Wednesday, October 13, 2021

អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមដំណើរការសាងសង់ស្ពានថ្មថ្មីនៅរមណីយដ្ឋានក្បាលស្ពាន

ក្រុមការងារអភិរក្សក្រៅឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមដំណើរការសាងសង់ស្ពានថ្មថ្មីជំនួសស្ពានចាស់នៅតំបន់រមណីយដ្ឋានក្បាលស្ពានឱ្យប្រសើរឡើងវិញ។

លោក ពុទ្ធ សុទ្ធ មន្ត្រីជំនាញនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បានឱ្យដឹងថា៖ ស្ពានឈើចាស់នៅរមណីយដ្ឋានក្បាលស្ពាន បានរងនូវការខូចខាត ចាស់ទ្រុឌទ្រោម ដោយអាកាសធាតុ និងអាយុកាល។ ការសាងសង់ស្ពានថ្មថ្មីនេះ មានទំហំទទឹង២.៤ម៉ែត្រ បណ្ដោយប្រវែង១២ម៉ែត្រ ធ្វើពីបេតុងក្រាលក្តារ។

ដំណើរការសាងសង់ស្ពានចាប់ដំណើរការពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ គ្រោងនឹងបញ្ចប់នៅពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ៕







ពិធីបើកវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យប្រើប្រាស់ទម្រង់ដីកានានា ពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ

កោះកុង៖  ថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១ លោក ស្រេង ហុង អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាល និងផ្សព្វផ្សាយស្តីពីការដាក់ឱ្យប្រើប្រាស់ទម្រង់ដីកានានា ពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ជូនរដ្ឋបាលស្រុកមណ្ឌលសីមា។

លោកអភិបាលរងខេត្ត បានលើកឡើងថា ទម្រង់ដីកានានា នៅគ្រប់រដ្ឋបាលទាំងអស់តែងតែបានអនុវត្តជាប្រចាំនាកន្លងមក បានសមស្របទៅនឹងគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ កិច្ចការនេះមិនមែនជាកិច្ចការថ្មីនោះទេ តែយើងត្រូវតែរំលឹកជាប្រចាំដល់មន្ត្រីរាជការទាំងអស់នៅរដ្ឋបាលស្រុក ដើម្បីឱ្យការប្រើប្រាស់ទម្រង់ដីកានានា ពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ កាន់តែមានភាពល្អប្រសើរបន្ថែមទៀត និងឲ្យមានជាគំរូតែមួយ ជៀសវាងរដ្ឋបាល ក្រុង ស្រុក នីមួយៗតាក់តែងដីកាខុសៗគ្នា។ មួយវិញទៀតត្រូវពង្រឹងសមត្ថភាពមន្ត្រីជាប្រចាំ ដើម្បីឱ្យសមត្ថភាពរបស់មន្ត្រីរាជការនៅថ្នាក់ក្រោមជាតិកាន់តែមានសមត្ថភាពខ្ពស់ និងមានប្រសិទ្ធភាពក្នុងការតែងតាំង ឬប្រគល់ភារកិច្ច៕





សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។ 

ក្នុងឱកាសដ៏ប្រពៃនៃទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៣ តុលា ២០២១ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងនូវសារលិខិត ជូនបងប្អូនជនរួមជាតិទាំងអស់ជាទីស្រឡាញ់ ក្នុងគោលបំណងលើកកម្ពស់វប្បធម៌ ត្រៀមបង្ការហានិភ័យគ្រោះមហន្តរាយ ដែលយើងម្នាក់ៗត្រូវ ចូលរួម និងចាត់ទុកការគ្រប់គ្រងគ្រោះមហន្តរាយ គឺជាភារកិច្ចយើងទាំងអស់គ្នា។

ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយប្រារព្ធ ធ្វើឡើងនាថ្ងៃទី១៣ ខែតុលា ជារៀងរាល់ឆ្នាំ ដែលរាជរដ្ឋាភិបាល បានសម្រេចកំណត់ស្របជាមួយទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិកាត់បន្ថយគ្រោះមហន្តរាយ។ ឆ្នាំនេះជាឆ្នាំទី២ នៃការប្រារព្ធពិធី ប៉ុន្តែអាស្រ័យដោយស្ថានភាពនៃជំងឺកូវីដ-១៩ មិនទាន់ស្រាកស្រាន្តដែលជាហេតុមិនអាចឱ្យមានការជួបជុំមហាជនប្រារព្ធមីទ្ទីង និងធ្វើយុទ្ធនាការអប់រំ អំពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនោះបានឡើយ៕

ខាងក្រោមនេះ ជាសារលិខិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា៖






អភិបាលខេត្តកំពង់ចាម ណែនាំឲ្យមន្ទីរកសិកម្មរៀបចំផែនការជួយរកទីផ្សារឱ្យប្រជាកសិករ ក្រោយដាំដុះបានផល

