Monday, November 04, 2019

រដ្ឋសភា បន្តសម័យប្រជុំពេញអង្គរ ពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែម និងសេចក្តីព្រាងច្បាប់៤ សំខាន់ទៀត

នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ រដ្ឋសភាបានបន្តបើកសម័យប្រជុំពេញអង្គរបស់ខ្លួន ដើម្បីពិភាក្សាលើរបៀបវារៈចំនួន៥។ សម័យប្រជុំលើកទី៣ នីតិកាលទី៦ បានធ្វើឡើង ក្រោមអធិបតីភាព លោក ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសមាជិកសមាជិការរដ្ឋសភាចំនួន១១០រូប។
របៀបវារៈដែលត្រូវបានលើកមកពិភាក្សា និងអនុម័ត មានដូចតទៅ៖
១៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមលើ សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
២៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។
៣៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទី ២ ស្តីពីការកំណត់ច្រកទ្វារព្រំដែនឆ្លងកាត់នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីកិច្ចសម្របសម្រួលការដឹកជញ្ជូនទំនិញឆ្លងកាត់។
៤៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ានស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
៥៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិក នៃកិច្ចព្រមព្រៀងក្របខណ្ឌស្តីពីការបង្កើតសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ ៕

នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឱ្យកម្លាំងអាវុធហត្ថទូទាំងប្រទេសត្រៀមស្ដាប់បទបញ្ជាដើម្បីអនុវត្តច្បាប់ចំពោះជនក្បត់ជាតិដែលប៉ុនប៉ងធ្វើរដ្ឋប្រហារ


នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ជាថ្មីម្ដងទៀតដល់កម្លាំង កងរាជអាវុធហត្ថនៅទូទាំងប្រទេសត្រូវតែត្រៀមស្ដាប់បទបញ្ជា ដើម្បីអនុវត្តច្បាប់ចំពោះជនក្បត់ជាតិ ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារទម្លាក់រាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត។
ក្នុងសារសំឡេងផ្ញើទៅកាន់មេបញ្ជាការកងរាជធានី-ខេត្ត នាយឧត្តមសេនីយ៍ សៅ សុខា បានសង្កត់ឲ្យមេអាវុធហត្ថរាជធានីភ្នំពេញ, ខេត្តព្រះសីហនុ និងខេត្តសៀមរាប ដែលមានព្រលានយន្ដហោះ ត្រូវប្រុងជើងការជានិច្ច ដើម្បីសហការជាមួយកម្លាំងនគរបាល ត្រៀមអនុវត្តច្បាប់ចំពោះជនក្បត់ជាតិ ដែលប៉ុនប៉ងបង្កចលាចលណា មួយ។ ដោយឡែក សម្រាប់កម្លាំងអាវុធហត្ថខេត្តជាប់ព្រំដែនថៃវិញ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានបញ្ជាឲ្យត្រៀមកម្លាំងនៅមូលដ្ឋានជានិច្ច និងតាមដានសភាពការណ៍ការតាមបន្ទាត់ព្រំដែន ក្រែងមានហេតុការណ៍កើតអ្វីកើតឡើង ត្រូវចេញអន្ដរាគមន៍ជាបន្ដបន្ទាប់។ លើសពីនេះ គ្រប់អាវុធហត្ថខេត្តផ្សេងទៀត ក៏ត្រូវតែត្រៀមកម្លាំងតាមទីបញ្ជាការ ហាមអវត្តមានមន្ដ្រីណាម្នាក់ជាដាច់ខាត រហូតមានបទបញ្ជាថ្មីពីថ្នាក់ដឹកនាំ។
