Wednesday, July 04, 2018

កំណាត់ផ្លូវដែកពីពោធិ៍សាត់-ភ្នំពេញប្រវែង១៦៦គីឡូម៉ែត្រ ត្រូវដាក់ឲ្យដំណើរការឡើងវិញ នៅព្រឹកថ្ងៃនេះ

ពោធិ៍សាត់៖ កំណាត់ផ្លូវដែកពីពោធិ៍សាត់ មកដល់បាត់ដឹង និងពីបាត់ដឹង​ មករាជធានីភ្នំពេញ ប្រវែងសរុប១៦៦គីឡូម៉ែត្រ នឹងត្រូវដាក់ឲ្យដំណើរការជាបណ្តោះអាសន្នឡើងវិញ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨នេះ បន្ទាប់ពីបានអាក់ខានអស់រយៈពេលជាច្រើនឆ្នាំ កន្លងទៅ។ ដោយពីពោធិ៍សាត់-បាត់ដឹង (១៣៤គម) និងបាត់ដឹង-ភ្នំពេញ (៣២គម) កំណល់ដែកអាចទ្រទំងន់បាន១៥តោន/អក្សភ្លៅ។
ពិធីដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន កំណាត់ផ្លូវដែកពីពោធិ៍សាត់មកបាត់ដឹងនេះ ធ្វើឡើងក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។
សូមបញ្ជាក់ថា កំណាត់ផ្លូវដែកភាគខាងជើងរាជធានីភ្នំពេញ ចាប់ពីរាជធានីភ្នំពេញ រហូតដល់ក្រុងប៉ោយប៉ែត (ព្រំដែនកម្ពុជា-ថៃ) មានប្រវែងសរុប៣៨៦គីឡូម៉ែត្រ ត្រូវបានសាងសង់ឡើងអំឡុងឆ្នាំ១៩២៩ ដល់១៩៤២ ក្នុងសម័យអាណានិគមបារាំង។ តែផ្លូវដែកនេះ ត្រូវបានអាក់ខានប្រើប្រាស់ ក្នុងពេលកម្ពុជាជួបភ្លើងសង្គ្រាមទសវត្សរ៍ឆ្នាំ៧០។
កំណាត់ផ្លូវដែកពីភ្នំពេញ ដល់ក្រុងសិរីសោភណ ខេត្តបន្ទាយមានជ័យ ត្រូវបានដាក់ឲ្យដំណើរការឡើងវិញ នៅក្រោយពេលរបបប៉ុលពតត្រូវបានវាយរំលំតែក៏ត្រូវបានអាកខានទៅវិញនៅឆ្នាំ២០០៦ ព្រោះតែសភាពទ្រុឌទ្រោម។
ដោយឡែកកំណាត់ផ្លូវដែកពីក្រុងសិរីសោភ័ណ ទៅក្រុងប៉ោយប៉ែត ត្រូវបានអាក់ខានការធ្វើដំណើតាំងពី ទសវត្សរ៍ឆ្នាំ៧០មកម្ល៉េះដោយសារទម្ងន់គ្រាប់បែកនៅឆ្នាំ១៩៧៣ ហើយក្រោយរបប ប៉ុល ពត ផ្តួលរំលំក៏មិន ទាន់បានប្រើប្រាស់ដែរ។
បន្ទាប់ពីភ្លើងសង្គ្រាមបានបិទបញ្ចប់ទាំងស្រុង និងឆ្លើយតបតម្រូវការដឹកជញ្ជូនដ៏ចាំបាច់នាពេលបច្ចុប្បន្ន កំណាត់ផ្លូវដែកនេះត្រូវបានស្តារ និងដាក់ឲ្យដំណើរការឡើងវិញជាបន្តបន្ទាប់។ ក្នុងនោះកំណាត់ផ្លូវដែក ពីប៉ោយប៉ែត មកដល់សិរីសោភ័ណប្រវែងជិត ៤៨គីឡូម៉ែត្រត្រូវបានបើក ឲ្យដំណើការជាផ្លូវ ការនៅព្រឹក ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨។
