Tuesday, May 19, 2015

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ ពាក់ព័ន្ធ​និងឧបទ្ទវហេតុ​គ្រោះ​ថ្នាក់ចរាចរណ៍​ដ៏រន្ធត់​ នាព្រឹក​ថ្ងៃទី១៩ ឧសភា ២០១៥ នៅស្វាយរៀង


សារលិខិត​រំលែកទុក្ខ ជូន​ចំពោះ​ក្រុមគ្រួសារ​ បងប្អូន​កម្មករ​ កម្មការិនិ​ ដែល​បានជួប​ឧបទ្ទវហេតុ​ គ្រោះថ្នាក់​ចរាចរណ៍ នៅស្វាយរៀង


អាជ្ញាធរ​ជាតិ​អប្សរា ចេញ​សេចក្តី​ប្រកាសព័ត៌មាន ស្តី​ពី​ការ​ដួល​រលំ​ដើម​ឈើ និង​បាក់​មែកឈើ នៅ​តំ​បន់​អង្គរ

អាជ្ញាធរជាតិ​អប្សរា នៅ​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៥​នេះ អំ​ពី​ការ​ដួល​រលំ​ដើម​ឈើ និង​បាក់​មែក​ឈើ​នៅ​តំ​បន់​អង្គរ បន្ទាប់​ពី​មាន​ភ្លៀង និង​ខ្យល់យ៉ាង​ខ្លាំង​បោក​បក់មកលើ​តំ​បន់​អង្គរ ដែល​បង្ក​ឲ្យ​មាន​ការ​ដួល​រលំ​ដើម​ឈើ នៅ​តាម​ប្រាសាទ​មួយ​ចំ​នួន​ ប៉ុន្តែ អាជ្ញាធរជាតិ​អប្សរា បញ្ជាក់​ថា ដើមឈើ និង​មែក​ឈើទាំង​នោះ ពុំ​បាន​ប៉ះ​ពាល់ ឬ​បង្ក​ការ​ខូចខាតដល់ប្រាសាទ ឬ​រចនាសម្ព័ន្ធ​ប្រាសាទ​ណា​មួយឡើយ៖
​ខ្លឹមសារទាំង​ស្រុង​ នៃ​សេចក្តី​ប្រកាសព័ត៌មាន​របស់​អាជ្ញាធរជាតិ​អប្សរា មាន​ដូច​តទៅ៖

និស្សិតសាកល វិទ្យាល័យ ភូមិន្ទ ភ្នំពេញ៣៥២៣នាក់ ទទួលសញ្ញាបត្រ បញ្ចប់ ការសិក្សាថ្នាក់ឧត្តមសិក្សា

