Wednesday, May 03, 2017

ក្រសួង​​ឧស្សាហកម្ម រៀបចំ​កិច្ចប្រជុំ ដើម្បី​ពិភា​ក្សាលើការងារ​លក់​ថ្លៃទឹកស្អាត​​តាមកំរិត​​ប្រើប្រាស់​​

លោក ចម ប្រសិទ្ធ​ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានណែនាំឲ្យមានរៀបចំកិច្ចប្រជុំ ដើម្បីពិភាក្សាលើការងារលក់ថ្លៃទឹកស្អាតតាមកំរិតប្រើប្រាស់ ដែលរៀបចំដោយអគ្គនាយកដ្ឋានទឹកស្អាត នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ២០១៧នេះ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីអង្គភាពរដ្ឋាករទឹករដ្ឋ និងឯកជនមកពីបណ្តារាជធានី ខេត្ត និងតំណាងសមាគមផលិតទឹកស្អាតនៅកម្ពុជាផងដែរ ។
នាឱកាសនោះផងដែរថា លោក ប្រាក់ ប្រាកដ អគ្គនាយក នៃអគ្គនាយកដ្ឋានទឹកស្អាត នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ លោក ចម ប្រសិទ្ធ លើការងារវិស័យទឹកស្អាតនេះ ដើម្បីសម្រេចបានតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងស្របតាមគោលដៅអភិវឌ្ឍសហសវត្សរ៍ប្រកបដោយចិរភាព ពិសេសអនុវត្តតាមគោលនយោបាយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តោតលើការផ្គត់ផ្គង់ទឹកស្អាតជូនដល់ប្រជាពលរដ្ឋឲ្យបានគ្រប់ទីប្រជុំជន នៅ ឆ្នាំ២០១៨ ដោយឈរលើបុរេលក្ខខណ្ឌ ០៤ យ៉ាង គឺទឹកមានគុណភាព សុវត្ថិភាពនិរន្តរ ភាព  និងតម្លៃថោកសមរម្យ ។
ជាក់ស្តែង ក្រោមការដឹកនាំរបស់លោកទេសរដ្ឋមន្ត្រី រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីប្រជុំជន ខេត្ត ស្រុក និងរហូតដល់ទីជនបទមួយចំនួន គឺមានប្រព័ន្ធទឹកស្អាត បានទៅដល់ហើយ ។ លោក ប្រាក់ ប្រាកដ បានបញ្ជាក់ថា ការកែសម្រួលលក់ថ្លៃទឹកតាមដំណាក់ រឺតាមកំរិតប្រើប្រាស់ មិនមានផលប៉ះពាល់ដល់ប្រាក់ ចំណេញ នៃប្រតិបត្តិករទឹកស្អាតនីមួយៗទេ ។ លោកបានផ្តល់គំនិតខ្លះ ទាក់ទងនិងការ ប្រមូលប្រភពចំណូល ក្រៅពីការលក់ទឹក ដើម្បីរក្សាសុខភាពហិរញ្ញវត្ថុរបស់អង្គភាព នីមួយៗទាំងរដ្ឋ និងឯកជន ដូចជា៖  ថ្លៃភ្ជាប់បណ្តាញ កាត់បន្ថយអត្រាទឹកបាត់បង់ សេវាថែទាំនាឡិការ ការផាកពិន័យ ការទប់ស្កាត់ការលួចទឹក ការគ្រប់គ្រងធុនធានមនុស្ស និងការដាក់ប្រាក់ចំណេញនៅធនាគារជាដើម ។
លោក ចម ប្រសិទ្ធ បានចាត់ទុកថ្ងៃនេះ ជាថ្ងៃពិសេស ដើម្បីយើងជួបជុំគ្នា ពិភាក្សាឡើងវិញ ពីការកំណត់ថ្លៃទឹកតាមកំរិតប្រើប្រាស់ មានន័យថាៈបើប្រើចាប់ពី ០ម៉ែត្រត្រីគុណ ដល់ ០៣ ម៉ែត្រត្រីគុណ គិតតម្លៃផ្សេង បើលើសពីនេះនឹងគិតតម្លៃផ្សេងៗទៀត ។ ការគិតគូរបែបនេះ គឺដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រអាចទទួល បានបណ្តាញទឹកស្អាតប្រើប្រាស់ ដែលអាចបញ្ចៀសបានពីជំងឺឆ្លងផ្សេងៗ ។ លោក