កំពង់ចាម៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នៅថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២១ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំដល់មន្ត្រីនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តឲ្យរៀបចំផែនការដើម្បីជួយរកទីផ្សារកសិផល ដល់ប្រជាកសិករ ដែលពួកគាត់កំពុងប្រឈមលើបញ្ហានេះ។ 

លោកអភិបាលខេត្ត បានបញ្ជាក់ថា បញ្ហាកសិផលខ្វះទីផ្សារនេះ បានកើតឡើងលើប្រជាកសិករមិនត្រឹមតែក្នុងខេត្តកំពង់ចាមនោះទេគឺបណ្ដារខេត្តផ្សេងៗក៏ជួបប្រទះបញ្ហានេះដែរ ពោលគឺក្រោយពេលពួកគាត់ដាំដុះបានផលហើយគ្មានទីផ្សារធ្វើឲ្យពួកគាត់សម្រេចចិត្តលក់ក្នុងតម្លៃថោកខាតបង់ និងប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់ជាលំដាប់ផងដែរ។ 

ជុំវិញបញ្ហានេះ លោកអភិបាលខេត្ត បានជំរុញឲ្យមន្ត្រីនៃអង្គភាពមន្ទីរកសិកម្មធ្វើការសិក្សា ពិនិត្យលទ្ធភាពដើម្បីបង្កើតសហគមន៍ជួយទិញកសិផលរបស់ប្រជាកសិករយើង ដោយសិក្សាលើប្រភេទដំណាំ៣ខែម្តងថាតើកសិករយើងប្រមូលផលអ្វីដូច្នេះមន្ទីរជំនាញត្រូវចងក្រងជាសហគមន៍ដោយមានការសហការជាមួយអាជ្ញាធរឃុំ និងមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត ដើម្បីជួយទិញកសិផលរបស់ពួកគាត់និងទំនាក់ទំនងធ្វើការនាំចេញនូវទំនិញទាំងនោះទៅទីផ្សារក្រៅប្រទេស។ 

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត បានប្រាប់ទៅមន្ទីរជំនាញត្រូវចុះណែនាំដល់ប្រជាកសិកររបស់យើងឲ្យពួកគាត់ចេះដាំដុះដំណាំណាដែលសមស្របតាមតម្រូវការទីផ្សារផងដែរ៕








សារព័ត៌មាន The Guardian ផ្ញើលិខិតមកក្រសួងការបរទេសកម្ពុជា សោកស្តាយចំពោះកំហុសរបស់ខ្លួនដែលផ្សាយខុសការពិតថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទិញសញ្ជាតិពីប្រទេសស៉ីព្រ ហើយបានកែតម្រូវឡើងវិញ

 (ភ្នំពេញ)៖ សារព័ត៌មាន The Guardian បានផ្ញើលិខិតមកលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដោយសម្តែងសោកស្តាយចំពោះកំហុសរបស់ខ្លួន និងបង្កឱ្យមានការបារម្ភដល់សលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលផ្សាយខុសការពិតថា លោកនាយករដ្ឋមន្រ្តីកម្ពុជា ទិញសញ្ជាតិពីប្រទេសស៉ីព្រ ហើយបានបញ្ជាក់អំពីការកែតម្រូវអត្ថបទរបស់ខ្លួនឡើងវិញផងដែរ។ នេះបើយោងតាមលិខិតការិយាល័យកម្មវិធីមិត្តអ្នកអានសារព័ត៌មាន The Guardian នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។

ខាងក្រោមនេះជាសារលិខិតទាំងស្រុងរបស់សារព័ត៌មាន the Guardian៖

ជូនចំពោះ ឯកឧត្តម រដ្ឋលេខាធិការ

ខ្ញុំសរសេរសារអេឡិចត្រូនិក (email) នេះ ក្នុងការឆ្លើយតបទៅនឹងលិខិតរបស់ ឯកឧត្តម ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ (បានទទួលនៅវេលាម៉ោង ១៣.១៩ GMT នៅថ្ងៃនេះ) ដែលបានអានរួចហើយដោយលោកស្រី និពន្ធនាយក ខេតធឺរីន វីននឺរ (Katherine Viner) និងបានបញ្ជូនមកខ្ញុំ ដែលមានតួនាទីជាអ្នកទទួលខុសត្រូវកម្មវិធីមិត្តអ្នកអាន (ត្រួតពិនិត្យផ្ទៃក្នុង-internal Ombudsman)។

