Wednesday, August 09, 2017

ខេត្តកំពង់ឆ្នាំង បំផុសចលនាសម្អាតបរិស្ថានដើម្បីសុខភាពប្រជាពលរដ្ឋ

កងកម្លាំងប្រដាប់អាវុធទាំងបី, មន្រ្តីរាជការ, ក្រុមសមាគមនៃក្ដីសង្ឃឹមជនជាតិកូរ៉េ, សិស្សានុសិស្សអនុវិទ្យាល័យ ហ៊ុន សែន កំពង់លែង, សិស្សានុសិស្សបឋមសិក្សាកំពង់បឹង, សមាជិកក្រុមប្រឹក្សាឃុំកំពង់ហាវ, លោកគ្រូ អ្នកគ្រូ រួមនឹងបងប្អូនប្រជាពលរដ្ឋ ប្រមាណ៤០០នាក់ នៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ បានធ្វើការជួបជុំគ្នា នាំគ្នាប្រមូលកាកសំណល់ផ្សេងៗ ដែលបង្កឱ្យមានផលប៉ះពាល់ដល់សុខភាព នៅក្នុងបរិវេណសាលាបឋមសិក្សាកំពង់បឹង។
ការជួបប្រជុំគ្នានេះ ជាទឡ្ហីករណ៍មួយ ដែលបង្ហាញឲ្យឃើញថា ទាំងអាជ្ញាធរ ទាំងប្រជាពលរដ្ឋ មានការយល់ដឹងពីសារៈសំខាន់ នៃបរិស្ថានស្អាត ហើយបានសហការចូលរួមទាំងអស់គ្នា ដើម្បីរើសសំរាម និងប្រមូលកាកសំណល់ផ្សេងៗដែលបង្កឱ្យមានផលប៉ះពាល់ដល់សុខភាព។
ជាងនេះទៅទៀត ការជួបជុំគ្នានេះ ក៏បានបង្ហាញពីគោលបំណងយ៉ាងច្បាស់ ពីសកម្មភាពនៃការអប់រំអនាម័យ សុខភាព និងការរស់នៅអចិន្រ្តៃយ៍ របស់ប្រជាពលរដ្ឋឲ្យមានការយល់ដឹងដូចជារស់នៅស្អាត ផឹកស្អាត ហូបស្អាត ពិសេសគឺការចូលរួមសម្អាតជុំវិញលំនៅដ្ឋាន របស់ខ្លួនឲ្យប្រកបដោយផាសុខភាព។

គួរបញ្ជាក់ផងដែរថា ក្រុមការងារបានបែងចែកតាមមុខសញ្ញា និងគោលដៅដែលបានគ្រោងទុក ដូចជាចំណុចកែងបត់អនុវិទ្យាល័យ ហ៊ុន សែន កំពង់លែង រហូតទៅដល់មណ្ឌលសុខភាព និងចំណុចសាលាបឋមសិក្សាកំពង់បឹង ជុំវិញសាលាស្រុកកំពង់លែង និងក្នុងបរិវេណសំខាន់ៗមួយចំនួនទៀតផងដែរ៕




ខេត្តសៀមរាប ធ្វើពិធីបិទសន្និសីទលើកទី១១ ស្តីពីមិត្តភាពប្រជាជន នឹងប្រជាជន អាស៊ាន-ចិន

លោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ បានអញ្ជើញចូលរួមពិធីបិទសន្និសីទលើកទី១១ ស្ដីពីមិត្តភាពប្រជាជន នឹងប្រជាជនអាស៊ានចិន ក្រោមប្រធានបទ “ពង្រឹងចំណងមិត្តភាពប្រជាជននឹងប្រជាជន អាស៊ានចិន ដើម្បីការពារសន្តិភាព និងសហប្រតិបត្តិការ”  ក្រោមអធិបតីភាព លោក ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា។

