Friday, August 02, 2019

ពិធីបិទវគ្គបណ្តុះបណ្តាលដល់មន្រ្តីអនុវត្តន៍ច្បាប់ គ្រឿងញៀនតាមប្រព័ន្ធកុំព្យូទ័រ E-Learning

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលដល់មន្រ្តីអនុវត្តន៍ច្បាប់ (នគរបាល និងអាវុធហត្ថ) គ្រឿងញៀនតាមប្រព័ន្ធកុំព្យូទ័រ E-Learning ក្រោមអធិបតីភាព លោក អម សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន លោកឧត្តមសេនីយ៍ត្រី ប៉ា សោភ័ណ្ឌ អនុប្រធាននាយកដ្ឋានអនុវត្តន៍ច្បាប់ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសហការី។
ដោយមានការអញ្ជើញចូលរួមពី លោកវរសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ប្រធាន អនុប្រធានតាមមន្ទីរ អង្គភាព ពាក់ព័ន្ធ លោក លោកស្រី ដែលជាសមាជិកលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្ត លោក លោកស្រី សិក្ខាកាមនៃវគ្គបណ្ដុះបណ្ដាលចំនួន ២០នាក់ ក្នុងនោះមន្រ្តីនគរបាល១២នាក់ មន្ត្រីកងរាជអាវុធហត្ថ០៨នាក់។
ជាកិច្ចចាប់ផ្ដើម លោកឧត្តមសេនីយ៍ត្រី ប៉ា សោភ័ណ្ឌ បានសម្ដែងនូវការអបអរសាទដល់សិក្ខាកាមទាំងអស់ដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាលប្រកបដោយជោគជ័យ។ ក្នុងពិធីនេះ ក៏មានការប្រគល់វិញ្ញាបនប័ត្របញ្ជាក់ការសិក្សាជូនដល់សិក្ខាកាមចំនួន ២០នាក់ផងដែរ។
ក្នុងនោះ លោក អម សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន បានមានមតិក្នុងពិធីបិទគឺ សូមឱ្យសិក្ខាកាមដែលបានមកសិក្សានេះយកចំណេះដឹងទៅផ្សព្វផ្សាយដល់មិត្តភ័ក្ររួមការងារ ទទួលបានចំណេះដឹងដូចសិក្ខាកាមទាំងអស់ដែរ និងបន្តផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាក្រុមគ្រួសារដើម្បីឱ្យយល់ដឹងពីផលប៉ះពាល់នៃគ្រឿងញៀនព្រោះវាធ្វើអោយប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ បំផ្លាញសុខភាព និងប៉ះពាល់ដល់កិតិ្តយសគ្រួសារ ក៏ដូចជាសង្គមជាតិ ៕


កាកបាទក្រហមស្រុកជលគិរី ចុះសំណេះសំណាល និងសួរសុខទុក្ខគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់រលំផ្ទះ

កំពង់ឆ្នាំង៖ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជលគិរី និងក្រុមប្រឹក្សាឃុំព្រៃគ្រី ដឹកនាំដោយលោក ហៃ មនោរម្យ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានចុះសំណេះសំណាល និងសួរសុខទុក្ខ គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់រលំផ្ទះទាំងស្រុង។
សូមជម្រាបផងដែរថា គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់រលំផ្ទះ ប្ដីឈ្មោះ ថា ឌីណា អាយុ២៧ ឆ្នាំ ប្រពន្ធឈ្មោះ ធឿន ធារ៉ា អាយុ ២៦ឆ្នាំ មានកូនម្នាក់ អាយុ មួយខែកន្លះ រស់នៅភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រីស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
អំណោយផ្តល់ជូនក្នុងឱកាសនោះផងដែរគ្រួសាររងគ្រោះទទួលបានអំណោយពីអនុសាខារួមមាន៖អង្ករ ៣០ គីឡូក្រាម តង់ ១ មី ១ កេស ត្រីខ ១ យួរ ទឹកត្រី ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ និងថវិកាចំនួន ១០០.០០០ រៀល ៕




រាជរដ្ឋាភិបាលកម្ពុជា អនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី «របបសន្តិសុខសង្គម»

