Thursday, September 02, 2021

វិភាគអន្តរជាតិ៖ តើចលនាតស៊ូ Panjshir អាចផ្ដួលរំលំរបបតាលីបង់សាជាថ្មី បានឬទេ?

 (កាប៊ុល)៖ ការវាយប្រយុទ្ធគ្នាទ្រង់ទ្រាយធំរវាងក្រុមតាលីបង់ និងចលនាតស៊ូប្រឆាំងតាលីបង់មានមូលដ្ឋាននៅឯតំបន់ជ្រលងភ្នំប៉ាន់សៀរ (Panjshir) នៃខេត្ត Panjshir ប្រទេសអាហ្វហ្កានីស្ថាន បានចាប់ផ្ដើមផ្ទុះឡើងហើយ បន្ទាប់ពីកិច្ចចរចារវាងភាគីទាំង២ ដោះស្រាយការខ្វែងគំនិតគ្នាទទួលបរាជ័យ។ ចលនាតស៊ូប្រឆាំងតាលីបង់ បានអះអាងថាក្រុមអ្នកប្រយុទ្ធតាលីបង់ ១៥០នាក់ត្រូវបានសម្លាប់, ២០០នាក់រងរបួស និង៣៥នាក់ត្រូវបានចាប់ខ្លួន ហើយក្បួនរថយន្ដចំនួន ២ និងអាវុធធុនធ្ងន់ចំនួន២ ក៏ត្រូវបានបំផ្លាញផងដែរ។



ប៉ុន្តែ ក្រុមមន្ត្រីតាលីបង់ លោក មហាំម៉ាត់ ចាឡាល់ (Muhammad Jalal) បានឱ្យដឹងនៅលើ Twitter ថាក្រុមអ្នកប្រយុទ្ធរបស់ខ្លួនបានវាយដណ្ដើមកាន់កាប់តំបន់សំខាន់ៗ ជាច្រើនកន្លែងនៃជ្រលងភ្នំប៉ាន់សៀរ។ ក្រោយការដួលរលំរដ្ឋធានីកាប៊ុលកាលពីថ្ងៃទី១៥ ខែសីហាមក អាហ្វហ្កានីស្ថានបានធ្លាក់ចូលទៅក្រោមការគ្រប់គ្រងសាជាថ្មីរបស់ ក្រុមតាលីបង់ តែពួកគេមិនទាន់អាចគ្រប់ទឹកដីបានទាំងស្រុងនៅឡើយទេ ដោយនៅសល់ខេត្ត Panjshir តែមួយគត់ដែលនៅតែមិនព្រមចុះញម។

Panjshir គឺជាខេត្តមួយស្ថិតនៅចម្ងាយ ១៥០គីឡូម៉ែត្រពីភាគខាងជើងទីក្រុងកាប៊ុល ហើយក្នុងខេត្តមួយនេះមានមូលដ្ឋានដ៏រ៉ឹងមាំមួយរបស់ចលនាតស៊ូប្រឆាំងតាលីបង់ នោះគឺតំបន់ជ្រលងភ្នំ Panjshir ដែលកំពុងស្ថិតក្រោមការដឹកនាំដោយលោក អះម៉ាត់ ម៉ាស់ស៊ូដ (Ahmad Massoud) ជាកូនប្រុសនៃអតីតវីរៈបុរសចលនាប្រឆាំងតាលីបង់លោក អះម៉ាត់ សាស់ ម៉ាស់ស៊ូដ (Ahmad Shah Massoud) ដែលត្រូវបានក្រុមអាល់កៃដាលួចធ្វើឃាតកាលពីខែកញ្ញា ឆ្នាំ២០០១។ក្រៅតែលោក Massoud អតីតអនុប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក អំារុល សាឡេះ (Amrullah Saleh) ក៏បានចូលរួមនៅក្នុងចលនាប្រឆាំងនឹងក្រុមតាលីបង់នេះដែរ ហើយថែមទាំងបានប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីបណ្ដោះអាសន្នទៀតផង។ 

ត្រឡប់ទៅរកអតីតកាលពីឆ្នាំ២០០១ ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក ចលនាតស៊ូក្នុងតំបន់ជ្រលងភ្នំ Panjshir ដែលគេស្គាល់ថា «បក្សសម្ព័ន្ធភាគខាងជើង» ហើយ ដែលបច្ចុប្បន្នមានឈ្មោះថ្មីថា «រណសិរ្សតស៊ូជាតិអាហ្វហ្កានីស្ថាន» បានវាយផ្ដួលរំលំរបបដឹកនាំតាលីបង់នៅពេលនោះ។ តែ២០មុន និង២០ឆ្នាំក្រោយ ត្រូវបានអ្នកជំនាញ ខ្លះដូចជា លោក អាស់ហ្វាន់យ៉ា មៀរ (Asfandyar Mir) ជាអ្នកវិភាគលើតំបន់អាស៊ីខាងត្បូងមកពីសាកលវិទ្យាល័យ Stanford យល់ថា វាមិនដូចគ្នាទេ ដ្បិតតាលីបង់សព្វថ្ងៃ ត្រូវបានគេមើលឃើញថា មានអំណាច និងឥទ្ធិពលខ្លាំងជាងកាលពីឆ្នាំ២០០១។ បើតាមលោក Asfandyar ចលតស៊ូប្រឆាំងតាលីបង់កំពុងគ្រប់គ្រងតំបន់ជាច្រើននៅទូទាំង ខេត្ត Panjshir តែមិនមែនមានន័យថា គ្រប់តំបន់ទាំងនេះសុទ្ធតែមានការប្ដេជ្ញាចិត្តតស៊ូពេញទំហឹងប្រឆាំងតាលីបង់ ដូចជាចលនាតស៊ូក្នុងតំបន់ជ្រលងភ្នំ Panjshir នោះឡើយ។