កំណាត់ផ្លូវដែកពីសិរីសោភ័ណ ដល់ក្រុងបាត់ដំបងប្រវែង ៦៥គីឡូម៉ែត្រ ត្រូវបានដាក់ឲ្យដំណើរការនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨។
កំណាត់ផ្លូវពីបាត់ដំបង មកដល់ពោធិ៍សាត់ ប្រវែង១០៧គីឡូម៉ែត្រ ត្រូវដាក់ឲ្យដំណើរការនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨។ ដោយឡែកកំណាត់ផ្លូវដែកពីពោធិ៍សាត់ មកភ្នំពេញត្រូវដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននោះថ្ងៃនេះ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បានឲ្យដឹងថា ការស្តារឡើងវិញកំណាត់ផ្លូវដែកពីភ្នំពេញ រហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនេះ បានចំណាយថវិកាប្រមាណ ៩៦.៦លានដុល្លារអាមេរិក។ ក្នុងនោះទឹកប្រាក់ប្រមាណ ១៣លានដុល្លារជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ហើយក្រៅពីនោះទឹកប្រាក់ ៨៣.៦លានដុល្លារ ជាថវិការបស់រាជរដ្ឋាភិបាល ៕





អ្នកវិភាគចៅចាក់ស្មុក៖ សម រង្ស៊ី ជាសត្រូវប្រជាជន និងសន្តិភាព!

នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨ អ្នកវិភាគល្បីមួយរូបរបស់កម្ពុជាគឺ ចៅចាក់ស្មុក បានចេញនូវអត្ថបទវិភាគមួយក្រោមចំណងជើងថា «សម រង្ស៊ី ជាសត្រូវប្រជាជន និងសន្តិភាព!» ដែលមានខ្លឹមសារដូចតទៅ៖
ទណ្ឌិត សម រង្ស៊ី ជនក្បត់ជាតិតពីឪដល់កូន ពិតជាមិនចង់ឱ្យជាតិ និងប្រជាជនខ្មែរបានសុខឡើយ! ទណ្ឌិតរូបនេះនៅតែបន្តញុះញង់បំបែកបំបាក់ជាតិ បំផ្លាញសន្តិភាព និងព្យាយាមយកឈាម និងសាកសពរបស់រាស្ត្រខ្មែរ មកធ្វើជាស្ពានចម្លងឈានឡើងកាន់អំណាចតាមបែបមិនប្រជាធិបតេយ្យ។ ចរិតពិតរបស់ទណ្ឌិតក្បត់ជាតិរូបនេះរួមនឹង អ្នកនយោបាយ រត់ចោលស្រុកមួយចំនួននៅតែមិនបោះបង់ចោលនូវកលល្បិចទុច្ចរិតក្នុងការបំផ្លាញកម្ពុជា ប្រឆាំងនឹងផលប្រយោជន៍ប្រជាជនខ្មែរឡើយ។