និសិ្សតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចំនួន៣៥២៣នាក់ បានទទួលសញ្ញាបត្រ​កំរិត ឧត្តមសិក្សា ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នាព្រឹកថ្ងៃទី១៩ ខែឧសភានេះ ក្រោម អធិបតីភាពសម្តេច​តេជោនាយករដ្ឋមន្រ្តី ហ៊ុន​​ សែន នៅសាលសន្និបាត​និង ពិព័រណ៌កោះពេជ្រ។
រដ្ឋមន្រ្តីស្តីទីនៃក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ពិត ចំណាន បានបញ្ជាក់ថា គិត ចាប់ តាំង ពី ឆ្នាំ១៩៨០ មកដល់បច្ចុប្បន្ន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលជាគ្រិះស្ថាន ឧត្តមសិក្សា ពហុជំនាញ របស់រដ្ឋមាន​វ័យចំណាស់​ជាងគេ បានផ្តល់ការផ្តល់ការបណ្តុះ បណ្តាលជំនាញ កំរិតឧត្តម ដល់និស្សិត ជាង៣ម៉ឺន៤ពាន់នាក់ ក្នុងនោះមាននារីជាង ១ម៉ឺន​​​នាក់។​​ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏កំពុងអនុវត្ត ផែនការយុទ្ធសាស្ត្រ រយៈ​ពេល៥ឆ្នាំរបស់ខ្លួន ផ្សារភ្ជាប់ទៅនឹងផែនការយុទ្ធ សាស្រ្តវិស័យអប់រំ ឆ្នាំ ២០១៤-២០១៨ ដែលត្រៀមបម្រើដល់តំរូវការសមាហរណកម្ម​អាស៊ាននាចុងឆ្នាំ២០១៥នេះ។
ឧត្តម ពិត ចំណាន ក៏បានបញ្ជាកើផងដែរថា សាកលវិទ្យាល័យភូមិន្ទ​ភ្នំពេញ​កំពុង​បន្តកិច្ច សហការ ជាមួយអង្គភាពប្រឆាំងអំពើរពូករលួយ ដែលធានាដល់ការ​គ្រប់គ្រង​ចំណូល និងចំណាយ ស្របពេល រហូតមកដល់ពេលនេះ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កំពុងមាននិស្សិតសិក្សាទាំងផ្នែក អាហារូបករណ៌ របស់រដ្ឋាភិបាល និងកា​រ​សិក្សាបង់ថ្លៃ ផងដែរ។
នៅក្នុងឱកាសនេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី​ បានលើកឡើងថា មិនប្រាកដថា ប្រទេ​ស​​ដែលសំបូរ ដោយធនធានធម្មជាតិ តែខ្វះធនធានមនុស្ស អាចក្លាយជា​ប្រទេស​អភិ​វឌ្ឍន៌​នោះទេ ប្រៀបធៀប ទៅ នឹង ប្រទេសសិង្ហបុរីដែលពុំមានធនធានទឹកសាប​ប្រើប្រាស់​ផង​នោះ នៅតែក្លាយជាប្រទេសអភិវឌ្ឍន៍ ដោយសារកត្តាធនធានមនុស្ស ប៉ុន្តែជាក់ស្តែង​កម្ពុជាថ្វីត្បិតតែសំបូរដោយធនធានធម្មជាតិតែកម្ពុជា នៅ តែជាប្រទេស​ក្រីក្រ ដោយសារ​តែ​នយោបាយខុស ដែលបានធ្វើបាត់បង់ធនធាន​មនុស្សក្នុងរបប​ប្រល័យ​ពូជសាសន៍​ប៉ុលពត។ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជានឹងក្លាយជាប្រទេស មានប្រាក់​ចំណូល​មធ្យមកំរិតខ្ពស់ នៅឆ្នាំ២០៣០ ហើយនឹងក្លាយជាប្រទេសកំពុង​អភិវឌ្ឍន៌ នាឆ្នាំ២០៥០ ដែលផែនការ នេះត្រូវការឲ្យមាន​វិស័យឧស្សាហកម្ម​មានធនធានស្រាប់ក្នុងស្រុក និង​ឧស្សាហកម្មដែលមានចរិត ជា សកល។
សម្តេច​តេជោ ហ៊ុន​ សែន ក៏បានជំរុញឲ្យក្រសួងអប់រំ យុវជន និងកីឡា រួមនិងក្រសួង​សង្គមកិច្ច ត្រូវរៀប ចំការយកចិត្តទុកដាក់ចំពោះ សិស្ស និស្សិត និងយុទ្ធជនពិការ ដែល​ទទួលបាន ជោគជ័យពីអន្តរជាតិ៕


តំណាងក្រសួងការងារ ដឹកនាំគណៈប្រតិភូ ចុះទៅគោរពវិញ្ញាណក្ខ័ន្ធ កម្មករ កម្មការីនី ដែលស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តស្វាយរៀង

