Wednesday, August 13, 2014

សារ​លិខិត​អបអរ​សាទរ របស់​ឯកឧត្តម​​បណ្ឌិត​សភាចារ្យ សុខ អាន គោរព​ជូន សម្តេ​ចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា អាណត្តិទី៦


បទ​អត្ថាធិប្បាយ៖ ជន​បរទេស​មួយ​​ចំ​នួន​​ល្ងិត​ល្ងង់ចំ​​ពោះ​សាលាក្តី​ខ្មែរ​ក្រហម និងបាន​​បញ្ចេញ​​​នូវ​មតិ​ ដែល​គ្មាន​​តម្លៃ​ទាល់​តែ​សោះ​​សម្រាប់​​ជន​រង​គ្រោះ​



          វាគ្រាន់​តែ​ជា​វោហារស័ព្ទដែ​ល​បានបន្លឺ​ឡើង​ម្តង​ម្កាល​របស់​ជន​បរទេស​មួយ​ចំ​នួន​ ដែល​តែង​តែ​សម្លឹង​​មើលក្នុងក្រសែភ្នែក​អាក្រក់​ជានិច្ច​ មកលើ​គ្រប់​បញ្ហា​របស់​កម្ពុជា បើ​ទោះ​ជា​សាលក្រម​ផ្តន្ទា​ទោ​សទៅ​លើជនជាប់​ចោទ​២រូប​ ដែល​ជា​មេដឹក​នាំ​ជា​ន់​ខ្ពស់​ក្នុង​របបកម្ពុជា​ប្រជាធិបតេយ្យ ​( ខ្មែរក្រ​ហម )​  បាន​​​ទទួលនូវ​​ការ​សាទរ​យ៉ាង​កក់​ក្តៅ​បំ​ផុត​ពី​ពល​រដ្ឋកម្ពុជា​ទាំង​មូល និង​ពី​សហគមន៍​អន្តរជាតិក្តី​​។

ជនបរទេស​មួយ​ចំ​នួន​តូចទាំង​នេះ​​ ​យូរៗលឺ​សំ​ឡេង​ម្តង ពួក​គេបាន​តាំង​ខ្លួន​ឯង​ជា​​អ្នក​វិភាគ​ដ៏​ជ្រុល​និយម​មក​ពី​​​បច្ចឹមប្រទេស ដែល​បាន​ធ្វើ​ជា​គថ្លង់ និង​ដើរឆ្ងាយ​​ហួសពី​ការពិត​ នៃ​ព្រឹត្តិ​ការណ៍​​ជា​ប្រវត្តិ​សាស្ត្រដ៏មាន​តម្លៃ​សម្រាប់​ប្រជាជន​កម្ពុជា​ និង​ពិភព​លោក​ទាំង​មូល​​។ តាម​រយៈការ​បញ្ចេញ​នូវ​ទស្សនៈដ៏​ល្ងឹតល្ងង់ និង​ហាក់​ដូចជា​បង្កប់​ដោយ​គំ​នុំ​ កំ​ហឹង​ និង​ការ​សង​​សឹក​​ផ្ទាល់​ខ្លួន​ចំ​ពោះ​នរណា​​​ម្នាក់ ​​ដែល​​មិន​បានឆ្លើយ​តប​ទៅ​នឹង​គោល​បំ​ណង​របស់​ពួក​គេក្នុង​អតី​ត​កាល​។  ពួកគេ​បាន​ត្អូញ​​ត្អែ និងឈឺ​ឆ្អាល​​ លើសពី​​អារម្មណ៍របស់​ពល​រដ្ឋកម្ពុជា​ដែល​ជាជន​រង​គ្រោះ​​ក្នុង​របបប្រល័យ​​​​ពូជ​សាស​ន៍​​​ខ្មែរក្រហម​ទៅ​ទៀត។