ក៏បានលើកឡើងពីការខិតខំរបស់ក្រសួង ។ ក្នុងនោះ លោក បានសម្រេចពន្យាអាជ្ញាប័ណ្ណពី០៣ ឆ្នាំ មក២០ ឆ្នាំ ដល់ប្រតិបត្តិករទឹកស្អាតឯកជន ដើម្បីឲ្យពួកគាត់មានពេលវេលាក្នុងការពង្រីកអាជីវកម្ម និងស្វែងរកប្រភពធនធានបន្ថែម ។ ដើម្បីឲ្យដំណើរការនេះ អនុវត្តទៅដោយភាពរលូន និងប្រសិទ្ធិភាព លោក ចម ប្រសិទ្ធ បានកំណត់គោលការណ៌ ចំនួន០៣ គឺ៖ ត្រូវអនុវត្តការកំណត់ថ្លៃទឹកតាមកំរិតប្រើប្រាស់ ត្រូវប្រើប្រាស់ប្រព័ន្ធគណនេយ្យតែមួយ និងប្រតិបត្តិករទឹកឯកជនត្រូវចូលជាសមាជិកសមាគមអ្នកផលិតទឹកស្អាតកម្ពុជា ពីព្រោះក្នុងចំណោម ១៨៩ ដែលក្រសួងបានចេញអាជ្ញាប័ណ្ណឲ្យ ទើបតែមាន ៩៩ ប៉ុណ្ណោះ បានចូលជាសមាជិកសមាគម ។ ទេសរដ្ឋមន្ត្រី បានណែនាំដល់សមាគមអ្នកផលិតទឹកស្អាតនៅកម្ពុជា ពិនិត្យ លទ្ធភាព បោះពុម្ពបន្ថែមនូវសៀវភៅចំណេះដឹងទូទៅអំពីការផលិតទឹកស្អាត និងការកណត់ថ្លៃទឹកស្អាត ដែលបោះពុម្ពដោយអគ្គនាយកដ្ឋានទឹកស្អាតក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ប្រតិបត្តិករទឹកស្អាតដ៏ទៃទៀត ក៏អាចបោះពុម្ពជាPoster កំរ៉ាស់០១ សន្លឹក ចែកជូនដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដែល ប្រើប្រព័ន្ធទឹកស្អាតរបស់ខ្លួន សិក្សាស្វែង យល់ពីការផលិតទឹកស្អាត ផលប្រយោជន៍ និងមូលហេតុដែលតម្លៃទឹកស្អាត មានថ្លៃខុសៗគ្នា ។ ជាពិសេសឲ្យពួកគាត់យល់ថា ទឹកមួយម៉ែត្រគូប ចំណុះដល់ទៅ ១ពាន់លីត្រតម្លៃ ចន្លោះ ពី ២ពាន់រៀល ទៅ ២៥០០ រៀល តើតម្លៃនេះ គាត់អាចជួលគេរែក រឺដឹកជញ្ជូនដល់ផ្ទះបានទេ នៅពេលតម្លៃទឹកខាងលើ បានតបណ្តាញដល់ផ្ទះ និងអាចត្រងផឹកបាន ។ ចំណុចនេះ ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់ច្បាស់ថា រាជរដ្ឋាភិ បាលមានចក្ខុវិស័យច្បាស់លាស់ ជាពិសេសគឺគោលនយោបាយរបស់ លោកនាយករដ្ឋមន្ត្រី ត្រង់ចំណុចទី៤ គឺតម្លៃទឹកថោកសមរម្យ ដែលបញ្ហានេះហើយ ក្រសួងមុនចេញអជ្ញាប័ណ្ណ ត្រូវពិភាក្សាគ្នាល្អិតល្អន់ គណនាថ្លៃដើម និងចុងក្រោយកំណត់ថ្លៃទឹក លក់ចេញ គឺអង្គភាព ឯកជនឲ្យទទួល ប្រាក់ចំណេញត្រឹម ១៥% និងរដ្ឋត្រឹម១០% ប៉ុណ្ណោះ ។ ធ្វើយ៉ាងនេះ ដើម្បីអាចឲ្យប្រតិបត្តិករអាចរស់បាន និងប្រជាពលរដ្ឋមានលទ្ធភាពតបណ្តាញទឹកប្រើប្រាស់ដល់លំនៅដ្ឋានរបស់ខ្លួន ។ ម៉្យាងតម្លៃទឹកពីតំបន់មួយ ពីខេត្តមួយមិនអាចមានតម្លៃដូចគ្នាទេ ពីព្រោះប្រភពទឹកខុសគ្នា ក្នុងទឹកមានជាតិពុល រឺមេរោគខុសគ្នា ហើយតម្លៃអគ្គិសនីក៏ខុសគ្នាដែរ ៕




ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ៖ គណបក្សប្រជាជន កំពុងបង្កើនសកម្មភាព យ៉ាងមមាញឹក ដើម្បីដណ្តើមយកប្រៀបឈ្នះ ការបោះឆ្នោតនាពេលខាងមុខ

