Friday, August 02, 2019

តុលាការចេញដីកាឃុំអតីតសកម្មជនបក្សប្រឆាំង ដែលប្រមាថថ្នាក់ដឹកនាំ តាមបណ្តាញសង្គម Facebook ដាក់ពន្ធនាគារព្រៃស

លោក ធាម ចាន់ពិសិដ្ឋ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំជនត្រូវចោទឈ្មោះ ម៉ៃ ហុងស្រៀន ដាក់ពន្ធនាគារព្រៃស ដើម្បីរង់ចាំជំនុំជម្រះនៅពេលក្រោយ។ នេះបើយោងតាមមន្ត្រីប្រចាំនៅតុលាការ លោក ជួន សុជាតិ នៅល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩នេះ។
ការសម្រេចនេះបានធ្វើឡើងក្រោយលោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃនេះ បានសម្រេចចោទប្រកាន់លើឈ្មោះ ម៉ៃ ហុងស្រៀន លើបទល្មើសចំនួន២ ទី១- ញុះញង់ឲ្យនានការរើសអើង តាមបញ្ញត្តិមាត្រា៤៩៦ និងញុះញង់ឲ្យប្រព្រិត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា ៤៩៥ នៃក្រមពហ្មទណ្ឌ។
សូមបញ្ជាក់ថា នគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួនឈ្មោះ ម៉ៃ ហុងស្រៀន ដែលធ្លាប់រត់គេចខ្លួនទៅប្រទេសថៃ ហើយបង្កើត Facebook ប្រមាថថ្នាក់ដឹកនាំ តាមរយៈការកាត់តរូបភាពផ្សេងៗ មកកាន់សាលាដំបូងរាជធានីរាជធានីភ្នំពេញ ដើម្បីប្រគល់ឲ្យតំណាងបើកការស៊ើបសួរនិងចោទប្រកាន់តាមផ្លូវច្បាប់។
កម្លាំងសមត្ថកិច្ចកាលពីល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ បានឃាត់ខ្លួនជននេះ ដែលបានប្រមាថថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាល តាមបណ្តាញសង្គម Facebook ដោយប្រើពាក្យអសុរស និងចេតនាញុះញង់ឲ្យចលាចលសង្គម និងញុះញង់ឲ្យប្រព្រិត្តបទឧក្រិដ្ឋជាអាទិ៍ជាដើម។
លោក ជា ពៅ ប្រធាននាយកដ្ឋាន បានឱ្យដឹងទៀតថា អតីតសកម្មជនបក្សប្រឆាំងរូបនេះ ធ្លាប់រត់គេចខ្លួនទៅប្រទេសថៃ ហើយបង្កើត Facebook ប្រមាថថ្នាក់ដឹកនាំ តាមរយៈការកាត់រូបភាពផ្សេងៗ។
លោកបានអះអាងថា ការចាប់ខ្លួននេះ បានធ្វើឡើងនៅផ្លូវ២០០៤ រាជធានីភ្នំពេញ បន្ទាប់ពីជននេះ បានត្រឡប់មកដល់ប្រទេសកម្ពុជា ដើម្បីជួបជុំជាមួយក្រុមរបស់ពួកគេ រៀបចំផែនការដើម្បីបង្កភាពចលាចលដល់សង្គម ៕

No comments:

Post a Comment