ខ្ញុំអាចធានាចំពោះ ឯកឧត្តម បានថា កំហុសឆ្គងត្រូវបានរកឃើញនិងជម្រាបមកខ្ញុំ ដោយបុគ្គលិក ដែលជាអ្នកសរសេរអត្ថបទផ្ទាល់របស់សារព័ត៌មានដឺហ្គាឌីយែន (the Guardian)កាលពីម្សិលម៉ិញ ហើយអត្ថបទនោះត្រូវបានកែសម្រួល និងបានបញ្ជាក់ការកត់ចំណាំនៅចុងអត្ថបទរួច (footnoted)។ ឯកឧត្តម អាចឃើញអត្ថបទដែលបានកែសម្រួលថ្មី ដែលមានការពាក់ព័ន្ធដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដូចមានក្នុងតំណភ្ជាប់នៅទីនេះ។

អត្ថបទ នឹងត្រូវបានគ្រោងដាក់បញ្ចូលបន្ថែមទៅក្នុងបញ្ជីផ្នែកការកែតម្រូវ និងការបកស្រាយបញ្ជាក់ (Correction and Clarification Column) តាមប្រព័ន្ធអនឡាញ នាពេលក្រោយ នៅក្នុងថ្ងៃនេះ (ម៉ោងផ្សព្វផ្សាយ ២០:០០ GMT)។

ស្មេរអត្ថបទមានការសោកស្តាយដោយបង្កឱ្យមានការបារម្ភដល់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប៉ុន្តែមានសង្ឃឹមថា ចំណាត់ការឆ្លើយតបយ៉ាងឆាប់រហ័សក្នុងការកែតម្រូវកំហុសឆ្គងនេះ នឹងផ្តល់នូវដំណោះស្រាយគួរជាទីពេញចិត្ត។

សូម ឯកឧត្តម ទទួលនូវការរាប់អានដ៏ស្មោះស័គ្រ្មពីខ្ញុំ។

អេលីសាបែត រីបប៊ែន (Elisabeth Ribbans)
កម្មវិធីមិត្តអ្នកអាន




ទេសរដ្ឋមន្ត្រី គន់ គីម ប្រាប់ពលរដ្ឋរងគ្រោះដោយទឹកជំនន់ថា «ពេលពលរដ្ឋមានទុក្ខ សម្តេចតេជោ មិនដែលទុកពលរដ្ឋចោលនោះឡើយ»

បន្ទាយមានជ័យ៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាននាំយកអំណោយលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ១,១៩៨គ្រួសារ មកពីក្រុងសិរីសោភ័ណ្ឌ និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១។ 

ពិធីចែកអំណោយនោះ មានការចូលរួមពីសំណាក់លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, ឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន នាយរងសេនាធិការចម្រុះ ទទួលទិសយោធភូមិភាគទី៤ និងទី៥ ព្រមទាំងបណ្តាកងកម្លាំងចម្រុះផងដែរ។ ជួសមុខឱ្យប្រជាពលរដ្ឋរងគ្រោះ លោកអភិបាលខេត្ត បានថ្លែងនូវអំណគុណយ៉ាងជ្រៀលជ្រៅចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជានិច្ចកាលបានគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ដោយបានផ្តល់អំណោយសង្គ្រោះជាស្បៀងអាហារ នាពេលនេះ។ 

ក្នុងនោះលោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានកោតសសើរគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគ្រប់ផ្នែកទាំងអស់ក្នុងមូលដ្ឋាន ដែលបានអនុវត្តន៍ផែនការទប់ស្កាត់ និងដោះស្រាយបញ្ហាបណ្តាលមកពីគ្រោះទឹកជំនន់តាមសរាចរណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ 

ជាពិសេសទៅទៀតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញនូវយុទ្ធសាស្ត្រជាច្រើន ដើម្បីកសាងអភិវឌ្ឍន៍ប្រទេស និងជម្នះការលំបាកទាំងឡាយកើតមាននៅក្នុងសង្គម ដើម្បីនាំមកនូវការរីកចម្រើនសម្រាប់សង្គមជាតិ និងនាំមកនូវជីវភាពកាន់តែប្រសើរជូនប្រជាពលរដ្ឋ។ 

ជាមួយគ្នានោះលោក គន់ គីម បានមានប្រសាសន៍ផ្តាំផ្ញើរដល់បងប្អូនត្រូវមានការប្រុងប្រយត្ន័ខ្ពស់នូវជំនន់ទឹកភ្លៀងនេះ និងបន្តចូលរួមគោរព និងអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍រក្សាអនាម័យល្អ រួមជាមួយនឹងវិធានការនានារបស់ក្រសួងសុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ ការពារនិងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលពិភពលោកបច្ចុប្បន្នកំពុងប្រឈមមុខនឹងការរាតត្បាតយ៉ាងខ្លាំងដោយសារជំងឺដ៏កាចសាហាវមួយនេះ៕