សន្និសីទដែលបានប្រព្រឹត្តទៅ អស់រយៈពេលពីរថ្ងៃកន្លងនេះ បានធ្វើឡើងប្រកបដោយស្មារតីមិត្តភាព និងសហប្រតិបត្តិការខ្ពស់ រួមផ្លាស់ប្តូរយោបល់ ចែករំលែកទស្សនៈគ្នាទៅវិញទៅមកយ៉ាងទូលំទូលាយ កំណត់នូវកាលានុវត្តភាព និងរួមគ្នាបន្តដោះស្រាយបញ្ហាប្រឈមនានា ក្នុងផលប្រយោជន៍ទៅវិញទៅមក រវាងប្រជាជន និងប្រជាជន អាស៊ាន-ចិន ទាំងបច្ចុប្បន្ន និងអនាគត ដែលក្នុងនោះកិច្ចប្រជុំ បានយកចិត្តទុក្ខដាក់ ពិភាក្សាគ្នាលើចំណុចជាអាទិភាពចំនួន៥៖ ១-រួមគ្នាឆ្លើយតបជាយុទ្ធសាស្រ្ត ខ្សែក្រវ៉ាត់មួយផ្លូវមួយ, ២-កសាងហេដ្ឋារចនាសម្ព័ន្ធ អាស៊ាន-ចិន ដើម្បីសន្តិភាព និងសហប្រតិបត្តិការ, ៣-ចំណងមិត្តភាពយុវជន អាស៊ាន-ចិន ដើម្បីសន្តិភាព និងសហប្រតិបត្តិការ, ៤-ជម្រុញទេសចរណ៍ អាស៊ាន-ចិន អោយកាន់តែរីកចម្រើន និង ៥-រៀបចំដែនដី និងនគររូបនីយកម្ម៕









មេឃុំសង្គ្រោះជាតិ លេងតែមួយពព្រិចភ្នែក ខ្ទេចគម្រោង ADB មួយបាត់ ហើយថែមទាំងយកត្រាពីស្មៀនមកកាន់កាប់ខ្លួនឯងទៀតផង

ផ្លូវដីស មាត់ប្រឡាយនៃគម្រោងរបស់ដៃគូអភិវឌ្ឍដែលមានឈ្មោះថា គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប ក្រោមជំនួយថវិការបស់ធនាគារអភិវឌ្ឍអា​ស៊ី ADB ស្ថិតក្នុងឃុំជើងព្រៃ ស្រុកបាធាយ ដែលចំណាយថវិកាអស់ជាង ២ម៉ឺនដុល្លារអាមេរិក ត្រូវបានលោក វ៉ែន សំអុល មេឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម មកពីគណបក្សសង្គ្រោះ​​ជាតិ យកគ្រឿងចក្រជីកកាប់បំផ្លាញក្នុងមួយពព្រិចភ្នែក។
ឥឡូវ ប្រជាពលរដ្ឋដែលត្រូវការធ្វើដំណើរឆ្លងកាត់តាមផ្លូវអមប្រឡាយនោះ កំពុងឈឺក្បាលមិនដឹងទៅផ្លូវណាទេ ឱ្យតែយ៉ាងនេះ អស់លោកមេឃុំខាងសង្គ្រោះជាតិអើយឱ្យរាស្ត្ររំពឹងអី! សូមបងប្អូនប្រជាពលរដ្ឋពិចារណាផងចុះ។

ស្របពេលជាមួយគ្នានេះ ក៏មានបែកធ្លាយលិខិតមួយរបស់លោកមេឃុំជើងព្រៃ ឈ្មោះ លោក វ៉ែន សំអុលនេះដែរ ដែលគាត់បានដកហូតយកត្រាមូលពីស្មៀនឃុំយកទៅទុកផ្ទាល់ខ្លួន ដែលទង្វើនេះ បង្ហាញពីការប្រើអំណាចទទឹងទិសដោយមិនបានសុំការសម្រេចពីក្រុមប្រឹក្សាឃុំពីព្រោះតាមឃុំនីមួយៗ មេឃុំមិនមែនធ្វើអ្វីស្រេចតែអំពើចិត្តនោះទេ។ ម្យ៉ាងវិញទៀតការទុក​ដាក់និងការប្រើប្រាស់ត្រាឃុំ មិនមែនជាសិទ្ធិផ្តាច់មុខរបស់មេឃុំគណបក្សស​ង្រ្គោះជាតិនោះឡើយ។ ផ្ទុយទៅវិញ ការដកយកត្រាដោយមេឃុំ វ៉ែន សំអុល ត្រូវបានគេសង្ស័យថា គាត់យកទៅប្រើប្រាស់ប្រយោជន៍ផ្ទាល់ខ្លួនបិទបាំងភ្នែកអ្នកដទៃ ងាយស្រួលក្នុងការជំរិតនិងកេងប្រវ័ញ្ចលុយកាក់ពីប្រជាពលរដ្ឋដែលទៅពឹងពាក់ ក្នុងបញ្ហាអ្វីមួយដោះដូរជាមួយនឹងលុយកាក់នៅពីក្រោយខ្នងក៏ថាបាន។ នេះហើយគឺជាអំពើទុច្ចរិតរបស់មេឃុំបក្សសង្រ្គោះជាតិដែលទើបឡើងកាន់ដំណែង៕






