Thursday, February 07, 2019

កម្ពុជាមានសន្តិភាព គឺបងប្អូនប្រជាពលរដ្ឋខ្មែរមានឱកាសធ្វើដំណើរកំសាន្តសប្បាយគ្រប់ទីកន្លែងទាំងក្នុង និងក្រៅប្រទេស

នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាសព្វថ្ងៃមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ប្រជាពលរដ្ឋខ្មែរមានជីវភាពកាន់តែល្អប្រសើរឡើង មានមធ្យោបាយធ្វើដំណើរគ្រប់ជម្រើស ហើយផ្លូវធ្វើដំណើរកាន់តែងាយស្រួលដែលផ្តល់ឱកាសឱ្យពលរដ្ឋបានធ្វើដំណើរទេសចរណ៍កម្សាន្តទៅគ្រប់ទីកន្លែងដោយគ្មានការភ័យព្រួយ។ លោកបានបន្តថា ដោយសារកត្តាសុខសន្តិភាពទើបធ្វើឱ្យកម្ពុជាមានឱកាសធ្វើដំណើរកំសាន្តយ៉ាងសប្បាយរីករាយគ្រប់ទីកន្លែងទាំងក្នុងនិងក្រៅប្រទេស។
លោកនាយកដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា «នៅក្នុងថ្ងៃចូលឆ្នាំចិន យើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋ និងទេសចរចេញទៅកំសាន្តនៅតាមរមណីយដ្ឋានជាច្រើន ជាពិសេសនៅតំបន់សមុទ្រ។ ក្នុងរាជធានីភ្នំពេញប៉ុន្មានថ្ងៃនេះ ចរាចរណ៍ក៏មិនសូវស្ទះ គឺដោយសារបងប្អូនចេញទៅជួបជុំក្រុមគ្រួសារ និងកំសាន្តសប្បាយនៅតាមបណ្តាខេត្ត និងចេញក្រៅប្រទេស។សព្វថ្ងៃនេះ មធ្យោបាយធ្វើដំណើរមានគ្រប់ជម្រើស ហើយផ្លូវធ្វើដំណើរក៏កាន់តែងាយស្រួល រីឯសុវត្ថិភាព សន្តិសុខគឺធានាបានល្អនៅគ្រប់ទីកន្លែង ដែលកាន់តែផ្តល់ឱកាសអោយពលរដ្ឋ និងទេសចរទៅកំសាន្តសប្បាយដោយគ្មានការភ័យព្រួយ។ មានសន្តិភាព គឺមានឱកាសធ្វើដំណើរកំសាន្តសប្បាយគ្រប់ទីកន្លែង ទាំងក្នុង និងក្រៅប្រទេស»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋយើងបើកបរគោរពច្បាប់ចរាចរណ៍ និងយោគយល់ខ្ពស់ដល់គ្នាទៅវិញទៅមក។ កុំបើកវ៉ាប្រជែងគ្នានៅលើស្ពាន ឬលើផ្លូវកោងតូចចង្អៀត ឬមានឡានសណ្តោងធំៗ ចៀសវាងគ្រោះថ្នាក់ដោយចៃដន្យណាមួយ ដែលធ្វើឱ្យយើងសោកស្តាយអស់មួយជីវិតជាពិសេសនៅក្នុងថ្ងៃបុណ្យចូលឆ្នាំចិននេះ។ លោកក៏បានជូនពរដល់បងប្អូនប្រជាជនកម្ពុជាជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕











រោងចក្រថ្មី មានទុនជាង៣០លានដុល្លារ ចំនួន៤ទៀត ត្រូវបានរាជរដ្ឋាភិបាលអនុម័តឲ្យបើកដំណើរការ

