Tuesday, November 05, 2013

បទវិចារណកថា ដោយ រួម ជាតិ «ដំ​ណើរការ​ប្រជា​ធិបតេយ្យ ៖ ស្នាម​មេដៃ គ្មាន​តម្លៃ​លើសន្លឹក​ឆ្នោត​ទេ»




បទវិចារណកថា

 ដំ​ណើរការ​ប្រជា​ធិបតេយ្យ ៖ ស្នាម​មេដៃ គ្មាន​តម្លៃ​លើសន្លឹក​ឆ្នោត​ទេ

          កាលពីពេល​កន្លង​មក​នេះ​ មេដឹក​នាំគណ​បក្ស​ប្រឆាំង​បាន​គៀង​គប្រជាពលរដ្ឋ​ឲ្យធ្វើមហាបាតុកម្ម និង​​បាន​​យកស្នាមមេដៃ និង​ញត្តិ ដែល​គ្មាន​តម្លៃជាគតិយុត្ត​  ​នាំ​យក​ទៅដាក់​នៅ​តាម​បណ្តាស្ថានទូត​នានា ដើម្បី​បង្ហាញ​ថា គណបក្ស​របស់​ខ្លួន​មាន​សំ​ឡេង​គាំ​ទ្រ​ច្រើន​ជា​ង​គណបក្ស​ប្រជា​ជន​កម្ពុជា។
          ការ​ពិត​ លទ្ធផល​បោះ​ឆ្នោត​ត្រូវ​បានប្រកាសរួច​រាល់​ហើយ​ ដោយ​ស្ថាប័ន​ គ.ជ.ប ដែល​ទទួល​បន្ទុក​រៀប​ចំ​​ការ​បោះ​ឆ្នោត​ និង​បាន​ធ្វើឡើងតាម​បែ​បប្រជាធិបតេយ្យ​ សេរី​ពហុបក្ស ប៉ុន្តែ បន្ទាប់​ពី​ចាញ់​ឆ្នោត គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ តែ​៥៥ អាសនៈ បាន​បដិសេធ​មិន​ទទួល​យក​លទ្ធផល​នោះ និង​បង្កើតជា​លេស​ផ្សេង​ៗ តាម​រយៈការ​ធ្វើ​បាតុកម្ម​ទាម​ទារ​បង្កើត​យន្ត​ការ​ថ្មី​ដែល​ផ្ទុយ​ពី​ច្បាប់​ និង​ការ​ប្រមូល​ស្នាម​មេដៃ​ជា​ដើម​។
          ប៉ុន្តែ សកម្មភាព​ទាំង​ឡាយ​ទាំង​ពួង​របស់​គណបក្ស​ប្រឆាំង មិន​ទទួល​បាន​នូវ​ការ​ចាប់​អារម្មណ៍​ ឬ​លើក​ទឹក​ចិត្ត​ពី​មជ្ឈដ្ឋាន​ជាតិ អន្តរជាតិនោះ​ទេ ដោយ​គេបាន​ចាត់​ទុកថា វាពុំ​មែន​ជាសកម្មភាព​​ត្រឹម​ត្រូវ​ស្រប​តាម​ផ្លូវ​ច្បាប់​នោះ​ឡើយ​​។ ផ្ទុយ​ទៅ​វិញ​ វា​គ្រាន់​តែ​ជា​ការ​បង្កើត​ហេតុ​ផល​ ដើម្បី​គាប់​ចិត្តម្ចាស់ឆ្នោត​មួយ​ចំ​នួន​តែ​ប៉ុណ្ណោះ​។
          ជាក់​ស្តែ​ង បញ្ហា​នេះ ត្រូវ​បាន​អ្នកច្បាប់​​មួយ​ចំ​នួន​បានចាត់​ទុកថា ជា​ចេតនា​ជាន់​ឈ្លីលើ​ច្បាប់​​ និងបើក​យុទ្ធ​នាការ​​ភូត​កុ​ហក ដោយ​ពុំ​ផ្អែក​លើ​មូល​ដ្ឋាន​អ្វី​ច្បាស់​លាស់​សោះ​ឡើយ​។