បើ​តាម​ការថ្លែង​ពី​ឯកឧត្តម ហេង​ សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជី​វៈ​បាន​ឲ្យ​ដឹង​ថា នារសៀលថ្ងៃទី១៩នេះ ឯកឧត្តម ហ៊ុយ ហ៊ានសុង រដ្ឋលេខាធិការ​ក្រសួង​ការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈនឹងដឹកនាំប្រតិភូក្រសួង​ចូលរួមពិធីគោរព​វិញ្ញាណ​ក្ខ័ន្ធ​កម្មក​រ​​កម្មការិនី​ដែលបានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរ នៅខេត្តស្វាយរៀង​កាលពីព្រឹក​ថ្ងៃទី​១៩​នេះ។
ដោយឡែកនាថ្ងៃស្អែកទី២០ខែឧសភា ឆ្នាំ២០១៥​ ឯកឧត្តមរដ្ឋមន្ត្រី អ៊ិត សំហេង នឹង​ដឹកនាំប្រតិភូទៅចូលរួមបុណ្យសព និងចូលសួរសុខទុក្ខអ្នករងរបួសនៅ​តាមមន្ទីរពេទ្យ​ដោយ​ផ្ទាល់។​ ឯកឧត្តម ហេង សួរ​ បាន​ឲ្យ​ដឹង​ថា ក្នុងឱកាសដ៏រន្ធត់ និងក្រៀមក្រំនេះ ក្រសួង​ចូល​រួមបច្ច័យបុណ្យសព ក្នុងសពម្នាក់ៗចំនួន ១លានរៀល និងជួយអ្នករងរបួសចំនួន ៥០ម៉ឺ​ន​រៀល។  
ដោយឡែក បេឡាជាតិសន្តិសុខសង្គម របស់ក្រសួងការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជី​វៈ​​ក៍​បាន​ធានាខុសត្រូវលើថ្លៃព្យាបាល ជនរងគ្រោះ ចិញ្ចឹមជនរងគ្រោះ​ដែល​ធ្លាក់​ខ្លួន​ពិការ​ និង​អ្នករស់​នៅក្នុងបន្ទុករបស់ជនរងគ្រោះដែលបានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរនេះផង​ដែរ៕

ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ផ្ញើលិខិតចូលរួមលំលែកទុក្ខ ដល់ក្រុមគ្រួសារកម្មករ ដែលបានស្លាប់បាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ ចរាចរណ៍

ក្រុម​ប្រឹក្សា​សហជីព​ជាតិ​កម្ពុជា ដឹក​នាំ​ដោយ​លោក​ សោម អូន នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៥​នេះ​ បានផ្ញើ​សារ​ចូល​រួម​រំ​លែក​ទុក្ខ​ដល់​កម្មករ កម្មការីនី១៨នាក់​ដែល​បាន​ស្លាប់ និង​រងរបួសធ្ងន់​ស្រាល​មួយ​ចំ​នួន បន្ទាប់​ពីមាន​ឧប្បត្តិហេតុគ្រោះថ្នាក់​ចរាចរណ៍ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ១ ស្ថិត​ក្នុង​ភូមិ​ដើមពោធិ៍ ឃុំកណ្តៀង​រាយ ស្រុកស្វាយ​ទាប ខេត្តស្វាយ​រៀង​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​ឧសភានេះ។
ខ្លឹមសារ​នៃ​លិខិត​ចូលរួម​រំ​លែក​ទុក្ខមាន​ដូច​តទៅ៖

សម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា ដល់អ្នកស្លាប់ និងរបួសក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ នៅខេត្តស្វាយរៀង