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានលើកឡើងថា ប្រមាណមួយសប្តាហ៍ទៀតប៉ុណ្ណោះ យុទ្ធនាការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងចាប់ផ្តើមហើយពោល ដូច្នេះសូមបងប្អូននារីយើង ត្រូវត្រៀមលក្ខណៈដើម្បីចុះជួបបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីបន្តរក្សាសុខសន្តិភាពតាម គោលនយោបាយឈ្នះឈ្នះ របស់គណបក្សប្រជាកម្ពុជា ដែលមានលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាមេដឹកនាំដ៏ឈ្លាសវៃ។
លោកស្រី បានថ្លែងថា គ្រាដែលការបោះឆ្នោតកាន់តែខិតជិតមកដល់នេះ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច និងជាបក្សនយោបាយចាស់ទុំ មានរចនាសម្ព័ន្ធដឹកនាំ រឹងមាំជាងគេនៅកម្ពុជា បាននិងកំពុងបង្កើនសកម្មភាពយ៉ាងមមាញឹក ក្នុង ទិសដៅដណ្តើមយកប្រៀបឈ្នះសម្រាប់ការបោះឆ្នោត។
ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានលើកឡើង ខណៈលោកស្រីអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយបេក្ខភាពនារីឈរឈ្មោះឆ្នោត ក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៤ ដោយមាននារី៨០០រូប មកពី១០៥សង្កាត់ នៅរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧។
លោកស្រី ម៉ែន សំអន ក៏បានជំរាបដល់បេក្ខភាពនារី នាឱកាសនោះថា លោកស្រីរួមថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា បានចេញធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំនៅតាមមូលដ្ឋាន ក្រៅពីនោះកិច្ចសំណេះសំណាល ជាមួយសមាជិក សមាជិកា មកពីតាមក្រសួងស្ថាប័ន ព្រមទាំងមន្រ្តីតាមបណ្តាខេត្ត ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ផងដែរ។ កិច្ចសំណេះសំណាល ត្រូវបានគេដឹងថា ធ្វើឡើងដើម្បីបង្ហាញនូវការងារ សំខាន់ៗមួយចំនួន ដើម្បីត្រៀមលក្ខណៈសម្បត្តិ ឆ្ពោះទៅ រកការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ក៏ដូចជាការបោះឆ្នោតជ្រើសរើស តំណាងរាស្រ្តអាណត្តិទី៦ ឆ្នាំ២០១៨ ផងដែរ។
លោកស្រីបានក្រើនរំលឹកដល់បេក្ខភាពនារីដែលជាសមាជិក សមាជិកបក្ស ឱ្យប្រឹងប្រែងយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ជាពិសេស មិនត្រូវធ្វើរឿងនាំដល់ការថ្នាំងថ្នាក់ ពីប្រជាពលរដ្ឋនោះឡើយ ៕




បណ្តាប្រទេសសមាជិកអាស៊ានត្រូវបានគេទាញចូលនៅក្នុង​ក្រុមរបស់ចិន​ ខណៈដែលលោក​ Trump​ គិតពី​ផលប្រយោជន៍​អាមេរិក​មុនគេបង្អស់​

