Wednesday, March 29, 2017

លោកស្រី​ ម៉ែន សំអន​ អំពាវនាវដល់ស្ត្រីជាម្តាយ​ មិនត្រូវលក់​ទឹកដោះ​ដ៏មានតម្លៃ​ ដើម្បី ​លុយបន្តិចបន្តួច ហើយផ្តាច់ចេញពីមាត់កូនរបស់ខ្លួននោះទេ

នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ ក្នុងឱកាសអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៦ និងលើកផែនការសកម្មភាពការងារ ឆ្នាំ២០១៧ របស់ក្រសួងកិច្ចការនារី នៅសណ្ឋាគារភ្នំពេញ លោកស្រី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាកទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអំពាវនាវដល់ស្ត្រីជាម្តាយគ្រប់គ្នាថា មិនត្រូវលក់ទឹកដោះដ៏មានតម្លៃ ដើម្បីយកលុយបន្តិចបន្តួច ហើយផ្តាច់ចេញពីមាត់កូនរបស់ខ្លួននោះទេ។
លោកស្រីរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងបានអំពាវនាវថា សូមស្ត្រីជាម្តាយទាំងឡាយ បញ្ឈប់ការលក់ទឹកដោះរបស់ខ្លួន ដើម្បីយកលុយបន្តិចបន្តួច ហើយផ្តាច់ចេញពីមាត់កូនរបស់ខ្លួននោះទេ។ លោកស្រីបានបញ្ជាក់ថា ទឹកដោះម្តាយថ្លៃណាស់ក្នុងការចិញ្ចឹមកូន បង្កើនសុខភាព និងភាពវៃឆ្លាតរបស់កូនៗ។

គួររំលឹកផងដែរថា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ទីស្តីការគណៈរដ្ឋមន្រ្តី បានសម្រេចចេញលិខិតប្រកាសហាមឃាត់ និងទប់ស្កាត់ការប្រមូលទិញទឹកដោះម្តាយនាំចេញពីកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក ដោយក្រុមហ៊ុន គុណមាតា ដែលមានឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម ហៅថា Ambrosia Labs Co., Ltd។ រាជរដ្ឋាភិបាលបានសម្រេច៖ ទី១- ត្រូវចាត់ការទប់ស្កាត់បន្ទាន់ចំពោះការប្រមូលទិញ និងនាំចេញទឹកដោះម្តាយពីកម្ពុជា, និងទី២- បើទោះជាកម្ពុជា ក្រលំបាកយ៉ាងណា ក៏មិនដល់កម្រិតលក់ទឹកដោះម្តាយដែរ៕




រដ្ឋមន្ត្រី​ក្រសួងការ​បរទេស ជួបពិភា​ក្សាការងារ​ជាមួយតំណាង​រាស្ត្ររដ្ឋម៉ា​សា​ឈូសេត​នៃ​​ស​ហរដ្ឋអាមេរិក​

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជា នាព្រឹកថ្ងៃទី ២៩ មីនា ២០១៧ បានអនុញ្ញាតឱ្យលោក រ៉ាឌី មុំ តំណាងរាស្ត្ររដ្ឋ ម៉ាសាឈូសេត នៃសហរដ្ឋអាមេរិកចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នាទីស្តីការក្រសួង រាជធានីភ្នំពេញ។
លោក រ៉ាឌី មុំ បានចូលជួបលោកប្រាក់សុខុននាពេលនេះ ខណៈដែលរូបលោកបានមកបំពេញទស្សនកិច្ចនៅកម្ពុជា។ លោក ប្រាក់ សុខុនបានស្វាគន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់តំណាងរាស្ត្ររដ្ឋ ម៉ាសាឈូសេតរូបនេះហើយលោកក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោក រ៉ាឌី មុំ ដែលជាជនជាតិខ្មែរ បានតស៊ូរហូតក្លាយជាតំណាងរាស្ត្រនៅសហរដ្ឋអាមេរិក។ លោ រ៉ាឌី មុំ ក៏បានបានជម្រាបជូនលោកប្រាក់សុខុន អំពីការប្រឹងប្រែរបស់រូបលោក ក្នុងការជួយដល់សហគមខ្មែរ នៅសហរដ្ឋអាមេរិកនាពេលកន្លងមក ហើយលោកបញ្ជាក់ទៀតថា លោកចង់ឲ្យមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងយុវជនកម្ពុជា និងយុវជនសហរដ្ឋអាមេរិក ជាពិសេសលើវិស័យកីឡា។ នាឱកាសនោះដែរ លោកប្រាក់ សុខុន ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងសហរដ្ឋអាមេរិកនិងកម្ពុជាដែលមានការរីកចម្រើន ជាពិសេសវិស័យទេសចរ ដោយកំណើនទេសចរអាមេរិកមកកាន់កម្ពុជាមានការកើនឡើងជាលំដាប់ ហើយទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានឈានដល់ជាង៣ពាន់លានដុល្លារហើយ គិតត្រឹមឆ្នាំ២០១៦។ ក្រៅពីនេះ ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការបោសសំអាតមីនផងដែរ។
នេះបើយោងតាមការលើកឡើងរបស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសនៃប្រទេសកម្ពុជាថ្លែងប្រាប់ក្រុមអ្នកសារព័តមានក្រោយបញ្ចប់ជំនួបនាពេលនោះ។
លោកបន្តថា លោក រ៉ាឌី មុំ តំណាងរាស្ត្ររដ្ឋម៉ាហ្សាឈូសេតក៏ធ្លាប់បានមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីខែធ្នូ ២០១៤ផងដែរ ដោយប្រៀបធៀបចំពោះដំណើរទស្សនកិច្ចនាពេលនេះ លោកសង្កេតឃើញថា កម្ពុជាមានការរីកចម្រើនខ្លាំង ជាពិសេសកំណើនសេដ្ឋកិច្ច និង សន្តិសុខល្អប្រសើររបស់ប្រទេសកម្ពុជា៕




ក្រសួងអប់រំជូនដំណឹងពីការប្រកួត ប្រជែងកិច្ចការស្រាវជ្រាវ លើកទី១លើមុខវិជ្ជា STEM

ក្រសួងអប់រំ យុវជននិងកីឡានៃប្រទេសកម្ពុជា នៅថ្ងៃទី២៨ ខែមីនា ២០១៧ បានឱ្យដឹងថា ក្រសួងនឹងបើកការប្រកួតប្រជែងកិច្ចការស្រាវជ្រាវលើកទី១ សម្រាប់និស្សិតបរិញ្ញាបត្រទាក់ទងនឹងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ឬផ្នែកអប់រំ។
សូមជម្រាបផងដែរថា បេក្ខជនជ័យលាភី នឹងទទួលបានប្រាក់រង្វាន់ ព្រមទាំងត្រូវបានអញ្ជើញឱ្យឡើងធ្វើបទបង្ហាញអំពីការស្រាវជ្រាវនោះ នៅក្នុងមហោស្រព STEM ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៩-៣០ ខែមេសា ឆ្នាំ២០១៧។បេក្ខជនអាចចូលរួមកម្មវិធីនេះ ដោយឥតបង់ថ្លៃ។
កាលបរិច្ឆេទផុតកំណត់ នៃការទទួលពាក្យ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧។ព័ត៌មានលម្អិតសូមទំនាក់ ទំនងតាមអាសយ ដ្ឋាន អ៊ីមែល៖ poster@stemcambodia.org៕


