Wednesday, March 29, 2017

រដ្ឋមន្ត្រី​ក្រសួងការ​បរទេស ជួបពិភា​ក្សាការងារ​ជាមួយតំណាង​រាស្ត្ររដ្ឋម៉ា​សា​ឈូសេត​នៃ​​ស​ហរដ្ឋអាមេរិក​

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជា នាព្រឹកថ្ងៃទី ២៩ មីនា ២០១៧ បានអនុញ្ញាតឱ្យលោក រ៉ាឌី មុំ តំណាងរាស្ត្ររដ្ឋ ម៉ាសាឈូសេត នៃសហរដ្ឋអាមេរិកចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នាទីស្តីការក្រសួង រាជធានីភ្នំពេញ។
លោក រ៉ាឌី មុំ បានចូលជួបលោកប្រាក់សុខុននាពេលនេះ ខណៈដែលរូបលោកបានមកបំពេញទស្សនកិច្ចនៅកម្ពុជា។ លោក ប្រាក់ សុខុនបានស្វាគន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់តំណាងរាស្ត្ររដ្ឋ ម៉ាសាឈូសេតរូបនេះហើយលោកក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោក រ៉ាឌី មុំ ដែលជាជនជាតិខ្មែរ បានតស៊ូរហូតក្លាយជាតំណាងរាស្ត្រនៅសហរដ្ឋអាមេរិក។ លោ រ៉ាឌី មុំ ក៏បានបានជម្រាបជូនលោកប្រាក់សុខុន អំពីការប្រឹងប្រែរបស់រូបលោក ក្នុងការជួយដល់សហគមខ្មែរ នៅសហរដ្ឋអាមេរិកនាពេលកន្លងមក ហើយលោកបញ្ជាក់ទៀតថា លោកចង់ឲ្យមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងយុវជនកម្ពុជា និងយុវជនសហរដ្ឋអាមេរិក ជាពិសេសលើវិស័យកីឡា។ នាឱកាសនោះដែរ លោកប្រាក់ សុខុន ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងសហរដ្ឋអាមេរិកនិងកម្ពុជាដែលមានការរីកចម្រើន ជាពិសេសវិស័យទេសចរ ដោយកំណើនទេសចរអាមេរិកមកកាន់កម្ពុជាមានការកើនឡើងជាលំដាប់ ហើយទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានឈានដល់ជាង៣ពាន់លានដុល្លារហើយ គិតត្រឹមឆ្នាំ២០១៦។ ក្រៅពីនេះ ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការបោសសំអាតមីនផងដែរ។
នេះបើយោងតាមការលើកឡើងរបស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសនៃប្រទេសកម្ពុជាថ្លែងប្រាប់ក្រុមអ្នកសារព័តមានក្រោយបញ្ចប់ជំនួបនាពេលនោះ។
លោកបន្តថា លោក រ៉ាឌី មុំ តំណាងរាស្ត្ររដ្ឋម៉ាហ្សាឈូសេតក៏ធ្លាប់បានមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីខែធ្នូ ២០១៤ផងដែរ ដោយប្រៀបធៀបចំពោះដំណើរទស្សនកិច្ចនាពេលនេះ លោកសង្កេតឃើញថា កម្ពុជាមានការរីកចម្រើនខ្លាំង ជាពិសេសកំណើនសេដ្ឋកិច្ច និង សន្តិសុខល្អប្រសើររបស់ប្រទេសកម្ពុជា៕




No comments:

Post a Comment