Wednesday, October 13, 2021

អភិបាលខេត្តកំពង់ចាម ណែនាំឲ្យមន្ទីរកសិកម្មរៀបចំផែនការជួយរកទីផ្សារឱ្យប្រជាកសិករ ក្រោយដាំដុះបានផល

កំពង់ចាម៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នៅថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២១ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំដល់មន្ត្រីនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តឲ្យរៀបចំផែនការដើម្បីជួយរកទីផ្សារកសិផល ដល់ប្រជាកសិករ ដែលពួកគាត់កំពុងប្រឈមលើបញ្ហានេះ។ 

លោកអភិបាលខេត្ត បានបញ្ជាក់ថា បញ្ហាកសិផលខ្វះទីផ្សារនេះ បានកើតឡើងលើប្រជាកសិករមិនត្រឹមតែក្នុងខេត្តកំពង់ចាមនោះទេគឺបណ្ដារខេត្តផ្សេងៗក៏ជួបប្រទះបញ្ហានេះដែរ ពោលគឺក្រោយពេលពួកគាត់ដាំដុះបានផលហើយគ្មានទីផ្សារធ្វើឲ្យពួកគាត់សម្រេចចិត្តលក់ក្នុងតម្លៃថោកខាតបង់ និងប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់ជាលំដាប់ផងដែរ។ 

ជុំវិញបញ្ហានេះ លោកអភិបាលខេត្ត បានជំរុញឲ្យមន្ត្រីនៃអង្គភាពមន្ទីរកសិកម្មធ្វើការសិក្សា ពិនិត្យលទ្ធភាពដើម្បីបង្កើតសហគមន៍ជួយទិញកសិផលរបស់ប្រជាកសិករយើង ដោយសិក្សាលើប្រភេទដំណាំ៣ខែម្តងថាតើកសិករយើងប្រមូលផលអ្វីដូច្នេះមន្ទីរជំនាញត្រូវចងក្រងជាសហគមន៍ដោយមានការសហការជាមួយអាជ្ញាធរឃុំ និងមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត ដើម្បីជួយទិញកសិផលរបស់ពួកគាត់និងទំនាក់ទំនងធ្វើការនាំចេញនូវទំនិញទាំងនោះទៅទីផ្សារក្រៅប្រទេស។ 

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត បានប្រាប់ទៅមន្ទីរជំនាញត្រូវចុះណែនាំដល់ប្រជាកសិកររបស់យើងឲ្យពួកគាត់ចេះដាំដុះដំណាំណាដែលសមស្របតាមតម្រូវការទីផ្សារផងដែរ៕








No comments:

Post a Comment