នៅ​ទូ​ទាំង​តំបន់​អា​ស៊ី មាន​ប្រ​ទេសកាន់​តែ​​​ច្រើនកំពុង​ត្រូវ​បាន​គេ​ទាញ​​ចូល​នៅ​ក្នុង​ក្រុម​របស់​ទី​ក្រុង​ប៉េ​កាំង​ ជា​មួយ​នឹង​ជំហរ​ដ៏​ទន់​ជ្រាយ​ដែល​ត្រូវ​បាន​ប្រ​កាន់​យក​ដោយ​ប្រ​ទេស​នៅ​តំបន់​អា​ស៊ី​អា​គ្នេយ៍​លើ​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​ឯ​កិច្ច​ប្រ​ជុំ​កំពូល​កាល​ពី​ចុង​សប្តាហ៍​ គឺ​​​ជា​សញ្ញា​ដ៏​ច្បាស់​លាស់មួយ​ងាក​ទៅ​រក​ដំណើរ​ការ​ឆ្ពោះ​ទៅ​មុខ។
ការ​អញ្ជើញ​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​របស់​ប្រ​ធា​នា​ធិប​តី​សហ​រដ្ឋ​អា​មេ​រិក Donald Trump កាល​ពី​ចុង​សប្តាហ៍​នេះ​ទៅ​កាន់​បណ្តា​មេ​ដឹកនាំ​នៃ​​ប្រ​ទេស​ហ្វី​លីពីន​ ថៃ និង​សឹង្ហ​បូរីអាច​នឹង​លើក​ទឹក​ចិត្ត​អ្នក​ដែល​ខ្លាច​នយោ​បាយ​ផ្តោត​សំខាន់​របស់​លោក Barack Obama មក​កាន់​តំបន់​អា​ស៊ី ត្រូវ​បានបោះ​បង់​ចោល ដោយ​គាំទ្រ​របៀប​វារៈ​នៃ​ការ​គិត​ពី​ផល​ប្រ​យោជន៍​អា​មេ​រិក​មុន​គេ​បង្អស់។
ប៉ុន្តែ​ប្រ​ធាន​សេនា​ធិ​ការ​បុ​គ្គលិក​ប្រ​ចាំ​សេត​វិ​មាន លោក Reince Priebus បាននិយាយ​ថា កិច្ច​សន្ទនា​នេះ​មាន​បំណង​ដើម្បី​រៀប​ចំ​ចាត់​ចែង​ឱ្យ​មាន​ដៃ​គូ​នៅ​​តំបន់​អា​ស៊ី​ក្នុង​ករណី​ដែល​មាន​ភាព​តាន​តឹង​នៅ​កូរ៉េ​ខាង​ជើង​ ឈាន​ទៅ​រក​ការ​បំផ្លាញ​អាវុធ​នុ​យ​ក្លេ​អ៊ែរ​ដ៏​ធំធេង​នៅ​តំបន់​អា​ស៊ី និង​ត្រូវ​បាន​គេ​លើក​ឡើង​ថា​ ពុំ​មាន​គោល​ដៅ​យុទ្ធ​សាស្រ្ត​ទូ​លំទូ​លាយ​ឡើយ។
បណ្តា​ប្រ​ទេស​នៅ​តំបន់​អា​ស៊ី​អា​គ្នេយ៍​នឹង​ត្រូវ​ការ​ច្រើន​ជាង​នេះ​បន្ថែម​ទៀត​ ដើម្បី​បង្ហាញ​ឱ្យ​ពួក​គេ​ឃើញ​ថា សហ​រដ្ឋ​អា​មេ​រិក​នៅ​​តែ​គាំទ្រ​ខ្លួន​។
ទន្ទឹម​គ្នា​នេះ​ដែរ មេ​ដឹក​នាំ​មួយ​ចំនួន​កំពុង​តែ​ងាក​ទៅ​រក​ចិន ដែល​ប្រកាន់​ឥរិយាបទ​ជម្លោះ​បែប​ទន់​ភ្លន់​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង និង​ការ​ប្រ​កាន់​យក​នូវ​គោលជំហរ​កម្ម​វិ​ធី​វិនិយោគ​ហេដ្ឋា​រច​នា​សម្ព័ន្ធ​​ «​ផ្លូវ​មួយ ខ្សែ​ក្រ​វ៉ាត់​មួយ» ​របស់​ទី​ក្រុង​ប៉េកាំង ដើម្បី​ទូទាត់​សម្រាប់​ការ​បោះ​បង់​ចោល​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្មភាព​ជា​ដៃ​គូ​​ឆ្លង​ទ្វីបប៉ា​ស៊ី​ហ្វិក ​(TPP)។
ស្ថាន​ភាព​​កើត​ឡើង​ដែលមិន​អាច​គ្រោង​ទុក​មុន​ដែល​កើន​ឡើង​រវាង​លោក Trump និង​ប្រ​ធានា​ធិប​តី​ចិន Xi Jinping អាច​ផ្តល់​ទំនុក​ចិត្ត​បន្ថែម​ទៀត​ដល់​បណ្តា​ប្រ​ទេស​នៅ​តំបន់​អា​ស៊ី ដើម្បី​បន្ត​ការ​គាំទ្រ​របស់​ពួក​គេ​ដល់​ទី​ក្រុង​ប៉េ​កាំង។
លោក Malcolm Cook ដែល​ជា​អ្នក​ស្រាវ​ជ្រាវជាន់ខ្ពស់​នៅ​ឯ​វិទ្យា​ស្ថាន​សិក្សាស្រាវ​ជ្រាវ​តំបន់អា​ស៊ី​អា​គ្នេយ៍​មាន​មូល​ដ្ឋាននៅ​សឹង្ហ​បូរីបាន​និយាយ​ថា «​កាល​ពី​មុន បណ្តា​ប្រ​ទេស​នៅ​តំបន់​អាស៊ី​អា​គ្នេយ៍​ភាគ​ច្រើន​ចង់​ទទួល​ផល​ប្រ​យោជន៍​ពី​គំនិត​ផ្តួច​ផ្តើម​សេដ្ឋ​កិច្ច​ថ្នាក់​តំបន់​របស់​ចិន​ និង​ពី​ការ​ទប់​ទល់​របស់​អា​មេ​រិក​ប្រ​ឆាំង​​នឹង​ចិន»៕​​
