Friday, February 10, 2023

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារ កិច្ចព្រមព្រៀងសំខាន់ៗចំនួន១២


សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម នាយករដ្ឋមន្រ្តីចិន លី ខឺឈាង បានអញ្ជើញធ្វើជាសាក្សី នៃពិធីចុះហត្ថលេខាលើឯកសារ កិច្ចព្រមព្រៀងសំខាន់ៗចំនួន១២ ត្រូវបានចុះហត្ថលេខា នៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ក្នុងនោះរួមមាន ៖ 

១-កិច្ចព្រមព្រៀង ស្តីពីការពង្រឹងកិច្ចសហប្រតិ បត្តិការ ក្នុងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន នៅក្នុងយុគសម័យថ្មី រវាងក្រសួងការបរទេស និងសហប្រតិ បត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសចិន ភាគីកម្ពុជាចុះហត្ថលេខាដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ភាគីចិនចុះហត្ថលេខាដោយឯកឧត្តម ឈីន កាង(Qin Gang) រដ្ឋមន្រ្តីការបរទេស។ 

 ២-កិច្ចព្រមព្រៀងអនុវត្តគម្រោងអភិវឌ្ឍ សាកលវិទ្យាល័យក្រចេះ ជំហានទី២ ក្នុងក្របខណ្ឌហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលចិន ភាគីកម្ពុជាដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ភាគីចិនចុះហត្ថលេខាដោយឯកឧត្តម វ៉ាង វិន ថាវ (Wang Wentao) រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ។ 

 ៣-ផែនសកម្មភាព ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ឆ្នាំ២០២៣-២០២៤ ភាគីកម្ពុជាចុះហត្ថលេខាដោយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ភាគីចិនចុះហត្ថលេខាដោយ ឯកឧត្តម វ៉ាង វិន ថាវ (Wang Wentao) រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

 ៤-ពិធីសារស្តីពីលក្ខខណ្ឌតម្រូវចត្តាឡីស័ក និងអនាម័យ សម្រាប់នាំចេញវារីសត្វរស់ពីកម្ពុជា ទៅកាន់ប្រទេសចិន ភាគីកម្ពុជាចុះហត្ថលេខាដោយឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាណ និងនេសាទ ភាគីចិនចុះហត្ថលេខាដោយ ឯកឧត្តម យូ ជៀនហ័រ (Yu Jianhua) អគ្គនាយក នៃអគ្គរដ្ឋបាលគយចិន(GACC)។

 ៥-អនុស្សារណៈ នៃកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មានកម្ពុជា និងអគ្គស្ថានីយ៍វិទ្យុ និងទូរទស្សន៍មជ្ឈឹមចិន ភាគីកម្ពុជាចុះហត្ថលេខាដោយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ភាគីចិនចុះហត្ថលេខាដោយ ឯកឧត្តម សិន ហាយស្យុង (Shen Haixiong) អគ្គនាយក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈមចិន។

 ៦-កិច្ចព្រមព្រៀង នៃកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងទីភ្នាក់ងារស៊ីនហួ ភាគីកម្ពុជាចុះហត្ថលេខាដោយឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ភាគីចិនចុះហត្ថលេខាដោយ ឯកឧត្តម ហ្វូ ហ័រ (Fu Hua ) ប្រធានទីភ្នាក់ងារស៊ីនហួ ។

៧-សេចក្តីថ្លែងការណ៍រួម ស្តីពីគំនិតផ្តួចផ្តើមកិច្ចសហការអាស៊ី សម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌ ភាគីកម្ពុជាចុះហត្ថលេខាដោយលោកជំទាវ ទូត បញ្ញា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ភាគីចិនចុះហត្ថលេខាដោយ ឯកឧត្តម លី ឈិន (Li Qun) អនុរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងទេសចរណ៍ចិន និងជាប្រធានរដ្ឋបាលបេតិកភណ្ឌវប្បធម៌ជាតិចិន។