នៅថ្ងៃស្អែកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែននឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារ និងកំណត់ហេតុលើហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន

រដ្ឋាភិបាលជប៉ុន នឹងផ្តល់ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន ដែលនឹង​ត្រូវចុះ​ហត្ថលេខានៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ១៦:០០នាទី ក្រោមអធិបតីភាពលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស បានបញ្ជាក់ថា ពិធីចុះហត្ថលេខាលើ លិខិតប្តូរសារ និងកំណត់ហេតុនៃការពិភាក្សាស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង និង​ឥណ​ទានសម្បទាន នឹងត្រូវចុះហត្ថលេខារវាង លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក ហូ​រី​ណូ​អ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា។
 សូមអានសេចក្តីជូនព័ត៌មានខាងក្រោម៖



ក្រសួង​សាធារណ​ការ បង្ហាញ​តារាង​តម្លៃសំបុ​ត្រជិះរថ​ភ្លើង ពីភ្នំ​ពេញទៅ ទៅតាម​បណ្តាស្ថា​នីយនានា​

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ បានបង្ហាញតារាងសេវាកម្មដឹកអ្នកដំណើរ និងយានជំនិះផ្សេងៗ តាមរថភ្លើង​ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ក៏ដូចជាទៅតាមបណ្តាស្ថានីយនៅខេត្តតាកែវ និងខេត្តកំពត។
យោងតាមតារាងតម្លៃសេវាកម្ម ដែលបានបង្ហាញ បានឲ្យដឹងថា ថ្លៃសំបុត្ររថភ្លើងសម្រាប់អ្នកដំណើរម្នាក់ពីភ្នំពេញ-តាកែវ តម្លៃ ៤ដុល្លារ, ភ្នំពេញ-កំពត តម្លៃ ៦ដុល្លារ, ភ្នំពេញ-ព្រះសីហនុ តម្លៃ ៧ដុល្លារ, តាកែវ-កំពត តម្លៃ ៥ដុល្លារ, តាកែវ-ព្រះសីហនុ តម្លៃ ៦ដុល្លារ, កំពត-ព្រះសីហនុ តម្លៃ ៤ដុល្លារ។
ចំណែកថ្លៃដឹកយានជំនិះពីភ្នំពេញ-ព្រះសីហនុវិញ សម្រាប់រថយន្ត ១៤ដុល្លារ, ម៉ូតូ ៥ដុល្លារ, កង់២ដុល្លារ។ សំបុត្ររថភ្លើងនេះ អាចរកទិញបាននៅតាមស្ថានីយរថភ្លើង នៅរាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកំពត និងខេត្តព្រះសីហនុ។
តារាងសេវាកម្មខាងលើ បានបញ្ជាក់ថា បើអ្នកដំណើរមានតែខ្លួនត្រូវទៅចាំនៅស្ថានីយរថភ្លើង ៣០នាទី មុនពេលចេញ តែបើមានយានជំនិះ និងទំនិញច្រើននោះ ត្រូវទៅដល់ស្ថានីយមុន ៦០នាទី ដើម្បីរៀបចំឲ្យបានទាន់ពេលវេលា។
សូមមើលតារាងសេវាកម្មដឹកអ្នកដំណើរតាមរថភ្លើង ដូចខាងក្រោម៖



កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់កម្ពុជា-ចិន និងកិច្ចសហប្រតិបត្តិការភាពជាដៃគូ ជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកាន់តែទូលំទូលាយ

សៀមរាប៖ មន្រ្តីជាន់ខ្ពស់កម្ពុជា-ចិន បានបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួន​ កាន់តែខ្លាំងឡើង សម្រាប់ការអនុវត្តទៅថ្ងៃមុខ ដើម្បីធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នៃភាពជាដៃ គូជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន កាន់តែទូលំទូលាយ ស៊ីជម្រៅ និងផ្លែផ្កា ដែលនឹង ផ្តល់នូវផលប្រយោជន៍ដល់ប្រទេសទាំងពីរ ជាពិសេសប្រជាជនកម្ពុជា ក្នុងការធានារក្សាសន្តិភាព ស្ថេរភាព នយោបាយ ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងការ លើកតម្កើងជីវភាព រស់នៅប្រចាំថ្ងៃរបស់ប្រជាជន។
ការប្តេជ្ញារវាងមន្រ្តីជាន់ខ្ពស់នៃប្រទេសទាំង២នេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ សម្របសម្រួលអន្តររដ្ឋាភិបាល កម្ពុជា-ចិន ថ្នាក់អគ្គលេខាធិការលើកទី៤ នៅសណ្ឋាគារសុខា នាខេត្តសៀមរាប ដែលបានបញ្ចប់នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ។
កិច្ចប្រជុំនេះដឹកនាំរបស់លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការខាងភាគីកម្ពុជា និងលោក លីវ ជីវមីន អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន និងជាអគ្គលេខាធិការខាងភាគីចិន។ កិច្ចប្រជុំមនេះ ក៏មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធសំខាន់ៗ នៃប្រទេសទាំងពីរផងដែរ។
យោងតាមមន្រ្តីដែលចូលរួមកិច្ចប្រជុំបានឱ្យដឹងថា កិច្ចប្រជុំថ្នាក់អគ្គលេខាធិការនេះ ជាកិច្ចប្រជុំសម្រាប់ត្រៀមរៀបចំ កិច្ចប្រជុំផ្លូវការ នៃគណៈកម្មការសម្រប សម្រួល អន្តររដ្ឋាភិបាល កម្ពុជា-ចិន លើកទី៤ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅកម្ពុជា នៅចុងខែមេសាខាងមុខនេះ។
អង្គប្រជុំបានធ្វើការបូកសរុប វឌ្ឍនភាពការងារដែលសម្រេចបាន នៅក្នុងរយៈពេលកន្លងមក ជាពិសេសការងារ ពាក់ព័ន្ធទៅនឹងលទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោកប្រធានាធិបតី ស៊ី ជិនពីង មកកាន់កម្ពុជា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ដែលជាទស្សនកិច្ចមួយ មានលក្ខណៈជាប្រវត្តិសាស្រ្ត ហើយបានជួយលើកកម្ពស់កម្រិត នៃទំនាក់ទំនង កម្ពុជា-ចិន ឱ្យទៅដល់កម្រិតជាមិត្តភាពពិសេស ក៏ដូចជា ការបន្តប្រពៃណី ទំនាក់ទំនងល្អ នៃថ្នាក់ដឹកនាំកំពូលនៃ ប្រទេសទាំងពីរ ដែលជាស្នាព្រហស្ថរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ មកទល់នឹងពេលបច្ចុប្បន្ន និងរហូតតទៅថ្ងៃមុខទៀត។
អង្គប្រជុំក៏បានធ្វើការពិភាក្សា លើការងារត្រៀមរៀបចំសម្រាប់ការចូលរួមរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅក្នុងវេទិកាកំពូលជាអន្តរជាតិស្តីពី «ខែ្សក្រវ៉ាត់មួយ ផ្លូវមួយ» ក៏ដូចជាដំណើរទស្សនផ្លូវការរបស់ លោកនាយករដ្ឋមន្រ្តី ទៅកាន់ប្រទេសចិន នាពាក់កណ្តាលខែឧសភាខាងមុខនេះ។ សម្រាប់កិច្ចប្រជុំនេះបានបញ្ចប់ទៅ ដោយជោគជ័យ ហើយទទួលបាននូវលទ្ធផលផ្លែផ្កា គួរជាទីពេញចិត្តនៅក្នុងស្មារតីមិត្តភាព និងកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និត និងស្មោះត្រង់។
ចប់ការប្រជុំរយៈពេលប៉ុន្មានថ្ងៃនេះ ថ្នាក់ដឹកនាំទាំង២ប្រទេស បានដើរកំសាន្ត និងទស្សនកិច្ចប្រាង្គប្រាសាទអង្គរវត្តផងដែរ៕







លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ជាថ្មីទៀតអំពីតម្លៃនៃសុខសន្តិភាព

នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុករបស់លោកជាថ្មីម្តងទៀតអំពីតម្លៃនៃសុខសន្តិភាព។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា សុខសន្តិភាព គឺជាឱកាសសម្រាប់ចៅៗទាំង អស់បានសិក្សារៀនសូត្រ កសាងសមត្ថភាព ដើម្បីទទួលបានចំណេះដឹងចូលរួមក្នុងការ​អភិវឌ្ឍប្រទេសជាតិឱ្យបានរីកចម្រើនទៅមុខជាបន្តទៀត។ លោក ហ៊ុន សែន ក៏បានសង្កត់​ធ្ងន់ផងដែរថា ក្នុងសម័យនេះ ដែលជាសម័យសុខសន្តិភាព និងការអភិវឌ្ឍ គឺលោកមិន​ទុក​ឱ្យ​ចៅៗអត់សាលារៀនឡើយ ហើយចៅៗគឺជាក្តីសង្ឃឹមរបស់ប្រទេសជាតិយើង។

នៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា «សុខសន្តិភាព គឺជាឱកាសសម្រាប់ ចៅៗទាំងអស់បានសិក្សារៀនសូត្រ។ ក្នុងសម័យនេះ គឺតាមិនទុកអោយចៅៗអត់សាលារៀនឡើយ។ ចៅៗគឺជាក្តីសង្ឃឹមរបស់ប្រទេសជាតិយើង»


ហ្វេសប៊ុក Boulam San៖ កុំផ្កាប់បំពង់រង់ចាំទឹកភ្លៀង!

នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុក Boulam San បានបង្ហោះផ្សាយនូវអត្ថបទ ទស្សនវិភាគមួយក្រោមចំណងជើងថា «ផ្កាប់បំពង់រង់ចាំទឹកភ្លៀង! » ដែលមានខ្លឹមសារដូចខាង​ក្រោម៖
ដូនតាខ្មែរយើងតាំងពីបុរាណមកដែលបានស្គាល់ជីវិតសង្គមនិងនយោបាយច្បាស់លាស់​បានផ្តែផ្តាំកូនចៅកុំឱ្យជឿលើអ្វីមួយដែលមិនមែនជាការជាក់ស្តែង ឬកុំជឿលើអ្នកណាម្នាក់ដែលគ្រាន់តែនិយាយ ឬដោយគ្រាន់តែសន្យា។ ចាស់បុរាណច្រើនយកធម្មជាតិជាឧទាហរណ៍។ ពាក្យក្រើនរម្លឹក​ដែលយើងគ្រប់គ្នាជាកូនចៅជំនាន់ក្រោយ​បានដឹងគ្រប់គ្នា​នោះគឺ «កុំផ្កាប់បំពង់រង់ចាំទឹកភ្លៀង»។ ពាក្យនេះពិតជាមានន័យ ស៊ីជម្រៅខ្លាំងណាស់ដែលយើងគួរតែស្វែងយល់និងចងចាំ។
ពាក្យថា«កុំផ្កាប់បំពង់រង់ចាំទឹកភ្លៀង» ជាន័យចំគឺដូនតាយើងចង់ក្រើនរម្លឹកថា កុំគ្រាន់តែឃើញ​​មេឃមានពពកខ្មៅ និងលឺសូរផ្គរលាន់គ្រឹមៗ ឯនាយជើងមេឃ ក៏នាំគ្នាសន្និដ្ឋានថា បន្តិចទៀតនឹងមានភ្លៀងធ្លាក់មកហើយ។ ដូច្នេះ ម្នាក់ៗក៏នាំគ្នាប្រញ៉ាប់ប្រញ៉ាល់ចាក់ទឹក​ក្នុងពាង ក្នុងបំពង់ចោលអស់ព្រោះសង្ឃឹមថា នឹងអាចបានត្រងទឹកភ្លៀងថ្មីជំនួសវិញ។ ប៉ុន្តែ បន្តិចក្រោយមក ស្រាប់​តែខ្យល់បក់ពពកខ្មៅរសាត់អស់ ហើយមេឃក៏ស្រឡះឡើងវិញ ទឹកភ្លៀងក៏មិនបានធ្លាក់មកដែរ។ ពេលនោះ គ្រប់គ្នាក៏គ្មានទឹកប្រើប្រាស់ជួបគ្រោះអាសន្នធំ​ពីព្រោះតែទឹក ដែលនៅក្នុងពាង ក្នុងបំពង់ស្រាប់នោះ នាំគ្នាចាក់ចោលអស់ទៅហើយ។
យ៉ាងណាមិញ នៅក្នុងសង្គមជាក់ស្តែងក៏មានរឿងរ៉ាវជាច្រើនដូចគ្នានេះកើតមានដែរ។ មិនត្រឹមតែន័យចំទេ ដូនតាខ្មែរយើងក៏បានបង្កប់ន័យធៀបក្នុងនោះផងដែរ ពោលគឺពួកគាត់​ចង់ផ្តាំកូនចៅកុំឲ្យឆាប់ជឿលើអ្វីដែលមិនមែនជាការជាក់ស្តែង អ្វីដែលមិនទាន់មកដល់ហើយគ្រាន់តែ លឺតាមខ្យល់ តាមពាក្យសន្យាមិនប្រាកដប្រជា។ ចំណុចត្រង់នេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សក្នុងសង្គមបច្ចុប្បន្នដែល នយោបាយប្រជាភិថុតិ តាមរយៈការឃោសនា​ ការសន្យាខ្យល់កំពុងកើតមានយ៉ាងពេញបន្ទុក។ គណបក្សនយោបាយខ្លះសន្យាហួសមាឌ របស់ខ្លួនទៅទៀតក៏មានដែរ។ ពួកគេសន្យាផ្តល់ប្រាក់ឧបត្ថម្ភចាស់ជរា សន្យាដំឡើង​ប្រាក់ខែមន្ត្រីរាជការ កម្មករ គ្រូបង្រៀន ទាហាន ប៉ូលិស។ ពួកគេសន្យាផ្តល់ថវិការាប់សិបម៉ឺនដុល្លារ​ដល់​ក្រុមប្រឹក្សាឃុំសង្កាត់។ ប៉ុន្តែ មិនដឹងថាបានលុយមកពីណា ទេ គឺចេះតែដេកស្រម៉ៃ​ហើយ​បូក ដក គុណ ចែក ខ្យល់សុទ្ធ។
អ្វីដែលគួរកត់សម្គាល់ម្យ៉ាងទៀត ពួកគេសន្យាដំឡើងប្រាក់ខែជូនកម្មករ តែនៅម្ខាងទៀតពួកគេ​ដើរបញ្ចុះបញ្ចូលឱ្យអន្តរជាតិកាត់ឈប់ទិញផលិតផលរោងចក្រពីកម្ពុជា។ នៅពេលពួកគេនិយាយថា ចង់ឱ្យប្រទេសអភិវឌ្ឍឱ្យបានលឿន តែពួកគេដើរប្រាប់​អន្តរជាតិកុំឱ្យផ្តល់ជំនួយ ដល់កម្ពុជា។ នៅពេលពួកគេ​សន្យាដំឡើងប្រាក់ខែឱ្យមន្ត្រីរាជការ គ្រូបង្រៀន តែពួកគេដើរបញ្ចុះបញ្ចូលនិយាយអាក្រក់ពី​កម្ពុជាប្រាប់បរទេស ថាកុំឲ្យគាំទ្ររាជរដ្ឋាភិបាលដោយលើកហេតុផលថា មន្ត្រីរាជការធ្វើការដើម្បីបក្សមិនបម្រើជាតិទេ។ ជាក់ស្តែងទ្រឹស្តីពួកគេដែលកំពុងនិយាយ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» គឺជាឧទាហរណ៍ជាក់ស្តែងដែលបក្សប្រឆាំងប្រមាថមន្ត្រីរាជការ និងអាជ្ញាធរខ្មែរយ៉ាងធ្ងន់ធ្ងរ។ អ្វីដែលហួសចិត្តជាងនេះ គឺពួកគេនិយាយតែមាត់ តែការពិត ខ្លួន​កំពុងតែចាប់បង្ខំឱ្យបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ រកលុយបង់ចូលបក្ស និងកសាងបណ្តាញឲ្យបក្ស។ បើមិនដូច្នោះទេ មន្ត្រីឃុំសង្កាត់ទាំងនោះនឹងប្រឈមមុខនឹងការដេញចោល។ បែបនេះ គេហៅថា«ចិត្តជាទេវទត្ត មាត់ជាទេវតា»។ ទាំងអស់នេះគ្រាន់តែជាឧទាហរណ៍ត្រួសៗដែលសបញ្ចាក់ថា ការសន្យារបស់ អ្នកនយោបាយ ពោរពេញដោយភាពពិសពុលដើម្បីតែសម្រេច​មហិច្ឆតានយោបាយរបស់ខ្លួនតែប៉ុណ្ណោះ។
ដូច្នេះ ប្រជាពលរដ្ឋម្ចាស់ឆ្នោតត្រូវស្វែងយល់ពីបញ្ហានេះឱ្យច្បាស់ទើបមិនចាញ់បោកអ្នកនយោបាយ។ ពាក្យសន្យាទាំងអស់នេះមិនខុសពី សូរផ្គរលាន់រកកលភ្លៀងនោះទេ។ វាមិនប្រាកដ​ថា​ភ្លៀងឡើយ។ ដូច្នេះ សូមបងប្អូនកុំចាក់ទឹកក្នុងបំពង់ចោល​ហើយផ្កាប់បំពង់រង់ចាំ ទឹកភ្លៀងឱ្យសោះ។ ជាពិសេសក្នុងស្ថានភាពបច្ចុប្បន្នដែលការប្រែប្រួលអាកាសធាតុកំពុងកើតឡើង យើងរឹត​តែលែងទាយត្រូវ រឹតតែលែងរំពឹងលើសូរផ្គរលាន់បានទៀតហើយ។ សូមបងប្អូនរក្សាទឹកដែលមានស្រាប់ក្នុងស្រែ ក្នុងស្រះ ត្រពាំង បឹងបួរ ក្នុងពាង ក្នុងបំពង់ឱ្យបានល្អ ហើយខិតខំរក​ប្រភពទឹកមកបំពេញវាឱ្យកាន់តែមានច្រើនជាងនេះទើបអាចធានាថាយើងនឹងមានទឹកប្រើប្រាស់ខួបប្រាំងវស្សាមិនដាច់។
យ៉ាងណាមិញ ​សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រកបដោយភាព​សម្បូរសប្បាយ​​ដែលយើងកំពុងមានសព្វថ្ងៃគឺជា​សមិទ្ធផលជាក់ស្តែង​ដែលយើងមានក្នុងដៃ យើងបានមកដោយកម្រ។ ម្យ៉ាងទៀត អ្វីដែលពួកគេសន្យា រាជរដ្ឋាភិបាល​បានធ្វើរួចទៅហើយ។ ជាក់ស្តែង ប្រាក់ខែមន្ត្រីរាជការ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ និងកម្មករ ត្រូវបានដំឡើងជាបន្តបន្ទាប់។ ដូច្នេះ យើងត្រូវរួមគ្នាថែរក្សា​សមិទ្ធផល​ទាំងនោះ​ឱ្យបានគង់វង្ស និងរួមគ្នាជាមួយរាជរដ្ឋាភិបាល​ដែលលោកហ៊ុន សែនបាននិងកំពុងដឹកនាំដើម្បីធ្វើឲ្យ​ប្រទេស​ទទួលបាននូវភាពសម្បូរ សប្បាយ និងការអភិវឌ្ឍកាន់តែខ្លាំងជាងនេះដោយមានសន្តិភាព និងស្ថិរភាពនយោបាយជាមូលដ្ឋានមិនអាចខ្វះបាន​។ នេះជាជម្រើសដ៏ល្អបំផុត​សម្រាប់យើង និងកូនចៅយើងទៅថ្ងៃអនាគត។ ដូច្នេះ សូមកុំភ្លេចបណ្តាំដូនតាយើងឱ្យសោះថា «កុំផ្កាប់បំពុងរង់ចាំទឹកភ្លៀង» ប្រយ័ត្ននាំគ្រោះអាសន្នធំដល់ខ្លួន៕

គណៈកម្មការរដ្ឋសភា បើកកិច្ចប្រជុំពិភាក្សាសេចក្តីព្រាងច្បាប់អនុម័តយល់ព្រមពិធីសារទី៣ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ

នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ នៅវិមានរដ្ឋសភា គណៈកម្មការទី៩នៃរដ្ឋសភា ដឹកនាំដោយលោកស្រី និន សាផុន ប្រធានគណៈកម្មការ សហការជាមួយគណៈកម្មការទី៥នៃរដ្ឋសភា ដឹកនាំដោយលោក ឈាង វុន ប្រធានគណៈកម្មការ បានបើកកិច្ចប្រជុំពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិ​ជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូ​លា​យ ក្នុងចំណោមរដ្ឋាភិបាលនៃប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធា​រណរដ្ឋកូរ៉េ ជាមួយតំណាងរាជរដ្ឋាភិបាលដឹកនាំដោយលោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងសហការី ដោយបានសម្រេចដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គនៃរដ្ឋសភាដើម្បីពិភាក្សានិងអនុម័តនាពេលខាងមុខនេះ។
ពិធីសារទី៣នេះ មានចំនួន ១១មាត្រា ដែលបានធ្វើវិសោធនកម្មលើមាត្រាមួយចំនួននៃកិច្ចព្រមព្រៀង និងជំនួសដោយមាត្រាថ្មី ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើការសម្រួលពាណិជ្ជកម្ម ដោយបញ្ជាក់ឱ្យបានច្បាស់អំពីទំហំ និងលក្ខខណ្ឌ ដែលភាគីមួយចំនួនអាចអនុវត្តការព្រមព្រៀងបដិកាចំពោះប្រព្រឹត្តកម្មអត្រាពន្ធគយ (Reciprocal Treat​ment) ផ្តល់កម្មវិធីកាត់បន្ថយ និង/ឬ លុបបំបាត់អត្រាពន្ធគយតាមបន្ទាត់ពន្ធនីមួយៗ ដោយអនុ​លោមតាមការប្តេជ្ញាចិត្តរបស់ភាគីនីមួយៗ និងបន្ថែមនីតិវិធីគយ និងការសម្រួលពាណិជ្ជកម្ម ។
ពីធីសារទី៣នេះ នឹងផ្តល់អត្ថប្រយោជន៍សំខាន់ៗដូចខាងក្រោម៖
១- បញ្ចូលនីតិវិធីគយ និងសម្រួលពាណិជ្ជកម្ម៖ ជានីតិវិធីមួយដែលធ្វើឱ្យការបំពេញបែបបទគយបានក្នុងរយៈពេលខ្លីនិងឆាប់រហ័ស
២- បញ្ជាក់មុខទំនិញឱ្យបានច្បាស់លាស់នៅក្នុងកម្មវិធីកាត់បន្ថយ ឬលុបបំបាត់អត្រាពន្ធគយនូវកម្មវិធីរួម ដែលជាវិធានមួយសម្រួលដល់អ្នកនាំចេញ-នាំចូលមានភាពងាយស្រួលក្នុងការពិនិត្យមើលថាតើទំនិញណាមាននៅក្នុងកម្មវិធីធម្មតានិងកម្មវិធីវេទយិត
៣- អនុញ្ញាតឱ្យផលិតករអាចគណនាលើសមាសភាពតម្លៃតំបន់តាមរូបមន្តមួយណាក៏បាន ក្នុងចំណោមរូបមន្តទាំងពីរ ដែលនៅក្នុងកិច្ចព្រមព្រៀងដើមអនុញ្ញាតឱ្យគណនាតាមតែរូបមន្តណាដែលភាគីនោះបានជ្រើសរើសតែប៉ុណ្ណោះ។ ការអនុគ្រោះនេះជាការសម្រួលដល់ផលិតករក្នុងស្រុក៕