ក្រោយពីបាន ​ប្រកាសចូលរួមរំលែកទុក​ចំពោះគ្រួសារជនរងគ្រោះ​ ដែលបានស្លាប់បាត់បង់​ជីវិត ​និងរងបួសធ្ងន់ស្រាល ​ដោយសារគ្រោះ​ថ្នាក់ចរាចរណ៍​ នៅឯខេត្តស្វាយរៀង​ កាលពីព្រឹកមិញនេះ​ សម្តេចតេជោ​ នាយករដ្ឋមន្ដ្រី ​និងសម្តេចគតិព្រឹទ្ធបណ្ឌិត​ បានឧបត្ថម្ភថវិកា ២​លានរៀល​ សម្រាប់អ្នកស្លាប់ម្នាក់ៗ ​និង​ ១លានរៀល​ សម្រាប់អ្នករងរបួសម្នាក់។​
​សម្ដេចនាយករដ្ឋមន្ដ្រី​ ហ៊ុន ​សែន​ និងសម្ដេចកិត្ដិព្រឹទ្ធ​បណ្ឌិត ​បានឧបត្ថម្ភថវិកា​ ចំនួន២​លានរៀល ​ជូនគ្រួសារសព​ជនរងគ្រោះ​ ដែលបានបាត់បង់​ជីវិតចំនួន ១៨នាក់​ (គិតត្រឹមម៉ោង៤រសៀល) ​និងឧបត្ថម្ភថវិកា ​១លានរៀល​ ជូនជនរងគ្រោះ ​ដែលរងរបួសនៅ​ក្នុងហេតុការណ៍​ គ្រោះថ្នាក់ចរាចរណ៍​នៅខេត្ដស្វាយរៀង​ កាលពីព្រឹកថ្ងៃទី ​១៩ ខែឧសភា​ ឆ្នាំ២០១៥នេះ ​។
​ថវិកាឧបត្ថម្ភ​ របស់សម្ដេចតេជោ​ ហ៊ុន​ សែន ​ខាងលើនេះ ​ធ្វើឡើងតាមរយៈ​លោកជំទាវ​ឧបនាយក​រដ្ឋមន្ដ្រី ​ម៉ែន ​សំអន​ ដែលបច្ចុប្បន្ន​កំពុងចុះ​ជួយអន្ដរាគមន៍​ និង​សួរសុខ​ទុក្ខអ្នក​ជំងឺ ​នៅឯ​ខេត្ដស្វាយរៀង​។​
គួរបញ្ជាក់ថា​នៅក្នុង​ពិធីប្រគល់​សញ្ញាប័ត្រ ​ដល់និស្សិត​នៃសកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ នៅថ្ងៃនេះ ​សម្តេចតេជោ ​ហ៊ុន ​សែន ​នាយករដ្ឋមន្រ្តី ​នៃព្រះរាជា​ណាចក្រកម្ពុជា ​បាន​បង្ហាញ​អារម្មណ៍​សោកស្តាយ ​និង​ចូលរួម​រំលែកទុក្ខ​ ជាមួយ​ក្រុមគ្រួសារ​កម្មករទាំងអស់ ​ដែលបាន​ជួបឧប្បត្តិហេតុគ្រោះ​ថ្នាក់​ចរាចរណ៍ដ៏រន្ធត់​ នៅក្នុងខេត្តស្វាយរៀង ​និងបានជូន​ពរសំរាប់អ្នក​រងរបួស ​ដែលកំពុង​សំរាកព្យាបាល​ឲ្យបានឆាប់​ជាសះស្បើយ​។
​សម្តេចតេជោ ​ហ៊ុន សែន​ ក៏បានគូស​បញ្ជាក់ផងដែរថា ​បញ្ហាគ្រោះថ្នាក់​ចរាចរណ៍​ កំពុងតែ​ធ្ងន់ធ្ងរទៅៗ​ ដែលទាមទារ ​ឲ្យការអនុវត្តន៍​ច្បាប់ចរាចរណ៍​ ឲ្យបានកាន់តែ​តឹងរឹងថែមទៀត។​ ដើម្បី​ធ្វើឲ្យស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​នៅកម្ពុជា​ បានធូរស្បើយ ​សម្តេច​បានស្នើឲ្យមាន​ការចូលរួម​ទាំងអស់គ្នា ​ដើម្បីកែស្ថានភាព​គ្រោះថ្នាក់នេះ ​ឲ្យបានល្អ​ប្រសើរនោះដែរ៕


អត្ថបទ៖ ច័ន្ទ ទេវី

ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តស្វាយរៀង ទទួលបានការឧបត្ថម្ភ និងទំនុកបំរុង


