Thursday, May 21, 2020

អភិបាលខេត្តកំពង់ចាម ដឹកនាំប្រតិភូចុះពិនិត្យការដ្ឋានស្ដាបនាផ្លូវបេតុង១ខ្សែស្ថិតនៅជុំវិញប្រាសាទនគរបាជ័យ ក្នុងស្រុកកំពង់សៀម

កំពង់ចាម៖ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញពិនិត្យការដ្ឋានគម្រោងសាងសង់ផ្លូវបេតុងដែលមានបណ្ដោយប្រវែង១.៧១០ម៉ែត្រ និងប្រវែងទទឹង ៦ម៉ែត្រស្ថិតនៅជុំវិញប្រាសាទនគរបាជ័យ ស្ថិតនៅឃុំអំពិល ស្រុកកំពង់ សៀម ខេត្តកំពង់ចាម។
គួរកត់សម្គាល់ថា គម្រោងសាងសង់ផ្លូវបេតុង ១ខ្សែនេះ ប្រើប្រាស់ថវិកា រដ្ឋបាលខេត្តឆ្នាំ២០២០ ដើម្បីឆ្លើយតប ទៅនឹងសេក្ដីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សម្រាប់ធ្វើដំណើរឆ្លងកាត់ និងដឹកកសិផលផ្សេងៗ ទៅ កាន់ទីផ្សារ។ ម្យ៉ាងទៀត ផ្លូវនេះក៏ជាខ្សែក្រវ៉ាត់ព័ទ្ធជុំវិញប្រាសាទបុរាណដ៏វ័យចំណាស់១កន្លែង របស់ខេត្តកំពង់ ចាមក្នុងការជួយសម្រួលដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិធ្វើដំណើរមកទស្សនាកំសាន្តនៅរមណីដ្ឋានប្រវត្តិសាស្ត្រនេះផងដែរ។ បច្ចុប្បន្ន ក្រុមហ៊ុនទទួលគម្រោ ងកំពុងយកចិត្តទុកដាក់លើកិច្ចការរបស់ខ្លួនយ៉ាងមមា ញឹកបំផុតដែលមកដល់ពេលនេះសម្រេចលទ្ធផលបានប្រមាណជាង៣០% ហើយ។
ឆ្លៀតក្នុងឱកាសចុះពិនិត្យលើវឌ្ឍនភាពរីកចំរើននៃផ្លូវ ១ខ្សែ នេះដែរ លោក អ៊ុន ចាន់ដា និងមន្ត្រីអមដំណើរ ក៏បានបន្តដំណើរ ចុះពិនិត្យផ្លូវកៅស៊ូ DBST ដែលមានទំហំ បណ្តោយប្រវែង ២.២០០ម៉ែត្រ និងទទឹង ៧ម៉ែត្រ ។
តាមការបញ្ជាក់ពីមន្ត្រីជំនាញសាលាខេត្ត ឲ្យដឹងថា គម្រោងផ្លូវ១ខ្សែនេះ ប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលខេត្តកំពង់ចាមដោយតភ្ជាប់ពីចំណុចផ្លូវខាងក្រោយបន្ទាយសឹងរងខេត្ត(ឬផ្លូវអគ្គិសនីថ្មី) ស្ថិតក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាមឆ្ពោះទៅដល់ចំណុចព្រលានយន្តហោះស្ថិតនៅក្នុងភូមិប្រសំ ឃុំរអាង ស្រុកកំពង់ សៀម ខេត្តកំពង់ចាម។ មកដល់ពេលនេះ គម្រោងកំពុងដំណើរការសាងសង់នៅឡើយនិងសម្រេចលទ្ធផលបានប្រមាណជាង២០% ហើយ៕



No comments:

Post a Comment