Thursday, May 21, 2020

ស្ថានីយផលិតអគ្គិសនី២កន្លែងទៀតគ្រោងនឹងសាងសង់នៅខេត្តពោធិ៍សាត់ដែលមានអានុភាពសរុប១៤០មេហ្គាវ៉ាត់

ពោធិ៍សាត់៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា ស្ថានីយផលិតអគ្គិសនី ចំនួន២កន្លែងទៀត គ្រោងនឹងសាងសង់នៅខេត្តពោធិ៍សាត់ ដែលមានថាមពលអគ្គិសនីសរុប ១៤០មេហ្គាវ៉ាត់ ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋប្រើប្រាស់។ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ម៉ៅ ធនិន បានបញ្ជាក់ថា គម្រោងទាំងពីរនេះ គឺមួយជាវារីអគ្គិសនី ដែលលគ្រោងសាងសង់នៅស្ទឹងពោធិ៍សាត់ ហើយមួយទៀត កន្លែងផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ នៅស្រុកក្រគរ។

លោក ម៉ៅ ធនិន បានគូសបញ្ជាក់ថា អ្វីដែលបានប្រើប្រាស់រួចកន្លងមកនេះ គឺនៅវារីអគ្គិសនីអាតៃ ស្ថិតក្នុងឃុំអូរសោម ដែលមានអានុភាព១២០មេហ្គាវ៉ាត់។ ដោយឡែក សម្រាប់ថវិកាដែលត្រូវចំណាយលើការងារកន្លែងផលិតអគ្គិសនីទាំងពីរនេះ លោកមិនទាន់អាចបញ្ជាក់ឲ្យដឹងបាននៅឡើយទេ ពោលនេះជាការសម្រេច និងគិតរបស់ប្រមុខនៃរាជរដ្ឋាភិបាល ជាមួយក្រសួងជំនាញ។ លោក ក៏បានអះអាងថា ការស្ថាបនាបន្ថែមនូវកន្លែងផលិតថាមពលអគ្គិសនីនេះ មិនមែនសម្រាប់ប្រើប្រាស់តែនៅក្នុងភូមិសាស្ដ្រខេត្តពោធិ៍សាត់នោះទេ ពោលប្រាកដជាអាចចែកចាយ និងប្រើប្រាស់នៅទូទាំងប្រទេសតែម្ដង។

សូមជម្រាបថា កាលពីឆ្នាំ២០១៩កន្លងទៅ រាជរដ្ឋាភិបាលសម្រេចឲ្យមានការសាងសង់ កន្លែងផលិតថាមពលអគ្គិសនីថ្មី រួមមាន ទី១៖ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងទី២៖ ស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ផលិតថាមពលបាន ៦០មេហ្គាវ៉ាត់៕


រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផ្តល់អនុសាសន៍៤ចំណុចសំខាន់ៗ ជំរុញដល់វិស័យពាណិជ្ជកម្មឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលថ្មី នៃមន្ទីរពាណិជ្ជកម្មខេត្តកណ្តាល និងមានការអញ្ជើញចូលរួមពីលោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋានជាច្រើននាក់។

ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី បានលើកឡើងពីសមិទ្ធផលនានាដែលក្រសួងសម្រេចបាននាពេលកន្លងមក និងកិច្ចការសំខាន់ៗមួយចំនួនទៀតដែលក្រសួងបាននឹងកំពុងដុតដៃដុតជើងធ្វើយ៉ាងសកម្ម ដែលមានជាអាទិ៍ ក្រសួងបាននឹងកំពុងរៀបចំលិខិតបទដ្ឋានគតិយុត្តផ្សេងៗ សម្រាប់វិស័យពាណិជ្ជកម្ម ក្នុងនោះច្បាប់ចំនួន២ គឺច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ត្រូវបានព្រះមហាក្សត្រប្រកាសដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ។ ក្រៅពីនេះលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ក៏កំពុងតែរៀបចំតាក់តែងផងដែរ រួមមាន៖ ច្បាប់ស្តីពីកិច្ចសន្យាពាណិជ្ជកម្ម ច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ។ ក្រសួង ក៏កំពុងពិនិត្យលើការធ្វើវិសោធនកម្មច្បាប់មួយចំនួនទៀត ដើម្បីធ្វើទំនើបកម្មឲ្យឆ្លើយតបទៅនឹងបរិបទបច្ចុប្បន្ន។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ក៏បានផ្ដល់អនុសាសន៍ណែនាំនូវចំណុចមួយចំនួន ដល់មន្រ្តីមន្ទីរពាណិជ្ជកម្ម ដូចខាងក្រោម៖
ទី១- ស្នើឱ្យមន្រ្តីរាជការមន្ទីរពាណិជ្ជកម្ម បន្តខិតខំយកចិត្តទុកដាក់ក្នុងការពង្រីកចំណេះដឹងខ្លួនបន្ថែមទៀត ទាំងកម្រិតជំនាញ និងភាសាបរទេស តាមរយៈការសិក្សាបន្ថែម ការស្រាវជ្រាវ និងដកស្រង់នូវបទពិសោធន៍ពីមន្រ្តីរាជការនៅក្រសួងពាណិជ្ជកម្ម។

