Monday, November 04, 2019

នាយករដ្ឋមន្រ្តីចិន ប្រកាសគោលជំហរគាំទ្រដល់គម្រោងអភិវឌ្ឍខេត្តព្រះសីហនុនៃប្រទេសកម្ពុជា ឱ្យកាន់តែរីកចម្រើន

បាងកក៖ តបតាមសំណើរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសគាំទ្រដល់គម្រោងអភិវឌ្ឍនៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា ដែលមានជនជាតិចិនជាច្រើនកំពុងវិនិយោគ។ ជាមួយគ្នានេះលោកអះអាងថា ភាគីទាំងពីរនឹងពិភាក្សាគ្នា លើជំនួយឥតសំណង ដើម្បីជួយដល់ការអភិវឌ្ឍខេត្តមាត់សមុទ្រនេះ។
ការអះអាងរបស់លោកនាយករដ្ឋមន្រ្តី នៃប្រទេសមហាយក្សចិន បានធ្វើឡើងនៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក្នុងឱកាសដែលលោកនាយករដ្ឋមន្រ្តីទាំងពីរ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ នៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
លោក កៅ គឹមហួន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី បានបញ្ជាក់ឱ្យដឹងថា ក្នុងជំនួបនេះនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានធ្វើការជជែកពិភាក្សាទៅលើបញ្ហា ៣ចំណុចសំខាន់ៗ ដោយក្នុងនោះទី១ លោកនាយករដ្ឋមន្ត្រី បានស្នើដល់ភាគីចិន ក្នុងការគាំទ្រដល់ការអភិវឌ្ឍនៅខេត្តព្រះសីហនុ ដោយសារក្រុមហ៊ុនជាច្រើនរបស់ចិន នឹងត្រូវធ្វើការវិនិយោគនៅក្នុងខេត្តព្រះសីហនុ ហើយលោកនាយករដ្ឋមន្ត្រីចិន បានគាំទ្រចំពោះគម្រោងនៃការអភិវឌ្ឍន៍នៃខេត្តព្រះសីហនុនេះ ហើយលោកមានប្រសាសន៍ថា ប្រទេសទាំងពីរនឹងធ្វើការពិភាក្សាគ្នា ជាពិសេសលើជំនួយឥតសំណង ដើម្បីជួយដល់ការអភិវឌ្ឍនៃខេត្តព្រះសីហនុនេះ។
លោកបានបន្តថា ចំណុចទី២ គឺទាក់ទងនឹងកិច្ចប្រជុំកិច្ចប្រជុំលើកទី៥ គណៈគម្មាធិការនៃអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដោយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានស្នើឱ្យមានជំនួបនេះមុនបំណាច់ឆ្នាំ២០១៩ខាងមុខនេះ ដែលគ្រោងនឹងធ្វើនៅឯខេត្តព្រះសីហនុនោះ។ លោកនាយករដ្ឋមន្ត្រីចិន បានមានប្រសាសន៍ថា ចិននឹងគាំទ្រក្នុងការរៀបចំនៃកិច្ចប្រជុំនេះ ដើម្បីពិភាក្សាទាក់ទងនឹងរឿងថវិកានៃប្រទេសទាំងពីរផងដែរ។
ចំណុចទី៣ គឺទាក់ទងទៅនឹងកិច្ចប្រជុំអនុតំបន់ដែលមានយន្តការពីរ នោះមានយន្តការនៃកិច្ចសហប្រតិបត្តិការទន្លេឡានឆាង និងទន្លេមេគង្គដែលគ្រោងធ្វើនៅទីក្រុងវៀងច័ន្ទប្រទេសឡាវក្នុងឆ្នាំក្រោយនេះ និងកិច្ចប្រជុំកំពូលអនុតំបន់ទន្លេមេគង្គដែលត្រូវប្រជុំនៅឆ្នាំក្រោយដែរ ហើយប្រទេសកម្ពុជា និងចិន នឹងសហការគ្នា ដើម្បីឱ្យកិច្ចប្រជុំនេះនៅឆ្នាំក្រោយទទួលបានភាពល្អប្រសើរ ហើយក្រសួងការបរទេសនៃប្រទេសទាំងពីរ នឹងធ្វើកិច្ចការងារនេះជាបណ្តើរៗ។ នេះបើតាម លោករដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី។
លោកបន្តទៀតថា ក្រៅពីនោះទៀតពាក់ព័ន្ធនៅខេត្តព្រះសីហនុនៅឆ្នាំនេះ ជាឆ្នាំដែលប្រទេសកម្ពុជា និងប្រទេសចិន បានឯកភាពនូវការអនុវត្តកិច្ចសហប្រតិបត្តិការទៅលើច្បាប់ ដែលប្រទេសទាំងពីរបានឯកភាពគ្នា ហើយកន្លងមកបានឯកភាពនិងគ្នារួមគ្នាក្នុងការអនុវត្តច្បាប់នៃប្រទេសទាំងពីរផងដែរ ៕



No comments:

Post a Comment