Thursday, February 07, 2019

យុវជនបន្សាបគ្រឿងញៀនត្រូវមានឆន្ទះ តាំងចិត្ត អប់រំ កែប្រែឲ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អ

ព្រះសីហនុ៖ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លោក យន្ត មីន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយយុវជនបន្សាបគ្រឿងញៀននៅមណ្ឌលបន្សាបគ្រឿងញៀនអាវុធហត្ថក្រុង ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ។
លោក ពេជ្រ សារិន មេបញ្ជាការស្តីទីនៃកងរាជអាវុធ ហត្ថក្រុងព្រះសីហនុ បានឱ្យដឹងថា មណ្ឌលបន្សាប គ្រឿងញៀនក្រុងព្រះសីហនុ បានដាក់ឲ្យដំណើរការនៅឆ្នាំ២០០៨ ក្រោមការផ្តួចផ្តើមរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ មជ្ឈមណ្ឌលបានទទួលអប់រំអ្នកញៀនគ្រឿងញៀនសរុបចំនួន ៧០៥នាក់ បានជាសះស្បើយត្រឡប់ទៅលំនៅ ដ្ឋានវិញចំនួន ៦៣៣នាក់ បច្ចុប្បន្នកំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលបន្សាបគ្រឿង ញៀនចំនួន ៧៣នាក់ ។ យុវជនបន្សាបគ្រឿងញៀននៃកងរាជអាវុធហត្ថក្រុងព្រះសីហនុ មកពីរាជធានីភ្នំពេញ កំពង់ចាម ក្រចេះ កណ្ដាល កំពង់ស្ពឺ កំពត កោះកុង កែប និងខេត្តព្រះសីហនុ ។
លោក យន្ត មីន អភិបាល ខេត្តព្រះសីហនុ មានប្រសាសន៍ សំណេះសំណាលជាមួយយុវជនបន្សាប គ្រឿងញៀនថា ប្អូនជាយុវជន ត្រូវពង្រឹងឆន្ទៈប្រឆាំងនឹងគ្រឿងញៀន ចៀសឱ្យឆ្ងាយពីគ្រឿងញៀន ។ ដោយសារការធ្វេសប្រហែសបណ្តាលឱ្យក្មួយៗធ្លាក់ខ្លូន ដូច្នេះការចូលមកបន្សាបគ្រឿងញៀនត្រូវមានឆន្ទៈ តាំងចិត្ត អប់រំ កែប្រែខ្លួន ឱ្យក្លាយខ្លួនជាមនុស្សល្អ ពលរដ្ឋល្អ ប្រសិនបើយើងតាំងចិត្តបាន យើងនឹងអាចផ្តាច់ គ្រឿងញៀន ហើយពេលវេលានេះ ក៏មិនទាន់ហួសពេលទេ ដែលក្មួយត្រូវតែកែប្រែខ្លួនឯង ។
លោក សង្ឃឹមថា តាមរយៈនៃការបន្សាបគ្រឿងញៀន ក្មួយអាចវិលត្រឡប់ទៅរស់នៅជាមួយក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិវិញ និងក្លាយខ្លួនជាពលរដ្ឋល្អ ជាទំពាំងស្នងឬស្សីនាពេលខាងមុខ ។
ក្នុងឱកាសនោះ លោក ក៏បានជួយឧបត្ថម្ភអង្ករ ១តោន មី ទឹកត្រី និងថវិកា ២លានរៀល សម្រាប់មណ្ឌល បន្សាបគ្រឿងញៀន និងឧបត្ថម្ភថវិកា ដល់យុវជនបន្សាបគ្រឿងញៀន ៧៣នាក់ ក្នុងម្នាក់ ២០.០០០ រៀលផងដែរ ៕




No comments:

Post a Comment