ប្រភព: Reuters ចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧

ការយល់​ច្រឡំ​​ពីការ​គំរាម​កំហែង​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិនខាង​ត្បូង

នៅពេល​ធ្វើ​សេចក្តី​រាយការណ៍​អំពី​សមុទ្រ​ចិន​ខាង​ត្បូង វាបាន​ក្លាយទៅ​ជា​រឿង​ធម្មតាទៅ​ហើយ​សម្រាប់​បណ្តាញ​សារព័ត៌មាន​នៅ​ជុំវិញពិភព​លោក​ទាញ​យក​ការ​ស្រាវជ្រាវ​របស់​អ្នក​ជំនាញ​ដែល​បាន​និយាយ​លម្អិត​អំពី​ការ​បង្កើត​ទីតាំង​ ដែល​មាន​សមត្ថភាព​យោធា​របស់​ចិន​នៅ​ក្នុង​តំបន់​នោះ។​ អ្នក​ខ្លះ​ប្រើ​ប្រាស់​ព័ត៌មាន​​នោះ​ដើម្បី​បង្កើន​យុទ្ធ​នាការ​ក្នុងការ​ឲ្យ​រដ្ឋការ​ ត្រាំ ជឿថា ចិន​បង្កើត​គំរាម​កំហែ​ង​នៅ​អនាគត​ចំពោះ​ផល​ប្រយោជន៍​អាមេរិក​ រាប់​បញ្ចូល​ទាំង​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរ។ ប៉ុន្តែ​ ការ​បញ្ឆេះ​អាមេរិក​ឲ្យ​ប្រឈម​មុខ​ដោយ​យោធា​ជា​មួយ​ចិន​នៅ​សមុទ្រ​ចិនខាងត្បូង​នោះ​គួរ​តែ​ត្រូវ​ពិចារណា​​ដោយ​ពិនិត្យ​ពិច័យ​ត្រឹម​ត្រូវ។
របាយការណ៍​មួយ​​ដោយ​កម្ម​វិធី​ផ្តួច​ផ្តើម​សម្រាប់​តម្លាភាព​ដែន​សមុទ្រ​អាស៊ី (Asia Maritime Transparency Initiative (AMTI) នៅ​វិទ្យា​ស្ថាន​សិក្សា​​យុទ្ធ​សាស្ត្រ​និ​ងអន្តរជាតិ បាន​លើក​ឡើង​អំពី​​គម្រោង​សំណង់​ចុងក្រោយ​របស់​ចិន​នៅ​សមុទ្រ​ចិនខាង​ត្បូង​ ដោយ​បាន​សន្និដ្ឋាន​ថា ចិន​ ឥឡូវ​នេះ អាច​ដាក់​ពង្រាយ​​សម្ភារៈ​យោធា​​រាប់​បញ្ចូល​ទាំង​យន្តហោះ​ប្រយុទ្ធ និង​ទម្រ​បាញ់​គ្រាប់​មីស៊ីល​ចល័ត​​ទៅ​កាន់ប្រជុំ​កោះ Spratly Islands នៅ​គ្រប់​ពេល។ នេះគឺ​ជា​តថភាព។ ប៉ុន្តែ​ប្រធាន​របស់ AMTI ក៏​បាន​ព្រមាន​នៅ​ក្នុង​បទសម្ភាសន៍​នៅពេល​ក្រោយ​មួយ​អំពី​ការ​ស្វះ​ស្វែង​​ដាក់​ពង្រាយ​​​នៅ​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ។ នេះ​ចង់​មានន័យថា ចិន​មាន​បំណង​ប្រើ​ប្រាស់​ទីទាំង​ទាំង​នេះ​ដើម្បី​ដាក់​ពង្រាយ​។ នេះ​គឺជា​ការ​ប៉ាន់​ស្មាន។​
វិទ្យាស្ថាន Lowy Institute របស់​អូស្ត្រាលី​បាន​ចេញ​ផ្សាយ​របាយការណ៍​ស្រដៀង​គ្នា​មួយ​ដែល​បាន​លើក​ឡើង​ថា ទីតាំង​យុទ្ធ​សាស្ត្រ​ទាំង​នេះ​នឹង​អនុញ្ញាត​ឲ្យ​ប៉េកាំង​​បង្កើន​សមត្ថភាព​អំណាច​របស់​ខ្លួន​និង​បង្កើត​តំបន់​ហាម​ចេញ​ចូល​នៅ​ក្នុង​សមុទ្រ​ចិនខាង​ត្បូងទាំង​មូល។ មាន​រឿង​អាក្រក់​ជា​ច្រើន​ដែលអាច​កើត​ឡើង​នៅ​សមុទ្រ​ចិន​ខាងត្បូង។ ប៉ុន្តែ នោះ​មិន​បាន​ន័យថា វា​នឹង​កើត​ឡើង​នោះទេ។​