ករណីគ្រោះ​ថ្នាក់ចរាចរណ៍​ដ៏រន្ធត់ ដែលបណ្តាល​ឲ្យកម្មករ ស្លាប់ និង​រងរបួស​ធ្ងន់​ស្រាលប្រមាណ​ជា៣០​នាក់ ដែល​បណ្តាល​មកពីឡានក្រុង​បុកឡាន​ដឹក​កម្មករ នៅស្វាយរៀង នៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៥នេះ គឺបេឡាជាតិ​សន្តិសុខសង្គម (បសស) ទទួលបន្ទុកផ្តល់​ធានារ៉ាប់រងគ្រោះ​ថ្នាក់ការងារ ជូន​ដល់​កម្មកររង​គ្រោះទាំង​អស់ ទាំងអ្នកស្លាប់បាត់បង់ជីវិត និង​អ្នករបួស​ដែល​ត្រូវ​ព្យាបាល។
ជាគោលការណ៍​ចំពោះជន​រងគ្រោះដែលបាន​អ្នកស្លាប់បាត់​បង់ជីវិត បសស នឹងផ្តល់ថ្លៃ​ដឹកសព ដល់គេហដ្ឋាន រឺកន្លែង​ធ្វើបុណ្យ និងថ្លៃសោហ៊ុយ​បូជាសព ចំនួន៤​លានរៀល និងចិញ្ចឹម ប្រពន្ធ ឬ ប្តី និងកូន ព្រមទាំង​ចិញ្ចឹមជន​ចាស់ជរា និងអ្នក​នៅក្នុង​បន្ទុករបស់​ជនរងគ្រោះ។ ដោយឡែកចំពោះ​អ្នករងរបួស បេឡាជាតិ​សន្តិសុខសង្គម ទទួលបន្ទុកលើការ​ព្យាបាល​រហូតដល់ជាសះស្បើយ ផ្តល់ថ្លៃព្យាបាល ថ្លែថែទាំ ប្រាក់បំណាច់​ប្រចាំ​ថ្ងៃ។ ក្រោយ​ការព្យាបាល​បើពិការភាព​ចិញ្ចឹម ១ ជីវិត ផ្តល់ ដៃ ជើង អវៈយវៈសិប្បនិមិត្ត រទេះរុញ និងបណ្តុះបណ្តាលវិជា្ជ​ជីវៈឡើង​វិញ។ ការទទួលបន្ទុករបស់ បេឡាជាតិ​សន្តិសុខ​សង្គម ក៏ព្រោះតែ​កម្មករ​ទាំង​នោះជាសមាជិក របស់បេឡាជាតិសន្តិសុខ​សង្គម ដូច្នេះពួកគាត់​ត្រូវ​ទទួលបានការធានា​រ៉ាប់រង​ពី បេឡាជាតិ​សន្តិសុខ​សង្គម តាម​ច្បាប់។
គិតមក​ដល់​ម៉ោង ៤ល្ងាច ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១៥នេះ ចំនួន​អ្នកស្លាប់​ដោយ​សារគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់​នាព្រឹក​មិញនេះ បានកើនដល់​១៨នាក់​ហើយ និងអ្នករងរបួស​ធ្ងន់​ស្រាល ២១នាក់ ដែលកំពុង​សង្គ្រោះបន្ទាន់ និងសំរាកព្យាបាលនៅមន្ទី​រពេទ្យរដ្ឋ និងគ្លីនិក​ឯកជន ហើយនៅក្នុង​ចំណោម​អ្នករងរបួស​ទាំងអស់ មានពីរនាក់​ត្រូវបាន​បញ្ជូនមក​សង្រ្គោះ​នៅមន្ទីរពេទ្យកាល់​ម៉ែត។
គួរបញ្ជាក់ថា គ្រោះថ្នាក់ខាង​លើបាន​កើត​ឡើង​នៅវេលាម៉ោងជិត ៧ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥នេះ ស្ថិត​នៅតាម​បណ្តោយ ផ្លូវជាតិលេខ១ ស្ថិតក្នុង​ភូមិ​ដើម​ពោធិ៍ ឃុំកណ្តៀងរាយ ស្រុក​ស្វាយទាប ខេត្តស្វាយ​រៀង។ បើតាមការឲ្យដឹង​ពីសមត្ថកិច្ច នៅក្នុងរថយន្ត​ដឹក​កម្មករដែល​ជួប​គ្រោះថ្នាក់​គឺផ្ទុកកម្មករ​ជាង ៣០នាក់។ រថយន្តក្រុង ដែល​បុករថយន្ត​ដឹកកម្មករ ជារបស់ក្រុមហ៊ុនដឹក​អ្នកដំណើរ​កម្ពុជា-វៀតណាម ដែលមាន​ទីតាំង ស្ថិតនៅជាប់របង​ពហុកីឡាដ្ឋានជាតិអូ​ឡាំពិក ក្បែរកន្លែងលក់​ផ្លែឈើ​ចាស់។ តាមការអះ​អាងរបស់សមត្ថកិច្ចគ្រោះ​ថ្នាក់នេះ បណ្តាលមកពីរ​ថយន្តក្រុង ដែលធ្វើ​ដំណើរមក​ពីប្រទេសវៀត​ណាម ឆ្ពោះមក​រាជធានីភ្នំពេញ ក្នុងល្បឿន​យ៉ាងលឿន​នោះ បានបើក​ជែង ហើយទៅចំណែកផ្លូវ​រថយន្តដឹកកម្មករ ដែលបញ្ច្រាស​ទិស រួច បុកពេញ​ទំហឹង​លាន់ឮ​ដូចរន្ទៈ។
ដោយមើលឃើញ​ពីសោកនាដកម្មដ៏គួរឲ្យ​រន្ធត់ និងសង្វេគនេះ មន្រ្តីជាន់​ខ្ពស់​រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូប បានបរិច្ចាគ​ថវិកាផ្ទាល់​ខ្លួន ជួយកម្មករជួប​គ្រោះថ្នាក់​ចរាចរ នៅខេត្តស្វាយរៀងនាព្រឹក​មិញ ដើម្បីដោះស្រាយ​ទុក្ខលំបាកផ្សេងៗ។  សប្បុរសជន​ដែល​បាន​បរិច្ចាគ ថវិកាចូលរួម​សម្រាល​ទុក្ខលំបាករបស់កម្មករ និងក្រុមគ្រួសារកម្មកររងគ្រោះ​រួមមាន៖
- សម្តេចអគ្គមហាពញ្ញា​ចក្រី ហេង សំរិន បរិច្ចាគ ១លានរៀលស​ម្រាប់អ្នក​ស្លាប់ និងអ្នករងរបួស ៥០ម៉ឺនរៀល។
- លោក ជំទាវ ម៉ែន សំអន ឧបនាយក​រដ្ឋមន្រ្តីរដ្ឋមន្រ្តី​ក្រសួង​ទំនាក់​ទំនងជាមួយរដ្ឋ​សភា-ព្រឹទ្ធសភា និងអធិការកិច្ច បរិច្ចាគថវិកាសម្រាប់​អ្នក​ស្លាប់ និង​អ្នករងរបួស​ម្នាក់ៗ ៥០ម៉ឺនរៀល។
- ឯកឧត្តមនាយឧត្តម​សេនីយ៍ សៅ សុខា មេបញ្ជាការកង​រាជអាវុធហត្ថ​លើផ្ទៃប្រទេស បរិច្ចាគថវិកាសម្រាប់​អ្នក​ស្លាប់ និង អ្នករង​របួសម្នាក់ៗ ២០ម៉ឺន​រៀល។
- ឯកឧត្តម ចៅ ភារុណ បរិច្ចាគថវិកាសម្រាប់​អ្នក​ស្លាប់ និង​រងរបួស​ម្នាក់ៗ ១៥ម៉ឺនរៀល។
- ឯកឧត្តម កឹម ងួន បរិច្ចាគ​ថវិកាសម្រាប់​អ្នក​ស្លាប់ និងអ្នករង​របួសម្នាក់ ៥ម៉ឺនរៀល។
- កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង បរិច្ចាគថវិកា​សម្រាប់​អ្នកស្លាប់ និង​អ្នក​រងរបួស​ម្នាក់ៗ ៤០ម៉ឺនរៀល។
- លោកជំទាវ ម៉ែន ភក្តី ហុក ឡង់ឌី បរិច្ចាគថវិកា​សម្រាប់អ្នក​ស្លាប់ម្នាក់ៗ ២០០ដុល្លារ សម្រាប់អ្នករងរបួស​ម្នាក់ៗ ៣០ម៉ឺនរៀល។
- ឯកឧត្តម ជៀង​ អំ អភិបាលខេត្ត​ស្វាយរៀង បរិច្ចាគថវិកាសម្រាប់​អ្នក​ស្លាប់ និង​របួសម្នាក់ៗ ១០ម៉ឺនរៀល ក្រៅពីនេះមានសប្បុរ​សជន ជាច្រើនទៀត ដែលបាន​ចូលរួម​ឧបត្ថម្ភជា​ថវិកាដល់គ្រួសារជនរង​គ្រោះ៕