នាយឧត្តមសេនីយ សៅ សុខា បានដាក់បទបញ្ជាយ៉ាងដូច្នេះថា «មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ, ខេត្តព្រះសីហនុ, ខេត្តសៀមរាប ខេត្តទាំងបីនេះ ត្រូវត្រៀមកម្លាំងសហការជាមួយនឹងកម្លាំងនគរបាលជាតិ។ កម្លាំងដែលមានការពាក់ព័ន្ធអនុវត្តបទបញ្ជារបស់គណៈបញ្ជាការឯកភាពខេត្ត ត្រៀមកម្លាំងបំពាក់គ្រប់គ្រាន់ចូលរួមប្រចាំការនៅបណ្ដាព្រលានយន្ដហោះទាំងបី ហើយមានអ្វីប្រែប្រួលត្រូវរាយការណ៍ដោយចាប់ពីថ្ងៃនេះទៅភ្លាមត្រៀមរៀបចំកម្លាំងអនុវត្តបទបញ្ជា»។ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសរូបនេះ បានបន្ដទៀតថា «ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត ខេត្តកែប ត្រូវត្រៀមកម្លាំងដើម្បីកិច្ចការងារសន្ដិសុខ តាមដានការវិវត្តន៍ប្រែប្រួលលើផ្ទៃសមុទ្រដែលអាចធ្វើទៅតាម និងត្រៀមកម្លាំងសហការដើម្បីអនុវត្តបទបញ្ជាក្នុងករណីដែលពួកប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាល និងរបបរាជានិយមវាចូលមកតាមផ្លូវទឹក។ មេបញ្ជាការតាមបណ្ដាខេត្ត ដែលមានការពាក់ព័ន្ធជាប់ព្រំដែន ក៏ត្រូវបង្កើនការយកចិត្តទុកដូចគ្នាផងដែរ។
សូមបញ្ជាក់ថា លោក សម រង្ស៉ី និងអតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិមួយចំនួនទៀត បានប្រកាសធ្វើរដ្ឋប្រហារខុសច្បាប់ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជានៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ចំនឹងបុណ្យឯករាជ្យជាតិ។ ទន្ទឹមនឹងការប្រកាសធ្វើរដ្ឋប្រហារ លោក សម រង្ស៉ី ដែលប្រើប្រាស់តួនាទីជាប្រធានស្តីទី នៃអតីតគណបក្សសង្រ្គោះជាតិ បានប្រកាសរៀបចំថវិកាដល់កងទ័ពដែលផ្តាច់ខ្លួនពីរាជរដ្ឋាភិបាល ដើម្បីចូលរួមការផ្តួលរំលំនេះ ព្រមទាំងអំពាវនាវដល់ព្រះមហាក្សត្រឲ្យដាក់រាជថែមទៀត។ ពាក់ព័ន្ធនឹងសកម្មភាពរបស់ លោក សម រង្ស៉ី និងបក្ខពួកនេះ រាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ពគ្រប់លំដាប់ថ្នាក់ ចាត់ទុកថាជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលបង្កគ្រោះថ្នាក់ ភាពវឹកវរដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយប្រកាសចាត់វិធានការតាមច្បាប់ និងតួនាទីដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម៕

នាយករដ្ឋមន្រ្តីចិន ប្រកាសគោលជំហរគាំទ្រដល់គម្រោងអភិវឌ្ឍខេត្តព្រះសីហនុនៃប្រទេសកម្ពុជា ឱ្យកាន់តែរីកចម្រើន

បាងកក៖ តបតាមសំណើរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសគាំទ្រដល់គម្រោងអភិវឌ្ឍនៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា ដែលមានជនជាតិចិនជាច្រើនកំពុងវិនិយោគ។ ជាមួយគ្នានេះលោកអះអាងថា ភាគីទាំងពីរនឹងពិភាក្សាគ្នា លើជំនួយឥតសំណង ដើម្បីជួយដល់ការអភិវឌ្ឍខេត្តមាត់សមុទ្រនេះ។
ការអះអាងរបស់លោកនាយករដ្ឋមន្រ្តី នៃប្រទេសមហាយក្សចិន បានធ្វើឡើងនៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក្នុងឱកាសដែលលោកនាយករដ្ឋមន្រ្តីទាំងពីរ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ នៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
លោក កៅ គឹមហួន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី បានបញ្ជាក់ឱ្យដឹងថា ក្នុងជំនួបនេះនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានធ្វើការជជែកពិភាក្សាទៅលើបញ្ហា ៣ចំណុចសំខាន់ៗ ដោយក្នុងនោះទី១ លោកនាយករដ្ឋមន្ត្រី បានស្នើដល់ភាគីចិន ក្នុងការគាំទ្រដល់ការអភិវឌ្ឍនៅខេត្តព្រះសីហនុ ដោយសារក្រុមហ៊ុនជាច្រើនរបស់ចិន នឹងត្រូវធ្វើការវិនិយោគនៅក្នុងខេត្តព្រះសីហនុ ហើយលោកនាយករដ្ឋមន្ត្រីចិន បានគាំទ្រចំពោះគម្រោងនៃការអភិវឌ្ឍន៍នៃខេត្តព្រះសីហនុនេះ ហើយលោកមានប្រសាសន៍ថា ប្រទេសទាំងពីរនឹងធ្វើការពិភាក្សាគ្នា ជាពិសេសលើជំនួយឥតសំណង ដើម្បីជួយដល់ការអភិវឌ្ឍនៃខេត្តព្រះសីហនុនេះ។