គេបានបន្តនូវផែនការបដិវត្តន៍ពណ៌របស់ខ្លួនដែលបានអនុវត្តចាប់តាំងពីឆ្នាំ២០១៣មក ហើយមានផែនការចុងក្រោយផ្តាច់ព្រ័ត្រនៅក្នុងឆ្នាំ២០១៨នេះ។ ប៉ុន្តែពិតជាសំណាងកម្ពុជា ដែលអង្គការចាត់តាំងនយោបាយបដិវត្តន៍ពណ៌ត្រូវបានបង្ក្រាប និង បំផ្លាញចោលទាន់ពេលវេលា។ ទោះជាយ៉ាងណាក្រុមជនក្បត់ជាតិទាំងនេះនៅតែចិញ្ចឹមមហិច្ឆតា និងផែនការនេះ បន្តរហូតក្រោមការជួយជ្រោមជ្រែងពីចៅហ្វាយនាយបរទេសរបស់ពួកគេ។ នេះគឺជាចរិតនយោបាយពិតរបស់ទណ្ឌិត សម រង្ស៊ី ក្នុងចលនាបដិវត្តន៍ពណ៌បន្តពីឆ្នាំ ២០១៣។
ជនក្បត់ជាតិ សម រង្ស៊ី ដែលជាជនគ្មានតម្លៃសម្រាប់កម្ពុជា បានខិតខំប្រើជំនាញញុះញង់ស្អប់ខ្ពើមជាតិសាសន៍ និងបំបែកបំបាក់ជាតិតាមរយៈការអំពាវនាវញុះញង់កម្លាំង ប្រដាប់អាវុធមិនឱ្យស្តាប់បទបញ្ជាជា ដើម។ នេះគឺជាការបន្តយុទ្ធសាស្ត្របំបែកសាមគ្គីជាតិខ្មែរ បំបែកកម្លាំងការពារជាតិ និងប្រជាជនស្របតាម ផែនការរបស់ចៅហ្វាយ នាយបរទេសខ្លួន។ ចៅហ្វាយនាយរបស់ខ្លួនរួមនឹងអង្គការសង្គមស៊ីវិលលម្អៀងបានប្រឌិតរបាយការណ៍ចេតនាមួលបង្កាច់លើនាយទាហានជាន់ខ្ពស់របស់កម្ពុជា ដែលនេះគឺជាយុទ្ធសាស្ត្រក្នុងការបំបែកបំបាកជាតិបំបាក់ស្មារតីអ្នកការពារសន្តិភាព និងឯករាជភាពជាតិខ្មែរ។ ប៉ុន្តែអ្វីដែល សម រង្ស៊ី ធ្វើ គឺគ្រាន់តែជាកញ្ជះដាច់ថ្លៃ និងជាអាយ៉ងបរទេសយ៉ាងពិតប្រាកដ។ ក្នុងមួយជីវិតនយោបាយរបស់ សម រង្ស៊ី បានត្រឹមតែញុះញង់ និងបម្រើផលប្រយោជន៍បរទេស គ្មានគោលដៅនយោបាយច្បាស់លាស់ និងគ្រាន់តែជាជនវង្វេងជាតិ និងវង្វេងប្រជាធិបតេយ្យម្នាក់តែប៉ុណ្ណោះ។
ប្រសិនបើសម រង្ស៊ី ជាអ្នកសេ្នហាជាតិពិតប្រាកដ សម រង្ស៊ី មិនមែនដើរញុះញង់បរទេសមិនឱ្យផ្តល់ជំនួយ កុំវិនិយោគនៅកម្ពុជានិងទិញទំនិញពីកម្ពុជាឡើយ។ ប្រសិនបើសម រង្ស៊ីជាអ្នកស្រឡាញប្រជាជនខ្មែរ មែន មិនមែន សម រង្ស៊ី ញុះញង់ឱ្យខ្មែរស្អប់ខ្ពើមជាតិសាសន៍ដទៃ និងលាបពណ៌ចំពោះប្រជាជនឯងនោះទេ ហើយបើសម រង្ស៊ី គឺជាអ្នកជាតិនិយម និងស្រឡាញ់ជាតិពិតប្រាកដ សម រង្ស៊ី ប្រាកដជាហ៊ានទទួលខុសត្រូវ ចំពោះមុខច្បាប់ចំពោះបទល្មើសទាំងឡាយដែលខ្លួនប្រព្រឹត្ត មិនមែនរត់ចោលស្រុក គេចពីសំណាញ់ច្បាប់ ឡើយ។ បើសិនជាសម