ជា​គោល​ការ​ណ៍​ច្បាប់​ « ស្នាម​ម្រាមដៃគេចាត់ទុកថា ជាទម្រង់មួយនៃការបង្ហាញឆន្ទៈ ប៉ុន្តែដើម្បីឲ្យ​ការ​បង្ហាញ​ឆន្ទៈ​នេះ​មាន​តម្លៃ​អាចយកជាការបាន មានតម្លៃផ្លូវច្បាប់​ គឺថា ការបង្ហាញឆន្ទៈ​តាមស្នាម​មេ​ដៃ​នេះ​ត្រូវ​តែ​មាន​ភាព​ច្បាស់លាស់ »។       នៅពេលដែលមានចលនា​ដើរ​ប្រមូល​ស្នាម​ម្រាមដៃ​នៅ​តាម​ទីសា​ធារណៈ ហើយ​អះអាងថា បានមនុស្សរាប់លាននាក់ គឺប្រ​សិទ្ធិ​ភាព​នៃស្នាមមេដៃនេះ បើ​​និយាយតាម​ផ្លូវ​ច្បាប់​ ដើម្បីឲ្យមាន​តម្លៃ​ យ៉ាង​ហោច​​​ណាស់​ក៏​យើង​ត្រូវ​គិត​ពីភាពច្បាស់លាស់​ជាពីរ​ ​ទី១ គិត​ពី​អត្តសញ្ញាណ មិនចាំបាច់​ទៅ​និយាយ​ស្នាម​មេ​ដៃ​មនុស្ស​រាប់លាននាក់នោះទេ ត្រឹមស្នាមមេដៃ​បុគ្គល​ម្នាក់​បង្ហាញ​ឆន្ទៈ​លើ​កិច្ច​សន្យា​មួយ​ដែល​គាត់​ផ្តិត​មេ​ដៃ​ ដើម្បី​មានតម្លៃផ្លូវច្បាប់ ស្នាមមេដៃនោះ​ ត្រូវតែច្បាស់​លាស់​​លើ​អត្ថ​សញ្ញាណ។ ​អញ្ចឹង​ដើម្បីឲ្យ​ច្បាស់លាស់​គេ​ត្រូវមានយន្តការ​លម្អិតអម​បន្ថែមទៀត ឧទាហរណ៍​ ត្រូវមាន​អ្នក​ផ្តិត​ស្នាមមេដៃអម ត្រូវ​មាន​ការ​ដឹងឮពីអាជ្ញាធរ រដ្ឋអំណាច មេធាវី បើចាំបាច់ គេអាច​ធ្វើ​កោស​លវិច្ឆ័យ​បាន​ទៀតផង។ ប៉ុន្តែ​របៀប​ប្រមូល​ស្នាមមេដៃនៅទីសាធារណៈបែបនេះ អាចផ្តិតពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ រីឯបុគ្គល​ខ្លះ​ មាន​ការ​បន្លំ អត្ត​សញ្ញា​ណ​​មិនច្បាស់លាស់ មនុស្សម្នាក់អាចផ្តិតនៅទីនេះ ហើយ​បន្តិច​ទៀត​អាច​ផ្តិតនៅទីនោះ អ្នក​ណា​អាចដឹងថា គាត់​ផ្តិតរួចហើយ?
ភាពច្បាស់លាស់មួយទៀត គឺថា ដើម្បី​អាច​សម្តែងឆ​ន្ទៈ​ផ្លូវច្បាប់ ​គឺ​ទាម​ទារ​ឲ្យ​មាន​ការ​យល់​ដឹង​ឲ្យ​ច្បាស់លាស់អំពីខ្លឹមសារថា តើគាត់ផ្តិត​ស្នាមមេ​ដៃហ្នឹងទៅលើ​ឯកសា​រមួយ​ដែល​មាន​ខ្លឹម​សារ​ដូច​ម្តេច?​អញ្ចឹ​ង​​​ជាក់ស្តែងយើងឃើញថា ធ្វើឡើង​តគ្នា ឃើញគេផ្តិត ផ្តិត​នឹង​គេដែរ តាម​បែប​លេង​សើច​ ​មិន​មាន​ភាព​ហ្មត់​ចត់តាមផ្លូវច្បាប់ទេ គឺថា ផ្តិត​ហើយ​ផ្តិត​ទៀតៗៗ​ ធ្វើយ៉ាង​ម៉េច​ដើម្បី​ឲ្យបាន​ស្នាម​មេ​ដៃ។