សេចក្តីព្រាងច្បាប់ស្តីពី «របបសន្តិសុខសង្គម» ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងហើយ នៅក្នុងកិច្ចប្រជុំដឹកនាំដោយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩នេះ។
លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា ច្បាប់ស្តីពីរបបសន្តិសុខសង្គមនេះមានវិសាលភាព ទូលំទូលាយ ដែលនឹងជំនួសឲ្យច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញតិនៃច្បាប់ស្តីពីការងារ ដែលបានប្រកាសឲ្យប្រើដោយព្រះរាជក្រម នស/រកម/០៩០២/០១៨ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០០២ ដែលជាក្របខ័ណ្ឌគតិយុត្តគោលដំបូង ក្នុងការដាក់ឲ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញតិ្ត នៃច្បាប់ស្តីពីការងារនៃព្រះរាជាណាចក្រកម្ពុជា។
សេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គមនេះ មានគោលបំណងបង្កើតឲ្យមានរបបសន្តិសុខសង្គមកម្ពុជា តាមគោលការណ៍សាមគ្គីធម៌ និងសមធម៌សង្គម ដែលរួមមាន ៤ផ្នែក គឺផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ សម្រាប់បុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈ បុគ្គលដែលស្ថិតក្រោមច្បាប់ស្តីពីការងារ គិតរួមទាំងបុគ្គលិកផ្លូវអាកាស នាវាសមុទ្រ និងអ្នកបម្រើតាមផ្ទះ ព្រមទាំងបុគ្គលស្វ័យនិយោជន៍។
សេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម បានរៀបចំដោយអនុលោមតាមទម្រង់ដែលបានណែនាំរបស់ទីស្តីការគណៈរដ្ឋមន្ត្រី និងត្រូវបានរៀបចំឡើងដោយក្រុមអ្នកច្បាប់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី និងបានសិក្សាស្រាវជ្រាវ ពិគ្រោះយោបល់ជាមួយក្រុមអ្នកជំនាញការផ្នែកច្បាប់ជាតិ និង ជាមួយដៃគូអភិវឌ្ឍនានា ជាពិសេសភាគីនិយោជក និងសហជីព។
សេចក្តីព្រាងច្បាប់ ត្រូវបានដាក់ឆ្លងការប្រជុំបច្ចកទេសចំនួន ៨លើក ប្រជុំអន្តរក្រសួងនៅថ្ងៃ២៨-២៩ ខែមិថុនា ឆ្នាំ២០១៨។ រីឯជំពួកស្តីពីទោសប្បញ្ញត្តិត្រូវបានពិភាក្សាជាមួយក្រសួងយុត្តិធម៌។
លោក ផៃ ស៊ីផាន បន្តថា សេចក្តីព្រាងច្បាប់នេះពិតជាមានសារៈសំខាន់បំផុត សម្រាប់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ បុគ្គលដែលស្ថិតក្នុងវិស័យឯកជន និងបុគ្គលស្វ័យនិយោជន៍ ទទួលបាននូវរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាព ភាពថ្លៃថ្នូរ និងភាពសុខដុមរមនាក្នុងសង្គម។
សេចក្តីព្រាងច្បាប់នេះ ក៏ជាបទដ្ឋានគតិយុត្តដ៏សំខាន់សម្រាប់អនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤ និងជាការអនុវត្តនូវកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រកាសក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ហើយដែលទទួលបានការគាំទ្រពេញទំហឹងពីប្រជាជនម្ចាស់ឆ្នោត ៕


អភិបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យសមាគមគ្រូបង្រៀនឯករាជ្យ ជួបជុំតវ៉ាទាមទារដោះលែងលោក កឹម សុខា

នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យសមាជិកសមាគមគ្រូបង្រៀនឯករាជ្យជួបជុំគ្នាតវ៉ាទាមទារដោះលែងលោក កឹម សុខា នៅមុខសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះឡើយ។
ក្នុងលិខិតឆ្លើយតបសំណើរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក ឃួង ស្រេង បានបញ្ជាក់ថា ការពុំអនុញ្ញាតនេះដោយសារតែសកម្មភាពនេះប្រឆាំងនឹងសាលដីការរបស់តុលាការកំពូល និងរំលោភសមត្ថកិច្ចរបស់ស្ថាប័នតុលាការ។
លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា ក្នុងករណីមានការរឹងទទឹងបន្តជួបជុំបំពានលើសេចក្តីសម្រេចរបស់សាលារាជធានីភ្នំពេញ អាជ្ញាធរមានសមត្ថកិច្ច នឹងចាត់វិធានការតាមផ្លូវច្បាប់ ហើយអ្នកដឹកនាំការជួបជុំនេះ ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ជាធរមាន។
សូមបញ្ជាក់ថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលមានលោក រ៉ុង ឈុន ជាទីប្រឹក្សាសមាគម លោកស្រី អ៊ុក ឆាយ៉ាវី ជាប្រធាន និងលោក ឡុង រីម ជាសមាជិកគណៈកម្មាធិការនាយក នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ បានដាក់លិខិតទៅកាន់អភិបាលរាជធានីភ្នំពេញ ដោយជូនដំណឹងអំពីការប្រមូលផ្តុំសម្តែងមតិ ដើម្បីទាមទារឱ្យតុលាការដោះលែងលោក កឹម សុខា។
ក្នុងលិខិតជូនដំណឹងទៅអភិបាលរាជធានីភ្នំពេញនេះ សមាគមបានបញ្ជាក់ថា ការជួបជុំរបស់ពួកគេមិនត្រឹមតែទាមទារឱ្យដោះលែងលោក កឹម សុខា នោះទេ ពួកគេក៏ទាមទារឱ្យលើកលែងទោសទណ្ឌិត សម រង្ស៊ី ផងដែរ៕


លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ ទ្វារនៅតែចំហសម្រាប់បក្សនយោបាយ ចង់ចូលរួមជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានលើកឡើងថា មានតែយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មួយប៉ុណ្ណោះ ដែលមានសុពលភាពក្នុងការកោះហៅស្ថាប័នរដ្ឋមកសាកសួរក្រៅពីសភា។
លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនោះលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅតែបើកចំហសម្រាប់គណបក្សដទៃទៀត ដែលចង់ចូលរួមជាសមាជិក។
សូមបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការស្នើសុំរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក្រោយពេលបោះឆ្នោតជាតិអាណត្តិទី៦។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានសមាសភាពមកពីគណបក្សយោបាយចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការបោះឆ្នោត។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជាយន្តការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាជន និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល។
ក្រោយពេលបង្កើតឡើងហើយនោះឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាក់ទៅតាមតួនាទីភារកិច្ចរបស់ខ្លួន ដែលរួមមានការពិនិត្យ និងផ្តល់យោបល់ទៅលើសេចក្តីព្រាងច្បាប់នានាមុនដាក់ឲ្យរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏បានកោះអញ្ជើញថ្នាក់ដឹកនាំតាមក្រសួងស្ថាប័ននានា មកសាកសួរលើបញ្ហាមិនប្រក្រតីមួយចំនួន ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នទាំងនោះ។
ក្រៅពីនេះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏ត្រូវបានគេមើលឃើញថា បានចុះធ្វើសកម្មភាពយ៉ាងសកម្ម ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ជាពិសេសបញ្ហាជម្លោះដីធ្លីនៅតាមបណ្តាខេត្តផងដែរ ៕



ព្រះរាជអាជ្ញាសម្រេចចោទប្រកាន់អតីតសកម្មជនបក្សប្រឆាំង ដែលប្រមាថថ្នាក់ដឹកនាំ តាមបណ្តាញសង្គម Facebook ចំនួន២បទល្មើស