លោក ឃឹម ច័ន្ទឌី ដឹកនាំកិច្ចប្រជុំពិភាក្សាកំណត់ និងបំពេញបន្ថែមនូវសូចនាករនៃការវាយតម្លៃទីក្រុងស្អាតសម្រាប់បេក្ខភាពក្រុងខេមរភូមិន្ទខេត្តកោះកុង

កោះកុង៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ លោក ឃឹម ច័ន្ទឌី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាកំណត់ និងបំពេញបន្ថែមនូវសូចនាករនៃការវាយតម្លៃទីក្រុងស្អាតសម្រាប់បេក្ខភាពក្រុងខេមរភូមិន្ទខេត្តកោះកុង។

លោក ឃឹម ច័ន្ទឌី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានលើកឡើងនូវចំណុចសំខាន់មួយចំនួនដូចជា៖

១- រដ្ឋបាលក្រុងខេមរភូមិន្ទ យកចិត្តទុកដាក់រៀបចំបំពេញឯកសារដែលតម្រូវដោយសូចនាករវាយតម្លៃទីក្រុងស្អាតឆ្នាំ២០២១-២០២៤

២- មន្ទីរ-អង្គភាពពាក់ព័ន្ធ ត្រូវសហការជិតស្និទ្ធ ជាមួយរដ្ឋបាលក្រុងខេមរភូមិន្ទដើម្បីធានាថាក្រុមការងារទទួលបានឯកសារពេញលេញនិងគ្រប់ជ្រុងជ្រោយដើម្បីដាក់ជូនគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ពិនិត្យ និងវាយតម្លៃ

៣- ការសម្រេចកាលបរិច្ឆេទចុងក្រោយនៃការទទួលឯកសារទិន្នន័យពីតាមបណ្តាមន្ទីរ-អង្គភាព ដែលក្រសួងទេសចរណ៍កំណត់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១៕










លោក គួច ចំរើន អញ្ជើញចុះពិនិត្យទីលានទុកដាក់សំរាម និងសំណល់រឹងទីប្រជុំជនស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់

ព្រះសីហនុ៖ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យទីលានទុកដាក់សំរាម និងសំណល់រឹងទីប្រជុំជន ស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលក្រុងព្រះសីហនុ លោកអភិបាលស្រុកព្រៃនប់ និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ។ 

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានលើកឡើងថា កំណើនប្រជាពលរដ្ឋ អ្នកវិនិយោគ និងអាជីវកម្មផ្សេងៗដែលធ្វើឱ្យកាកសំណល់ក៏មានការកើនឡើងដូចគ្នាដូច្នេះយើងត្រូវប្រមូលព័ត៌មានដើម្បីរៀបចំផែនការយុទ្ធសាស្រ្តឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការគ្រប់គ្រងសំរាម។ លោកអភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែមថា ទីលានទុកដាក់សំរាម និងសំណល់រឹងទីប្រជុំជននេះគឺជាទីលានគំរូមួយសម្រាប់ការគ្រប់គ្រងសំរាមដើម្បីលើកកម្ពស់បរិស្ថានសម្រាប់ខេត្តព្រះសីហនុ។ ក្នុងនោះ លោកបានលើកទឹកចិត្តដល់អ្នកវិនិយោគឱ្យមកបណ្តាក់ទុនលើការកែច្នៃសំរាម និងឡដុតបំលែងសំរាមទៅជាថាមពលអគ្គិសនីដើម្បីផ្គត់ផ្គង់ការប្រើប្រាស់មួយផ្នែកនៃតម្រូវការសរុប។ល។

ទន្ទឹមនឹងនេះ លោកអភិបាលខេត្ត ក៏បានធ្វើការណែនាំឱ្យលោកអភិបាលស្រុកព្រៃនប់និងលោកប្រធានមន្ទីរបរិស្ថានខេត្ត រៀបចំឯកសារធ្វើប្លង់ទីតាំងទុកដាក់សំរាមនេះ ដើម្បីគ្រប់គ្រងជាដីសាធារណៈរបស់រដ្ឋ និងការប្រើប្រាស់រយៈពេលយូរអង្វែង។ ទីលានទុកដាក់សំរាម និងសំណល់រឹងទីប្រជុំជន នៅឃុំអូរឧកញ៉ាហេងនេះគឺអាចទទួលយកសំរាមចេញពីក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ទន្ទឹមនេះរដ្ឋបាលខេត្តគ្រោងសិក្សាទីតាំងសម្រាប់ទុកដាក់សំរាមនិងសំណល់រឹងនៅស្រុកស្ទឹងហាវ ស្រុកកំពង់សីលា និងក្រុងកោះរ៉ុងបន្តទៀត៕