រោងចក្រ៤ថ្មីទៀតហើយ ក្រោមទុនវិនិយោគជាង៣៤.០៣លានដុល្លារអាមេរិក ដោយបង្កើតការងារ ដល់ប្រជាពលរដ្ឋចំនួន១,៦៥៤កន្លែង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុម័តឲ្យបើកដំណើរការ។
យោងតាម Facebook របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានផ្សាយថា ខ្លួនបានសម្រេចចេញ «វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ» ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១- «FASHION HOUSEWARE (CAMBODIA) CO.,LTD»: គម្រោងបង្កើតរោងចក្រផលិតសម្ភារៈក្នុងផ្ទះ គ្រឿងតុបតែងក្នុងពិធីបុណ្យណូអែល សម្ភារៈសម្រាប់ម៉ាស៊ីនដេរ និងសម្ភារៈផ្សេងៗទៀត មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៦៤កន្លែង។
២- «TUBAO (CAMBODIA) DECORATION MATERIAL CO.,LTD»: គម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ និងរក្តាបន្ទះ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១០០កន្លែង។
៣- «ZHONGQI LIHUI CABLE CO.,LTD»: គម្រោងបង្កើតរោងចក្រផលិតខ្សែភ្លើង និងខ្សែកាប មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសយូ ប៊ី អ៊ី ស្នួល ខេត្តក្រចេះ មានទុនវិនិយោគចំនួន ២០.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៣៩កន្លែង។
៤- «WINTIME (CAMBODIA) CO.,LTD»: គម្រោងបង្កើតរោងចក្រផលិតដើមណូអែល គ្រឿងលម្អ និងអំពូលភ្លើងលម្អគ្រប់ប្រភេទ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ២.៤៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៥១កន្លែង៕



ខេត្តស្វាយរៀង រៀបចំកម្មវិធីសម្អាតអនាម័យបរិស្ថានប្រចាំខែលើកទី២៩

ស្វាយរៀង៖ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ អនុវត្តតាមការណែនាំរបស់លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ក្នុងគោលបំណងជំរុញលើកទឹកចិត្ត និងចលនាបំផុសស្មារតី ឲ្យថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ-អង្គភាព មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមសម្អាតអនាម័យ បរិស្ថាន គោលដៅធ្វើឲ្យទីក្រុង និងទីប្រជុំជនកាន់តែមានសោភ័ណភាពស្រស់បំព្រងគ្មានសំរាមនៅតាមដងផ្លូវ តាមទីផ្សារ តាមទីប្រជុំជនតាមសួនច្បារ និងតាមទីសាធារណៈធានាសុខុមាលភាពរបស់ប្រជាពលរដ្ឋឲ្យបាន ល្អប្រសើរ ។ល។
ដើម្បីចូលរួមចំណែកជំរុញចលនាប្រឡងប្រណាំងទីក្រុងស្អាត ថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្ត សាលាក្រុងស្វាយរៀង និងមន្ទីរ-អង្គភាពនានាជុំវិញខេត្ត បានបន្តចុះធ្វើការសម្អាតបរិស្ថាន នៅតាមដងផ្លូវ សួនច្បារ និងជុំវិញផ្សារ ក្នុងក្រុងស្វាយរៀង ទៅតាមតម្រាយផ្លូវ និងទីតាំងដែលបានកំណត់ ។
ដោយឡែក មន្រ្តីរាជការសាលាខេត្តស្វាយរៀង ដឹកនាំដោយលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងលោក សុខ រស់ អភិបាលរងខេត្ត បានចូលរួមសម្អាតអនាម័យបរិស្ថាន នៅទីតាំងចាប់ពីខាងមុខ ការិយាល័យរដ្ឋសភាទៅដល់ខាង ក្រោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ៕



រដ្ឋមន្រ្តីក្រសួងអប់រំ ចុះត្រួតពិនិត្យសកម្មភាពបងៀនរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាជំនាន់ថ្មី នៅស្រុកស្វាយជ្រំ

ស្វាយរៀង៖ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀងតំណាងលោក ម៉ែន វិបុល អភិបាលខេត្តបានទទួលដំណើរទស្សនៈកិច្ច របស់លោក ហង់ ជួនណារុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំង លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង មកពិនិត្យសកម្មភាពបងៀន និងការសិក្សារបស់លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស នៅសាលាជំនាន់ថ្មី បឋមសិក្សាស្វាយព្រហូត អនុវិទ្យាល័យគោកព្រីង(នៅឃុំគោកព្រីង) និងសាលាមេត្រីបរិស្ថាន បឋមសិក្សាចារ អនុវិទ្យាល័យអង្គតាសូ (ឃុំអង្គតាសូ) ស្រុកស្វាយជ្រំ។
ការចុះត្រួតពិនិត្យសកម្មភាពនេះ មានការចូលពីថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត គណៈអភិបាលស្រុកស្វាយជ្រំ ការិយាល័យអប់រំស្រុក អង្គការChild Fun អង្គការKape លោកនាយក លោកស្រីនាយិកា លោកនាយករង លោកគ្រូ អ្នកគ្រូ ព្រមទាំងអ្នកពាក់ព័ន្ធលើការងារសាលាជំនាន់ថ្មីជាច្រើនរូបទៀត៕



កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ផ្តល់អំណោយជូនចាស់ជរា និងគ្រួសារមានជីវភាពខ្វះខាតនៅសាលាឃុំសង្កែ

ស្វាយរៀង៖ អំណោយមនុស្សធម៌ជាស្បៀង សម្ភារ និងថវិកាមួយចំនួន ត្រូវបានក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយ លោកស្រី ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា នាំយកទៅសួរសុខទុក្ខ និងចែកអំណោយ ជូនចាស់ជរា ៤ គ្រួសារ និងគ្រួសារមានជីវភាពខ្វះខាត ១០ គ្រួសារ សរុប ១៤ គ្រួសារ មកពី ៣ ឃុំក្នុងស្រុក រំដួល គឺ ឃុំបុសមន ៤ គ្រួសារ ពងទឹក ៤ គ្រួសារ និងឃុំសង្កែ ៦ គ្រួសារ ដែលពិធីនេះបា្ររព្ធធ្វើ នៅថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅសាលាឃុំសង្កែ ។
ក្នុងពិធីនោះលោកស្រី ពៅ សុភាព តំណាងលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ហើយជានិច្ចជាកាល តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ។
លោកស្រីបានបញ្ជាក់បន្ថែមដល់អ្នកទទួលអំណោយទាំង ១៤ គ្រួសារ ដោយសង្ខេបអំពីសកម្មភាពនានារបស់កាកបាទក្រហមកម្ពុជា នៅថ្នាក់សាខា និងអនុសាខា បានយកចិត្តទុកដាក់ និងដោះស្រាយបន្ទាន់ដល់គ្រួសារដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ដូចជា ខ្យល់កន្ត្រាក់ រន្ទះបាញ់ គ្រោះថ្នាក់ចរាចរណ៍ជាដើម ធ្វើឲ្យប្រជាពលរដ្ឋដែលរងគ្រោះបានធូស្រាលមួយចំណែក ហើយពេលនេះសាខាបានគិតគូដល់លោកយាយ លោកតា ចាស់ជរាដែលគ្មានទីពឹង អ្នករស់នៅជាមួយមេរោគអេដស៍ ជនពិការ កុមារកំព្រា ព្រោះមិនមែនតែស្រុករំដួលមួយទេដែលសាខាត្រូវដោះស្រាយ គឺត្រូវដោះស្រាយដល់ស្រុកផ្សេងទៀតតាមលទ្ធភាពដែលសាខាមាន ។
អំណោយបានចែកជូនទាំង ១៤ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គីឡូក្រាម មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា ៥០,០០០ រៀល ។ ក្នុងពិធីនោះដែរក៏មានសប្បុរសជនបានឧបត្ថម្ភថវិកាមួយចំនួនដល់អនុសាខាស្រុក ដើម្បីចូលរួមចំណែកនូវសកម្មភាពមនុស្សធម៌នៅក្នុងស្រុក៕




ខេត្តកំពង់ឆ្នាំង រៀបចំពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីជំនាញស្វែងរកការគាំទ្រមតិលើបញ្ហាយេនឌ័រ និងពិការភាព

កំពង់ឆ្នាំង៖ ក្រុមការងារសកម្មភាពជនពិការក្រសួងកិច្ចការនារី នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី ជំនាញស្វែងរកការគាំទ្រមតិលើបញ្ហាយេនឌ័រ និងពិការភាព ក្រោមអធិបតីភាពលោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងលោកស្រី ប៉ាល់ យឿន អភិបាលរងខេត្តកំពង់ឆ្នាំង និងសិក្ខាកាមចូលរួមមកពីរាជធានី ខេត្ត ចំនួន៨។
គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បីលើកកម្ពស់ សមត្ថភាព មន្រ្តីពិការភាព ជាពិសេសផ្តោតលើស្រ្តី នៃក្រសួងកិច្ចការនារី និងក្រសួងស្ថាប័នពាក់ព័ន្ធ អំពីជំនាញស្វែងរកការគាំទ្រមតិ លើបញ្ហាយេនឌ័រ និងពិការភាព។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩។
នៅក្នុងពិធីនោះ ក៏មានការចូលរួមពីលោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពក្នុងខេត្ត លោក លោកស្រីជាជនបង្គោល ក្រុង/ស្រុក ចូលរួមផងដែរ ៕




