Tuesday, March 22, 2022

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូត អ៊ីស្លាមប៉ាគីស្ថានថ្មី ប្រចាំនៅកម្ពុជា

នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយនឹង ឯកឧត្តម ហ្សាហ៉ីរូឌីន បាបា សាហ៉ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអ៊ីស្លាមប៉ាគីស្ថាន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា



នៅក្នុងជំនួបនោះ ឯកឧត្តម ហ្សាហ៉ីរូឌីន បាបា សាហ៉ីម បានគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានចំណាយពេលដ៏មមាញឹក អនុញ្ញាតឲ្យ ឯកឧត្តមបានជួបសំដែងការគួរសម និងពិភាក្សានាពេលនេះ។ ឯកឧត្តមបានគោរពជម្រាបជូនសម្ដេចតេជោ នាយករដ្ឋមន្ត្រីថា ឯកឧត្តមពិតជាមានកិត្តិយសណាស់ដែលបានមកធ្វើជា ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានជម្រាបជូនសម្តេចតេជោថា រយៈពេលជាងមួយខែកន្លងមកនេះ ឯកឧត្តមសង្កេតឃើញថា ប្រទេសកម្ពុជាមានការអភិវឌ្ឍ ស្រស់ស្អាតជាមួយនឹងប្រជាជនដែលមានភាពរួសរាយរាក់ទាក់ និងមន្ត្រីរាជការផ្ដល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អ។ ឯកឧត្តម បានជម្រាបជូនសម្ដេចតេជោផងដែរថា ប្រទេសប៉ាគីស្ថាន ចាត់ទុកប្រទេសកម្ពុជាជាដៃគូសំខាន់  ក្នុងន័យនេះ ឯកឧត្តមបានជម្រាបជូនសម្តេចតេជោថា បេសកកម្មការទូតរបស់ឯកឧត្តមមកកាន់កម្ពុជានេះ នឹងបន្តសកម្មភាពដែលមានស្រាប់ផង នឹងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីជំរុញទំនាក់ទំនងលើគ្រប់វិស័យ ក្នុងទិសដៅពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យឈានដល់កម្រិតថ្មីមួយទៀត។ 

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងសម្ដែងនូវការអបអរសាទរចំពោះ ឯកឧត្តម ហ្សាហ៉ីរូឌីន បាបា សាហ៉ីម ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្វាគមន៍ផងដែរ ចំពោះការលើកឡើងរបស់ឯកឧត្តម និងបានលើកទឹកចិត្តឲ្យ ឯកឧត្តមពិនិត្យមើលសក្តានុពលផ្សេងៗទាំងឡាយដែលប្រទេសទាំងពីរអាចធ្វើបាន ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលមានសារសំខាន់សម្រាប់បំពេញឲ្យគ្នាទៅវិញទៅមក  និងចូលរួមចំណែកពង្រីក ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរ ដែលមានទំនាក់ទំនងដែលអាចចាត់ទុកថា ជាវ័យចំណាស់មួយ រហូតដល់៧០ឆ្នាំហើយក្នុងឆ្នាំនេះ។ 

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានជម្រាបទៅ ឯកឧត្តម ហ្សាហ៉ីរូឌីន បាបា សាហ៉ីម ផងដែរថា ក្នុងក្របខណ្ឌអាស៊ាន អ្វីដែលកម្ពុជាចង់បានក្នុងនាមជាប្រធានអាស៊ាន គឺការបើកដំណើរការសេដ្ឋកិច្ចអាស៊ានឡើងវិញ ក្នុងគ្រាដែលកំពុងរៀនរស់នៅជាមួយនឹងវិបត្តិកូវីដ១៩។ 

ឆ្លៀតនៅក្នុងឱកាសនោះផងដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលប៉ាគីស្ថាន ដែលបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ហើយបានស្នើដល់រដ្ឋាភិបាលប៉ាគីស្ថានបន្តផ្ដល់អាហារូបករណ៍ជាបន្តទៀត ដល់ប្រទេសកម្ពុជា៕






សម្រង់ប្រសាសន៍ដើមទាំងស្រុង សម្តេចតេជោ ហ៊ុន សែន,​ ពិធីប្រកាសផ្សព្វផ្សាយនិងដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី ២ (២០២១-២០៣០)

 CNV: 21 ខែ​មីនា, 2022

សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស និងសមាជិក សមាជិកា នៃអង្គពិធី ជាទីមេត្រី !

ថ្ងៃនេះ ខ្ញុំមានសេចក្ដីរីករាយ ដោយបានមកចូលរួម ក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី ២ (២០២១-២០៣០) បន្ទាប់ពីដំណាក់កាលទី ១ នៃកម្មវិធីជាតិរយៈពេល ១០ ឆ្នាំ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិត្រូវបានបញ្ចប់នាចុងឆ្នាំ ២០២០ កន្លងមក។

 


ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដែលបានបំពេញតួនាទីដឹកនាំ និងសម្របសម្រួលកិច្ចការជាទូទៅនៃកម្មវិធីកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សម្រេចបានសមិទ្ធផលគួរជាទីមោទនៈ។ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិដៃគូអភិវឌ្ឍ  និងអង្គការសង្គមស៊ីវិល ដែលបានចូលរួមអនុវត្តការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈ​ការ និងកម្មវិធីកែទម្រង់សំខាន់ៗដទៃទៀតរបស់រាជរដ្ឋាភិបាលសម្រេចបានជោគជ័យជាបន្តបន្ទាប់។

ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាការពង្រឹងអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេលជាង ៣ អាណត្តិកន្លងមក ដើម្បីរៀបចំឡើងវិញនូវរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់ក្រោមជាតិ ដោយឈរលើគោលការណ៍អភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។ រដ្ឋបាលថ្នាក់ក្រោមជាតិ គឺជានីតិបុគ្គលនៃនីតិសាធារណៈដែលត្រូវទទួលនូវសិទ្ធិអំណាចនានាដោយរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីលើកកម្ពស់គុណភាពជីវិតប្រជាជនក្នុងមូលដ្ឋានប្រកបដោយតម្លាភាព សុចរិតភាព នីតិរដ្ឋ និងសមធម៌សង្គម តាមរយៈការលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។

កាលពីឆ្នាំ ២០២០ កន្លងមក កម្ពុជាបានអនុវត្តបញ្ចប់ កម្មវិធីជាតិរយៈពេល ១០ ឆ្នាំ ដំណាក់កាលទី ១ (ឆ្នាំ២០១០-២០២០) ដោយសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ គឺការរៀបចំ និងដាក់ឱ្យដំណើរការនូវស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមគោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ និងវិមជ្ឈការ ដែលមានក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនាមជាស្ថាប័នទទួលខុសត្រូវក្នុងការធ្វើសេចក្តីសម្រេចចិត្តលើគោលនយោបាយអភិវឌ្ឍមូលដ្ឋាននីមួយៗ និងជាអ្នកដែលត្រូវបានបោះឆ្នោតជ្រើសរើសដោយប្រជាពលរដ្ឋតាមអាណត្តិនីមួយៗរបស់ខ្លួន។

ការវិវឌ្ឍនៃការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ តាមដំណាក់កាលនីមួយៗ បានជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែមានលទ្ធភាពនិងពង្រឹងសមត្ថភាពទទួលខុសត្រូវជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ចតាមមូលដ្ឋាន  ការផ្តល់សេវាសាធារណៈ ការដោះស្រាយបញ្ហាប្រឈមនានាបានទាន់ពេលវេលាជូនប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចខ្លួនប្រកបដោយប្រសិទ្ធភាព។

បច្ចុប្បន្ន កម្ពុជាពិតជាទទួលបានបទពិសោធន៍គ្រប់គ្រាន់  សម្រាប់បន្តការកែទម្រង់ស៊ីជម្រៅនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីចូលរួមចំណែកស្តារសេដ្ឋកិច្ចជាតិឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ជាមួយនឹងរបៀបវារៈនានា នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិរហូតដល់ឆ្នាំ ២០៣០។

ដូច្នេះ ដើម្បីសម្រេចតាមគោលដៅដែលបានគ្រោងទុក និងធានាដល់ការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី ២, ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមផ្តល់នូវអនុសាសន៍ដូចខាងក្រោម ៖

ទីមួយ អំពីការបន្តលើកកម្ពស់ប្រសិទ្ធភាព និងចីរភាពនៃការគ្រប់គ្រងការងារកែទម្រង់ ត្រូវបន្តបែងចែកឱ្យបានច្បាស់លាស់នូវតួនាទី សិទ្ធិអំណាច និងការទទួលខុសត្រូវលើការផ្តល់សេវាសាធារណៈ ដែលត្រូវបានផ្ទេរពីក្រសួង-ស្ថាប័នថ្នាក់ជាតិទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសរវាងថ្នាក់រដ្ឋបាលនីមួយៗ ដើម្បីរៀបចំគោលនយោបាយ និងការផ្តល់សេវា ក្នុងវិស័យនីមួយៗ។ គ.ជ.អ.ប. ត្រូវបន្តពង្រឹងការអនុវត្តតួនាទីរបស់ខ្លួន ដោយផ្សារភ្ជាប់ជាមួយកម្មវិធីកែទម្រង់សំខាន់ៗដទៃទៀត ហើយត្រូវដឹកនាំសម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិនិត្យ និងកែសម្រួលច្បាប់ លិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធឱ្យស្របទៅនឹងគោលនយោ​បាយ និងការវិវឌ្ឍនៃការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

គ.ជ.អ.ប ចាំបាច់ត្រូវសិក្សានូវជម្រើសសមស្របនានា សម្រាប់រៀបចំយន្តការស្ថាប័នជាក់លាក់នៅថ្នាក់ជាតិ ដែលជាយន្តការអចិន្ត្រៃយ៍ ធានាប្រសិទ្ធភាពនៃការដឹកនាំ ការសម្របសម្រួល ការតាមដានត្រួតពិនិត្យរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិដែលបានកំណត់។

ទីពីរ អំពីការបន្តពង្រឹងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តពង្រឹងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិបន្ថែមទៀត តាមរយៈការរៀបចំឡើងវិញនូវមុខងាររចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងនៃរដ្ឋបាលថ្នាក់ក្រោមជាតិនី​មួយៗ ក្នុងការផ្តល់សេវាទាន់ពេលវេលាជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានផ្អែកលើសក្តានុពលនៃមូលដ្ឋាននីមួយៗ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ការប្រកួតប្រជែង និងសមធ៌មសង្គម​។