 ៨-អនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីផែនការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-ចិន ឆ្នាំ២០២៣-២០២៥ ភាគីម្ពុជាចុះហត្ថលេខាដោយ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ភាគីចិនចុះហត្ថលេខាដោយឯកឧត្តម លូក ចាវហួយ (Luo Zhaohui) ប្រធានសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន។

 ៩-លិខិតប្តូរសារស្តីពីការសិក្សាសមិទ្ធផលលទ្ធភាពគម្រោងសាកល្បង កិច្ចសហប្រតិបត្តិការការកាត់បន្ថយភាពក្រីក្រ នៅកម្ពុជាជំហានទី២ ភាគីម្ពុជាចុះហត្ថលេខាដោយ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ភាគីចិនចុះហត្ថលេខាដោយឯកឧត្តម លូក ចាវហួយ (Luo Zhaohui) ប្រធានសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន។

 ១០-លិខិតប្រគល់ទទួលនូវទឹកប្រាក់ហិរញ្ញប្បទានឥតសំ ណង ចំនួន ៤,៤លានដុល្លាអាមេរិក សម្រាប់គម្រោងកាត់បន្ថយយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅប្រទេសកម្ពុជា ភាគីម្ពុជាចុះហត្ថលេខាដោយ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ភាគីចិនចុះហត្ថលេខាដោយឯកឧត្តម វ៉ាង វិនថាវ (Wang Wentao)រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

 ១១-កិច្ចព្រមព្រៀងក្របខណ្ឌ សម្រាប់គម្រោងអភិវឌ្ឍន៍ អាងទឹកដងកាំបិត ខេត្តកំពង់ធំ ភាគីម្ពុជាចុះហត្ថលេខាដោយ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ភាគីចិនចុះហត្ថលេខាដោយឯកឧត្តម លូក ចាវហួយ (Luo Zhaohui) ប្រធានសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន។

១២-កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ខេត្តកំពង់ធំ ភាគីម្ពុជាចុះហត្ថលេខាដោយ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ភាគីចិនចុះហត្ថលេខាដោយ ឯកឧត្តម អ៊ូ ហ្វូលីន (Wu Fulin) ប្រធានធនាគារ អាហរណ៍ នីហ័រណចិន។

បន្ទាប់មកប្រមុខដឹកនាំរដ្ឋាភិបាល នៃប្រទេសទាំងពីរកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុចប៊ូតុងដើម្បីបង្ហាញវីដេអូខ្លី ស្តីពីសកម្មភាពនៃពិធីអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន៕

ពិធីបដិសណ្ឋារកិច្ចផ្លូវការជូនសម្តេចតេជោ ហ៊ុន សែន ពីនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន និងជំនួបពិភាក្សា


ពិធីបដិសណ្ឋារកិច្ចផ្លូវការរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានធ្វើឡើងនៅវេលារសៀលថ្ងៃទី១០ ខែកុម្ភៈនេះ នៅក្នុងសាលនៃមហាវិមានប្រជាជនចិន ក្នុងរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ក្រោមវត្តមាននៃការធ្វើគារវកិច្ចវស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីសមភាគីចិន ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន។ សម្តេចតេជោនាយករដ្ឋមន្រ្តី អមដំណើរដោយផ្ទាល់ពីសមភាគីចិន ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញធ្វើគារវកិច្ចចំពោះឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្រ្តី អមដំណើរដោយផ្ទាល់ពីសមភាគីចិន ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិត។



