Monday, July 25, 2022

វិភាគអន្តរជាតិ៖ តើចិននឹងធ្វើបែបណា បើប្រធានសភាតំណាងរាស្ត្រអាមេរិក បំពេញទស្សនកិច្ចនៅតៃវ៉ាន់?


(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីសប្ដាហ៍មុនបានបង្ហើបឱ្យដឹងថាទីប្រឹក្សាយោធា និងសន្តិសុខជាតិរបស់លោកបានជំទាស់ទៅនឹងផែនការ បំពេញទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) មកកាន់កោះតៃវ៉ាន់ នៅខែសីហាខាងមុខនេះ។ ផែនការនៃ ដំណើរទស្ស នកិច្ចរបស់លោកស្រី ផេឡូស៊ី ត្រូវបានចុះផ្សាយមុនគេដោយកាសែត Financial Times ដែលបានរាយការណ៍ថាលោកស្រី នឹងដឹកនាំប្រតិភូសភាអាមេរិកមួយ ក្រុមបំពេញទស្សនកិច្ចមកកាន់កោះតៃវ៉ាន់ ជប៉ុន សិង្ហបុរី ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ព្រមទាំងទីបញ្ជាការយោធាអាមេរិកប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក មានមូលដ្ឋាននៅឯ រដ្ឋហាវ៉ៃផងដែរ។


បើតាមលោក ចូ បៃដិន យោធាអាមេរិកគិតថាដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី មកកាន់កោះតៃវ៉ាន់ក្នុងពេលបច្ចុប្បន្ន មិនមែនជាគំនិតល្អនោះទេ ហើយក៏មិនបាន បញ្ជាក់លម្អិតអ្វីនោះដែរ។ ក៏ប៉ុន្តែ លោកស្រី ផេឡូស៊ី ផ្ទាល់បានអះអាងថាលោក បៃដិន បារម្ភខ្លាចក្រែងថាចិនអាចនឹងបាញ់ទម្លាក់យន្ដហោះរបស់លោកស្រី បន្ទាប់ពីប៉េកាំង បានព្រមានថានឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើលោកស្រី ផេឡូស៊ី ពិតជាបំពេញទស្សនកិច្ចមកកាន់ទីក្រុងតៃប៉ិមែននោះដែលអាចនឹងក្លាយ ជាដំណើរទស្សនកិច្ចលើកដំបូងបំផុតរបស់ប្រធានសភាតំណាងរាស្ត្រអាមេរិក ក្នុងរយៈពេល ជាង២៥ឆ្នាំមកនេះ ក្រោយអតីតប្រធានសភា តំណាងរាស្ត្រអាមេរិក លោក ញូ ហ្គីនហ្រ្គីស (Newt Gingrich) បំពេញទស្សនកិច្ចមកកាន់កោះតៃវ៉ាន់ កាលពីឆ្នាំ១៩៩៧។


ប៉ុន្តែអ្វីដែលសំខាន់ គឺនៅត្រង់ថាផែនការដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី ធ្វើឡើងនៅចំពេលដែលចិនត្រៀមរៀបចំព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងខែសីហា នោះគឺខួប បង្កើតកងទ័ពរំដោះប្រជាជនចិន (PLA)។ លោក ដេរិក ក្រូសមែន (Derek Grossman) ជាអ្នកវិភាគជាន់ខ្ពស់ម្នាក់ខាងយោធាមកពីវិទ្យាស្ថាន RAND Corp បានកត់សម្គាល់ ថាដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី មកកាន់កោះតៃវ៉ាន់នឹងធ្វើឱ្យទាំងចិន និងអាមេរិកស្ថិតនៅក្នុងស្ថានភាពមួយដ៏លំបាក។ ពោលគឺម្ខាង ចិនដាច់ខាតត្រូវតែធ្វើ ប្រតិកម្មឆ្លើយតប បើពុំដូច្នោះទេ ការជឿទុកចិត្តចំពោះលោក ស៊ី ជិនពីង នៅក្នុងជួរគណបក្សកម្មុយនិស្ដចិននឹងរង្គោះរង្គើរ ខណៈបើសហរដ្ឋអាមេរិកលុបចោល ដំណើរទស្សនកិច្ចនេះ នោះតៃវ៉ាន់អាចនឹងបាត់បង់ជំនឿលើទីក្រុងវ៉ាស៊ីនតោនដូចគ្នាដែរ ដោយពួកគេអាចគិតថាអាមេរិកមិនហ៊ានប្រឈមមុខ ឬខ្លាចការសម្លុតគំរាម របស់ចិន។