ថ្វីត្បិតតែ ស្នាមមេដៃ គឺជា​​រូបភាព​មួយក្នុងការសម្តែងឆន្ទៈ ប៉ុន្តែ​ស្នាម​មេ​ដៃ​នេះ មិន​មាន​តម្លៃ​សម្រាប់ជំនួសទៅដល់ការបោះឆ្នោតទេ។ សូមបញ្ជាក់ថា ​​របៀបបង្ហាញ​ឆន្ទៈ​ដើម្បីជ្រើស​រើស​ថ្នាក់​ដឹកនាំ​តាម​បែបលិទ្ធិប្រជាធិបតេយ្យ គឺត្រូវធ្វើតាមរយៈ​សន្លឹក​ឆ្នោតមិនមែន​ធ្វើតាម​រយៈ​ប្រមូល​ស្នាម​មេ​ដៃ​នោះ​ទេ។
​សន្លឹក​ឆ្នោតតាមឆន្ទៈ​របស់ប្រជាពល​រដ្ឋ​ គឺបង្ហាញពីភាពច្បាស់លាស់នៃ​ការ​សម្រេចចិត្ត​ ។ យោងតាមរដ្ឋ​ធម្ម​នុញ្ញ និងយោង​តាមច្បាប់បោះឆ្នោត ដើម្បី​ធានាថា ឆន្ទៈ​របស់​ប្រជាពល​រដ្ឋ​មាន​ភាព​ត្រឹម​ត្រូវ​យ៉ាង​ណា​ នោះ​  គឺបើ​យើង​គ្រាន់​តែ​គូសខុស គូសច្រើនកន្លែង គឺថាសន្លឹកឆ្នោត​យើង​យកជាការពុំបានទេ  មូល​ហេតុ​អ្វី?​គឺ​​មក​ពី​ការ​សម្តែង​ឆន្ទៈមិនច្បាស់លាស់។ ដូច្នេះ ការស្វែងយល់អំពីលិទ្ធិ​ប្រជាធិបតេយ្យ​មិន​ច្បាស់​លាស់ គឺជា​គ្រោះ​ថ្នាក់​មួយ​សម្រាប់​​ប្រទេសកម្ពុជា។
យ៉ាង​ណា​មិញ​ តាមរយៈការប្រមូលស្នាមមេដៃ ដែល​អ្នកនយោ​បាយកំ​ពុង​តែ​បំផុស​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​យល់​ច្រឡំ​ពីលទ្ធិប្រជាធិបតេយ្យ គឺ​បាន​ដើរចេញ​ឆ្ងាយ​​ពី​ក្រប​ខ័ណ្ឌ​នីតិ​រដ្ឋ ។ មូលហេតុអ្វី? មូលហេតុ គឺថា​តាមរយៈនេះ​គ្រោះថ្នាក់​សម្រាប់​កម្ពុជាក្នុ​ងការ​អនុវត្ត​ដំណើរ​ការ​លិទ្ធិ​ប្រ​ជា​ធិប​តេយ្យ គឺទាក់ទងនឹងការភាន់​ច្រឡំ​​​របស់​ប្រជាពលរដ្ឋ ដោយយល់​ឃើញថា ការ​ជ្រើស​​រើស​ថ្នាក់​ដឹក​នាំ​តាម​បែប​លិទ្ធិប្រជាធិបតេយ្យ​ គឺធ្វើ​តាម​រយៈប្រមូល​ស្នាម​មេដៃ។  ប៉ុន្តែ ​ក្នុងករណីនេះ​មិនដែល​មាន​ប្រទេស​ណាមួយ​គេ​ធ្វើទេ គឺគេធ្វើតាមរយៈ​សន្លឹក​ឆ្នោតតែ​ប៉ុណ្ណោះ។
 ក្នុង​ច្បាប់បោះឆ្នោតមាត្រា៩៥ ក៏បាន​បង្ហាញផង​ដែរថា « ការបោះឆ្នោត ជាការ​សម្ងាត់របស់​អ្នក​បោះឆ្នោត » ច្បាប់នេះក៏បានបញ្ជាក់បន្ថែមទៀតដែរថា ការ​ចង់​ដឹង​អំពីការសម្ងាត់ ឬការបង្ហើប​ការសម្ងាត់តាម​រូប​ភាព​ណាក៏ដោយត្រូវហាមឃាត់។ មូលហេតុអ្វី​ត្រូវ​ហាម​ឃាត់​? ចំណុច​​​​នេះយើងត្រូវធ្វើការកត់សម្គាល់ ហើយក្នុងបទបញ្ជា និងនិតិវិធីក៏ដូចជា​ច្បាប់​ដែល​ពាក់​ព័ន្ធ​នឹង​ច្បាប់​បោះ​​ឆ្នោត ការសម្ងាត់ត្រូវ​បានធានា​យ៉ាងតឹងរឹង។ ប្រសិនបើនៅពេលបោះឆ្នោតមានការបែកធ្លាយ វាអាច​ធ្វើឲ្យ​ប៉ះ​ពាល់ដល់ដំណើរការ​បោះ​ឆ្នោត​​ និង​សន្លឹកឆ្នោតមាន​បញ្ហា​។ សន្លឹកឆ្នោត​ដែលមិនអាច​ថែរក្សាបាន​នូវ​ការ​សម្ងាត់​ ការ​បោះ​ឆ្នោត​ត្រូវទុកជា​មោឃៈ។  អញ្ចឹងការសម្ងាត់​ត្រូវបានគេ​ធានាណាស់។ ​មូលហេតុអ្វីបាន​ជាការសម្ងាត់​របស់អ្នកបោះឆ្នោត​ត្រូវ​បាន​​ធានាទី១ គោលដៅធំបំផុតឲ្យដំណើរការនៃការបោះឆ្នោតប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវ យុត្តិធម៌។ ទី២ ដើម្បីធានាថា ភាពឯកជនផ្នែកនយោបាយរបស់បុគ្គលត្រូវបានធានាផងដែរ។ ហើយចំណុចនេះវាក៏ផ្សារ​ភ្ជាប់ជាមួយសន្តិសុខ ទាំងសុវត្ថិភាពរបស់បុគ្គលដែរ ។ ចំណុចសំខាន់នោះថា ការ​រក្សា​ការ​សម្ងាត់នេះ ​គឺការ​ធានានូវឯករាជ្យជាតិ ។ ក្រោយការបោះឆ្នោត យើងលែងនិយាយអំពីរឿងបោះឆ្នោតហើយ គឺប្រជាពលរដ្ឋ​ចាប់ផ្តើមប្រកបនូវជីវភាពជាប្រក្រតីជាធម្មតា ការបោះឆ្នោតបានបញ្ចប់ ដំណើរត្រូវទៅមុខ ប្រជាធិបតេយ្យ​ផ្តើម​​ចេញពីការគោរពឆន្ទៈរបស់ប្រជាពលរដ្ឋ ហើយប្រជាធិបតេយ្យក៏​ត្រូវផ្តើមចេញ​គោរព​ឆន្ទៈ​មតិភាគ​ច្រើន។
ដូច្នេះ ការប្រមូលស្នាមមេដៃនៅតាមផ្លូវ គឺជារឿងគ្រោះថ្នាក់មួយសម្រាប់​សង្គម ។ អញ្ចឹង សូម​ឲ្យមេដឹកនាំគណបក្សប្រឆាំង ត្រូវ​គិតពិចារណាឲ្យមែនទែន។ តើចំណុចគ្រោះថ្នាក់គឺអ្វី?យើងគិត​ពី​បញ្ហា​សន្តិ​សុខ​របស់បុគ្គលដែលបានបង្ហាញស្នាមមេដៃជារឿងមួយ ប៉ុន្តែចំណុចដែលសំខាន់ធ្វើឲ្យបែក​បាក់ឯករាជ្យជាតិ ការធ្វើឲ្យប្រទេសជាតិបែកបាក់សាមគ្គី ហើយនាំស្នាមមេដៃទៅឲ្យបរទេសដើម្បីដាក់ការគាប​សង្កត់​មក​លើ​រាជ​រដ្ឋាភិបាលកម្ពុជា មានន័យយ៉ាងម៉េច? មានន័យថា ធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យជាតិ និង​ប៉ះពាល់​ទៅ​ដល់​ព្រះមហាក្សត្រ ជាទីគោរពសក្ការៈនៃប្រជាពលរដ្ឋខ្មែរ ថែម​ទៀត​ផង។ ពី​ព្រោះ​ថា អ្នកណា​ទៅ​ដឹងថា​គាត់អាចធានាថា អ្នកដែលគាត់អាចទៅយកស្នាម​មេ​ដៃជាង១លាននាក់ទៀតនោះ វាមិនទៅជាន់ជា​មួយអ្នក​ដែល​បាន​ផ្តិត​មេ​ដៃ​លើកមុនជាង២លាននាក់។