លោកបានបន្តថា ចំណុចទី២ គឺទាក់ទងនឹងកិច្ចប្រជុំកិច្ចប្រជុំលើកទី៥ គណៈគម្មាធិការនៃអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដោយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានស្នើឱ្យមានជំនួបនេះមុនបំណាច់ឆ្នាំ២០១៩ខាងមុខនេះ ដែលគ្រោងនឹងធ្វើនៅឯខេត្តព្រះសីហនុនោះ។ លោកនាយករដ្ឋមន្ត្រីចិន បានមានប្រសាសន៍ថា ចិននឹងគាំទ្រក្នុងការរៀបចំនៃកិច្ចប្រជុំនេះ ដើម្បីពិភាក្សាទាក់ទងនឹងរឿងថវិកានៃប្រទេសទាំងពីរផងដែរ។
ចំណុចទី៣ គឺទាក់ទងទៅនឹងកិច្ចប្រជុំអនុតំបន់ដែលមានយន្តការពីរ នោះមានយន្តការនៃកិច្ចសហប្រតិបត្តិការទន្លេឡានឆាង និងទន្លេមេគង្គដែលគ្រោងធ្វើនៅទីក្រុងវៀងច័ន្ទប្រទេសឡាវក្នុងឆ្នាំក្រោយនេះ និងកិច្ចប្រជុំកំពូលអនុតំបន់ទន្លេមេគង្គដែលត្រូវប្រជុំនៅឆ្នាំក្រោយដែរ ហើយប្រទេសកម្ពុជា និងចិន នឹងសហការគ្នា ដើម្បីឱ្យកិច្ចប្រជុំនេះនៅឆ្នាំក្រោយទទួលបានភាពល្អប្រសើរ ហើយក្រសួងការបរទេសនៃប្រទេសទាំងពីរ នឹងធ្វើកិច្ចការងារនេះជាបណ្តើរៗ។ នេះបើតាម លោករដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី។
លោកបន្តទៀតថា ក្រៅពីនោះទៀតពាក់ព័ន្ធនៅខេត្តព្រះសីហនុនៅឆ្នាំនេះ ជាឆ្នាំដែលប្រទេសកម្ពុជា និងប្រទេសចិន បានឯកភាពនូវការអនុវត្តកិច្ចសហប្រតិបត្តិការទៅលើច្បាប់ ដែលប្រទេសទាំងពីរបានឯកភាពគ្នា ហើយកន្លងមកបានឯកភាពនិងគ្នារួមគ្នាក្នុងការអនុវត្តច្បាប់នៃប្រទេសទាំងពីរផងដែរ ៕



នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងអំណរគុណចំពោះប្រទេសរុស្ស៉ី បានបង្ហាញជំហរយ៉ាងមុតមាំក្នុងការបន្តចូលរួមអភិវឌ្ឍន៍កម្ពុជា ឱ្យកាន់តែរីកចម្រើន

បាងកក ៖ ប្រទេសរុស្ស៉ី តាមរយៈលោកនាយករដ្ឋមន្ត្រី ឌីមីទ្រី មីដវីដេវ (Dmitry Medvedev) បានបង្ហាញជំហរយ៉ាងមុតមាំរបស់ខ្លួន បន្តចូលរួមអភិវឌ្ឍកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត តាមរយៈពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនានា ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងអប់រំ។
ការអះអាង និងបញ្ជាក់របស់លោក ឌីមីទ្រី មីដវីដេវ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅប្រទេសថៃ ទីដែលលោកនាយករដ្ឋមន្ត្រីទាំងពីរ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។
យោងតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីរុស្ស៉ី បានបង្ហាញនូវក្តីរីករាយ ដែលបានជួបពិភាក្សាគ្នាជាថ្មីម្ដងទៀត ជាពិសេសនៅក្នុងក្របខណ្ឌវេទិកាអន្តរជាតិ។
លោកនាយករដ្ឋមន្ត្រីរុស្ស៉ី បានថ្លែងថា កម្ពុជាជាមិត្តជិតស្និទ្ធរបស់រុស្ស៉ី។ លោកនាយករដ្ឋមន្ត្រី បង្ហាញក្តីរំពឹងថា ទំនាក់ទំនងប្រទេសទាំងពីរនឹងកាន់តែជិតស្និទ្ធ ដោយបន្តពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត ជាពិសេសរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល និងក្របខណ្ឌផ្សេងៗទៀត។