មកទល់នឹងពេលនេះ គេមិនទាន់ដឹងច្បាស់ថាតើដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នឹងធ្វើឡើងតាមផែនការ ឬក៏យ៉ាងណានោះទេ ស្របពេលលោក បៃដិន ត្រូវបាន គេរាយការណ៍ថានឹងបើកកិច្ចសន្ទនាជាមួយលោក ស៊ី ជិនពីង នៅចុងខែកក្កដានេះ។ ផែនការបំពេញទស្សនកិច្ច នៅទីក្រុងតៃប៉ិរបស់លោកស្រី ផេឡូស៊ី ក៏ធ្លាប់ត្រូវបាន លុបចោលដែរ កាលពីខែមេសាកន្លងទៅ ក្រោយលោកស្រីឆ្លងកូវីដ១៩។ តែបើទស្សនកិច្ចនេះកើតឡើងពិតមែន ថាតើវានឹងមានរឿងអ្វីកើតឡើង? ហើយតើចិននឹងបញ្ចេញ ប្រតិកម្មបែបណា?


បើតាមអ្នកជំនាញយោធា ដូចជាលោក កូអ៉ីឈិ អ៉ីសូបេ (Koichi Isobe) ជាឧត្ដមសេនីយ៍ផ្កាយ៣ ចូលនិវត្តន៍នៃកងកម្លាំងជើងគោកនៃកងកម្លាំងស្វ័យការពារជប៉ុន វាសឹងតែមិនអាចទៅរួចឡើយ ដែលចិននឹងបាញ់ទម្លាក់យន្ដហោះដឹកមន្ត្រីកំពូលអាមេរិក ដូចជាប្រធានសភាតំណាងរាស្ត្រអាមេរិក។ ជាការពិតណាស់ ជារឿយៗ ចិន តែងតែបញ្ចេញប្រតិកម្មឆ្លើយតបទាំងតាមរយៈការសារបញ្ជូនព្រមាន និងការធ្វើសកម្មភាពយោធានៅក្បែរកោះតៃវ៉ាន់ នៅពេលដែលមន្ត្រីអាមេរិក មិនគិតថាឋានៈទាប ឬខ្ពស់នោះទេ បំពេញទស្សនកិច្ចនៅកាន់កោះតៃវ៉ាន់។ ម្លោះហើយខាងក្រោមនេះអាចជាវិធានការឆ្លើយតបរបស់ចិន៖


* បញ្ជូនយន្ដហោះចម្បាំងទាំងហ្វូង

យន្ដហោះចម្បាំងនៃកងទ័ពរំដោះប្រជាជនចិន PLA ត្រូវបានគេរាយការណ៍ថាបានហោះចូលក្នុងតំបន់ដែនកំណត់អត្តញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់ ជាញឹកញាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីបង្កើនសម្ពាធនយោបាយលើប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីងវិន (Tsai Ing-wen) និងបង្ហាញពី សមត្ថភាពធ្វើសកម្មភាពយោធានៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។ ដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី អាចនឹងជំរុញឱ្យចិនបញ្ជូនយន្ដហោះចម្បាំងទាំងហ្វូង ហោះចូលក្នុងតំបន់ដែនកំណត់អត្តញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់ ជាទីដែលកន្លងមកយន្ដហោះចម្បាំងចិនរាប់សិបគ្រឿងហោះឆ្វែល នៅក្រោយពេលដែល មន្ត្រីអាមេរិកបំពេញទស្សនកិច្ចនៅតៃប៉ិ។ កំណត់ត្រាប្រចាំថ្ងៃខ្ពស់បំផុត នៃសកម្មភាពយន្ដហោះចម្បាំងចិន នោះគឺកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ជាពេលដែល យន្ដហោះចម្បាំងចិនជាង ៥៣គ្រឿង ហោះចូលក្នុងតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់ ដោយជំរុញឱ្យសហរដ្ឋអាមេរិកដឹកនាំការធ្វើសមយុទ្ធយោធានៅក្បែរ កោះតៃវ៉ាន់ រីឯចិនក៏បានបញ្ជូននាវាចម្បាំងដឹកនាំការធ្វើសមយុទ្ធយោធាឆ្លើយតបវិញផងដែរ។