ការប្រកាសសាលក្រម​ លើ​សំ​ណុំ​រឿង​០០២/០១ គឺជា​ព្រិត្តិការណ៍ជាប្រវត្តិសាស្ត្រ​ ប្រកប​ដោយ​អត្ថន័យ​សម្រាប់​យុត្តិធម៌​ព្រហ្មទណ្ឌអន្តរជាតិ​ ដែល​ជា​ស្នាដៃ​របស់​អង្គជំ​នុំជម្រះ​វិសាមញ្ញនៃ​តុលាការ​កម្ពុជា​ (អ.វ.ត.ក) បើ​ទោះ​ជា​រយៈពេល​កន្លង​ហួសទៅ៣៥ឆ្នាំ​ ហាក់​ដូចជា​យូរ​បន្តិចពិត​មែន​សម្រាប់​ការ​ទន្ទឹង​រង់​ចាំ​យុត្តិធម៌ ប៉ុន្តែ វាបាន​ផ្តល់​ឱ្យ​ជន​រងគ្រោះ​នូវ​ការ​ស្ងប់​ចិត្តយ៉ាង​ពិត​ប្រាកដ ប្រសើរ​​​ជាងមិន​បាន​ផ្តល់​ឱ្យសោះ បន្ថែម​លើ​សំ​ណុំរឿង០០១ដែល​បាន​ប្រកាសសាលក្រម​កាលពី​ពេល​កន្លង​មក​ ។

រាជរដ្ឋាភិបាល​កម្ពុជា​ និង​អង្គការ​សហប្រជាជាតិ​ បាន​មូរមាត់គ្នាក្នុង​ទស្សនៈតែ​មួយ​ថា​ មិន​ត្រូវ​មាន​និទណ្ឌ​ភាព​ចំ​ពោះ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ធ្ងន់​ធ្ងរ​បំ​ផុត​ជា​ដាច់​ខាត និង​បាន​ចាត់​ទុកសាលាក្តី​ខ្មែរ​ក្រហម ថាជា​ សាលាក្តី​មួយ​ដែល​បង្កើត​បាន​ជា​គំ​រូ​សម្រាប់​ពិភព​លោក ( Model  Court )

ផ្អែកតាម​ស្មារតី​នេះ អ.វ.ត​.ក បាន​បង្ហាញ​ថា ខ្លួន​មាន​សមត្ថភាព​ជម្រះ​ក្តី​ដែល​មាន​លក្ខណៈ​ស្មុគស្មាញ និង​សម្រេច​បាន​ជោគ​ជ័យ​ ដោយ​អនុលោមទៅ​តាម​នីតិវិធី​ត្រឹម​ត្រូវ ( Due Process) ​​និង​បទ​ដ្ឋាន​អន្តរជាតិ​ (International Standard )

អំ​ណាច​ឆន្ទានុសិទ្ធិ​នៃតុលាការ​កាត់​ទោស​មេដឹក​នាំ​ខ្មែរ​ក្រហ​ម​ មិន​​ស្ថិត​នៅ​លើ​បបូរមាត់​របស់​ក្រុម​ជន​ណាមួយ​ឡើយ។ ក្នុង​ន័យ​ថា គ្រប់​ដំ​ណើរការនៃ​នីតិវិធីក្នុង​អង្គ​ជំ​នុំ​ជម្រះក្តី​​នៃ​តុលាការ​វិសាមញ្ញកម្ពុជា​ តាំង​ពី​ពេល​ចាប់​ផ្តើម រហូត​ដល់​ថ្ងៃ​ប្រកាសសាល​ក្រម​ ទាំង​សំ​នុំរឿង​ ០០១ លើ កាំង ហ្កិចអ៊ាវ ហៅ​ឌុច និងសំ​នុំ​រឿង​​០០២/០១ លើ ខៀវ សំ​ផន និង​នួន ​ជា គឺ​​បាន​ប្រព្រឹត្ត​ទៅ​​ដ៏​ត្រឹមត្រូវ​ស្រប​តាមតាម​ច្បាប់​ និង ​​កិច្ច​ព្រម​ព្រៀង​រវាង​ភាគីកម្ពុជា និង​អង្គការ​សហប្រជាជាតិ ដូចមាន​ចែងនៅក្នុងច្បាប់ស្តីពី ការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលត្រូវបាន​អនុម័ត​​​ដោយ​រដ្ឋសភានៃប្រទេសឯករាជ្យ អធិបតេយ្យ
 