សា​លា​ខេត្ត​ស្វាយរៀងរៀប​ចំ​កិច្ច​ប្រជុំ​ពង្រឹង​ការ​ងារ​ផ្តល់​សេវា​នៅ​​អង្គ​​ភាព​​ច្រក​ចេញ​ចូល​​តែ​មួយ​

ស្វាយរៀង៖ នៅ​ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩​ លោក រស់ ផារិទ្ធ អភិបាល​រង​ខេត្ត​ស្វាយរៀង តំណាង​ឱ្យ​ លោក ម៉ែន វិបុល អភិបាល​ខេត្ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង កិច្ច​ប្រជុំ​ពង្រឹង​ការ​ងារ​ផ្តល់​សេវា​នៅ​​អង្គ​​ភាព​​ច្រក​ចេញ​ចូល​​តែ​មួយ​សា​លា​ខេត្ត​ស្វាយរៀង។ ក្នុង​កិច្ច​ប្រជុំ​នេះ ក៏​មាន​អញ្ជើញ​ចូល​រួមពី​ ​ លោក​នា​យក​រង​រដ្ឋ​បាល​សា​លា​ខេត្ត លោក លោក​ស្រី តំណាង​មន្ទីរ​-​អង្គ​ភាព​ពាក់​ព័ន្ធ និង​តំណាង​ទី​ចាត់​ការ​ហិរញ្ញ​វត្ថុ​សា​លា​ខេត្ត។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនោះ លោក​អភិបាលរងខេត្ត បាន​ផ្តាំ​ផ្ញើ​ដល់​អង្គ​ភាព​ពាក់​ព័ន្ធ​ទាំង​អស់ នៃ​អង្គ​ភាព​ច្រក​ចេញ​ចូល​តែ​មួយ​សា​លា​ខេត្ត ​ត្រូវ​ពង្រឹង​ការ​អនុ​វត្ត​ការ​ងារ​ផ្តល់​សេវា​ឱ្យ​បាន​ល្អ​ប្រសើរ ដើម្បី​លើក​កម្ពស់ គុណ​ភាព ប្រសិទ្ធ​ភាព ប្រសិទ្ធ​ផល តម្លា​ភាព និង​គណ​នេយ្យ​ភាពនៃ​ការ​ផ្តល់​សេវា ​នៅ​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​តាម​រយៈ​ការ​ប្រមូល​ផ្តុំ ការ​ផ្តល់​សេវា​រដ្ឋ​បាល​លើ​វិស័យ​នា​នា​ នៅ​កន្លែង​តែ​មួយ ដែលបង្ក​លក្ខណៈ​ងាយ​ស្រួល និង​ឆ្លើយ​តប​ទាន់​ពេល​វេលា​ទៅ​នឹង តម្រូវ​ការ​របស់​ប្រជា​ពល​រដ្ឋ។
លោក​អភិបាលរងខេត្ត​បានបន្តថា ការផ្តល់សេវា​នេះ បាន​ចូលរួម​លើក​កម្ពស់​អភិបាល​កិច្ច​ល្អ​ក្នុង​ការ​​ផ្តល់​​សេវា និង​ការ​អភិវឌ្ឍ​​សេដ្ឋកិច្ច​​មូល​ដ្ឋាន​​នៅ​រដ្ឋ​បាល​​ថ្នាក់​ក្រោម​ជាតិ តាម​រយៈ​ការ​ពង្រឹង​តួ​នាទី ភារ​កិច្ច​​របស់​​រដ្ឋ​បាល​ថ្នាក់​​ក្រោម​​ជាតិ​ក្នុង​​ការ​ទទួល​នឹង​ការ​សម្រុះ សម្រួល​ដោះ​ស្រាយ​បណ្តឹង​នៅ​ក្រៅ​​ប្រព័ន្ធ​​តុលា​​ការ​​ដែល​ពាក់​​ព័ន្ធ​ទៅ​នឹង​ការ​ផ្តល់​សេវា​សាធារណៈ និង​ការ​គ្រប់​គ្រង​រដ្ឋ​បាល​នៅ​​ថ្នាក់​​ក្រោម​​ជាតិ​​ប្រកប​​ដោយ​តម្លាភាព គណ​នេយ្យ​ភាព និង​ប្រសិទ្ធ​ភាព  ទាន់​ពេល​វេលា សំ​ដៅ​​បង្កើន​​ជំ​នឿ​​ទុក​​ចិត្ត​របស់​​ប្រជា​ពល​​រដ្ឋ​​ដែល​​មក​​ទទួល​​សេវា៕



