Thursday, May 21, 2020

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើសារលិខិតជូនពរលោក ហេង សំរិន ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៨៦ឆ្នាំ ឈានចូល៨៧ឆ្នាំ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តាងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមលោកផ្ទាល់ និងភរិយា បានជូនសារលិខិតជូនពរលោក ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចម្រើនជន្មាយុគម្រប់៨៦ឆ្នាំ ឈានចូល៨៧ឆ្នាំដែលនឹងប្រព្រឹត្តទៅនៅថ្ងៃច័ន្ទទី២៥ ខែឧសភា ឆ្នាំ២០២០។



នៅក្នុងសារលិខិតជូនពរផ្ញើជូនលោក ហេង សំរិន មានខ្លឹមសារថា «យើងខ្ញុំតែងតែនឹកឃើញ និងចងចាំជានិច្ចប្រកបដោយការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតនូវឆន្ទៈដ៏មោះមុត និងសកម្មភាពស្នេហាជាតិ និងប្រជាជនរបស់សម្តេចអគ្គមហាពញាចក្រី ដែលតែងតែបានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធន៍ប្រកបដោយគំរូវីរភាពដ៏មហស្ចារ្យ ក្នុងការចូលរួមចំណែកពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការកែទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់វិស័យ ការពង្រឹងសមត្ថភាពស្ថាប័ន ការលើកកម្ពស់ប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងការកសាងសមិទ្ធផលសង្គមយ៉ាងច្រើនសម្រាប់ជាឧត្តមប្រយោជន៍ចំពោះជាតិមាតុភូមិ ដែលរួមចំណែកដល់ការស្តារ និងអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជាជាទីស្នេហានៃយើងឱ្យរឹតតែមានការរីកចម្រើនជឿនលឿនយ៉ាងឆាប់រហ័ស។

ឆ្លៀតក្នុងឱកាសដ៏មង្គលាភិរម្យវិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឬទ្ធិបារមីខ្លាំងក្លា ទេវាថែរក្សាឆ្នាំថ្មីព្រះនាមគោរាគទេវី សូមព្រះអង្គតាមជួយថែរក្សាអភិបាលប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការជូនចំពោះ សម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រា បុត្រី បុត្រប្រសា ចៅប្រុស ចៅស្រីជាទីស្រឡាញ់ និងសូមសមប្រកបដោយពុទ្ធពរដ៏ឧត្តុង្គឧត្តមថ្លៃថ្លាទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម សម្តេចអគ្គមហាពញាចក្រី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវអភិវន្ទនកិច្ចដ៏ស្មោះស្ម័គ្របំផុតពីខ្ញុំនិងភរិយា»៕




No comments:

Post a Comment