Thursday, May 21, 2020

កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នាំយកអំណោយចែកជូនដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់

ស្វាយរៀង៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២០ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា និងសហការី បាននាំយកអំណោយមនុស្សធម៌របស់សាខាចុះសួរសុខទុក្ខ និងចែកអំណោយដល់ គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ចំនួន២២ខ្នង ក្នុងនោះខូចខាតទាំងស្រុង១ខ្នង មធ្យម៥ខ្នង និងខូចខាតស្រាល១៦ខ្នង ក្នុងស្រុករមាសហែក ចំនួន២ឃុំ គឺឃុំអង្គប្រស្រែ ៨ខ្នង ឃុំដូង ១៤ខ្នង។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោកស្រី ដួង វណ្ណា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខ និងជំរុញឲ្យមានការដោះស្រាយបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
ក្នុងនោះលោកស្រីបានសម្តែងនូវការសោកស្តាយចំពោះការខូចខាតទ្រព្យសម្បត្តិ ផ្ទះសំបែងបង្ករដោយគ្រោះធម្មជាតិដែលមិននឹកស្មានដល់។ ទន្ទឹមនេះលោកស្រីក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយត្រូវបិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវមើលថែទាំកូនចៅឲ្យបានល្អ ជាពិសេសក្មេងតូចៗកុំឲ្យលេងទឹកដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដោយករណីលង់ទឹក ត្រូវថែរក្សាសុខភាព និងមានអនាម័យល្អក្នុងការរស់នៅ ត្រូវត្រៀមឧបករណ៍ សម្ភារ ពូជជាដើមសម្រាប់ការងារបង្កបង្កើនផលនារដូវវស្សា ឲ្យបានទាន់ពេលវេលា និងចូលរួមថែរក្សាអនាម័យតាមរយៈការលាងសម្អាតដៃជាប្រចាំជាមួយសាប៊ូ ឬអាកុលត្រូវ ពាក់ម៉ាស់នៅពេលទៅណាមកណាដើម្បីការពារពីការឆ្លងនៃជំងឺកូវីដ១៩។
អំណោយដែលបានចែកជូនទាំង២២ គ្រួសារ ៖សម្រាប់គ្រួសាររងគ្រោះធ្ងន់ធ្ងរ១ គ្រួសារ ទទួលបានអង្ករ៣០គីឡូក្រាម មី ១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ៦ដប ធុងទឹកជ័រ១ ឆ្នាំងបាយ-សម្ល២ ក្រណាត់កៅស៊ូតង់១ កន្ទេលបត់១ ឃីត ១កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា ២០០,០០០ រៀល។
ដោយឡែកគ្រួសាររងគ្រោះមធ្យម៥ គ្រួសារ ក្នុង១គ្រួសារ ទទួលបានអង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ ៦ដប កន្ទេលបត់១ ឃីត១ កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា ៥០,០០០ រៀល និងសម្រាប់គ្រួសាររងគ្រោះស្រាល ១៦ គ្រួសារ ទទួលបានថវិកា ៥០,០០០ រៀល សម្រាប់ទិញសម្ភារជួសជុលផ្ទះឡើងវិញ៕



No comments:

Post a Comment