សំបុត្រថ្ងៃនេះ៖ កម្ពុជា ក្នុងបរិបទពិភពលោក

តើ «ទំនាស់» របស់ពិភពលោក «វិវត្តន៍ និង ប្រែ ប្រួល» ដូចម្តេច? តើអ្វីជា «ភ្នាក់ងារ» (Agent) នៃ ទំនាស់ របស់ ពិភពលោក? កម្ពុជា ឬបណ្តាប្រទេសតូចៗឯទៀត តិច ឬច្រើន តែងរងឥទ្ធិពលពីការសាកល្បងទ្រឹស្តី និងទំនាស់របស់ពិភព លោកជានិច្ច។ ឥឡូវនេះ កម្ពុជា ក៏កំពុងរង ឥទ្ធិពល នៃការ សាកល្បងទ្រឹស្តី របស់ពិភពលោកនៅឡើយដែរ!។ «ទំនាស់» ធំៗរបស់ពិភពលោក «វិវត្តន៍&ប្រែប្រួល» តាមដំណាក់កាល ដូចតទៅ៖
១. ទំនាស់ការប្រគួតឥទ្ធិពលរបស់អាណាចក្រ! Clash of Empires (ស.វទី ៣-៨)៖ ក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ខ្មែរក៏ជាអាណា ចក្រ១ ហើយ អាណាម តុងកឹង ចំប៉ាគឺសុទ្ធតែជាអាណាចក្រ។ តែទីបំផុត អាណាចក្រចំប៉ា បាត់ពីផែនទីពិភពលោក។ តើពេលនោះគេប្រើអ្វីធ្វើជាភ្នាក់ងារនៃទំនាស់?
សូមសិក្សាបន្ថែម!
២. ទំនាស់នៃការប្រគួតឥទ្ធិពលសាសនា!Clash of Religious (ស.វទី៨-១៤)៖ ក្នុងបរិបទកម្ពុជា គឺអាចសិក្សាតាមរយៈ ប្រាង្គ ប្រាសាទ ដែលក្នុងអំឡុងសតវត្សរ៍ទី៨-១២ កើតឡើងនូវ ទំនាស់ប្រជែងឥទ្ធិពលរវាង ព្រហ្មញសាសនា និង ព្រះពុទ្ធ សាសនា គឺធំធេងណាស់។ ក្នុងពិភព លោកក៏មាន សាសនា ច្រើនណាស់ទៀតដែលប្រជែងគ្នា នូវទំនាស់រវាង នីកាយ សាសនាផង និងរវាងសាសនា១នឹងសាសនា១ទៀតផង។
តើពេលនោះគេប្រើអ្វីធ្វើជាភ្នាក់ងារនៃទំនាស់? សូមសិក្សាបន្ថែម!
៣. ទំនាស់នៃការប្រគួតឥទ្ធិពលមនោគមន៍វិជ្ជា! Clash of Ideo logy (ស.វទី១៩-២០)៖ ពិភពលោកប្រគួតគ្នារវាង លទ្ធិ កុម្មុយ និស្ត និងពួកសេរីនិយម ឬហៅថា ប្រជាធិបតេយ្យ។ លទ្ធ ផល នៃការសាកល្បងទ្រឹស្តី និងការប្រកួតគ្នានេះ នាំឲ្យមាន «សង្គ្រាមត្រជាក់» កើតឡើង។ តើសង្គ្រាមត្រជាក់នៅឥណ្ឌូចិន ស្លាប់មនុស្សអស់ប៉ុន្មាន? គ្រាន់តែកម្ពុជា ស្លាប់ប្រជាជនអស់ ៨សែននាក់ដោយការទម្លាក់គ្រាប់បែក ជាង៣លាននាក់ដោយសារអំពើប្រល័យពូជសាសន៍។ នេះមិនរាប់អំពី ជនពិការ ទុក្ខសោករបស់ ប្រជាជនដែលត្រូវព្រាត់ប្រាស់បងប្អូន និងការអន្តរាយលើហេដ្ឋារចនាសម្ព័ន្ធសង្គមនោះផង។ ដោយសារការប្រគួតឥទ្ធិពលមនោគមន៍វិជ្ជានេះ គេបានធ្វើឲ្យប្រជាជាតិក្នុងឥណ្ឌូចិន «ក្លាយជាមិត្តផង និងជាសត្រូវនឹងគ្នា» ហើយក៏បន្សល់ទុកមរតកជម្លោះទាំង ខាងបូរណភាពអធិបតេយ្យ និងការរើសអើងពូជសាសន៍ មានមកទល់សព្វថ្ងៃ។ តើគេប្រើអ្វីធ្វើជាភ្នាក់ងារនៃទំនាស់?
សូមសិក្សាបន្ថែម!
៤. ទំនាស់នៃការប្រគួតឥទ្ធិពលអារ្យធម៌! Clash of Civili zat ions (ស.វទី២០)៖ ទំនាស់នេះកើតឡើង ដោយការឈឺ ចាប់ នៃពិភពម៉ូស្លីម ប្រឆាំងវប្បធម៌ អារ្យធម៌ របស់លោកខាងលិច ជាពិសេសគោលដៅគឺពួកគេប្រឆាំងអាមេរិក។
សង្គ្រាមអាមេរិកនៅឈូងសមុទ្ទពែក ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ បង្កើតការឈឺចាប់ខ្លាំងណាស់។ វប្បធម៌អាសអាភាស របស់ លោកខាងលិច ក៏ធ្វើឲ្យជនម៉ូស្លីមស្អប់ខ្លាំងណាស់ដែរ។ ដូច្នេះ ព្រឹត្តិការណ៍ 9/11 ឆ្នាំ២០១១ នៃការវាយប្រហារ ដោយប្រើ យន្តហោះធ្វើអត្តឃាតបុកកម្ទេច មជ្ឈមណ្ឌលពាណិជ្ជកម្ម អា មេរិក World Trade Center ការវាយលើមន្ទីរបង់តាហ្គោន ដែលជាទីបញ្ជាការយោធាអាមេរិក គឺជាផែនការ និងការលះ បង់ ក្នុងបុព្វហេតុដើម្បីរំលាយអាមេរិកឲ្យទៅជាផេះ។
សហរដ្ឋអាមេរិក ក៏បើកការវាយប្រហារលើប្រទេស អ៊ីរ៉ាក់ និងបង្ក្រាបប្រទេសម៉ូស្លីមជាច្រើនទៀតដែរ។ សួរថា តើនេះជា ប្រជាធិបតេយ្យឬ? បើប្រជាធិបតេយ្យប្រើកាំភ្លើង វាមិនមែន ជាដំណើរឆ្ពោះទៅរកសេរីភាពទេ ប៉ុន្តែនិយាយឲ្យខ្លី គឺវា ជា« ការសងសឹក!» សងសឹក! សងសឹក!។
ភ្នាក់ងារដ៏មុតស្រួចក្នុងទំនាស់អារ្យធម៌នេះ គឺក្រុម «អត្តឃាត» ដែលហ៊ានពលីកម្មជីវិតបើកយន្តហោះកម្ទេចអាមេរិក ឬឱប ដាក់គ្រាប់បែករត់ចូលកម្ទេចគោលដៅណាមួយ (suicide bom bers)។ នេះជាសោកនាដកម្មរបស់មនុស្សជាតិ និងពិភព លោក។
៥. ទំនាស់នៃការប្រកួតឥទ្ធិពលទំនើបកម្មនិងសម្ភារៈនិយម! Clash of Modernity ឬអាចហៅម្យ៉ាងទៀតថា Clash of Technology (ស.វទី២១)៖ «សម្ភារៈកំណត់មនសិការ» បាន បង្កើតស្ថានភាពប្រេះស្រាំ ក្នុងប្រជាជាតិនីមួយៗយ៉ាងខ្លាំង ដែលសូម្បីប្រទេសអាមេរិកខ្លួនឯង ក៏បែកបាក់ស្មារតីជាតិធំធេង និងធ្លាក់ចុះនូវសីលធម៌ គុណធម៌ ដ៏អាក្រក់បំផុតដែរ។
តែទោះបីជាយ៉ាងណា ប្រទេសតូចៗ គឺរងផលប៉ះពាល់ច្រើនជាង។ ទំនាស់នៃការប្រគួតឥទ្ធិពលទំនើបកម្ម និងសម្ភារៈនិយម វាធ្វើឲ្យទម្រង់នៃការដឹកនាំប្រែប្រួល ក៏ប៉ុន្តែផលប៉ះពាល់ធំរបស់វា គឺលើឥរិយាបទ និងសីលធម៌របស់មនុស្ស។ ភ្នាក់ងារដ៏សកម្មក្នុងទំនាស់របស់ពិភពលោកបែបថ្មីនេះ គឺបច្ចេកវិទ្យា IT & Social Media ដែលសំដៅដល់ Facebook ។ ភ្នាក់ងារនេះ មានមុខងារ២គឺ ជួយផង និងបំផ្លាញផង។
ជាការពិត រាល់ទំនាស់ ឬសង្គ្រាមដែលកើតឡើង ភ្នាក់ងាររបស់វា គឺមនុស្ស សព្វាវុធ មនោគមន៍វិជ្ជា និងបច្ចេកវិទ្យា គឺទៅជាមួយគ្នា គ្រាន់តែថា គេប្រើមួយណាច្រើនជាង។ ទាំងទ្រឹស្តីនិងភាពជាក់ស្តែង អ្វីដែលកើតមក គឺវានឹងវិវត្តន៍តទៅទៀត ទៅទម្រង់ទំនើបកម្មថ្មី ឬអន្តរាយ។
ប្រទេសតូចៗ តែងតែរងឥទ្ធិពលពីការបង្កើតទ្រឹស្តីថ្មីៗ របស់ពិភពលោក និងការដែលគេសាកល្បងទ្រឹស្តីនេះ។ ឥទ្ធិពលទំនាស់ពីខាងក្រៅ វាក៏បង្កើតឲ្យមានទំនាស់នៅខាងក្នុងផងដែរ។ ហេតុអ្វី? រឿងនេះសាមញ្ញនិងងាយយល់បំផុត។ ដំបូងឡើយគេបង្កើតនិងសាកល្បងលើ IPhone 4 និងអភិវឌ្ឍ បន្តបន្ទាប់ទៀតគឺ IPhone 5 IPhone 6 និងឥឡូវនេះ គឺ iPhone 7។ អ្នកទ្រស្តីបង្កើតថ្មីគេមិនឈប់ត្រឹមនេះទេ គេនឹងបង្កើតទ្រឹស្តីថ្មីៗជាស៊េរីបន្តទៀត។ ដូច្នេះតើទំនាស់វានៅកន្លែងណាបើទូរស័ព្ទដូចតែគ្នា?៖
ទី១. ទំនាស់សម្ភារៈនិយមដោយលទ្ធភាព៖ ឪពុកអត់លុយ តែកូនបន្តទាមទារដូរម៉ូតទូរស័ព្ទ ឬម៉ូតរថយន្ត។ កូនមាន IPhone 4 ប្រើហើយ តើបើដូរ iPhone 5 អត់បាន វា ទៅ ជាកើតទំនាស់! តើក្នុងទំនាស់នេះ១ណាខុស ១ណាត្រូវ? ត្រូវ ឬខុស គឺរកមិនឃើញទេ។ ក៏ប៉ុន្តែ ចូរយល់ថា ទាំង ឪពុក និងកូន គឺរងគ្រោះដូចគ្នាលើបញ្ហាសម្ភារៈនិយមនេះ។