បទអត្ថាធិប្បាយ​៖ ចេះ​ស្ទើ​ ធ្វើ​ភ្លើ​ល្អជាង


នៅ​ក្នុងបទសម្ភាសន៍​​ជាមួយវិទ្យុ​បារាំង​អន្តរជាតិ ​កាលពី​​យប់​ថ្ងៃទី៥ ខែសីហា ឆ្នាំ ២០១៧ កន្លងទៅ អ្នកតំណាង​រាស្ត្រ​​គណបក្ស​​​ប្រឆាំង​ លោក​ សុន ឆ័យ បានលើកឡើងថា នៅសប្តាហ៍ក្រោយ ក្រុម​អ្នក​ច្បាប់​របស់​​គណបក្សខ្លួន​ ​នឹងពិនិត្យមើលសេចក្តីព្រាងសំណើសុំ​ធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតថ្មី​ ដើម្បី​​បើក​ផ្លូវឱ្យ​ពលករ​ចំណាក​ស្រុក​​នៅក្រៅប្រទេស អាចចុះឈ្មោះបោះឆ្នោត និងបោះឆ្នោត​នៅ​ក្រៅ​ប្រទេស​​​បាន​។ ប៉ុន្តែ​ គេ​នៅ​ចាំ​បាន​ថា​ ច្បាប់​បោះ​ឆ្នោត​​ថ្មីនេះ​ គឺ​​គណបក្ស​ដែល​មាន​អសនៈ​នៅក្នុងរដ្ឋ​សភា​ ធ្លាប់​បាន​​ឯក​ភាព​​គ្នា​ម្តង​រួច​មក​ហើយ​ និង​ត្រូវ​បាន​​ផ្តល់​សុពលភាព​ដើម្បី​ប្រើ​ប្រាស់​ សម្រាប់​ការ​បោះឆ្នោត​នៅឆ្នាំ​២០១៨​ ខាង​មុខ​នេះ​ទៀត​ផង​។ ការ​លើក​ឡើង​ទាំង​​ទទឹង​ទិស​របស់​លោក​ សុន ឆ័យ​ នាពេលនេះ​ តើ​សក្តិសម​ជាអ្នក​ចេះ​ច្បាប់​ និង​ជាតំណាង​ប្រជាពលរដ្ឋ ដែល​​គួរ​ផ្តល់​សេចក្តី​ទុក​ចិត្តកើត​ទេ បើ​ច្បាប់​បោះឆ្នោត​ទើបតែ​អនុម័ត​ហើយ​ថ្មី​ៗ​ មិន​ទាន់​អនុវត្ត​បាន​ម្តង​ផង​ក៏ត្រូវ​បាន​ក្រុម​អ្នក​ច្បាប់​សេះហោះ​​​របស់​បក្ស​ប្រឆាំង​សុំ​ធ្វើ​វិសោធនកម្ម​ឡើង​វិញ​បែបនេះ?​​​​​​
ថាចេះ​ក៏ដូច​ជា​ល្ងង់​ ថា​ល្ងង់​ក៏ដូចជាចេះ​ ប៉ុន្តែ​ ចេះពេល​ខ្លះ​គឺចេះ​របៀប​ដុះកន្ទុយតែម្តង។ និយាយ​បែប​នេះ​ រាង​ធ្ងន់​បន្តិច​មែន​ ប៉ុន្តែបើ​មិន​វ៉ៃតំលៃ​តាម​ការ​មើល​ឃើញ​អញ្ចឹងទេ​​ គឺ​វាអយុត្តិធម៌​ សម្រាប់​​អ្នក​ប្រកាន់​នូវ​អំពើ​ល្អ ចាំ​តែ​​សម្របសម្រួល​ ចាំតែ​លួង​លោម​ ក្រុម​ដែល​ប្រកួត​ចាញ់​ការ​បោះឆ្នោត​​ ហើយ​ប្រើ​វិធី​ឡាំប៉ា​រាល់​លើក​នោះ​​។