រង្ស៊ី ពិតជាស្រឡាញ់ជាតិ មិនមែនខ្លួនញុះញង់ពីក្រៅប្រទេសឱ្យគេទៅស្លាប់ជំនួស ហើយខ្លួនឯងដេកសុខស្រួលនៅក្រៅប្រទេសទេ។ សម រង្ស៊ី ពិតជាឆ្កែចចកពាក់ស្បែកចៀមមែន ប៉ុន្តែពេល នេះ ឆ្កែចចកឆ្កួតកំណាចនេះត្រូវបានបាក់ស្បាត និងគ្មានព្រលឹងក្នុងខ្លួនដោយសារតែចាញ់ចាស់វស្សានៅក្នុងឆាកនយោបាយកម្ពុជា។ សម រង្ស៊ី គ្មានអ្វីរំពឹងទៀតឡើយ ព្រោះអ្វីៗបានហួសពេលទៅហើយ អកហ្សឺនយោ បាយ និងគ្មានយុទ្ធ។ សម រង្ស៊ី ពូកែតែម្យ៉ាងគត់គឺរកគ្រប់មធ្យោបាយ ដើម្បីបំផ្លាញ ជាតិសាសន៍ និងឱនក្បាល លត់ជង្គង់អង្វរបរទេសឱ្យបំផ្លាញខ្មែរថែមទៀតផង។
សម រង្ស៊ី មិនស្គាល់ជម្រៅចិត្តប្រជាជនកម្ពុជាច្បាស់ឡើយ! សម រង្ស៊ី អាចឆ្កួតវង្វេងម្នាក់ឯង និងជឿ ងុបងុលតែខ្លួនម្នាក់ឯងថាពលរដ្ឋខ្មែរ រួមនឹងកងកម្លាំងប្រដាប់អាវុធផង នឹងជឿលើការអំពាវនាវរបស់ខ្លួន ប៉ុន្តែ ការពិត មិនដូច្នោះឡើយ ប្រជាពលរដ្ឋខ្មែរទាំងអស់អាចឆ្លាតជាង សម រង្ស៊ី និងមានការយល់ដឹង និងគិតវែងឆ្ងាយជាងជនបំផ្លាញជាតិរូបនេះ ព្រោះពួកគាត់បានហែលឆ្លងកាត់របបវាលពិឃាតខ្មែរក្រហម រស់នៅតស៊ូ តាំងពីបាតដៃទទេរហូតបានដូចសព្វថ្ងៃ រស់នៅហែលឆ្លងកាត់តាំងពីប្រទេសមានសង្គ្រាមរហូតដល់មានសុខ សន្តិភាពពេញលេញ និងពោរពេញដោយការអភិវឌ្ឍ នោះគឺពលរដ្ឋខ្មែរ កម្លាំងប្រដាប់អាវុធ មិនលង់ជឿលើ ការភូតកុហក បោកប្រាស់ ញុះញង់បំផ្លាញជាតិប្រឆាំងផលប្រយោជន៍ ប្រជាជន និងញុះញង់ឱ្យមានជម្លោះ ជាតិសាសន៍ បំបែកបំបាក់សាមគ្គីជាតិខ្មែរឡើយ។ សម រង្ស៊ី ត្រូវដឹងថាអ្នកស្នេហាជាតិពិតប្រាកដ អ្នកបម្រើ ជាតិពិតប្រាកដគឺរស់នៅ និងការពារជាតិនៅក្នុងប្រទេស មិនមែនជាអ្នករត់ចោលស្រុកដូចសម រង្ស៊ី នោះទេ! ម្យ៉ាងទៀត សម រង្ស៊ី គួរឈប់យល់សប្តិទាំងកណ្តាលថ្ងៃត្រង់ថាការញុះញង់របស់ខ្លួនមានប្រសិទ្ធ គឺបានត្រឹម តែជនមួយក្តាប់តូចប៉ុណ្ណោះ ហើយសម រង្ស៊ី ក៏គួរដឹងខ្លួនថា សម រង្ស៊ី ត្រូវបានពលរដ្ឋភ្លេចមុខ និងគ្មានឥទ្ធិពលក្នុងនយោបាយខ្មែរទៀតឡើយ ហើយសម រង្ស៊ី ក៏កុំខិតខំធ្វើជាសត្រូវប្រជាជន និងសន្តិភាពធ្វើអ្វី!!