* ឆ្លងកាត់ «ខ្សែបន្ទាត់កណ្ដាល»

នៅក្នុងសេណារីយ៉ូនេះ ចិនអាចនឹងបញ្ជូនយន្ដហោះចម្បាំងឆ្លងកាត់ «ខ្សែបន្ទាត់កណ្ដាល» នៃតំបន់ច្រកសមុទ្រតៃវ៉ាន់ ដែលជាតំបន់ទ្រនាប់មួយបង្កើតឡើងដោយ សហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៥៤ ដើម្បីបង្ការជម្លោះរវាងចិន និងតៃវ៉ាន់។ យន្ដហោះចម្បាំងចិនត្រូវបានគេរាយការណ៍ថាបានហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនេះ ម្ដងហើយម្ដងទៀត កាលពីខែកញ្ញា ឆ្នាំ២០២០ នៅពេលអតីតអនុរដ្ឋលេខាធិការនៃក្រសួងការបរទេសអាមេរិក លោក ឃីត ក្រាច (Keith Krach) បំពេញទស្សនកិច្ច នៅតៃវ៉ាន់។ យន្ដហោះចម្បាំងចិនហោះកាត់ខ្សែបន្ទាត់កណ្ដាលនេះដែរ កាលពីដើមខែកក្កដា ឆ្នាំ២០២២នេះ ចំពេលសមាជិកព្រឹទ្ធសភាអាមេរិក លោក រីក ស្កុត (Rick Scott) មកសួរសុខទុក្ខលោកស្រី ត្សៃ ដល់ទីក្រុងតៃប៉ិ។


លោក ជៀស ជុង (Chieh Chung) ជាអ្នកសា្រវជ្រាវមួយរូបមកពីមូលនិធិគោលនយោបាយជាតិតៃវ៉ាន់ (Taiwan’s National Policy Foundation) ក៏យល់ស្របដែរ ចំពោះសេណារីយ៉ូនេះ។ លោកបានបញ្ជាក់ដូច្នេះថា «សេណារីយ៉ូនេះអាចទៅរួចដោយ PLA នឹងបញ្ជូនយន្ដហោះចម្បាំងជាច្រើនគ្រឿង ហោះឆ្លងកាត់ «ខ្សែបន្ទាត់កណ្ដាល» នៃតំបន់ច្រកសមុទ្រតៃវ៉ាន់ ជាពិសេសនៅតំបន់ចន្លោះរវាងទីក្រុង តៃប៉ិ និងទីក្រុង ស៊ីនឈូ (Hsinchu) ដែលជាចំណុចតូចង្អៀតក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់»។