ទី២- ស្នើឱ្យមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម បន្តធ្វើសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកម្មវិធីកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការដាក់ចេញគោលនយោបាយពាណិជ្ជកម្ម សំដៅជួយសម្រួលពាណិជ្ជកម្ម និងសម្រួលដល់ការនាំចេញ។

ទី៣-បញ្ចៀសដាច់ខាតការទាមទារកម្រៃសេវាក្រៅផ្លូវការពីផលិតករ អាជីវករ ដែលផ្ទុយពីខ្លឹមសារ ប្រកាសរួមស្តីពីកម្រងសេវាសាធារណ:រវាងក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ទី៤-ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ស្នើសុំគ្រប់ស្ថាប័នទាំងអស់ ចូលរួមផ្សព្វផ្សាយ អំពីការការពារជំងឺនេះ ដល់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ឱ្យធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យកាន់តែទូលំទូលាយ ធ្វើយ៉ាងណាឱ្យប្រទេសយើងឆ្លងផុតពីរលកជំងឺនេះ ជាលើកទី២ ទៀត៕






អភិបាលខេត្តតាកែវ អមដំណើរលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ចុះពិនិត្យគុណភាពផ្លូវជាតិលេខ៣ ដែលកំពុងធ្វើការសាងសង់ពង្រីក

តាកែវ៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ លោកអភិបាលរងខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប បានអមដំណើរ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចុះពិនិត្យគុណភាព នៃការសាងសង់ពង្រីកកំណាត់ផ្លូវជាតិលេខ៣ ពីចោមចៅទៅក្រុងកំពត ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុន ត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។ ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពិនិត្យគុណភាពនៃការសាងសង់ ថាតើស្របតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុក ដែលបានកំណត់ដែរឬយ៉ាងណា ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង តាមរយៈការប្រើប្រាស់ម៉ាស៊ីនខួងពិនិត្យមើលស្រទាប់គ្រឹះ និងការពិនិត្យមើលការបំពាក់ភ្លើងស្តុប និងស្លាកសញ្ញាចរាចរណ៍ ដើម្បីធានាសុវត្ថិភាពនៃការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋផងដែរ។

សូមជម្រាបជូនថា គម្រោងពង្រីកនិងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត ដែលមានប្រវែង សរុប១៣៤,៨២៦ គីឡូម៉ែត្រនេះ ត្រូវបានចែកជាពីរដំណាក់កាល៖ ដំណាក់កាលទី១ពីចោមចៅ (ភ្នំពេញ) ទៅបែកគុស ប្រវែង៦៩,៩០ គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២៤,៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) កម្រាស់៩សង់ទីម៉ែត្រ ចែកចេញជា៤គន្លង (២គន្លងទៅ២គន្លងមក)។ ដំណាក់កាលទី២ ពីបែកគុសទៅក្រុងកំពតប្រវែង៦៤,៩២៦គីឡូម៉ែត្រ ជាប្រភេទផ្លូវACកម្រាស់៧សង់ទីម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់១២ ម៉ែត្រ ចែកជា២គន្លង។ គម្រោងនេះគ្រោងចំណាយថវិកាសរុបប្រមាណ ២១៩,៩១១ លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation) ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) ។ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣នេះមានរយៈពេល៤៨ខែ តាមគម្រោងត្រូវបញ្ចប់នៅឆ្នាំ ២០២២ ប៉ុន្តែដោយសារវឌ្ឍនភាពនៃការសាងសង់បានដំណើរការដោយភាពរលូន ការសាងសង់អាចនឹង ត្រូវបញ្ចប់មុនគម្រោងរយៈពេល៩ខែ ពោលគឺនៅចុងឆ្នាំ២០២១ខាងមុខនេះ ហើយគិតរហូតមកទល់ពេលនេះការសាងសង់សម្រេចបាន៧៤%ហើយ។