បន្ទាប់មកសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងឯកឧត្តមនាយករដ្ឋមន្រ្តី លី ខឺឈាង បានអញ្ជើញធ្វើជំនួបពិភាក្សាកំពូលទ្វេភាគី ក្នុងបរិយាកាសស្និទ្ធស្នាលរ៉ាក់ទាក់បំផុត។ ក្នុងជំនួបកំពូលទ្វេភាគីនោះ  ភាគីទាំងពីរកម្ពុជា-ចិន បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃមិត្តភាពរឹងមាណដូចដែរថែប និងឯកភាពបន្តជំរុញការផ្លាស់ប្តូរកម្រិតខ្ពស់ គ្រប់ទម្រង់ ដើម្បីការអភិវឌ្ឍទំនាក់ទំនងជាយុទ្ធសាស្រ្ត និងការជឿជាក់ផ្នែកនយោបាយ។ ភាគីទាំងពីប្រកាសពិធីសម្ពោធព្រឹត្តិការនានា នៃឆ្នាំមិត្តភាពកម្ពុជា-ចិន ដើម្បីអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន សំដៅជំរុញការកសាងសហគមន៍វិសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាព និងកម្រិតខ្ពស់។

 ភាគីចិនកោតសរសើរចំពោះសមិទ្ធផលសំខាន់ៗនានា ដែលកម្ពុជាសំរេចបាន ក្នុងការកសាងស្ថេរភាពជាតិ វិបុលភាព ព្រមទាំងពង្រីកឥទ្ធិពលកម្ពុជាលើឆាកអន្តរជាតិ។ ភាគីចិនគាំទ្រពេញទំហឹងចំពោះ ១-ការជ្រើសរើសមាគ៌ា អភិវឌ្ឍន៍របស់កម្ពុជា ស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន ២-កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការការពារអធិបតេយ្យ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍នានា ៣-ការអភិវឌ្ឍបន្តបន្ទាប់ តាមរបៀបវារៈនយោបាយកម្ពុជា និង៤-ប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ កម្ពុជា ១-ប្រកាន់នយោបាយចិនមួយ ២-ប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងរបស់ចិន និង៣-គាំទ្រចិន ការពារផលប្រយោជន៍ស្នូល ព្រមទាំងការបង្រួបបង្រួមជាតិ។ ភាគីទាំងពីរកម្ពុជា-ចិន បានឯកភាពអភិវឌ្ឍក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ផ្តោតសំខាន់លើ នយោបាយ  ប្រើប្រាស់តួនាទីរបស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ឲ្យបានពេញលេញ ពង្រឹងការផ្លាស់ប្តូរអន្តរភាគីគ្រប់កម្រិត ទាំងក្នុងក្របខណ្ឌរដ្ឋ បក្ស និងយុវជន និងបន្តកសាងសហគមន៍វាសនារួមកម្ពុជា-ចិន។សមត្ថភាពផលិតកម្ម គឺពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្ត និងការបន្ស៊ីគ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងយុទ្ធសាស្រ្តចតុកោណ។ អភិវឌ្ឍន៍ខេត្តព្រះសីហនុ ឲ្យក្លាយជាគំរូតំបន់សេដ្ឋកិច្ចពិសេសពហុបំណង និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន បណ្តាញអគ្គិសនី ខ្សែកាប្លិ៍អុបទិក ឃ្លាំងស្តុក និងភស្តុភារកម្ម ហើយចិននិងគាំទ្រកម្ពុជា ក្នុងការអភិវឌ្ឍគម្រោងផ្លូវដែក។ .