ក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងអំណរអរគុណប្រទេសរុស្ស៉ី ដែលបន្តត្រៀមធ្វើកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន រួមទាំងវិស័យវប្បធម៌ផងដែរ។ លោកនាយករដ្ឋមន្រ្ដី ក៏បានអរគុណរុស្ស៉ីដែលគាំទ្រកម្ពុជា ឱ្យក្លាយជាប្រទេសសង្កេតការណ៍ នៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ហើយផ្ដល់នូវវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីយោធាកម្ពុជា និងផ្ដល់ជំនួយបច្ចេកទេស ក្នុងវិស័យកម្ចាត់មីនផងដែរ។
លោកនាយករដ្ឋមន្ត្រី ក៏បានបង្ហាញក្តីសប្បាយរីករាយអំពីទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរដែលមានការកើនឡើងកន្លងមកនេះ។ ក្នុងន័យនេះ ដើម្បីពង្រឹងទំហំពាណិជ្ជកម្មបន្ថែមទៀតនោះ លោកនាយករដ្ឋមន្រ្ដី បានស្នើសុំឱ្យលោកនាយករដ្ឋមន្ត្រីរុស្ស៉ី ជួយជំរុញវិនិយោគិនរុស្ស៉ី មកវិនិយោគបន្ថែមទៀត នៅប្រទេសកម្ពុជា ក្នុងវិស័យមួយចំនួន ដូចជាវិស័យកែច្នៃម្ហូបអាហារ កសិឧស្សាហកម្ម, ឧស្សាហកម្មអេឡិចត្រូនិក, ឧស្សាហកម្មបង្គំ និងឧស្សាហកម្មផលិតគ្រឿងម៉ាស៊ីនជាដើម។
លោកក៏បានស្នើភាគីរុស្ស៊ី ពិនិត្យលទ្ធភាពចាប់ផ្ដើមអនុវត្តគម្រោងទំនើបកម្ម មន្ទីពេទ្យមិត្តភាពខ្មែរសូវៀត នៅក្នុងពេលឆាប់ៗខាងមុខនេះ ព្រោះមន្ទីរពេទ្យនេះជានិមិត្តរូបនៃមិត្តភាព រយៈពេលយូរអង្វែងរវាងប្រទេសយើងទាំងពីរ ។
ដោយឡែកពាក់ព័ន្ធនឹងការចរចារពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី លោកនាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណចំពោះការគាំទ្រ ជាគោលការណ៍របស់រុស្ស៉ី ចំពោះកិច្ចប្រឹងប្រែងឱ្យមានការចរចារពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីនេះ។
ដោយសារកម្ពុជានៅឆ្នាំ២០២០ កម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣នោះ លោកនាយករដ្ឋមន្រ្ដី ក៏បានអញ្ជើញលោកនាយករដ្ឋមន្ត្រីរុស្ស៉ី អញ្ជើញចូលរួមកិច្ចប្រជុំនេះផងដែរ។
លោកនាយករដ្ឋមន្ត្រីរុស្ស៉ី ក៏បានឆ្លើយតបមកវិញថា ប្រទេសរុស្ស៉ី ចង់សហការជាមួយកម្ពុជា លើវិស័យជាច្រើនរួមទាំងវិស័យឧស្សាហកម្ម ហើយចង់បន្តផ្ដល់ការគាំទ្រដល់កម្ពុជា នៅក្នុងកិច្ចសហការលើវិស័យថាមពល ដូចជាវិស័យប្រេង វិស័យទូរគមនាគមន៍ ខាងជលផល និងការបង្កើតកិច្ចសហប្រតិបត្តិការផ្សេងៗទៀតនៅកម្ពុជា។
ចំពោះពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី បានគូសបញ្ជាក់ថា នេះជាកិច្ចការមានសារៈសំខាន់ណាស់ ហើយជាគំនិតផ្ដួចផ្ដើមដ៏ល្អ ដែលអាចចុះកិច្ចព្រមព្រៀង នៅពេលខាងមុខនេះក្រោយពីការចរចារួចហើយនោះ។ លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា កម្ពុជា និងរុស្ស៉ី អាចមានកិច្ចសហសការយ៉ាងល្អ លើវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត និងវិស័យផ្សេងៗទៀត។ ជាពិសេសនៅក្នុងការដោះមីន នៅក្នុងវិស័យការពារជាតិ ដែលប្រទេសរុស្ស៉ី ចង់បន្តក្នុងការបណ្ដុះបណ្ដាលផ្នែកមន្ត្រីយោធាកម្ពុជា។
ពាក់ព័ន្ធនឹងមន្ទីរពេទ្យវិញ លោកនាយករដ្ឋមន្ត្រីរុស្ស៉ី បានគូសបញ្ជាក់ថា នេះជាគម្រោងដ៏សំខាន់ ហើយរុស្ស៉ី នឹងខិតខំប្រឹងប្រែងនៅក្នុងការធ្វើការងារនេះ ពោលធ្វើបានកាន់តែឆាប់កាន់តែល្អ។ ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះលោកនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានជួយជំរុញកិច្ចសហការ លើវិស័យជាច្រើនរវាងប្រទេសកម្ពុជា និងរុស្ស៉ី។