អ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រកាសគាំទ្រប្រសាសន៍ប្តេជ្ញាចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីថ្លែងការណ៍បង្ហាញនូវមោទនភាពនិងសេចក្តីគោរពបំផុតក្នុងកិច្ចប្តេជ្ញាចិត្តរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានលើកឡើងថា «នៅក្រោមការដឹកនាំរបស់ខ្ញុំ គឺដាច់ខាតមិនឱ្យកម្ពុជាវិលទៅរកសង្រ្គាមវិនាសកម្មសារជាថ្មីឡើយ ទោះបីក្នុងរូបភាពណាក៏ដោយ»។
សេចក្តីថ្លែងការណ៍នេះដែរ បានបញ្ជាក់ថា ប្រសាសន៍របស់លោក ហ៊ុន សែន គឺជាឧត្តមគតិជាតិពិត និងសេចក្តីចង់បានបំផុតរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា។
សូមអានសេចក្តីថ្លែងការណ៍របស់ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាខាងក្រោម៖

ខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំអនុវត្តផែនការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍតំបន់មាត់ទន្លេ

កំពង់ឆ្នាំង៖ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំក្រុមការងារទទួលបន្ទុក ចាត់តាំងអនុវត្ត ផែនការរៀបចំសណ្តាប់ធ្នាប់សាធារណៈ សោភ័ណភាព និងការអភិវឌ្ឍតំបន់មាត់ទន្លេ នៃក្រុងកំពង់ឆ្នាំង បន្តអនុវត្តផែនការ ៥ឆ្នាំ (២០១៥ ដល់ ២០១៩) អោយសម្រេចបានជោគជ័យ ការផ្សព្វផ្សាយអនុក្រឹត្យលេខ៩៨ និងពិនិត្យលើករណីប្រជាពលរដ្ឋកំពុងធ្វើផ្ទះ និង កញ្ចុះ ខ្ទម មិនស្របច្បាប់ នៅទំនប់ទួលអំពិលសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
កិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក ស៊ុន សុវណា្ណរិទ្ធ អភិបាលរងខេត្ត លោក លោកស្រីសមាជិកសមាជិកាក្រុមការងាររបស់ខេត្តចូលរួមផងដែរ ៕



កិច្ចប្រជុំ​សាមញ្ញ​លើកទី៥៥​ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី​ និងកុមារ ខេត្តសៀមរាប​