នៅក្នុងដំណើរបេសកកម្មចុះពិនិត្យគុណភាពផ្លូវនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញពិនិត្យការបំពាក់ស្លាកសញ្ញាសុវត្ថិភាពតាមការដ្ឋាននីមួយៗ គម្រោងសាងសង់ស្ពានរំលងនៅផ្សារត្រាំខ្នារថ្មី ទីតាំងត្រូវបំពាក់ភ្លើងស្តុបនៅផ្សារត្រាំខ្នារ ផ្សារអង្គតាសោម ផ្សារឈូក និងទីតាំងដែលចាំបាច់ត្រូវបើករបាំងចែកផ្លូវ ក្នុងគោលបំណងដើម្បីធានាសុវត្ថិភាពនៃការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ កាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ដែលជាកត្តាធ្វើឱ្យខាតបង់ថវិកាជាតិប្រមាណ៣៥០លានដុល្លារ/ឆ្នាំ និងមានអត្រាអ្នកស្លាប់ ប្រមាណ៥នាក់/ថ្ងៃ។ លើសពីនេះទៀត លោកទេសរដ្ឋមន្ត្រី ក៏បានណែនាំឲ្យក្រុមការងារបច្ចេកទេសខួងស្រទាប់គ្រឹះទីមួយស្រទាប់គ្រឹះទីពីរ ខួងបេតុងកៅស៊ូ(AC)ស្រទាប់ទីមួយ ធ្វើតេស្តFWD និងពិនិត្យផ្លូវក្នុងក្រុងកំពត ដែលប្ដូរពីផ្លូវAC ទៅផ្លូវបេតុងផងដែរ។

ក្រោយពីការចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវជាតិលេខ៣ចំនួនបីកន្លែង ដោយមិនបានជូនដំណឹងជាមុន (Spot check) លទ្ធផលបានបង្ហាញថា គុណភាពសំណង់ឋិតក្នុងកម្រិតស្តង់ដារមួយល្អ អាចទទួលយកបាន ធានាបាននូវការប្រើប្រាស់ជាប់បានយូរអង្វែង និងឈានទៅកាត់បន្ថយការខ្ជះខ្ជាយថវិកាជាតិក្នុងការថែទាំជួសជួល។ ជាមួយគ្នានោះផងដែរ លោកទេសរដ្ឋមន្ត្រីបានចុះពិនិត្យទីតាំងដែលត្រូវបំពាក់កាមេរ៉ាចាប់ល្បឿនរថយន្តតាមផ្លូវ ដើម្បីចាប់ល្បឿនរថយន្តដែលបើកបរលើសល្បឿនកំណត់ នៅពេលធ្វើដំណើរឆ្លងកាត់ក្នុងទីប្រជុំជន ដើម្បីធានាឱ្យអ្នកបើកបរចូលរួមគោរពច្បាប់ចរាចរណ៍ មិនបើកបរលើសល្បឿនកំណត់ដោយច្បាប់ និងមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ និងជៀសវាងការបង្កគ្រោះថ្នាក់ដែលបង្កឱ្យមានការកកស្ទះនៅពេលធ្វើចរាចរណ៍លើផ្លូវសាធារណៈ៕





សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០





កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ​ផ្តល់អំណោយជូនបងប្អូន​ប្រជាពលរដ្ឋរងគ្រោះ ​ងាយរងគ្រោះ​ និងខ្វះខាតជីវភាព​ចំនួន៦០នាក់

កំពង់ចាម៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អមដំណើរដោយ លោកស្រីអនុប្រធានអចិន្ត្រៃយ៍ លោក លោកស្រី សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ,អនុសាខាកាកបាទក្រហមស្រុក,និងមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងសហការី បានចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងសំណេះសំណាលជាមួយជនងាយរងគ្រោះ និងខ្វះខាតជីវភាព ចំនួន៦០នាក់ ក្នុងនោះ ជនចាស់ជរា ២៨ នាក់, ជនមានពិការភាព៥ នាក់, ស្ត្រីមេម៉ាយកូនច្រើន៦នាក់, កុមារកំព្រា៦ នាក់ , អ្នកជម្ងឺរ៉ាំរ៉ៃ ១៥នាក់ ប្រព្រឹត្តទៅ នៅក្នុងសាលាស្រុកបាធាយ។
ក្នុងនោះក៏បានផ្តល់នូវអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ជូនក្នុងម្នាក់ៗ ទទួលបានអង្ករ ២៥គីឡូក្រាម ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ , ត្រីខ១យួរ, ម៉ាស់៥បន្ទះ និងថវិកា ២០,០០០ រៀល៕
ជាមួយគ្នានោះ លោក អ៊ុន ចាន់ដា ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរទុក្ខពីសំណាក់លោក ហ៊ុន ណេង ប្រធានកិត្តិយសសាខា ជាពិសេសលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែបារម្ភ និងគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ ដោយមិនរើសអើង មិនប្រកាន់ជាតិសាសន៍ ហើយតែងបានចាត់តំណាងចុះជួប ចុះជួយអន្តរាគមន៍ដោះស្រាយ ទាន់ពេលវេលា ពោលគឺ ” ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”៕


កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នាំយកអំណោយចែកជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់

ស្វាយរៀង៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២០ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា និងសហការី បាននាំយកអំណោយមនុស្សធម៌របស់សាខាចុះសួរសុខទុក្ខ និងចែកអំណោយដល់ គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ចំនួន២២ខ្នង ក្នុងនោះខូចខាតទាំងស្រុង១ខ្នង មធ្យម៥ខ្នង និងខូចខាតស្រាល១៦ខ្នង ក្នុងស្រុករមាសហែក ចំនួន២ឃុំ គឺឃុំអង្គប្រស្រែ ៨ខ្នង ឃុំដូង ១៤ខ្នង។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោកស្រី ដួង វណ្ណា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខ និងជំរុញឲ្យមានការដោះស្រាយបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
ក្នុងនោះលោកស្រីបានសម្តែងនូវការសោកស្តាយចំពោះការខូចខាតទ្រព្យសម្បត្តិ ផ្ទះសំបែងបង្ករដោយគ្រោះធម្មជាតិដែលមិននឹកស្មានដល់។ ទន្ទឹមនេះលោកស្រីក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយត្រូវបិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវមើលថែទាំកូនចៅឲ្យបានល្អ ជាពិសេសក្មេងតូចៗកុំឲ្យលេងទឹកដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដោយករណីលង់ទឹក ត្រូវថែរក្សាសុខភាព និងមានអនាម័យល្អក្នុងការរស់នៅ ត្រូវត្រៀមឧបករណ៍ សម្ភារ ពូជជាដើមសម្រាប់ការងារបង្កបង្កើនផលនារដូវវស្សា ឲ្យបានទាន់ពេលវេលា និងចូលរួមថែរក្សាអនាម័យតាមរយៈការលាងសម្អាតដៃជាប្រចាំជាមួយសាប៊ូ ឬអាកុលត្រូវ ពាក់ម៉ាស់នៅពេលទៅណាមកណាដើម្បីការពារពីការឆ្លងនៃជំងឺកូវីដ១៩។
អំណោយដែលបានចែកជូនទាំង២២ គ្រួសារ ៖សម្រាប់គ្រួសាររងគ្រោះធ្ងន់ធ្ងរ១ គ្រួសារ ទទួលបានអង្ករ៣០គីឡូក្រាម មី ១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ៦ដប ធុងទឹកជ័រ១ ឆ្នាំងបាយ-សម្ល២ ក្រណាត់កៅស៊ូតង់១ កន្ទេលបត់១ ឃីត ១កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា ២០០,០០០ រៀល។
ដោយឡែកគ្រួសាររងគ្រោះមធ្យម៥ គ្រួសារ ក្នុង១គ្រួសារ ទទួលបានអង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ដប កន្ទេលបត់១ ឃីត១ កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា ៥០,០០០ រៀល និងសម្រាប់គ្រួសាររងគ្រោះស្រាល ១៦ គ្រួសារ ទទួលបានថវិកា ៥០,០០០ រៀល សម្រាប់ទិញសម្ភារជួសជុលផ្ទះឡើងវិញ៕



លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ផ្ញើសារលិខិតជូនពរលោក ហេង សំរិន ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៨៦ឆ្នាំ ឈានចូល៨៧ឆ្នាំ