ការ​មួល​បង្កាច់​របស់​បណ្តាញ​ផ្សព្វ​ផ្សាយ​បាន​រីក​ឡើង​យ៉ាងខ្លាំង​នៅពេល​អ្នក​វិភាគ​​ខ្លួន​ឯង​នោះ​បាន​ជំរុញ​ឲ្យ​មាន​ការ​ស្រាវជ្រាវ​​រិះគន់​លើ​អាមេរិក​។​ សូម​លើក​ឡើង​នូវ​កង្វល់​​ដែល​ថា ចិន​នឹង​ជ្រៀត​ជ្រែក​​នឹង​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរ​ពាណិជ្ជកម្ម។ បណ្តា​អត្ថបទ​បណ្តាញ​ផ្សព្វ​ផ្សាយ​ ជា​រឿយ​ៗ បាន​លើក​ឡើង​អំពី​ពាណិជ្ជកម្ម​ជាង ៥ ពាន់​ពាន់​លាន​ដុល្លារ​ដែល​ឆ្លងកាត់​សមុទ្រ​ចិន​ខាង​ត្បូង។ ការ​ជ្រៀតជ្រែក​ជាក់​ច្បាស់​នោះគឺថា ចិន​អាច​ប្រើ​ទីតាំង​របស់​គេ​​ដើម្បី​បង្អាក់​ពាណិជ្ជកម្ម​នេះ។ នោះ​អាច​កើត​ឡើង​ដែរ។ ប៉ុន្តែ​ ចិន​មិន​បាន​ធ្វើ​ដូច​នោះទេ មិន​ទំនង​ជា​ធ្វើ​ដូច​នោះទេ និង​រក្សា​ថា ខ្លួន​នឹង​មិន​ធ្វើដូច​នោះទេ។ សេដ្ឋកិច្ច​របស់​ចិន​អាស្រ័យ​លើ​ពាណិជ្ជកម្ម​នៅ​ដែន​សមុទ្រ​តាម​រយៈ​សមុទ្រ​ចិនខាងត្បូង ដែល​នឹង​ត្រូវ​បង្អាក់​បើ​ជម្លោះ​កើត​ឡើង។​
អាមេរិក​​បាន​បូក​បញ្ចូល​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរ​ពាណិជ្ជកម្ម​ជា​មួយ​នឹង​សេរីភាព​ក្នុងការ​ធ្វើ​ការ​ស៊ើប​ការ​យោធា​បែប​ញួសញង់​ និងការ​ឈ្លប​យក​ការ។ ទឡ្ហីកររបស់​អាមេរិក​គឺថា សេរីភាព​នៃ​ការ​ធ្វើ​នាវាចរ​​មិន​អាច​បែក​បាក់​បាន​ទេ ហើយ​បាន​រាប់​បញ្ចូល​​ទាំង​​នាវាចរ​ពាណិជ្ជកម្ម​និង​​សកម្ម​ភាព​ឈ្លប​យក​ការ​របស់​អាមេរិក។ អាមេរិក​ បន្ទាប់​មក លើក​ឡើង​ថា ការ​ជ្រៀត​ជ្រែក​របស់​ចិន​ជាមួយ​នឹង​នាវា​យោធា​របស់ខ្លួន​និង​យន្តហោះ​ចម្បាំង​នៅ​ក្នុង​និង​លើ​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់​ចិន​នោះ​រំលោភ​ដល់​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរ។​ ប៉ុន្តែ ចិន​លើកឡើង​ថា ខ្លួន​នឹង​មិន​ប្រជែងជា​មួយ​​​សេរីភាព​នៃ​ការ​​ធ្វើ​នាវាចរ​ទេ គឺ​មាន​តែ​ការ​រំលោភបំពាន​លើ​សិទ្ធិ​នេះ​ពី​យោធា​អាមេរិក​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់ខ្លួន​ប៉ុណ្ណោះ។​
បេសកម្ម​របស់​ក្រុម​ស៊ើប​ការ​អាមេរិក​រាប់​បញ្ចូល​ទាំង​​ការ​អុក​ឡុក​យ៉ាង​សកម្ម​ដល់​​ការ​ការ​ពារ​ឆ្នេសមុទ្រ​របស់​ចិន​ដើម្បី​ញួសញង់​និង​អង្កេត​មើល​ការ​ឆ្លើយ​តប ការ​ជ្រៀត​ជ្រែក​​​ការ​ប្រាស្រ័យ​ទាក់​ទង​របស់​នាវាមុជទឹក នាវា​លើ​ទឹក និង​លើ​ដែន​ដី ការ​ត្រៀម​​ប្រយុទ្ធ​នៅ​សមរភូមិ​ ដោយ​ប្រើ​ប្រាស់​ភាព​មិន​ច្បាស់​លាស់​ផ្នែក​ផ្លូវ​ច្បាប់​​​ក្នុងការ​ធ្វើ​ការ​ស្រាវជ្រាវ​វិទ្យា​សាស្ត្រ​ និង​ការ​តាម​ដាន​នាវា​មុជ​ទឹក​នុយក្លេអ៊ែរ​ថ្មី​របស់​ចិន​​នៅពេល​វា​ចេញ​និង​ចូល​មូល​ដ្ឋាន​វា។ នៅ​ក្នុង​ទស្សនៈ​របស់​ចិន ទាំង​នេះ​គឺមិនមែន​ជា​សកម្មភាព​ប្រមូល​​អសកម្ម