រដ្ឋបាលរាជធានីភ្នំពេញត្រូវរៀបចំឱ្យមានរចនាសម្ព័ន្ធគ្រប់គ្រង និងមុខងារ ស្របតាមចរិតលក្ខណៈជាទីក្រុងធំដែល ហៅជាសកលថា ទីក្រុងមេត្រូប៉ូលីតែន ដើម្បីធានាដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ដែលជាតម្រូវការស្របតាមកំណើនប្រជាជន និងសេវាទីក្រុង។ រដ្ឋបាលខេត្តត្រូវបន្តរៀបចំឱ្យមានរចនាសម្ព័ន្ធគ្រប់គ្រង និងមុខងារ ស្របតាមចរិតលក្ខណៈជារដ្ឋបាលតំបន់ ដែលតំណាងឱ្យរាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័នថ្នាក់ជាតិ ហើយត្រូវគាំទ្រតាមដានត្រួតពិនិត្យលើការបំពេញការងាររដ្ឋបាលមូលដ្ឋាន ការផ្តល់សេវាសាធារណៈជាមួយ នឹងការគ្រប់គ្រងគម្រោងអភិវឌ្ឍ ដែលមានលក្ខណៈបច្ចេកទេសខ្ពស់ ហើយដែលក្រុង/ស្រុកមិនអាចមានលទ្ធភាពអនុវត្តបាន។ ចំពោះរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ត្រូវបន្តពង្រឹងឱ្យក្លាយ ទៅជារដ្ឋបាលមូលដ្ឋានជួរមុខ លើការផ្តល់សេវាចាំបាច់នានា ជូនប្រជាពលរដ្ឋដោយផ្ទាល់នៅតាមមូលដ្ឋាននីមួយៗ។

ចំពោះប្រព័ន្ធអភិបាលកិច្ច នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រុមប្រឹក្សាដែលជាតួអង្គទី ១ ត្រូវបង្កើតឡើងតាមការបោះឆ្នោត ដើម្បីធ្វើជាតំណាងឱ្យសម្លេង និងផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ហើយមានតួនាទីធ្វើសេចក្តីសម្រេច ក្នុងក្របខណ្ឌនៃសិទ្ធិអំណាច ដែលបានកំណត់ដោយច្បាប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច ហើយក៏អាចត្រួតពិនិត្យលើការអនុវត្តការងារគណៈអភិបាល ក្នុងការអនុវត្តការងារតាមការសម្រេចរបស់ខ្លួន។ តួអង្គទី ២ គឺគណៈអភិបាលដែលត្រូវបានតែងតាំងដោយថ្នាក់ជាតិឱ្យទៅបម្រើការងារជាមួយក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីគ្រប់គ្រង ចាត់ចែងការងារប្រចាំថ្ងៃ មានតួនាទីអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សា ហើយមានតួនាទីធ្វើជាតំណាងឱ្យរាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធនឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តច្បាប់នៅក្នុងដែនសមត្ថកិច្ចខ្លួន។

ទីបី អំពីការពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តពិនិត្យ និងកែលម្អគោលការណ៍ និងកម្មវិធីនានាដែលពាក់ព័ន្ធទៅនឹងការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីលើកទឹកចិត្តការបំពេញការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការផ្តល់ថវិកាបន្ថែមលើបៀវត្ស និងការឧបត្ថម្ភផ្សេងៗ ការដំឡើងកម្រិតថ្នាក់ និងឋានន្តរស័ក្តិ ក្នុងមុខតំណែងនានានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យសមស្របទៅនឹងមុខជំនាញ ដើម្បីធានាការគ្រប់គ្រងធនធាន មនុស្សប្រកបដោយប្រសិទ្ធភាព យុត្តិធម៌ និងគ្មានការរើសអើង។


[ផ្ដើមសេចក្ដីអធិប្បាយ]

សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!

ខ្ញុំចង់បញ្ជាក់ទៅលើចំណុចនេះបន្ដិច។ ព្រឹកមិញសម្ដេចក្រឡា​ហោម  ស ខេង បានដាក់ឲ្យខ្ញុំនូវពង្រាងនៃការធ្វើវិសោធនកម្មច្បាប់នៃការគ្រប់គ្រងនេះឯង។ យើងមិនបាន​ឆ្លង​គណៈកម្មការជាតិនោះទេ ប៉ុន្ដែខ្ញុំបានដាក់នៅ(ក្នុង​របៀបវារៈ)ថ្ងៃប្រជុំគណៈរដ្ឋមន្ដ្រី នៅថ្ងៃ ១ ខែមេសា ខាងមុខនេះ។ ថ្នាក់មូល​ដ្ឋានកំពុងមានការកើនឡើងនូវការងារយ៉ាងច្រើន ហើយបទពិសោធន៍ជោគជ័យរយៈពេល ២ ឆ្នាំ នៃការប្រយុទ្ធប្រឆាំង​ កូវីដ–១៩ នោះ គឺជោគជ័យនៃការបែងចែកមុខងារ និងការផ្ទេរអំណាចកាន់តែច្រើនទៅកាន់មូលដ្ឋាន។

ក្នុងចំណុចនេះ ប្រសិនបើអ្វីៗរង់ចាំថ្នាក់ជាតិ ហើយថ្នាក់ក្រោមជាតិមិនអាចធ្វើសកម្មភាពបានទៅតាមទំហំការងារ និងការឆ្លើយតបបន្ទាន់ទេនោះ យើងមិនអាចមានជោគជ័យតាមរបៀបសព្វថ្ងៃនេះទេ។ ជំងឺ​រាតត្បាតនេះធ្ងន់​ធ្ងរពេក។ វាហួសពីលទ្ធភាពត្រួតត្រាបាន។ ប៉ុន្ដែ ដោយសារតែយើងបានធ្វើជំហានមុន​ដោយការផ្ទេរអំ​ណាចនិងបែងចែកមុខងារទៅមូលដ្ឋាន មូលដ្ឋានបានប្រឹងប្រែងខ្លាំងណាស់ដើម្បីឆ្លើយតប … ឥឡូវនេះ ការឆ្លងនៅខេត្តខ្លះអត់មានទេក្នុងមួយថ្ងៃៗ។ ចំណុចនេះ មិនមែន​បានមក​ពីថ្នាក់ជាតិយើងទាំងអស់ទេ។ ថ្នាក់ជាតិផ្ដល់មធ្យោ​បាយ សិទ្ធិអំណាចឲ្យថ្នាក់មូលដ្ឋានចាត់ចែង។ នោះហើយគឺជាបទពិសោធន៍ជោគជ័យដែលទទួលបានពីការពង្រឹងថ្នាក់មូលដ្ឋានឱ្យមានការទទួលខុសត្រូវកាន់​តែខ្ពស់។

ក្នុងពេលដែលថ្នាក់មូលដ្ឋានទទួលខុសត្រូវ យើងបានឃើញថា ថ្នាក់មូលដ្ឋានកំពុងខ្វះកំលាំង។ ដូច្នេះ បានជាយើងត្រូវរៀបចំវិសោធនកម្មច្បាប់ដើម្បីកំណត់ចំនួនអ្នកទទួលខុសត្រូវក្នុងក្របខណ្ឌគណៈអភិបាលខេត្ត និងស្រុកផងដែរ។ ចំណុចខ្ញុំសូមបញ្ជាក់ ជាបទពិសោធន៍មួយដែលល្អដែលចាំបាច់ត្រូវជម្រុញនៅពេលខាងមុខ ព្រោះមិនអាចអ្វីៗនៅថ្នាក់ជាតិ ហើយអ្វីៗនៅថ្នាក់មូលដ្ឋាននៅកៀក(ប្រជាពលរដ្ឋ) ហើយមិនធ្វើសកម្មភាពនោះទេ។ ជោគជ័យរបស់យើងគឺបានមកពីចំណុចនេះឯង។


[បញ្ចប់សេចក្ដីអធិប្បាយ]

ទីបួន អំពីធនធានហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តខិតខំពង្រឹងការគ្រប់គ្រងការប្រមូលចំណូលជាមួយ នឹងការគ្រប់គ្រងចំណាយប្រកបដោយតម្លាភាព។ គ្រប់ស្ថាប័ន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវកាត់បន្ថយចំណាយដែលពុំមានតម្រូវការចាំបាច់ រួមទាំងគម្រោងវិនិយោគសាធារណៈ ដែលពុំទាន់ចាំបាច់ ដើម្បីធានាស្ថិរភាពថវិកាជាតិ ដែលកំពុងស្ថិតក្នុងស្ថានភាពលំបាកដោយសារជំងឺកូវីដ-១៩។ សាខាពន្ធដារ រាជធានី-ខេត្តត្រូវសហការជិតស្និទ្ធជាមួយរដ្ឋបាលរាជធានី-ខេត្តនីមួយៗ ដើម្បីប្រមូលចំណូល សារពើពន្ធនានា។ ទន្ទឹមនេះ ត្រូវពង្រឹងការធ្វើសវនកម្ម អធិការកិច្ចហិរញ្ញវត្ថុ ដើម្បីធានាថា ធនធានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ ស្របតាមច្បាប់និងលិខិតបទដ្ឋាននានា ដែលបានកំណត់​។

ទីប្រាំ អំពីការរៀបចំ និងពង្រឹងអភិបាលកិច្ចឌីជីថល់នៅរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តជំរុញការរៀបចំ និងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធអភិបាលកិច្ចឌីជីថលនៅរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដើម្បីធ្វើឱ្យមានប្រសិទ្ធភាពការងាររដ្ឋបាលផ្ទៃក្នុងរដ្ឋបាលថ្នាក់ក្រោមជាតិ និង ការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ព្រមទាំងធានាដល់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានឆាប់រហ័ស ទាន់ពេលវេលា និងមានតម្លាភាព។

ជាថ្មីម្តងទៀត ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំពិតជាមានសុទិដ្ឋិនិយមចំពោះក្រសួងមហាផ្ទៃ ក្រោមការដឹកនាំដោយ   សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. ដែលបានដឹកនាំសម្របសម្រួលការកែទម្រង់ទទួលបានការវិវឌ្ឍជាជំហានៗគួរជាទីមោទនៈ ស្របតាមគោលនយោ បាយរបស់រាជរដ្ឋាភិបាល។

ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិលដែលបានខិតខំចូលរួមអនុវត្តកិច្ចដំណើរការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនិងការកែទម្រង់សំខាន់ៗដទៃទៀតរបស់រាជរដ្ឋាភិបាលសម្រេចបានជោគជ័យជាបន្តបន្ទាប់។

ទន្ទឹមនេះ ខ្ញុំសូមអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល ផ្នែកឯកជន និងអ្នកពាក់ព័ន្ធទាំងអស់ សូមបន្តផ្តល់ការគាំទ្រ សហការដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ធ្វើឱ្យជីវភាពសង្គមគ្រួសារកម្ពុជាកាន់តែមានភាពល្អប្រសើរឡើង ទាំងបច្ចុប្បន្ន និងអនាគត។

ជាទីបញ្ចប់ ជាមួយនឹងការប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី ២ ខ្ញុំសូមជូនពរសម្ដេច ឯកឧត្ដម លោកជំទាវ លោក លោកស្រី សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ  អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕









សម្រង់ប្រសាសន៍ដើមទាំងស្រុង សម្តេចតេជោ ហ៊ុន សែន,​ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ

 CNV: 21 ខែ​មីនា, 2022

ឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី។

ផ្លែផ្កាថ្មី នៃទំនាក់ទំនងដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងមិត្តភាពដែកថែប កម្ពុជា-ចិន


