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ។

នៅក្នុងពិធីនោះដែរ លោកអភិបាលខេត្តព្រះវិហារ ក៏បានផ្តល់ជូនប្អូនៗឆ្នាំសិក្សា ២០១៥-២០​១៦ កន្លងមកដែលជាប់ និទ្ទេស B ៨ នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១ លានរៀលគត់ និងទូរស័ព្ទ Samsung ១ គ្រឿងពី លោក សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារផងដែរ ចំណែកសិស្សនិទ្ទេស C ចំនួន ៤៧ នាក់ ទទួលបានម្នាក់ៗថវិកា ១០ម៉ឺនរៀល ព្រមទាំងលោកគ្រូ អ្នកគ្រូ ចំនួន ២៧ នាក់ ទទួលបានថវិកាម្នាក់ៗ ៣ ម៉ឺនរៀល និងបានឧបត្ថម្ភបាល់ចំនួន ៣៤ បាល់ ដល់វិទ្យាល័យទាំង ១១ ក្នុងខេត្តព្រះវិហារផងដែរ៕







No comments:

Post a Comment