Tuesday, July 04, 2017

កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្តីពីការ​ផ្តល់​ហិរញ្ញប្បទាន​ឥតសំណង​ ដែលមាន​ទឹកប្រាក់​សរុបចំនួន​ ៦៤៩​ លានយ៉េនជប៉ុន​

នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០១៧នេះ  លោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា (Horinouchi Hidehisa) ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ៦៤៩ លានយ៉េនជប៉ុន (ប្រហែល ៥, ៧៧ លានដុល្លារ)។

លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៏ថា ការចុះហត្ថលេខា លើលិខិតប្ដូរសារស្ដីពីហិ​រ​ញ្ញ​ប្ប​ទា​​ន​ឥ​ត​សំ​ណ​ង​នេះ នឹងត្រូវ​អនុវត្តក្នុងរយៈពេល២ឆ្នាំ ជាប់គ្នាដូចខាងក្រោម​៖

-​ ២៨៦ លានយ៉េន (ប្រមាណ ២.៥ លាន​​ដុល្លារអាមេរិក) សម្រាប់ឆ្នាំសារពើពន្ធ ២០១៧ និង

– ៣៦៣ លា​នយ៉េន (ប្រមាណ ៣.២៧ លាន​​ដុល្លា អាមេរិក) សម្រាប់ឆ្នាំសារពើ ពន្ធ ២០១៨។

លោកទេសរដ្ឋមន្ត្រី ក៏បានមានប្រសាសន៏ទៀតថា ការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ស​ម្រា​ប់​អ​ភិ​វ​ឌ្ឍ​ធ​ន​ធា​ន​មនុស្សនៅកម្ពុជា ​មានរយៈពេល១៧ឆ្នាំ មកហើយ។ គិតត្រឹមឆ្នាំ២០១៦ ជប៉ុនបានផ្តល់ជំនួយនេះ​ស​រុ​ប​​ចំ​នួ​ន​៥.២០៨ លានយ៉េន សម្រាប់និស្សិតកម្ពុជាចំនួន ៣៦៨នាក់ ទៅបន្តការសិក្សានៅប្រទេសជប៉ុន។

លោកទេសរដ្ឋមន្ត្រី បានឲ្យដឹងទៀតថា ក្នុ​ង​ចំណោមនិស្សិតទាំងនេះមានចំនួន ២៧៥នាក់ ដែលបា​នបញ្ចប់ការសិក្សា និងវិលត្រលប់មកមាតុប្រទេសវិញ ហើយបាន​នឹងកំពុងចូ​ល​រួ​ម​ចំ​​ណែ​​​ក​យ៉ា​ង​ស​ក​ម្ម​ក្នុ​​ង​កា​រ​អភិ​វឌ្ឍកម្ពុជាលើវិស័យជាច្រើន។

លោកទេសរដ្ឋមន្ត្រី បានបន្តថា ការអភិវឌ្ឍធនធានមនុស្ស គឺជាអាទិភាពចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រោះ​ជោ​គ​​ជ័យ​នៃ​គោលនយោបាយ និងយុទ្ធសាស្ត្រ អភិវឌ្ឍប្រទេសជាតិយើង ត្រូវពឹងផ្អែកទៅ លើចំណេះដឹង ជំនាញ និង​ទេព​​​កោ​ស​​ល្យ​ក្នុងការអនុវត្ត។

កម្ពុជាបានប្រែខ្លួនពីប្រទេសដែលមានចំណូលទាប​ ទៅ​ជា​ប្រ​ទេ​ស​មា​ន​ចំណូ​ល​មធ្យម​កម្រិតទាប គឺដោយ សាររាជរដ្ឋាភិបាលយើងបានជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ត្រឹមត្រូវ និង​ដោយមាន​​​​​​ការឧបត្ថម្ភ​​គាំទ្រ​ដ៏​ថ្លៃថ្លាពីជប៉ុន និងពីប្រទេសដៃគូអភិវឌ្ឍន៍ដទៃទៀតផងដែរ។

លោកទេសរដ្ឋមន្ត្រី តាងនាមរាជរដ្ឋាភិបាលកម្ពុជា សូមសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋា​ភិបាល​ជប៉ុន ដែលបាន​សម្រេចចិត្តបន្តផ្ដល់ជំនួយសម្រាប់អភិវឌ្ឍធនធានមនុស្សនៅកម្ពុជា រយៈពេល ៣ឆ្នាំទៅមុខទៀត គឺពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២១។ ជំនួយតាម រយៈលិខិតប្ដូរសារ ដែលបានចុះហត្ថ​លេខា​នៅ​ថ្ងៃ​នេះ ​គឺជាការជួយឧបត្ថម្ភបន្ថែម ទៅលើកញ្ចប់ជំនួយអភិវឌ្ឍន៍ផ្លូវការជាច្រើន ដទៃទៀត ​ដែលត្រូវបាន​ផ្ដល់ដោយរដ្ឋា​ភិ​បាល​ជប៉ុននាពេលកន្លងមក​។

លោក ប្រាក់ សុខុន បានបន្ថែមទៀតថា ជំនួយនេះនឹងចូល​រួ​ម​ចំ​​ណែ​កថែមទៀត​​ដ​ល់​កិ​ច្ច​ខិ​ត​ខំ​ប្រឹ​ង​ប្រែ​ង​រ​ប​​ស់​ក​ម្ពុ​ជា​ ក្នុ​ង​កា​រ​កា​ត់បន្ថយគម្លាត​ការ​អភិវឌ្ឍ​​របស់​​ខ្លួន ទាំងនៅ​​ក្នុងប្រទេស និ​ងនៅក្នុង​តំ​បន់ផងដែរ៕


No comments:

Post a Comment