ថ្ងៃនេះ ខ្ញុំពិតជាមានការសប្បាយរីករាយ ដែលបានមកចូលរួមឯកឧត្តម វ៉ាង វិនធៀន ជាមួយនឹងសម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសគ្រូពេទ្យរបស់យើងនៅទីនេះ ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។ ឯកឧត្តម ម៉ម ប៊ុនហេង បានធ្វើរបាយការណ៍រួចហើយ ហើយក៏មានការគូសបញ្ជាក់អំពីឯកឧត្តម វ៉ាង វិនធៀន ទាក់ទងនឹងការកសាងនូវសមិទ្ធផលដ៏ធំនេះ។ ខ្ញុំនៅចាំបានថា យើងបានលើកសំណើជាបន្តបន្ទាប់អំពីការកសាងសមិទ្ធផលនៅទីនេះ ហើយដែលរយៈពេលចុងក្រោយនៃដំណើររបស់ខ្ញុំទៅកាន់ទីក្រុងប៉េកាំង ដើម្បីចូលរួមនៅក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវ យើងបានចុះហត្ថ​លេខានៅឯទីក្រុងប៉េកាំង ទាក់ទងនឹងដំណើរការ(សាងសង់មន្ទីរពេទ្យកម្ពុជា-ចិន ព្រះកុសុមៈ)នេះ។ ថ្ងៃនេះ សមិទ្ធផលនេះ(បានកើតឡើង) ជាផ្លែផ្កានៃទំនាក់ទំនងរវាងកម្ពុជា-ចិន ដែលលើកកម្ពស់ដល់កម្រិតដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងមានឈ្នោះថាជាមិត្តដែកថែប។ អ្វីៗបានកើតចេញមកថ្ងៃនេះ វាផ្ដើមចេញពីកិច្ចសហប្រតិបត្តិការ ជាជឿទុកចិត្តគ្នា និងការចង់ជួយគ្នាពីសំណាក់សាធារណរដ្ឋប្រជាមានិតចិន មកកាន់ប្រទេសរបស់យើង។


ខ្ញុំពិតជាមានការរីករាយ ដោយឃើញថា យើងគិតពីថ្ងៃសម្ពោធនូវមន្ទីរពេទ្យកម្ពុជា-ចិន ត្បូងឃ្មុំ រហូតមកដល់ថ្ងៃនេះ គឺត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ យើងសម្ពោធមន្ទីរពេទ្យ(កម្ពុជា-ចិន ព្រះកុសុមៈ)នេះមួយទៀត ដែលមានតម្លៃ៖ នៅឯមន្ទីរពេទ្យកម្ពុជា-ចិន ត្បូងឃ្មុំ ប្រមាណជិត ៥០ លានដុល្លារ។ មន្ទីរពេទ្យ(កម្ពុជា-ចិន ព្រះកុសុមៈ)នេះ ប្រមាណជា ៨៥ លានដុល្លារ។ នេះជាជំនួយដ៏ធំនៅក្នុងផ្នែកសុខាភិបាល ដែលយើងទទួលបាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃបញ្ហាសុខុមាលភាពរបស់ប្រជាជនយើង។ ខ្ញុំនៅចាំបានថា ក្នុងរង្វង់ឆ្នាំ ១៩៦៧ ខ្ញុំបានមកដេកនៅមន្ទីរពេទ្យនេះ មិនមែនមកដេកពេទ្យខ្លួនឯងទេ។ កាលហ្នឹងហៅថា ពេទ្យលោកសង្ឃ។ អញ្ចឹងគ្រូរបស់ខ្ញុំគាត់អាពាធ។ យើងក៏មកដេកសម្រាកជាមួយដើម្បីថែទាំនិងបម្រើព្រះសង្ឃនៅពេលនោះ។ ឥឡូវចាប់ពីឆ្នាំ ១៩៦៧ រហូតមកដល់ពេលនេះ គឺមានរយៈពេលប្រមាណជាជិត ៦០ ឆ្នាំ។ យើងបានមកម្ដងទៀត ប៉ុន្តែមិនមែនមកម្ដងទៀត មកច្រើនដងហើយប៉ុន្តែមកលើកនេះ ហើយមកជាបន្តបន្ទាប់ក្នុងនាមជានាយករដ្ឋមន្រ្តីតែម្ដង។ ដំណើរជីវិតក្មេងវត្តដែលធ្លាប់មកសម្រាកនៅទីនេះ ព្រោះនៅមិនឆ្ងាយប៉ុន្មានទេពីវត្តនាគវ័ន ចេញពីទីនោះមក មកសម្រាកនៅទីនេះ។


សូមក្រសួងសុខាភិបាល ពិចារណាពីការអនុញ្ញាតឲ្យមានការផ្លាស់ប្តូរសរីរាង្គដោយស្របច្បាប់


ឥឡូវ មន្ទីរពេទ្យនេះ បានក្លាយទៅជាមន្ទីរពេទ្យដ៏ធំមួយនៅក្នុងចំណោមមន្ទីរពេទ្យនៅទីក្រុងភ្នំពេញរបស់យើងនេះ ដោយមានការទទួលព្យាបាលច្រើនផ្នែក។ រាប់ទាំងមានអ្នកនិយាយថា កន្លែងវះប្ដូរក្រលៀន ឬក៏ស្អីៗ។ រាល់​ដង ដើម្បីធ្វើការប្ដូរ(សរីរាង្គ) គឺយើងទៅក្រៅប្រទេស។ ខ្ញុំគួរតែនិយាយបន្ដិច ការពិតប្រទេសកម្ពុជាយើង មានលទ្ធភាពដើម្បីនឹងធ្វើការ(ប្ដូរសរីរាង្គ) ព្រោះអ្នកខ្លះត្រូវការ(ប្ដូរ)ក្រលៀន ខូចក្រលៀន។ ដល់ខូចក្រលៀន ត្រូវការប្ដូរក្រលៀន។ ដល់ត្រូវការប្ដូរ ត្រូវចេញទៅក្រៅប្រទេស ដើម្បីប្ដូរក្រលៀន។ ប៉ុន្តែ បើនិយាយពីសមត្ថភាពរបស់យើង គឺមាននៅក្នុង(ប្រទេស)ចាប់តាំងពីប្រមាណជាឆ្នាំ ២០១០។ យើងមានអាហ្នឹងរួចទៅហើយ នៅមន្ទីរពេទ្យព្រះកេតុមាលា។ មន្ទីរពេទ្យរបស់កងទ័ព មានលទ្ធភាពនឹងប្ដូរបាន ប៉ុន្តែគ្រាន់តែយើងមិនផ្សព្វផ្សាយតែប៉ុណ្ណោះ។ ប៉ុន្តែបងប្អូនរបស់យើងមួយចំនួន គឺទៅប្រទេសក្រៅ អស់លុយច្រើន។ អញ្ចឹងទេ ខ្ញុំមិនដឹងថា តើថ្ងៃក្រោយ យើងគួរធ្វើយ៉ាងម៉េច អំពីបញ្ហានេះ។ ទោះបីយើងមិនឱ្យទៅប្ដូរ ក៏គាត់ទៅប្ដូរនៅប្រទេសក្រៅ។ អញ្ចឹង​ទេ តើយើងគួរដោះស្រាយបញ្ហានេះ នៅក្នុងប្រទេសរបស់យើង ដោយផ្ដល់លទ្ធភាពឱ្យក្លាយទៅជាភាពស្របច្បាប់តែម្ដង(ឬដូចម្តេច)? សូមឱ្យគិតគូរទៅលើបញ្ហានេះ។ កន្លងទៅ គឺមានជនជាតិគេ ដែលមកធ្វើការប្ដូរក្រ​លៀននៅក្នុងប្រទេសរបស់យើង។


មានពេលមួយនោះ ប្រសិនបើខ្ញុំមិនអន្តរាគមន៍ទាន់ពេលទេ ប្រហែលជាអ្នកប្ដូរក្រលៀនហ្នឹងត្រូវស្លាប់តែម្ដង។ កាលហ្នឹងយើងវាយកូនគោលនៅតារាងកំពង់ស្ពឺ ស្រាប់តែមានក្រុមសមត្ថកិច្ចថា ជនហ្នឹងរកស៊ីលក់សរីរាង្គ​មនុស្ស។ ប៉ុន្តែការពិត សាច់ញាតិរបស់គេ គេនាំមក។ រួចកំពុងតែយក(ក្រលៀន)ពីម្ខាង ដើម្បីទៅដាក់ទៅម្ខាងទៀត ស្រាប់តែពួកយើងនាំគ្នាទៅចាប់គេ។ បើសិនជាគ្មានអន្តរាគមន៍ទាន់ពេលទេ អ្នកដែលគេត្រូវយកក្រ​លៀន និងម្នាក់ត្រូវប្ដូរក្រលៀន ត្រូវស្លាប់ទាំង ២ បណ្ដោយ។ យើងគួរតែសូមឱ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាលរបស់យើង ធ្វើការពិចារណាជាមួយគ្នា ឱ្យ(ការផ្លាស់សរីរាង្គ)ទៅជាស្របច្បាប់តែម្ដង។ យើងធ្វើស្របច្បាប់ ប៉ុន្តែយើងអត់មានផ្សាយ។ ឥឡូវបងប្អូននៅត្រូវការ ប្ដូរស្អីៗបានខ្លះ ធ្វើអ្វីបានខ្លះ។


អ្នកដែលខ្ញុំឱ្យលុយទៅទាំងប៉ុន្មាន ទៅប្រទេសក្រៅ។ ខ្ញុំមិននិយាយឈ្មោះប្រទេសរបស់គេទេ គាត់នៅរស់ ដើររវើក វាយកូនគោលទៀត។ អ្នកខ្លះប្ដូរដល់ថ្លើមឯណោះ។ ប៉ុន្តែកុំឱ្យមានការជួញដូរសរីរាង្គ។ ឧទាហរណ៍៖ ដើម្បីឱ្យវាត្រូវគ្នារវាងអ្នកដែលត្រូវទទួលការដោះប្ដូរ ជាមួយនឹងអ្នកដែលផ្ដល់ វាត្រូវមានឈាមនឹងដូចគ្នា គ្រុបឈាមអីៗដូចគ្នា ទើបប្ដូរបាន។ ប៉ុន្តែ ឱ្យរកចេញពីក្រុមគ្រួសារ ឧទាហរណ៍ ប្អូនបរិច្ចាគឱ្យបង ឬក្មួយបរិច្ចាគឱ្យឪពុកមា ឬអ្នកដទៃទៀតដែលស្ម័គ្រចិត្ត ដើម្បីនឹងផ្ដល់។ ធ្វើយ៉ាងនេះ ទៅជាស្របច្បាប់ អាចមនុស្សបន្តរស់ ព្រោះក្រលៀនមាន ២ អញ្ចឹងគេត្រូវការក្រលៀនតែមួយទេ ដើម្បីការរស់។ អញ្ចឹងក្នុងចំណោម ២នាក់ហ្នឹង គឺ ២ នាក់ ក្រលៀន ២ ព្រោះបើអត់ក្រលៀន រស់ម៉េច មិនស្លាប់។