បន្ទាប់​ពីការ​ប្រកាសសាល​ក្រមទាំង​ពីរសំ​ណុំ​រឿងកន្លង​មក​នេះ​ តម្លៃ​នៃ​យុត្តិធម៌ក៏​បាន​ផ្តល់​ឱ្យដល់​​ជន​​​កម្ពុជារួចហើយ ដែល​យុត្តិធម៌​នេះ វាមិន​មែន​ជា​ការ​សងសឹក​ឡើយ។
 ផ្ទុយ​ពី​អ្វី​ដែល​ជា​ការ​ពិត ​ជន​បរទេស​ដែលបានដើរតួប្រឆាំង​កម្ពុជា​លើ​គ្រប់​ទិដ្ឋ​ភាព​ លោក ប្រេដ អាដាម (Brad Adams) ​នាយក​ប្រតិបត្តិ​អង្គការ​សិទ្ធិ​មនុស្ស​ ​Human Rights Watch ប្រចាំ​តំបន់​អាស៊ី​ បាន​ឆ្លើយ​តប​ភ្លាម​ៗដោយ​គ្មាន​ហេតុ​ផល​ច្បាស់​លាស់​ និងដោយ​​បំ​ពាន​លើ​ទឹក​ចិត្ត​របស់​ពល​រដ្ឋ​​កម្ពុជា បន្ទាប់​ពី​សាលក្រម​បាន​ផ្តន្ទាទោស​ អស់​១ជី​វិត ទៅ​លើ នួន ជា និង​ ខៀវ សំ​ផន​ កាលពី​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៤កន្លង​ទៅ​នេះ​​។

ប្រេដ អាដាម​ បាន​ផ្តល់​កិច្ចសម្ភាសន៍ជា​មួយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយ​ចំ​នួន​ដែលច្រើន​តែ​លំ​អៀង​ទៅលើ​ក្រុម​ប្រឆាំង​​ ថា « វា​មិន​មែន​ជាថ្ងៃ​ដែល​គេត្រូវ​អបអរសាទរទេ »  ប្រជា​ជន​កម្ពុជា​​នឹង​មិន​ស្ងប់​ចិត្តទេ កាត់​​ទោស​មនុស្សតែ​ ២-នាក់ ដែល​ជា​អ្នក​មាន​ឋានៈ​ខ្ពស់​ក្នុង​របប​ខ្មែរក្រហម ជន​ទាំងនេះ​ចាស់ៗ​ហើយ​ ហើយ​គេ​អនុញ្ញាត​ឲ្យ​ពួកគេ​រស់នៅ​ដោយ​សេ​​​រី​​​យូរពេក​ហើយ តុលាការមិន​បាន​កាត់​ទោស​ជន​មួយ​ចំ​នួន​​ទៀត ។ 

ការ​ទាម​ទារ​ស្រដៀង​គ្នា​នេះដែរ លោក​សាស្ត្រាចារ្យ​ ជេម ថៃន័រ​ (James Tyner) ​នៃ​សកល​វិទ្យាល័យ​ Kent State ​រដ្ឋអូ​​​ហៃយូ បាន​ថ្លែង​ថា ​តុលាការ​នេះ​គួរតែ​កាត់​ទោស​ពួក​អតីតមេដឹក​នាំខ្មែរ​ក្រហម​​ច្រើន​ជាង​នេះ។​ ប៉ុន្តែ ជេម ថៃន័រ​ យល់​ខុសពី​លោក ប្រេដ អាដាម បន្តិច ត្រង់​ថា លោក​មាន​ការពេញ​ចិត្ត​នឹង​​សាលក្រម​តុលាការ​ដាក់​ទោស​មួយ​ជីវិតមែន​ តែលោក​ហៅ​សាលក្រម​នោះ ​ថា​ ដាក់​ទោស​ជន​​ជាប់ចោទ​តិច​ពេក ​និងយឺតពេក។

 ការពិត គោលដៅនៃ​យុត្តិធម៌នៅក្នុងការជំនុំជម្រះក្តី គឺមិនសំដៅលើចំនួននៃជន​ជាប់​ចោទ​ច្រើន​ ឬតិចឡើយ។ ការជំ​នុំ​ជម្រះ​ក្តី​ គឺសំ​ដៅ​ទៅលើអ្នកទទួលខុស​ត្រូវពិតប្រាក​ដដែល​បាន​កំណត់​​នៅក្នុងដែន​យុត្តាធិការ​របស់​តុលាការ​ជាការសំខាន់ និងសមស្របទៅតាមច្បាប់ និងកិច្ច​ព្រម​ព្រៀង។
 
នៅ​ពេល​នេះ យុត្តិធម៌ ត្រូវ​បាន​ទទួលយកដោយ​ជន​រង​គ្រោះ​កម្ពុជា ដែល​យុត្តិធម៌​នេះ មិន​មែន​​​តុលាការកាត់​សេចក្តី​ទៅ​លើ​ការ​​សុខចិត្ត ឬ​មិន​សុខចិត្ត​របស់​ ប្រេដអាដាម ឬជេម ថៃន័រ​ ឡើយ។