យល់ឃើញស្រដៀងគ្នាទៅនឹងលោក Asfandyar ដែរ លោក អ៉ីប្រាហ៊ីម បាហ៊ីស (Ibraheem Bahiss) ជាអ្នកជំនាញម្នាក់មកពីអង្គការ International Crisis Group បាននិយាយថាបច្ចុប្បន្ន ក្រុមតាលីបង់បានបង្កើតមូលដ្ឋានយ៉ាងរឹងមាំនៅទូទាំងខេត្តភាគខាងជើងនៃប្រទេសអាហ្វហ្កានីស្ថាន ស្របពេលចលនាតស៊ូនៅតំបន់ជ្រលងភ្នំ Panjshir មិនមានសព្វាវុធគ្រប់គ្រាន់ដើម្បីតតាំងរយៈពេលវែងជាមួយសត្រូវដ៏ធំដូចជាតាលីបង់នោះទេ។ បើតាមប្រភពពីចារកម្មអាមេរិកដែលទីភ្នាក់ងារព័ត៌មាន Reuters ទទួលបាន ក្រុមតាលីបង់បានរឹបអូសបរិក្ខាយោធាជាច្រើនសន្ធឹកសន្ធាប់ ដែលសហរដ្ឋអាមេរិកផ្ដល់ឱ្យអតីតរដ្ឋាភិបាលអាហ្វហ្កានីស្ថាន ក្នុងនោះរួមមានទាំងរថពាសដែក ច្រើនជាង ២,០០០គ្រឿង និងយន្ដហោះរួមទាំងឧទ្ធម្ភាគចក្រ ៤០គ្រឿង។

លោក Massoud ផ្ទាល់ក៏ធ្លាប់បានទទួលស្គាល់ដែរថាកងកម្លាំងយោធារបស់លោកមិនមានបរិក្ខាយោធាគ្រប់គ្រាន់ដើម្បីប្រឆាំងនឹងតាលីបង់នោះទេ លុះត្រាតែ សហរដ្ឋអាមេរិក និងលោកខាងលិចយល់ព្រមផ្ដល់អាវុធ និងជំនួយនានាដល់ពួកគេ។ ប៉ុន្តែ នៅពេលត្រូវបានអ្នកសារព័ត៌មានសាកសួរថាតើសហរដ្ឋអាមេរិកបានទាក់ទង ទៅកាន់លោក Massoud ឬ Saleh ដែរឬទេ? ក្រសួងការបរទេសអាមេរិកមិនបានឆ្លើយតបអ្វីនោះទេ ខណៈទាំងអាមេរិក រួមទាំងសម្ព័ន្ធមិត្តលោកខាងលិចសុទ្ធតែកំពុង រង់ចាំមើលដូចគ្នាថាតើស្ថានការណ៍នៅអាហ្វហ្កានីស្ថាន ក្រោមការដឹកនាំរបស់ក្រុមតាលីបង់នឹងទៅជាយ៉ាងណា?

យ៉ាងណាក៏ដោយ អ្វីដែលគេអាចដឹងបាននោះគឺនៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិអាមេរិកកាលពីថ្ងៃពុធ ទី០១ ខែកញ្ញានេះ លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បាន បញ្ជាក់ថាវាដល់ពេលហើយដែលសហរដ្ឋអាមេរិកត្រូវបិទបញ្ចប់ និងបញ្ឈប់ការចូលរួមក្នុងសង្រ្គាមរុំារ៉ៃដូចជានៅអាហ្វហ្កានីស្ថាន។ ក្នុងអត្ថន័យនេះមើលទៅ អាមេរិកទំនងជា នឹងមិនលូកដៃជួយក្រុមចលនាតស៊ូប្រឆាំងនឹងតាលីបង់ក្នុងពេលភ្លាមៗនោះទេ ដ្បិតនៅពេលនេះទោះជាមិនបានទទួលស្គាល់ក្រុមតាលីបង់ក៏ដោយ តែគេមើលឃើញថាទាំង អាមេរិក និងសម្ព័ន្ធមិត្តបានទទួលស្គាល់ការពិតមួយ នោះគឺអាហ្វហ្កានីស្ថានកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់តាលីបង់ ហើយទោះចង់ ឬមិនចង់ទៅថ្ងៃក្រោយ ពួកគេ អាចនឹងត្រូវធ្វើការជាមួយក្រុមតាលីបង់ ដើម្បីកម្ចាត់ក្រុមភេរវករ ដូចជាពួក ISIS-K ដែលជាសត្រូវរួមរបស់អាមេរិក និងតាលីបង់។