អញ្ចឹងចំណុចនេះ ខ្ញុំសុំស្នើឱ្យពិចារណា ដើម្បីលើកចេញ(នូវដំណោះស្រាយ) ហើយប្រាប់ថា មន្ទីរពេទ្យនេះធ្វើបាន។​ ឥឡូវ (ប្រជាពលរដ្ឋ)យើងនៅតែបន្ដចេញ(ទៅក្រៅប្រទេស)។ ក្នុងប៉ុន្មានថ្ងៃកន្លងទៅ ខ្ញុំត្រូវឧបត្ថម្ភម្នាក់ទៀត ដើម្បីចេញទៅក្រៅប្រទេស(ប្ដូរសរីរាង្គ)។ យើងមានច្បាប់ហើយ ប៉ុន្តែយើងមិនបានផ្សាយ ដល់អត់បានផ្សាយអញ្ចឹង អ្នកចេញទៅក្រៅ ចេះតែចេញទៅក្រៅ។ យើងត្រូវមានទម្រង់អីឱ្យបានច្បាស់ យើងមានសមត្ថភាពធ្វើ។ គ្រូពេទ្យចិនមកទីនេះ ក៏បានជួយយើង ហើយគ្រូពេទ្យខ្មែរយើង ក៏មានលទ្ធភាពធ្វើរួចហើយ … គ្រាន់តែយើងមិននិយាយប៉ុណ្ណោះ។ រឿងប្ដូរសរីរាង្គនេះ ខ្លះប្ដូរថ្លើម ខ្លះប្ដូរក្រលៀន ខ្លះប្ដូរស្អី ខ្ញុំមិនដឹងថា ប្ដូរអីបានខ្លះទេ ដែលអាចធ្វើទៅរួចនោះ ប៉ុន្តែយើងច្បាស់ថា យើងមានសមត្ថភាព មិនមែនគ្រាន់តែមន្ទីរពេទ្យនេះទេ។


មន្ទីរពេទ្យនេះ ដូចជាប្ដូរអីបានខ្លះ? ប្ដូរក្រលៀន ថ្លើម។ យើងមានច្បាប់ហើយ ប៉ុន្តែយើង(មិនបានផ្សាយ) មិនបានឱ្យគេដឹង។ ដល់(មិនបានផ្សាយ)ឱ្យគេដឹង ខ្មែរយើងចេញទៅក្រៅប្រទេស។ ដល់ចេញទៅក្រៅប្រទេស(ប្ដូរសរីរាង្គ) ជារបស់គេមែន។ ខ្ញុំជួយឧបត្ថម្ភមនុស្សទៅច្រើនណាស់ បើគិតមកដល់ពេលនេះ ប្រហែលជាង ១០ នាក់ ដែលខ្ញុំបានជួយគេឱ្យទៅក្រៅប្រទេស ដើម្បីប្ដូរក្រលៀន ប្ដូរស្អី។ មន្ទីរពេទ្យនេះ ក្រៅពីប្ដូរក្រលៀន អាចប្ដូរថ្លើមបានទៀត។ មនុស្សមិនងាយស្លាប់ទេ។ ខ្ញុំនៅមាំណាស់ ទាំងថ្លើម ប្រមាត់ សួត ទាំងស្អីសព្វបែបយ៉ាង។


ប៉ុន្តែមកដល់នេះមិញ ដោះអាវធំចេញ ព្រោះទាក់កែងដៃនេះ ព្រោះពេទ្យឱ្យផ្អាកការវាយកូនគោលសិន មកពីចាញ់បោកអាមួយនោះ។ មកអត់? ថ្ងៃហ្នឹង ចេញទៅវាយ ៤០ គ្រាប់។ វាថា វាយបានត្រឹមនោះ ហ្នឹងវាជូន ៥០០០០ រៀល។ ដល់យើងវាយដល់ហ្នឹង វាថា​ បើវាយផុតហ្នឹង វាឱ្យ ១០ ម៉ឺនរៀល។ អញ្ចឹងយើងចេះតែវាយបន្តទៅ។ វាយរួចឈឺដៃបណ្ដោយ។ ឥឡូវពេទ្យសុំឱ្យផ្អាក ៣ អាទិត្យ។ ឥឡូវផ្អាកបានជាង ១ អាទិត្យហើយ។ អញ្ចឹងដល់ទៅសៀមរាប ប្រុងថាទៅបើកឆាកប្រាប់ក្នុងគ្រុបរួចហើយ ទៅកាប់ចាក់គ្នានៅខេត្តសៀមរាបឯណោះ ព្រោះពេលនោះទៅសម្ពោធផ្លូវ ហើយទៅមើលព្រលានយន្តហោះថ្មី ដែលកំពុងសាងសង់នៅថ្ងៃទី ៣ ហើយបន្ទាប់ទៅមកចូលថ្ងៃ ៤ គឺសម្ពោធផ្លូវ ហើយអាចល្ងាចថ្ងៃ ៤ ហ្នឹងគឺកាប់ចាក់គ្នាតែម្តង ព្រោះបែកហ្វូងគ្នាយូរហើយតាំងពី កូវីដ-១៩ មក។


រីករាយសម្ពោធគំរោងនានា បន្ទាប់ពីគ្រប់គ្រងជំងឺ កូវីដ-១៩ បាន


… សូមជម្រាបនិយាយបន្តិចទៅចុះ ក្នុងឆ្នាំ ១៩៨២ កាលហ្នឹងបើសិនជាមើលឡើងវិញនូវកាសែតបាងកកប៉ុស្តិ៍ ពេលនោះគេនិយាយថា លោក ហ៊ុន​​ សែន ជាតារាកំពុងរះ។ អាហ្នឹងគឺជំនាន់នោះ ដល់បន្តបន្ទាប់ក្រោយមកគេថា លោក ហ៊ុន សែន ជាបុរសខ្លាំង។ ខ្ញុំគិតថាដល់បន្តិចទៀតគេហៅខ្ញុំថា ជាបុរសឆ្អឹងដែកស្បែកស្ពាន់។ យប់មិញនេះម៉ោង ១២ ជាងហើយ … ជាប់រហូត ដល់ថ្ងៃម្សិលមិញនេះគឺទទួលនាយករដ្ឋមន្រ្តីរបស់ជប៉ុន ដែលព្រឹកនេះគាត់នឹងអញ្ជើញចាកចេញត្រឡប់ទៅវិញ។ ព្រឹកនេះត្រូវមកកន្លែងនេះ ល្ងាចនេះត្រូវទៅជួបមន្ត្រី ដាក់ឲ្យដំណើរការប្រព័ន្ធវិមជ្ឈការ និងវិសហមជ្ឈការតទៅទៀត។ ដល់ទៅខានថ្ងៃស្អែកដូចជាគម្រោងសម្ពោធផ្លូវ ២១។ ឥឡូវយើងជំពាក់កម្មវិធីច្រើនណាស់ ប៉ុន្តែយើងជំពាក់ត្រូវតែធ្វើ ហើយសប្បាយចិត្តនឹងធ្វើ។ ដំណាក់កាល កូវីដ-១៩ កាលពីមុន យើងមានការកកស្ទះសមិទ្ធផលមួយចំនួនអត់ទាន់បានសម្ពោធដាក់ឲ្យប្រើប្រាស់។ អញ្ចឹងយើងត្រូវសងនូវអ្វីដែលជាកម្មវិធីចាស់ បន្ទាប់ពីប្រទេសយើងគ្រប់គ្រងជំងឺ កូវីដ-១៩ នេះបាន។


ឥឡូវបកមកនិយាយវិលអំពីមន្ទីរពេទ្យយើង ដែលអម្បាញ់មិញខ្ញុំបានបញ្ជាក់ហើយ គឺថា អូ! នៅក្នុងនេះគេដាក់ផ្នែកវេជ្ជសាស្ត្រវះកាត់បេះដូង សរសៃឈាម សួត វះកាត់ផ្លាស់ប្តូរសរីរាង្គមនុស្ស វះកាត់ខួរក្បាល និងប្រព័ន្ធសរសៃប្រសាទ និងវះកាត់ឆ្អឹង។ អញ្ចឹងកន្លែងរបស់យើងនេះធ្វើបាន គ្រាន់តែយើងធ្វើម៉េចឲ្យប្រជាពលរដ្ឋរបស់យើងបានដឹងថា យើងអាចធ្វើបាននៅក្នុងប្រទេស ដើម្បីកាត់បន្ថយការធ្វើដំណើរទៅក្រៅប្រទេស។ ដែលពេលទៅហើយត្រូវដេកចាំទៀត។ អ្នកខ្លះទៅដេកចាំនៅទីនោះទម្រាំរកបានដូចជាក្រលៀន។ ឥឡូវ ប្រទេសយើងធ្វើបានតាំងពីប្រមាណជាង ១០ ឆ្នាំមុន។ ចាំបានទេ កាល(ខ្ញុំធ្វើ)អន្តរាគមន៍ពីតារាងកូនហ្គោល។ ហ្នឹង ខ្មែរយើងអត់ទាន់បានធ្វើទេ។ ជនបរទេសទេមកធ្វើនៅស្រុកខ្មែរនេះ។ ឯជនជាតិខ្មែរទៅធ្វើនៅបរទេស។ ឯជនជាតិបរទេសមកធ្វើនៅស្រុកខ្មែរ ដោយសារតែអត់ដឹង។ មានម្នាក់នោះគាត់និយាយ ខ្ញុំឲ្យលុយទៅគាត់ដើម្បីគាត់ទៅដូរសរីរាង្គ។ គាត់ថាបើកុំតែទិញសំបុត្រយន្តហោះរួចហើយ កុំអីគាត់ធ្វើនៅហ្នឹងហើយ …។


ការបង្កើនសមត្ថភាព បន្ថែមដោយគុណធម៌វិជ្ជាជីវៈ និងសីលធម៌គ្រូពេទ្យ


នេះហើយជាការជឿនលឿនផ្នែកវេជ្ជសាស្ត្រ។ រឿងនេះវាជាការបង្កើនសមត្ថភាពពិនិត្យ និងព្យាបាលជំងឺសម្រាប់ប្រជាជនរបស់យើង។ ខ្ញុំនៅតែនិយាយបន្តទៅទៀត មន្ទីរពេទ្យល្អក៏ត្រូវខិតខំធ្វើយ៉ាងម៉េចការពិនិត្យព្យាបាលត្រូវតែល្អ។ គ្រូពេទ្យរបស់យើងត្រូវបានប្រសិទ្ធនាមថា ជាកងទ័ពអាវស នៅក្នុងដំណាក់់កាលនៃការប្រឆាំង កូវីដ-១៩ ព្រោះមិនមែនគ្រាន់តែមានអ្នកទៅប្រឆាំង កូវីដ-១៩ តែឯង ដែលជាកងទ័ពអាវសទេ។ នៅពេល កូវីដ-១៩ ចាប់ផ្តើមវាយលុក យើងបែងចែកកម្លាំងមួយចំនួនទៅប្រយុទ្ធផ្ទាល់ជាមួយ កូវីដ-១៩ ប៉ុន្តែយើងមិនត្រូវភ្លេចថា នៅមានអ្នកជំងឺផ្សេងទៀតដែលកំពុងព្យាបាល ដែលតម្រូវឲ្យគ្រូពេទ្យដែលនៅប្រចាំការនេះ ដែលពីមុនថាមាន ១០០នាក់ ត្រូវដក ២០ នាក់យកទៅប្រយុទ្ធជាមួយ កូវីដ-១៩ នៅសល់ ៨០ នាក់ ដូច្នេះត្រូវរ៉ាប់រងជាមួយការព្យាបាលជំងឺដែលធ្លាប់មានគ្នា ១០០ នាក់។ អញ្ចឹងការបង្កើនសមត្ថភាពរបស់យើងគឺជាចាំបាច់ បន្ថែមទៅដោយគុណធម៌វិជ្ជាជីវៈសីលធម៌របស់គ្រូពេទ្យ ដែលត្រូវធ្វើឲ្យបានល្អបំផុតសម្រាប់សុខុមាលភាពរបស់ប្រជាជនយើង។ កាលពីថ្ងៃទី ១៨ ដូចដែលឯកឧត្តម Wang Wentian បានលើក ខ្ញុំបានជួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតី Xi Jinping ពេលនោះមានការលើកឡើងនូវកិច្ចសហប្រតិបត្តិការ​ជាច្រើនរវាងកម្ពុជាជាមួយចិន។