អត្ថបទ៖ ច័ន្ទ ទេវី



សម្តេចតេជោបញ្ជាក់ថា អ្នកបំបែកមិនសំខាន់តែសំខាន់លើភាគីទាំងពីរ ចង់បែករឺមិនបែក


នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១៥នេះ ក្នុងពិធីប្រគល់​សញ្ញាប័ត្រ ថ្នាក់បរិញ្ញាប័ត្រ និង​បរិញ្ញាប័ត្រជាន់ខ្ពស់ ដល់និស្សិត​នៃសកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ នៅមជ្ឈមណ្ឌល​កោះពេជ្រ សម្ដេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន បានមាន​ប្រសាសន៍ថា សម្ដេចបានផ្ញើសារ តាម​ទូរស័ព្ទទៅឯកឧត្តម សម រង្ស៊ី ដើម្បីឲ្យប្រាប់ទៅគ្នារបស់គាត់ អាចនិយាយសំដៅទៅ ឯកឧត្តម កឹម សុខា ថា កុំឲ្យប្រហើន និងបំពាន​វប្បធម៌​សន្ទនា ប្រយ័ត្ន​គណបក្ស​ប្រជាជន​កម្ពុជា បោះឆ្នោតទម្លាក់​ពីតំណែង​អនុប្រធាន​ទី១រដ្ឋសភា។
សម្ដេចតេជោ ហ៊ុនសែន បញ្ជាក់ថា « ខ្ញុំបាន​ប្រាប់ ឯកឧត្តម សម រង្ស៊ី ថា បើឡើង គឺឡើង តាមសន្លឹកឆ្នោតរបស់​គណបក្ស​ប្រជាជន ហើយបើធ្លាក់ គឺក៏​ធ្លាក់​តាមគណបក្ស​ប្រជាជនដែរ ហើយកុំព្រហើន បើគេ​មិន​ពេញចិត្ត នឹងទម្លាក់ជារឿងរបស់​គេ ព្រោះ​ខ្លួន​តែង​តែដើរដៀមដាមនិង ជេរគេហើយ​កុំថាគេ​គំរាម ។  វប្បធម៌​សន្ទនារវាង​សម្តេច និង ឯកឧត្តម សម រង្ស៊ី តម្រូវឲ្យមានការគោរព​គ្នា តម្រូឲ្យ​មានកា​រពិភាក្សាគ្នា មិនមែន​តម្រូវ​ឲ្យដើរវាយ​ប្រហាគ្នា​ឡើយ »
ទាក់ទង​និងសំដី​របស់ឯកឧត្តម កឹម សុខា នៅក្រុង​កំពត​កាលពីពេលថ្មីៗនេះ ដែលបាន​លើកឡើងដោយពាក្យវាយប្រហារមិនចំឈ្មោះ ប៉ុន្តែក្នុងគោលដៅរិះគន់មកលើគណបក្សប្រជាជនកម្ពុជា មាន​បំណង​បំបែក​បំបាក់ខ្លួន និងឯកឧកត្តម សម រង្ស៊ី នោះត្រូវបាន សម្តេចតេជា ហ៊ុនសែន មានប្រសាសន៍​ឆ្លើយ​តប​  «បែកឬមិនបែក​វាអាស្រ័យ​លើសាមី​ខ្លួន មិនមែន​អាស្រ័យ​លើអ្នក​បំបែក​នោះទេ  ហើយ​កុំនិយាយ​រឿងបញ្ហា​លក់ ឬមិនលក់ គំរាមមិន​ខ្លាច​ព្រោះ​គ្មាន​អ្នកណាគំរាម​លោកឡើយ ឬ ទិញលោកឡើយ បើលោក ចង់រត់ក៏រត់ចុះ បើលោក​ចង់បែក​ក៏បែក​ចុះគេគ្មាន​ពេលទៅ​បំបែកអ្នក​ឡើយ»