ការ​ប្រមូល​ស្នាម​មេដៃ​នេះ ​ជា​រឿង​ដែល​​រៀបចំគ្រាន់បានជារូបភាព ប៉ុន្តែ ខ្លឹម​សារផ្នែកច្បាប់គ្មាន​តម្លៃ​អ្វីសោះ​។​ ជា​ការពិតណាស់ ការប្រមូលស្នាម​មេដៃតាមទីសាធារណៈនេះ គឺជាការអនុវត្តមិន​ត្រឹម​ត្រូវ​ ពី​ព្រោះ​វា​បាន​ប៉ះពាល់ទៅនឹងការ​សម្ងាត់​របស់​អ្នកបោះឆ្នោត។
អ្នក​ច្បាប់​មួយ​ចំ​នួន​ទៀត​ ក៏​បាន​យល់​ឃើញ​ស្រដៀង​គ្នា​នេះ​ដែរ ដោយ​គេបាន​ហៅការធ្វើបាតុកម្ម ក៏​ដូច​ជាធ្វើការ​ផ្តិតមេដៃ ធ្វើញាត្តិ​ទាំង​អស់​​នេះ គ្រាន់តែជា​បញ្ហា​មួយ​បោក​បញ្ឆោត​ប្រជា​ពលរដ្ឋខ្មែរដែល​លង់​លក់​ទៅនឹងការបោកបញ្ឆោតរបស់មេ​គណបក្សប្រឆាំង​តែប៉ុណ្ណោះ។
ដូច្នេះ​សកម្ម​ភាព​ទាំងអស់នេះ នឹង​នាំមកនូវភាពអាណាធិបតេយ្យនៅក្នុងសង្គមជាតិកម្ពុជា​ទៅ​អនា​គត ហើយជាកា​រមួយ​ដែល​កំពុងតែហែកសង្គមជាតិខ្មែរឲ្យទៅជាពីរ ហើយ​គណបក្ស​ប្រឆាំង​​កំពុង​តែ​បញ្ឆេះ​ក្រុម​របស់ខ្លួន សមាជិក​របស់ខ្លួន យុវជនរបស់ខ្លួនដើម្បីស្អប់ខ្មែរមួយក្រុមទៀតដែល​គាំទ្រ​គណ​បក្ស​​ប្រជាជន​កម្ពុជា។​ កន្លែង​ហ្នឹង​ហើយ​ដែលជាគ្រោះថ្នាក់មួយធំ បង្កើតនូវអណាធិបតេយ្យ ​បង្កើតនូវ​ការ​បែក​បាក់​សាមគ្គីភាព ហើយ​អ្វីដែលសំខាន់​មួយ​ទៀត អ្នកទាំងអស់គ្នាកំពុងតែយក​អធិបតេយ្យ​ភាព​របស់​កម្ពុជា​យក​ទៅដោះដូរ​នឹងអំណាច​ដែលខ្លួន​ចង់​បាន​ ។ ក្នុង​ន័យ​នេះ ​បើសិនអ្នកទាំងនោះមានសមត្ថភាព មានការស្មោះ​ត្រង់ ជាមួយប្រទេសជាតិរបស់ខ្លួន មិនមែន​ទៅ​ភូតភរ​ប្រជាពលរដ្ឋរបស់ខ្លួន មិនមែនទៅភូតភរ ស្ថានទូតមួយ​ចំ​នួន​​ដើម្បី នឹងបម្រើ​មហច្ឆិ​តា​អំណាច​របស់​ខ្លួននោះទេ»។
ជារួម តម្លៃ​នៃ​ស្នាម​មេដៃ​ មិន​អាច​មក​ថ្លឹង​ជា​មួយ​នឹង​តម្លៃ​នៃ​ការ​បោះ​ឆ្នោត​បានឡើយ​។ ស្នាម​មេដៃ​ ដែល​បង្កើត​ឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​គ្រាន់​តែ​បង្ហាញ​ពី​ភាព​ឡប់​ឡែ ដើម្បី​កេង​ចំ​ណេញ​នយោ​បាយ​។ ដោយ​ឡែក​ សន្លឹក​ឆ្នោត កាលពី​ថ្ងៃ​ទី​២៨ ខែ​ កក្កដា ឆ្នាំ​២០១៣ កន្លង​ទៅ ទើប​ជា​ការ​បង្ហាញ​នូវ​ឆន្ទៈ​ពិត​ប្រាកដ​របស់​ប្រជា​ពល​រដ្ឋ​៕

អត្ថបទ​៖  រួម​ ជាតិ​