* ធ្វើតេស្ដបាញ់មីស៊ីលនៅក្បែរកោះតៃវ៉ាន់

ប្រតិកម្មតបតខ្លាំងក្លាបំផុតរបស់ចិន ឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ ធ្លាប់បានកើតឡើងកាលពីឆ្នាំ១៩៩៥។ នៅពេលនោះ ទីក្រុងប៉េកាំងបានធ្វើតេស្តបាញ់ មីស៊ីលជាច្រើនគ្រាប់ តម្រង់ទៅកាន់តំបន់ដែនទឹកក្បែកោះតៃវ៉ាន់។ ការធ្វើតេស្ដមីស៊ីលនេះគឺជាសារបង្ហាញការមិនពេញចិត្តរបស់ប៉េកាំង ប្រឆាំងនឹងការសម្រេចចិត្តរបស់ អតីតប្រធានាធិបតីអាមេរិក លោក ប៊ីល គ្លីនតុន ដែលអនុញ្ញាតឱ្យប្រធានាធិបតីជាប់ឆ្នោតតាមបែបប្រជាជាធិបតេយ្យដំបូងគេបំផុតរបស់តៃវ៉ាន់ គឺលោក លី តេង ហួយ (Lee Teng-hui) បំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក។ នៅពេលនោះដែរ ចិនបានប្រកាសបង្កើតតំបន់ផ្ដាច់មុខពិសេស នៅជុំវិញគោលដៅនៃការធ្វើតេស្ដមីស៊ីល ដោយធ្វើ ឱ្យការដឹកជញ្ជូនតាមសមុទ្រ និងតាមអាកាសក្នុងតំបន់ច្រកសមុទ្រតៃវាន់ត្រូវផ្អាកសកម្មភាព។ ប្រតិកម្មតាមរយៈមីស៊ីលថ្មីចុងក្រោយបំផុត នោះគឺកងទ័ព PLA បានបាញ់ សាកល្បងមីស៊ីលបាលិស្ទីគប្រឆាំងនាវាផ្ទុកយន្ដហោះចម្បាំង ក្នុងតំបន់សមុទ្រចិនខាងត្បូង កាលខែសីហា ឆ្នាំ២០២០ ជាការឆ្លើយតបទៅនឹងសមយុទ្ធជើងទឹករបស់ សហរដ្ឋអាមេរិក។


* បញ្ជូនយន្ដហោះចម្បាំងហោះពីលើកោះតៃវ៉ាន់

ក្រុមអ្នកជាតិនិយមនៅក្នុងប្រទេសចិន បានលើកឡើងពីជម្រើសម៉ឺងម៉ាត់ជាច្រើន ដើម្បីឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី មកកាន់កោះតៃវ៉ាន់ បើទោះជាអាចបង្កហានិភ័យខ្ពស់នៃការផ្ទុះជម្លោះក៏ដោយ។ ក្នុងចំណោមជម្រើសទំាងនោះត្រូវបានស្នើឡើងដោយកាសែតរដ្ឋចិន Global Times ដែលទទូចឱ្យយោធាចិន បញ្ជូនយន្ដហោះចម្បាំងហោះពីលើ ឬចូលក្នុងដែនអាកាសតៃវ៉ាន់តែម្ដង តែជម្រើសនេះអាចបង្កឱ្យមានភាពតានតឹងយោធារវាងចិន និងតៃវ៉ាន់។ តួយ៉ាង រដ្ឋមន្ត្រីការពារជាតិ តៃវ៉ាន់ លោក ឈីវ គូ ឆេង (Chiu Kuo-cheng) បានប្រាប់សភាកាលពីឆ្នាំ២០២១ថាយោធាតៃវ៉ាន់នឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺតម៉ាត់ជាទីបំផុត បើយន្ដហោះចម្បាំង ចិនហោះមកក្បែរ ឬចូលក្នុងដែនអាកាសតៃវ៉ាន់។


* ហោះតាមអមយន្ដហោះរបស់លោកស្រី ផេឡូស៊ី

លោក ហ៊ូ ហ្ស៊ីជីន (Hu Xijin) ដែលជាអតីតនិពន្ធនាយកកាសែត Global Times បានស្នើឡើងនូវគំនិតបញ្ជូនយន្ដហោះចម្បាំងហោះអមយន្ដហោះរបស់លោកស្រី ផេឡេស៊ី ដែលហោះទៅកាន់កោះតៃវ៉ាន់។ សកម្មភាពបែបនេះអាចនឹងដាក់សម្ពាធដល់ពីឡុតចិន និងអាមេរិក ក្នុងការបញ្ចៀសកុំឱ្យមានកំហុសឆ្គងណាមួយកើតឡើង។