ផ្ទុយ​ទៅ​វិញ​ អស់​លោក​ទាំង​ពីររូប​ក៏​គួរគប្បី​ស្វែង​យល់​ឱ្យ​បាន​ច្បាស់​អំ​ពី​អង្គជំនុំ​ជម្រះ​វិសា​មញ្ញ​​​ក្នុងតុលាការកម្ពុជា ដើម្បី​បញ្ចៀសបាន​នូវ​ការ​បកស្រាយ​វង្វេង​វង្វាន់។ លោក​ត្រូវ​ដឹង​ថា  តុលាការ​មាន​​យុត្តាធិការ​ច្បាស់លាស់ក្នុងការជំនុំជម្រះក្តី គឺ ទី១- ទៅ​លើ​ តែអតីតមេដឹកនាំជាន់ខ្ពស់​នៃរបប​កម្ពុជា​ប្រជា​ធិបតេយ្យ និងទី២- ជំ​នុំ​ជម្រះ​ទៅលើ​អ្នកទទួលខុសត្រូវខ្ពស់ក្នុង​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរបំផុតដែល​​​បានប្រព្រឹត្តអំពើឧក្រិដ្ឋ នៅចន្លោះពីថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ ១៩៧៩ តែ​ប៉ុណ្ណោះ។

ម៉្យាង​វិញ​ទៀត តុលាការមួយមិនមែនជាជាថ្នាំទិព្វសម្រាប់បន្សាបអ្វីៗទាំងអស់ទេ ប៉ុន្តែវាជា ថ្នាំមួយដ៏សក្តិសិទ្ធ និង​អាច​ជាធាតុផ្សំក្នុងការផ្សះផ្សាផ្លូវចិត្តរបស់ជនរងគ្រោះ និងធ្វើឲ្យជន​រង​គ្រោះ​ស្ងប់ចិត្តបាន​ផង​ដែរ។  

ការបង្កើតសាលាក្តីកាត់​ទោសមេដឹក​នាំ​ខ្មែរក្រហម គឺមិនមែនដើម្បីបំផ្លាញសន្តិភាព​ដែលរក​បាន​ដោយកម្រនៅកម្ពុជានោះទេ តែវាជាការចូលរួមពង្រឹងសន្តិភាព គឺជា​បញ្ហា​អាទិភាព​បំ​ផុត។
 ដូច្នេះ តុលាការនេះ បាន​ និង​កំ​ពុង​ដើរតួនាទីដ៏​សំ​ខាន់​ក្នុងការផ្តល់យុត្តិធម៌ និងការថែរក្សា សន្តិភាពដែលកម្ពុជាមាន។ សន្តិភាពដែលគ្មានយុត្តិធម៌ នោះសន្តិភាព​មិន​យូរអង្វែងទេ។ 

ខុសពី​ការ​ចោទ​ប្រកាន់​របស់​ លោក ជេម ថៃន័រ​ គឺ​ចៅ​ក្រម​ នៃ...ក មិន​អាច​អនុវត្តវិធាន​ណា​មួយ​ផ្សេង​ដែល​ផ្ទុយ​ទៅនឹង​ច្បាប់ និងនីតិវិធីដែលមានជា​ធរមានទេ គឺចៅក្រម​ធ្វើ​ទៅតាមតែអំ​ណា​ច​ឆន្ទានុសិទ្ធិ និង​​​យុត្តាធិការរបស់​ខ្លួនតែ​ប៉ុណ្ណោះ។  

ចំ​ពោះ​អ្វី​ដែល​លោក បាន​លើក​ឡើង​អំពី​ការ​ដាក់​ទោសជន​ជាប់​ចោទតិចពេក និង​យឺត​ពេក​ គឺ​លោក​ហាក់​ដូច​ជា​ ខ្វះ​លក្ខណៈគ្រប់​គ្រាន់​ជា​សាស្ត្រាចារ្យ​ដែល​មាន​ចំ​ណេះ​ដឹង​ជ្រៅ​ជ្រះ​  នៃ​សាកល​វិទ្យាល័យ​ដ៏​ល្បី​នៅ​ឯបរទេស  ពី​ព្រោះ​តែ​ការ​ពុំ​បាន​ស្រាវ​ជ្រាវ​ និង​កត់​ត្រាទុក​នូវ​ព្រឹត្តិ​ការណ៍​សំ​ខាន់​ៗ​ជា​ច្រើន។ 