ជាពិសេសនៅក្នុងក្របខណ្ឌអាស៊ាន ដែលកម្ពុជាបានចូលរួមយ៉ាងច្រើន នៅក្នុងក្របខណ្ឌអាស៊ាន និងរុស្ស៉ី ដើម្បីកិច្ចសហការបន្តទៀត។ ពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប នៅឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រីរុស្ស៉ី បានថ្លែងអំណរគុណ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះការអញ្ជើញលោក ទៅចូលរួមកិច្ចប្រជុំនៅរាជធានីភ្នំពេញ នៅឆ្នាំក្រោយនេះ ហើយលោកនឹងអញ្ជើញចូលរួម។
ចំពោះការពាក់ព័ន្ធទៅលើវិស័យការបណ្ដុះបណ្ដាលវិញ លោកនាយករដ្ឋមន្ត្រីរុស្ស៉ីបញ្ជាក់ថា ប្រទេសរុស្ស៉ី នឹងបន្តជួយដល់វិស័យអប់រំ និងការបណ្ដុះបណ្ដាលដល់កម្ពុជា។ លោកនាយករដ្ឋមន្ត្រី បញ្ជាក់ថា នៅឆ្នាំក្រោយឆ្នាំ២០២០ រុស្ស៉ី នឹងបង្កើនចំនួនអាហារូបករណ៍ ដល់និស្សិតកម្ពុជាផងដែរ។
ចុងបញ្ចប់នៃជំនួប លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងថា លោកពិតជារីករាយ ដែលកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដំណើរការទៅយ៉ាងល្អ ហើយនឹងបន្តពង្រីកពង្រឹងទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
ពាក់ព័ន្ធនឹងការបណ្តុះបណ្តាលធនធានមនុស្ស លោកនាយករដ្ឋមន្រ្ដីគូសបញ្ជាក់ថា ជាវិស័យអាទិភាពរបស់រដ្ឋាភិបាល ហើយលោក ក៏ថ្លែងអំណរគុណជូនចំពោះលោកនាយករដ្ឋមន្ត្រី ដែលបានជំរុញក្នុងការបន្ថែមអាហាររូបករណ៍ ក៏ដូចជាការបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា ។
លោកនាយករដ្ឋមន្ត្រីរុស្ស៉ី បានគូសបញ្ជាក់ថា ការងារទាំងអស់នេះ ជាពិសេសការបណ្ដុះបណ្ដាលនេះ ជាមូលដ្ឋាននៃមិត្តភាពរវាងប្រទេសយើងទាំងពីរ ហើយយើងគោរពគ្នាទៅវិញទៅមក និងមានការយោគយល់គ្នាទៅវិញទៅមកផងដែរ៕



លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ស្នើប្រទេសជាសមាជិកអាស៊ាន និងអង្គការសហប្រជាជាតិ រួមគ្នាទប់ស្កាត់សកម្មភាពភេរវកម្ម

បាងកក ៖ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានស្នើឱ្យអាស៊ាន និងអង្គការសហប្រជាជាតិ បន្តរួមគ្នាខិតខំទប់ស្កាត់សកម្មភាពភេរវកម្មអន្តរជាតិ ដោយការផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មានចាំបាច់នានារវាងអាស៊ាន និងអង្គការសហប្រជាជាតិ។
សំណើរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ានអង្គការ-សហប្រជាជាតិលើកទី១០ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងប្រទេសថៃ។ នៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់ប្រចាំឆ្នាំនេះ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន និងអគ្គលេខាធិការអង្គការសហប្រជាជាតិ បានសំដែងការស្វាគមន៍ចំពោះវឌ្ឍនភាពដ៏ល្អប្រសើរ ក្នុងការអនុវត្តផែនការសកម្មភាពអាស៊ាន-អង្គការសហប្រជាជាតិឆ្នាំ២០១៦-២០២០ ក្នុងស្មារតីពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-អង្គការសហប្រជាជាតិ ឱ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត។
មេដឹកនាំអាស៊ាន-អង្គការសហប្រជាជាតិ បានចាត់ទុកថា អាស៊ាន និងអង្គការសហប្រជាជាតិ ត្រូវតែបន្ត និងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត រួមទាំងពង្រឹងទំនាក់តំនងរវាងលេខាធិការដ្ឋានអាស៊ាន និងលេខាធិការដ្ឋានអង្គការសហប្រជាជាតិ ដើម្បីពិនិត្យមើលនូវការអនុវត្ត សកម្មភាពបំពេញបន្ថែមទៅវិញទៅមក ដែលអាចគាំទ្រដល់ការអនុវត្តផែនការកសាងសហគមន៍អាស៊ានឆ្នាំ២០២៥ និងរបៀបវារ:ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
