Tuesday, July 04, 2017

កាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ទី២២​ ជូនដល់​ក្រុមគ្រួសារ​ប្អូនប្រុសឈ្មោះ​ លៃ ខ្ជៀយ​ ក្នុងស្រុក​ស្វាយលើ​ ខេត្តសៀមរាប​

លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានសាខាកាកបាទក្រហមខេត្តសៀមរាប និងលោកស្រី ស៊ិន ណម សមាជិក្រុមប្រឹក្សាខេត្ត ព្រមទាំងសហការី បានធ្វើការប្រគល់ផ្ទះមនុស្សធម៌ទី២២ ដែលមានទំហំ ៤ម៉ែត្រ គុណ ៥ម៉ែត្រ សង់ពីឈើ តម្កល់លើជើងតាង កម្ពស់ពីដី១,៧០ម៉ែត្រ ប្រក់ស័ង្កសី ក្រាលក្តារ ជញ្ជាំងក្ដារ ជូនដល់ក្រុមគ្រួសារប្អូនប្រុសឈ្មោះ លៃ ខ្ជៀយ អាយុ ៣៨ឆ្នាំ មានប្រពន្ធឈ្មោះ មេ ចាន អាយុ ៤៣ឆ្នាំ មានកូន ០៧នាក់ នៅភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។

មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែព្រួយបារម្ភ និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

អនុប្រធានសាខាកាកបាទក្រហមខេត្តសៀមរាប ក៏បានបន្តថា ដោយមើលឃើញពីទុក្ខលំបាករបស់ក្រុមគ្រួសារប្អូនប្រុស ទើបសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានសម្រេចសាងសង់ផ្ទះមួយខ្នងជូនក្រុមគ្រួសារប្អូនប្រុសនាពេលនេះ ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន និងលោកបណ្ឌិតប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត។ នេះជាការបង្ហាញ នូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីថ្នាក់ដឹកនាំ សំខាន់គឺកាកបាទក្រហមកម្ពុជា ដែលបានលើកឡើងថា កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។

លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង បានបន្តទៀតថា «សូមប្អូនប្រុសប្អូនស្រី កុំអស់សង្ឃឹមចំពោះវាសនារបស់ខ្លួន ទោះបីមានភាពក្រីក្រក៏ពិតមែន ក៏សង្គមជាតិមិនបោះបង់ចោលក្រុមគ្រួសារប្អូនទាំងពីរឡើយ ដោយយើងមានអាជ្ញាធរមូលដ្ឋានជាអ្នកគ្រប់គ្រងនៅជិតខ្លួន» ។

នាឱកាសនោះដែរ លោកស្រីក៏បាននាំយកនូវអំណោយសង្កត់ផ្ទះរួមមាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ៥យួរ សម្ភារៈផ្ទះបាយ និងថវិកា២០ម៉ឺនរៀល។ ដោយឡែកសម្រាប់លោកតា លោកយាយ ដែលអញ្ជើញចូលរួមចំនួន ២០នាក់ ក៏ទទួលបានថវិកាមួយចំនួនផងដែរ៕







No comments:

Post a Comment