គួរ​រំលឹក​ថា​ នៅក្នុង​កិច្ចព្រមព្រៀង​​ស្តីពី​ដំណោះ​ស្រាយ​នយោបាយ​រវាង​គណបក្ស​ទាំង​ពីរ​ កាល​ពី​​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ២០១៤​ គណបក្ស​ទាំង​ពីរ​សុទ្ធតែ​បាន​យល់​ស្រប​ និង​ឯកភាព​គ្នា​ទៅលើ​ចំណុច​​រួម​ទាំង​៧​​នៃ​​កិច្ច​ព្រមព្រៀង​ ហើយ​ដែល​ក្នុង​នោះ​បាន​ផ្តោត​សំខាន់ជាពិសេស​​ទៅ​លើ​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​រួច​ទៅ​ហើយ​ ដូចជា​ការ​​រៀប​ចំ​បញ្ជី​បោះឆ្នោត​ថ្មី​ ការ​រៀបចំ​ស្ថាប័ន​ការបោះឆ្នោត​​ឱ្យ​មាន​ភាព​ឯករាជ្យ​ ដែល​មាន​សមាសភាព​ចំនួន៩រូប​ ក្នុងនោះ​​​៤រូប​ ជ្រើស​រើស​ដោយ​គណបក្ស​ដឹកនាំ​រាជរដ្ឋាភិបាល​ ៤រូប​ ជ្រើសរើស​ដោយ​គណបក្ស​មាន​អសនៈ​ក្នុង​រដ្ឋ​សភា​ ដែល​មិន​ចូលរួម​ក្នុង​រាជរដ្ឋាភិបាល​ និង​១រូប​ ត្រូវ​ជ្រើសរើស​ដោយមាន​ការ​ព្រម​ព្រៀង​​គ្នា​រវាង​គណបក្ស​ ដែល​មាន​អសនៈ​ក្នុង​​រដ្ឋ​សភា​។ ម្យ៉ាងទៀត​​​​ច្បាប់បោះឆ្នោតថ្មីនេះ​ សុទ្ធតែ​ត្រូវ​បាន​​រៀបចំ​ដោយ​គណបក្ស​ទាំងពីរ ការពារ​ដោយ​គណបក្ស​ទាំងពីរ​ ទាំងក្នុងពេល​សិក្ខា​សាលា ទាំង​ក្នុង​ពេល​ប្រជុំ​ពិភាក្សា​នៅរដ្ឋសភា ហើយត្រូវ​បាន​​អនុម័ត​ជា​ឯកច្ឆ័ន្ទ​​ដោយ​​គណបក្ស​​ទាំងពីរ​​​នៅក្នុងសម័យ​ប្រជុំ​ពេញ​​អង្គ​​នៃ​រដ្ឋសភា និងបន្ថែម​គណបក្ស​​មួយ​ទៀត​​ផងដែរ ​​នៅ​ព្រឹទ្ធសភា​​គឺ​គណបក្ស​ សម រង្ស៊ី​។ សមិទ្ធ​ផល​ផ្តើម​ចេញ​ពីកិច្ចព្រមព្រៀងនយោបាយនេះ វាបានធ្វើសកម្មភាព និងផ្តល់លទ្ធផលជូនជាតិរួចមកហើយ គឺ​ការ​បោះ​ឆ្នោត​ជ្រើរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤នេះ។
​​ដូច្នេះ​ បើ​ភាគីទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​បែបនេះ​កាលពីពេលមុន​ទៅហើយ​ ហេតុអ្វី​លោក សុន ឆ័យ​ទើប​​​​​សុំ​ធ្វើ​វិសោធនកម្ម​​ច្បាប់​បោះឆ្នោត​ជាថ្មី​ទៀត​​ទៅវិញ​?​ តើ​នេះពិត​ជា​ឧបាយកល​​​ទុច្ចរិត​ថ្មីមួយ​ទៀត​ ដែល​គណបក្ស​ប្រឆាំង​​​កំពុង​ចិញ្ចឹម​ចលនា​ដើម្បី​បដិសេធ​លទ្ធផល​បោះឆ្នោត​​​ឆ្នាំ​២០១៨​​ មែនឬ​?​