ក្រោយបញ្ចប់ការស៊ើបសួរលោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩នេះ បានសម្រេចចោទប្រកាន់លើឈ្មោះ ម៉ៃ ហុងស្រៀន លើបទល្មើសចំនួន២ ទី១- ញុះញង់ឲ្យនានការរើសអើង តាមបញ្ញត្តិមាត្រា៤៩៦ និងញុះញង់ឲ្យប្រព្រិត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា ៤៩៥ នៃក្រមពហ្មទណ្ឌ។ ហើយសំណុំរឿងនេះ នឹងត្រូវបញ្ជូនបន្តទៅចៅក្រមស៊ើបសួរនៅថ្ងៃដដែលនេះ។ នេះបើយោងតាមការបញ្ជាក់របស់លោក គុជ គឹមឡុង អ្នកនាំពាក្យស្ថាប័នអយ្យការ។
សូមបញ្ជាក់ថា នគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនឈ្មោះ ម៉ៃ ហុងស្រៀន ដែលធ្លាប់រត់គេចខ្លួនទៅប្រទេសថៃ ហើយបង្កើត Facebook ប្រមាថថ្នាក់ដឹកនាំ តាមរយៈការកាត់តរូបភាពផ្សេងៗ មកកាន់សាលាដំបូងរាជធានីរាជធានីភ្នំពេញ ដើម្បីប្រគល់ឲ្យតំណាងបើកការស៊ើបសួរនិងចោទប្រកាន់តាមផ្លូវច្បាប់។
កម្លាំងសមត្ថកិច្ចកាលពីល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ បានឃាត់ខ្លួនជននេះ ដែលបានប្រមាថថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាល តាមបណ្តាញសង្គម Facebook ដោយប្រើពាក្យអសុរស និងចេតនាញុះញង់ឲ្យចលាចលសង្គម និងញុះញង់ឲ្យប្រព្រិត្តបទឧក្រិដ្ឋជាអាទិ៍ជាដើម។
លោក ជា ពៅ ប្រធាននាយកដ្ឋាន បានឱ្យដឹងទៀតថា អតីតសកម្មជនបក្សប្រឆាំងរូបនេះ ធ្លាប់រត់គេចខ្លួនទៅប្រទេសថៃ ហើយបង្កើត Facebook ប្រមាថថ្នាក់ដឹកនាំ តាមរយៈការកាត់រូបភាពផ្សេងៗ។
លោកបានអះអាងថា ការចាប់ខ្លួននេះ បានធ្វើឡើងនៅផ្លូវ២០០៤ រាជធានីភ្នំពេញ បន្ទាប់ពីជននេះ បានត្រឡប់មកដល់ប្រទេសកម្ពុជា ដើម្បីជួបជុំជាមួយក្រុមរបស់ពួកគេ រៀបចំផែនការដើម្បីបង្កភាពចលាចលដល់សង្គម ៕

តុលាការចេញដីកាឃុំអតីតសកម្មជនបក្សប្រឆាំង ដែលប្រមាថថ្នាក់ដឹកនាំ តាមបណ្តាញសង្គម Facebook ដាក់ពន្ធនាគារព្រៃស