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន តាងនាមថ្នាក់ដឹកនាំនិងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃទីស្តីការគណៈរដ្ឋមន្រ្តី និងក្នុងនាមលោកផ្ទាល់និងភរិយា បានជូនសារលិខិតជូនពរលោក ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណា​ចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចម្រើនជ​ន្មាយុគម្រប់៨៦ឆ្នាំ ឈានចូល៨៧ឆ្នាំដែលនឹងប្រព្រឹត្តទៅនៅថ្ងៃច័ន្ទទី២៥ ខែឧសភា ឆ្នាំ២០២០ ដោយបានសម្តែងនូវកតញ្ញុតាធម៌ និងកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុតចំពោះលោក ហេង សំរិន ប្រធានរដ្ឋសភា ដែលតែងតែយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីនិងបទពិសោធន៍ក្នុងការចូលរួមចំណែកនិងអភិវឌ្ឍមាតុភូមិអង្គរជាទីស្នេហានៃយើងទាំងអស់គ្នានាពេលកន្លងមក។
នៅក្នុងសារលិខិតជូនពររបស់លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ផ្ញើជូនលោក ហេង សំរិន មា​នខ្លឹមសារថា «យើងខ្ញុំទាំងអស់គ្នាសូមអភិវន្ទសម្តែងនូវអំណរសាទរដោយស្មោះអស់ពីដួងចិត្តចូលរួមជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រ​កា​រចំពោះសម្តេចអគ្គមហាពញាចក្រី សូមសមប្រកបដោយបញ្ញាញាណភ្លឺថ្លា កាយពលរឹងមាំ សុខភាពល្អបរិបូណ៌ ជន្មាយុយឺនយូរ ដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លាជាប្រវត្តិ​សា​ស្រ្ត​ក្នុងការដឹកនាំរដ្ឋសភា ជាស្ថាប័ននីតិប្បញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជាឱ្យសម្រេ​ចបាននូវជោ​គជ័យថ្មីៗជាច្រើនបន្ថែមទៀត សំដៅចូលរួមចំណែកដល់ការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការកែទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់វិស័យ ការពង្រឹងសមត្ថភាពស្ថាប័ន ការលើកកម្ពស់ប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដើម្បីធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាកាន់តែមានការអភិវឌ្ឍជឿនលឿនយ៉ាងឆាប់រហ័សតរៀងទៅ។
ឆ្លៀតក្នុងឱកាសដ៏សែននក្ខត្តឬក្សប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដ​ល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឬទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោ​ក ឬទ្ធិបារមីដែលថែរក្សាប្រាង្គប្រាសាទអង្គរ ពិសេសទេវតាថែរក្សាឆ្នាំថ្មី ព្រះនាមគោរាគទេវី សូ​មព្រះអង្គតាមជួយថែរក្សាអភិបាលប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការ ចំពោះសម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រាបុត្រី បុត្រប្រសា ចៅប្រុសចៅស្រីជាទីស្រឡាញ់ និងសូមសមប្រកបដោយពុទ្ធពរដ៏ប្រសើរថ្លៃថ្លាទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ។ សូមសម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ មេត្តាទទួលនូវគារវភក្តីដ៏ខ្ពង់ខ្ពស់ពីខ្ញុំនិងភរិយា»៕




ការផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាតនិងនីតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងនិងឧស្ម័នឥន្ធនៈដល់ម្ចាស់ស្ថានីយក្នុងស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំង៖ នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២០ លោក អ៊ុក រស់ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកំពង់ឆ្នាំង បានដឹកនាំមន្រ្តីជំនាញ នៃមន្ទីររ៉ែ និងថាមពលខេត្តកំពង់ឆ្នាំង ដើម្បីចុះផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងប្រេង កាត និងផលិតផប្រេងកាតក្នុងឃុំចំនួន០៣ គឺនៅឃុំស្វាយ ឃុំត្បែងខ្ពស់ និងឃុំស្វាយជុក ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ លោក អ៊ុក រស់ ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត រួមនិងមន្រ្តីជំនាញរបស់មន្ទីរ ក៏បានធ្វើការណែនាំពីនីតិវិធី នៃ ការគ្រប់គ្រង បច្ចេកទេស សុវត្ថិភាព ស្ថានីយ ប្រេង និងឧស្ម័នឥន្ធនៈជូនដល់ម្ចាស់ស្ថានីយប្រេងនិងគោរពទៅតាមសារាចររបស់ក្រសួងដើម្បីកុំឱ្យកើត មាននូវឧបទ្ទវហេតុមួយចំនួនដូចជាអគ្គិភ័យនិងការផ្ទុះបណ្តាលមកពីប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈដែលបង្កឱ្យមានការខូចខាតដល់ទ្រព្យសម្បត្តិ សម្ភារ និងគ្រោះ ថ្នាក់ដ៏ធ្ងន់ធ្ងរដល់អាយុជីវិតដើម្បីរក្សាសុវត្ថិភាពខ្លួនគាត់ផ្ទាល់ហើយនិងសម្រាប់ប្រជាពលរដ្ឋរស់នៅជុំវិញនោះនិងអ្នកប្រើប្រាស់ផងដែរ។
លោក បានបញ្ជាក់បន្ថែមទៀតថា បើតាមប្រកាស និងសារាចរ ក្រសួងរ៉ែ និងថាមពលបានណែនាំឱ្យស្ថានីយប្រេងឥន្ធនៈទាំងអស់ ត្រូវស្ថិតនៅទីតាំងដែលមានលក្ខ ណៈទូលាយគ្រប់គ្រាន់មានការរៀបចំទីធ្លាទូចាក់ប្រេង ឥន្ធនៈ និងឧបករណ៍ទុកដាក់សម្ភារត្រឹមត្រូវ មានប្រព័ន្ធបំពង់ខ្យល់ ប្រព័ន្ធបង្ហូរប្រេងឥន្ធនៈ ប្រព័ន្ធអគ្គិសនី ប្រព័ន្ធញែកសំណល់រឹង ប្រេង និងទឹក និងឧបករណ៍ពន្លត់អគ្គិភ័យជាដើម៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើសារលិខិតជូនពរលោក ហេង សំរិន ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៨៦ឆ្នាំ ឈានចូល៨៧ឆ្នាំ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមលោកផ្ទាល់ និងភរិយា បានជូនសារលិខិតជូនពរលោក ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចម្រើនជន្មាយុគម្រប់៨៦ឆ្នាំ ឈានចូល៨៧ឆ្នាំដែលនឹងប្រព្រឹត្តទៅនៅថ្ងៃច័ន្ទទី២៥ ខែឧសភា ឆ្នាំ២០២០។