មិនដឹងថា បន្ទាប់ពី Omicron មានវីរុសបំប្លែងអ្វីទៀត ​… ទទួលវ៉ាក់សាំងពីគ្រប់ប្រភព


ចំណុចមួយដែលខ្ញុំសូមជម្រាបសាជាថ្មី មិត្តចិនបានសន្យាផ្តល់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ រហូតទៅដល់ ២០ លានដូសបន្ថែមទៀត។ ក្នុង ២០ លានដូសនេះ នឹងមកដល់កម្ពុជា ៥ លានដូសនៅចុងខែនេះ។ ចំណុច នេះ អនុញ្ញាតឲ្យយើងខិតខំបាន។ មានជំនឿទុកចិត្តថា បើនិយាយពីមេទ័ពថា មានអាវុធនិងមានគ្រាប់ក្នុងដៃដើម្បីការពារប្រជាជន។ យើងកំពុងតែខិតខំប្រយុទ្ធជាមួយនឹងជំងឺដ៏កាចសាហាវនេះ ដែលកម្ពុជាឥឡូវនេះគឺកំពុងតែដើរទៅក្នុងកម្រិតមួយដែលនៅក្នុងប្រទេស នៅក្នុងតំបន់ ឬនៅក្នុងពិភពលោក អាចចាត់ទុកថាជាប្រ​ទេសមួយដែលបានដើរលឿនទៅលើការគ្រប់គ្រង កូវីដ-១៩ នេះទាន់សភាពការណ៍។


ពិតមែនហើយ មិនទាន់​អស់ កូវីដ-១៩ គឺយើងមិនប្រកាសអំពីជ័យជម្នះថាយើងឈ្នះទេ។ យើងគ្រាន់តែឈ្នះសមរភូមិតូចៗតែប៉ុណ្ណោះ។ យើងអត់ទាន់ឈ្នះលើសង្គ្រាមប្រឆាំង កូវីដ-១៩ ទេ។ ឈ្នះសមរភូមិ ហើយឈ្នះសង្គ្រាមមានន័យខុសគ្នា។ យើងធ្លាប់យកឈ្នះទៅលើសមរភូមិ Delta លើសមរភូមិ Alpha ប៉ុន្តែយើងអត់ទាន់បានឈ្នះទៅលើ​សង្គ្រាម កូវីដ-១៩ ទេ។ ឥឡូវនេះយើងកំពុងតែប្រយុទ្ធជាមួយសង្គ្រាម Omicron គេហៅថា សង្គ្រាមទាន់សម័យ។ ប្រភេទជំងឺទាន់សម័យ។ យើងអត់ដឹងថា តើបន្ទាប់ពី Omicron នេះទៅ តើវាមានអីបំប្លែងទៅពីហ្នឹងទៀត។


អញ្ចឹងទេ អាចចោទចេញជាសំណួរថា ចុះលោក ហ៊ុន សែន អីក៏លោភលន់ម្ល៉េះ ឥឡូវនៅសល់ក្នុងឃ្លាំង ៥លាន ទៅ ៦ លានដូស កំពុងតែចាក់បន្ត (នៅសល់ប៉ុន្មានឥឡូវ ឱ វណ្ណឌីន? … ៦ លានដូសកន្លះ) ប៉ុន្តែប្រហែលបន្តិចទៀតមកដល់ ៥ លានដូសទៀត ហើយខាងអ៊ីតាលីដូចជាត្រូវដឹកមកដែរ ១ លានដូស នៅប៉ូឡូញ ១ លានដូសទៀត។ ឲ្យតែដឹកមកយកទាំងអស់។ អញ្ចឹងកុំថា លោក ហ៊ុន សែន អាត្មានិយម។ អត់ទេ។ បើគេឲ្យវ៉ាក់សាំង មកយក។ វ៉ាក់សាំងអាស៊ានបានយកហើយ។


ពីមុននេះ យើងគិតថា យើងផ្តល់ចំ​ណែករបស់យើងទៅឲ្យមីយ៉ាន់ម៉ា ក៏ប៉ុន្តែដល់យកមកចំអាប្រភេទ Pfizer យើងអត់មានលទ្ធភាពដឹកជញ្ជូនទៅមីយ៉ាន់ម៉ា អញ្ចឹងមានតែដាក់រក្សាទុកក្នុងឃ្លាំងរបស់យើង។ ប៉ុន្តែមីយ៉ាន់ម៉ាគាត់ក៏មិនខ្វះដែរ។ ឥឡូវហ្នឹងគាត់មានការផលិតវ៉ាក់សាំងនៅក្នុងប្រទេសរបស់គាត់ផង។ ថ្ងៃនេះ ឯកឧត្តម ប្រាក់ សុខុន ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងធ្វើដំណើរទៅមីយ៉ាន់ម៉ា ដើម្បីស្វះស្វែងរកវិធីសម្របសម្រួលសភាពការណ៍ រាប់ទាំងការផ្តល់ជំនួយមនុស្សធម៌ នៅឯមីយ៉ាន់ម៉ាផងដែរ។


ជំរុញការចាក់វ៉ាក់សាំងដូសជំរុញ, ផែនការរំកិលតាមទិន្នន័យស្ថិតិ នាំក្មេងចាក់វ៉ាក់សាំងក្នុងមូលដ្ឋាន


យើងបានចាក់ដូស គេហៅថាដូសមូលដ្ឋានពេញលេញរួចហើយ។ យើងនៅតែបន្តចាក់អ្នកដែលមិនទាន់បានចាក់ ប៉ុន្តែជាមួយគ្នានឹងដូសជំរុញត្រូវបន្ត។ ដូសជំរុញ មកដល់បច្ចុប្បន្ននេះ ទើបនឹងចាក់បានជាង ៧ លាននាក់ប៉ុណ្ណោះ ដែលយើងត្រូវជំរុញការបន្ត។ ខ្ញុំស្នើធ្វើអញ្ចេះបានទេ លោកជំទាវ ឱ វណ្ណឌីន? ថ្ងៃក្រោយយើងអាចធ្វើអញ្ចេះ ហៅថាធ្វើផែនការរំកិល។ ម៉េចបានខ្ញុំប្រើពាក្យថាផែនការរំកិល? ដូចជាយើងចាប់ចាក់ពីអាយុ ៣ឆ្នាំឡើងលើ។ អញ្ចឹងអ្នកខ្លះអាយុ ២ ឆ្នាំ នៅពេលដែលយើងត្រូវចាក់នេះអាយុ ២ ឆ្នាំ ប៉ុន្តែវា ២ ឆ្នាំ ១០ ខែ ហើយ អញ្ចឹងសល់តែ ២ ខែទៀតវាចូលដល់អាយុ ៣ ឆ្នាំហើយ។ អញ្ចឹងយើងគួរធ្វើផែនការរំកិល តាមរយៈទិន្នន័យស្ថិតិដែលមានរបស់យើង ដើម្បីឲ្យពេលហ្នឹងគឺត្រូវតែនាំក្មេងទៅចាក់វ៉ាក់សាំងក្នុងមូលដ្ឋានតែម្តង។ បើយើងធ្វើផែន​ការរំកិលអញ្ចឹង កូនក្មេងរបស់យើងដែលចាប់ចូលដល់អាយុ ៣ ឆ្នាំ គឺនឹងមានវ៉ាក់សាំងជាប់ ព្រោះឥឡូវដល់ពេលចាក់គាត់ទើបនឹង ២ ឆ្នាំ ១០ ខែ ដល់ទៅ ២ ខែក្រោយ គាត់ឡើងចូលដល់ ៣ ឆ្នាំដដែល … រៀបចំផែនការហ្នឹង ដើម្បីយើងរុញវ៉ាក់សាំងទៅមូលដ្ឋាន ដល់ពេលកុមារចាប់ផ្តើមដល់អាយុ គឺយកមកចាក់តែម្តង ដើម្បីឲ្យមានភាពស៊ាំក្នុងសហគមន៍ ហើយកូនក្មេងដែលធ្លាប់នៅក្នុងផ្ទះ បើយើងចាំបើកយុទ្ធនាការឬក៏ស្អី វាមិនកើតទេ។


ខ្ញុំគិតថាផែនការរំកិល ដូចដែលយើងធ្វើជំរឿនរាល់ឆ្នាំអញ្ចឹង ឬក៏ធ្វើស្ថិតិចុះឈ្មោះបោះឆ្នោតរៀងរាល់ឆ្នាំអញ្ចឹង​។ រៀងរាល់ឆ្នាំគណៈកម្មការជាតិរៀបចំការបោះឆ្នោត តែងតែមានការចុះឈ្មោះ ដើម្បីពិនិត្យមើលថា តើអ្នកណាដល់អាយុត្រូវចុះឈ្មោះបោះឆ្នោត? អ្នកណាស្លាប់ត្រូវដកឈ្មោះចេញ អ្នកណាសរសេរឈ្មោះខុសយ៉ាងម៉េច ឬត្រូវផ្ទេរឈ្មោះអី គេត្រូវធ្វើមួយឆ្នាំម្តង។ ឯយើង យើងដាក់កុំដល់មួយឆ្នាំម្តងអី យើងដាក់ផែនការរំកិលតែម្តង។ ឧទាហរណ៍ នៅកន្លែងភូមិហ្នឹង កុមារដល់អាយុដែលត្រូវចាក់ គឺមាន ៥០ នាក់ ប៉ុន្តែជិតដល់ ៥០ នាក់ វាមាន ២០ នាក់ អញ្ចឹងត្រូវរៀបចំផែនការរំកិលជាមួយវា ដើម្បីដំណើរការចាក់ អាហ្នឹងមាននិរន្តភាព ដែលយើងត្រូវធ្វើសកម្មភាពជាប់មិនដាច់ មិនដឹងថាពេលណាអស់ Covid-19 នោះ យើងមើលអត់ឃើញ។


ខ្ញុំនិយាយច្រើនពេក ពាក់ព័ន្ធជាមួយបញ្ហាបច្ចេកទេស ដែលខ្ញុំមិនច្បាស់ មានតម្រងនោម មានរោគស្ត្រីអីគ្រប់បែបយ៉ាង។ ខ្ញុំធ្លាប់តែនិយាយ ការធ្វើឲ្យមានសមិទ្ធផលវាលំបាកមួយហើយ ក៏ប៉ុន្តែនិរន្តភាពរបស់វាគឺជាបញ្ហាមួយទៀតកាន់តែពិបាក។ អញ្ចឹងទេ សុំការប្រើប្រាស់អគារ ការប្រើប្រាស់នូវឧបករណ៍ សម្ភារៈបច្ចេកទេសរបស់យើង គឺត្រូវតែធ្វើឲ្យបានហ្មត់ចត់ ឲ្យបានល្អ ដែលមានអាយុកាលប្រើប្រាស់រយៈពេលវែង។ នេះគេបានកំណត់សំ​ណង់ដែលក្រុមហ៊ុនសាងសង់ ដែលសុំថ្លែងនូវការកោតសរសើរជាមួយក្រុមហ៊ុនសាងសង់ផងដែរ គឺគេកំណត់អំពីអាយុកាលសាងសង់សម្រាប់ ៥០ ឆ្នាំ ប៉ុន្តែបើសិនជាយើងថែទាំមិនបានល្អទេ វាអាចប្រើប្រាស់បានឆាប់ជាងហ្នឹង។ បើសិនជាយើងថែទាំបានល្អ វាអាចប្រើប្រាស់លើសពេលវេលានៃ ៥០ ឆ្នាំផងដែរ …។


ជំនួយឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន ជាសូចនាករនៃសហប្រតិបត្តិការល្អ


ខ្ញុំសុំយកឱកាសនេះ តាមរយៈឯកឧត្តម Wang Wentian ផ្ញើជូននូវការដឹងគុណចំពោះបក្សរដ្ឋាភិបាលនិងប្រជាជនចិន ដែលបានផ្តល់ជាជំនួយឥតសំណងសម្រាប់ការកសាងមន្ទីរពេទ្យ ដែលប្រែក្លាយពីមន្ទីរពេទ្យមួយ ដែលពីមុននេះតូច ឥឡូវក្លាយទៅជាមន្ទីរពេទ្យដ៏ធំ ហើយដែលប្រើប្រាស់ថវិការហូត ៨៥ លានដុល្លារសហរដ្ឋអាមេរិក។ មិនមែនជារឿងតូចតាចទេសម្រាប់ជំនួយបែបនេះ។ យើងពិតជាទទួលបានផលប្រយោជន៍ពីកិច្ចសហប្រតិបត្តិការ។ រឿងហ្នឹងគឺច្បាស់ហើយ បើអត់មានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាទេ តើអ្នកណាទុក​ចិត្តមកជួយធ្វើយើង។ គេមានទឹកចិត្តមកជួយធ្វើយើង ទាល់តែមានកិច្ចសហប្រតិបត្តិការល្អក្នុងទំនាក់ទំនង។


ក្នុងការសន្ទនាជាមួយឯកឧត្តមប្រធានាធិបតី​ Xi Jinping កាលពីល្ងាចថ្ងៃទី ១៨ គឺស្ថិតនៅក្នុងបរិយាកាសកក់ក្តៅ។ ពិតមែនហើយ ខ្ញុំជាមួយគាត់ ការជួបចុងក្រោយ ដូចជាជួបនៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២០ នៅទីក្រុងប៉េកាំង ដែលពេលនោះគេនាំគ្នារត់ចោលចិនអស់រលីង។ អញ្ចឹងខ្ញុំធ្វើផ្ទុយពីគេ។ ខ្ញុំទៅចិន។ គេមានសរសេរជាសៀវភៅថា “បុរសសង្ហាដើរបញ្ច្រាសទិស”។ ខ្ញុំមិនដឹងថា ខ្ញុំសង្ហាយ៉ាងម៉េច បានជាគេហៅថា បុរសសង្ហាដើរបញ្ច្រាសទិស ប៉ុន្តែប្រហែលជាប្រពន្ធខ្ញុំដែលមើលខ្ញុំច្បាស់ថាខ្ញុំសង្ហា។ គេសរសេរអញ្ចឹង ព្រោះពេលហ្នឹង និស្សិតរបស់យើងក៏មួយចំនួនរត់មក។


សូមប្រធានាធិបតី ស៊ី ជិនពីង អនុញ្ញាតឱ្យនិស្សិតវិលទៅបន្តការសិក្សាក្រោយចាកចេញដោយកូវីដ១៩


ខ្ញុំទៅទីនោះម្ខាងគឺបញ្ហាសាមគ្គីភាពជាមួយមិត្តចិន ក្នុងពេលដែលប្រ​យុទ្ធជាមួយ កូវីដ-១៩ ឯម្ខាងទៀត ខ្ញុំចង់ផ្ញើសារជូននិស្សិតកម្ពុជាទាំងអស់ ដែលកំពុងរៀននៅប្រទេសចិន រាប់ទាំងតំបន់ Wuhan គឺឲ្យស្ងប់ចិត្តរស់នៅជាមួយប្រជាជនចិន តស៊ូប្រយុទ្ធប្រឆាំងជាមួយនឹង កូវីដ-១៩ នេះ។ នេះគឺជាចំណុចដែលយើងត្រូវមើលឃើញ។ បើយើងចេះតែនាំគ្នារត់ កើតហើយរត់ៗមកដល់ស្រុកខ្មែរ ស្រុកខ្មែរកើតដែរ អញ្ចឹងមិនដឹងទៅណា។ យើងបានបញ្ជូនទៅមួយដំណាក់ហើយ បញ្ជូនត្រឡប់ទៅរៀនវិញ។ ថ្ងៃនោះដែរ ខ្ញុំនិយាយតាមត្រង់ ខ្ញុំសុំការយោគយល់ សុំអធ្យាស្រ័យពីប្រធានាធិបតី Xi Jinping ដែរ អំពីនិស្សិតខ្មែររបស់យើងដែលភ័យខ្លាច នាំគ្នារត់ ដល់ក្រោយមកសុំទៅរៀនវិញ។ ដល់ទៅរៀនវិញ គឺគេពិបាកដែរ ពិបាកទទួលដែរ។ កាលមុនអ្នកឯងរត់ចោលអញ រឿងអីសុំអញមកវិញ។ ទាំងគេទាំងយើង អាហ្នឹងនិយាយឲ្យច្បាស់។ ខ្ញុំថា ខ្ញុំសុំទោសចំពោះនិស្សិតកម្ពុជា ដែលបានរត់ចោលសាលា ចោលមិត្តចិនកំពុងតែប្រយុទ្ធ ហើយឥឡូវចង់ទៅរៀនវិញ ប៉ុន្តែបានទៅមួយដំណាក់ហើយ នៅសល់និស្សិតមួយចំនួនទៀត។ បន្ថែមលើនោះគឺចិនឲ្យអាហារូបករណ៍ ៥០០ កន្លែង សម្រាប់ឆ្នាំ ២០២២ ដល់ ២០២៥។ នេះជាបទពិសោធន៍មួយ ថ្ងៃក្រោយ។


សូម្បីតែឥឡូវពលរដ្ឋកម្ពុជាយើងកំពុងរស់នៅអ៊ុយក្រែនមាន ២៣ គ្រួសារ ខ្ញុំមិនឲ្យបញ្ជាគ្រួសារណាមួយ ឲ្យបងប្អូនខ្មែរយើងនៅទីនោះ នាំគ្នារត់ចោលប្រជាជនអ៊ុយក្រែនទេ។ នៅហ្នឹងទៅ។ ប្រជាជនអ៊ុយក្រែនគាត់រស់នៅយ៉ាងម៉េចបាន យើងរស់នៅជាមួយពួកគាត់ទៅ។ កុំរត់ចោលគ្នា។ មានពេលនោះ ដូចជាឆ្នាំ ២០១៣ កូរ៉េខាងជើងគំរាមធ្វើសង្គ្រាម ពេលនោះមនុស្សមិនតិចទេដែលលើកឡើងពីបញ្ហាត្រូវជម្លៀសពលករគេចេញពីកូរ៉េខាងត្បូង រហូតទៅដល់មនុស្សមួយចំនួនទិតៀនខ្ញុំថា មិនយកចិត្តទុកដាក់លើពលរដ្ឋរបស់ខ្លួន ដែលកំពុងរស់នៅកូរ៉េខាងត្បូង។ ក៏ប៉ុន្តែខ្ញុំបានឆ្លើយតប ឥឡូវសមត្ថភាព អ្នកដែលប្រទេសខ្លះ មនុស្សប៉ុន្មានម៉ឺននាក់ ដូចជាកម្ពុជាមាន ៥ ម៉ឺននាក់ កំពុងធ្វើការនៅកូរ៉េខាងត្បូង តើត្រូវការមធ្យោបាយប៉ុន្មានដើម្បីដឹក ៥ ម៉ឺននាក់។ យន្តហោះអស់ប៉ុន្មាន? យើងមានគ្រប់ទេ? អាហ្នឹងទី ១។ ទី ២ និយាយអំពីបញ្ហាការរួមសុខរួមទុក្ខ យើងទៅធ្វើការនៅក្នុងប្រទេសរបស់គេ ដល់ពេលប្រជាជនរបស់គេមានការលំបាកបន្តិចបន្តួច ឯងនាំគ្នារត់ ហើយថ្ងៃក្រោយចាំសុំគេត្រឡប់ទៅវិញ។ អត់ទេ អារឿងហ្នឹងអត់ទៅរួចទេ។


អញ្ចឹងបានខ្ញុំថា ពេលនោះខ្ញុំប្រកាស សុំឲ្យបងប្អូនជាមាតាបិតា អាណាព្យាបាល សុំឲ្យមានការយោគយល់ យើងអត់មានត្រូវជម្លៀសទេ។ ជម្លៀសមកហើយ គឺអត់បានត្រឡប់ទៅវិញទេ។ អញ្ចឹងយើងនៅរក្សានូវរបៀបហ្នឹង​។ ការកើតឡើងនូវ កូវីដ-១៩ នៅប្រទេសចិន បានជាខ្ញុំត្រូវយកជំហរមួយ ប្រទេសមួយចំនួនយកពលរដ្ឋរបស់ខ្លួន យកនិស្សិតរបស់ខ្លួនចេញ ប៉ុន្តែខ្ញុំអត់ទេ។ ផ្ទុយទៅវិញ ខ្ញុំធ្វើដំណើរទៅកាន់ប្រទេសចិន ទៅប៉េកាំង ដើម្បីជួបប្រធានាធិបតី Xi Jinping ជួបនាយករដ្ឋមន្ត្រី Li Keqiang នៅទីនោះ ដើម្បីបង្ហាញពីសាមគ្គីភាព ក្នុងការប្រយុទ្ធជាមួយ កូវីដ-១៩ ហើយក៏ជម្រុញឲ្យនិស្សិតខ្មែរ ដែលកំពុងសិក្សានៅទីនោះ បន្តរួបរស់នៅជាមួយប្រជាជនចិន និស្សិតចិនតទៅទៀត។


នេះជារបៀបចាត់ចែងការងារសម្រាប់ពលរដ្ឋរបស់យើង ដែលកំពុងរស់នៅក្រៅប្រទេស រាប់ទាំងប្រជាជនដែលកំពុងរស់នៅអ៊ុយក្រែន។ ខ្ញុំអត់មានឲ្យបទបញ្ជាណាមួយថាត្រូវតែចេញពីប្រទេសអ៊ុយក្រែនទេ … ប្រជាជនអ៊ុយក្រែននៅបាន យើងក៏នៅបានដែរ។ ២៣ គ្រួសារ ព្រោះខ្លះមានប្រពន្ធជាអ៊ុយក្រែន … ខ្លះមានប្តីអ៊ុយក្រែនក៏នៅហ្នឹងទៅ។ អញ្ចឹងមិនបាច់គេចខ្លួនត្រឡប់មកយើងវិញទេ។