លោក ធាម ចាន់ពិសិដ្ឋ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំជនត្រូវចោទឈ្មោះ ម៉ៃ ហុងស្រៀន ដាក់ពន្ធនាគារព្រៃស ដើម្បីរង់ចាំជំនុំជម្រះនៅពេលក្រោយ។ នេះបើយោងតាមមន្ត្រីប្រចាំនៅតុលាការ លោក ជួន សុជាតិ នៅល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩នេះ។
ការសម្រេចនេះបានធ្វើឡើងក្រោយលោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃនេះ បានសម្រេចចោទប្រកាន់លើឈ្មោះ ម៉ៃ ហុងស្រៀន លើបទល្មើសចំនួន២ ទី១- ញុះញង់ឲ្យនានការរើសអើង តាមបញ្ញត្តិមាត្រា៤៩៦ និងញុះញង់ឲ្យប្រព្រិត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា ៤៩៥ នៃក្រមពហ្មទណ្ឌ។
សូមបញ្ជាក់ថា នគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនឈ្មោះ ម៉ៃ ហុងស្រៀន ដែលធ្លាប់រត់គេចខ្លួនទៅប្រទេសថៃ ហើយបង្កើត Facebook ប្រមាថថ្នាក់ដឹកនាំ តាមរយៈការកាត់តរូបភាពផ្សេងៗ មកកាន់សាលាដំបូងរាជធានីរាជធានីភ្នំពេញ ដើម្បីប្រគល់ឲ្យតំណាងបើកការស៊ើបសួរនិងចោទប្រកាន់តាមផ្លូវច្បាប់។
កម្លាំងសមត្ថកិច្ចកាលពីល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ បានឃាត់ខ្លួនជននេះ ដែលបានប្រមាថថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាល តាមបណ្តាញសង្គម Facebook ដោយប្រើពាក្យអសុរស និងចេតនាញុះញង់ឲ្យចលាចលសង្គម និងញុះញង់ឲ្យប្រព្រិត្តបទឧក្រិដ្ឋជាអាទិ៍ជាដើម។
លោក ជា ពៅ ប្រធាននាយកដ្ឋាន បានឱ្យដឹងទៀតថា អតីតសកម្មជនបក្សប្រឆាំងរូបនេះ ធ្លាប់រត់គេចខ្លួនទៅប្រទេសថៃ ហើយបង្កើត Facebook ប្រមាថថ្នាក់ដឹកនាំ តាមរយៈការកាត់រូបភាពផ្សេងៗ។
លោកបានអះអាងថា ការចាប់ខ្លួននេះ បានធ្វើឡើងនៅផ្លូវ២០០៤ រាជធានីភ្នំពេញ បន្ទាប់ពីជននេះ បានត្រឡប់មកដល់ប្រទេសកម្ពុជា ដើម្បីជួបជុំជាមួយក្រុមរបស់ពួកគេ រៀបចំផែនការដើម្បីបង្កភាពចលាចលដល់សង្គម ៕

រដ្ឋមន្រ្តីការបរទេសអាមេរិក ស្វាគមន៍កម្ពុជាដែលបដិសេធព័ត៌មានមូលដ្ឋានទ័ពចិនក្នុងប្រទេស ហើយកោតសរសើរចំពោះកម្ពុជាក្នុងការប្តេជ្ញាការពារបូរណភាពដែនដី