កសិកម្ម: សិក្សាបង្កើត (ច្រករបៀងមច្ឆា និងអង្ករ) អភិវឌ្ឍន៍កសិកម្មអេកូឡូស៊ីទំនើប ពន្លឿនផែនការអភិវឌ្ឍន៍កសិកម្មទំនើប  ស្វែងរកកិច្ចសហប្រតិបត្តិការកសិកម្មឌីជីថល និង គាំទ្រការធ្វើទំនើបកម្មវារីវប្បកម្ម ចម្ការត្រូពិក និងវិស័យសក្តានុពលផ្សេងទៀត។ វិស័យថាមពលគឺ ជំរុញកិច្ចសហប្រតិបត្តិការលើថមពលវារីអគ្គិសនី ថាមពលដើរដោយពន្លឺ និងប្រភពថាមពលស្អាតដទៃទៀត ស្វែងរកដំណោះស្រាយកិច្ចសហប្រតិបត្តិការថាមពលបៃតង ស្ថិរភាព និងពឹងផ្អែកបាន។ វិស័យសន្តិសុខ គឺចាប់យកសក្តានុពល នៃយន្តការកិច្ចសហប្រតិបត្តិការ រវាងយោធាទាំងពីរ តាមរយៈការពង្រឹងការផ្លាស់ប្តូរកងកម្លាំងសមភាគី និងសមយុទ្ធ និងការហ្វឹកហ្វឺនរួមគ្នា និងបន្តកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរ និងចែករំលែកព័ត៌មានរវាងមន្រ្តីអនុវត្តច្បាប់។ វិទ្យាសាស្រ្ត បច្ចេកវិទ្យា ការអប់រំ វប្បធម៌ ទេសចរណ៍ សុខាភិបាល និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។ ភាគីទាំងពីរកម្ពុជា-ចិន ឯកភាពបន្តប្រកាន់ខ្ជាប់ ពហុភាគីនិយម និងគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល។ ចិនអបអរសាទរភាពជោគជ័យរបស់កម្ពុជា ក្នុងភាពជាប្រធានអាស៊ានឆ្នាំ២០២២ និងបន្តជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ បញ្ហាសមុទ្រចិនខាងត្បូង ១-អំពាវនាវដល់ភាគីពាក់ព័ន្ធអនុវត្តឲ្យបានពេញលេញ និងប្រសិទ្ធភាព នូវសេចក្តីប្រកាសស្តីពីការប្រតិបត្តិ របស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលម្ហសមុទ្រ និង២-ពន្លឿនការសម្រេចនូវ ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) ប្រកបដោយខ្លឹមសារ និងប្រសិទ្ធភាព៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានសភាតំណាងប្រជាជនចិន


ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម លី ជានស៊ូ (Li Zhanshu) ប្រធានសភាតំណាងប្រជាជនចិន។ 



ក្នុងជំនួបនោះ ឯកឧត្តម លី ជានស៊ូ មានប្រសាសន៍សំដែងនូវការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកកើក្តៅបំផុត វត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានចំណាយពេលដ៏មានតម្លៃ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការមកកាន់រដ្ឋធានីប៉េកាំង ដែលជាភ្ញៀវទី១របស់ពិភពលោក មកាន់ប្រទេសចិន បន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិបានបញ្ចប់ទៅ កាលពីពេលថ្មីៗកន្លងទៅ។ សម្តេចតេជោមានប្រសាសន៍ថា កាលពី៣ឆ្នាំមុនគឺនៅថ្ងៃទី៥កុម្ភៈឆ្នាំ២០២០ សម្តេចបាន បំពេញទស្សនកិច្ចរដ្ឋធានីប៉េកាំង ស្របពេលនៃការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩យ៉ាងខ្លាំង ក្នុងប្រទេសចិន។ 

សម្តេចតេជោបន្តថា សម្តេចអញ្ជើញទៅកាន់ប្រទេសចិននៅពេលនោះ គឺដើម្បីគាំទ្រនិងជួយដល់ប្រជាជនចិន ពោលគឺយើងមិនស្រឡាញ់គ្នាតែក្នុងពេលសប្បាយនោះទេ គឺត្រូវយកអាសាគ្នាក្នុងពេលមានទុក្ខលំបាកដូចគ្នា និងម៉្យាងវិញទៀតគឺដើម្បីលើកទឹកចិត្តដល់ជនជាតិកម្ពុជា ពិសេសនិស្សិកម្ពុជាដែលសិក្សានៅប្រទេសចិន ឲ្យមានភាពកក់ក្តៅមិនរត់ចោលគ្នា។ 

ក្នុងជំនួបសំដែងការគួរសមនោះដែរ សម្តេចតេជោ និងឯកឧត្តមប្រធានគណៈកម្មាធិការអចិន្រៃ្តយ៍ នៃសភាប្រជាជនចិន បានឯកភាពគ្នាក្នុងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យសម្រាប់ប្រទេសទាំងពីរកម្ពុជា ចិន ពិសេសការជំរុញទំនាក់ទំនងរវាងស្ថាប័ននិតិបញ្ញាត្តិនៃប្រទេសទាំងពីរកម្ពុជា ចិន ឲ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំដែងការគួរសម ជាមួយប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន


នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលជាថ្ងៃទី២ នៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជួបសំដែងការគួរសម ឯកឧត្តម ស៊ី ជិនពីង(Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងជំនួបដែលធ្វើឡើងនៅផ្ទះសំណាក់រដ្ឋ Diao Yutai រដ្ឋធានីប៉េកាំង ឯកឧត្តម ស៊ី ជិនពីង មានប្រសាសន៍សំដែងនូវការស្វាគមន៍ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ជាមេដឹកនាំពិភពលោកលើកទី១ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសចិន បន្ទាប់ពីពិធីចូលឆ្នាំថ្មីរបស់ប្រជាជនចិន។ សម្តេចតេជោបានអបអរសាទរ ចំពោះការអញ្ជើញនេះ។ សម្តេចបានមានប្រសាសន៍បន្តថា កាលដែលសម្តេចអញ្ជើញមកាន់ប្រទេសចិន កាលពីថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០២០ ពេលដែលផ្ទុះកូវីដយ៉ាងខ្លាំងនោះ គឺចង់លើកទឹកចិត្តនិស្សិមួយចំនួននៅវ៉ូហាន និងម៉្យាងវិញទៀត សម្តេចក៏ដូចជាកម្ពុជាចង់ឈរនៅជាមួយប្រជាជនចិន នៅពេលជួបគ្រាលំបាក។ក្នុងជំនួបគ្នានោះមេដឹកនាំទាំងពីរកម្ពុជា-ចិន បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ លើកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី និងបញ្ហាអន្តរជាតិ ដែលមានការយកចិត្តទុកដាក់គ្នា។ ឯកឧត្តម ស៊ី ជីនពីង មានប្រសាសន៍កោតសរសើរចំពោះស្នាដៃរបស់សម្តេច និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ានទទួលបានជោគជ័យដ៏ត្រចះត្រចង់។ សម្តេចបានថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានចូលរួមធានាឲ្យទទួលបានជោគជ័យ។ នៅក្នុងជំនួបគ្នានោះមេដឹកនាំទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី នៃប្រទេសទាំងពីរ ដែលឈានពីកិច្ចសហប្រតិបត្តិគ្រប់ជ្រុងជ្រោយ ទៅជាមិត្តដែកថែម និងឈានទៅកិច្ចសហប្រតិបត្តិការសហគមន៍រួម ជោគវាសនាតែមួយ។
មេដឹកនាំទាំងពីរ នឹងបន្តពង្រឹងស្មារតីកសាងសហគមន៍តែមួយ ជោគវាសនាតែមួយ ដែលផ្តោតសំខាន់លើវិស័យចំនួន៦ រួមមានទី១)នយោបាយ និងការទូត ២)វិស័យសមត្ថភាពផលិត និងវាយភណ្ឌ ៣)កសិកម្ម ៤)ថាមពល ៥)សន្តិសុខ ៦)ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន រួមទាំងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា។ នៅក្នុងជំនួបគ្នានេះ ឯកឧត្តម ស៊ី ជីនពីង បានគាំទ្រចំពោះជំហគោលនយោបាយរបស់កម្ពុជា ចំពោះភាពឯករាជ្យ បូរណភាពទឹកដី របស់កម្ពុជា។ ទាក់ទិននឹងការលើកឡើងរបស់ ឯកឧត្តមប្រធានាធិបតីចិន សម្តេចតេជោបានឆ្លើយតបថា