ដែល​​​អត់​ឱន​ដោយ​រដ្ឋ​ភាគ​ច្រើន​នោះទេ។ ជាង​នេះទៅ​ទៀត ពួក​គេ​មិន​ប្រើ​ប្រាស់​​សមុទ្រ​ដើម្បី​គោល​បំណង​សន្តិភាព​ដូច​ត្រូវ​ឡើង​ដោយ​ច្បាប់​សមុទ្រ​អន្តរជាតិ​នោះ​តែ ប៉ុន្តែ​គឺជា​ការ​អនុវត្ត​ដោយ​ចម្រូង​ចម្រាស់​និង​លុក​លុយ​ដែល​គំរាម​ប្រើ​ប្រាស់​កម្លាំង​ដែល​ត្រូវ​បាន​ហាម​​ដោយ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ។​
ការ​ស្រាវជ្រាវ​របស់​លោក​ខាងលិច​ហាក់​បីដូចជា​ធ្វើតែ​ម្ខាង​និង​​ផ្តោតតែ​លើ​​បើក​កកាយ​ពី​ចិន​ប៉ុណ្ណោះ។ ការ​វិភាគ​​​មាន​តុល្យភាព​​នឹង​មានការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​កម្មភាព​របស់​ប្រទេស​ជាប់​ជម្លោះ​ផ្សេង​ ជា​ពិសេស​​លើ​សកម្មភាព​របស់​នាវាជើង​ទឹក​អាមេរិក​និង​ការ​យោធាតូបនីយកម្ម​របស់​អាមេរិក​នៅ​សមុទ្រ​ចិនខាងត្បូង។ ក្នុង​ខណៈ​ដែល​ចិន​អាច​បង្ករ​បញ្ហា​ដល់​នាវា​ជើង​ទឹក​អាមេរិក​ក្នុងការប្រឈម​មុខ​ដាក់​គ្នា​នៅ​កៀក​ចិនដីគោក​នោះ អាមេរិក​នៅតែ​រក្សា​ផល​ប្រយោជន៍​យោធា​រួម​នៅ​សមុទ្រ​ចិនខាង​ត្បូង។ អាមេរិក​នៅតែ​ធ្វើ​ប្រតិបត្តិការ​​ជា​មួយ​នាវា​យោធា​ប្រយុទ្ធ​និង​យន្ត​ហោះ​ ព្រមទាំង​សម្ភារៈ​ឈ្លប​យក​ការ​ទៀត​ផង។ អាមេរិក​ក៏​កំពុង​តែ​ដាក់​ពង្រាយ​​យាន​យន្ត​គ្មាន​មនុស្ស​បើក​ដែន​អាកាស លើ​ផ្ទៃទឹក​និង​ក្រោម​ទឹក​ទៅ​កាន់តំបន់​នោះ។​
ការ​ស្រាវជ្រាវ​​នៅ​សមុទ្រ​ចិនខាងត្បូង ​ក៏​មិន​បង្ហាញ​ពី​​ភាព​ងាយ​រងគ្រោះ​ដល់​ទីតាំង​យោធា​របស់​ចិន​ដល់​សមត្ថភាព​របស់​អាមេរិក​ក្នុងការ​កំទេច​វា​ដែរ។ នៅ​ក្នុង​សេនារីយ៉ូ​​ជម្លោះ​ណា​មួយ ទីតាំង​ទាំងនេះ​នឹង​មិន​អាច​ការ​ពារ​បាន​នៅ​ចំពោះមុខ​នឹង​គ្រាប់​មីស៊ីល​ចម្ងាយ​ឆ្ងាយ​​របស់​អាមេរិក។
យោងតាម​លោក Dennis Blair អតី​ប្រធាន​ស៊ើប​ការជាតិ​អាមេរិក​បាន​ឲ្យ​ដឹងថា ប្រជុំ​កោះ Spratlys មាន​ចម្ងាយ​ ៩០០ ម៉ៃល៍​ពី​ចិន​​។ ទីតាំង​ទាំងនោះ​មិន​មាន​សមត្ថភាព​​ការ​ពារ​ខ្លួន​ទេ​តាម​ន័យ​យោធា។ វៀតណា​ម​បាន​ដាក់​ពង្រាយ​​ទម្រ​បាញ់​គ្រប់​រ៉ូកែត​ទំនើបៗ​ទៅ​កាន់​សណ្ធាន​ដី​ខ្លះ​ដែល​ខ្លួន​បាន​កាន់កាប់​ ដូច្នេះវា​ជា​ការ​គំរាម​ដល់​ទីតាំង​របស់​ចិន។​
ជាក់ស្តែង ចិន​មិន​ចាត់​ទុក​ទីតាំង​ការ​ពារ​ខ្លួន​នោះ​ថា ជា​យោធាតូបនីយកម្ម​នោះទេ។ ចិន​បាន​ព្រមាន​ដដែល​ៗថា ខ្លួន​នឹង​ការ​ពារ​ខ្លួន​ ប្រសិន​បើ​អាមេរិក​​នៅតែ​សកម្មភាព​ស៊ើប​យក​ការបែប​ញួសញង់​និង​ការ​ប្រើ​ប្រាស់​សេរីភាព​នៃការ​ធ្វើ​នាវាចរ​នៅ​ក្បែឆ្នេសមុទ្រ​​និង​សណ្ធាន​ដី​ដែល​ខ្លួន​បាន​កាន់កាប់​នោះ។ នៅ​ក្នុងកា​រធ្វើ​សន្និសីទ​នៅ​ខែ​មេសា ឆ្នាំ ២០១៦ ជា​មួយ​នាយក​ប្រតិបត្តិការ​​ជើងទឹក​អាមេរិក​លោក John Richardson នោះ មេបញ្ជាការ​ជើង​ទឹក​ចិន​លោក Wu Shengli បាន​និយាយថា យើង​មិន​មែន​ មិន​បង្កើតឡើង​ការការ​ពារ​ខ្លួន​នោះទេ។ ការ​ការ​ពារ​ខ្លួន​ច្រើន​កម្រិត​ណា​ពិត​ជា​អាស្រ័យ​លើ​កម្រិត​នៃ​ការ​គំរាម​កំហែង​ដែល​យើង​ប្រឈម​មុខ។ ស្វ័យការ​ពារ​គឺជា​សិទ្ធិ​របស់​ប្រទេស​ទាំង​អស់។
