Wednesday, March 29, 2017

គណៈកម្មការរដ្ឋសភា បើកកិច្ចប្រជុំពិភាក្សាសេចក្តីព្រាងច្បាប់អនុម័តយល់ព្រមពិធីសារទី៣ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ

នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ នៅវិមានរដ្ឋសភា គណៈកម្មការទី៩នៃរដ្ឋសភា ដឹកនាំដោយលោកស្រី និន សាផុន ប្រធានគណៈកម្មការ សហការជាមួយគណៈកម្មការទី៥នៃរដ្ឋសភា ដឹកនាំដោយលោក ឈាង វុន ប្រធានគណៈកម្មការ បានបើកកិច្ចប្រជុំពិនិត្យពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិ​ជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូ​លា​យ ក្នុងចំណោមរដ្ឋាភិបាលនៃប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធា​រណរដ្ឋកូរ៉េ ជាមួយតំណាងរាជរដ្ឋាភិបាលដឹកនាំដោយលោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងសហការី ដោយបានសម្រេចដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គនៃរដ្ឋសភាដើម្បីពិភាក្សានិងអនុម័តនាពេលខាងមុខនេះ។
ពិធីសារទី៣នេះ មានចំនួន ១១មាត្រា ដែលបានធ្វើវិសោធនកម្មលើមាត្រាមួយចំនួននៃកិច្ចព្រមព្រៀង និងជំនួសដោយមាត្រាថ្មី ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើការសម្រួលពាណិជ្ជកម្ម ដោយបញ្ជាក់ឱ្យបានច្បាស់អំពីទំហំ និងលក្ខខណ្ឌ ដែលភាគីមួយចំនួនអាចអនុវត្តការព្រមព្រៀងបដិកាចំពោះប្រព្រឹត្តកម្មអត្រាពន្ធគយ (Reciprocal Treat​ment) ផ្តល់កម្មវិធីកាត់បន្ថយ និង/ឬ លុបបំបាត់អត្រាពន្ធគយតាមបន្ទាត់ពន្ធនីមួយៗ ដោយអនុ​លោមតាមការប្តេជ្ញាចិត្តរបស់ភាគីនីមួយៗ និងបន្ថែមនីតិវិធីគយ និងការសម្រួលពាណិជ្ជកម្ម ។
ពីធីសារទី៣នេះ នឹងផ្តល់អត្ថប្រយោជន៍សំខាន់ៗដូចខាងក្រោម៖
១- បញ្ចូលនីតិវិធីគយ និងសម្រួលពាណិជ្ជកម្ម៖ ជានីតិវិធីមួយដែលធ្វើឱ្យការបំពេញបែបបទគយបានក្នុងរយៈពេលខ្លីនិងឆាប់រហ័ស
២- បញ្ជាក់មុខទំនិញឱ្យបានច្បាស់លាស់នៅក្នុងកម្មវិធីកាត់បន្ថយ ឬលុបបំបាត់អត្រាពន្ធគយនូវកម្មវិធីរួម ដែលជាវិធានមួយសម្រួលដល់អ្នកនាំចេញ-នាំចូលមានភាពងាយស្រួលក្នុងការពិនិត្យមើលថាតើទំនិញណាមាននៅក្នុងកម្មវិធីធម្មតានិងកម្មវិធីវេទយិត
៣- អនុញ្ញាតឱ្យផលិតករអាចគណនាលើសមាសភាពតម្លៃតំបន់តាមរូបមន្តមួយណាក៏បាន ក្នុងចំណោមរូបមន្តទាំងពីរ ដែលនៅក្នុងកិច្ចព្រមព្រៀងដើមអនុញ្ញាតឱ្យគណនាតាមតែរូបមន្តណាដែលភាគីនោះបានជ្រើសរើសតែប៉ុណ្ណោះ។ ការអនុគ្រោះនេះជាការសម្រួលដល់ផលិតករក្នុងស្រុក៕


No comments:

Post a Comment