ប្រហែល​ជាដូច្នេះ​មែន​ហើយ​ ពីព្រោះ​អ្វី​ដែល​លោក សុន ឆ័យ​មានបំណងស្នើគឺជាសំណើកេង​ចំណេញ​​​នយោបាយ​ ​និង​ធ្វើនយោបាយ​ប្រជាភិថុតិ​ជាមួយប្រជាពលរដ្ឋ​ ដោយព្យាយាមបង្ហាញថា ខ្លួន​គឺ​ជា​តួអង្គ​អ្នក​សង្គ្រោះ​ អ្នក​បំរើ​ និងជាអ្នក​ដែល​គិត​គូរ​ពីប្រយោជន៍​ពលរដ្ឋ​ចំណាក​ស្រុក​ជាង​នរណាៗ​ទាំង​អស់​ បើទោះបីជា​​ដឹងថា​​សំណើនេះ​​មិនអាច​ទៅរួច​ក៏ដោយ​។​ កន្លង​មក​ តើ​គណបក្ស​ប្រឆាំងធ្លាប់​​បាន​ជួយ​​​ស្វែង​​រក​ការងារ​​ និង​ធ្លាប់​បាន​​ជួយ​រំលែក​ទុក្ខ​លំបាក​ជូន​​ប្រជាពលរដ្ឋ​​​ដែរ​ទេ​? ចំលើយ​ គឺ​គ្មាន​ ជាពិសេស​ នៅពេល​ដែល​ប្រជា​ពល​រដ្ឋ​​ជួប​គ្រោះ​​រាំង​ស្ងួត​ គ្រោះទឹក​ជំនន់​ ឬខ្យល់​ព្យុះ​ គឺ​មិន​ដែល​ឃើញ​សកម្មជន​ ឬមេដឹកនាំ​គណបក្ស​ប្រឆាំង​បង្ហាញ​​មុខ​មក​ជួយ​​ប្រជាជន​នោះ​ទេ​។​​
ការលើកឡើង​របស់​លោក​​ សុន ឆ័យ គឺ​ហាក់ដូច​ធ្វើជាភ្លេចនូវអ្វីដែលគណបក្សប្រជាជនកម្ពុជា និង​​គណបក្ស​​​សង្គ្រោះជាតិ បាន​ឯកភាព​គ្នា​នៅក្នុង​កិច្ច​ព្រមព្រៀង​នយោបាយ​កាលពីថ្ងៃ​ទី​២២ ខែ​កក្កដា​ ឆ្នាំ២០១៤ ដែល​ចរិត​​របៀប​ចេះ​ដុះកន្ទុយនេះ​ មិន​អាច​លាក់​បាំង​ភ្នែក​មហាជន​បាន​ឡើយ​ ប៉ុន្តែ​ភាព​ចេះ​ធ្វើ​ជាល្ងង់​នេះ​ វា​អាច​ជាកាំបិត​ចិត​ដង​ខ្លួន​ឯង​ទៅវិញ​ទេ​ មាន​ន័យ​ថា​ បើ​កិច្ច​ព្រមព្រៀង​នយោបាយ​​ទាំង​៧ចំណុច​នោះ​ត្រូវ​បាន​យក​មក​អនុវត្ត​​ចេញ​ជាផ្លែផ្កា​ខ្លះ​ទៅ​ហើយ​ តែ​ត្រូវ​បាន​លោក សុន ឆ័យ​ និង​ក្រុម​អ្នក​ច្បាប់​សេះ​ហោះ​របស់​គណបក្ស​ប្រ​ឆាំង ​ត្រៀម​លើក​សំណើ​សុំ​ធ្វើ​វិសោធនកម្ម​ដើម្បី​​​កេង​ចំណេញ​ប្រជាប្រិយភាព​​សម្រាប់​គណបក្ស​ខ្លួន​​។ បើក្នុងហេតុផលបែបនេះនោះ ​ក្រុមអ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​កាន់​អំណាច ​​ក៏មាន​សិទ្ធិ​សម្រេច​មិនលើកយកសំណើ​ធ្វើ​វិសោធនកម្មនេះមកពិភាក្សាដែរ​ ដើម្បី​ឆ្លើយ​តប​នូវ​គំនិត​កេង​ចំណេញ​នយោ​បាយ​​របស់​គណបក្ស​ប្រឆាំង​​វិញ​ដែរ​ ហើយ​នៅពេល​នោះ​ គណបក្ស​ប្រឆាំង​អាច​នឹង​ត្រូវ​បង់​​ខាត​ធ្ងន់​ធ្ងរ​​បំផុត​ទៅ​វិញ​ទេ​ ដូច​ពាក្យ​​ចាស់​ពោល​ថា​ «ប្រាក់​ក៏បង់​ ថង់​ក៏ដាច​» គឺ​អ្វីៗ​ត្រូវ​ចប់​ និង​ត្រូវ​បំផ្លាញ​ដោយ​ក្រុម​លោក​ សុន ឆ័យ​តែ​ម្តង​​​។​​​
