Friday, August 02, 2019

រដ្ឋមន្រ្តីការបរទេសអាមេរិក ស្វាគមន៍កម្ពុជាដែលបដិសេធព័ត៌មានមូលដ្ឋានទ័ពចិនក្នុងប្រទេស ហើយកោតសរសើរចំពោះកម្ពុជាក្នុងការប្តេជ្ញាការពារបូរណភាពដែនដី

បាងកក៖ លោក Michael Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក បានសម្តែងការស្វាគមន៍ចំពោះការបដិសេធអំពីមូលដ្ឋានទ័ពចិននៅកម្ពុជា ជាមួយគ្នានេះលោកបានកោតសរសើរប្រទេសកំពុងអភិវឌ្ឍនេះ ចំពោះការប្តេជ្ញាការពារបូរណភាពដែនដីរបស់ខ្លួន ហើយស្នើឱ្យប្រទេសដទៃយកលំនាំតាម។ នេះបើយោងតាមសារព័ត៌មានអន្តរជាតិធំៗចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩នេះ។
សាររបស់រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក បានធ្វើឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ហើយសារនោះផងដែរ ក៏ត្រូវបានវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ស្រង់សម្តីថា លោករដ្ឋមន្ត្រីការបរទេសអាមេរិកបានស្វាគមន៍ចំពោះការបដិសេធរបស់កម្ពុជា ចំពោះព័ត៌មានស្តីអំពីមូលដ្ឋានយោធាកងទ័ពចិនដាក់ នៅក្នុងតំបន់ឈូងសមុទ្រកម្ពុជា ដោយបានកោតសរសើរចំពោះការប្តេជ្ញាការពារបូរណភាពដែនដី។
លោក Michael Pompeo បានថ្លែងដូច្នេះថា៖ «ខ្ញុំចង់ថ្លែងបញ្ជាក់រឿងរ៉ាវខ្លះដែលបានកើតឡើង ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាមេរិកអាស៊ាន។ ប្រទេសកម្ពុជាបានបដិសេធ របាយការណ៍ដែលថា កម្ពុជាអនុញ្ញាតឲ្យមានមូលដ្ឋានយោធាចិន បង្កើតឡើងនៅលើទឹកដីរបស់ខ្លួន។ សហរដ្ឋអាមេរិកស្វាគមន៍ការ ការពារអធិបតេយ្យភាព (បូរណភាពដែនដី) ដ៏ខ្លាំងក្លារបស់កម្ពុជា ហើយលើកទឹកចិត្តដល់ប្រទេសផ្សេងទៀតក្នុងតំបន់ឲ្យធ្វើតាមលំនាំរបស់កម្ពុជា»។
ការសម្តែងការស្វាគមន៍របស់ រដ្ឋមន្រ្តីការបរទេសអាមេរិក បានធ្វើឡើងស្របពេលដែលប្រទេសកម្ពុជា បានប្រតិកម្មយ៉ាងខ្លាំងក្លាទៅនឹងការចុះផ្សាយរបស់ សារព័ត៌មានសហរដ្ឋអាមេរិក The Wall Street Journal ដែលបានចុះផ្សាយបំភ្លៃការពិតថា កម្ពុជាបានចុះកិច្ចព្រមព្រៀងឱ្យចិនបោះមូលដ្ឋានទ័ព នៅមូលដ្ឋានកងទ័ពជើងទឹករាម ខេត្តព្រះសីហនុ។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន តាមរយៈបណ្តាញព័ត៌មាន Fresh News បានចាត់ទុកថា ការផ្សព្វផ្សាយព័ត៌មានស្តីអំពីកម្ពុជាចុះហត្ថលេខាជាសម្ងាត់ជាមួយចិន ប្រើប្រាស់មូលដ្ឋានយោធា គឺជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន មានប្រសាសន៍អះអាងច្បាស់ៗបន្តថា «តើកម្ពុជាត្រូវការវត្តមានយោធាចិនលើទឹកដីរបស់ខ្លួនដើម្បីអ្វី? យើងមិនដែលបានពិភាក្សាណាមួយ ជាមួយមេដឹកនាំចិននោះឡើយកុំថាឡើយដល់មានចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ ល្មមឈប់ប្រើព័ត៌មានក្លែងបន្លំអំពីវត្តមានកងទ័ពចិនលើទឹកដីកម្ពុជា ដើម្បីប្រឆាំងនិងយើងហើយ»។
ដើម្បីឱ្យអស់មន្ទិលសង្ស័យអំពីមូលដ្ឋានកងទ័ពជើងទឹករាមនេះ លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ បានអនុញ្ញាតឱ្យ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជាង៧០នាក់ ដឹកនាំដោយ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ ចុះពិនិត្យដោយផ្ទាល់ នៅមូលដ្ឋានកងទ័ពជើងទឹករាម ខេត្តព្រះសីហនុ។
ក្រុមអ្នកសារព័ត៌មាន ដែលបានចុះពិនិត្យផ្ទាល់ នៅមូលដ្ឋានកងទ័ពជើងទឹករាមនេះ បានអះអាងថា នៅទីនោះមិនមានមូលដ្ឋានទ័ពចិន ដូចការចុះផ្សាយឡើយ និងអះអាងទៀតថា ចិនមិនត្រូវការកម្ពុជាធ្វើជាមូលដ្ឋានទ័ពខ្លួនឡើយ ព្រោះនៅសមុទ្រចិនខាងត្បួង ជាមូលដ្ឋានទ័ពចិនដ៏ធំនៅក្បែរអាស៉ីអាគ្នេយ៍ស្រាប់ហើយ។
ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជាមិនមានជំហរប្តឹងទៅកាន់សារព័ត៌មានរបស់សហរដ្ឋអាមេរិក The Wall Street Journal នោះឡើយ ដោយគ្រាន់តែធ្វើការបំភ្លឺការពិតប៉ុណ្ណោះ។ នេះបើតាម លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ៕

No comments:

Post a Comment