ការ​អូសបន្លាយ​អស់​ពេល​យ៉ាង​យូរ ទម្រាំ​បាន​ដំ​ណើរតុលាការកាត់​ទោស​មេដឹក​នាំ​ខ្មែរក្រហម   គឺមិ​ន​មែន​ជា​កំ​ហុសរបស់​រាជ​រដ្ឋាភិបាល​កម្ពុជាឡើយ ដោយ​យោង​ថា លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និងថ្នាក់ដឹកនាំកម្ពុជាផ្សេងទៀតបាន​ទាមទារឲ្យនាំយកអតីតមេដឹក​នាំនៃរបបខ្មែរ​ក្រហ​ម​មក​ជំនុំ​ជម្រះ​ចំពោះ​អំពើឧក្រិដ្ឋកម្មដែលពួកគេបានប្រព្រឹត្តភ្លាមៗក្រោយ​ពីរបបខ្មែរក្រហមត្រូវ​បានផ្តួល​រំលំ ​ប៉ុន្តែការអំពាវនាវនេះត្រូវបានសហគមន៍អន្តរជាតិធ្វើមិនដឹង និងបានដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​ជន​រង​​គ្រោះ​ថែមទៀត។ កម្ពុជាបានធ្វើការជំនុំ​ជម្រះ​ក្តីទៅលើ​មេដឹក​នាំខ្មែរ​ក្រហម​នៅខែសីហា ឆ្នាំ​១៩៧៩​ដើម្បីផ្តល់យុត្តិធម៌ជូនដល់ជនរងគ្រោះខ្មែរ តែត្រូវគេបដិសេធ ម្តង​ហើយ​ម្តងទៀត។

បើទោះ​ជា​យ៉ាង​នេះ​ក្តី ប៉ុន្តែ នៅ​ក្នុង​អំ​ឡុង​ឆ្នាំ​១៩៩៨ ក្រោម​នយោបាយ​ឈ្នះ​‑ឈ្នះ របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់​ពី​អង្គការ​ចាត់​តាំង​ខ្មែរក្រហម​ត្រូវ​បាន​ផ្តួល​រលំ​ សន្តិ​ភាព​ក៏បាន​កើត​មាន​ជា​បណ្តើរ​ៗ នៅ​ពេល​នោះ​ហើយ​ដែល​លោក ហ៊ុន សែន​ ជាអ្នកដែលផ្តួចផ្តើមគំនិតក្នុងការ​នាំ​​អតីត​​មេដឹក​នាំខ្មែរក្រហមមកកាត់ទោសចំពោះ​អំពើឧក្រិដ្ឋដែលពួកគេប្រព្រឹត្តដើម្បីនាំយកនូវ​ការពិត​ និ​ង​​​យុត្តិធម៌​ជូន​ដល់ជនរងគ្រោះដោយរបបខ្មែរក្រហម និង​ឈាន​ដល់​មាន​កិច្ច​ព្រម​ព្រៀង​ជា​មួយ​អង្គ​ការ​​​​សហ​ប្រជាជាតិ​។

ដោយ​មិន​បាច់រំ​លឹក​​អំ​ពី​ប្រវត្តិ​នៃ​ការ​ចរចា ទម្រាំ​មាន​ការ​ឯកភាព​គ្នា​ សម្រេច​បាន​នូវ​ អ.វ.ត.ក យើង​ទទួល​ស្គាល់​​ថា ​ការផ្តល់យុត្តិធម៌ហាក់ដូចជាយឺត  ប៉ុន្តែ ពល​រដ្ឋកម្ពុជានៅ​មាន​ឱកាសជា​ច្រើន​ បាន​ដឹង បាន​ឮ និងបាន​​ឃើញ​ផ្ទាល់​ភ្នែក​នូវ​ដំ​ណើរការ​នៃ​ការ​ជំ​នុំជម្រះ​ក្តីលើ​គ្រប់​ទិដ្ឋភាព​ ដែល​សវនា​ការ​តាំង​ពី​ដំ​បូង​ ​រហូត​​មក​ដល់​ពេល​នេះ មាន​អ្នក​ចូល​រួម​ជាច្រើន​ម៉ឺន​នាក់​ ហើយ​ជា​លទ្ធផល​ តុលាការ​នេះ​បាន​សម្រេច​​ប្រកាសចេញ​ជា​សាលក្រម​ធំ​ៗចំ​នួន​២សំ​ណុំ​រឿង​​។ ទាំង​អស់​នេះ គឺ​ជា​ជោគ​​ជ័យ​ដ៏​ធំ​ធេងបំ​ផុត​នៃ​សាលា​ក្តី​​ខ្មែរក្រហម  ដែល​វា​​ប្រសើរ​ជាង​មិន​បានផ្តល់សោះ ។