នៅក្នុងសារលិខិតជូនពរផ្ញើជូនលោក ហេង សំរិន មានខ្លឹមសារថា «យើងខ្ញុំតែងតែនឹកឃើញ និងចងចាំជានិច្ចប្រកបដោយការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតនូវឆន្ទៈដ៏មោះមុត និងសកម្មភាពស្នេហាជាតិ និងប្រជាជនរបស់សម្តេចអគ្គមហាពញាចក្រី ដែលតែងតែបានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធន៍ប្រកបដោយគំរូវីរភាពដ៏មហស្ចារ្យ ក្នុងការចូលរួមចំណែកពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការកែទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់វិស័យ ការពង្រឹងសមត្ថភាពស្ថាប័ន ការលើកកម្ពស់ប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងការកសាងសមិទ្ធផលសង្គមយ៉ាងច្រើនសម្រាប់ជាឧត្តមប្រយោជន៍ចំពោះជាតិមាតុភូមិ ដែលរួមចំណែកដល់ការស្តារ និងអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជាជាទីស្នេហានៃយើងឱ្យរឹតតែមានការរីកចម្រើនជឿនលឿនយ៉ាងឆាប់រហ័ស។

ឆ្លៀតក្នុងឱកាសដ៏មង្គលាភិរម្យវិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឬទ្ធិបារមីខ្លាំងក្លា ទេវាថែរក្សាឆ្នាំថ្មីព្រះនាមគោរាគទេវី សូមព្រះអង្គតាមជួយថែរក្សាអភិបាលប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការជូនចំពោះ សម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រា បុត្រី បុត្រប្រសា ចៅប្រុស ចៅស្រីជាទីស្រឡាញ់ និងសូមសមប្រកបដោយពុទ្ធពរដ៏ឧត្តុង្គឧត្តមថ្លៃថ្លាទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវអភិវន្ទនកិច្ចដ៏ស្មោះស្ម័គ្របំផុតពីខ្ញុំនិងភរិយា»៕




លោក វ៉ី សំណាង ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន៦៦គ្រួសារ

កំពង់ស្ពឺ៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខា និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៦៦គ្រួសារ ស្ថិតនៅឃុំជំពូព្រឹក្ស និងឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះដែរ លោកប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
ក្នុងនោះលោក វ៉ី សំណាង បានផ្ដាំផ្ញើដល់បងប្អូនងាយរងគ្រោះទាំង៦៦គ្រួសារ ត្រូវខិតខំចិញ្ចឹមសត្វ និងដាំដំណាំរួមផ្សំ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនឲ្យកាន់តែប្រសើរឡើង។ ហើយបើមានសមាជិកគ្រួសារណាមានអាការៈមិនស្រួលខ្លួន ត្រូវប្រញាប់បញ្ជូនទៅពិនិត្យ និងពិគ្រោះជំងឺនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកណា ដែលនៅជិតផ្ទះបងប្អូន ដើម្បីទទួលបាននូវវេជ្ជបញ្ជា។
ហើយរស់នៅត្រូវមានអនាម័យ ដោយហូបស្អាត ផឹកទឹកដាំពុះ ត្រូវសម្រាកក្នុងមុងអោយបានគ្រប់ៗគ្នា។ ហើយដើម្បីចូលរួមកាត់បន្ថយបាននូវការរីករាលដាលជំងឺរលាកផ្លូវដង្ហើមថ្មីកូវីដ-១៩ ដែលពិភពលោកកំពុងមានការព្រួយបារម្ភ សូឲមឱ្យបងប្អូន ត្រូវសម្អាតខ្លួនប្រាណជាប្រចាំ នៅក្នុងនោះក៏ត្រូវលាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ត្រូវពាក់ម៉ាស ឬក្រម៉ា និងប្រុងប្រយ័ត្ន ឲ្យបានគ្រប់ពេលវេលា។
អំណោយដែលសាខាបានផ្តល់ជូនក្នុង ១គ្រួសាររួមមាន ៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ប្រេងឆា១ដប ទឹកត្រីទឹកស៉ីអ៉ីវ១យួរ ទឹកដោះគោ ១កំប៉ុង នំធុង ១ធុង ក្រម៉ា១ និងថវិកាចំនួន ២០.០០០រៀល។
ក្នុងនោះផងដែរអនុសាខាស្រុកឧដុង្គ ក៏បានចូលរួមឧបត្ថម្ភក្នុង ១គ្រួសារទទួលបានសាប៊ូដុសខ្លួន២ដុំ ទឹកក្រូច១កំប៉ុង ទឹកសុទ្ធ១ដប និងថវិកា ១០.០០០រៀលផងដែរ ៕