បាងកក៖ លោក Michael Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក បានសម្តែងការស្វាគមន៍ចំពោះការបដិសេធអំពីមូលដ្ឋានទ័ពចិននៅកម្ពុជា ជាមួយគ្នានេះលោកបានកោតសរសើរប្រទេសកំពុងអភិវឌ្ឍនេះ ចំពោះការប្តេជ្ញាការពារបូរណភាពដែនដីរបស់ខ្លួន ហើយស្នើឱ្យប្រទេសដទៃយកលំនាំតាម។ នេះបើយោងតាមសារព័ត៌មានអន្តរជាតិធំៗចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩នេះ។
សាររបស់រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក បានធ្វើឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ហើយសារនោះផងដែរ ក៏ត្រូវបានវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ស្រង់សម្តីថា លោករដ្ឋមន្ត្រីការបរទេសអាមេរិកបានស្វាគមន៍ចំពោះការបដិសេធរបស់កម្ពុជា ចំពោះព័ត៌មានស្តីអំពីមូលដ្ឋានយោធាកងទ័ពចិនដាក់ នៅក្នុងតំបន់ឈូងសមុទ្រកម្ពុជា ដោយបានកោតសរសើរចំពោះការប្តេជ្ញាការពារបូរណភាពដែនដី។
លោក Michael Pompeo បានថ្លែងដូច្នេះថា៖ «ខ្ញុំចង់ថ្លែងបញ្ជាក់រឿងរ៉ាវខ្លះដែលបានកើតឡើង ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាមេរិកអាស៊ាន។ ប្រទេសកម្ពុជាបានបដិសេធ របាយការណ៍ដែលថា កម្ពុជាអនុញ្ញាតឲ្យមានមូលដ្ឋានយោធាចិន បង្កើតឡើងនៅលើទឹកដីរបស់ខ្លួន។ សហរដ្ឋអាមេរិកស្វាគមន៍ការ ការពារអធិបតេយ្យភាព (បូរណភាពដែនដី) ដ៏ខ្លាំងក្លារបស់កម្ពុជា ហើយលើកទឹកចិត្តដល់ប្រទេសផ្សេងទៀតក្នុងតំបន់ឲ្យធ្វើតាមលំនាំរបស់កម្ពុជា»។
ការសម្តែងការស្វាគមន៍របស់ រដ្ឋមន្រ្តីការបរទេសអាមេរិក បានធ្វើឡើងស្របពេលដែលប្រទេសកម្ពុជា បានប្រតិកម្មយ៉ាងខ្លាំងក្លាទៅនឹងការចុះផ្សាយរបស់ សារព័ត៌មានសហរដ្ឋអាមេរិក The Wall Street Journal ដែលបានចុះផ្សាយបំភ្លៃការពិតថា កម្ពុជាបានចុះកិច្ចព្រមព្រៀងឱ្យចិនបោះមូលដ្ឋានទ័ព នៅមូលដ្ឋានកងទ័ពជើងទឹករាម ខេត្តព្រះសីហនុ។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន តាមរយៈបណ្តាញព័ត៌មាន Fresh News បានចាត់ទុកថា ការផ្សព្វផ្សាយព័ត៌មានស្តីអំពីកម្ពុជាចុះហត្ថលេខាជាសម្ងាត់ជាមួយចិន ប្រើប្រាស់មូលដ្ឋានយោធា គឺជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន មានប្រសាសន៍អះអាងច្បាស់ៗបន្តថា «តើកម្ពុជាត្រូវការវត្តមានយោធាចិនលើទឹកដីរបស់ខ្លួនដើម្បីអ្វី? យើងមិនដែលបានពិភាក្សាណាមួយ ជាមួយមេដឹកនាំចិននោះឡើយកុំថាឡើយដល់មានចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ ល្មមឈប់ប្រើព័ត៌មានក្លែងបន្លំអំពីវត្តមានកងទ័ពចិនលើទឹកដីកម្ពុជា ដើម្បីប្រឆាំងនិងយើងហើយ»។
ដើម្បីឱ្យអស់មន្ទិលសង្ស័យអំពីមូលដ្ឋានកងទ័ពជើងទឹករាមនេះ លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ បានអនុញ្ញាតឱ្យ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជាង៧០នាក់ ដឹកនាំដោយ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ ចុះពិនិត្យដោយផ្ទាល់ នៅមូលដ្ឋានកងទ័ពជើងទឹករាម ខេត្តព្រះសីហនុ។
ក្រុមអ្នកសារព័ត៌មាន ដែលបានចុះពិនិត្យផ្ទាល់ នៅមូលដ្ឋានកងទ័ពជើងទឹករាមនេះ បានអះអាងថា នៅទីនោះមិនមានមូលដ្ឋានទ័ពចិន ដូចការចុះផ្សាយឡើយ និងអះអាងទៀតថា ចិនមិនត្រូវការកម្ពុជាធ្វើជាមូលដ្ឋានទ័ពខ្លួនឡើយ ព្រោះនៅសមុទ្រចិនខាងត្បួង ជាមូលដ្ឋានទ័ពចិនដ៏ធំនៅក្បែរអាស៉ីអាគ្នេយ៍ស្រាប់ហើយ។
ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជាមិនមានជំហរប្តឹងទៅកាន់សារព័ត៌មានរបស់សហរដ្ឋអាមេរិក The Wall Street Journal នោះឡើយ ដោយគ្រាន់តែធ្វើការបំភ្លឺការពិតប៉ុណ្ណោះ។ នេះបើតាម លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ៕

នៅព្រឹកនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈចំនួន៣

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩នេះ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ នៅវិមានសន្តិភាព។
តាមលោក ផៃ ស៊ីផាន រដ្ឋមន្ត្រី អមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា របៀបវារៈដែលគ្រោងលើកយកមកពិភាក្សា និងឆ្លងលើរបៀបវារៈទាំង៣នោះ រួមមាន៖
ទី១៖ សេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម
ទី២៖ សេចក្តីព្រាងគោលនយោបាយជាតិភាសាខ្មែរ។
និងទី៣៖ បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំសច្ចាប័នពីស្ថាប័ននីតិប្បញ្ញត្តិ លើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការហាមឃាត់អាវុធគីមី (OPCW) ស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិរបស់អង្គការ (OPCW) ៕