ខ្ញុំ … ត្រូវនិយាយជាមួយឯកឧត្តម Wang Wentian … ថ្ងៃនេះ ២១ មីនា ហើយ នៅថ្ងៃ ២៥ មីនា សម្ពោធផ្លូវ ៥១ មួយទៀត។ ពេលនោះមានរឿងនិយាយទៀត រឿងនិយាយអត់ឈប់។ ប៉ះសុខាភិបាល និយាយពីសុខាភិបាល ប៉ះផ្លូវនិយាយផ្លូវ ប៉ះកសិកម្មនិយាយកសិកម្ម។ នៅផ្លូវលេខ ២១ ថ្ងៃ ២៣ ឥឡូវនេះ … កម្មវិធីវង្វេង។ ព្រឹកមិញ ក្រោយពីការបូមខ្យល់រួចហើយហ្នឹង ម៉ោងជាង ១ ទៅហើយ ស្រាប់តែដាក់ទៅ(ដេក)លក់។ ស្រាប់តែគេដាស់ពូម៉ោង ៦ កន្លះព្រឹកហើយ។ ក្រោកទាំងមមីងមមាំងមក … សម្រាប់បុរសគឺស្រួលណាស់ ចំណុចនៅត្រង់ណា ត្រង់ថាខោអាវប្រហែលៗគ្នា អាវធំខាងក្រៅ(ដដែល)ដូរតែអាវក្នុង ដូរតែក្រវាត់ក ថ្មីបាត់ អាហ្នឹងរបៀបដោះស្រាយបញ្ហាបានរហ័សហើយក្នុងល្បឿនមួយលឿន។


សហការជាមួយក្រុមគ្រូពេទ្យចិន ទាញផលពីថ្នាំបុរាណចិន និងជំរុញការផលិតវ៉ាក់សាំងក្នុងស្រុក


អរគុណសម្រាប់ការចូលរួមនៅថ្ងៃនេះ ហើយអរគុណចំពោះក្រុមគ្រូពេទ្យរបស់យើង។ សង្ឃឹមថាក្រុមគ្រូពេទ្យរបស់យើង នឹងធ្វើការសហការនិងទាញយកផលប្រយោជន៍ទៅលើការអភិវឌ្ឍផ្នែកថ្នាំបុរាណចិន។ នេះបើនិ​យាយទៅជាផ្នែកកម្មសិទ្ធបញ្ញាមួយដែរ ដែលយើងនឹងទទួលបានពីការមកដល់នៃគ្រូពេទ្យទាំង ១២ រូប ដែលក្នុងនាមរដ្ឋាភិបាលសូមស្វាគមន៍វត្តមានរបស់គ្រូពេទ្យទាំងនេះ។ អញ្ចឹងត្រូវទាញយកនូវអត្ថប្រយោជន៍នៃការប្រើប្រាស់ថ្នាំបុរាណចិននេះ។ យើងព្យាបាលកូវីដ-១៩ កន្លងទៅព្យាបាលដោយថ្នាំចិន ហើយថ្នាំចិននេះត្រូវគេបញ្ជូនមកឱ្យខ្ញុំ។ ខ្ញុំលេបអាហ្នឹង(ថ្នាំចិន)ដែរ លេបថ្នាំការពារក៏មាន។ អ្នកដែលរស់នៅឌូបៃ ជាពិសេសនៅមជ្ឈឹម​បូព៌ាប្រើថ្នាំចិនច្រើន។ មានថ្នាំការពារ ហើយក៏មានថ្នាំសម្រាប់ព្យាបាល។


មានពេលមួយនៅចាំបានទេ ខ្ញុំឱ្យលោកជំទាវ យក់ សម្បត្តិ និង វង្សី វិស្សុត ថាទិញឱ្យខ្ញុំ ៥០ លានគ្រាប់ភ្លាម។ កាលហ្នឹងសៀមរាបផ្ទុះខ្លាំង។ ដល់សៀមរាបផ្ទុះខ្លាំង​គឺ lockdown ហើយឱ្យលេបថ្នាំតែម្ដង។ គ្រាន់តែមួយយុទ្ធនាការអស់ ៧ លានគ្រាប់ … ដល់ឃើញស្ថានភាពប្រើអញ្ចឹង ខ្ញុំបញ្ជាភ្លាមថាទិញ ៥០ លានគ្រាប់មកទៀត ប៉ុន្តែកាលហ្នុងយើងមើល(ស្ថានភាព)ដូចជាយក ៣០ ឬ ២០ លានតែប៉ុណ្ណឹងទេចុងក្រោយ។ យើងមិនត្រូវទុកឱ្យប្រជាពលរដ្ឋរបស់យើងកើតជំងឺហើយ ដោយគ្មានថ្នាំព្យាបាលទេ​។ ឱសថចិននេះបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រទេសចិនខ្លួនឯង និងនៅក្នុងប្រទេសដទៃទៀត រាប់ទាំងប្រទេសដែលមានសេដ្ឋកិច្ចវិវឌ្ឍន៍ជឿនលឿន ជាពិសេសប្រទេសនៅមជ្ឈឹមបូព៌ាតែម្ដងប្រើប្រាស់ថ្នាំនេះ។


ឥឡូវក្រុមគ្រូពេទ្យនេះបានមកដល់កម្ពុជា ត្រូវសហការជាមួយគាត់ ហើយអាចមានលទ្ធភាពដែលគាត់ផ្ទេរបច្ចេកវិជ្ជាសម្រាប់យើងទៅថ្ងៃក្រោយក្នុងការផលិត ហើយចំពោះការផលិតវ៉ាក់សាំងក៏ត្រូវបន្តជម្រុញដៃគូក្នុងប្រទេសរបស់យើងក៏ត្រូវតែបង្កើនល្បឿននៃការធ្វើការជាមួយនិងភាគីចិនដើម្បីបង្កើតឱ្យមានរោងចក្រផលិតវ៉ាក់សាំងនៅកម្ពុជា។ ធ្វើយ៉ាងនេះយើងអាចធានាបាននូវចំណុចដែលទាក់ទងជាមួយនឹងដំណើរការការពារសុខភាពប្រជាពលរដ្ឋរបស់យើង។


អភិក្រមផ្ការីក


ខ្ញុំធ្លាប់បាននិយាយថា មិនប្រាកដថាប្រទេសដែលមានបច្ចេកវិជ្ជាជឿនលឿនអាចគ្រប់គ្រងបានទេ។ កន្លងទៅខ្វះអីគេបង្អាប់ខ្មែរថាប្រព័ន្ធសុខាភិបាលខ្សោយ ប៉ុន្តែវាស្ថិតនៅលើសមត្ថភាពរបស់មនុស្សឆ្លើយតបយ៉ាងម៉េច នឹងសភាពការណ៍។ យើងត្រូវការបច្ចេកវិជ្ជាជាន់ខ្ពស់ទាន់សម័យហើយ ប៉ុន្តែបើមនុស្សអត់ទាន់សម័យគឺវាទៅអត់រួចទេ។ អញ្ចឹងបានសុំថាគ្រូពេទ្យរបស់យើងកំពុងតែបំពេញការងារដ៏ល្អ ជាមួយនឹងការដឹកនាំដែលត្រូវតែប្រា​កដប្រជា។ បើសិនជាយើងមានតែបច្ចេកវិជ្ជាខ្ពស់ ក៏ប៉ុន្តែមនុស្សវាអត់ខ្ពស់សមត្ថភាពឆ្លើយតបវាមិនត្រូវជា​មួយរឿងគឺនៅតែដដែលហ្នឹង។ ខ្ញុំបានចែករំលែកបទពិសោធន៍ជាមួយនិងប្រទេសនានាច្រើនណាស់ដែលមកជួបខ្ញុំ ក្នុងរយៈពេលកន្លងទៅ។ ខ្ញុំថាបទពិសោធន៍ជោគជ័យរបស់កម្ពុជាគឺនៅត្រង់ការប្រើវ៉ាក់សាំង ហើយការប្រើវ៉ាក់សាំងមិនប្រាកដថាបានវ៉ាក់សាំងហើយបែរជាជោគជ័យទេ បើសិនជាមិនយកវិធីសាស្ត្រ … (ដែល)វិធីសាស្ត្ររបស់កម្ពុជាគឺអភិក្រមផ្ការីក ដោយចាក់ស្រោចក្រុងភ្នំពេញនិងខេត្តកណ្ដាលឱ្យជោគជាំសិន ហើយបន្ទាប់ទៅបានបញ្ជូនទៅបណ្ដាខេត្ត។ ខេត្តនេះទៀតសោត ត្រូវជ្រើសរើសភូមិសាស្ត្រណាចាក់ស្រោចអាកន្លែងហ្នឹងឱ្យជោគជាំសិន ចាំទៅកន្លែងមួយទៀត។


ដោយសារ​ពេលហ្នឹងវ៉ាក់សាំងរបស់យើងមានចំនួនតិច។ អញ្ចឹងបើសិនជាយើងយកមកចែកទៅតាមសមាមាត្រជាភាគរយទៅតាមខេត្ត វាអត់មានភាពស៊ាំសហគមន៍ទេ ឧទាហរណ៍ថាវ៉ាក់សាំងបាន ២ លានដូស, ២ លានដូសគិតជាមួយនឹងប្រជាជន ១៦ លាននាក់ ព្រោះយើងគិតតែជាមួយ ១៦ លាននាក់ ព្រោះយើងមានប្រហែលជា ១ លាននាក់នៅក្រៅប្រទេស នៅថៃ កូរ៉េខាងត្បូង ម៉ាឡេស៊ី ជប៉ុន ចិន វៀតណាមនៅប្រទេសដទៃទៀតដែលជានិស្សិតនៅក្រៅ(ប្រទេស)និងពលកររបស់យើង យើងគិតថាវាជាង ១០ ភាគរយ បើបាន ២​ លានដូសមកគិតជាមួយនឹង ១៦ លាននាក់វាបាន ១៥% បើចែកភ្នំពេញ ១៥% ខេត្តកណ្ដាលទទួល ១៥% ត្បូងឃ្មុំ ១៥% កំពង់ស្ពឺ ១៥% គ្រប់មួយខេត្តៗ ១៥% ទាំងអស់ សួរថាភាពស៊ាំសហគមន៍បានមកពីត្រង់ណា? ព្រោះអី? មនុស្ស ១០០ នាក់ចាក់ ១៥ នាក់ អញ្ចឹងដល់ពេលចូលប្រជុំ ១០០ នាក់ ១៥ នាក់ហ្នឹង វាតិចជាងអា ៨៥ នាក់ដែលអត់ទាន់បានចាក់ អញ្ចឹងអាភាពស៊ាំក្នុងសហគមន៍រកវាអត់ឃើញទេ អាហ្នឹងឥទ្ធិពលយូរអង្វែង។


អញ្ចឹងបានជាយើងឃើញប្រទេសខ្លះ មានអត្រាវ៉ាក់សាំងខ្ពស់ហើយ ក៏ប៉ុន្តែនៅតែបន្តការឆ្លងនិងស្លាប់នៅមានចំនួនខ្ពស់នៅឡើយ។ មូលហេតុអីទៅ? ប្រទេសខ្លះបានចាក់ ៧០% ហើយឬរហូតដល់ ៨០% នៃ(ចំនួនអ្នក)ចាក់វ៉ាក់សាំង ក៏ប៉ុន្តែឆ្លងមួយថ្ងៃៗរាប់ម៉ឺននាក់ ស្លាប់រាប់សិបនាក់ឬរយនាក់។ មូលហេតុអី? មកពីការចាប់ផ្ដើមវាខុស។ ព្រោះចាប់ផ្ដើមទៅតាមសមធម៌។ ឯយើងមិនចាត់ទុកថាខ្លួនត្រូវទេ តែនេះជាបទពិសោធន៍របស់យើង គឺយើងមានភាពស៊ាំសហគមន៍ជោគជាំនៅកន្លែងហ្នឹងហើយ បន្ទាប់ទៅចាក់ជោគជាំនៅកន្លែងផ្សេង។ អាភាពជោគជាំហ្នឹងហើយដែលជាក្លាយទៅជាភាពស៊ាំសហគមន៍។ ហ្នឹងជាបទពិសោធន៍របស់កម្ពុជា។