ជាក់ស្ដែង ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ ទី០១ ខែកញ្ញានេះ នាយសេនាធិការចម្រុះកងទ័ពអាមេរិក លោកឧត្ដមសេនីយ៍ Mark Milley បាននិយាយថា វាអាចទៅរួចថាសហរដ្ឋអាមេរិកអាចនឹងត្រូវសហការជាមួយក្រុមតាលីបង់ នៅពេលអនាគត ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករនៅក្នុងប្រទេសអាហ្វហា្កនីស្ថាន។ «យើងមិន អាចដឹងឡើយថាអនាគតរបស់ក្រុមតាលីបង់នឹងទៅជាយ៉ាងណា...ប៉ុន្តែខ្ញុំអាចប្រាប់អ្នកដោយផ្អែកលើបទពិសោធន៍ផ្ទាល់ខ្លួនបានថាពួកគេធ្លាប់ជាក្រុមដ៏ឃោរឃៅកាលពី

អតីតកាល ហើយថាតើពួកគេនឹងផ្លាស់ប្ដូរដែរឬយ៉ាងណា មានតែត្រូវរង់ចាំមើលសិន»។ នេះជាការគូសបញ្ជាក់របស់លោក Mark Milley។

ម្យ៉ាងវិញទៀត ក្រៅតែពីជម្រើសយោធា តាលីបង់មានសន្លឹកបៀរដ៏សំខាន់មួយក្នុងដៃ នោះគឺការបង្កើតរដ្ឋាភិបាលថ្មី ដែលបានឈានចូលដល់ដំណាក់កាលចុងក្រោយ ហើយ អាចនឹងត្រូវបានប្រកាសជាផ្លូវការឆាប់ៗនេះ។ ពិតមែនទៅ ជោគជ័យក្នុងការបង្កើតរដ្ឋាភិបាលថ្មី វាអាចនឹងកំណត់ពីជោគវាសនារបស់តាលីបង់ផង និងក្រុមចលនាប្រឆាំង តាលីបង់ផង។ ពីព្រោះថាប្រសិនបើតាលីបង់អាចបង្កើតរដ្ឋាភិបាលមួយដែលមានភាពចម្រុះមានសមាសភាពចូលរួមដូចជាអតីតប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក Hamid Karzai និងលោក Abdullah Abdullah ដែលជាដៃគូអតីតរដ្ឋាភិបាលចម្រុះអាហ្វហ្កានីស្ថានរបស់លោក អាសា្រហ្វ ហា្កនីតាមការសន្យាមែន នោះវាអាចនឹងជួយកាត់ផ្ដាច់

ការគាំទ្របានមួយភាគធំ ចំពោះចលនាតស៊ូប្រឆាំងតាលីបង់ រីឯអាមេរិក ឬលោកខាងលិចក៏អាចនឹងមើលលើតាលីបង់ ធ្ងន់ជាងចលនាតស៊ូនេះផងដែរ។

តែផ្ទុយទៅវិញបើតាលីបង់ ធ្វើទុក្ខបុកម្នេញលើអតីតមន្ត្រីអាហ្វហ្កានីស្ថាន នោះចលនាប្រឆាំងតាលីបង់អាចនឹងប្រមូលបានគាំទ្រកាន់តែច្រើនតាមហ្នឹងដែរ។ ដូច្នេះអំណេះ តទៅ អ្វីៗត្រូវមើលលើថាតើតាលីបង់ខ្លួនឯងអាចគោរពតាមពាក្យសន្យារបស់ខ្លួនបាន ដែរឬទេ។

គួរបញ្ជាក់ថា ក្រោយឡើងកាន់អំណាចជាថ្មីនៅអាហ្វហ្កានីស្ថាន ក្រុមតាលីបង់បានសន្យាថានឹងគោរពសិទ្ធិមនុស្ស និងសិទ្ធិស្ត្រី ហើយចង់មានទំនាក់ទំនងការទូតដ៏ល្អជាមួយ ប្រទេសដទៃនៅជុំវិញពិភពលោក។ ពាក្យសន្យានេះបានបង្កភាពភ្ញាក់ផ្អើលដល់បណ្ដាប្រទេសលោកខាងលិច តែពួកគេនៅតែមិនទាន់ជឿជាក់លើក្រុមតាលីបង់នោះទេ ដោយចង់ឃើញការអនុវត្តសកម្មភាពជាក់ស្ដែង ជាជាងនិយាយឱ្យរួចតែពីមាត់ មុននឹងពួកគេត្រូវសម្រេចចិត្តថាតើត្រូវសហការ ឬទទួលស្គាល់រដ្ឋាភិបាលតាលីបង់ ដែរឬក៏យ៉ាងណា៕

ប្រភព៖ Foreign Policy (ថ្ងៃព្រហស្បតិ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២១)

ដោយ៖ Fresh News

សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២១