Tuesday, January 05, 2021

ពិធីក្រុងពាលីឆ្លងដាក់ឱ្យដំណើរការជាផ្លូវការ នូវផែដឹកជញ្ជូនថ្មីមួយនៅតំបន់អភិវឌ្ឍន៍ចុងកោះ

 កំពង់ឆ្នាំង៖ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តកំពង់ឆ្នាំង មានរៀបចំពិធីក្រុងពាលីឆ្លងដាក់ឱ្យដំណើរការជាផ្លូវការ នូវផែដឹកជញ្ជូនថ្មីមួយនៅតំបន់អភិវឌ្ឍន៍ចុងកោះ តាមប្រពៃណីទំនៀមទម្លាប់ ក្រោមអធិបតីភាពលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងភរិយា និងលោក លោកស្រីអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត។

លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ឱ្យដឹងថា កំពង់ផែថ្មីនេះគាំទ្រថវិកាដោយរាជរដ្ឋាភិបាល ផ្តល់តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានចាប់ដំណើរការសាងសង់ កាលពីខែមករា ឆ្នាំ២០១៧ ដែលមានទំហំធំ ៦៥២៣ម៉ែត្រក្រឡា។ ការសាងសង់កំពង់ថ្មីនេះនឹងធ្វើឱ្យប្រសើរឡើងនូវ ជីវភាពរបស់ប្រជាកសិករ និងប្រជាពលរដ្ឋនៅតំបន់អភិវឌ្ឍន៍ថ្មីរបស់ខេត្ត ហើយការកសាងនេះស្ថិតក្នុងគំរោងផែនការអភិវឌ្ឍន៍ច្រាំងទន្លេរបស់ខេត្តកំពង់ឆ្នាំង។

លោកបានបញ្ជាក់ទៀតថា កន្លងមកខេត្តកំពង់ឆ្នាំង មានកំពង់ផែតូចចង្អៀត ដែលបង្ករការលំបាកដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅមក ពិសេសគឺដឹកទំនិញកសិផល និងការឆ្លងរថយន្ត ម៉ូតូ ប៉ុន្តែដោយសារខេត្តមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់នោះ បានធ្វើការរៀបចំនូវផែថ្មីនេះដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ ៕







កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី១៩

 ព្រះសីហនុ÷ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១នេះ លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបេីកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី១៩ ដែលមានការចូលពីសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ការសាលាខេត្ត ប្រធានមន្ទីរ អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត។

កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ លើកទី១៩ អាណត្តិទី៣ មានរបៀបវារៈចំនួន៩ យកមកពិនិត្យ និងពិភាក្សារួមមាន៖
១-មតិស្វាគមន៍បើកកិច្ចប្រជុំ
២-ពិនិត្យកូរ៉ុម
៣-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី១៩ របស់ក្រុមប្រឹក្សាខេត្ត។
៤-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៨ របស់ក្រុមប្រឹក្សាខេត្ត។
៥-ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២០ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី ២០ ខែវិច្ឆិកា ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០)។
៦-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការសាលាខេត្ត។
៧-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងស្តីពីការកែសម្រួលគម្រោងអភិវឌ្ឍន៍ខេត្តឆ្នាំ ២០២១
៨-ស្តាប់របាយការណ៍របស់គណ:កម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត និងរបាយការណ៍របស់ការិយាល័យប្រជា ពលរដ្ឋខេត្តព្រះសីហនុ
-គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ
-គណៈកម្មាធិការលទ្ធកម្មខេត្ត
-គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត
-គណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្ស
-គណៈកម្មាធិការរៀបចំដែនដី នគរូប
នីយកម្ម
-ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ
៩-ប្រសាសន៍បូកសរុប ប្រកាសកាលបរិច្ឆេទសម្រាប់កិច្ចប្រជុំសាមញ្ញលើកក្រោយ និងបិទអង្គប្រជុំ៕








កិច្ចប្រជុំ​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ ឯកសារ​បញ្ជីឈ្មោះប្រជាពលរដ្ឋ ដែលមានបញ្ហាវិវាទដីធ្លីជាមួយក្រុមហ៊ុនយូញៀន

 កោះកុង÷ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំ​ដើម្បីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ ឯកសារ​បញ្ជីឈ្មោះ ប្រជាពលរដ្ឋ​រស់នៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ដែលមានបញ្ហាវិវាទដីធ្លីជាមួយក្រុមហ៊ុនយូញៀន។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង​ផ្ទៀតផ្ទាត់ឱ្យបានច្បាស់លាស់​អំពី​ឈ្មោះ អត្តសញ្ញាណប្រជាពលរដ្ឋ​ដែលរស់នៅក្នុងទីតាំងវិនិយោគរបស់ក្រុមហ៊ុនយូញៀន ដើម្បីរដ្ឋបាលខេត្តកោះកុង ធ្វើរបាយការណ៍គោរពជូនលោករដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