ដោយឡែក លោក វ៉ាង ទីង យូ (Wang Ting-Yu) ជាសមាជិកសភាតៃវ៉ាន់យល់ថាលោក ស៊ី ជិនពីង កំពុងស្ថិតនៅក្នុងស្ថានភាពមួយដ៏លំបាក ក្នុងការចាត់វិធានការដោយ ប្រយ័ត្នប្រយែងផង និងម៉ឺងម៉ាត់ផង នៅមុនសមាជបក្សកុម្មុយនិស្ដចិនត្រូវធ្វើឡើង។ បានន័យថាលោក ស៊ី ត្រូវចាត់វិធានការ ដើម្បីបំពេញចិត្តអ្នកនយោបាយជាតិនិយមចិន នៅក្នុងគណបក្សផង តាមរយៈការធ្វើសកម្មភាពយោធា និងបញ្ចៀសឱ្យបាននូវរាល់ការឆ្លើយតបជាអវិជ្ជវិមានណាមួយពីសំណាក់សហគមន៍អន្តរជាតិផង ក្នុងបរិបទដែលចិន កំពុងដោះស្រាយបញ្ហាសេដ្ឋកិច្ច និងការទូត។


គួរបញ្ជាក់ថា ជុំវិញផែនការដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី ទៅកាន់កោះតៃវ៉ាន់ មានការខ្វែងគំនិតគ្នាជាច្រើន ដោយអ្នកនយោបាយអាមេរិកដូចជា លោក ម៉ៃក៍ ហ្កាឡាហ្គឺ (Mike Gallagher) ជាសមាជិកសភាដ៏មានឥទ្ធិពលមួយរូបមកពីគណបក្សសាធារណរដ្ឋ បានជំរុញឱ្យលោកស្រី ផេឡូស៊ី បំពេញដំណើរទស្សនកិច្ចទៅកាន់ កោះតៃវ៉ាន់ តាមគ្រោងទុក ដោយលោកបានចាត់ទុកការជំទាស់ទៅនឹងដំណើរទស្សនកិច្ចនេះ គឺជាការបង្ហាញពីភាពទន់ខ្សោយនៃនយោបាយការបទេសរបស់ សហរដ្ឋអាមេរិក។


ក៏ប៉ុន្តែ អ្នកជំនាញដូចជាលោក រ៉ៃអេន ហាស់ (Ryan Hass) មកពីវិទ្យាស្ថាន Brookings បាននិយាយថាលោកស្រី ផេឡូស៊ី គួរតែពិចារណាឡើងវិញពីពេលវេលាក្នុង ការបំពេញទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ព្រោះថាក្នុងខែសីហា ឬថ្ងៃទី១ ខែសីហាតែម្ដង គឺជាថ្ងៃខួបបង្កើតកងទ័ព PLA ដូច្នេះចិននឹងចាត់វិធានការឆ្លើយតបជាអតិបរមា ហើយមានលេសចោទអាមេរិកថាជាអ្នកបង្ករឿងមុនតែប៉ុណ្ណោះ។ លោកបន្ថែមថាលោកស្រី ផេឡូ អាចបង្ហាញការគាំទ្រចំពោះតៃវ៉ាន់ ក្នុងខែសីហា ដោយសន្យាបំពេញ ទស្សនកិច្ចនៅពេលវេលាផ្សេងណាមួយ ពីព្រោះថាទោះជាមានរឿងអ្វីកើតឡើងក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២២នេះក៏ដោយ ក៏លោកស្រី នៅតែអាចកាន់តំណែងជាប្រធានសភាតំណាងរាស្ត្រអាមេរិករហូតដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣។ ការបំពេញដំណើរទស្សនកិច្ចនៅចុងឆ្នាំ គឺជាពេលវេលាល្អ ដ្បិតវានឹង មិនសូវមានប្រតិកម្មខ្លាំងក្លាពីចិន។


សម្រាប់លោក រ៉ៃអេន ហាស់ យុទ្ធសាស្ត្រចម្បងរបស់សហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ១៩៥០មក គឺធានាសន្តិភាព និងសន្ថិរភាពក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។ ដូច្នេះអាមេរិក គួរតែធ្វើសកម្មភាពដែលអាចសម្រេចបាននូវវត្ថុបំណងនេះ ជាជាងបង្កើតលេសមួយឱ្យចិន៕ ដោយៈ Fresh News