សាលក្រមទៅលើអតីតមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ ត្រូវបានទទួល​ការស្វាគមន៍យ៉ាងពេញ​ទំហឹងពីសំណាក់គ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ជាពិសេស សហរដ្ឋ​អាមេរិក សហភាព​អ៊ឺរ៉ុប និង​អង្គការសហប្រជាជាតិ។

លោក  John Kerry រដ្ឋមន្ត្រី​ការបទេសសហរដ្ឋ​អាមេរិក ភ្លាម​ៗនោះ បាន​ថ្លែង​កោតសរសើរ ចំ​ពោះ​សាល​ក្រម​ នៃ​សាលាក្តី​កាត់​ទោស​មេដឹក​នាំ​ខ្មែរក្រហម​ ថា ជា​ការ​កាត់​ក្តី​ប្រវត្តិសាស្ត្រ​។ លោក John Kerry បាន​បន្តថា ខ្ញុំ​មានកិត្តិយសណាស់ ដោយ​មាន​ប្រវត្តិជា​អ្នក​ចូល​រួម​ជា​មួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​បង្កើត​សាលាក្តី​នេះ​ឡើង។

ដោយ​ឡែក​ ក្នុង​សេចក្តីប្រកាសព័ត៌មាន​របស់​ស្ថាន​ទូត​សហរដ្ឋ​អាមរិក​ប្រចាំ​កម្ពុជា​ ក្រៅ​ពី​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំ​ពោះ​សាលក្រម​កាត់​ទោស នួន​ ជា​ និង​ខៀវ សំ​ផន ក៏​​បាន​ថ្លែង​អំ​ណរគុណ​ផង​ដែរដល់​ចៅក្រម និង​មន្ត្រី​ទាំង​អស់​ នៃ​  អ.វ.ត.ក ដែល​បាន​ធ្វើ​ការងាររបស់​ខ្លួន​ដ៏​មោះ​មុតក្នុង​មូល​ហេតុ​​ « យុត្តិធម៌ » និងបាន​ផ្តល់​នូវ​ក្តី​សង្ឃឹម​ថា សាលក្រម​នេះ អាច​នឹង​ផ្តល់​ជា​វិធាន​ការណ៍ ដើម្បី​សន្តិភាព​ និង​យុត្តិធម៌​ជូន​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ​

ជនរងគ្រោះកម្ពុជា​ បាន​ស្រែកទ្រហោយំដោយក្តីរំភើប បន្ទាប់​ពី​មាន​ការសម្រេច​សេចក្តី​ប្រកប​ដោយ​ភាពយុត្តិ​ធម៌​នេះ។ ពលរដ្ឋខ្មែរបានអស់ចិត្តចំពោះការជំនុំជម្រះក្តី​លើ​​អតីតមេដឹកនាំខ្មែរ​ក្រហម ជាមួយការ​ផ្តន្ទា​ទោស​​ដាក់ពន្ធនាគារអស់មួយជីវិត ដែលជាទោស​ធ្ងន់​ធ្ងរ​​បំផុត។

ក្នុង​បរិបទ​នេះ គេមើលឃើញ​ថា​ មជ្ឈដ្ឋាន​អន្តរជាតិ​នានា ជាពិសេស​ ពលរដ្ឋខ្មែរ បានយល់​ច្បាស់​ជាង ប្រេត អាដាម​ ដោយ​ពល​រដ្ឋ​ខ្មែរបាន​ដឹង​ថា តុលាការ​ខ្មែរក្រហម​ធ្វើការ​ជំនុំ​ជម្រះ​ក្តី តែទៅ​លើ​ជន​ពីរ​ជំពូកប៉ុណ្ណោះគឺអតីតមេ​ដឹកនាំ​ជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យ និងអ្នក​ទទួល​ខុសត្រូវ​ខ្ពស់​ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ហើយ​តុលា​ការ​​នេះនឹងមិនធ្វើការជំនុំជម្រះក្តី​ លើគ្រប់អតីត​ខ្មែរ​ក្រហមទាំង​អស់ឡើយ រួមទាំងកូនចៅ និងមិត្តភក្តិ​របស់​ជនទាំងពីរជំពូកនេះ។ 