មេដឹកនាំអាស៊ាន និងអង្គការសហប្រជាជាតិ បានកត់សម្គាល់ថា អង្គការតំបន់ និងពិភពលោកទាំងពីរនេះ គួរខិតខំជំរុញអនុវត្តឱ្យបានពេញលេញ និងប្រកបដោយ ប្រសិទ្ធភាព នូវផែនការសកម្មភាពស្តីពីបរិស្ថាន និងការបម្រែបម្រួលអាកាសធាតុ ២០១៧-២០២០។
ដូចនឹងបណ្តាមេដឹកនាំអាស៊ានផ្សេងទៀតដែរ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកិច្ចប្រជុំនោះផងដែរ។ លោកនាយករដ្ឋមន្រ្តី បានថ្លែងថា កម្ពុជានិងប្រទេសអាស៊ានទាំងអស់ នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពជាមួយអង្គការសហប្រជាជាតិ និងទីភ្នាក់ងារនានារបស់អង្កការសហប្រជាជាតិ ដើម្បីជំរុញអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ឱ្យបានពេញលេញ និងប្រកបដោយ ប្រសិទ្ធភាពខ្ពស់។
លោកនាយករដ្ឋមន្ត្រី បានស្នើអាស៊ាន និងអង្កការសហប្រជាជាតិ បន្តខិតខំប្រឹងប្រែងរួមគ្នាថែមទៀត ក្នុងការទប់ស្កាត់សកម្មភាពភេរវកម្មអន្តរជាតិ តាមរយ:ការផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មានជំនាញចាំបាច់ ដែលមន្រ្តីអង្កការសហប្រជាជាតិអាចធ្វើបានជាមួយអាស៊ាន។
បន្ទាប់ពីបានពិភាក្សាយ៉ាងផុសផុលរួចមក មេដឹកនាំអាស៊ាន និងអង្គការសហប្រជាជាតិ បានឈានទៅចេញផ្សាយនូវសេចក្តីប្រកាសរបស់ប្រធានកិច្ចប្រជុំកំពូលអាស៊ាន និងអង្គការសហប្រជាជាតិលើកទី១០ និងបានធ្វើការកត់សម្គាល់ផែនទីចង្អុលផ្លូវ សម្រាប់ការបំពេញបន្ថែមឆ្នាំ២០២០-២០២៥ ៕




ពិធីចុះហត្ថលេខាលើអនុស្សារណ:នៃការយោគយល់គ្នារវាងអាស៊ាន និងសមាគមន៍នៃសហព័ន្ធបាល់ទាត់ពិភព លោក (FIFA)

នៅល្ងាចថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំកំពូលពេញអង្គអាស៊ានលើកទី៣៥(35th ASEAN Summit Plenary) រួចមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង បណ្តាប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានយាងនិងអញ្ជើញជាព្រះរាជាអធិ បតី និងអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណ:នៃការយោគយល់គ្នារវាងអាស៊ាន និងសមាគមន៍នៃសហព័ន្ធបាល់ទាត់ពិភពលោក(FIFA) ដែលចុះហត្ថលេខាដោយអគ្គលេខាធិការអាស៊ាន ជា មួយនិងប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក។
នៅក្នុងពិធីដ៏មានអត្ថន័យនោះ អគ្គលេខាធិការ អាស៊ាន និងលោកប្រធានសមាគមន៍សហព័ន្ធកីឡាបាល់ទាត់ពិភពលោក បានសំដែងនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការ ចូលរួមចំណែកអភិវឌ្ឍវិស័យកីឡាបាល់ទាត់ ក្នុងចំ ណោមប្រទេសជាសមាជិកអាស៊ានដែលមាន ប្រជាជនរស់នៅជាង៦៥០លានាក់។ លោកប្រធានសមាគមន៍សហព័ន្ធកីឡាបាល់ទាត់ពិភពលោក បានសំដែងនូវការវាយតម្លៃខ្ពស់ និងបានចាត់ទុកថា នេះគឺជាលើកទី១ហើយ ដែលសហព័ន្ធកីឡាបាល់ទាត់ពិភពលោក បានចុះហត្ថលេខាលើអនុស្សារណ:នៃការយោគយល់គ្នារវាងអាស៊ាន និងសមាគមន៍នៃសហព័ន្ធបាល់ទាត់ពិភពលោក ក្នុងការរួមចំណែកបណ្តុះបណ្តាលធន ធានមនុស្សលើវិស័យកីឡាបាល់ទាត់ ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់អាស៊ាន ឲ្យកាន់តែមានភាពប្រកួត ប្រជែងទ្វេឡើងថែមទៀត ពិសេសជាមួយនឹងបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប និងប្រទេសក្នុងទ្វីបដទៃទៀត ក្នុងពិភពលោក។