ដោយ៖ ចៅ ចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ ២០១៨

លោក ឃឹម ប៊ុនសុង៖ គ្រប់កាលៈទេសៈណាមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺមិនអនុញ្ញាតឲ្យមានសង្រ្គាមនៅកម្ពុជាឡើយ

សៀមរាប៖ នៅថ្ងៃទី០៤ ខែ កក្កដា ឆ្នាំ២០១៨ បើទោះជាស្ថិតក្នុងតម្លៃនៃលក្ខខណ្ឌណាក៏ដោយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនអនុញ្ញាតិឲ្យមានចលនាបដិវត្តពណ៌ ញុះញង់បង្កសង្គ្រាម បំផ្លាញសន្តិភាព រាំងខ្ទប់ដល់ការអភិវឌ្ឍប្រទេសជាតិនោះឡើយ ។
លោក ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណកម្មាធិការ នៃ គណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បានថ្លែងឡើងយ៉ាងដូច្នេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រធាន អនុប្រធានក្រុមបក្ស និងសមាជិកសកម្ម របស់គណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប ដែលមានប្រមាណជាង ១៨៧នាក់ ។
លោក ឃឹម ប៊ុនសុង ក៏បានបញ្ជាក់ថា មកដល់ឆ្នាំនេះ គណបក្សប្រជាជនកម្ពុជា មានអាយុកាល ៦៧ ឆ្នាំហើយ ។ គណបក្សប្រជាជនកម្ពុជា ចាប់បដិសន្ធិក្នុងបុព្វហេតុបម្រើប្រជាជននិងប្រទេសជាតិ ។ ឆ្លងកាត់ការតស៊ូដើម្បីមាតុភូមិ និង ប្រជាជនក្នុងរយៈពេល៦៧ឆ្នាំកន្លងមកនេះគណបក្សប្រជាជនកម្ពុជាបានក្លាយជាគណបក្សចាស់ទុំខាងនយោបាយ មានបទពិសោធន៍ និងសមត្ថភាពពេញលេញ ក្នុងការដឹកនាំប្រទេសជាតិ ស្វែងរកសន្តិភាព តាមរយៈនៃគោលនយោបាយ ឈ្នះ ឈ្នះ ស្តារប្រទេសជាតិពីបាតដៃទទេ ឆ្ពោះទៅរកការអភិវឌ្ឍ និងកាត់បន្ថយភាពក្រីក្រជូនប្រជាជន ។
លោកបានគូសបញ្ជាក់ថា អ្នកដឹកនាំបន្តវេនប្រពៃណីស្នេហាជាតិ របស់គណបក្សប្រជាជនកម្ពុជា គឺលោកទាំង៣ នោះគឺការតស៊ូរំដោះប្រជាជាតិ មាតុភូមិកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ (នាថ្ងៃ៧មករា ១៩៧៩ ) និងបានបន្តដឹកនាំនាវាកម្ពុជា ឆ្លងកាត់របត់នយោបាយជាច្រើនដំណាក់កាល ដើម្បីមានអ្វីៗទាំងអស់ក្នុងថ្ងៃនេះ ។
លោក ឃឹម ប៊ុនសុង បានលើកឡើងថា ដើម្បីថែរក្សាសន្តិភាព បន្តនិរន្តរភាពនៃការអភិវឌ្ឍប្រទេសជាតិ ការចូលរួមបោះឆ្នោត បំពេញកាតព្វកិច្ចរបស់ប្រជាពលរដ្ឋ គឺជាកាតព្វកិច្ចដ៏សំខាន់បំផុត ។ ជាការផ្តាំផ្ញើនោះដែរ លោក ឃឹម ប៊ុនសុង មិនត្រឹមតែជម្រុញឲ្យមានការចូលរួមចលនាបោះឆ្នោត ចំពោះតែប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងមូលដ្ឋានប៉ុណ្ណោះទេ ក៏ប៉ុន្តែតាមរយៈប្រធាន អនុប្រធានក្រុមបក្ស អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ អំពាវនាវដល់ប្រជាពលរដ្ឋកំពុងធ្វើចំណាកស្រុកផងដែរ ។