សាលក្រមសំណុំរឿង ០០២/០១ ប្រឆាំងនឹងជនជាប់ចោទជាអតីតមេដឹកនាំជាន់ខ្ពស់ នៃរបប​ខ្មែរក្រហមបានផ្តល់នូវសារប្រយោជន៍យ៉ាងច្រើនសម្រាប់មនុស្សជាតិ ជាពិសេសសម្រាប់ជនរង​គ្រោះ​ដោយរបបខ្មែរក្រហម។ សាលក្រម​ បានចូលរួមក្នុង​ការ​ផ្សះផ្សាផ្លូវចិត្តជនរងគ្រោះ និង​ការផ្សះ​ផ្សា​ជាតិ ផ្តល់យុត្តិធម៌ និងក៏បាន​​ចូលរួមផង​ដែរ​ក្នុងការស្វែងរកការពិត​នៃប្រវត្តិសាស្ត្រកម្ពុជា។ យុត្តិធម៌​តែ​មួយមិនអាចឆ្លើយ​តបទៅ​នឹង​ក្តីសង្ឃឹមរបស់ជនរងគ្រោះទាំងអស់ទេ ប៉ុន្តែ យុត្តិធម៌បានចូលរួម​ក្នុង​​ការផ្សះផ្សាជាតិទាំង​មូល​ ឱ្យ​ធានាបាន​នូវ​ សុខសន្តិភាព​ និង​ស្ថិរភាព​នយោបាយ ។

ម៉្យាង​វិញ​ទៀត តុលាការ​មួយ​មិនមែនជាថ្នាំទិព្វសម្រាប់បន្សាបអ្វីៗទាំងអស់ទេ ប៉ុន្តែ វាជា​ថ្នាំ​មួយ​ដ៏សក្តិសិទ្ធដែលបាន​​រួម​​ផ្សំក្នុងការផ្សះផ្សាផ្លូវចិត្តរបស់ជនរងគ្រោះ និងធ្វើឲ្យជនរងគ្រោះ​ស្ងប់​ចិត្ត​។
 
ដូច្នេះ ទស្សនៈដែលបាន​លើក​ឡើង​ដោយ​ខុសឆ្គងរបស់ប្រេត អាដាម និង​ ជេម ថៃន័រ គឺ​គ្រាន់​តែជាវោហារស័ព្ទបន្លឺឡើងដោយ​ខ្វះ​ការ​ទទួល​ខុសត្រូវ​ និង​ក្នុង​នាម​ជា​ជន​បរទេស​ដែល​ខ្វះ​លក្ខណៈ​​​តក្កវិជ្ជា​តែ​ប៉ុណ្ណោះ ​ប៉ុន្តែ វាមិន​បានឆ្លុះបញ្ចាំង ឬក៏​តំ​ណាង​ឱ្យ​មតិ​របស់ជនរង​គ្រោះ​ខ្មែរ​​ឡើយ។

ដោយមើល​ឃើញនូវ​​ភាព​ល្ងឹតល្ងង់ទាំង​អស់​នេះ ពួក​គេគួរគប្បី​បញ្ចប់​នូវ​វប្បធម៌ជ្រៀត​ជ្រែក​ចូលកិច្ច​ការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា​ដែល​ជា​រដ្ឋ​ឯករាជ្យ អធិបតេយ្យ ហើយត្រូវ​តែ​បញ្ឈប់​នូវ​ការ​ធ្វើ​អាជី​វកម្ម​នៅ​លើ​គំ​នរទឹក​ភ្នែក​​​​របស់​ប្រជា​ជនកម្ពុជា​ ដែលនៅ​​សល់​ពី​ការ​កាប់​សម្លាប់​នៃ​របបប្រល័យ​ពូជ​សាសន៍​​កម្ពុជា​ប្រជា​ធិតេយ្យ​​តទៅ​ទៀត​៕

អត្ថបទដោយ៖ ស៊ាន គឹម​សុន​