សម្តេចក៏បានឲ្យដឹង​ដែរថា ឯកឧត្តម សម រង្ស៊ី បានផ្ញើរមកសម្តេចម្សិល​មិញថា ឯកឧត្តមបានធ្វើដំណើរទស្សនៈ​កិច្ចយ៉ាង​រលូន និងពន្យល់​ដល់ប្រជាជន​ខ្មែរ​នៅអាម៉េរិក អំពីរបត់នយោបាយ ថ្មីៗនៅ​កម្ពុជា​និងឲ្យ​យល់​ពីវប្បធម៌សន្ទនា តែដោយឡែកអ្នកនៅ​ក្នុងស្រុក​គិតតែនិយាយ បំបែក មិនបែក ។
គួរបញ្ជាក់ថា ប្រតិកម្ម​របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង​បន្ទាប់​ពីកាសែត​ភ្នំពេញប៉ុស្តិ៍ ចេញផ្សាយ​នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ ដែលមាន​ចំណង​ជើងថា « កឹម សុខា ថា បក្សប្រជាជន​កំពុង​ខំបំបែកសង្រ្គោះ​ជាតិ»។ ក្នុងអត្ថបទ របស់​កាសែត​ភ្នំពេញប៉ុស្តិ៍ បាន​ដកស្រង់សំដី ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​សង្រ្គោះជាតិ ក្នុង​គ្រាចុះជួប​ជាមួយ​សកម្មជន​របស់​ខ្លួន នៅខេត្តកំពត កាល​ពីព្រឹកថ្ងៃទី១៧ ខែឧសភា ថា « យើង​បាន​ស្គាល់​យុទ្ធសាស្រ្តរបស់​ពួក​គេរួច​ហើយ ហើយពួកគេ​ចង់បំបែក​បំបាក់​យើង ព្រោះប្រសិនបើ​ក្រុម​របស់​យើង​បែកបាក់ យើងទន់ ខ្សោយណាស់»។ ឯកឧត្តម កឹម សុខា បញ្ជាក់ថា​សម្ព័ន្ធភាព​រវាង​រូប​ឯកឧត្តម និងឯកឧត្តម សម រង្ស៊ី គឺមិន​មាន​ថ្ងៃបែក​បាក់ឡើយ គឺឯកឧត្តម និងឯកឧត្តម សម រង្ស៊ី ជាមនុស្ស​តែមួយ។
ទោះជា​យ៉ាង​ណាក៏​ដោយ សម្តេចតេជោ បញ្ជាក់​ថា សម្តេច​មិន​សូវ​មាន​ជំនឿ​លើការចុះផ្សាយរបស់កាសែត​ភ្នំពេញ​ប៉ុស្តទេ ដោយសារកាសែត​នេះធ្លាប់​មាន​កំហុស ក្នុង​ចុះផ្សាយ​ព័ត៌​មានរបស់​ខ្លូន ទោះជាយ៉ាងណា​សម្តេចបាន​បញ្ជាក់​ថា ចំពោះការ​លើក​ឡើង ថាមាន​ការបំបែកបំបាក់​ឯកឧត្តម សម រង្ស៊ី និងឯកឧត្តម កឹម សុខា នោះគឺវាមិន​អាស្រ័យ​លើអ្នកបំបែក​បំបាក់​ទេ វាអាស្រ័យ​ដោយផ្ទាល់​លើសាមី​ខ្លូន ថាចង់បែក​បាក់គ្នា​រឺអត់? សម្តេចបាន​លើកឧទាហរណ៍​ថា ដូចប្តី​ប្រពន្ធ​ចឹង ទោះបីឪពុកម្តាយ​ចង់បំបែក​បំបាក់​ក៏មិន​បែកដែរ បើកូននោះ​មិនព្រម​បែក​ខ្លូនឯង​នោះ៕

អត្ថបទ៖ ច័ន្ទ ទេវី