លោក ឃឹម ប៊ុនសុង ក៏បានលើកពីស្ថានការណ៍នយោបាយក្នុង និងក្រៅប្រទេស ព្រមទាំងសូមឲ្យបងប្អូនកុំជឿនូវការឃោសនាអកុសល ការញុះញុងរបស់ក្រុមជនអកតិមួយចំនួន ក្នុងគោលបំណងចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងសន្តិភាពនៅកម្ពុជា តាមរយៈការឃោសនាមិនឲ្យប្រជាពលរដ្ឋទៅចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៨ខាងមុខនេះ ។ ក្នុងនោះលោក ក៏បានជម្រុញឲ្យបងប្អូនសមាជិករបស់គណបក្សប្រជាជនដែលនៅតាមភូមិ សង្កាត់ គ្រប់ទីកន្លែង ដែលមានតួនាទីនៅ ក្នុងជួរមន្ត្រីរាជការ ដូចជាលោកចៅសង្កាត់ លោកមេភូមិ និងក្រុមប្រឹក្សាសង្កាត់ ត្រូវខិតខំបម្រើសេវាសាធារណៈនៅតាមមូលដ្ឋានរបស់ខ្លួន ទាំងសេវាតម្រូវការ សេវាចាំបាច់ ជាពិសេសលិខិតស្នាមផ្សេងៗ ដែលបម្រើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងការរស់នៅប្រចាំថ្ងៃ ឲ្យបានប្រសើរឡើងថែមទៀត ។ កត្តាសំខាន់ក្រុមការងារត្រូវយកចិត្តទុកដាក់បងប្អូនជាសមាជិកមានវ័យចាស់ជរា អំពីសុខមាលភាពរបស់ពួកគាត់នៅតាមមូលដ្ឋាន រហូតដល់ថ្ងៃបោះឆ្នោត និងជម្រុញដល់យុវជន និងប្រជាជននៅតាមមូលដ្ឋានឲ្យបានទៅបោះឆ្នោតគ្រប់ៗគ្នានៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ ខាងមុខនេះ ជូនគណបក្សប្រជាជន ដែលមានលំដាប់លេខរៀងទី២០ មានរូបទេវតាបាចផ្កា ហើយការបោះឆ្នោតជូនគណបក្សប្រជាជន គឺរក្សាការពារបានសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន និងត្រូវរួមគ្នាដោះស្រាយរាល់កង្វល់ប្រជាពលរដ្ឋ ដែលប្រឈមនឹងជីវភាពរស់នៅ និង រួមគ្នាការពារសន្តិសុខសុវត្ថិភាព និងចូលរួមអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅក្នុងមូលដ្ឋាន និងរួមគ្នាការពារសន្តិភាពនិងសមិទ្ធផលដែលកើតមាននៅមូលដ្ឋានឲ្យបានគង់វង្សទៀតផង ។
ក្នុងឱកាសនោះដែរលោក ឃឹម ប៊ុនសុង ក៏បាននាំយកនូវវត្ថុអនុស្សាវរីយ៍កំដរដៃ ជូនដល់បងប្អូនជាសមាជិក សមាជិកាទាំង ១៨៩នាក់ ម្នាក់ៗ ២០ពាន់រៀល ព្រមទាំងបានអញ្ជើញចុះត្រួតពិនិត្យផ្លូវកា្រលគ្រួសក្រហមមួយខ្សែ ប្រវែង១ពាន់៧៣០ម៉ែត្រ ដែលសាងសង់ឡើងដោយក្រុមការងារចុះជួយសង្កាត់ស្រង៉ែ ព្រមទាំងសូមឲ្យបន្តការជួស ជុលបន្ថែមផ្លូវប្រវែង ២០០ម៉ែត្រទៀតផងដែរ ៕









ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន»

