Tuesday, January 05, 2021

ផ្ទះថ្មីមួយខ្នង ជាអំណោយដ៏ខ្ពង់ខ្ពសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានប្រគល់ឱ្យដល់គ្រួសារនាយទាហាន

 កំពង់ឆ្នាំង៖ នៅរសៀល ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ធន ធឿន ប្រធាន សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ ទទួលផ្ទះថ្មី មួយខ្នងដែលមានទំហំ ៥ម៉ែត្រx៧ម៉ែត្រ សង់ផ្ទាល់ដី ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ដោយក្នុងពិធីនោះ ក៏មានវត្តមានចូលរួមពី លោក មេបញ្ជាការរង អាជ្ញាធរមូលដ្ឋាន ព្រមទាំង នាយ នាយទាហានរង និង ប្រជាពលរដ្ឋ ជាច្រើនរូប។

លោកឧត្តមសេនីយ៍ទោ ធន ធឿន បានមានមតិសំណេះសំណាល ដល់អង្គពិធីទាំងមូលដោយបានគូសបញ្ជាក់ថា ផ្ទះមួយខ្នងនេះ បានមកពីការគិតគូរពីសំណាក់ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលមើលឃើញពីទុកលំបាករបស់បងប្អូនយើង មិនថាកងកម្លាំង ឬសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តឡើយ និងមានការ សហការឧបត្ថម្ភពីសំណាក់សប្បុរសជន នានា ពីគ្រប់មជ្ឈដ្ឋាន។

លោកបានមានប្រសាសន៍បន្តថា ជាក់ស្តែងនៅក្នុងពេលនេះ យើងបានរៀបចំពិធីប្រគល់ផ្ទះទំហំ ៥ម៉ែត្រx៧ម៉ែត្រ សង់ផ្ទាល់ដី ប្រក់ និង បាំងជញ្ជាំងស័ង្កសី ជូនលោក អនុសេនីយ៍ ទោ ធឹម ណាល់ ជំនួយការ ការិយាល័យទី៥ និង ក្រុមគ្រួសារ រស់នៅ ភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលផ្ទះរបស់លោក ត្រូវបានអគ្គីភ័យ ឆាបឆេះគ្មានសល់មូលហេតុឆ្លងចរន្តអគ្គីសនី កាលពីពេលថ្មីៗនេះ។

ជាមួយគ្នានេះដែរ លោកប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង បាននាំយកនូវថវិកា ចំនួន ៣០០,០០០រៀល អង្ករ ២បេ ត្រី ខ ២យួរ ទឹកត្រី ១យួរ ទឹកស៊ីវ ១យួរ ដើមស្វាយ ២ដើម និង ដើមដូង ១ដើមជូនដល់គ្រួសារលោកអនុសេនីយ៍ទោ ធឹម ណាល់ផងដែរ។

ជាចុងបញ្ចប់ លោក ធឹម ណាល់ និង ក្រុមគ្រួសារ បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត ថ្នាក់ដឹកនាំខេត្តគ្រប់ឋានុក្រមលោក ធន ធឿន និង ក្រុមការងារទាំងអស់ និង សូមជូនពរ សូមជួបប្រទះនូវពុទ្ធពរ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕





No comments:

Post a Comment