កិច្ចប្រជុំនេះ​ប្រព្រឹត្តទៅនៅសាលាខេត្តកោះកុង ដែល​មានសមាសភាពចូលរួមដូចជា​ លោកនាយកទីចាត់ការអន្តរវិស័យ លោកអភិបាលស្រុកគិរីសាគរ លោកមេឃុំព្រែកខ្សាច់ និងស្មៀនឃុំព្រែកខ្សាច់៕





លោក វ៉ា ថន បានវាយតម្លៃខ្ពស់ទៅលើរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅផែនការថ្មីៗ

 ក្រចេះ៖ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ លោក វ៉ា ថន អភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្តពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២១-២០២៣ ។

លោក វ៉ា ថន អភិបាលខេត្ត និងជាប្រធានអង្គប្រជុំ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារកសាងផែនការខេត្ត ដែលខិតខំប្រឹងប្រែងសម្របសម្រួល ក្នុងការប្រមូល ចងក្រងឯកសារ បូកសរុបតារាងគម្រោងនានា ព្រមទាំងតាក់តែងរៀបចំជាសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២១-២០២៣ ដែលដាក់ប្រជុំឆ្លងគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត ក្នុងពេលនេះ ហើយកិច្ចប្រជុំនេះជាសកម្មភាពចុងក្រោយនៃជំហានទី២ ដែលមិនអាចខ្វះបានមុននឹងដាក់ជូនក្រុមប្រឹក្សាខេត្ត ពិនិត្យ និងអនុម័ត។

ការធ្វើផែនការ គឺជាការផ្សារភ្ជាប់គ្នាពីថ្នាក់ខេត្ត -ស្រុក-ឃុំ-សង្កាត់-ភូមិ ហើយមិនតម្រូវឲ្យជាន់គ្នានូវគម្រោងដែលលើកនោះឡើយ ហើយអ្វីដែលបានធ្វើ គឺផ្អែកលើមូលដ្ឋានគោលនយោបាយផែនការរបស់ថ្នាក់ក្រោមជាតិ និងយោងលិខិតបទដ្ឋានកិតិយុទ្ធដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងផែនការ រួមនិងក្រសួងមហាផ្ទៃ ។

ក្នុងនោះលោក បានធ្វើការផ្តាំផ្ញើ និងណែនាំការងារមួយចំនួនដោយ ៖ -រដ្ឋបាលថ្នាក់ក្រោមជាតិមាន ៣ថ្នាក់ គឺ ១/រដ្ឋបាលខេត្ត ២/រដ្ឋបាលក្រុង ស្រុក និង ៣/រដ្ឋបាលឃុំ សង្កាត់ -រដ្ឋបាលនីមួយៗ ត្រូវរៀបចំផែនការអភវិឌ្ឍន៍ប្រាំឆ្នាំ (តាមអាណត្តិក្រុមប្រឹក្សា) និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ប្រចាំឆ្នាំ ច្បាប់តម្រូវឲ្យរៀបចំ (ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ )-អភិបាលខេត្ត អភិបាលក្រុង អភិបាលស្រុក និងមេឃុំ គឺជាប្រធានក្រុមការងារកសាងផែនការ ក្នុងការដឹកនាំរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ ដែលមានសមាជិកអចិន្រ្តៃយ៍ ជាអ្នកសម្របសម្រួលបច្ចេកទេស ថ្នាក់ខេត្តមានប្រធានមន្ទីរផែនការ ថ្នាក់ក្រុង ស្រុក មានប្រធានការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ និងថ្នាក់ឃុំ សង្កាត់ គឺមានស្មៀន និងមន្រ្តីនៃការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ ប្រចាំឃុំ សង្កាត់ -មន្ទីរ អង្គភាព គឺ អ្នកចូលរួម ក្នុងការផ្តល់ព័ត៌មានធាតុចូល ការវិភាគស្ថានភាព និងចូលរួមពិគ្រោះយោបល់ ក្នុងវេទិកា -ផែនការអភិវឌ្ឍជាឯកសារព័ត៌មានដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំ (គណៈអភិបាល) ដែលមានបង្ហាញពីតម្រូវការ ចក្ខុវិស័យ សម្រាប់ការអភិវឌ្ឍន៍មូលដ្ឋាន-កម្មវិធីវិនិយោគជាឯកសារព័ត៌មានដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំ (គណៈអភិបាល) ដែលមានបង្ហាញពីគម្រោង សកម្មភាព ដែលស្នើឡើង និងគម្រោង សកម្មភាព របស់មន្ទីរ អង្គភាព ដែលទទួលអនុវត្តនៅមូលដ្ឋាន ងាយស្រួលក្នុងការផ្សព្វផ្សាយជូន ប្រជាពលរដ្ឋ ឲ្យដឹង និងចូលរួមអនុវត្ត ជាពិសេសក្នុងដំណើរការវេទិការសាធារណៈ។