អភិបាលខេត្តកំពង់ចាម ដឹកនាំប្រតិភូចុះពិនិត្យការដ្ឋានស្ដាបនាផ្លូវបេតុង១ខ្សែស្ថិតនៅជុំវិញប្រាសាទនគរបាជ័យ ក្នុងស្រុកកំពង់សៀម

កំពង់ចាម៖ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញពិនិត្យការដ្ឋានគម្រោងសាងសង់ផ្លូវបេតុងដែលមានបណ្ដោយប្រវែង១.៧១០ម៉ែត្រ និងប្រវែងទទឹង ៦ម៉ែត្រស្ថិតនៅជុំវិញប្រាសាទនគរបាជ័យ ស្ថិតនៅឃុំអំពិល ស្រុកកំពង់ សៀម ខេត្តកំពង់ចាម។
គួរកត់សម្គាល់ថា គម្រោងសាងសង់ផ្លូវបេតុង ១ខ្សែនេះ ប្រើប្រាស់ថវិកា រដ្ឋបាលខេត្តឆ្នាំ២០២០ ដើម្បីឆ្លើយតប ទៅនឹងសេក្ដីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សម្រាប់ធ្វើដំណើរឆ្លងកាត់ និងដឹកកសិផលផ្សេងៗ ទៅ កាន់ទីផ្សារ។ ម្យ៉ាងទៀត ផ្លូវនេះក៏ជាខ្សែក្រវ៉ាត់ព័ទ្ធជុំវិញប្រាសាទបុរាណដ៏វ័យចំណាស់១កន្លែង របស់ខេត្តកំពង់ ចាមក្នុងការជួយសម្រួលដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិធ្វើដំណើរមកទស្សនាកំសាន្តនៅរមណីដ្ឋានប្រវត្តិសាស្ត្រនេះផងដែរ។ បច្ចុប្បន្ន ក្រុមហ៊ុនទទួលគម្រោ ងកំពុងយកចិត្តទុកដាក់លើកិច្ចការរបស់ខ្លួនយ៉ាងមមា ញឹកបំផុតដែលមកដល់ពេលនេះសម្រេចលទ្ធផលបានប្រមាណជាង៣០% ហើយ។
ឆ្លៀតក្នុងឱកាសចុះពិនិត្យលើវឌ្ឍនភាពរីកចំរើននៃផ្លូវ ១ខ្សែ នេះដែរ លោក អ៊ុន ចាន់ដា និងមន្ត្រីអមដំណើរ ក៏បានបន្តដំណើរ ចុះពិនិត្យផ្លូវកៅស៊ូ DBST ដែលមានទំហំ បណ្តោយប្រវែង ២.២០០ម៉ែត្រ និងទទឹង ៧ម៉ែត្រ ។
តាមការបញ្ជាក់ពីមន្ត្រីជំនាញសាលាខេត្ត ឲ្យដឹងថា គម្រោងផ្លូវ១ខ្សែនេះ ប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលខេត្តកំពង់ចាមដោយតភ្ជាប់ពីចំណុចផ្លូវខាងក្រោយបន្ទាយសឹងរងខេត្ត(ឬផ្លូវអគ្គិសនីថ្មី) ស្ថិតក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាមឆ្ពោះទៅដល់ចំណុចព្រលានយន្តហោះស្ថិតនៅក្នុងភូមិប្រសំ ឃុំរអាង ស្រុកកំពង់ សៀម ខេត្តកំពង់ចាម។ មកដល់ពេលនេះ គម្រោងកំពុងដំណើរការសាងសង់នៅឡើយនិងសម្រេចលទ្ធផលបានប្រមាណជាង២០% ហើយ៕



លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តអំពាវនាវប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្នគ្រប់វិនាទីកុំអោយឆ្លងរោគកូវីដ១៩

នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងឱ្យមានការប្រុងប្រយ័ត្នជានិច្ចចំពោះជំងឺកូវីដ១៩។
នៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានខ្លឹមសារថា “សុខសប្បាយទេបងប្អូនជនរួម ជាតិ ? យើងបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ នៅទូទាំងប្រទេស។ មកទលល់ថ្ងៃនេះនៅលើពិភព លោកចំនួនអ្នកឆ្លងជំងឺកូវីដ-១៩បានកើនឡើងក្បែរ៥ លានករណីហើយ ដែលគួរអោយបារម្ភខ្លាំងបំផុត។ ហេីយមកទល់ពេលនេះ ពិភពលោកក៏មិនទាន់រកឃើញថ្នាំព្យាបាលជម្ងឺឆ្លងរលាកផ្លូវដង្ហេីម Covid-19 នេះនៅឡើយដែរ។ ទាំងកម្ពុជានិងពិភពលោក យេីងកំពុងតែរួមគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងដ៏កាចសាហាវបំផុតនេះ។
សូមបងប្អូនប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្នគ្រប់វិនាទីកុំអោយឆ្លងរោគពីគេមកយេីង និងពីយេីងទៅគេ។ បេីចាំ បាច់ ចេញក្រៅផ្ទះត្រូវពាក់ម៉ាស់ការពារ ត្រូវដុសសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុលឬចែលជាប្រចាំកាត់បន្ថយការជួបជុំប្រមូលផ្ដុំគ្នាច្រើននិងត្រូវបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលគ្រប់ពេលវេលា។
សូមបងប្អូនជនរួមជាតិយកចិត្តទុកដាក់ខ្ពស់លេីអនាម័យសុខភាពរស់នៅអោយបានល្អជាប្រចាំដូចគ្នានឹងការគោពច្បាប់ចរាចរណ៍ដេីម្បីសុវត្ថិភាពអាយុជីវិតយេីងទាំងអស់គ្នា”៕

ប្រជាពលរដ្ឋជួបការលំបាក ចំនួន១៧៨គ្រួសារ ក្នុងស្រុកដំណាក់ចង្អើរ ទទួលបានអំណោយពី សាខាកាកបាទក្រហមកម្ពុជាខេត្តកែប

កែប៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ លោក កែន​ សត្ថា​ អភិបាលខេត្ត​ និងជាប្រធានសាខាកាកបាទក្រហមខេត្តកែប​ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ ចំនួន១៧៨គ្រួសារ នៅឃុំអង្កោល ស្រុកដំណាក់ចង្អើរ។
ក្នុងឱកាសនេះ​ លោកបាននាំយកអំណោយរបស់លោកស្រីប្រធានកាកបាទក្រហមកម្ពុជា ចែកជូនក្នុងមួយគ្រួសារ​ មានអង្ករ ២០គីឡូក្រាម ថវិកា ២០.០០០រៀល និងសម្ភារគ្រឿងឧបភោគ បរិភោគសម្រាប់ផ្តល់ជូន​ និងប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល តែងយកចិត្តទុកដាក់ និងគិតគូរចំពោះសុខទុក្ខ និងការលំបាករបស់បងប្អូននៅគ្រប់ទីកន្លែង ដោយគ្មានរើសអើង ពូជសាសន៍ ពណ៌សម្បុរឡើយ។
លោក កែន សត្ថា បានបន្ថែមទៀតថា​ ថ្វីត្បិតតែបច្ចប្បន្នប្រទេសកម្ពុជាយេីងអាចព្យាបាលអ្នកជំងឺកូវីដ១៩​ជាសះស្បេីយ១០០%​ ពិតមែន​ មិនមែនមានន័យថា​ យេីងមានសុវត្តិភាពនោះទេ​ ព្រោះសកលលោកទាំងមូលមិនទាន់មានថ្នាំ​ ឬវ៉ាក់សាំងព្យាបាលជំងឺនេះបានឡេីយ​ ហេតុនេះសូមបងប្អូនទាំងអស់គ្នា​ ថែរក្សាអនាម័យ​ ដោយលាងដៃជាមួយសាប៊ូ​ ឬទឹកអាកុលជាប្រចាំ​ និងរក្សាគន្លាតសង្គម​ ដេីម្បីបង្ការ​ទប់ស្កាត់ការរីករាលដាល​នៃជំងឺកូវីដ១៩​ តាតាមសាររបស់ក្រសួងសុខាភិបាល៕