សៀមរាប៖ នៅព្រឹកថ្ងៃពុធ ទី៤ ខែកក្កដា ឆ្នាំ២០១៨នេះ នៅបន្ទប់ប្រជុំសាលាខេត្តសៀមរាបមានរៀបចំ​ប្រារព្ធ​ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនសំរាប់កម្ពុជា យើងក្នុងឆ្នាំ២០១៨ក្រោមអធិបតីភាពលោក មាស វិរឹទ្ឋ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿង ញៀន លោក ពិន ប្រាកដ អភិបាលរងខេត្ត និងជា​តំណាងលោក ឃឹម ប៊ុនសុង គណៈអភិបាលខេត្តសៀមរាប និងលោក ស៊ូ នី សមាជិកក្រុមប្រឹក្សា​ខេត្តសៀមរាប ហើយមានការចូលរួមពី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំង អង្កការ សង្គមស៊ីវិលចំនួន ៣៨០រូបផងដែរ។
ប្រធានបទក្នុងការប្រារព្ធទិវានេះ គឺ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន» នេះជាពាក្យស្លោកដែល មានន័យទូលំទូលាយ និង ភាពច្បាស់លាស់ក្នុងការ បញ្ជាក់ពីភាពចាំ​បាច់នៃការ​ចូលរួមពីគ្រប់សមាសភាព សង្គមទាំងអស់ត្រូវតែរួមគ្នាគាំទ្រអនុវត្ត និងទទួលខុសត្រូវ សំដៅធ្វើអោយ​ជីវិតយើង និងសហគមន៍យើង គ្មានគ្រឿងញៀន។ ម្យ៉ាងទៀតក៏ជាគោលបំណងដាស់សា្មរតី​ដល់សាធារណជន សិស្សានុសិស្សអោយជៀសចេញអោយឆ្ងាយ ពីគ្រឿងញៀន។

ឆ្លើយតបទៅនឹងបញ្ហាខាងលើនេះគណៈកម្មាធិការអាជ្ញាធរជាតិ បានរៀបចំផែនការ យុទ្ធសាស្ត្រ ត្រួតពិនិត្យគ្រឿងញៀនខេត្ត ដោយចាត់ទុកបញ្ហាគ្រឿងញៀន ជាបញ្ហាអាទិភាព ហើយការធ្វើជំរឿន និងធ្វើបច្ចុប្បន្នភាព មុខសញ្ញាជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ត្រូវប្រើប្រាស់ កម្លាំង សរុប មធ្យោបាយសរុប វិធានការសរុប ក្នុងនោះមានវិធានការជំនាញ វិធានការច្បាប់ វិធានការរដ្ឋបាល និងវិធានការ មហាជន បំផុសអោយមានកិច្ចសហការចូលរួមជាមួយសមត្ថកិច្ច ពីគ្រប់សមាសភាពផ្សេងៗ ក្នុងសង្គម សំដៅកំណត់មុខសញ្ញាឲ្យច្បាស់លាស់ ឈានឆ្ពោះទៅចាត់វិធានការ កាត់ផ្តាច់ និងលុបបំបាត់ឲ្យបាន នូវការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅតាម ភូមិ ឃុំ សង្កាត់ ជាគោលដៅនានា នៅមូលដ្ឋានទូទាំងខេត្ត ៕









លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជំរុញឲ្យអភិបាលរាជធានីភ្នំពេញ ពិនិត្យស្ថានភាពពង្រីកការតភ្ជាប់រថយន្តក្រុងសាធារណៈ ទៅតាមតំបន់ផ្សេងៗទៀត ដែលមានកម្មករ-កម្មការិនីធ្វើការច្រើន

កណ្តាល៖ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨នេះ បានជំរុញឲ្យអភិបាល​រាជធានីភ្នំពេញ លោក ឃួង ស្រេង ពិនិត្យមើលស្ថានភាពក្នុងការពង្រីកបន្ថែមទៀត នៅសេវារថយន្ត​ក្រុងសាធារណៈ ទៅតាមតំបន់ផ្សេងៗទៀត ដែលមានកម្មករ កម្មការនីធ្វើការច្រើន ដូចជាតំបន់តាខ្មៅ ឬតំបន់ដទៃទៀត ដើម្បីឲ្យកម្មករ កម្មការិនី ទទួលបានសេវាធ្វើដំណើរជិះរថយន្តដោយឥតគិតថ្លៃ។