ដូចនេះ ដើម្បីឲ្យផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគ រៀបចំបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា សូមអភិបាលក្រុង ស្រុក ដឹកនាំ និងគាំទ្រសម្ភារៈការិយាល័យ ដល់អ្នកសម្របសម្រួលបច្ចេកទេស ដើម្បីឲ្យដំណើរទៅរលូន ប្រកបដោយប្រសិទ្ធភាព៕






ផ្ទះថ្មីមួយខ្នង ជាអំណោយដ៏ខ្ពង់ខ្ពសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានប្រគល់ឱ្យដល់គ្រួសារនាយទាហាន

 កំពង់ឆ្នាំង៖ នៅរសៀល ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ធន ធឿន ប្រធាន សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ ទទួលផ្ទះថ្មី មួយខ្នងដែលមានទំហំ ៥ម៉ែត្រx៧ម៉ែត្រ សង់ផ្ទាល់ដី ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ដោយក្នុងពិធីនោះ ក៏មានវត្តមានចូលរួមពី លោក មេបញ្ជាការរង អាជ្ញាធរមូលដ្ឋាន ព្រមទាំង នាយ នាយទាហានរង និង ប្រជាពលរដ្ឋ ជាច្រើនរូប។

លោកឧត្តមសេនីយ៍ទោ ធន ធឿន បានមានមតិសំណេះសំណាល ដល់អង្គពិធីទាំងមូលដោយបានគូសបញ្ជាក់ថា ផ្ទះមួយខ្នងនេះ បានមកពីការគិតគូរពីសំណាក់ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលមើលឃើញពីទុកលំបាករបស់បងប្អូនយើង មិនថាកងកម្លាំង ឬសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តឡើយ និងមានការ សហការឧបត្ថម្ភពីសំណាក់សប្បុរសជន នានា ពីគ្រប់មជ្ឈដ្ឋាន។

លោកបានមានប្រសាសន៍បន្តថា ជាក់ស្តែងនៅក្នុងពេលនេះ យើងបានរៀបចំពិធីប្រគល់ផ្ទះទំហំ ៥ម៉ែត្រx៧ម៉ែត្រ សង់ផ្ទាល់ដី ប្រក់ និង បាំងជញ្ជាំងស័ង្កសី ជូនលោក អនុសេនីយ៍ ទោ ធឹម ណាល់ ជំនួយការ ការិយាល័យទី៥ និង ក្រុមគ្រួសារ រស់នៅ ភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលផ្ទះរបស់លោក ត្រូវបានអគ្គីភ័យ ឆាបឆេះគ្មានសល់មូលហេតុឆ្លងចរន្តអគ្គីសនី កាលពីពេលថ្មីៗនេះ។

ជាមួយគ្នានេះដែរ លោកប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង បាននាំយកនូវថវិកា ចំនួន ៣០០,០០០រៀល អង្ករ ២បេ ត្រី ខ ២យួរ ទឹកត្រី ១យួរ ទឹកស៊ីវ ១យួរ ដើមស្វាយ ២ដើម និង ដើមដូង ១ដើមជូនដល់គ្រួសារលោកអនុសេនីយ៍ទោ ធឹម ណាល់ផងដែរ។

ជាចុងបញ្ចប់ លោក ធឹម ណាល់ និង ក្រុមគ្រួសារ បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត ថ្នាក់ដឹកនាំខេត្តគ្រប់ឋានុក្រមលោក ធន ធឿន និង ក្រុមការងារទាំងអស់ និង សូមជូនពរ សូមជួបប្រទះនូវពុទ្ធពរ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕





ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី៩-១៤ ខែមករា ធាតុអាកាសនៅកម្ពុជា នឹងចុះត្រជាក់ខ្លាំង, ប្រជាពលរដ្ឋរស់នៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សូមថែរក្សាសុខភាព

 ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី០៦ ដល់ ១២ ខែមករា ឆ្នាំ២០២១។

ក្រសួងបានឲ្យដឹងថា នៅថ្ងៃទី ៦-៨ ខែមករា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងឦសានជាមធ្យម ហើយនៅថ្ងៃទី៩-១២ ខែមករា ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងឦសានខ្លាំង។

ស្ថានភាពបែបនេះនឹងធ្វើឲ្យចាប់ពីថ្ងៃទី៩-១៤ ខែមករា ធាតុអាកាសនឹងចុះត្រជាក់ខ្លាំង ៖

១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២០-២៣ °C
– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤ °C
– នៅថ្ងៃទី៩-១២ ខែមករា សីតុណ្ហភាពអប្បបរមា មានពី ១៥-១៧ °C និងសីតុណ្ហភាពអតិបរមាមានពី ២៤-២៧ °C។

២-បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C
– នៅថ្ងៃទី៩-១២ ខែមករា សីតុណ្ហភាពអប្បបរមា មានពី ១២-១៤ °C និងសីតុណ្ហភាពអតិបរមាមានពី ២៣-២៦ °C ជាមួយខ្យល់ខ្លាំង។

៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣២ °C
– នៅថ្ងៃទី៩-១២ ខែមករា សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C និងសីតុណ្ហភាពអតិបរមាមានពី ២៥-២៨ °C ជាមួយខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ នៅថ្ងៃទី១២ ខែមករា។

ក្រសួងអំពាវនាវ ដល់ប្រជាពលរដ្ឋ និងជាពិសេសវិរៈកងទ័ព និងកងកម្លាំងនគរបាល រស់នៅ និងឈរជើងនៅ តំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សូមបង្កើនការយកចិត្តទុកដាក់ ថែរក្សា សុខភាពចំពោះធាតុអាកាសចុះត្រជាក់ខ្លាំងនេះ ។ ដោយឡែក ប្រជានេសាទនិង អ្នកដំណើរសមុទ្រសូមប្រុងប្រយ័ត្នចំពោះខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ ៕




រូបភាពបង្ហាញពីសកម្មភាពថែរក្សាបរិស្ថាននៅរមណីយដ្ឋានអង្គរឱ្យមានភាពបៃតង ភាពស្រស់បំព្រង

 ក្រុមការងារថែរក្សាបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា ជានិច្ចជាកាលបានខិតខំប្រឹងប្រែងថែរក្សា ក្នុងន័យធ្វើយ៉ាងណាឱ្យបរិស្ថានក្នុងរមណីយដ្ឋានអង្គរ ពិសេសមុខប្រាសាទអង្គរវត្ត មានភាពស្រស់ស្អាត មានភាពបៃតង ជាទីទាក់ទាញ និងជាទីគយគន់សម្រាប់ភ្ញៀវទេសចរគ្រប់រូប។ សកម្មភាពទាំងនោះរួមមាន ការស្រោចទឹកដើមឈើនិងសួនច្បារជាប្រចាំ ធ្វើយ៉ាងណា ឱ្យបរិស្ថានជុំវិញមានភាពបៃតងខួបប្រាំងនិងវស្សា។

ជាមួយគ្នានេះ នៅក្នុងបរិវេណខាងក្នុងប្រាសាទអង្គរឯណោះវិញ ថ្មីៗនេះអាជ្ញាធរជាតិអប្សរាទើបនឹងដាក់ឱ្យដំណើរការនូវប្រព័ន្ធស្រោចស្រពស្មៅដោយស្វ័យប្រវត្តិ ដែលក្នុងន័យនេះ ជាផ្នែកមួយសំខាន់ ធានាថាស្មៅក្នុងប្រាសាទលែងមានពណ៌ក្រហម និងស្វិតក្រៀម នារដូវប្រាំងទៀតហើយ។ ផ្ទុយមកវិញ វាលស្មៅទាំងនោះ នឹងមានភាពបៃតងខួបប្រាំងនិងវស្សា៕

សូមអញ្ជើញទស្សនា នូវទិដ្ឋភាពដែលក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានខិតខំថែរក្សាបរិស្ថានក្នុងរមណីយដ្ឋានអង្គរដូចតទៅ៖








ដំណឹងល្អ! ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសថា មិនមានអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ

 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា មិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីនៅកម្ពុជាទេ ខណៈអ្នកជាសះស្បើយក៏គ្មានដែរ។

គិតត្រឹមម៉ោង៧៖០០នាទី ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៨២នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣៦២នាក់ និងអ្នកជំងឺ២០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