Wednesday, February 10, 2016

សម្តេច​តេជោ មានប្រសា​សន៍ថា ផ្លូវជាតិ​លេខ៥ ជាសរ​សៃឈាម សេដ្ឋកិច្ច​ដ៏សំខាន់ បម្រើដល់​ការអភិ​វឌ្ឍជាតិ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានសរសេរនៅលើគេហទំព័រ Facebook ផ្ទាល់របស់សម្តេចនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា ផ្លូវជាតិលេខ ៥ ជាសរសៃឈាមសេដ្ឋកិច្ច ដ៏សំខាន់មួយដើម្បីសម្រួលដល់ការធ្វើដំណើរ និងការប្រកបអាជីវកម្មតូចធំរបស់ប្រជាពលរដ្ឋ។

សម្តេចតេជោបានបន្តថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា បានពង្រីកផ្លូវជាតិលេខ ៥ ជា ២ គន្លងសងខាងដែលកំពុងដំណើរ ការបានជាងពាក់កណ្តាលនៃគម្រោង ដែលបានភ្ជាប់ទំនាក់ទំនងរាជធានីភ្នំពេញ កាត់តាមខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឆ្ពោះទៅកាន់ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតដែលជាព្រំដែនកម្ពុជា-ថៃ។

ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ ក៏បានសម្តែងការសប្បាយរីករាយព្រោះបានផ្លូវធំទូលាយ ដែលពីមុនចង្អៀតពិបាកធ្វើដំណើរ មានសួនច្បារ មានផលប្រយោជន៍ដល់គាត់និងដល់កូនចៅជំនាន់ក្រោយ។ ពួកគាត់ក៏បានជូនពរសម្តេច មានអាយុយ៉ឺនយូរ មានសុខភាពល្អ ដើម្បីបន្តកសាងអភិវឌ្ឍប្រទេសជាតិ។

សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថា គ្មានអ្វីស្រួលជាងអ្នកថានោះទេ ព្រោះពួកគេមិនដែលបានធ្វើ។ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន គឺផ្លូវជាតិកម្ពុជាកំពុងកសាង និងពង្រីកថែមទៀតជាលំដាប់៕

អត្ថបទ៖ តាំង ករុណា





សម្តេច​តេជោ ហ៊ុន សែន អរគុណ​ចំពោះ រដ្ឋាភិបាល​ជប៉ុន ដែលតែគាំ​ទ្ររាជរដ្ឋាភិបាល​កម្ពុជាក្នុងការកសាង​ហេដ្ឋារចនាសម្ព័ន្ឋ​ជាតិ

សម្តេចតេជោ ហ៊ុន សែន អរគុណចំពោះ រដ្ឋាភិបាលជប៉ុន ដែលជានិច្ចកាលតែងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធជាតិរួមទាំងផ្លូវថ្នល់ និងស្ពានជាច្រើននៅក្នុងប្រទេសកម្ពុជា។
យោងតាមទំព័រហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន ដែលមានឈ្មោះថា Samdech  Hun Sen, Cambodian Prime Minister ចុះផ្សាយថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦    សម្តេចបានសរសេរថា រាជរដ្ឋាភិបាលកម្ពុជា បន្តកសាងនូវហេដ្ឋារចនាសម្ព័ន គមនាគមន៍ជាបន្តបន្ទាប់ទៀតដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាក់ស្តែងនៅកំណាត់ផ្លូវជាតិលេខ១ ដែលនៅសល់ ប្រវែង០៤គីឡូម៉ែត្រទៀត គិតចាប់ពីគល់ស្ពានមុនីវង្ស ដល់ម្តុំវត្តក្តីតាកុយ ក្នុងខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កំពុងតែស្ថាបនាយ៉ាងមមាញឹក។
គំរោងនៃការស្ថាបនាកំណាត់ផ្លូវនេះ គឺជាកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ដែលគាំទ្រក្នុងការស្ថាបនាផ្លូវនេះ បន្ទាប់ពីបានជួយទាំងផ្លូវជាតិលេខ១ រហូតដល់ស្ពានអ្នកលឿង ។
តាមរយៈដៃគូអភិវឌ្ឍន៍ សមិទ្ធផលនិងគម្រោងផ្លូវដែលមានស្រាប់ គឺកំពុងពង្រីកតភ្ជាប់ប្រទាក់ក្រឡាគ្នាយ៉ាងច្រើនដែលផ្តល់នូវភាពងាយស្រួលក្នុងការដឹកជញ្ជូនចល័តទូទាំងប្រទេស ជាពិសេសក្នុងការជំរុញវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មអោយកាន់តែរីកលូតលាស់ ។
សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋបើកបរលើផ្លូវដែលកំពុងសាងសង់នេះ គោរព ច្បាប់ចរាចរ និងយោគយល់អធ្យាស្រ័យដើម្បីសុវត្ថិភាពទាំងអស់គ្នា៕




សម្តេច​តេជោ ហ៊ុន សែន ផ្ញើសារជូន​ពរបងប្អូនប្រជាពល​រដ្ឋក្នុងឱកាស​ចូលឆ្នាំចិន

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចដែលមានឈ្មោះថា Samdech Hun Sen, Cambodian Prime Minister ដោយបានជូនពរបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់។

សម្តេចតេជោ បានមានប្រសាសន៍ថា ចូលឆ្នាំចិនឆ្នាំនេះ គាប់ជួនធាតុអាកាសត្រជាក់ ប្រជាជនបានធ្វើដំណើរកំសាន្តនៅតាមទីកន្លែងនានាតាមបំណងរបស់ខ្លួន អាស្រ័យដោយប្រទេសមានសន្តិភាព មានហេដ្ឋារចនាសម្ពន្ធ័ស្ពានថ្នល់ មានមធ្យោបាយធ្វើដំណើរងាយស្រួល។ល។ នេះហើយជាសមិទ្ធផលនៃនយោបាយឈ្នះ-ឈ្នះដែលនាំមកនូវសន្តិភាព និងការអភិវឌ្ឍ។

សម្តេចតេជោបានបន្ថែមទៀតថា សំរាប់សម្តេចវិញ នឹងបន្តការងារដែលមិនអាចខកខាន តែហោចណាស់មានស្រា ម៉ៅថែ របស់ចិនដែលកូន៤នាក់ក្នុងចំណោម៥នាក់យកមកក្នុងការិយាល័យដែលសម្តេចកំពុងពិភាក្សាការងារជាមួយអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស។

ជាចុងក្រោយសម្តេចតេជោ ក៏បានបញ្ជាក់ថា កូនស្រីៗរបស់សម្តេចបានបង្ខំឱ្យសម្តេចផឹក និងបានសំរាកសិន។ ដែលហៅថាកូនគឺដូច្នេះហើយ ទោះពួកគេមានប្តី មានប្រពន្ធ មានកូន ហើយសិក្សាសុទ្ធតែកំរិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សា ពួកគេនៅតែក្មេងចំពោះមុខឪពុក ម្តាយជានិច្ច។ សម្តេចតេជោ ក៏បានផ្តាំផ្ញើដល់ក្មួយៗ ចៅៗ កុំធ្វើឱ្យមាតា បិតាកើតទុក្ខស្រក់ទឹកភ្នែកដោយសារការខុសឆ្គងរបស់យើង៕
អត្ថបទៈ តាំង ករុណា