សៀមរាប៖ នៅ​ថ្ងៃទី​០៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ នៅបន្ទប់ប្រជុំលេខ​ ១​ សាលា​ខេត្ត​សៀមរាប​ បាន​បើក​កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី​៥៥​ របស់​គណៈ​កម្មា​ធិការ​ពិគ្រោះ​យោបល់​កិច្ច​ការ​ស្ដ្រី​ និង​កុមារ (គ.ក.ស.ក)​ ខេត្ត​សៀមរាប​ ដែល​ដឹក​នាំ​ដោយ លោកស្រី​ ស៊ិន​ ណម​ សមាជិកា​ក្រុម​ប្រឹក្សា​ខេត្ត​ និង​ជា​ប្រធាន​​ (គ.ក.ស.ក)​ ​ខេត្ត​ និង​លោក​ស្រី យូ​ សុភា​ អភិបាលរង​ នៃ​គណៈ​អភិបាល​ខេត្ត​សៀមរាប​ និង​ជា​តំណាង​របស់​​ ទៀ​ សីហា​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​សៀមរាប​ លោក​ លោកស្រី​ សមាជិក​ សមាជិកា​ ក្រុម​ប្រឹក្សា​ខេត្ត​ នា​យក​រង​រដ្ឋ​បាល​ខេត្ត​ លោក​ លោក​ស្រី​​នា​យក​ នា​យក​រងទី​ចាត់​ការ​​ចំណុះ​រដ្ឋ​បាល​ខេត្ត​សៀមរាប​ លោក​ លោកស្រី​ ប្រធាន​ អនុ​ប្រធាន​ មន្ទីរ​-អង្គភាព​ លោក​ លោកស្រី​ អភិបាល​ អភិបាលរង​​ក្រុង​​-​ស្រុក​ លោកស្រី​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​អ្នកពាក់ព័ន្ធដ៏ទៃទៀត​ សរុប​មានចំនួន​ ២២នាក់​ ស្រី​១៤នាក់។
កិច្ចប្រជុំ​នេះផ្ដោតលើរបៀបវារៈមួយ​ចំនួន​ដូច​ខាង​ក្រោម​​៖​
១. ​ពិនិត្យ​ និង​អនុម័ត​លើ​សេចក្ដី​ព្រាង​កំណត់​ហេតុ​ប្រជុំ​សាមញ្ញ​លើក​ទី​​៥៤​ អាណត្តិ​​ទី​​២​ កាល​ពី​ថ្ងៃ​ទី​​០៣​ ខែ​មករា​ ឆ្នាំ​​២០១៩​។
២. របាយ​ការណ៍​​លទ្ធផល​​របស់​ គ.ក.ស.ក​ ខេត្ត​​ប្រចាំ​​ខែ​​មករា​ ឆ្នាំ​​២០១៩។
៣. ​របាយ​ការណ៍​​ស្ថាន​ភាព​​ស្ត្រី​ យុវវ័យ​ កុមារ​ និង​ជន​ងា​យ​រង​គ្រោះ​ តាម​វិស័យ​ពាក់​ព័ន្ធ​ មាន​ដូច​ជា​ វិស័យ​​អប់រំ​ សុខ​ភាព​ អនា​ម័យ​ សន្តិ​សុខ​​ស្បៀង​ សង្គម​កិច្ច​ ពល​កម្ម​​កុមារ​ សម​ភាព​យេនឌ័រ​ និង​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​ប្រចាំ​ខែ​មករា​ ឆ្នាំ​​២០១៩​ និង​ពិភាក្សា​លើ​បញ្ហា​ពាក់​ព័ន្ធ​ផ្សេង​ៗ​៕