ទី២. ទំនាស់លើបញ្ហាសម្ភារៈនិយមដោយការប្រៀបធៀប៖ មានរថយន្តប្រើដូចគ្នា គ្រាន់តែមួយស៊េរីឆ្នាំ២០១០ ហើយ មួយទៀតស៊េរីឆ្នាំ២០១២ ក៏ប្រកួតគ្នា ដែលធ្វើឲ្យមានទំនាស់ លើសីលធម៌ និងវណ្ណៈភាពសង្គមដែរ។ មានរថយន្តម៉ាក តូយូតា ដូចគ្នា តែមួយ Land cruiser ហើយមួយទៀត Lexus 2017 ក៏បង្កើតទំនាស់ប្រៀបធៀបដែរ។
ទំនាស់នៃការប្រគួតឥទ្ធិពលទំនើបកម្ម និងសម្ភារៈនិយម ក្នុង យុគ្គសម័យបច្ចេកវិទ្យា គឺមានលក្ខណៈសកលផង លក្ខណៈ តំបន់ផង លក្ខណៈសង្គមផង និងកាន់ តែតូច ទៅទៀត គឺរវាង បុគ្គលនិងបុគ្គល។ ទំនាស់នេះពេលខ្លះមើលឃើញ ពេលខ្លះ មើលមិនឃើញ។ អ្វីដែលជាចំណុចគ្រោះថ្នាក់បំផុតក្នុងទំនាស់សម្ភារៈនិយមក្នុងសម័យបច្ចេកវិទ្យា ទាំងក្នុងសង្គម និង នយោបាយ គឺនៅ ពេលដែល៖ទី១) ប្រជាជនខំរត់តាមទ្រឹស្តីគេ ដែល គេនឹងបន្ត បង្កើតជាស៊េរីជារៀងរាល់ឆ្នាំមិនឈប់ឈរ និងទី២)គឺ ប្រជាជន មិនបានដឹងអ្វីជារបស់ពិត ឬការពិត! នោះនៅត្រង់អ្វី? សម័យ ឥឡូវ ទូរស័ព្ទ ឡើងស៊េរីមិនឈប់ឈរ រថយន្ត ចាស់អាច កែឡើងស៊េរីថ្មីបន្លំភ្នែកគេបាន។ រថយន្តផលិតឆ្នាំ២០១០ កែ ឡើងស៊េរីឆ្នាំ២០១៦។ រីឯអ្នកនយោបាយ ក៏កែឡើងស៊េរីដែរ។ អ្នកនយោបាយចាញ់ឆ្នោត៤អាណត្តិជាប់ៗគ្នា ឬអ្នកនយោ បាយពួនស៊ុគ្រំ ក្នុងបន្ទប់កែស៊េរី ដូរឈ្មោះបក្សដូរ សារនយោ បាយជារផងរាល់ពេល បោកបន្លំត្រចៀក ប្រជាជន ឥតឈប់ ឈរ…។
នេះជាប្រវត្តិសាស្ត្រជាទ្រឹស្តី និងភាពជាក់ស្តែងផង ដែលយើង ទាំងអស់គ្នា ត្រូវមានភាពប្រាកដនិយមក្នុងជំនឿ និងការ សម្រេចចិត្ត។ អ្វីៗវានឹងប្រែប្រួល តែយើងត្រូវចេះសម្រប និង ត្រូវគ្រប់គ្រងការប្រែប្រួលដោយខ្លួនយើងនិងដោយម្ចាស់ការ។ ការធ្វើនយោបាយដោយងងិតងងុលបម្រើទ្រឹស្តីនិងមនោគមន៍វិជ្ជាបរទេស គឺស្មើនឹងបំផ្លាញជាតិ។ «ការធ្វើនយោបាយ បម្រើ ផលប្រយោជន៍ជាតិខ្មែរ គឺស្នេហាជាតិ»។
«សន្តិភាព» នៅកម្ពុជា ដែលបានមកហើយ នេះមានតម្លៃ ខ្លាំង ណាស់ហើយមិនមែនបានដោយងាយស្រួលនោះទេ។ សន្តិភាពដែលកើតមានឡើងនៅលើដែន ដីព្រះរាជាណាចក្រ កម្ពុជានេះ គឺមានន័យថា៖ ទី១) យើងបន្ថយ និងបញ្ចប់ បាន ឥទ្ធិពលទំនាស់ពីបរទេស ទី២)យើងបញ្ចប់ បានការបែក បាក់ ហែកហួរផ្ទៃក្នុងយើងផង។
ទោះបី Facebook វាស៊ីអារម្មណ៍ដែល ការពិត ក្លែងក្លាយ កាត់ ត បំភ្លៃ បំផ្លើស ប្រឌិត គេធ្វើបានក្នុងពេលតែមួយ។ ប៉ុន្តែ សូមកុំធ្វើនយោបាយស៊ីជោ តាមអារម្មណ៍ ដោយងងិតងងុល ដែលនាំគ្រោះថ្នាក់ដល់ជាតិនិងប្រជាជន។ សូមកុំស៊ីអារម្មណ៍ តាមអ្នកនយោបាយឡើងស៊េរី។ សូមក៉ំបន្លែងលេង ឈ្លក់វង្វេង រហូតពុល មនោគមន៍វិជ្ជាបរទេស ដោយមិនដឹងខ្លួន។ វិន័យ និងច្បាប់ ត្រូវតែអនុវត្ត ដើម្បីចូលរួមថែរក្សាការពារ សន្តិភាព។
កម្ពុជា៖ យើងត្រូវមើលឱ្យឃើញពីគុណតម្លៃសន្តិភាព ដែល មាន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាស្ថាបនិក។ សន្តិភាព នេះផ្តល់ឱកាសឲ្យយើងទាំងអស់គ្នាមានពេលវេលាជាមហាគ្រួសារខ្មែរ ឈរសំឡឹងមើលអនាគតកម្ពុជាក្នុងស្នាមញញឹមដ៏ប្រសើរ។ យើងនៅជាមួយគ្នាតទៅទៀត! សូមអរគុណ ស្ថាបនិកសន្តិភាព!៕
ដោយ៖ ហ៊ុយ វណ្ណៈ


លោក កែវ រ៉េមី ហៅអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិថា ជាអង្គការចង្រៃ និងមានមន្រ្តីក្មេងខ្ចីទើបចប់ពីសាលាគ្មានបទពិសោធន៍