ការជំរុញរបស់លោកនាយករដ្ឋមន្រ្ដី ប្រមុខរាជរដ្ឋាភិបាលយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញ ជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីសរុប ២៧,៤២៧នាក់ មកពីរោងចក្រចំនួន១៨ នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងថា «ខាងក្រុមហ៊ុនដែលគ្រោងបង្កើន​មជ្ឈមណ្ឌលពាណិជ្ជកម្ម​នៅទីនេះ ស្រុកអង្គស្នួល គាត់បានធ្វើសំណើរដើម្បីឲ្យមានការតភ្ជាប់រថយន្តក្រុងបន្ថែម៤គីឡូម៉ែត្រទៀត ពីតំបន់សេដ្ឋកិច្ចភ្នំពេញមកទីនេះ។ ម្សិលមិញនេះ សាលាក្រុងភ្នំពេញ លោក ឃួង ស្រេង បានដាក់ឲ្យ​ដំណើរការរួចហើយ នូវរថយន្តក្រុងបន្ថែមទៀតរហូតមកដល់ត្រឹមនេះតែម្តង។ អីចឹងទេក្មួយជាកម្មករ កម្មការិនីនៅទីនេះ គឺនឹងទទួលបាននូវសេវាជិះរថយន្តក្រុងដោយមិនគិតថ្លៃ ក្នុងរយៈពេលយ៉ាង​តិច២​ឆ្នាំ​ទៀត»។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ថ្លែងទៀតថា «ឥឡូវនេះយើងដាក់រថយន្តមួយចំនួន ប៉ុន្តែប្រសិនបើ​មាន​តម្រូវការលើសពីនេះ យើងនឹងបន្ថែមនូវចំនួនរថយន្ត ដូច្នេះកម្មករ កម្មការិនី យើងនៅទីនេះ អង្គស្នួល ក៏នឹងទទួលបានសេវារថយន្តក្រុងបន្ថែមទៀត ហើយឯកឧត្តម ឃួន ស្រេង ក៏កំពុងតែពិនិត្យស្ថានភាព​តភ្ជាប់​រថយន្តក្រុង ទៅតំបន់រោងចក្រដែលមាននៅតំបន់តាខ្មៅ និងអាចនៅតំបន់ដទៃទៀត ដែលអាចផ្តល់នូវឱកាស​ងាយស្រួលសម្រាប់កម្មករ កម្មការិនីរបស់យើង ដែលធ្វើការនៅតាមរោងចក្រនៅខាងក្រៅក្រុង នេះជាផ្នែកមួយ ដែលសូមផ្តល់សម្រាប់ក្មួយៗ ជាកម្មករ កម្មការិនីរបស់យើង»។
គួររំលឹកថា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន កាលព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ក្នុងឱកាស​ជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង៤ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ បានប្រកាសឲ្យ​កម្មករ-កម្មការិនី ជិះឡានក្រុងសាធារណៈ ដោយឥតគិតថ្លៃរយៈពេល២ឆ្នាំ ចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។

ការផ្តល់ជូននូវការជិះរថយន្តក្រុងដោយឥតគិតថ្លៃនេះ ទទួលបានការសាទរ និងពេញចិត្តយ៉ាងខ្លាំងពីកម្មករ កម្មការិនី។ លើសពីនេះមិនមែនតែកម្មករ កម្មការិនីនោះទេ ដែលទទួលបានការជិះរថយន្តក្រុង​ដោយឥតគិត​ថ្លៃនោះ គឺមានសិស្សនិស្សិត ព្រះសង្ឃ ជនពិការ ចាស់ជរា កីឡាករ កីឡាការិនី និងកុមារកម្ពស់ក្រោម១ម៉ែត្រ ក៏ទទួលបានការជិះរថយន្តក្រុងសាធារណៈ ដោយឥតគិតថ្លៃផងដែរ ៕