ពេលហ្នឹងឯណាវាយ WhatsApp ចូលមកខ្ញុំផងឯណាធ្វើលិខិតស្នើទៅលោកជំទាវ ឱ វណ្ណឌីន ផង … ជំនាន់ហ្នឹងប្រើតែ(ទូរស័ព្ទ) ពេល Voice សម្លេងចេញខ្ញុំដេកទេតើ ព្រោះហត់ពេកដែរ។ Voice សម្លេងដេក រួចហើយបញ្ជូនសម្លេងទៅតាមសារព័ត៌មាននានាផ្សាយទៅ។ ប្រជាជនស្ដាប់សម្លេងខ្ញុំបាន ប្រាប់ថាអត់ឱ្យទេ ឱ្យដំណើរការចាក់ឱ្យបាន។ ដល់ឥឡូវយើងមានភាពស៊ាំ គ្រាន់តែរវាងដូសទី ៣ ប្រជាពលរដ្ឋរបស់យើងយឺតបន្តិចដោយសាតែយើងមានដំណាក់កាលរបស់វា។ វាត្រូវប៉ុន្មានខែអីប៉ុន្មានខែអាហ្នឹងត្រូវដំណើរការ។ ឥឡូវខ្ញុំឱ្យជាអនុសាសន៍អំពី ការរំកិលពី(អាយុ) ២ ឆ្នាំទៅ ៣ ឆ្នាំ អញ្ចឹងកុំឱ្យវាចន្លោះពេលវែងតែប៉ុណ្ណឹងទេ។


ពីនាយករដ្ឋមន្រ្តីក្មេងជាងគេ មកជានាយករដ្ឋមន្រ្តីយូរជាងគេ លើពិភពលោក


ប៉ុណ្ណឹងទៅចុះថ្ងៃនេះ ព្រោះរឿងនិយាយវាច្រើនថ្ងៃហើយ។ ថ្ងៃណាក៏ថ្ងៃសុន្ទរកថាដែរ។ ល្ងាចនេះសុន្ទរកថាមួយទៀត។ ស្អែកធ្វើអីខ្លះកម្មវិធី?​ ឥឡូវចង់ភ្លេចកម្មវិធី។ ស្អែកជួបអគ្គរដ្ឋទូតប៉ាគីស្ថានដែលចូលសាតាំងហើយ។ អញ្ចឹងមុខតំណែងដែលគេឱ្យយើងធ្វើវាអញ្ចឹង … ប៉ុន្តែកន្លែងពិបាកគេចូលចិត្តទាមទារចង់ធ្វើទៀត … ហ្នឹងរឿងគេចង់ធ្វើ។ ប៉ុន្តែ ដល់តែយើងមិនចង់ បែរជាបានធ្វើទៅវិញ។ ធ្វើហ្នឹង ធ្វើជាង ៣៧ ឆ្នាំហើយ។ តំណែងនាយករដ្ឋមន្រ្តីនោះ ធ្វើតាំងពីនាយករដ្ឋមន្រ្តីដែលក្មេងជាងគេនៅលើពិភពលោក ឥឡូវទៅជានាយករដ្ឋមន្រ្តីដែលយូរជាងគេនៅលើពិភពលោកវិញម្តង។ កាលពីមុនចូលធ្វើនាយករដ្ឋមន្រ្តីអាយុ ៣២ ឆ្នាំហ្នឹង ធ្វើរដ្ឋមន្រ្តីការបរទេសអាយុ ២៧ ឆ្នាំ។ អញ្ចឹងពីនាយករដ្ឋមន្រ្តីដែលអាយុក្មេងជាងគេលើលោក ទៅជានាយករដ្ឋមន្រ្តីដែលយូរជាងគេលើលោក។ ជាទម្លាប់របស់ខ្ញុំ ហៅក្មេងៗ ដែលអាចថាយើងត្រូវផ្លាស់ប្តូររៀបចំ ហើយជ្រើសរើសមួយចំនួនទៅជួបបាយជាមួយគ្នាមួយពេល ហើយថតរូប។ ស្រាប់ឥឡូវឃើញអ្នកណាបង្ហោះថា សូមទាក់ទងឲ្យហើយទៅ។ វាទៅជាអញ្ចឹងទៅ។ ថ្ងៃហ្នឹងអ្នកណាអ្នកថតរូប? អ្នកណាអ្នកថត មានម៉ាស៊ីនថត ក៏ប៉ុន្តែស្រាប់តែឃើញគេបង្ហោះថាសូមឲ្យទាក់ទងអ្នកដែលថតរូបជាមួយខ្ញុំ សូមឲ្យទាក់ទងអ្នកហ្នឹងឲ្យហើយទៅ។ ជាទម្លាប់ធម្មតារបស់ខ្ញុំ គឺខ្ញុំហៅទៅពិនិត្យ ជួនកាលឲ្យពួកគេផ្តល់យោបល់ឲ្យយើងដែរ។ ប៉ុន្តែដល់ឥឡូវគេសរសេរខ្លីថា សូមទាក់ទងទុកឲ្យហើយទៅ។ វាទៅជាអញ្ចឹងទៅ។ តាមដឹងរូបថតហ្នឹងចេញពីកម្ពុជាឆ្ពោះទៅបារាំង ហើយចេញពីបារាំងមកកម្ពុជាវិញ។ បើសិនជាខ្ញុំតាម ខ្ញុំតាមរកឃើញ ប៉ុន្តែហ្នឹងវាមិនមែនជាអាថ៌កំបាំងខ្ពស់ឯណាទេ ព្រោះវាជាទម្លាប់ដែលខ្ញុំជួបជាមួយយុវជន ជួបជាមួយនឹងមន្រ្តីវ័យក្មេងរបស់យើង ដើម្បីសន្ទនាជាមួយគេ លើកឡើងអំពីចក្ខុវិស័យដែលគេត្រូវតម្រង់ទិសចំពោះពួកគេ ។ ខ្ញុំនឹងបន្តធ្វើកិច្ចការអស់ទាំងហ្នឹងបន្តទៀត ហើយសម្រាប់ខ្ញុំគឺថា ខ្ញុំបានបញ្ជាក់ហើយថា ខ្ញុំធ្វើនាយករដ្ឋមន្រ្តីទាល់តែខ្ញុំឈប់ចង់ធ្វើ។ ព្រោះឥឡូវអត់ទេ នៅវាយកូនគោលទៅឆ្ងាយតើ។ ត្រឹមវាយកូនគោលនៅសឿងតើ។ អត់ទាន់ទៅណា គ្រាន់ថាយប់មិញក្តាមកាច់ដៃ កាច់​ជើង។ មើលទៅថា អូ! មកពីខានកោសខ្យល់យូរ ហើយត្រូវប្រពន្ធខ្ញុំពូកែណាស់ ពូកែរឿងបូមខ្យល់។ ខ្ញុំនេះគឺថាអ្នកដែលប៉ះខ្លួនខ្ញុំបានមានតែប្រពន្ធខ្ញុំទៀត។​ តែប្រពន្ធខ្ញុំឈឺ អត់ហ៊ានពឹងគេទេ។ អញ្ចឹងត្រូវទ្រាំ ដល់ប្រពន្ធខ្ញុំអត់ឈឺ។ ល្ងាចមិញម៉ោងជាង ១២ ហើយបានបូមខ្យល់ ប៉ុណ្ណឹងទៅចុះ។


… បញ្ជាក់សាជាថ្មី ឆ្នាំនេះត្រូវតែចូលឆ្នាំខ្មែរ


ថ្ងៃនេះខ្ញុំបាននាំមកសម្រាប់វេជ្ជបណ្ឌិត និងគ្រូពេទ្យ និងបុគ្គលិកចំនួន ៩៩៤ នាក់ ក៏សុំជូនថវិកាម្នាក់ៗ ១០ ម៉ឺនរៀល ជូនគ្រូពេទ្យប្រចាំការក្នុងអង្គពិធីចំនួន ៣ លានរៀល ជូនមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈចំនួន ៥ លានរៀល។ ហើយជិតចូលឆ្នាំហើយ ឆ្នាំនេះត្រូវតែចូលឆ្នាំ ខ្ញុំបញ្ជាក់សាជាថ្មីត្រូវតែចូលឆ្នាំ ហើយក៏សូមបញ្ជាក់ផងដែរ ស្រាប់តែថ្ងៃមុននាំគ្នាផ្អើលពេញមួយប្រទេសថាលោក ហ៊ុន សែន នឹងបើកប្រាក់បៀវត្សខែ ៣ ហើយថែម ខែ ៤ ទៀត ។ តើមានឃើញព័ត៌មានហ្នឹងទេ? អញ្ចឹងគេថា ឆ្នាំហ្នឹងត្រូវបានប្រាក់ខែឌុបបង្កើនប្រាក់ខែ ខែ ៣ និងខែ ៤ ហើយមានស្អីណាទៀត។ អត់ទេ។ ហ្នឹងបង្ហោះតាំងពីឆ្នាំ  ២០១៩។ ស្រាប់តែវាហោះឡើងវិញ។ មិនបាច់ចាំស្អី កូនខ្ញុំតែម្តង ដំបូងខាងវិទ្យុបាយ័នមកសួរ ថាអាហ្នឹងអត់ទេ យូរហើយ។ ស្រាប់បន្ទាប់ទៅកូនស្រីខ្ញុំ វាថាពុក! ពុកបើកប្រាក់ខែអញ្ចឹង ព្រោះខាងបាយ័នគេឧបត្ថម្ភបុគ្គលិករបស់គេដែរ … អញ្ចឹងគេថាខាងផ្នែករដ្ឋ ពុកឧបត្ថម្ភបើកប្រាក់ខែឲ្យថែមមួយខែទៀត ហើយគេនោះចង់ឧបត្ថម្ភចំពោះបុគ្គលិករបស់គេ ក៏មកសួរ។ ខ្ញុំថាអត់ទេកូនអាហ្នឹងតាំងពីប៉ុន្មានឆ្នាំមុនឯណោះ អញ្ចឹងសុំកុំភាន់ច្រឡំអារឿងហ្វេសប៊ុកថ្ងៃមុននោះដែលថាបើកប្រាក់ខែ ខែ ៣ ហើយ បូកនឹងខែ ៤ … អាហ្នឹងតាំងពីប៉ុន្មានឆ្នាំមុនឯនោះ តែមិនដឹងវាយ៉ាងម៉េចអាហ្វេសប៊ុកហ្នឹង យូរៗវាចេញមកមួយ ដល់ជុំវា វាចេញមក។ ចេញចំកន្លែងដែលគួរឲ្យគេវង្វេងតែម្តង។


អរគុណឯកឧត្តម Wang Wentian ដែលបានអញ្ជើញចូលរួមក្នុងថ្ងៃនេះ ហើយជាមួយនឹងការប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់នូវមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រ ជាមានិតចិន ខ្ញុំសូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី និងបងប្អូនជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