លោកប្រធានសមាគមន៍សហព័ន្ធ បានមានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ចំពោះបណ្តាមេដឹកនាំអាស៊ានដែលបានធ្វើជាសាក្សីនៅថ្ងៃនេះ ក្នុងការជំរុញលើកំពស់វិស័យកីឡាបាល់ទាត់ឲ្យកាន់តែមានការរីកចម្រើនថែមទៀត ក្នុងបណ្តាប្រទេសនៃតំបន់អាស៊ាន។
នៅក្នុងពិធីនោះដែរ បន្ទាប់ពីពិធីចុះហត្ថលេខាលើអនុស្សារណ: នៃការយោគយល់គ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកីឡាបាល់ទាត់ រវាងអាស៊ាន និងសមាគមន៍នៃសហព័ន្ធបាល់ទាត់ពិភពលោករួចមក លោកប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក បានអញ្ជើញថ្វាយនិងជូនអាវកីឡាករភ្ជាប់ដោយព្រះកិត្តិនាម និងនាម នៃប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលអាស៊ានទាំង ១០ប្រទេស ព្រមទាំងបានថតរូបអនុស្សាវរីយ៍ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនោះផងដែរ៕






លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជេីញចូលរួមបើកកិច្ចប្រជុំកំពូល(ពេញអង្គ) អាស៊ានលើកទី៣៥

នៅល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជេីញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូល(ពេញអង្គ) អាស៊ានលើកទី៣៥(35th ASEAN Summit Plenary) ដែលបានធ្វេីឡេីងនៅមជ្ឈមណ្ឌ លពិព័ណ៌ និងសន្និបាតអ៊ីមផែក ជាយរាជធានីបាងកក ក្នុងខេត្តនុន ថាក់បូរី ព្រះរាជាណាចក្រថៃ។ នៅក្នុងពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូល(ពេញអង្គ) អាស៊ានលើកទី៣៥ នាពេលនេះគឺមានការយាង និងអញ្ជេីញចូលរួមពីប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលអាស៊ាន រួមមានព្រះចៅស៊ុលតង់ ប្រមុខរដ្ឋ -ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន រួមទាំងអគ្គលេខាធិការអាស៊ាន ដែលត្រូវបានទទួលការស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុតពីសំណាក់ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥។
នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលពេញអង្គរបស់ខ្លួន ប្រ មុខរដ្ឋ-ប្រមុខរដ្ឋាភិបាលទាំងអស់ បានកត់សំគាល់ដោយការពេញចិត្តចំពោះការងារដែលបានបំពេញក្នុងការអនុវត្តសេចក្តីប្រកាសចក្ខុវិស័យ របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីភាពជាដៃគូសម្រាប់ចីរភាព។ ជាមួយគ្នានេះ មេដឹកនាំអាស៊ានបានកត់សំគាល់សារជាថ្មី អំពីគោលបំណងក្នុងការឆ្ពោះទៅសម្រេចបានអាស៊ានប្រកបដោយចីរភាពតាមរយ:ការបង្កើនសន្តិសុខប្រកបដោយចីរភាព ការលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់អាស៊ានប្រកបដោយភាពរលូន ដែលភ្ជាប់អាស៊ានទៅកាន់ពិភពលោក និងបន្តឲ្យមានការអភិវឌ្ឍប្រកប ដោយចីរភាព ដើម្បីបង្កើនតម្លៃយុទ្ធសាស្រ្តរបស់អាស៊ាន និង នាំមកនូវស្ថិរភាព និងវិបុលភាពក្នុងតំបន់។
ក្នុងកិច្ចប្រជុំកំពូលពេញអង្គនេះដែរ មេដឹកនាំទាំងអស់ បានលើកទឹកចិត្តឲ្យមានការប្រើប្រាស់យ៉ាងពេញលេញ នូវបច្ចេកវិទ្យាទំនើប ដែលជាលទ្ធផលនៃបដិវត្តន៍ឧស្សា ហកម្មទី៤ ដើម្បីបង្កើនការប្រកួតប្រជែងរបស់អាស៊ាន ក្នុងការដោះស្រាយការផ្លាស់ប្តូរដែលកើនឡើងជាលំដាប់ និងបញ្ហាស្មុគស្មាញនានាក្នុងតំបន់ និងពិភពលោក។