ទស្សនៈមិន្តអ្នកអាន ៖ ទណ្ឌិត សម រង្ស៊ី យកអធិបតេយ្យជាតិដាក់លក់

ទីបំផុត ទណ្ឌិត សម រង្ស៊ី បានយកអធិបតេយ្យជាតិដាក់លក់ឱ្យបរទេស ដើម្បីចង់បានការផ្លាស់ប្តូរ អំណាចតាម គំរូដូចនៅប្រទេសវ៉េណេស៊ុយអេឡា ដែលជាទង្វើក្បត់ជាតិ ក្បត់នឹងរដ្ឋធម្មនុញ្ញ។ ទណ្ឌិត សម រង្ស៊ី​​ បានស្រែក បន្ទរតាមបរទេសមួយចំនួន ដែលតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ ដោយបានលើកករណីលោក កឹម សុខា ថា ត្រូវតែដោះស្រាយជាបន្ទាន់។
ទណ្ឌិត សម រង្ស៊ី គួរបានយល់ដឹងថា ប្រទេសរបស់ខ្លួនជារដ្ឋអធិបតេយ្យដែលក្នុងគោលការណ៍ នៃច្បាប់ អន្តរជាតិ ពិសេសក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ដើម្បីរក្សាការពារសណ្តាប់ធ្នាប់ពិភពលោក (the World Order) គឺអធិបតេយ្យជាតិនៃរដ្ឋនីមួយៗ គួរត្រូវទទួលបានការគោរពទៅវិញទៅមក។
ជាការពិតករណីរបស់លោក កឹម សុខា ជាការពិតមិនឋិតនៅក្នុងដែនអំណាចរបស់រាជរដ្ឋាភិបាលកម្ពុជា​នោះទេ តែវាជាករណីដែលកំពុងឋិតនៅក្នុងនីតិវិធីរបស់តុលាការកម្ពុជា ដែលមានសិទ្ធិអំណាចនឹងសម្រេចមានទោស ឬគ្មានទោស ក្នុងអំណាចសាលក្រមមួយ ក្នុងដែនយុត្តាធិការរបស់ខ្លួនយ៉ាងប្រាកដ។ ហើយការលើក លែង ទោសណាមួយ នឹងអាចកើតឡើងទៅបាន​នោះ គឺជាសិទ្ធិអំណាចរបស់អំណាចនីតិប្រតិបត្តិ ដែលមានលោក ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល។ ជាការពិតនេះ វាជាក្រិត្យក្រមតាមអំណាចផ្លូវច្បាប់របស់ប្រទេសកម្ពុជា   ដែលមានរដ្ឋធម្មនុញ្ញជាច្បាប់កំពូល។
ក្នុងករណីនេះ រាជរដ្ឋាភិបាលកម្ពុជាមិនអាចលូកដៃជ្រៀតជ្រែកចូលកិច្ចការរបស់តុលាការកម្ពុជាបាននោះទេ បើពុំនោះ វានឹងង្វើផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងជាការរំលោភទាំងស្រុងទៅ នឹងអំណាចរបស់តុលាការដែលជា ស្ថាប័នឯករាជ្យ។
ការណ៍ចាប់បង្ខំឱ្យរដ្ឋាភិបាលកម្ពុជាត្រូវធ្វើនេះ ធ្វើនោះ ពិសេសការប្រើប្រាស់ឥទ្ធិពលបរទេស ដើម្បីដាក់សម្ពាធ លើរាជរដ្ឋាភិបាលឱ្យទម្លាក់ចោលការចោទប្រកាន់ប្រឆាំងលោក កឹម សុខា នោះ គឺជាការបង្ខំឱ្យរដ្ឋាភិបាល កម្ពុជា រំលោភអំណាចរបស់តុលាការ ពិសេស សំណើបែបនេះ ពិតជាការរំលោភទាំងស្រុងទៅ នឹងអធិបតេយ្យជាតិរបស់កម្ពុជា។
ជាការពិត អធិបតេយ្យជាតិកម្ពុជាមិនគួរត្រូវបានទណ្ឌិត សម រង្ស៊ី យកទៅដាក់លក់ ក្នុងចេតនាទុច្ចរិតចង់បាន ការផ្លាស់ប្តូរអំណាចតាមគំរូបប្រទេសវ៉េណេស៊ុយអេឡានោះទេ។ ការជ្រៀតជ្រែកពីបរទេសចូលលូកលាន់ កិច្ចការផ្ទៃក្នុងកម្ពុជាគឺស្មើនឹងអំពើឈ្លានពានឯករាជ្យ និងអធិបតេយ្យជាតិកម្ពុជាទាំងស្រុង។ ដូច្នេះករណី របស់លោក កឹម សុខា គឺ រដ្ឋាភិបាលកម្ពុជាមិនអាចរំលោភលើអំណាចតុលាការ ដែលជាស្ថាប័នឯករាជ្យ របស់ប្រទេស បានឡើយ។ បើពុំនោះទេ ប្រទេសកម្ពុជានឹងបង្កើតឱ្យមានវប្បធម៌និទណ្ឌភាព ដែលនឹង ជំរុញឱ្យប្រទេសកម្ពុជាធ្លាក់ចូលទៅក្នុងប្រទេសគ្មាននីតិរដ្ឋ ហើយប្រជាធិបតេយ្យនឹងក្លាយទៅជា ប្រជាធិបតេយ្យបែបអាណាធិបតេយ្យដែលមិនអាចគ្រប់គ្រងរដ្ឋ ៕
ដោយ ឡុង បូរិតា



យុវជនបន្សាបគ្រឿងញៀនត្រូវមានឆន្ទះ តាំងចិត្ត អប់រំ កែប្រែឲ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អ

