Wednesday, March 29, 2017

កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់កម្ពុជា-ចិន និងកិច្ចសហប្រតិបត្តិការភាពជាដៃគូ ជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកាន់តែទូលំទូលាយ

សៀមរាប៖ មន្រ្តីជាន់ខ្ពស់កម្ពុជា-ចិន បានបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួន​ កាន់តែខ្លាំងឡើង សម្រាប់ការអនុវត្តទៅថ្ងៃមុខ ដើម្បីធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នៃភាពជាដៃ គូជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន កាន់តែទូលំទូលាយ ស៊ីជម្រៅ និងផ្លែផ្កា ដែលនឹង ផ្តល់នូវផលប្រយោជន៍ដល់ប្រទេសទាំងពីរ ជាពិសេសប្រជាជនកម្ពុជា ក្នុងការធានារក្សាសន្តិភាព ស្ថេរភាព នយោបាយ ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងការ លើកតម្កើងជីវភាព រស់នៅប្រចាំថ្ងៃរបស់ប្រជាជន។
ការប្តេជ្ញារវាងមន្រ្តីជាន់ខ្ពស់នៃប្រទេសទាំង២នេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ សម្របសម្រួលអន្តររដ្ឋាភិបាល កម្ពុជា-ចិន ថ្នាក់អគ្គលេខាធិការលើកទី៤ នៅសណ្ឋាគារសុខា នាខេត្តសៀមរាប ដែលបានបញ្ចប់នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ។
កិច្ចប្រជុំនេះដឹកនាំរបស់លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការខាងភាគីកម្ពុជា និងលោក លីវ ជីវមីន អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន និងជាអគ្គលេខាធិការខាងភាគីចិន។ កិច្ចប្រជុំមនេះ ក៏មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធសំខាន់ៗ នៃប្រទេសទាំងពីរផងដែរ។
យោងតាមមន្រ្តីដែលចូលរួមកិច្ចប្រជុំបានឱ្យដឹងថា កិច្ចប្រជុំថ្នាក់អគ្គលេខាធិការនេះ ជាកិច្ចប្រជុំសម្រាប់ត្រៀមរៀបចំ កិច្ចប្រជុំផ្លូវការ នៃគណៈកម្មការសម្រប សម្រួល អន្តររដ្ឋាភិបាល កម្ពុជា-ចិន លើកទី៤ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅកម្ពុជា នៅចុងខែមេសាខាងមុខនេះ។
អង្គប្រជុំបានធ្វើការបូកសរុប វឌ្ឍនភាពការងារដែលសម្រេចបាន នៅក្នុងរយៈពេលកន្លងមក ជាពិសេសការងារ ពាក់ព័ន្ធទៅនឹងលទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោកប្រធានាធិបតី ស៊ី ជិនពីង មកកាន់កម្ពុជា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ដែលជាទស្សនកិច្ចមួយ មានលក្ខណៈជាប្រវត្តិសាស្រ្ត ហើយបានជួយលើកកម្ពស់កម្រិត នៃទំនាក់ទំនង កម្ពុជា-ចិន ឱ្យទៅដល់កម្រិតជាមិត្តភាពពិសេស ក៏ដូចជា ការបន្តប្រពៃណី ទំនាក់ទំនងល្អ នៃថ្នាក់ដឹកនាំកំពូលនៃ ប្រទេសទាំងពីរ ដែលជាស្នាព្រហស្ថរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ មកទល់នឹងពេលបច្ចុប្បន្ន និងរហូតតទៅថ្ងៃមុខទៀត។
អង្គប្រជុំក៏បានធ្វើការពិភាក្សា លើការងារត្រៀមរៀបចំសម្រាប់ការចូលរួមរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅក្នុងវេទិកាកំពូលជាអន្តរជាតិស្តីពី «ខែ្សក្រវ៉ាត់មួយ ផ្លូវមួយ» ក៏ដូចជាដំណើរទស្សនផ្លូវការរបស់ លោកនាយករដ្ឋមន្រ្តី ទៅកាន់ប្រទេសចិន នាពាក់កណ្តាលខែឧសភាខាងមុខនេះ។ សម្រាប់កិច្ចប្រជុំនេះបានបញ្ចប់ទៅ ដោយជោគជ័យ ហើយទទួលបាននូវលទ្ធផលផ្លែផ្កា គួរជាទីពេញចិត្តនៅក្នុងស្មារតីមិត្តភាព និងកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និត និងស្មោះត្រង់។
ចប់ការប្រជុំរយៈពេលប៉ុន្មានថ្ងៃនេះ ថ្នាក់ដឹកនាំទាំង២ប្រទេស បានដើរកំសាន្ត និងទស្សនកិច្ចប្រាង្គប្រាសាទអង្គរវត្តផងដែរ៕







No comments:

Post a Comment