មេដឹកនាំអាស៊ាន បានសំដែងនូវសេចក្តីសោមនស្សរីករាយ ដោយកត់សំគាល់ឃើញនូវវឌ្ឍនភាពប្រកប ដោយចីរភាព ក្នុងការអនុវត្តផែនការលម្អិត នៃសហគម ន៍នយោបាយ-សន្តិសុខអាស៊ាន ឆ្នាំ២០២៥ និងបានលើកទឹកចិត្តដល់អង្គភាពនៃវិស័យពាក់ព័ន្ធនានាឲ្យបន្តកិច្ចការរបស់ខ្លួន ក្នុងការដោះស្រាយ បន្ទាត់សកម្មភាពដែលនៅសេសសល់ ខណ:ពេលរក្សាសន្ទុះក្នុងការចាត់វិធានការបន្ថែមទៀត ចំពោះបន្ទាត់សកម្មភាពដែលបានអនុវត្តរួចហើយ។ មេដឹកនាំអាស៊ាន ក៏បានទន្ទឹង រង់ចាំនូវការត្រួតពិនិត្យឡើងវិញពាក់កណ្តាល អាណត្តិ នៃផែនការលម្អិតខាងលើដែលគ្រោងនឹងចាប់ផ្តើម នៅឆ្នាំ២០២០។
មេដឹកនាំអាស៊ាន ក៏បានបញ្ជាក់ជាថ្មីនូវសន្ធិសញ្ញាមិត្ត ភាព និងកិច្ចសហប្រតិបត្តិការ នៅអាស៊ីអាគ្នេយ៍ (TAC) ជាក្រមប្រតិបត្តិដ៏សំខាន់មួយ ក្នុងការគ្រប់គ្រងទំនាក់ ទំនងអន្តររដ្ឋនៅក្នុងតំបន់ និងជាមូលដ្ឋានគ្រឹះដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ពិសេសទៅទៀតនោះ មេដឹកនាំអាស៊ាន បានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់បន្ថែមទៀតនូវគោលការណ៍នានាដូចមានចែងក្នុង TAC ឲ្យកាន់តែទូលំទូលាយនៅក្នុងតំបន់ និងបានសង្កត់ធ្ងន់អំពីសារ:សំខាន់ នៃរដ្ឋជាភាគីទាំងអស់ (High Contracting Parties) ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមសន្ធិសញ្ញានេះ។
មេដឹកនាំអាស៊ាន ក៏បានស្វាគមន៍ ចំពោះការចូលជាសមាជិក TAC របស់ប្រទេសប៉េរ៉ូ បារ៉ែន និងអាល្លឺម៉ង់នៅឆ្នាំ២០១៩នេះ ហើយទន្ទឹងរង់ចាំការចូលជាផ្លូវការរបស់អាហ្រ្វិកខាងត្បូង។ មេដឹកនាំអាស៊ាន ក៏បានកត់សំគាល់ ពីការបំពេញដោយជោគជ័យនូវបេសកកម្មស្វែងរកការ ពិតរបស់ សហគមន៍នយោបាយ-សន្តិសុខ អាស៊ាន នៅប្រទេសទីម័រឡេស្តេ កាលពីថ្ងៃទី៤-៦ ខែកញ្ញា ឆ្នាំ ២០១៩ ហើយលើកទឹកចិត្តឲ្យសសរស្តម្ភ នៃសហគមន៍សេដ្ឋកិច្ច និងសហគមន៍សង្គម-វប្បធម៌អាស៊ាន ជំរុញឲ្យមានបេសកកម្ម ស្វែងរកការពិតពីសហគមន៍របស់ខ្លួនឲ្យបានឆាប់រហ័ស។ យើងអរគុណចំពោះឆន្ទ:នយោបា យ ដ៏រឹងមាំ របស់ទីម័រឡេស្តេ ក្នុងការចូលជាសមាជិកអាស៊ាន ហើយយើងសូមបញ្ជាក់ពីការប្តេជ្ញាចិត្តថ្មីក្នុងការគាំទ្រការអភិ វឌ្ឍទីម័រឡេស្តេ តាមរយ:ជំនួយកសាងសមត្ថភាពទាំងក្នុងក្របខណ្ឌទ្វេភាគី និងតំបន់។
មេដឹកនាំអាស៊ាន ក៏បានទទួលស្គាល់ការជឿនលឿនជា លំដាប់និងប្រភេទនៃការគំរាមកំហែងឆ្លងដែន តាមប្រព័ន្ធអ៉ិនធើណែត ក្នុងការធានាឲ្យបាននូវលំហរអ៉ិនធើណែតមួយ ប្រកបដោយភាព បើកចំហ សុវត្ថិភាព ស្ថិរភាព អាចប្រើប្រាស់បាន និងប្រកបដោយភាពធន់ រឹងមាំដើម្បីគាំទ្រ ដល់សេដ្ឋកិច្ច ឌីជីថលអាស៊ាន។
ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ានដទៃទៀតដែរ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងទៅកាន់កិច្ចប្រជុំកំពូលពេញអង្គអាស៊ានយ៉ាងដូច្នេះថា អាស៊ាននៅមានសក្តានុពលច្រើនក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយភាពរឹងមាំ តាមរយ:ការជំរុញពាណិជ្ជកម្មផ្ទៃក្នុងសំដៅ បង្កើនខ្សែសង្វាក់ផលិតកម្មតំបន់ និងលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច។
ដើម្បីគោលដៅនេះ អាស៊ាន ចាំបាច់ត្រូវផ្តោតអាទិភាពទៅលើការបន្តដោះស្រាយបញ្ហារបាំងមិនមែនពន្ធ និងការបង្កើនកិច្ចប្រឹងប្រែងសម្រួលពាណិជ្ជកម្ម ដើម្បីសម្រេចបាននូវគោលដៅសំខាន់ពីរ គឺការកាត់បន្ថយចំណាយប្រតិបត្តិការពាណិជ្ជកម្ម ១០% នៅឆ្នាំ២០២០ និងការបង្កើនពាណិជ្ជកម្មអាស៊ានទ្វេដងនៅឆ្នាំ ២០២៥៕