មានការ​ខ្វែង​គំនិត​គ្នា​ខ្លាំង​លើ​និយម​ន័យ​នៃ​យោធា​តូបនីយកម្ម ហើយ​នរណា​កំពុង​ធ្វើ​វា​នោះ។ តើ​ការ​ដាក់​ពង្រាយ​នាវា​ដឹកយន្ត​ហោះ​ Carl Vinson នៅពេល​ថ្មី​ៗ​នេះ​ទៅ​កាន់​សមុទ្រ​ចិនខាង​ត្បូង​នោះគឺកំពុង​តែ​ធ្វើ​យោធាតូបនីយកម្ម​សមុទ្រ​ចិនខាងត្បូង​ដែរឬទេ? ចុះ​រឿង​សម្ព័ន្ធ​មិត្ត​​អាមេរិក​គឺជប៉ុន​ដោយ​បាន​ប្រកាស​នៅ​ក្នុង​បណ្តាញផ្សព្វផ្សាយ​ថា ខ្លួន​នឹង​បញ្ជូន​​នាវា​ជើង​ទឹក​ធំបំផុត​របស់​ខ្លួន​ទៅ​កាន់​ទីនោះវិញ? ទាំង​ចិន​និង​អាមេរិក​កំពុង​តែ​ធ្វើយោធាតូបនីយកម្ម​សមុទ្រ​ចិនខាងត្បូង៕
ប្រភព៖ East Asia Forum ចុះថ្ងៃ០២ ខែឧសភា​ ​ឆ្នាំ២០១៧

លោក សុខ ឥសាន៖ សេរីភាពសារពត៌មាន និងសិទ្ធិបញ្ចេញមតិត្រូវបានបើកទូលាយថែមទៀត

លោក សុខ ឥសាន អ្នកនាំពាក្សគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា ដោយមើលឃើញ នូវភាពចាំបាច់ និងសារសំខាន់នៃការបញ្ចេញមតិ និងសេរីភាពសារពត៌មាន រាជរដ្ឋាភិបាលបានសំរេចលុបចោលទោសជាប់ពន្ធនាគារ នៃបទបរិហាកេរ្ត៏ ចេញពីក្រមព្រហ្មទណ្ឌ និងធានាថាមិនមានប្រជាពលរដ្ឋណាម្នាក់ត្រូវជាប់ពន្ធនាគារដោយសារការបញ្ចេញមតិឡើយ ។
លោក សុខ ឥសាន បានបន្តថា សមិទ្ធផលនៃការរីកចំរើននៃប្រព័ន្ធផ្សព្វផ្សាយ ស្របតាមនិន្នាការបច្ចេកវិជ្ជាទំនើបនាពេលបច្ចប្បន្នបានបង្ហាញពីការបើកទូលាយ នូវការគោរពសិទ្ធបញ្ចេញមតិ និងសេរីភាពសារពត៌មាន និងការគោរពសិទ្ធបញ្ចេញមតិ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ៕


ស្ថានទូតកម្ពុជានៅម៉ាឡេស៊ី​ អន្តរាគមន៍ជួយពលការិនីខ្មែរ ២នាក់

នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧នេះ​ ក្រសួងការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីជូនព័ត៌មានថា ស្ថានទូតកម្ពុជានៅម៉ាឡេស៊ី​ អន្តរាគមន៍ជួយពលការិនីខ្មែរ ២នាក់។
សូមអានសេចក្តីជូនព័ត៌មានខាងក្រោម៖


ក្រសួងមហាផ្ទៃ​ សម្រេចទទួលយកសំណើសុំតម្កល់លក្ខ​ន្តិក:របស់គណបក្សសង្រ្គោះជាតិ

នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧នេះ​ ក្រសួងមហាផ្ទៃ​ បានចេញលិខិតមួយដោយបានបញ្ជាក់ថា ក្រសួង បានទទួលរួចហើយនូវលិខិតរបស់គណបក្សសង្រ្គោះជាតិ ពាក់ព័ន្ធនឹងសំណើសុំតម្កល់លក្ខន្តិក:គណបក្សសង្គ្រោះជាតិ។
សូមអានលិខិតរបស់ក្រសួងមហាផ្ទៃខាងក្រោម៖