ព្រះសីហនុ៖ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក យន្ត មីន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយយុវជនបន្សាបគ្រឿងញៀននៅមណ្ឌលបន្សាបគ្រឿងញៀនអាវុធហត្ថក្រុង ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ។
លោក ពេជ្រ សារិន មេបញ្ជាការស្តីទីនៃកងរាជអាវុធ ហត្ថក្រុងព្រះសីហនុ បានឱ្យដឹងថា មណ្ឌលបន្សាប គ្រឿងញៀនក្រុងព្រះសីហនុ បានដាក់ឲ្យដំណើរការនៅឆ្នាំ២០០៨ ក្រោមការផ្តួចផ្តើមរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ មជ្ឈមណ្ឌលបានទទួលអប់រំអ្នកញៀនគ្រឿងញៀនសរុបចំនួន ៧០៥នាក់ បានជាសះស្បើយត្រឡប់ទៅលំនៅ ដ្ឋានវិញចំនួន ៦៣៣នាក់ បច្ចុប្បន្នកំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលបន្សាបគ្រឿង ញៀនចំនួន ៧៣នាក់ ។ យុវជនបន្សាបគ្រឿងញៀននៃកងរាជអាវុធហត្ថក្រុងព្រះសីហនុ មកពីរាជធានីភ្នំពេញ កំពង់ចាម ក្រចេះ កណ្ដាល កំពង់ស្ពឺ កំពត កោះកុង កែប និងខេត្តព្រះសីហនុ ។
លោក យន្ត មីន អភិបាល ខេត្តព្រះសីហនុ មានប្រសាសន៍ សំណេះសំណាលជាមួយយុវជនបន្សាប គ្រឿងញៀនថា ប្អូនជាយុវជន ត្រូវពង្រឹងឆន្ទៈប្រឆាំងនឹងគ្រឿងញៀន ចៀសឱ្យឆ្ងាយពីគ្រឿងញៀន ។ ដោយសារការធ្វេសប្រហែសបណ្តាលឱ្យក្មួយៗធ្លាក់ខ្លូន ដូច្នេះការចូលមកបន្សាបគ្រឿងញៀនត្រូវមានឆន្ទៈ តាំងចិត្ត អប់រំ កែប្រែខ្លួន ឱ្យក្លាយខ្លួនជាមនុស្សល្អ ពលរដ្ឋល្អ ប្រសិនបើយើងតាំងចិត្តបាន យើងនឹងអាចផ្តាច់ គ្រឿងញៀន ហើយពេលវេលានេះ ក៏មិនទាន់ហួសពេលទេ ដែលក្មួយត្រូវតែកែប្រែខ្លួនឯង ។
លោក សង្ឃឹមថា តាមរយៈនៃការបន្សាបគ្រឿងញៀន ក្មួយអាចវិលត្រឡប់ទៅរស់នៅជាមួយក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិវិញ និងក្លាយខ្លួនជាពលរដ្ឋល្អ ជាទំពាំងស្នងឬស្សីនាពេលខាងមុខ ។
ក្នុងឱកាសនោះ លោក ក៏បានជួយឧបត្ថម្ភអង្ករ ១តោន មី ទឹកត្រី និងថវិកា ២លានរៀល សម្រាប់មណ្ឌល បន្សាបគ្រឿងញៀន និងឧបត្ថម្ភថវិកា ដល់យុវជនបន្សាបគ្រឿងញៀន ៧៣នាក់ ក្នុងម្នាក់ ២០.០០០ រៀលផងដែរ ៕




កិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបរិស្ថានអនាម័យនៅបរិវេណផ្សាររាត្រីអង្គរឃ្យូងយូ

សៀមរាប៖ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបរិស្ថានអនា​ម័យ នៅបរិវេណផ្សាររាត្រីអង្គរឃ្យូងយូ (វិថីសម្តេចបញ្ញា សុខ អាន) ស្ថិតនៅភូមិ​បឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
កិច្ចប្រជុំនេះបានប្រព្រឹត្តនៅសាលាខេត្តសៀមរាប ហើយក៏មានការអញ្ជើញចូលរួមពី លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ លោក​ចៅសង្កាត់ស្លក្រាម និងមេប៉ុស្ត៍ស្លក្រាម។
ជាមួយគ្នានេះដែរ លោក អភិបាលរងខេត្តក៏បានជំរុញដល់ក្រុមការងារបន្តអនុវត្តក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈអោយមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ដើម្បីបញ្ចៀសការកក់ស្ទះ។ លោក ក៏បានណែនាំបន្ថែមដល់អ្នកគ្រប់តំបន់នោះ ដោយអប់រំផ្សព្វផ្សាយដល់អាជីវករត្រូវថែរក្សាអនាម័យបរិស្ថាននៅតាមកន្លែងលក់នីមួយៗ (កន្លែងលក់ផ្ទាល់ខ្លួន) ជាប្រចាំ។
ម្យ៉ាងវិញទៀត ចំពោះសំណង់តូបដែលសាងសង់នៅតាមបណ្តោយផ្លូវសម្តេចវិបុលបញ្ញា សុខ អាន ត្រូវធ្វើរុះរើវិញតាមការកំណត់របស់អាជ្ញាធរខេត្តដោយមិនអនុញ្ញាតទុកធ្វើអោយបាត់បង់សោភ័ណភាពក្រុងឡើយ៕