Wednesday, May 03, 2017

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ៖ គណបក្សប្រជាជន កំពុងបង្កើនសកម្មភាព យ៉ាងមមាញឹក ដើម្បីដណ្តើមយកប្រៀបឈ្នះ ការបោះឆ្នោតនាពេលខាងមុខ

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានលើកឡើងថា ប្រមាណមួយសប្តាហ៍ទៀតប៉ុណ្ណោះ យុទ្ធនាការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងចាប់ផ្តើមហើយពោល ដូច្នេះសូមបងប្អូននារីយើង ត្រូវត្រៀមលក្ខណៈដើម្បីចុះជួបបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីបន្តរក្សាសុខសន្តិភាពតាម គោលនយោបាយឈ្នះឈ្នះ របស់គណបក្សប្រជាកម្ពុជា ដែលមានលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាមេដឹកនាំដ៏ឈ្លាសវៃ។
លោកស្រី បានថ្លែងថា គ្រាដែលការបោះឆ្នោតកាន់តែខិតជិតមកដល់នេះ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច និងជាបក្សនយោបាយចាស់ទុំ មានរចនាសម្ព័ន្ធដឹកនាំ រឹងមាំជាងគេនៅកម្ពុជា បាននិងកំពុងបង្កើនសកម្មភាពយ៉ាងមមាញឹក ក្នុង ទិសដៅដណ្តើមយកប្រៀបឈ្នះសម្រាប់ការបោះឆ្នោត។
ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានលើកឡើង ខណៈលោកស្រីអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយបេក្ខភាពនារីឈរឈ្មោះឆ្នោត ក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៤ ដោយមាននារី៨០០រូប មកពី១០៥សង្កាត់ នៅរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧។
លោកស្រី ម៉ែន សំអន ក៏បានជំរាបដល់បេក្ខភាពនារី នាឱកាសនោះថា លោកស្រីរួមថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា បានចេញធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំនៅតាមមូលដ្ឋាន ក្រៅពីនោះកិច្ចសំណេះសំណាល ជាមួយសមាជិក សមាជិកា មកពីតាមក្រសួងស្ថាប័ន ព្រមទាំងមន្រ្តីតាមបណ្តាខេត្ត ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ផងដែរ។ កិច្ចសំណេះសំណាល ត្រូវបានគេដឹងថា ធ្វើឡើងដើម្បីបង្ហាញនូវការងារ សំខាន់ៗមួយចំនួន ដើម្បីត្រៀមលក្ខណៈសម្បត្តិ ឆ្ពោះទៅ រកការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ក៏ដូចជាការបោះឆ្នោតជ្រើសរើស តំណាងរាស្រ្តអាណត្តិទី៦ ឆ្នាំ២០១៨ ផងដែរ។
លោកស្រីបានក្រើនរំលឹកដល់បេក្ខភាពនារីដែលជាសមាជិក សមាជិកបក្ស ឱ្យប្រឹងប្រែងយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ជាពិសេស មិនត្រូវធ្វើរឿងនាំដល់ការថ្នាំងថ្នាក់ ពីប្រជាពលរដ្ឋនោះឡើយ ៕




No comments:

Post a Comment