(ភ្នំពេញ)៖ ប្រមុខដឹកនាំគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី ថ្លែងប្រតិកម្មធ្ងន់ៗទៅកាន់មន្ត្រី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ថា ជាអង្គការចង្រៃ និងមានមន្រ្តីក្មេងខ្ចីទើបចប់ពីសាលាគ្មានបទពិសោធន៍ ហើយបានណែនាំឲ្យអង្គការមួយនេះ គួរទៅពិនិត្យមើលបញ្ហាសិទ្ធិមនុស្ស នៅអាមេរិក និងបច្ចឹមបូព៌ា អ៉ីរ៉ាក់ ស៊ីរី វិញ កុំមកលូកលាន់កិច្ចការរបស់កម្ពុជា។
ការប្រតិកម្មខ្លាំងៗរបស់ប្រមុខដឹកនាំគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះ ធ្វើឡើងបន្ទាប់ពី​មន្ត្រី​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ថា​ គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា ជា​គណៈកម្មការ​មួយ​ដែល​មិន​មាន​ការ​ទទួល​ស្គាល់​ពី​សហគមន៍​អន្តរជាតិ ជា​ស្ថាប័ន​មិន​មាន​ឯករាជ្យភាព​មិន​មាន​វិជ្ជាជីវៈ និង​មិន​មាន​ស្តង់ដារ​ខ្ពស់​ផ្នែក​សិទ្ធិមនុស្ស​នោះ​ឡើយ។
ឆ្លើយតបនឹងការលើកឡើងរបស់អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិនេះ លោក កែវ រ៉េមី បានអះអាងថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា របស់លោក រាល់ឆ្នាំតែងតែមានទំនាក់ទំនងជាមួយអង្គការ សហប្រជាជាតិទទួលបន្ទុកកិច្ចការសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែល ជាប់ជាប្រចាំ រួមទាំងមានទំនាក់ទំនងជាមួយអង្គការសិទ្ធិមនុស្សនៅអាស៊ីផងដែរ។
លោក កែវ រ៉េមី បានបញ្ជាក់យ៉ាងដូច្នេះថា «ពាក់ព័ន្ធអង្គការ Human Rights Watch ហ្នឹង គួរមើលពិនិត្យមើលបច្ចឹមបូព៌ា ស៊ីរី លីប៊ី អ៉ីរ៉ាក់ មានមនុស្សស្លាប់រាល់ថ្ងៃ សម្លេងយន្តហោះទម្លាក់គ្រាប់បែកទៅមកទៅមក ក្មេងស្រ្តីហ្នឹងយ៉ាងមិចយ៉ាងណា ហើយជនភៀសខ្លួនគិតយ៉ាងមិច ពិនិត្យមើលដាក់ពិន្ទុលើអាមេរិកផង មានការរើសអើមខ្លាំងលើជនភៀសខ្លួន....» (សូមស្តាប់កិច្ចសម្ភាសន៍នៅខាងក្រោម)។
សូមជំរាបថា កាលពីម្សិលមិញនៅក្នុងពីធីសន្និសីទសារព័ត៌មាន លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងឲ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គួរតែទទួលបានពានរង្វាន់ណូប៊ែលពិភពលោក ពីព្រោះសម្តេចមានសម្បត្តិធំធែងណាស់ ក្នុងការសង្គ្រោះជីវិតមនុស្ស។ លោក កែវ រ៉េមី បានលើកឡើងយ៉ាងដូច្នេះថា៖ «ល្មមដល់ពេលដែលផ្ដល់ឲ្យគាត់ (សម្តេចតេជោ) នូវពានរង្វាន់សន្ដិភាព រឺក៏ពានរង្វាន់លើវិស័យសិទ្ធិមនុស្សជូនគាត់ ក៏ប៉ុន្ដែផ្ទុយទៅវិញ ចំណុច២សំខាន់នេះ ត្រូវបានគេបំផ្លិញ មួលបង្កាច់បង្អាប់ បន្ទុក មនុស្សដែលមានគុណសម្បត្តិស្មើមហាមេឃ»

ជាមួយនោះដែរ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានប្រតិកម្មទៅនឹងសេចក្តីថ្លែងការណ៍របស់ លោក ឆាល សាន់ទីអេហ្គោ (Charles Santiago) ប្រធានក្រុមមួយដែលដាក់ឈ្មោះខ្លួនឯងថា «ក្រុមសមាជិកសភាអាស៊ាន» ដែលវាយប្រហារកម្ពុជា ខ្លាំងៗអំពីបញ្ហាសិទ្ធិមនុស្ស។ លោកចាត់ទុកថា តំណាងរាស្រ្ត នៃប្រទេសសមាជិកអាស៊ានមួយ កំពុងរំលោភលើគោលការណ៍អាស៊ាន ដែលមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេសសមាជិកដទៃ៕

ប្រភពពីFreshnews

នៅរសៀលនេះ គណបក្សសង្រ្គោះជាតិ នឹងជួបប្រជុំជាមួយតំណាងក្រសួងមហាផ្ទៃដើម្បីពិភាក្សារឿងសមាជខុសច្បាប់

ជំនួបរវាងតំណាងក្រសួងមហាផ្ទៃ និងគណបក្សសង្គ្រោះជាតិ ដើម្បីពិភាក្សាអំពីការចោទប្រកាន់​ថា សមាជជ្រើសរើសក្បាលម៉ាស៊ីន គណបក្សសង្គ្រោះជាតិខុសច្បាប់នោះ នឹងធ្វើឡើងនៅវេលាម៉ោង ២៖៣០នាទីរសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងនាពេលកន្លងមកថា ជំនួបនេះ ធ្វើឡើងក្នុងក្របខណ្ឌបច្ចេកទេស មិនមែនក្របខណ្ឌនយោបាយទេ។ លោក ប្រាក់ សំអឿន អគ្គនាយករដ្ឋបាលនៃក្រសួងមហាផ្ទៃ ត្រូវបានចាត់តាំងជាតំណាងក្រសួងមហាផ្ទៃ ដែលត្រូវជួបពិភាក្សាជាមួយបក្សប្រឆាំង។ ចំណែកសមាសភាព មកពីគណបក្សប្រឆាំង គេនៅមិនទាន់ដឹងនៅឡើយទេ។

ជំនួបនេះ ធ្វើឡើងបន្ទាប់ពីគណបក្សសង្រ្គោះជាតិ បានរៀបចំលិខិតផ្លូវការមួយ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧  ដើម្បីសុំជួបលោកឧបនាយករដ្ឋមន្រ្តី ស ខេង ពន្យល់អំពីការរៀបចំសមាជរបស់ខ្លួន កាលពីដើមខែមីនា។ លិខិតរបស់គណបក្សសង្រ្គោះជាតិ បានធ្វើឡើងបន្ទាប់ពី ក្រសួងមហាផ្ទៃបានជូនដំណឹងថា សមាជរបស់គណបក្សសង្រ្គោះជាតិ ជ្រើសតាំងប្រធាន និងអនុប្រធានថ្មី ខុសលក្ខន្តិកៈនោះ ហើយក្រសួងនេះក៏ស្នើឱ្យគណបក្សសង្រ្គោះជាតិដូរសារនយោបាយ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» ផងដែរ៕