អ្នក​តាម​ដាន​ស្ថានការ​ណ៍​នយោបាយ​នៅកម្ពុជា​ បាន​​សង្កេតឃើញ​ថា​ ធនធាន​មនុស្ស​នៅក្នុង​គណ​បក្ស​​​សង្គ្រោះ​ជាតិ គឺ​ពិត​ជា​​គ្មាន​អ្នក​ជំនាញខាង​ផ្នែក​ច្បាប់​ និង​អ្នក​ជំនាញ​ខាងយុទ្ធសាស្ត្រសម្រាប់​ទស្សនៈ​វិស័យ​​វែង​ ​អ្វី​ទាំង​អស់ ព្រោះ​​​​​​​កន្លង​​មក​ គេ​ឃើញ​មាន​កំហុស​ផ្នែក​យុទ្ធសាស្ត្រ​លើ​ទី​លាន​ប្រកួត​ជាច្រើន​លើក​ច្រើន​សារ​ ក្នុង​នោះ​៖
ទី​១ ការ​បង្កើត​សារ​នយោបាយ​ដែល​នាំ​ឱ្យ​បុគ្គល​ជា​មេដឹក​នាំ​គណបក្ស​ និង​សកម្មជន​គាំទ្រ​ ត្រូវ​រួម​រឹត​ដោយ​បទល្មើស​​ ឈាន​ទៅ​រក​ការកាត់​ទោស​ និង​ក្លាយ​ខ្លួន​ជាទណ្ឌិតជាបន្តបន្ទាប់​​។
ទី២ ភាព​កំសោយ​លើ​ផ្នែក​ច្បាប់​ ដែល​អាច​នឹង​ឈាន​ទៅ​រក​ការ​ប្រព្រឹត្តិ​​ល្មើស​ច្បាប់​​​ និងអាច​ត្រូវ​ផ្អាក​សកម្ម​ភាព​ ឬ​អាច​​ត្រូវ​រំលាយ​​គណបក្ស​ទាំង​ស្រុងតែម្តង​​។ ជាក់​ស្តែង​ កំហុស​ក្នុង​ការ​កែប្រែ​លក្ខន្តិកៈ​គណបក្ស​ដែល​នាំ​ឱ្យ​មាន​ការ​​ធ្វើ​សមាជ​បក្ស​ ម្តង​ហើយ​ម្តង​ទៀត និង​ចំណុច​ថ្មីបំផុត​នោះ​គឺ​ការ​មិន​យល់​អំពី​អត្ថន័យ​ និង​ខ្លឹម​សារនៃ​ច្បាប់​ថ្មី​ ស្តី​ពី​​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ ដែល​ធ្វើ​ឱ្យ​ប្រធាន​គណបក្ស​ចេញ​សេចក្តីប្រ​កាស​យ៉ាង​ប្រញាប់​​ប្រញាល់​ក្នុង​​ការ​ផ្លាស់​ប្តូរ​ស្លាក​គណបក្ស​របស់​ខ្លួន​។​​​
ក្នុង​ន័យ​នេះ​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ គួរ​តែ​ព្រមាន​ក្រុម​លោក សុន ឆ័យ​ ឱ្យ​បញ្ឈប់​នូវ​គំនិត​​ឆ្កួត​ៗ​​របស់​​គាត់​ ដោយ​ខ្លួន​ឯង ជៀស​វាង​​សំណើដែល​មិន​អាច​ទៅ​រួច​របស់​ក្រុម​លោក​ សុន ឆ័យ​ អាច​នឹង​ធ្វើ​​ឱ្យ​​ខូច​​កិច្ច​ការ​ធំ​​​នៃ​​​កិច្ច​ព្រមព្រៀង​​នយោបាយ​ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា​ ឆ្នាំ២០១៤​​ ៕​​​
ដោយ​ សួន ចំរើន​

ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ អញ្ជើញផ្សព្វផ្សាយសភាពការណ៍វិវត្ដន៍ថ្មីៗ លើវិស័យនយោបាយ សន្ដិសុខ ការពារជាតិ សម្រាប់ឆ្នាំ២០១៨

លោក ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតីក្នុងពិធី ផ្សព្វផ្សាយសភាពការណ៍វិវត្តន៍ថ្មីៗ លើវិស័យនយោបាយ សន្ដិសុខ ការពារជាតិ សម្រាប់ឆ្ពោះទៅកាន់ឆ្នាំ២០១៨។

កិច្ចប្រជុំនេះក៏មានការចូលរួមពី ថ្នាក់ដឹកនាំក្នុងជួរកងទ័ព និងក្នុងជួរកងរាជអាវុធហត្ថ ព្រមទាំងមន្ដ្រី ពាក់ព័ន្ធជា ច្រើនរូបទៀតផងដែរ ដែលបានធ្វើនៅទីស្ដីការក្រសួងការពារជាតិ ៕



ឱកាសទទួលបានការងារសមរម្យ និងកម្មសិក្សាការងារ នៅក្នុងវេទិកាការងារ នៅមជ្ឍមណ្ឌល់ ការងាររាជធានីភ្នំពេញ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំគណៈប្រតិភូ វិលមកកាន់កម្ពុជាវិញ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវការ នៅប្រទេសជប៉ុន

នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំគណៈប្រតិភូវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ បន្ទាប់ពីបានមកបំពេញទស្សនកិច្ច និងចូលបង្គំគាល់ព្រះរជ្ជទាយាទ Naruhito និង បានជួបប្រជុំកំពូលជាមួយ លោកនាយករដ្ឋមន្រ្តីជប៉ុន Shinzho Abe ដែលមានរយៈពេល៣ថ្ងៃកន្លងមកនេះ។ កម្ពុជា និងជប៉ុនមានទំនាក់ទំនងល្អ នឹងគ្នាជាយូរយារមកហើយ គឺចាប់តាំង ពីឆ្នាំ ១៩៥៣។ ចាប់តាំងពីសង្រ្គាមលោកលើកទី២មក ប្រទេសជប៉ុនទើបបានបញ្ជូនកងទ័ពមកបរទេសជាលើកទី១ គឺមកកាន់កម្ពុជាក្នុងបេសកកម្មថែរក្សា សន្តិភាពកាលពីឆ្នាំ ១៩៩២ ដែលគិតមកទល់ពេលនេះគឺមានរយៈពេល ២៥ ឆ្នាំហើយ។
នៅក្នុងកិច្ចប្រជុំកំពូលកាលពីពេលថ្មីៗនេះ គឺប្រទេសយើងទាំងពីរបានចុះអនុស្សរណៈលើឯកសារ សំខាន់ៗចំនួនពីរដែលមានទឹកប្រាក់ជាង ២៤៤លានដុល្លារ សម្រាប់អនុវត្តគម្រោងប្រព័ន្ធការពារទឹកជំនន់ ទីក្រុងភ្នំពេញ និងគម្រោងអភិវឌ្ឍន៍ចំណតកំពង់ផែក្រុងព្រះសីហនុ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានពិភាក្សាសុំជំនួយពីភាគីជប៉ុនផងដែរ លើគម្រោងឱ្យមានរថភ្លើងស្វ័យប្រវត្តិ (Sky Train) នៅទីក្រុងភ្នំពេញ។ ជាមួយគ្នានេះដែរ លោក ក៏បានទៅមើលរោងចក្រកែច្នៃសំរាមរបស់រដ្ឋជប៉ុន ដើម្បីពិនិត្យមើលលទ្ធភាពក្នុងការដោះស្រាយបញ្ហាសំរាមនៅក្នុងរាជធានីភ្នំពេញដើម្បីកែច្នៃឱ្យមានប្រយោជន៍យកមកប្រើប្រាស់វិញដូចជប៉ុនកំពុងមានស្រាប់។
នៅម្សិលមិញនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជួបប្រជុំជាមួយតំណាងក្រុមហ៊ុនជប៉ុនជាច្រើនរយនាក់ដែលចាប់អារម្មណ៍ក្នុងការមកវិនិយោគនៅកម្ពុជា។ ដោយសារកម្ពុជាសព្វថ្ងៃមានសុខសន្តិភាព និងស្ថិរភាពនយោបាយ ជាមួយនឹងការអនុគ្រោះលើការនិយោគទើបទាក់ទាញពាណិជ្ជករ និងវិនិយោគិនជប៉ុនយ៉ាងច្រើន។ លោក និង លោកនាយករដ្ឋមន្រ្តី Abe នឹងបន្តខិតខំជំរុញបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរឱ្យកើនឡើងជាង ២,០០០ លានដុល្លារនៅឆ្នាំខាងមុខ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងអំណរគុណ លោកនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe ដែលបានអញ្ជើញរូបលោកមកធ្វើទស្សនកិច្ចនៅជប៉ុនឆ្នាំនេះ ហើយព្រមទាំងបានសន្យាថានឹងជួយកម្ពុជាឱ្យក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។ លោក ក៏សូមអរគុណលោក Abe ផងដែរ ដែលបានរៀបចំខួបកំណើតជូនលោកនៅលើទឹកដីជប៉ុន ដែលបានបង្ហាញនូវការស្រឡាញ់រាប់អានកម្ពុជាដូចជាបងប្អូន ដែលពេលនេះ ប្រទេសយើងទាំងពីរ បានក្លាយជាដៃគូយុទ្ធសាស្រ្តដ៏សំខាន់។ លោក ហ៊ុន សែន សង្ឃឹមថាទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន នឹងនាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាជាតិនៃប្រទេសទាំងពីរ៕







លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ការរីកចម្រើនរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្ររបស់រដ្ឋាភិបាល និងប្រជាជនជប៉ុនឡើយ

នៅរាត្រីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ លោក ហ្វូមីអាគី តាកាហាស៊ី ប្រធានសមាគមកម្ពុជា-ជប៉ុន និងជាអតីតឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំកម្ពុជា បានរៀបចំពិធីលៀងសាយភោជន៍ ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដែលអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការការងារទៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
លោក ហ្វូមីអាគី តាកាហាស៊ី មានប្រសាសន៍សម្តែងនូវការសា្វគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានដ៏ឧត្តុង្គឧត្តមបំផុត របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញទៅបំពេញទស្សនកិច្ចសាជាថ្មីម្តងទៀត នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ពីមួយថ្ងៃទៅមួយថ្ងៃប្រទេសយើងទាំងពីរកម្ពុជា-ជប៉ុន មានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងល្អប្រសើរខ្លាំងណាស់ ពិសេសការធ្វើទំនាក់ទំនងរវាងយុវជននិងយុវជន ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដែលនោះគឺជាសញ្ញាវិជ្ជមាននៃទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ លោក ហ្វូមីអាគី តាកាហាស៊ី ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលធ្វើឱ្យប្រទេសកម្ពុជារក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ពិសេសការរក្សាបាននូវកំណើនសេដ្ឋកិច្ចជាង៧% ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា ការរីកចម្រើនរបស់ប្រទេសកម្ពុជាគឺមិនអាចកាត់ផ្តាច់ចេញពីការជួយឧបត្ថម្ភគាំទ្រពីសំណាក់រដ្ឋាភិបាល និងប្រជាជនជប៉ុន ក្នុងនោះក៏មានថ្នាក់ដឹកនាំរបស់សមាគមជប៉ុន-កម្ពុជា ដែលតែងតែជួយដល់ការស្តារនិងអភិវឌ្ឍន៍ប្រទេសកម្ពុជាឡើងវិញ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបន្តថា កាលពីល្ងាចថ្ងៃទី០៧ ខែសីហា លោកនិងលោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ក្នុងការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរក្នុងនោះការចុះហត្ថលេខា និង ការប្តេជ្ញាចិត្តរួមគ្នាក្នុងការជួយគ្នាទៅវិញទៅមក គឺជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់រវាងថ្នាក់ដឹកនាំទាំងពីរក្នុងការពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមកសម្រាប់ប្រជាជាតិទាំងពីរ កម្ពុជា-ជប៉ុន។ លោក ហ៊ុន សែន ក៏បានជម្រាបជូនដែរថា នៅថ្ងៃអនាគត លោកនឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការការងារជាថ្មីម្តងទៀត នៅទីក្រុងតូក្យូប្រទេសជប៉ុន ដើម្បីបង្ហាញពីការគោរពស្រឡាញ់គ្នាទៅវិញទៅមក និងការស្រឡាញ់រាប់អានក្នុងនាមជាមិត្តចាស់៕







(សូមទស្សនាវីដេអូ) លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំគណៈប្រតិភូ អញ្ជើញចូល​រួមសិក្ខាសាលា ស្តីពីការយល់​ដឹងពីបច្ចុប្បន្ន​ភាពរបស់កម្ពុជា ដែលរៀបចំ​ដោយសមាគម ជប៉ុន-កម្ពុជា និងអង្កការពាណិជ្ជ​កម្មក្រៅប្រទេស

(សូមទស្សនាវីដេអូ) លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទស្សនកិច្ច​រោងចក្រកែច្នៃសំរាម និងធ្វើដំណើរតាម​រថភ្លើងស្វ័យប្រវត្តិ រួចទទួលទាន​អាហារថ្ងៃត្រង់ការងារ ជាមួយសមាគម​មិត្តភាពសភាជប៉ុន-កម្ពុជា