ជំនួយឧបត្ថម្ភរបស់ចិន គឺមិនគ្រាន់តែចូលរួមចំណែកដល់ភាពរីកចំរើនរបស់កម្ពុជាប៉ុណ្ណោះទេ តែបានរួមចំណែកដល់ការពង្រឹងឯករាជ្យភាពរបស់កម្ពុជា ខ្ពស់មុខខ្ពស់មាត់លើឆាកអន្តរជាតិ។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែមករាឆ្នាំ២០២២ដែលបានជំរុញការបើក ទីផ្សាររបស់ចិន ទទួលកសិផលនិងមច្ឆាជាតិរបស់កម្ពុជា។ ឯកឧត្តមប្រធានាធិបតីមានប្រសាសន៍ចាប់អារម្មណ៍ពីការអភិវឌ្ឍកសិកម្ម និងវារីវប្បធម៌នៅតំបន់ជុំវិញបេឹងទន្លេសាប។
ទាក់ទិនទៅនិងប្រសាសន៍លើកឡើងរបស់ឯកឧត្តមប្រធានាធិបតី សម្តេចបានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់របស់ឯកឧត្តមប្រធានាធិបតី ដើម្បីបង្កើតរបៀងមច្ឆាជាតិ និងអង្គរ នៅភាគពាយ័ព្យរបស់កម្ពុជា។ សម្តេចតេជោបន្តថា កម្ពុជាមានប៉ូលសេដ្ឋកិច្ចចំនួន៣រួចមកហើយ គឺប៉ូលសេដ្ឋកិច្ចភ្នំពេញ ក្រុងព្រះសីហនុ និងឥសាន ហើកម្ពុជានិងបង្កើតប៉ូលសេដ្ឋកិច្ចទី៤ នៅភូមិភាគពាយ័ព្យ។ នៅក្នុងជំនួបគ្នានោះដែរ ឯកឧត្តម ស៊ី ជីនពីង និងសម្តេចតេជោ បានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើការជំរុញការផលិតប្រភពថាមពលអគ្គសនីដោយផ្តោតលើការការពារបរិស្ថាន ថាមពលបៃតង។ ក្នុងជំនួបគ្នានោះ សម្តេចតេជោបានស្នើដល់ឯកឧត្តមប្រធានាធិបតី ជំរុញអ្នកទេសចរណណ៍ចិន មកទស្សនាកម្ពុជាឲ្យកាន់ច្រើនឡើង បន្ទាប់ពីការបន្ធូរបន្ថយការរិតត្បិតរបស់ប្រទេសចិន ពិសេសការលើកទឹកចិត្តពី ឯកឧត្តមប្រធានាធិបតី ដើម្បីឲ្យអ្នកទេសចរណ៍ចិនធ្វើដំណើរមកកាន់កម្ពុជា ដោយគ្មានការភ័យខ្លាច។ សម្តេចតេជោ មានប្រសាសន៍សង្កត់ធ្ងន់ថា សេដ្ឋកិច្ចកម្ពុជាងើបឈរឡើងវិញ គឺដោយសារកាយវិការ និងការជួយឧបត្ថម្ភរបស់ប្រទេសចិន ក្នុងការផ្តល់វ៉ាក់សាំង ពោលបើមិនមានវ៉ាក់សាំងចាក់ស្រោចដែលផ្តល់ដោយភាគីចិនទេនោះទេ មិនដឹងថាប្រជាជនកម្ពុជាមានវាសនាបែបណានោះទេ ពិសេសកម្ពុជាបានបើកសេដ្ឋកិច្ច និងប្រទេសឡើងវិញ កាលពីថ្ងៃទី១ ខែវច្ឆិកា ឆ្នាំ២០២១។
ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជិនពីង បានអរគុណចំពោះសម្តេចតេជោ ដែលបានប្រកាសជាសាធារណៈថា បើខ្ញុំមិនពឹងចិនទេ តើឲ្យខ្ញុំទៅពឹងអ្នកណា?។ ឯកឧត្តម ស៊ី ជិនពីង បានឧបត្ថម្ភជំនួយឥតសំណងមានទឹកប្រាក់ ៣០០លានយ័ន ចំពោះគម្រោងផ្លូវដែកកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ក្នុងជំនួបគ្នាដែលបានចំណាយពេលប្រមាណ១០០នាទី មេដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរ ឈានដល់ចំណុចកំពូលថ្មីមួយទៀត៕